Sunday, October 7, 2018

កម្រងសញ្ញាបត្របឋមភូមិ ទុតិយភូមិ និងបរិញ្ញាបត្រ រួមទំាងសញ្ញាបត្រវគ្គសិក្សាជំនាញខ្លី របស់លោក ផេង វិសុដ្ឋារ៉ាមុនី និងមិត្តភក្តិ

















កម្រងព្រិត្តិបត្រពន្ទុសិក្សានៅអនុវិទ្យាល័យព្រះសីហនុវរ្ម័ន និងវិទ្យាល័យហ៊ុនសែនស្អាង ( ២០០៥ - ២០១១ )








កម្រងកំណាព្យ « មតក៌ជីដូន »













យល់ដឹងអំពី៖ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ( ធម្មបណ្ឌិត ហេង មណីចិន្តា )

ជ្រុងមួយនៃទស្សនៈរបស់ធម្មបណ្ឌិត ហេងមណីចិន្តា
វគ្គទី១ ( ហេតុអ្វីត្រូវទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ )
ចាប់ពីរសៀលថ្ងៃ១៥កើត ខែភទ្របទ ជារៀងរាល់ឆ្នាំ ឧគ្ឃោសនស័ព្ទនៅតាមវត្តនីមួយៗ បានបន្លឺឡើងខ្លាំងៗ ជាការប្រកូកប្រកាសរបស់អាចារ្យ ជាសម្លេងស្វាធ្យាយធម៌របស់ពុទ្ធបរិស័ទ និងព្រះសង្ឃ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ទើបសម្លេងនេះ ចប់សព្វគ្រប់។ នេះគឺជាសម្លេងដែលប្រាប់ថា រដូវកាន់បិណ្ឌបានមកដល់ហើយ ដោយចាប់ផ្តើមពីបិណ្ឌទី១ ឬវេនទី១ រហូតដល់ បិណ្ឌទី១៤ ឬវេនទី១៤។ លុះដល់ថ្ងៃទី ១៥រោច គឺជាភ្ជុំបិណ្ឌ ឬ ភ្ជុំធំ។
ក្នុងមួយឆ្នាំម្តង ពុទ្ធបរិស័ទខ្មែរមាន ឱកាស ដើម្បីទៅសាកសួរសុខទុក្ខបុព្វការីឬអ្នកស្លាប់ទៅហើយ របស់ខ្លួននៅឯវត្ត ចំនួន១៥ថ្ងៃ-យប់។អ្នកខ្លះក៏មកសួរសុខទុក្ខទាំង ១៥ថ្ងៃ-យប់ អ្នកខ្លះមកបានតិចជាងនេះ អ្នកខ្លះក៏មកបានតែម្តង ឯអ្នកខ្លះអត់បានទៅសួរសុខទុក្ខសោះក៏មាន គឺតាមសេចក្តីជ្រះថ្លារបស់កូនចៅរៀងៗខ្លួន មិនបានជាការបង្ខិតបង្ខំអ្វីទេ។
រៀងរាល់ពេលរសៀល អ្នកកាន់បិណ្ឌវេននីមួយៗ ឬបរិស័ទទូទៅ តែងទៅស្តាប់ព្រះសង្ឃស្វាធ្យាយព្រះបរិត្ត (សូត្រមន្ត) នៅឯវត្ត និងស្តាប់ធម្ម ទេសនាសម្តែងដោយភិក្ខុសង្ឃ។ ដល់ពេលម៉ោងបួនជិតភ្លឺ អ្នកកាន់វេននិងបរិស័ទទូទៅ តែងងើបទៅវត្ត ដែលតែងចំណាំនិយាយថា «ទៅបោះបាយបិណ្ឌ» តាមទំនៀមដែលជឿតគ្នាមកថា យមរាជនឹងដោះលេងសត្វអបាយភូមិ អោយមកទទួល បុណ្យពីកូនចៅនិងញាតិមិត្តដែលបានធ្វើក្នុងឱកាសរដូវភ្ជុំនេះ ចំនួន ១៥ថ្ងៃ។ បើពួកគាត់ដើររកគ្រប់៧វត្ត មិនឃើញកូនចៅ ឬញាតិណាដែលមកធ្វើបុណ្យអោយគាត់ទេ ពួកគាត់ក៏នឹងកើតទុក្ខសង្រែងសង្រៃនិងខឹងសម្បារកូនចៅឬសាច់ញាតិទាំងនោះ ព្រោះត្រូវត្រឡប់ទៅអបាយភូមិវិញ ដោយមិនបានអ្វីសោះ។ តែបើបាន បុណ្យពីកូនចៅនិងញាតិមិត្តហើយ បូរាណជឿថាពួកគាត់នឹងបានរួចពីទុក្ខទោស មិនបាច់ត្រឡប់ចូលអបាយភូមិវិញ ឬក៏ត្រូវបានសម្រាល ទោសព្រោះបុណ្យ របស់កូនចៅដែលបានធ្វើជូន។
ការដឹងគុណនិងការតបគុណ ទាំងកាលដែលគាត់នៅរស់ ឬគាត់ស្លាប់ទៅហើយក្តី គឺជាកាតព្វកិច្ចរបស់កូនល្អ។ បើមិនចង់ធ្វើជាកូនល្អ ក៏មិនមានអ្នកណាបង្ខំដែរ ជាពិសេស ព្រះសង្ឃលោកមិនដែលតម្រូវថាត្រូវតែមកវត្តដែរទេ។ ការមកជួបជុំសួរសុខទុក្ខចំពោះអ្នកស្លាប់នៅក្នុងវត្តនេះ ព្រោះអ្នកស្លាប់នៅក្នុងប្រទេសខ្មែរ តែងតែយកមកបូជា (ដុត) ឬ បញ្ចុះ (កប់) ឬ ដាក់ធាតុ (ឆ្អឹង) នៅក្នុងវត្តដែលនៅជិតផ្ទះរបស់ខ្លួន ឬ វត្តណាដែលខ្លួនពេញចិត្ត ឬ វត្តដែលនៅនឹងកន្លែងកើតរបស់បុព្វការីខ្លួន បើទោះជានៅឆ្ងាយយ៉ាងណាក្តី។
គោលបំណងនៃការបង្កើតវត្តរបស់ព្រះសម្មាសម្ពុទ្ធ គឺជាកន្លែងសម្រាប់មនុស្សរស់បដិបត្តធម៌ទេ តែការដែលពុទ្ធសាសនាបានចូលមកក្នុងកម្ពុជាជាយូរមកហើយនោះ ពុទ្ធបរិស័ទខ្មែរ ក៏បានបំប្លែងអោយវត្តមានមុខនាទីច្រើនជាងជាទីកន្លែងបដិបត្តធម៌ ដោយក្នុងនោះ ការរក្សាខ្មោចនិងឆ្អឹងខ្មោច ក៏ជាមុខនាទីមួយផងដែរ។ដូច្នេះ ការទៅវត្ត គឺជាការទៅសួរសុខទុក្ខឆ្អឹង សួរសុខទុក្ខខ្មោចក្នុងដី ដោយការបោសសម្អាតផ្នូរ ចេតីយ៍ អោយស្អាត និងជាការទៅសួរសុខទុក្ខព្រលឹងរបស់ពួកគាត់ ដោយការយកចង្ហាន់ឬបច្ច័យបួន ទៅប្រគេនព្រះសង្ឃ ទៅដាក់វត្ត (សង្ឃ យាយ តា អាចារ្យ) ជាការដឹងគុណ ដែលវត្ត បានថែរក្សាបុព្វការីរបស់ខ្លួនផង និងដោយមានជំនឿថា ទានដែលបានធ្វើដល់វត្ត នឹងបានជាជំនួយដល់ព្រលឹង របស់បុព្វការីរបស់ខ្លួនជាពិតប្រាកដ។
បុណ្យដែលកើតពីការធ្វើទាននេះ អាចជួយដល់អ្នកដែលនៅក្នុងភពឬទីមិនល្អ អោយបានទៅកាន់ទីដែលល្អជាង (សម្រាលទោស) និង ជួយដល់អ្នកដែលបានល្អហើយ អោយទៅ កាន់ទីដែលកាន់តែប្រសើរ (បន្ថែមគុណ)។ នេះជាជំនឿដែលយើងមានលើពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ។
មួយឆ្នាំទល់មួយឆ្នាំ អ្នកខ្លះមិនមានពេលនឹករលឹកដល់អ្នកមានគុណរបស់ខ្លួន ដែលស្លាប់ទៅហើយទេ។ ពិធីបុណ្យភ្ជុំ គឺជាការបើកឱកាសអោយអ្នករស់បានមកសួរសុខទុក្ខអ្នកស្លាប់ បានមកជួយអភិវឌ្ឍគុណភាពជីវិតរបស់អ្នកស្លាប់តាមរយៈការ អោយទានដល់អ្នកមានសីល បានមកសំណេះសំណាលជាមួយបងប្អូននិងក្រុមគ្រួសារ អំពីវីរភាពនិងឧបការគុណរបស់ឪពុកម្តាយ ជីដូនជីតា មាមីង បងប្អូន របស់ខ្លួន ដែលមានមកលើជីវិតរបស់ខ្លួននិងគ្រួសារខ្លួននាពេលនេះ។ អាចនិយាយបានថា ពិធីភ្ជុំនេះ គឺជាការនិទាន ដំណាល និង រំលឹកអំពីប្រវត្តិសាស្រ្ត របស់ស្ថាប័នគ្រួសារនីមួយៗ កុំអោយភ្លេច តាមរយៈការមកជួប ជុំគ្នាមួយឆ្នាំម្តង។
ប្រទេសជាតិខ្មែរ មានការរំលឹកវីរភាពនិងឧបការគុណអ្នកដែល ស្លាប់(ប្រេត) ដើម្បីប្រទេសជាតិ រៀងរាល់ថ្ងៃ៧មករា និង ៩វិច្ឆិកា តែគ្រួសារខ្មែរ មានការរំលឹកដល់វីរភាពនិងឧបការគុណ របស់មាតាបិតានិងញាតិកាទាំង៧សន្តានរបស់ខ្លួន ចំនួន១៥ថ្ងៃ គឺក្នុងខែរនោចនៃខែភទ្របទ ជារៀងរាល់ឆ្នាំ។
វគ្គទី ២  ( យល់ពីវិថីឆ្ពោះទៅរកការវិនាសអន្តរាយ )
ជ្រុងមួយនៃទស្សនៈរបស់ហេងមណីចិន្តា  ដោយសង្ខេប #ស្រឡាញ់ធម៌គឺការយកវិធីអរិយសច្ចៈទាំង៤ប្រការមកអនុវត្តក្នុងផ្លូវត្រូវ #ដោយមិនតឹងពេកមិនធូររលុងពេក
ស្អែក ថ្ងៃ១៥កើតខែភទ្របទ ជាថ្ងៃចាប់ផ្តើមនៃការកាន់បិណ្ឌ (បិណ្ឌ១)។
នៅវេលាម៉ោង៤ជិតភ្លឺ ពុទ្ធបរិស័ទតែងងើបធ្វើដំណើរទៅវត្តណាមួយដែលខ្លួននៅជិតឬពេញចិត្ត ដើម្បីទៅបោះបាយបិណ្ឌ។ ចំណែកព្រះសង្ឃវិញ ក៏លោកក្រោកដូចគ្នា ហើយក៏ទៅថ្វាយបង្គំព្រះក្នុងព្រះវិហារជាធម្មតានៃរដូវចូលព្រះវស្សា។ តែអ្វីដែលពិសេសនៅក្នុងរដូវបិណ្ឌ១៥ថ្ងៃនេះ គឺព្រះសង្ឃលោកសូត្រឬស្មូតនូវធម៌ដ៏ពិសេសមួយ ដែលមានលក្ខណៈជាធម៌កំណាព្យ មានឈ្មោះថា #បរាភវសូត្រ។ នេះជាឱវាទរបស់ព្រះសម្ពុទ្ធស្តីអំពី ហេតុដែលនាំអោយជីវិតវិនាសឬដួលរលំ ១២យ៉ាង។
ជង្ហុកដែលនាំអោយជីវិតជំពប់ឬដួលទាំង១២នេះ ចាប់ផ្តើមដោយការ #ស្រឡាញ់ធម៌ឬស្អប់ធម៌។ ដូច្នេះអត្ថបទនេះនឹងផ្តោតទៅលើពាក្យថា #ធម៌
@អ្នកដែលចម្រើនតថាគត​ស្គាល់ងាយ អ្នកដែលអន្តរាយ​តថាគត​ស្គាល់ពិត អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្តនឹងបានចម្រើន ។ អ្នកដែល ទ្រុស្តធម៌ស្អប់ធម៌ឥតកើន ឥតកើនចម្រើនវិនាសទៅមុខ ។
#ធម៌ #ស្រឡាញ់ធម៌ #ស្អប់ធម៌
#ស្រឡាញ់ធម៌គឺបដិបត្តិធម៌ #មានន័យថា #វៀរចាកបរាជ័យទាំង១២ប្រការបាន
កុសលាធម្មា អកុសលាធម្មា អព្យាកតាធម្មា.............មានធម៌ដែលជាកុសល មានធម៌ដែលជាអកុសល មានធម៌ដែលជាអព្យាក្រឹត្យ.....
