តម្លៃស្នេហ៍
អ្នកខ្លះថាស្នេហ៍ គឺការជេឿជាក់
ស្មោះស្ម័គ្ររួមរ័ក ពីរនាក់ឥតដូរ
រួមប្រាណមិនប្រែ ស្បថស្បែផ្តាច់ប្តូរ
ប្រគល់ជាថ្នូរ ដូរពាក្យថាស្មោះ ។
អ្នកខ្លះថាស្នេហ៍ គឺការស្រលាញ់
ក្និក្នក់ក្និចក្នាញ់ បញ្ជោរញ៉េះញ៉ោះ
ផ្គាប់ផ្គន់ផ្គូផ្គង ទាក់ទងកៀនកោះ
យកប្រាក់ដូរដោះ ខ្លួនស្អិតជាប់គ្នា ។
អ្នកខ្លះថាស្នេហ៍ គឺថែបេះដូង
តាំងពីដំបូង រហូតថ្ងៃលា
ប្រគល់ដួងចិត្ត ជីវិតឲ្យគ្នា
ចាប់ដៃមិនលា លុះគ្រាក្សិណក្ស័យ ។
អ្នកខ្លះថាស្នេហ៍ គឺការយល់ចិត្ត
មេត្តាអាណិត គិតគ្នាយប់ថ្ងៃ
លះបង់ ស្មោះត្រង់ តស៊ូ ព្រោះថ្លៃ
ថែទងនិស្ស័យ តម្លៃក្តីស្នេហ៍ ។
តើស្នេហាពិត ឋិតនៅត្រង់ណា
សូមពិចារណា គិតតាមហូរហែរ
ពេលមិត្តយល់ហើយ កុំឡើយប្រួលប្រែ
ថែតម្លៃស្នេហ៍ ឲ្យបាននិរន្តរ៍ ៕
និពន្ធដោយ ប៊ុន ពិសី
No comments:
Post a Comment