សប្បាយចិត្តក៏ជាធម៌ មិនសប្បាយចិត្តក៏ជាធម៌ ធ្វើចិត្តស្មើៗក៏ជាធម៌។ អាវសក៏ជាធម៌ អាវខ្មៅក៏ជាធម៌ អាវក្រឡេក្រឡាក៏ជាធម៌។ល។ និង ។ល។
@ ធម៌ គឺអ្វីៗដែលមានឈ្មោះ ទាំងដែលអាចប៉ះពាល់បាន និង មិនអាចប៉ះពាល់បាន ឬទាំងជានាមធម៌និងរូបធម៌ (របស់) ឬ (នាម)
@ ធម៌ គឺលក្ខណ: ឬគុណសម្បត្តិនៃ របស់ នោះ (គុណនាម)៖ ក្តៅ ត្រជាក់ ស្រួយ កាច ស្លូត ហឹង្សា អហឹង្សា...
@ ការបដិបត្តិចំពោះ ការប្រព្រឹត្តចំពោះ ការតបស្នងចំពោះ (deal, response) គុណនាម នៃរបស់នោះ តាមវិធីណានីមួយ ទៅតាមចេតនានៃបុគ្គលម្នាក់ៗ ។ កែវស្រួយ ទឹកក្តៅ ភ្លើងឆេះ ចិត្តក្តៅ បុគ្គលហឹង្សា....ម្នាក់ៗប្រព្រឹត្តចំពោះគុណនាមទាំងនេះ ដោយឡែកៗពីគ្នា....
@ លទ្ធផលដែលកើតចេញអំពីការតបស្នង ចំពោះគុណនាមទាំងនោះ ដែលអាចជាសុខ ជាទុក្ខ ឬជាធម្មតាៗ ដល់អ្នកដែលប្រព្រឹត្តិនោះ .
ចុះអ្នកស្រឡាញ់ធម៌ និងអ្នកស្អប់ធម៌ នោះ ដូចម្តេច?
ការបដិបត្តចំពោះ ការប្រព្រឹត្តចំពោះ ការតបស្នងចំពោះ (deal, response) គុណនាម នៃរបស់នោះ មានវិធី និង ទៅតាមវិថី រៀងៗខ្លួន។ ខ្មែរ ១៤ លាននាក់ មាន១៤លានវិធី ឬច្រើនជាងនេះ។
ព្រះសម្មាសម្ពុទ្ធ លោកបានរកឃើញនូវវិថី និងវិធី សម្រាប់តបស្នងចំពោះធម៌ទាំងឡាយ ដែលនឹងនាំមកនូវសេចក្តីសុខ សន្តិភាព ដល់អ្នកដែលតបស្នងតាមវិថី និងវិធីរបស់ព្រះអង្គ។
@ វិថីដែលមិនងប់ងល់ទៅស្តាំពេក ឬឆ្វេងពេក តឹងពេក ឬ ធូររលុងពេក តែជាវិថីមធ្យម វិថីដែលអាចអោយពាក្យថាពេកទាំងសងខាង ខិតជិតចូលគ្នាបាន រស់នៅជាមួយគ្នាបាន លះបង់ទាំងសងខាង អោយគ្នាទាំងសងខាង ដូចជាដៃដែលលើកប្រណម្យសំពះនៅចំកណ្តាលបេះដូង ឬនៅពីលើក្បាល តាមទំនៀមអាស៊ី ឬ ដៃស្តាំរបស់យើង លូកទៅចាប់ដៃស្តាំ របស់ម្នាក់ទៀត នៅចំកណ្តាល។ បច្ចប្បន្ន ខ្លះក៏ប្រើពាក្យសម្បទាន ខ្លះក៏ប្រើពាក្យ សមាហរណកម្ម។ ព្រះពុទ្ធអង្គ លោកហៅវិធីនេេះថា មជ្ឈិមាបដិបទា ដែលតែងប្រែថា ផ្លូវកណ្តាល តែខ្ញុំសូមប្រែថា ផ្លូវមធ្យម វិញ ព្រោះ មជ្ឈិម ជាភាសាបាលី ឯ មធ្យមជាភាសាសំស្ក្រឹត មានន័យដូចគ្នា តែខ្មែរយើងយល់ដោយល្អៀងន័យខ្លះ។
ព្រះសម្មាសម្ពុទ្ធ លោកបានរកឃើញនូវវិថី និងវិធី សម្រាប់តបស្នងចំពោះធម៌ទាំងឡាយ ដែលនឹងនាំមកនូវសេចក្តីសុខ សន្តិភាព ដល់អ្នកដែលតបស្នងតាមវិថី និងវិធីរបស់ព្រះអង្គ។
@ វិថីពុទ្ធ ជាវិថីដែលមិនងប់ងល់ទៅស្តាំពេក ឬឆ្វេងពេក តឹងពេក ឬ ធូររលុងពេក តែជាវិថីមធ្យម វិថីដែលអាចអោយពាក្យថាពេកទាំងសង ខាង ខិតជិតចូលគ្នាបាន រស់នៅជាមួយគ្នាបាន លះបង់ទាំងសងខាងអោយគ្នាទាំងសងខាង ដូចជាដៃដែលលើកប្រណម្យសំពះ នៅចំកណ្តាលបេះដូង ឬនៅពីលើក្បាល តាមទំនៀមអាស៊ី ឬ ដៃស្តាំ របស់យើង លូកទៅចាប់ ដៃស្តាំរបស់ម្នាក់ទៀត នៅចំកណ្តាល។ បច្ចប្បន្ន ខ្លះក៏ប្រើពាក្យសម្បទាន ខ្លះក៏ប្រើពាក្យ សមាហរណកម្ម។ ព្រះពុទ្ធអង្គ លោកហៅវិធីនេេះថា មជ្ឈិមាបដិបទា ដែលតែងប្រែថា ផ្លូវកណ្តាល តែខ្ញុំ សូមប្រែថា ផ្លូវមធ្យម វិញ ព្រោះ មជ្ឈិម ជាភាសាបាលី ឯ មធ្យម ជា ភាសាសំស្ក្រឹត មានន័យដូចគ្នា តែខ្មែរយើងយល់ដោយល្អៀង ន័យខ្លះ។
មជ្ឈិមាបដិបទា ជាវិថីដែលកើតឡើងពីការស្រាវជ្រាវអស់រយៈពេលយ៉ាង ហោចណាស់ក៏១៩ឆ្នាំដែរ។ បើគិតចាប់តាំងពីបានរៀបអភិសេកមហេសី ក្នុងព្រះជន្ម ១៦វស្សា រហូតដល់ព្រះជន្ម២៩វស្សា (១៣ឆ្នាំ) ព្រះអង្គម្ចាស់ សិទ្ធត្ថៈ ទ្រង់រីករាយនឹងជីវិតបែបសម្ភារៈនិយម ដែលក្នុងភាសាសម័យ នោះ ហៅថា កាមសុខល្លិកានុយោគ (materialism, consumerism) ដោយមានអ្វីៗ ដែលព្រះអង្គម្ចាស់ដែលបំរុងនឹងគ្រងរាជ្យមួយអង្គ អាចរកបាន។ តែវិថីបែបនេះ មិនអាចអោយព្រះរាជកុមាររកបាននូវសេចក្តីសុខដែលលោកគិតថាជាសេចក្តីសុខដ៏ពិតប្រាកដបានឡើយ។ ព្រះជន្ម២៩ឆ្នាំ ព្រះរាជកុមារក៏ចេញទៅបួសជាសមណៈ កោរសក់ ស្លៀកពាក់ស្បង់ចីវរតែមួយបន្លាស់ និងបន្ថយអាហារ ពីមួយថ្ងៃបន្តិចៗ រហូតដល់មួយថ្ងៃត្រឹមតែបាយមួយគ្រាប់ ដោយសង្ឃឹមថា អាចនឹងរកសេចក្តីសុខបានយ៉ាងពិតប្រាកដ (៦ឆ្នាំ)។
ព្រះអង្គបានដួលដេកលើផែនដីដោយមិនមានកម្លាំងទ្រទ្រង់អាចអង្គុយ បាន។ សេចក្តីសុខពិតប្រាកដ ក៏នៅតែមិនបានទទួល មានតែទុក្ខវេទនា តែប៉ុណ្ណោះ។ សម្លេងពិណ (ពួកដន្ត្រីខ្សែ) បានចូលមកដាស់តឿនសតិព្រះសមណៈដែលនៅតែស្បែកនិងឆ្អឹង អោយគិតឃើញថា ខ្សែពិណដែលរឹតដោយធូររលុង ស្តាប់ទៅមិនពីរោះទេ ឯខ្សែពិណដែលរឹតតឹងពេក និងកាន់តែតឹងទៅៗ ប្រាកដជាដាច់មិនខាន។ ព្រះអង្គក៏លះបង់វិថី តឹងពេក នេះចេញ ហើយក៏សាកបន្ធូរបន្ថយនូវអ្វីដែលតឹងពេកនោះ ម្តងបន្តិចៗ និងតម្លើងការបដិបត្តដែលធូររលុងពេក អោយតឹងជាងមុន ម្តងបន្តិចៗដែរ រហូតទាល់តែបានជួបគ្នានៅត្រង់ចំណុចមធ្យមមួយ ដែលល្មម ហើយក៏បដិបត្តជាបន្តបន្ទាប់ រហូតទាល់តែបាននូវសុខសន្តិមួយដ៏ពិតប្រាកដ (អរិយសុខ) និងបានត្រាស់ដឹងជាព្រះពុទ្ធ។
ដូច្នេះ មជ្ឈិមាបដិបទា គឺជាផ្លូវដែលម្នាក់ៗអាចរកឃើញបានដោយ ខ្លួនឯង និងកំណត់ថា ត្រឹមណាដែលល្មមនឹងខ្លួនបាន។
#ស្រឡាញ់ធម៌ គឺ ការយកវិធីអរិយសច្ចទាំង៤ប្រការមកអនុវត្ត ក្នុងផ្លូវល្មម ផ្លូវមធ្យម។
ឈ្មោះថាមនុស្សសម្បត្តិ ឬអង្គប្រកបរបស់មនុស្សម្នាក់ៗ តាមការយល់របស់ខ្ញុំបែបពុទ្ធសាសនា គឺមនុស្សម្នាក់ៗតែងមាន ទស្សនៈវិស័យ (ទិដ្ឋិ) មានការគិត (សង្កប្បៈ) មានភាសានិយាយ (វាចា) មានអំពើ (កម្ម) មានការចិញ្ចឹមជីវិត (អាជីវៈ) មានសេចក្តីព្យាយាម (វាយាមៈ) មានការដឹងច្បាស់នូវអ្វីដែលកំពុងធ្វើ (សតិ) និងមានការផ្តោតអារម្មណ៍លើអ្វីដែលកំពុងធ្វើនោះ (សមាធិ)។ ទាំង៨នេះ ជាឧបករណ៍ ដែលមនុស្សប្រើបានទាំងក្នុងអ្វីដែលធម្មជាតិ និងសង្គម មនុស្សសន្មត ថាត្រូវឬខុស។ បើប្រើឧបករណ៍នេះទៅ ធ្វើឲ្យជីវិតខ្លួន ជីវិតសង្គម និងជីវិតធម្មជាតិ បាននូវសេចក្តីទុក្ខ មានបញ្ហាកើតឡើង កើតអន្តរាយ បែបនេះក៏ហៅថា ប្រើប្រាស់សម្បត្តិមនុស្សរបស់ខ្លួននៅក្នុងផ្លូវខុស (មិច្ឆា) តែបើធ្វើឲ្យជីវិតខ្លួន ជីវិតសង្គម និងជីវិតធម្មជាតិ បាននូវសេចក្តីមិនមានបញ្ហាកើតឡើង មិនកើតអន្តរាយ បែបនេះក៏ហៅថា ប្រើប្រាស់ សម្បត្តិមនុស្សរបស់ខ្លួននៅក្នុងផ្លូវត្រូវ(សម្មា)។ ក្នុងភាសាពុទ្ធសាសនា លោកហៅថា គាមិនីបដិបទា អាចប្រែថា វិធីឬផ្លូវប្រតិបត្តិរបស់មនុស្ស ចំពោះគុណនាមនីមួយៗ ដែលមនុស្សត្រូវជំពាក់ទាក់ទងជាមួយ។
ព្រះពុទ្ធអង្គលោកបានរកឃើញនូវឧបករណ៍សាកលទាំង៨ របស់មនុស្ស តាំងពី ២៦០០ឆ្នាំមុនមកម្លេះ ដោយការបង្ហាញជាភស្តុតាងឲ្យគេឃើញថា ឧបករណ៍ទាំង៨នេះ បើប្រើទៅតាមការណែនាំរបស់លោក គឺនឹងអាចទទួលបាននូវសេចក្តីសុខដ៏ពិតប្រាកដដូចព្រះអង្គជាមិនខាន ដូចដែលយើងបានឃើញនិងដឹងហើយថា រយៈពេល២៦០០ ឆ្នាំកន្លងមកនេះ ពុទ្ធសាសនាកាន់តែមានការយកចិត្តទុកដាក់ពីមនុស្សក្នុងពិភពលោកកាន់តែច្រើនឡើងៗ ព្រោះនៅពេលដែលយកទៅប្រើឲ្យត្រូវទៅតាមការណែនាំរបស់ព្រះអង្គ លទ្ធផលក៏ទទួលបានដោយការពេញចិត្តពីបុគ្គលម្នាក់ៗ ដែលប្រព្រឹត្តតាមព្រះអង្គ ក្នុងផ្លូវមួយដែលជា មធ្យមនិងល្មម ទៅតាមបុគ្គលម្នាក់ៗនោះ។
មុននឹងប្រើប្រាស់ឧបករណ៍នេះ ដើម្បីដោះស្រាយរឿងអ្វីមួយ ព្រះពុទ្ធអង្គលោកណែនាំឲ្យ៖
ទី១ ត្រូវស្គាល់ឲ្យច្បាស់នូវរឿងនោះ បញ្ហានោះ សេចក្ទីទុក្ខ លំបាក សេចក្តីអន្តរាយនោះ ដោយប្រាកដថា នោះពិតជាបញ្ហាដែលយើង ចង់ដោះស្រាយមែន។ ឧទាហរណ៍ថាយើងទៅរកពេទ្យ។ ពេទ្យសួរថា ឈឺអ្វី។ យើងឆ្លើយថា ឈឺពោះ។ ពេទ្យនោះ ក៏យកថ្នាំក្រពះមកឲ្យយើង លេប។ តាមពិត ពាក្យថាពោះមួយម៉ាត់នេះ អាចជាឈឺក្រពះ ឈឺពោះ វៀនតូច-ធំ លំពែង ប្រម៉ាត់ ថ្លើម ។ល។និង។ល។ ដោយហោច ទៅ សូម្បីតែឃ្លានបាយ ក៏អាចឈឺពោះដែរ។ បែបនេះ មិនមែនជាការកំណត់បញ្ហា ដោយត្រឹមត្រូវទេ។
ទី២ ត្រូវស្រាវជ្រាវឲ្យឃើញថា បញ្ហាឬសេចក្តីទុក្ខនេះ វាបណ្តាលមក ពីអ្វី។ កាលពីដើមខែតុលា (២០១៧) ខ្ញុំបានទៅសៀមរាបដើម្បីចូលរួមសិក្ខាសាលា ធ្វើផែនការសម្រាប់៣ឆ្នាំក្រោយជាមួយម្ចាស់ជំនួយ មូលនិធិខុនរ៉ាដ។ ទៅដល់គេងបានមួយយប់ ព្រឹកឡើងញ៉ាំបបរសនៅនឹងសណ្ឋាគារ។ ទើបតែបានមួយចានស្រាប់តែឈឺពោះ រាក និងរកក្អួត ទ្រាំមិនបាន ក៏ទៅរកពេទ្យ។ ពេលនោះក៏គិតថា អញហូបអីខុសដឹង៖ មុនចេញពីផ្ទះទៅ ពេលព្រឹក ប្រពន្ធគាត់ស្លម្ជូរផ្កាស្នោឲ្យញ៉ាំ។ ពេលម៉ោង២រសៀល ក៏ទៅដល់សៀមរាប។ មួយសន្ទុះក៏បានទៅញ៉ាំបុកល្ហុងក្តាមប្រៃ។ លុះពេទ្យសួរក៏ប្រាប់តាមដំណើរ។ វេជ្ជបណ្ឌិតក៏ឲ្យសម្រាកនៅមន្ទីរព្យាបាល។ ពេទ្យគេបូមឈាមយកទៅវិភាគ គេដាក់សេរ៉ូមធម្មតាសិន ដើម្បីបំពេញជាតិទឹកដែលចេញពីខ្លួនច្រើនពេកតាមផ្លូវក្រោម ចាក់ឆ្នាំបំបាត់ការឈឺ ចាប់មួយរយៈសិន (មិនសូវទុកចិត្តដែរ រឿងចាក់ថ្នាំ)។
ទី៣ កំណត់គោលដៅថា ត្រូវធ្វើយ៉ាងណាជាមួយបញ្ហានោះ អាចជាទេ មានលទ្ធភាពដោះស្រាយទេ។ ជាសំខាន់ មានជំនឿថាអាចព្យាបាល បាន។ ដល់អស់សេរ៉ូមកន្លះលីត្រ ឧបដ្ឋាកយិកា ក៏យកមកកន្លះលីត្រទៀត ហើយយកថ្នាំមួយចំនួនមកទៀត ដោយប្រាប់ថា បរិមាណគ្រាប់ឈាមសឡើងច្រើន ជាសញ្ញានៃមេរោគចូលវាយលុក ដូច្នេះត្រូវកំចាត់មេរោគនេះចេញអស់ទើបជា ត្រឡប់មកប្រក្រតីភាពវិញបាន។
ពេលនេះ ទើបជឿជាក់ខ្លួនឯងថា រឿងរ៉ាវឈឺពោះនេះ គឺបណ្តាលមកពីបុកល្ហុង ជាពិសេស ក្តាមប្រៃដែលនៅក្នុងហ្នឹងតែម្តង។
ទី៤ ប្រើប្រាសនូវឧបករណ៍សម្រាប់ដោះស្រាយដោយត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហានោះ។ ពេទ្យក៏យកថ្នាំសម្លាប់មេរោគ មកចាក់បន្ថែមឲ្យខ្ញុំទៀត ជាមួយនឹងសេរ៉ូមកន្លះលីត្រទៀត។ អស់ទឹកសេរ៉ូមមួយលីត្រ ខ្ញុំក៏សុំចេញ ហើយវេជ្ជបណ្ឌិត ក៏ឲ្យថ្នាំមួយចំនួនទៀតមកលេបបន្ថែម។ រយៈពេលព្យាបាលទម្រាំជា ៦ថ្ងៃ។
ការអធិប្បាយនិងឧទាហរណ៍ខាងលើទាំងបួន ដែលរួមទាំងសម្បត្តិរបស់ មនុស្សទាំង៨នេះ ក្នុងពុទ្ធសាសនាលោកហៅថា ជាវិធីអរិយសច្ចៈ ជាភាសាបាលីគឺ ចតុរារិយសច្ចៈ ឬ អរិយសច្ចៈ៤ ជាអ្វីដែលសមណៈសិទ្ធត្ថៈប្រើប្រាស់តាមវិថីមធ្យម រហូតបានត្រាស់ជាព្រះពុទ្ធ អស់នូវកិលេស (មេរោគ) ដែលជាគ្រឿងបង្កឲ្យមាននូវសេចក្តីទុក្ខក្នុងផ្លូវចិត្តមនុស្ស។
#ជាសារុបដោយសង្ខេប #ស្រឡាញ់ធម៌គឺការយកវិធីអរិយសច្ចៈទាំង៤ប្រការមកអនុវត្តក្នុងផ្លូវត្រូវ #ដោយមិនតឹងពេកមិនធូររលុងពេក នេះឯង។

ឯការស្អប់ធម៌#គឺការអនុវត្តន៍ដែលមិនយក
វិធីអរិយសច្ចៈមកធ្វើជាគោលនិងបដិបត្តិដោយការតឹងតែងហួសឬធូររលុងហួស
#ទៅកាន់បិណ្ឌ #យល់ពីកាន់បិណ្ឌ
#យល់ពីវិថីឆ្ពោះទៅរកការវិនាសអន្តរាយ
ជ្រុងមួយនៃទស្សនៈរបស់ហេងមណីចិន្តា វគ្គទី៣
(វែងបន្តិចហើយបាទ មិនអានក៏មិនអីដែរ កុំតែចុចlikeចោល)។
#មនុស្សអសប្បុរស
#ធម៌អសប្បុរស
#របស់អសប្បុរស
ល្ងាចថ្ងៃ១រោចខែភទ្របទ ជាវេនថ្ងៃទី២ នៃការកាន់បិណ្ឌចំនួនទាំងអស់១៥ថ្ងៃ។ កាលពីល្ងាចថ្ងៃ១៥កើត ខ្ញុំបានអធិប្បាយដោយសង្ខេបអំពីហេតុដែលនាំអោយអន្តរាយទី១ #គឺការស្អប់ធម៌ បានដល់ការមិនអនុវត្តតាមអរិយសច្ច៤។ ថ្ងៃ១រោចនេះ បានព្យាយាមស្រាវជ្រាវនិងអធិប្បាយអំពីហេតុដែលនាំអោយវិនាសទី២ គឺ ការរស់នៅជាមួយជនអសប្បុរស។ (សូមមើលរូបទី១)។
ក្នុងសទ្ទានុក្រមបាលី-ខ្មែរ បានពន្យល់ពាក្យ សប្បុរសតាមព្យញ្ជនន័យដូច្នេះ៖
សប្បុរស < សន្ត (ស្ងប់) + បុរិស (ប្រុសឬមនុស្ស) >> សប្បុរស គឺស្មើនឹង មនុស្សដែលស្ងប់ អ្នកស្ងប់។ ជាអត្ថន័យ បានដល់អ្នកដែលស្ងប់ ឬ អ្នកមានសន្តិភាពក្នុងសកម្មភាពទាំងឡាយ ទោះជាដោយកាយ ដោយសម្តី និង ដោយការគិតក្តី។
ផ្ទុយទៅនឹងពាក្យសប្បុរសនេះ #ជនអសប្បុរស បានដល់អ្នកដែលមិនស្ងប់ ឬ #អ្នកគ្មានសន្តិភាពក្នុងសកម្មភាពទាំងឡាយ ទោះជាដោយកាយ ដោយសម្តី និង ដោយការគិតក្តី។ ជាងាយៗដែលពួកយើងធ្លាប់ឮមកគឺជាជនដែលធ្វើអកុសលកម្មឬអំពើមិនល្អទាំងកាយវិការ សម្តី និងការគិត សារុប១០យ៉ាងគឺ៖ សម្លាប់ លួច ភេទសម្ព័ន្ធមិនត្រូវតាមច្បាប់ និយាយកុហក និយាយអាក្រក់ និយាយបំបែកបំបាក់ និយាយមិនបានការ គិតតែពីចង់បានរបស់គេ គិតតែពីចង់ព្យាបាទគេ និង គិតខុសពីគន្លងធម៌។
ខាងក្រោមនេះ គឺជា #អសប្បុរស ក្នុងជ្រុងផ្សេងៗនៃការសម្លឹងមើល តាមនិយាមរបស់ព្រះពុទ្ធអង្គ ដែលខ្ញុំអាចស្រង់បានពីព្រះត្រៃបិដកអេឡិកត្រូនិក ក្នុងពេលមួយដែលខ្លី យកមករៀបរៀង។ ទាំងនេះ គឺដើម្បីបានយល់ខ្លះៗពី មនុស្សអសប្បុរស ឬ #មនុស្សដែលមិនមានសន្តិ មិនមានសេចក្តីស្ងប់ក្នុងចិត្ត (ជំងឺផ្លូវចិត្តនិងផ្លូវវិញ្ញាណ) ហើយបានបញ្ចេញព្រឹត្តិកម្មក្នុងសង្គមដែលយើងរស់នៅ ទោះជាអ្នកនោះនៅក្នុងប្រទេសឬមកពីអន្តរប្រទេសក្តី។
ឱវាទរបស់ព្រះពុទ្ធអង្គ នៅពេលដែលទេវតា (អ្នកធំ?) មកសួរព្រះអង្គថា អ្វីជាហេតុនាំអោយដំណើរជីវិតមនុស្សដួលរលំ ព្រះអង្គបានឆ្លើយថា៖ ការសេពគប់អសប្បុរស ការរស់នៅក្នុងលក្ខណៈអសប្បុរស និងការពេញចិត្តនូវអ្វីៗដែលជាព្រឹត្តិកម្ម ជារបស់ ជាស្នាដៃរបស់អសប្បុរស នឹងនាំអោយអ្នកនោះដួលរលំថ្ងៃណាមួយពុំខាន។
ទេវតា៖ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ២ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស។
ព្រះពុទ្ធ៖ បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ពេញចិត្ត​ចំពោះធម៌​របស់ពួក​អសប្បុរស នោះជា​ប្រធាន​នៃសេចក្តី​វិនាស។
#សូមអាននិងពិចារណាតាមការគួរ
#កំណើត
អសប្បុរស កាលកើតក្នុង​ត្រកូលណា គឺមិនមែនដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តីសុខ​ដល់មនុស្ស ដល់​មាតាបិតា ដល់​បុត្ត​ភរិយា ដល់​ទាសកម្មករ ដល់​មិត្ត និង​អាមាត្យ​ទាំងឡាយ ​ដល់ពួក​ញាតិ ដែល​ចែកឋាន​ទៅកាន់​បរលោក ​ដល់​ព្រះរាជា ​(រដ្ឋ) ដល់​ពួកទេវតា ​ដល់​សមណ​ព្រាហ្មណ៍​ទាំងឡាយ ឡើយ។
#មូលដ្ឋានសម្គាល់
១-អ្នកមិនជឿរឿងកម្មផល
២- មិនចេះខ្មាសសេចក្តីអាក្រក់
៣- មិនខ្លាចលទ្ធផលដែលចេញពីសេចក្តីអាក្រក់
៤- មានការចេះដឹងតិច
៥- គ្មានការព្យាយាម
៦- ធ្វេសប្រហែសភ្លាត់ស្មារតី
៧- ល្ងង់ គ្មានប្រាជ្ញា​
#ទំនាក់ទំនងក្នុងសង្គម
១- មិនខ្វល់ពីហេតុ
២- មិនខ្វល់ពីផល
៣- មិនខ្វល់ពីខ្លួនឯង
៤- មិនខ្វល់ពីល្មម
៥- មិនខ្វល់ពីកាល
៦- មិនខ្វល់ពីសង្គម
៧- មិនខ្វល់ពីអ្នកដទៃ
#អំពីសេចក្តីល្អសេចក្តីអាក្រក់
១- រឿងណា ជាទោសកំហុសរបស់បុគ្គលដទៃ ទុកជាគេមិនសួរ ក៏​ប្រាប់​រឿង​នោះ ឲ្យប្រាកដឡើង។ តែបើគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោល ទោសរបស់បុគ្គលដទៃ ដោយពិស្តារពេញទី មិន​ចេះអស់ មិនចេះហើយទេ។
២- រឿងណាជាសេចក្តីល្អរបស់បុគ្គលដទៃ បើទោះជាមានគេសាកសួរ ក៏មិនឆ្លើយប្រាប់ដែរ។ តែបើគេសួរ ហើយឆ្លើយ ក៏ពោលពីសេចក្តីល្អរបស់បុគ្គលដទៃ ដោយសេចក្តីមិនពិស្តារ មិនពេញលេញ និយាយអោយតែឆាប់អស់ ឆាប់ហើយ។
៣- រឿងណា ដែលជាទោស​កំហុសរបស់ខ្លួន ទុកជាមានគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើងដែរ។ តែបើគេសួរ ហើយត្រូវឆ្លើយ ក៏ពោល ពីទោសកំហុសរបស់ខ្លួន ដោយសេចក្តីមិនពិស្តារ មិនពេញលេញ និយាយអោយតែឆាប់អស់ឆាប់ហើយ។
៤- រឿងណាជាគុណឬសេចក្តីល្អរបស់ខ្លួន ទុកជា​មិនមានគេសួររឿងនោះ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ ហើយបើគេសួរវិញ ក៏ពោលគុណរបស់ខ្លួនឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយទេ។
#មានចិត្តមានៈ #ប្រកាន់រើសអើង
(Discrimination)
១- សម្គាល់ថាខ្លួនចេញពីត្រកូលខ្ពស់ ចេញពីឧឡារភោគត្រកូល (ត្រកូលមានទ្រព្យស្តុកស្តម្ភ) ចេញពីមហាត្រកូល (ត្រកូលក្ស័ត្រឬអ្នកមានអំណាច ត្រកូលព្រាហ្មណ៍ឬបញ្ញវ័ន្តខ្ពស់ៗ និងត្រកូលវេស្សៈឬពាណិជ្ជករ) ក៏លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានត្រកូលខ្ពង់ខ្ពស់ស្តុកស្តម្ភនោះ។
២- សម្គាល់ថាខ្លួនជាអ្នក​មានកេរ្តិ៍ឈ្មោះ មានយស​បរិវារ មានបុណ្យសក្តិធំ ក៏​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួន​មានកេរ្តិ៍ឈ្មោះនោះ។
៣- សម្គាល់ថាខ្លួនជាពូកែរកបាននូវលាភផ្សេងៗ ក្នុងការផ្គត់ផ្គង់តម្រូវការផ្សេងៗ ក៏លើកតម្កើង​ខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែពូកែរកលាភនោះ។
៤- សម្គាល់ថាខ្លួន ជាពហូសូត ចេះដឹងច្រើន មានសញ្ញាបត្រខ្ពស់ ក៏លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែ​ភាពជាអ្នកពហូសូតនោះ។
៥- សម្គាល់ថាខ្លួនជាអ្នកចេះច្បាប់ អនុវត្តច្បាប់ ​ក៏លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែការដែលខ្លួនចេះច្បាប់ អនុវត្តច្បាប់នោះ ។
៦- សម្គាល់ខ្លួនថាជាអ្នកពូកែនិយាយ ​(ធម្មកថិក) ក៏លើកតម្កើង​ខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែ​ខ្លួនជា​ធម្មកថិកនោះ។
ជាបន្តទៅនេះ ព្រះពុទ្ធអង្គសម្តៅសម្រាប់ក្រុមភិក្ខុនិងភិក្ខុនី និងអ្នកដែលបដិបត្តិធម៌កម្រិតខ្ពស់។ ឯពីខាងដើមមក គឺសម្រាប់បរិស័ទទូទៅ។
៧- ​ខ្លួនជាអ្នកប្រព្រឹត្តធម៌ធុតុង្គទាំង១៣ឬធុតុង្គណាមួយ ក៏លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃដែលមិនបានប្រព្រឹត្តធម៌ធុតុង្គទាំង១៣ឬធុតុង្គណានីមួយ។
៨- សម្គាល់ថាខ្លួនបានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាកអកុសលធម៌ទាំងឡាយហើយបានសម្រេចធម៌ជាន់ខ្ពស់ជាកម្រិតឈានលោកីយ៍គឺរូបជ្ឈានក្តី អរូបជ្ឈានក្តី ភិក្ខុនោះ ​ក៏លើកតម្កើង​ខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃ ដែលមិនបានសម្រេចនូវធម៌ជាន់ខ្ពស់ ទាំងជារូបជ្ឍាននិងអរូបជ្ឈាននោះ។
#លក្ខណៈនៃការការអោយរបស់អសប្បុរស
១- ឲ្យដោយគ្មានសទ្ធា
២- ឲ្យដោយមាក់ងាយ
៣- ឲ្យដោយមិនគិតថាកាលណាគួរអោយ
៤- ឲ្យដោយគ្មានចិត្តអនុគ្រោះ
៥- ឲ្យដោយគំនិតបៀតបៀន
៦- យូរៗម្តងទើបនឹកឃើញអោយ
៧- ពេលកំពុងឲ្យ ចិត្តមួរហ្មង
៨- ពេលអោយផុតហើយ មិនមាន​សេចក្តី​ពេញចិត្តក្នុងការអោយនោះ។
#វត្ថុជាអំណោយរបស់អសប្បុរស
១- វត្ថុជាអំណោយមិនស្អាត
២- វត្ថុជាអំណោយមិនថ្លៃថ្លា
៣- វត្ថុជាអំណោយមិនត្រូវតាមកាល
៤- វត្ថុអំណោយជាវត្ថុមិនគួរ
៥- វត្ថុជាអំណោយមិនបានជ្រើសរើសសិន ទើប​ឲ្យទេ។
រៀបរៀងដោយហេង មណីចិន្តា
ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី២ ឆ្នាំព.ស ២៥៦២/២០១៨។
ភូមិវត្តពោធិវាល ក្រុងបាត់ដំបង

#ព្យាយាមយល់ពីបរាភវសូត្រក្នុងឋានៈជាលក្ខខណ្ឌការអភិវឌ្ឍខ្លួន #គ្រួសារ #សង្គមនិងប្រទេសជាតិ
#ជ្រុងមួយនៃទស្សនៈរបស់ហេងមណីចិន្តា វគ្គទី៤
បរាភាវ: បរាជ័យជាក់ ដល់ជនឯណា ប្រកាន់ផ្លូវខុស ដប់ពីរប្រការ ដែលព្រះសម្មា ប្រកាសទុកហើយ។
ទោះប្រុសឬស្រី រាស្ត្រឬមន្ត្រី រដ្ឋសង្គមអើយ តែដើរខុសផ្លូវ វិនាសកៀកកើយ ទុក្ខសោកឥតស្បើយ តកូនតផៅ។
#បរាភវសូត្រ
ធម្ម: ឬមូលហេតុ ឬឧបសគ្គ ១២យ៉ាង ដែលនាំអោយមនុស្សកំពុងធ្វើកិច្ចការអ្វីមួយ បរាជ័យ ឬមិនអាចសម្រេចគោលបំណងរបស់ខ្លួនបាន។
បើគិតតាមភាសាអភិវឌ្ឍន៍បច្ចុប្បន្ន អាចនិយាយថាជា លក្ខខ័ណ្ឌ (conditions , Assumption) នៅក្នុងកម្មវិធីគំរោង (program) ណាមួយ។
បើនិយាយជាបែបភាសាវិថីជីវិត អាចហៅថាជា ព្យុះជីវិត គង្ហុកជីវិត ដែលនឹងនាំអោយដំណើររបស់ជីវិតដួល រលំ ឬ យឺតយូរ ឬមិនបានទៅដល់គោលដៅជីវិតបានដូចបំណង។
បរាភវសូត្រជាភាសាស្មូត្រ ពីរោះ តែមិនងាយនឹងយល់ន័យ សម្រាប់អ្នកស្តាប់ ជាពិសេសម៉ោង៤ ឬ ៥ ភ្លឺ ជាម៉ោងកំពុងងងុយ ទាំងគេទាំងយើង។
វិធីសាស្ត្រផ្សព្វផ្សាយនិងអប់រំអោយធ្វើបានបែបថ្មីមួយ បន្ថែមពីលើកំណាព្យដែលមានស្រាប់ នឹងហុចផលប្រយោជន៍ច្រើនដល់សង្គមយើង ដែលកំពុងទ្រុឌទ្រោមដោយសារការលុកលុយរបស់ជនដែលប្រើលក្ខខណ្ឌទាំង១២នេះ ជាខបករណ៍ដើម្បីកេងយកផលប្រយោជន៍ និង រុះរើគ្រោងសាងសង្គមខ្មែរ (គ្រួសារ ការសិក្សា ការគ្រប់គ្រង សេដ្ឋកិច្ចសាសនា និង ការកំសាន្ត) អោយចុះខ្សោយនិងខ្ចាត់ខ្ចាយ៖
១- អោយខ្មែរស្អប់ធម៌
២- បង្កើតអសប្បុរសភាពដ៏ច្រើនក្នុងសង្គម មិនគាំទ្រសប្បុរសភាព មិនគាំទ្រមនុស្សល្អ
៣- បង្កើតការខ្ជិលច្រអូស មិនប្រឹងរកទ្រព្យ មិនប្រឹងអភិវឌ្ឍ
៤- បង្កើតវប្បធម៌បំភ្លេចគុណ ចាប់តាំងពីគុណឪពុកម្តាយទៅ
៥- បង្កើតវប្បធម៌សន្យាចំពោះអ្នកក្របំផុសព័ត៌មានមិនពិត ធ្វើអោយច្របូកច្របល់វង្វែង
៦- ជំរុញការបែកបាក់សាមគ្គី មិនចេះជួយគ្នា
៧- បង្កើនពាណិជ្ជកម្មគ្រឿងស្រវឹងគ្រឿងញៀន ពាណិជ្ជកម្មផ្លូវភេទ និង ពាណិជ្ជកម្មកាស៊ីណូ
៨- បង្កើនភាពខុសគ្នាក្នុងសង្គម (Social Gap) ដែលនាំអោយមានការរើសអើង
៩- បំបែកស្ថាប័នគ្រួសារ ដោយប្រើឥទ្ធិពលសិច(sex)និយម
១០- ភាពមិនមែនជាគំរូក្នុងសង្គមរបស់មនុស្សចាស់
១១- ការដឹកនាំដែលចំណាយច្រើនជាងចំណូល និង
១២- អ្នកនយោបាយធ្វើនយោបាយដោយការរំពឹងស្វែងរកផល ប្រយោជន៍ សម្រាប់ផ្ទាល់ខ្លួនជាធំ។
(សូមប្រៀបធៀបទៅនឹងកំណាព្យបរាភវសូត្រ ក្នុងរូបខាងក្រោមទាំង១២)។
ពួកយើងអាចជៀសវាងនិងជួយអោយជៀសវាងបាន នូវអ្វីដែលហៅថា មនុស្សបរាជ័យ(failed person) គ្រួសារបរាជ័យ (failed family) សង្គមបរាជ័យ (failed society) និង រដ្ឋបរាជ័យ (failed state) ដោយការ #បំបាត់នូវហេតុដែលនាំអោយបរាជ័យទាំង១២នេះ អោយនៅតិចជាទីបំផុត នោះទើបជីវិតយើងមានវឌ្ឍនភាពទាំងបច្ចុប្បន្ននិងអនាគត។
អ្នកមានប្រាជ្ញាពិចារណា​ឃើញច្បាស់ នូវសេចក្តី​វិនាស​ទាំងនុ៎ះ​ក្នុងលោក រមែងគប់​រកនូវ​លោក ដែលមាន​សេចក្តី​សុខដ៏ក្សេម​ក្សាន្ត [ក្នុងមនុស្ស និងទេវតា។]។
ជនជាបណ្ឌិតគំនិតប្រសើរ
បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស
គេចពីវិនាសគប់រកចម្រើន ។
ឯកសារយោង
ព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ (សៀវភៅលេខ ៥៤ ទំព័រទី ៣៦)
ព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋៈ (សៀវភៅលេខ ៥២ ទំព័រទី ១ ដល់ ២០)

#យល់ពីវិថីឆ្ពោះទៅរកការវិនាសអន្តរាយ៖ អ្នកដឹកនាំនិងក្ស័ត្រ
ជ្រុងមួយនៃទស្សនៈរបស់ហេងមណីចិន្តា #វគ្គទី៥
ក្រៅពីវិនាសទី១និងវិនាសទី២ ដែលពិបាកក្នុងការយល់ វិនាសចាប់ពីទី៣រហូតដល់ទី១២ ហាក់មិនមានអ្វីដែលគួរពិបាកយល់ទេ ព្រោះជាបញ្ហាដែលយើងមើលឃើញជារៀងរាល់ថ្ងៃនៅក្នុងសង្គម។
ទោះជាយ៉ាងនេះក្តី ខ្ញុំបានចាប់អារម្មណ៍ខ្លាំងទៅលើចំណុចទី១១និងទី១២ ដែលតាមអត្ថន័យ ខ្ញុំគិតថា ចំឡើយរបស់ព្រះពុទ្អអង្គតបទៅនឹងសំនួរទាំងពីរនេះ មានជាប់ទាក់ទងទៅនឹងបញ្ហាការគ្រប់គ្រងប្រទេស និង អ្នកនយោបាយ នាសម័យកាលនោះ។
មានសេចក្តីថា បន្ទាប់ពីបានស្តាប់ចំឡើយទាក់ទងទៅនឹងវិនាសទី១០ហើយ ទេវតាទាំងនោះ ក៏បានសួរដល់ព្រះពុទ្ធអង្គបន្ថែមថា៖
«បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ១១ និងទី១២ តើអ្វីជា​ប្រធាន​នៃសេចក្តី​វិនាស។ »
ព្រះពុទ្ធអង្គទ្រង់តបថា៖
#ទី១១- បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរស​បែបនោះ​ដែរ ក្នុងឋានៈ​ជាធំ នោះជា​ប្រធាន​នៃសេចក្តី​វិនាស​។
#ទី១២- បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈ​តិច តែមាន​សេចក្តី​ប្រាថ្នាធំ ទៅប្រាថ្នា​រាជសម្បត្តិ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។»
បើអធិប្បាយនៅក្នុងភាសាបច្ចុប្បន្ន បានដល់ការតែងតាំងឬជ្រើសរើសមនុស្សដែលជាអ្នកលេង អ្នកផឹកអ្នកស៊ី អ្នកចាយវាយខ្ជះខ្ជាយ អោយមានឋានៈ យសសក្តិជាអ្នកដឹកនាំនៅក្នុងអង្គភាពមួយ បើទោះជាអង្គភាពដ៏តូចមួយ ឬ អង្គភាពដ៏ធំបំផុតក៏ដោយ។
បើគិតបន្តិចទៅ អ្នកដឹកនាំបែបនេះ ជាអ្នកមិនចេះរក តែចេះចាយ។ ការចាយវាយបែបនេះ ត្រូវការលុយច្រើនលើសពីចំណូលដែលខ្លួនអាចរកបាន ឬ ប្រាក់ខែដែលខ្លួនទទួលបាន។ អំពើពុករលួយ (សម្រាប់មន្ត្រីរាជការ) ការកេងប្រវ័ញ្ច (សម្រាប់វិស័យឯកជន) ការលួចប្លន់ (សម្រាប់ជនទុច្ចរិត) ឬ សូម្បីតែការលបលាក់កិបកេង (ពីប្តីឬពីប្រពន្ធ) ក៏នឹងកើតឡើងជាពិតប្រាកដ។ សេចក្តីអន្តរាយដែលកើតឡើងពីអ្នកដឹកនាំដែលមាននិស្ស័យជាអ្នកលេង អ្នកចាយវាយហ៊ឺហាបែបនេះ មានអោយឃើញក្នុងប្រទេសយើងជាច្រើន។
ដូច្នេះហើយបានជាព្រះពុទ្ធអង្គលោកប្រាប់ថា ការជ្រើសតាំង ការតែងតាំងបុគ្គលដែលមានលក្ខណៈបែបនេះ នាំអោយវិនាសដល់សង្គមជាពិត ប្រាកដ។
សម្រាប់វិនាសទី១២ គឺរឹតតែគួរអោយចាប់អារម្មណ៍ណាស់ទៅទៀត ព្រោះថា ព្រះពុទ្ធអង្គបានឆ្លើយទៅនឹងទេវតាជាសំនួរចុងក្រោយ ហើយបានផ្តោតទៅលើពពួក #ខត្តិយត្រកូល
ខត្តិយត្រកូល ឬ វណ្ណៈក្សត្រ ក្នុងសម័យពុទ្ធកាល គឺជាត្រកូលអ្នកនយោបាយ (ក្នុងភាសាបច្ចុប្បន្ន) ព្រោះសម័យនោះ ការគ្រប់គ្រងនៅឥណ្ឌាកន្លែងខ្លះ មានលក្ខណៈមិនជាខុសគ្នាប៉ុន្មានពីការគ្រប់គ្រងនៅទីក្រុងអាថែន (Athen) នៃអាណាចក្រក្រិកបូរាណ ដែលហៅថា Aristocracy ឬ អភិជនាធិបតេយ្យ នោះទេ។ នៅឥណ្ឌា មានតែពួកវណ្ណៈក្ស័ត្រទេ ដែលអាចដើរតួក្នុងការគ្រប់គ្រងប្រទេសបាន។
ក្នុងវិនាសទី១២នេះ តាមខ្ញុំយល់ គឺសម្តៅទៅលើអ្នកនយោបាយដែលធ្វើនយោបាយក្រោមឥទ្ធិពល #មហាតណ្ហា ឬ តណ្ហាធំ ឬ គិតប្រាថ្នាចង់តែបានគ្រប់គ្រងប្រទេស ចង់ធ្វើជាអ្នកដឹកនាំដែលខ្ពស់ជាងគេ (ប្រាថ្នារាជសម្បត្តិ ប្រាថ្នាជាប្រធានាធិបតី) ជាជាងដើម្បីបំរើដល់សេចក្តីត្រូវការរបស់រាស្ត្រប្រជា។
ទី១ អ្នកនយោបាយ (ក្ស័ត្រ) នោះមានមហិច្ឆតាធំ ចង់តែគ្រងរាជ្យ ចង់តែសោយរាជ្យ (ហូបរាជ្យ) ជាចិត្តដែលមានមូលដ្នានដើមជាចិត្តមហាអកុសល (មហាតណ្ហា)។ ជនបែបនេះ អ្វីក៏អាចធ្វើបានដែរដើម្បីសម្រេចមហាបំណងនេះ។
ទី២ បើក្ស័ត្រ (អ្នកនយោបាយ) នោះមិនសូវមានទ្រព្យសម្បត្តិ (អប្បភោគៈ) ទេ គេត្រូវរកមធ្យោបាយយ៉ាងណាដើម្បីប្រមែប្រមូលរកទ្រព្យ រកថវិកាអោយបានច្រើន បើទោះជាប្រើមធ្យោបាយទុច្ចរិតយ៉ាងណាក្តី ព្រោះបើមិនដូច្នោះទេ មហាតណ្ហារបស់គេនឹងមិនអាចសម្រេចឡើយ។
ទី៣ បើមហាបំណងរបស់គេមិនបានសម្រេច ជននោះនឹងវិនាសខ្លួនឯង រួមទាំងអ្នកដែលព្យាយាមដើរតាមខ្លួន។ តែបើគេបានសម្រេចវិញ គេនឹងបាន សោយរាជ្យ ឬ ស៊ីរាជ្យ ឬ ប្រមូលទ្រព្យសម្បតិ្តទុកដាក់សម្រាប់ខ្លួនដោយមិនគិតអ្វីទាំងអស់ ព្រោះគេបានចំណាយច្រើនណាស់មកហើយ។ ទោះជាសម្រេចឬមិនសម្រេចក្តី #ការដឹកនាំប្រទេសមួយដែលគ្របដណ្តប់ដោយមហាតណ្ហា តែងនាំមកនូវសេចក្តីវិនាសដល់ខ្លួន ប្រជារាស្ត្រ និង ប្រទេសជាតិជាពិតប្រាកដ ដូចដែលព្រះពុទ្ធអង្គបានឆ្លើយទៅនឹងសំនួរចុងក្រោយរបស់ទេវតា ស្រាប់។ ក្ស័ត្រ (អ្នកនយោបាយ) បែបនេះ ស្ថិតនៅក្នុងក្រុម #អសប្បុរស ដែលព្រះពុទ្ធអង្គមិនអោយសេពគប់ ជាចំឡើយទី២ ព្រះពុទ្ធអង្គបានឆ្លើយទៅនឹងសំនួររបស់ពួកទេវតា។ (សូមអានក្នុងវគ្គទី៣)
11--ឥត្ថី សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ…..ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ
12--អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ…..សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ ។
សូមពិចារណាតាមការគួរ!

ជ្រុងមួយនៃទស្សនៈរបស់ហេងមណីចិន្តា #វគ្គទី៦
#ភ្ជុំបិណ្ទ ប្រជុំបិណ្ឌ #ប្រជុំអាហារ
#ប្រជុំអ្នកយកអាហារមកវត្ត

និយាយដោយការពិសោធន៍ អ្នកខ្លះតែងតែគិតថា រដូវភ្ជុំ ព្រះសង្ឃសប្បាយឆាន់ ឯអ្នកស្រុកតែងតែក្រ។
តាមពិត រដូវភ្ជុំជារដូវយ៉ាប់បំផុត សម្រាប់ព្រះសង្ឃ ព្រោះត្រូវបរិស័ទតម្រូវអោយនាំអាហារ(ចង្ហាន់) របស់ខ្លួន យកទៅអោយបុព្វការីរបស់ពួកគាត់ ហើយម្នាក់ៗ មានបុព្វការីច្រើនណាស់------៧សន្តាន ឬបើ២នាក់ប្តីប្រពន្ធ ឡើងជា ១៤ សន្តាន។ ម្ហូបអាហារច្រើនណាស់ ដែលលោកត្រូវឆាន់ ដើម្បីអោយអ្នកដែលអនិច្ចកម្ម (ស្លាប់) ហើយទាំងអស់នោះបានទទួលអាហារ ដូចដែលកូនចៅចង់អោយបានទទួល តាមរយ:ព្រះសង្ឃ ។
ក្រពះមានតែមួយ ត្រូវផ្ទុកអាហារច្រើនមុខ សម្រាប់បុព្វការី(ខ្មោច) ច្រើន ដល់ទៅរាប់រយសន្តាន។ មិនបានឆាន់របស់ញោម ញោមខឹង អន់ចិត្តអន់ថ្លើម។ អង្គុយចាំមើល ឆាន់មិនឆាន់? ពុទ្ធោ! ម្ហូបខ្លះហឹរ(កាលបុព្វការីនោះមិនទាន់ស្លាប់ ចូលចិត្តហឹរ) ខ្លះខ្លាញ់រងើម។ល។ និង។ល។ ត្រូវខំឆាន់មួយមុខបន្តិចៗ ដើម្បីអោយញោមគ្រប់គ្នាបានសប្បាយចិត្ត ថ្វីត្បិតតែខ្លួនឯងពេលមកដល់កុដិវិញ ត្រូវលេបថ្នាំឈឺពោះ ថ្នាំក្រពះក្តី ដោយសារតែល្បាយអាហារគ្រប់មុខពេក។ នេះ មិនទាន់គិតពីអាហារដែលផ្សំឡើងដោយបន្លែនិងសាច់ដែលសម្បូរដោយជាតិគីមី ថ្នាំពុល និងខ្វះអនាម័យ ដែលព្រះសង្ឃត្រូវតែឆាន់។ អាចថា បន្ទាប់អំពីបង្សុកូលអោយបុព្វការីរបស់ពុទ្ធបរិស័ទហើយ យមរាជអាចនឹងចែកលិខិតកំណត់មរណភាព ដល់អង្គដែលបង្សុកូលផងក៏មិនដឹង។ ដូច្នេះកុំខឹងអី ទុកអោយលោកឆាន់តាមលទ្ធភាពផង។ បុណ្យកើតឡើងនៅក្នុងចិត្ត បើចិត្តខឹងព្រោះតែលោកមិនបានឆាន់ គេហៅថាកំពប់បុណ្យ។
ពេលឆាន់មិនអស់ ឃើញម្ហូបពោរ ពាសនៅសល់ អ្នកសេដ្ឋកិច្ចនិងអ្នករិះគន់ និយាយថាជាសកម្មភាពបំផ្លាញសេដ្ឋកិច្ច ខាតតែលុយ នាំអោយរឹតតែក្រ។ មានដែលគិតទេ ថាលោកឆាន់តែមួយពេលទេ ឆាន់រួច អ្នកយកទៅប្រគេន ក៏ហូបខ្លួនឯង ឬក្មេងវត្ត និងអ្នកក្រីក្រទាំងឡាយ។
លោកទុកដល់ល្ងាចមិនបានទេ យ៉ាងច្រើនណាស់ គឺនំអន្សមអាចទុកបានយូរ ព្រោះយាយនិងអាចារ្យយកទៅឆ្អើរ។ មានសល់ឯណា ពេលល្ងាច ទៅសុំអន្សមលោកឆ្អើរ យកមកហូបទៀត ហើយនិយាយថា អន្សមវត្ត ឆ្ងាញ់ជាងផ្សារ (មកពីfree ទេដឹង!)។
យើងដឹងគុណបុព្វការីខ្លួនយើង ចង់អោយគាត់ពិសារ មិនដឹងធ្វើដូចម្តច ក៏ទៅរកលោក តាមជំនឿរបស់ខ្លួន ដូច្នេះ មិនគួរនាំគ្នាបន្ទោសលោកទេ។ យកល្អ ពេលបុព្វការីនៅរស់ ខំប្រណិបត្តិ បំរើ និងចិញ្ចឹមគាត់អោយល្អទៅ ព្រោះនេះឯង ដែលព្រះពុទ្ធលោកសរសើរ ឬយើងចំណាំនិយាយថា ធ្វើបុណ្យខែភ្លឺ។
តែបើបានជាទៅហើយ កុំស្តាយ ក្រោយ៖ ធ្វើទានធ្វើដោយស្មោះ កុំអាឡោះអាឡ័យស្ងួន។
ជាពិសេស គប្បីស្តាប់ បរាភវសូត្រ ឬ ព្រះសូត្រដែលនិយាយអំពីហេតុនាំវិនាស១២ប្រការ ដែលព្រះសង្ឃលោកសូត្រជាបទ ដើម្បីយកមកអនុវត្ត កាពារកុំអោយបរាជ័យក្នុងជីវិតនេះ និង ធ្វើអំពើល្អកុំអោយពេលស្លាប់ ទៅកើតជាប្រេតឬធ្លាក់ទៅនរក សោះនឹងលំបាកកូនចៅជាខាងក្រោយ។
វេនទី៦ហេង មណីចិន្តា

#ភ្ជុំបិណ្ឌគឺជាពិធីបុណ្យភ្ជាប់ទំនាក់ទំនងរវាងព្រលឹងទាំង១៩របស់អ្នករស់និងអ្នកស្លាប់ ដើម្បីបន្តនិរន្តរភាព សុខដុមភាព និង ឯកភាព #របស់ខ្មែរទាំងពីរភព
ជ្រុងមួយនៃទស្សនៈរបស់ហេងមណីចិន្តា #វគ្គទី៧
លោកបណ្ឌិត្យសភាចារ្យ ស៊ន សំណាង Lokru Sam ប្រវតិវិទូខ្មែរមានប្រសាសន៍អំពី «គោលការណ៍ពីររបស់ខ្មែរដែលនាំឲ្យជាតិខ្មែរ នៅគង់វង្សជាង២០០០ ឆ្នាំមកហើយនោះ គឺ «និរន្តរភាព និងសុខដុមភាព» (Sustainability and Harmony)។គោលការណ៍«សុខដុមភាព» មានឆ្លុះបញ្ចាំងយ៉ាងច្បាស់ លាស់ នៅក្នុងប្រាសាទព្រះគោ នៅរលួស (ខេត្តសៀមរាប) ដែលកសាងដោយព្រះបាទឥន្រ្ទវរ្ម័នទី១នៅឆ្នាំ៨៧៩ ដើម្បីឧទ្ទិសចំពោះដូនតាបុព្វការីជន។ នេះជាការបង្កើតឡើងនូវ«វប្បធម៌កតញ្ញូ» ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការធានានូវ «និរន្តរភាពនៃអំណាចរដ្ឋ» ពីរជ្ជកាលមួយ ទៅរជ្ជកាលមួយទៀត។
លោកបណ្ឌិតឡៅម៉ុងហៃ Mong Hay Lao បណ្ឌិតសេដ្ឋសាស្ត្រ បានសរសេរនៅក្នុង fb លោកថា «ព្រះបាទអង្គឌួង បានបង្កើតភ្ជុំបិណ្ឌអោយមានឡើង #ដើម្បីឯកភាពជាតិដោយយកព្រះពុទ្ធសាសនាជាគ្រឹះ ជាស្នូល»។
ព្រឹទ្ធាចារ្យ ឆេង ផុន កាលនៅមានជីវិត បានមានប្រសាសន៍ថា ខ្មែរយើងសព្វថ្ងៃនេះ កើតជំងឺ #លស់ព្រលឹង ត្រូវ #ជញ្ជាត់ព្រលឹងមកវិញ
ផ្អែកតាមអ្នកប្រាជ្ញខ្មែរទាំងបីរូប និង ការសិក្សាយល់ដឹងរបស់ខ្ញុំផ្ទាល់ ខ្ញុំសូមនិយាយថា «ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យភ្ជាប់ទំនាក់ទំនងរវាងព្រលឹងអ្នករស់និងអ្នកស្លាប់ ដើម្បីបន្តនិរន្តរភាព សុខដុមភាព និង ឯកភាព របស់ខ្មែរទាំងពីរភព»។
#លស់ព្រលឹង អ្វីគឺព្រលឹង?
ក្នុងវចនានុក្រមសម្តេចជួន ណាត មានពាក្យព្រលឹងនេះ ជាច្រើនកន្លែង៖
ព្រលឹងតូចព្រលឹងធំ ព្រលឹងព្រលះ មានព្រលឹង ព្រលឹងមាស មាស ព្រលឹង ស្ងួនព្រលឹង បាយព្រលឹង លស់ព្រលឹង កញ្ជាប់ព្រលឹង ជញ្ជាត់ព្រលឹង បញ្ជាប់ព្រលឹង ហៅព្រលឹង ខាបព្រលឹង ចងព្រលឹង បបក់ព្រលឹង យោងអន្ទងព្រលឹង ។ល។ បច្ចុប្បន្នមានពាក្យថ្មី ផ្តាច់ព្រលឹង សម្តៅឡានតាក់ស៊ីដែលបើកក្នុងល្បឿនហួសកំណត់ពេក។
#ព្រលឹង នាមសព្ទ
ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន . . . ។
នៅត្រង់ពាក្យថាអាត្ម័ន មានការពន្យល់ថា #ព្រលឹង ផងដែរ។
អាត្ម័ន៖ (សំ. អាត្មន៑; បា. អត្ត ) អាត្មា ( ខ្លួន; ចិត្ត ) ។ តាមលទ្ធិខ្លះប្រែថា "ព្រលឹង" ក៏មាន។ គេនិយាយថាក្នុងរូបយើងមានអាត្ម័ន, កាលណាយើងដេកលក់ស៊ប់, ចួនកាលអាត្ម័នចេញពីរូប ត្រាច់ចរទៅខាងក្រៅ, លុះដល់វេលា ទើបវិលត្រឡប់ចូលមកក្នុងរូបវិញ (គេថា ព្រលឹងតូច ព្រលឹងធំ តាមទម្លាប់ជឿ) ។
ខ្មែរយើងជឿថា ពេលស្លាប់ទៅ ព្រលឹងចេញពីខ្លួន។ ជួនកាលក៏ទៅចាប់ជាតិទៀត ជួនកាលក៏នៅវិលវល់ជាមួយកូនចៅ ឪពុកម្តាយ ឬ ញាតិ មិត្ត ជាដើម។ ជួនកាលពេលឈឺខ្លាំង ព្រលឹងក៏ចេញពីខ្លួន មិនដឹងខ្លួនយូរ ថ្ងៃ ក៏មាន។
នៅខ្មែរលើឬខ្មែរដែលរស់នៅស្រុកសៀម តែងធ្វើពិធីសែនដូនតា នៅថ្ងៃភ្ជុំធំ។ ឃើញគេសរសេរថា នៅកម្ពុជាក្រោមក៏មានពិធីសែនដូនតានៅថ្ងៃភ្ជុំធំនេះដែរ។ ខាងសៀម គេហៅថ្ងៃសែនភ្ជុំធំនេះថា វ៉ាន់សាទ្រ ឬថ្ងៃសាទ្រ។ ពាក្យថាសាទ្រនេះ តាមលោកម្នាក់នៅអាជ្ញាធរអប្សរាបានប្រាប់ខ្ញុំថា មាននៅនឹងសិលាចារឹកខ្មែរដែលបរិយាយអំពីពិធីបុណ្យសាទ្រ ប្រារព្ធធ្វើនៅនឹងបារាយ៍ខាងកើត ឬ បារាយណ៍ យសោធតដាក (ហៅក្លាយថាប្រដាក ស្ថិតនៅភូមិប្រដាក ស្រុកបន្ទាយស្រី) ដែលសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១។
ដូច្នេះ ការសែនដូនតា គឺជាការភ្ជាប់ព្រលឹងមនុស្សរស់ទៅនឹងមនុស្សស្លាប់ ជាឧបាយកុសល (មធ្យោបាយឆ្លាតវៃ) មួយរបស់ដូនតាតាំងពីបុរាណ ដើម្បីភ្ជាប់អនុស្សាវរីយ៍ ដើម្បីនិយាយប្រាប់គ្នាអំពីវីរភាព ស្នាដៃ សមិទ្ធិផល ពលិកម្ម របស់បុព្វបុរសជំនាន់មុន ប្រាប់ដល់អ្នករស់។ ជាការបង្រៀន ជាការរៀន ជាការបណ្តុះវប្បធម៌ (enculture) តាមរយៈពិធីបុណ្យមួយឆ្នាំម្តង។ តាមរយៈនេះ ព្រលឹងទាំងពីរភព បានភ្ជាប់គ្នា៖ ព្រលឹងអ្នកស្លាប់ ឬ វីរភាពអ្នកស្លាប់ បានចូលមកទុំជាប់នឹងអ្នករស់ ដែលធ្វើអោយអ្នករស់នោះ មានព្រលឹងដល់ទៅពីរ ដែលយើងតែងឮថា ព្រលឹងបុព្វបុរសឬព្រលឹងម៉ែឪ យាយតាមកជួយថែរក្សា ជាដើម។
ការកសាងប្រាសាទរំលឹកគុណដូចក្នុងការសរសេររបស់លោកបណ្ឌិតសភាចារ្យស៊ន សំណាង ពីខាងលើ បង្កើតនូវភាពកតញ្ញូ គឺការដឹងគុណពីអ្នករស់ ជាការប្តេជ្ញាការពារនូវអ្វីដែលជាកេរ្តិ៍អោយនៅគង់វង្ស។
ក្នុងរជ្ជសម័យព្រះបាទអង្គឌួង យើងមិនមានការកសាងប្រាសាទទៀតទេ មានត្រឹមកសាងវត្ត ដែលជាកន្លែងដាក់ព្រលឹងអ្នកស្លាប់។ ជាសម័យដែលខ្មែរធ្លាក់ខ្លួនខ្លាំង បាត់ឬលស់ព្រលឹងខ្លាំង ព្រោះការរុករានពីក្រៅនិងបាក់បែកខាងក្នុង។ ការដែលព្រះអង្គបង្កើត (ពុំទាន់ឃើញឯកសារបញ្ជាក់នៅឡើយ) ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដោយមានមូលដ្ឋានជំនឿបែបពុទ្ធសាសនាថេរវាទ ពិតជាឧបាយល្អដើម្បីភ្ជាប់ព្រលឹងភពទាំងពីរឡើងវិញ នៅក្នុងវត្ត ជាកន្លែងដែលពុទ្ធបរិស័ទបានចូលជាចំណែកក្នុងការកសាង និង ជាកន្លែងដែលយកធាតុបុព្វការីទៅដាក់ទុកក្នុងវត្ត។ #ឯកភាពជាតិ ជារឿងដែលអាចកើតឡើងបាននៅក្នុងវត្ត ដើម្បីជាកម្លាំងក្នុងការបន្តនិរន្តរភាពរដ្ឋខ្មែរនាសម័យនោះ និង ដែលអាចនាំមកនូវសុខដុមភាពជាបន្តបន្ទាប់។
#ជញ្ជាត់ព្រលឹង
តែឥឡូវនេះ ខ្មែរយើងកំពុងលស់ព្រលឹង គឺអ្នករស់កំពុងលស់ព្រលឹង ព្រលឹងរត់ចេញ ព្រលឹងមិនគ្រប់ ឬ ព្រលឹងខ្លះដាច់។ ដើម្បីបញ្ជាប់ព្រលឹងយើងនឹងព្រលឹងដូនតាវិញ ទាល់តែយើងស្វែងរកព្រលឹងយើងមកចូលក្នុងខ្លួនវិញអោយគ្រប់សិន ទើបអាចទៅភ្ជាប់ជាមួយព្រលឹងអ្នកស្លាប់បាន ដើម្បីអោយព្រលឹងយើងខ្លាំងជាថ្មីម្តងទៀត។
ហៅព្រលឹង ជញ្ជាត់ព្រលឹង ខាបព្រលឹង បបក់ព្រលឹង យោងអន្ទងព្រលឹង មកវិញ ហើយចងព្រលឹងអោយជាប់ជាកិច្ចការបស់យើងទាំងអស់គ្នា។ តែមុននឹងទៅយកព្រលឹងមកវិញ យើងត្រូវដឹងជាមុនសិន ថាតើព្រលឹងយើងមានប៉ុន្មាន ក្រែងរកយកមកវិញមិនអស់ បញ្ហាក៏នឹងនៅតែកើតមានមិនចេះចប់ដដែល។
#ព្រលឹងប្រាំបួនដណ្តប់
ខ្ញុំបានឮ ខ្ញុំបានអាន ថាព្រលឹងយើងនេះមានប្រាំបួនដណ្តប់ឬដប់ប្រាំបួន (១៩) ហើយបានសុំអោយអ្នកដែលសូត្រគាថាហៅព្រលឹងដែលមានចំនួន១៩នោះ ថាព្រលឹងទាំង១៩ហ្នឹងមានអីខ្លះ? តែក៏មិនដែលមាននរណាដឹងសោះ។ ជាចុងក្រោយ បានព្រះគុណម្ចាស់ ឆឹង ប៊ុនឈា Samdech Chhoeng Bunchhea ចៅអធិការវត្តស្រះចក លោកផ្ញើមកអោយ ដោយព្រះអង្គប្រាប់ថា ប្រភពមកពីលោកអាចារ្យ «ញាណ ភឿន» តែខ្ញុំក៏មិនទាន់បានជួបលោកអាចារ្យដើម្បីសាកសួរពីប្រភពដែលលោកអាចារ្យបានចេះដឹងពីព្រលឹងទាំង១៩នេះដែរ។ សន្មតថា នេះជាប្រភពព័ត៌មានមួយសិនចុះ។ តាមលោកអាចារ្យញាណ ភឿន ព្រលឹងទាំង១៩នោះគឺ៖
-- តួនាទីបដិសន្ធិ (អាកាស) ១
-- តួនាទីភវំ (រក្សាភព) ១ (២)
-- តួនាទីមហាភូតរូប ៤ (ទឹក ដី ភ្លើង ខ្យល់) (៦)
-- ខន្ធ៥ (១១)
-- មហាកុសល៨ (១៩)
លើកក្រោយ ខ្ញុំនឹងព្យាយាមរកការពន្យល់ពីព្រលឹងទាំង១៩ នេះ ព្រោះគិតថាមិនជាពិបាកពេកទេ ដោយពាក្យទាំងអស់នេះ ជាពាក្យព្រះពុទ្ធសាសនា តែសំនួរដែលពិបាកឆ្លើយគឺ ហេតុអ្វីបានជាពាក្យទាំង១៩នេះ ក្លាយមកជាព្រលឹងខ្មែរ ហើយបើព្រលឹងរត់ចោលយើង តើព្រលឹងណាខ្លះ? យកមកវិញដោយរបៀបណា និង ចងដោយរបៀបណាដើម្បីកុំអោយរត់ចោលយើងទៀត មុននឹងទៅភ្ជាប់ជាមួយព្រលឹងបុព្វបុរស-ស្ត្រី របស់យើងឡើងវិញ។
#សូមជួយធ្វើការពន្យល់ ជួយយកមកវិញ ជួយចងអោយជាប់ មុននឹងនាំគ្នាទៅតភ្ជាប់នៅវត្តជាទីកន្លែងដែលព្រលឹងបុព្វការី
យើងកំពុងស្នាក់នៅ ជាពិសេសក្នុងរដូវភ្ជុំ១៥ថ្ងៃនេះ។
សូមអរព្រះគុណនិងអរគុណ

#ភ្ជុំបិណ្ឌគឺជាពិធីបុណ្យបន្តមរតកប្រាជ្ញា វប្បធម៌ និងដួងចៃ #ពីចាស់ជំនាន់មុនមកជំនាន់នេះ និង #ទៅជំនាន់ក្រោយ
ជ្រុងមួយនៃទស្សនៈរបស់ហេងមណីចិន្តា #វគ្គទី៨
ក្នុងវគ្គទី៧ ខ្ញុំបានសម្លឹងភ្ជុំបិណ្ឌក្នុងរបៀបជាខ្សែអំបោះបញ្ជាប់ទំនាក់ ទំនងរវាងព្រលឹងទាំង១៩របស់អ្នករស់និងអ្នកស្លាប់ ដើម្បីបន្តនិរន្តរភាព សុខដុមភាព និង ឯកភាព #របស់ខ្មែរទាំងពីរភព។ នៅក្នុងជ្រុងមួយទៀត យើងមិនត្រូវភ្លេចទេថា ភ្ជុំបិណ្ឌគឺជាឱកាសសម្រាប់កូនចៅដែលបែកចេញពីឪពុកម្តាយ ពីផ្ទះ ពីស្រុកកំណើត បានវិលត្រឡប់មកផ្ទះ មកស្រុកកំណើត ដើម្បីជួបជុំអ្នកមានគុណ កន្លែងមានគុណ កន្លែងអនុស្សាវរីយ៍វិញ។
នៅក្នុងឱកាសនេះ ពួកអ្នកមកពីឯខាងនាយ បានមកជួបអ្នកខាងអាយ រៀបរាប់សាកសួរពីសុខទុក្ខ សើចយំជាមួយគ្នាបន្ទាប់ពីបែកទៅយូរពេល នាំគ្នាអួតឬរអ៊ូពីដំណើរនៃវឌ្ឍនភាពជីវិតរបស់ខ្លួនក្នុងរយៈពេលកន្លងមកប្រាប់គ្នីគ្នា អោយកូនៗបានជួបនឹងជីដូនជីតា មាមីង អ្នកជិតខាងដែលធ្លាប់មានគុណលើខ្លួន។ បានប៉ះផ្ទាល់នឹងធម្មជាតិស្រុកស្រែ ស្ទឹង អូរ ដងព្រៃ ដែលជាចំណែកមួយនៃកុមារភាព។ បានឃើញសាលារៀន ឃើញវត្ត ឃើញគ្រូ ឃើញព្រះសង្ឃ តាអាចារ្យ យាយជី ដែលធ្លាប់បានជួយអប់រំបន្ទុំចិត្តរបស់ខ្លួន រហូតបានមកជាមនុស្សម្នាក់ឥឡូវនេះ៙។
អ្នកមកលេងផ្ទះ គួរប្រើឱកាសនេះដើម្បីទទួលយកនូវឱវាទពីមាតាបិតា ជីដូនជីតារបស់ខ្លួន ឬ បើនិយាយអោយច្បាស់នោះ គួរជម្រិតទារយកពីគាត់អោយបាននូវអ្វីដែលគាត់ចេះ គាត់ប្រសប់ គាត់ពូកែ ដែលជាចំណេះមិនអាចរកបាននៅសាលា ក្រៅតែពីពួកគាត់ប៉ុណ្ណោះ។ គួរអោយគាត់និទានរឿងកាលគាត់ចិញ្ចឹមយើងពីក្មេង រឿងដែលគាត់ឈឺចាប់ រឿងដែលគាត់រីករាយ រឿងដែលគាត់មានមោទនភាព។ ទាំងអស់នេះ ជាប្រាជ្ញា ជាវប្បធម៌ ជាដួងចៃ ឬ ជាព្រលឹងរបស់មនុស្សរស់មានកំណើតមុនយើង ដែលយើងត្រូវតែយកមកធ្វើជាមរតក សម្រាប់ជាទុនប្រើប្រាស់ក្នុងជីវិតនេះ និង ទុកបន្តទៅអោយកូននិងចៅរបស់យើងតទៅទៀត។
#ប្រវត្តិសាសន៍មិនមែនទុកត្រឹមតែដើម្បីរៀនទេ #តែគឺដើម្បីយកមកប្រើក្នុងកិច្ចការពារកុំអោយកើតឡើងទៀត និង #ដើម្បីអភិវឌ្ឍជីវិតនេះអោយកាន់តែប្រសើរឡើង
យើងនឹងសោកស្តាយបើមិនបានទទួលនូវមរតកសាសន៍ទាំងនេះ។ #សូមកុំសម្លឹងត្រឹមតែទ្រព្យសម្បត្តិរបស់គាត់ដែលកំពុងមាននិងគិតថាបើគាត់អស់បុណ្យទៅ #ទ្រព្យនោះគួរបានមកអញខ្លះឬទាំងអស់នោះ
មកដល់ពេលនេះ ខ្ញុំមិនទាំងដឹងថាហេតុអ្វីបានជាប៉ាខ្ញុំយកម៉ាក់ខ្ញុំជាប្រពន្ធ។ ខ្ញុំមិនដឹងថាពេលខ្ញុំកើតមកតើគាត់លំបាកប៉ុនណា ស្ថានភាពជីវិតដូចម្តេច ស្រុកទេសយ៉ាងណា គាត់មានយល់សប្តិ៍អ្វីទេពេលខ្ញុំមកចាប់កំណើត។ល។ និង ។ល។ សូមកុំអោយសោកស្តាយការណ៍ទាំងអស់នេះដូចខ្ញុំ។
សព្វថ្ងៃនេះ ខ្ញុំតែងប្រាប់ក្មេងៗអោយនិយាយប្រាប់ម្តាយនិងឪពុករបស់ខ្លួន ដោយផ្ទាល់មាត់និងចេញជាសម្លេងល្មមគាត់ឮ ថា៖ «ម៉ែ! កូនស្រឡាញ់ម៉ែ កូនស្រឡាញ់ពុក» ព្រោះខ្ញុំមិនដែលបាននិយាយពាក្យនេះកាលម៉ាក់ប៉ាខ្ញុំគាត់នៅរស់ទេ។ ភាគច្រើនកូនៗ ចៅៗតែងនិយាយថា «គាត់ដឹងថាខ្ញុំស្រឡាញ់គាត់។ ខ្ញុំតែងអោយគាត់នូវអ្វីដែលគាត់ចង់បាន»។ ឪពុកម្តាយភាគច្រើនក៏មិនដែលប្រាប់កូនថាខ្លួនស្រឡាញ់កូនដែរ ខ្លាចកូនបានចិត្ត។
សូមកូនៗ ចៅៗ ចាប់ផ្តើមនិយាយពាក្យស្រឡាញ់ចំពោះគាត់ កុំទុកបណ្តែតបណ្តោយយូរ។ ព្រោះថា
#តើពួកគាត់នឹងអាចនៅភ្ជុំជាមួយយើងបានប៉ុន្មានភ្ជុំទៀត? កុំអោយស្តាយក្រោយព្រោះមិនបានពោលពាក្យ #ស្រឡាញ់ #អរគុណ និង #សុំទោស ចំពោះអ្នកមានគុណទាំងនោះ មុននឹងអ្នកមិនមានឱកាសបានពោលពាក្យនេះនៅរដូវភ្ជុំឆ្នាំក្រោយ។
ដោយមេត្រីធម៌ពីខ្ញុំ ហេង មណីចិន្តា
 #សម្លឹងភ្ជុំបិណ្ឌពីជ្រុងសេដ្ឋសាស្ត្រ
ជ្រុងមួយនៃទស្សនៈរបស់ហេង មណីចិន្តា៖ វគ្គទី៩
ផ្តើមសេចក្តី៖ #បើរដ្ឋាភិបាលយើងដាក់បុណ្យភ្ជុំបិណ្ឌអោយក្លាយទៅជាបេតិកភ័ណ្ឌអរូបីពិភពលោកបាននោះ #នឹងរឹតតែនាំកំណើនសេដ្ឋកិច្ចដល់ជាតិ #អាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិអោយចូលវត្តបោះបាយបិណ្ឌ #នឹងនាំមកនូវចំណូលដល់សេដ្ឋកិច្ចជាតិបានទៀតផង
ម្នាក់ៗសម្លឹងមើលទៅបុណ្យភ្ជុំបិណ្ឌតាមជ្រុងនៃទស្សនៈរៀងៗខ្លួន៖ ម៉ែឪចាស់ជរា រីករាយនឹងបានឃើញកូនចៅត្រឡប់មកជួបជុំវិញ បានហូបចុកជុំគ្នាតាមមានតាមបាន។ អ្នកធ្វើការរីករាយនឹងបានឈប់យូរ សម្រាកពីការងារ បានត្រឡប់ទៅស្រុកកំណើតវិញដើម្បី រំលឹកអនុស្សាវរីយ៍កាលពីក្មេង។ ពាណិជករទាំងឡាយ សម្លឹងឃើញប្រាក់ចំណូលចូលបានច្រើន។
នៅថ្ងៃភ្ជុំធំ នំអន្សមឡើងពីនំមួយតម្លៃ១០០០រៀល ទៅ ៣៥០០រៀល នៅផ្សារបាត់ដំបង។ រថយន្តធ្វើដំណើរវិញ មិនបាច់និយាយទេ ជារឿងធម្មតាទៅហើយ។ អ្វីៗក៏ឡើងថ្លៃ បើមិនឡើងពេលហ្នឹងមិនដឹងចាំដល់ពេលណាទៀត?
កាកបាទក្រហម និងអង្គការផ្សេងៗដែលមានប្រអប់វិភាគទាននៅក្នុងវត្ត ក៏មានចំណូលកាន់តែច្រើនដែរ។សូម្បីតែអ្នកសូមទាន ក៏មានសង្ឃឹម ព្រោះនេះជាឱកាសដែលអាច រកចំណូលបានច្រើនជាងប្រក្រតី រួមទាំងក្មេងៗក្រីក្រ ដែលបានចំណូលអំពីការយាមស្បែកជើងរបស់ពុទ្ធបរិស័ទដែរ។ បើតាមអ្នកជំនាញសេដ្ឋកិច្ច បាននិយាយថា ម្នាក់ៗចាយប្រមាណពី ៥០ ទៅ ៨០ ដុល្លារ ក្នុងរដូវភ្ជុំ។
មានអ្នកទិតៀនជាច្រើនដែលរួមទាំងអ្នកនយោបាយខ្លះផងដែរ បាននិយាយថា បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ បានធ្វើអោយខ្មែរក្រ រកងើបមិនរួច។ ខ្ញុំមិនដឹងថា អ្នកដែលទិតៀននោះ សម្លឹងពីជ្រុងណាទេ៖ ជ្រុងសេដ្ឋកិច្ច? ជ្រុងនយោបាយ? ជ្រុងសង្គម? ឬ ជ្រុងប្រជាភិថុតិ?
សម្រាប់អ្នកសេដ្ឋកិច្ចវិញ ការដែលពលរដ្ឋក្នុងឋានៈជាអ្នកបរិភោគ (consumers) មានការចំណាយច្រើន នឹងធ្វើអោយគោលនយោបាយកំណើនសេដ្ឋកិច្ចរបស់ខ្លួនរឹតតែបានជោគជ័យ៖ ផលទុនសារុបក្នុងស្រុក (GDP) នឹងរីកកើនឡើង ដែលនឹងនាំអោយតួលេខចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗកើនឡើងដែរ ដែលការណ៍នេះ នាំអោយមានប្រយោជន៍ដល់គោលនយោ បាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ព្រោះអ្នកស្រុកមានលុយចាយច្រើន។
តាមរូបមន្តផលទុនសារុបក្នុងស្រុក GDP= C + I + G + (X-M) នេះ C តំណាងអោយការចាយរបស់ម្នាក់ៗក្នុងប្រទេស។ បើចាយច្រើន ចំណូលពន្ធដល់រដ្ឋក៏កើនឡើង។ ចំណាយ គឺជាសំណល់នៃប្រាក់ចំណូលបន្ទាប់ពីសន្សំ ហើយ។ កាលណាសន្សំបានច្រើន ការវិនិយោគក៏នឹងកាន់តែច្រើនឡើងដែរ (I)។ បើវិនិយោគច្រើន អាចដឹកទៅលក់នៅក្រៅប្រទេសបានច្រើនជាងនាំចូល នោះជញ្ជីងថវិការបស់រដ្ឋក៏វិជ្ជមានដែរ (X - M ជាវិជ្ជមាន)។ ចាយកាន់តែច្រើន វិនិយោគកាន់តែច្រើន ចំណេញពីការនាំចេញកាន់តែច្រើន រដ្ឋាភិបាលក៏នឹងកាន់តែសប្បាយចិត្តក្នុងការចាយដែរ (គឺចាយក្នុងក្នុងការអភិវឌ្ឍប្រទេសជាតិ ឈរលើគោលការណ៍មិនមានអំពើពុករលួយ(បើមាន ជារឿងមួយផ្សេងទៀត)។ ដូច្នេះ ការចាយវាយក្នុងរដូវភ្ជុំក្តី រដូវចូលឆ្នាំក្តី ខាងផ្នែកសាសនាតែងប្រាប់អោយសន្សំសំចៃ តែខាងរដ្ឋ គឺសប្បាយចិត្តទៅវិញទេ។ វាជាការបង្ហាញថាប្រទេសមានការងារធ្វើក្នុងអត្រាខ្ពស់។
យើងមិនអាចថាពលរដ្ឋល្ងង់ ថាចេះតែពីចាយ ដោយមិនគិតពីការសន្សំសំចៃទេ។ តាមពិត មុននឹងមកធ្វើបុណ្យនៅវត្ត ម្នាក់ៗគិតថា ខ្លួននឹងមានសមត្ថភាពធ្វើក្នុងចំនួនប៉ុន្មានរួចទៅហើយ និងត្រូវទុកប៉ុន្មាន។ ពុទ្ធសាសនាក៏បានបង្រៀនបរិស័ទខ្លួនអោយចេះបែងចែកទ្រព្យដែលរកបានមកយ៉ាងមានប្រសិទ្ធិភាពដែរគឺ ប្រាក់ចំណូលដែលរកបានមក ត្រូវបែងចែកដូចតទៅ៖
1-- ២៥% #ទុកចិញ្ចឹមជីវិតអោយបានល្អ #រួមទាំងធ្វើបុណ្យធ្វើទាន
2-- ៥០% #ត្រូវទុកធ្វើជាដើមទុនវិនិយោគក្នុងមុខរបររបស់ខ្លួន
3-- ២៥% #ចុងក្រោយ #ត្រូវទុកសន្សំ #ក្រែងមានហេតុភ័យណាមួយកើតឡើង
ភាពក្រីក្ររបស់ពលរដ្ឋ មិនមែនមកពីការធ្វើបុណ្យទេ តែគឺមកពីការប្រព្រឹត្តអបាយមុខ និង មួយទៀត គឺការមិនឆ្លាតនៅក្នុងពាណិជ្ជកម្មផងដែរ។ បើសិនជាធ្វើតាមគោលការណ៍បែងចែកទ្រព្យដូចខាងលើ គ្មានអ្វីដែលខ្មែរត្រូវក្រទេ។ តែបច្ចុប្បន្ន បន្ទាប់ពីប្រគេនលោកហើយ គឺតាំងនាំគ្នាវាតវង់ ផឹកស៊ី ស្រវឺង នាំមកនូវបញ្ហាសង្គមនិងសេដ្ឋកិច្ចគ្រប់យ៉ាងដល់ប្រទេសជាតិ (ចាយហួសទៅលើចំណែកវិនិយោគនិងសន្សំ)។
ជាសារុប ក្នុងន័យសេដ្ឋកិច្ច ខ្ញុំឃើញថា តាមពិតបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នាំមកនូវប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ ធ្វើអោយរង្វិលទឹកប្រាក់កាន់តែញាប់ឡើង ដែលនាំអោយមានលំនឹងដល់សេដ្ឋកិច្ចម៉ាក្រូទៀតផង។
ខ្ញុំគិតថា #បើយើងដាក់បុណ្យភ្ជុំបិណ្ឌអោយក្លាយទៅជាបេតិកភ័ណ្ឌអរូបីពិភពលោកបាននោះ នឹងរឹតតែនាំកំណើនសេដ្ឋកិច្ចដល់ជាតិ អាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិអោយចូលវត្ត អោយបោះបាយបិណ្ឌ បានទៀតផង។
ខ្ញុំនៅចាំពាក្យរបស់ទេសចរណ៍ជាតិអង់គ្លេសម្នាក់ ដែលបាននិយាយជាមួយប្រពន្ធខ្ញុំកាលយើងទៅប្រទេសឥណ្ឌៀ កាលពីឆ្នាំ២០០៦ គាត់បានប្រាប់ប្រពន្ធខ្ញុំថា គាត់មកឥណ្ឌៀនេះរាល់ឆ្នាំ ជាប់គ្នា១៥ឆ្នាំហើយ។ ប្រពន្ធខ្ញុំសួរគាត់ថា អ្នកមកឥណ្ឌៀញឹកញាប់យ៉ាងនេះ តើមានអ្វីគួរអោយចាប់អារម្មណ៍ទេ ព្រោះពួកខ្ញុំទើបតែមកលើកទី១។ គាត់ឆ្លើយថា ខ្ញុំមកទីនេះ ព្រោះទីនេះមានមនុស្សឆ្កួតនិងរបស់ឆ្កួតៗ ប្លែកៗអោយខ្ញុំបានឃើញរាល់ឆ្នាំ។ ខ្ញុំហួសចិត្ត ហើយក៏សើចគោក។
តែដល់ពេលគិតយូរទៅ ក៏ត្រូវម្យ៉ាងដែរ បើសិនជាខ្មែរយើងមានកម្មវិធីទេសចរណ៍ភ្ជុំបិណ្ឌដែលខ្មែរខ្លួនឯងខ្លះថាឆ្កួតឬភ្លើនោះ ប្រហែលជាអាចទាក់ទាញភ្ញៀវទេសចរណ៍បានជាមិនខាន។ រាជាណាចក្រអច្ឆរិយៈ អាចប្រែថាប្រទេសអស្ចារ្យក៏បាន ប្រទេសប្លែកផុតលេខក៏ថាបាន ប្រទេសគួរអោយឆ្ងល់ (ឆ្កួត?) ក៏ថាបាន។ អ្វីដែលសំខាន់ ទេសចរចូលចិត្តអ្វីដែលប្លែក ឬក៏ភ្លើតិចៗដែរ ដូចជានៅបាត់ដំបងជាដើម៖ បរទេសណា ដែលបានមកកាន់ខេត្តបាត់ដំបង តែងតែមានកម្មវិធីទៅជិះណូរីឫស្សី (Bamboo Train) បើទោះជាដឹងថាវាមិនមានសុវត្ថិភាពក្តី ក៏នៅតែនាំគ្នាជិះ រហូតដល់និយាយថា មកបាត់ដំបង បើមិនបានជិះ Bamboo Train ទេ ឈ្មោះថាមិនទាន់ដល់បាត់ដំបងទេ។
ម្យ៉ាងដែរ របស់ដែលរាងភ្លើៗ ក៏នៅអាចនាំចំណូលដល់ជាតិបានដែរតើ! ដូច្នេះ មិនគួររិះគន់របស់ដែលខ្លួនគិតថាភ្លើៗនោះពេកទេ ព្រោះអ្វីក៏សុទ្ធតែមានតម្លៃរបស់វា សំខាន់ថាតើភ្នែករបស់យើងមើលឃើញរបស់នោះថាជាលុយ
ក្នុងវិស័យពាណិជ្ជកម្មដែរឬយ៉ាងណា។
ដោយហេង មណីចិន្តា
 #សម្លឹងភ្ជុំបិណ្ឌពីជ្រុងស្ថាប័នគ្រួសារ
ជ្រុងមួយនៃទស្សនៈរបស់ហេង មណីចិន្តា៖ វគ្គទី១០
ពីមុនពួកយើងថាសត្វដូនតាយំ។ ឥឡូវយើងព្យាយាមថាសត្វដូនតាច្រៀងឬពោល។ តាមសភាពធម្មជាតិ រដូវភ្ជុំនេះ ជារដូវ Valentine ឬរដូវរកញីរកឈ្មោលរបស់សត្វដូនតាខ្មែរ ខុសពី Valentine របស់សត្វបក្សាបក្សីនៅអឺរ៉ុបនិងអាមេរិក ដែលរកញីរកឈ្មោលនៅថ្ងៃ ១៤កុម្ភៈ។
សាររបស់សត្វដូនតាដែលជា Messenger របស់ជីដូនជីតា មាតាបិតាដែលអស់បុណ្យទៅហើយនោះ គឺប្រាប់ពីរដូវដែលត្រូវជួបជុំគ្នារវាងភពនាយគឺភពព្រលឹងអ្នកស្លាប់និងភពអាយគឺអ្នកកំពុងរស់ ហើយក៏ជារដូវដែលកូនចៅសាច់ញាតិគ្រប់ទិសទីត្រូវត្រឡប់មកជួបជុំបងប្អូនសាច់ញាតិព្រៀងលានជិតឆ្ងាយដែរ។
នេះគឺជាឱកាសមាស-ប្រាក់បស់ស្រីប្រុស កម្លោះក្រមុំ បានបៀងភ្នែក បានលួចសម្លឹង គយគន់ ពិនិត្យ ស្រាវជ្រាវ ស្វែងយល់ ពីគ្នានឹងគ្នា ក្នុងន័យនៃសេចក្តីស្នេហា គួចចិត្តប្រតិព័ទ្ធ ចង់បានគ្នាយកមកជាគូជីវិត នាពេលអនាគត។ សម្លៀកបំពាក់ហូល ផាមួង អាវប៉ាក់ពណ៌ស វាលកនិងខ្នងបន្តិច រួមនឹងកន្សែងពានា បានធ្វើអោយកញ្ញាធម្មតាៗម្នាក់ ប្រែក្រឡាទៅជាទេពអប្សរដែលស្រស់ស្អាត ដំណើរល្វតល្វន់ មុខប្រឹមប្រីយ៍ប្របដោយចិត្តជាកុសលក្នុងបុណ្យទាននារដូវភ្ជុំបិណ្ឌ។ កម្លោះៗដែលធ្លាប់តែមាក់ងាយនឹងស្រីខ្មែរសម្បុរខ្មៅ ក៏ស្រាប់តែបើកភ្នែកធំៗនៅពេលដែលស្រីម៉ៅបានក្លាយទៅជាទេពអប្សរដើរលើដី។
បុរាណបានពោលទុកថា #ស្រីសល្អជាងស្រីខ្មៅ #ត្រូវប្រេងម្សៅទៅស្រីខ្មៅល្អជាង
នៅក្នុងបទចំរៀងរបស់លោកស៊ិន ស៊ីសាមុត ដែលមានចំណងជើងថា #ផ្កាម្រុំ ក៏បាននិយាយអំពីថ្ងៃ៥រោជ ឬ បិណ្ឌវេនទី៥ ដែលកម្លោះម្នាក់ចង់ចូលទៅដណ្តឹងក្រមុំម្នាក់ទុកអោយហើយ។ យើងសង្កេតឃើញថា កន្លះខែក្រោយភ្ជុំធំ ក្រោយចេញវស្សាបានតែមួយថ្ងៃ សម្លេងភ្លេងការក៏ចាប់ផ្តើមលាន់គ្រប់ទិសទី ជាសញ្ញាប្រាប់ថា រដូវអាពាហ៍ពិពាហ៍ ចាប់ផ្តើមហើយ។ ស្ថាប័នគ្រួសារ ដើរតួនាទីក្នុងការបន្តនិរន្តរភាពនៃសង្គមជាតិឬប្រទេសជាតិមួយ ដោយការបន្តពូជខ្មែរ ដោយការរៀបចំទុកដាក់កូនចៅអោយមានគូស្វាមីភរិយា ដោយការអប់រំអោយទៅជាពលរដ្ឋល្អ ពលរដ្ឋដែលសកម្មក្នុងវិស័យសេដ្ឋកិច្ច វិស័យគ្រប់គ្រង វិស័យអប់រំ និង វិស័យសាសនា។ ស្ថាប័នគ្រួសារ ជាស្ថាប័នដ៏សំខាន់បំផុតសម្រាប់សង្គមជាតិមួយបន្តនូវនិរន្តរភាព សុខដុមភាព និង ឯកភាពជាតិ។ ជាគូស្វាមីភរិយាជោគជ័យ ព្រោះធ្លាប់បានទៅវត្តស្តាប់ព្រះសង្ឃសម្តែងអំពីផ្លូវដែលនាំអោយវិនាស១២យ៉ាង នាពេលជិតភ្លឺ។
ស្ថាប័នគ្រួសារត្រូវបានពង្រឹង ដោយការផ្សាភ្ជាប់ទៅនឹងស្ថាប័នពុទ្ធសាសនាតាមរយៈបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចំនួន១៥ថ្ងៃក្នុងមួយឆ្នាំ។ ចំនួននេះ បើសិនជាខាងអាណាចក្រនិងពុទ្ធចក្រ បានរៀបចំអោយល្អនិងធ្វើបដិរូបអោយសមទៅនឹងកាលៈទេសៈនោះ ខ្ញុំជឿថា ស្ថាប័នគ្រួសារនឹងអាចបង្កើតនិងអភិវឌ្ឍប្រជាជនខ្មែរ អោយទៅជាពលរដ្ឋខ្មែរ ក្នុងន័យ #រដ្ឋខ្មែរមានពលគឺជនជាតិខ្មែរដែលមានកម្លាំង៥យ៉ាង សម្រាប់ប្រទេសជាតិ។ ពលរដ្ឋ អាចប្រែថា រដ្ឋដែលមានកម្លាំង ឬ រដ្ឋពល ប្រែថា កម្លាំងរបស់រដ្ឋ។
អ្នកប្រតិបត្តឬអនុវត្តតាមពុទ្ធសាសនា ឬ #ពលរដ្ឋដែលជាពុទ្ធសាសនិកជនត្រូវមានកម្លាំង៥យ៉ាងក្នុងខ្លួនគឺ
១- មានសទ្ធា គឺការជឿជាក់លើអត្តភាពជាមនុស្សរបស់ខ្លួនថាអាចសម្រេចអ្វីៗបាន ដោយអាស្រ័យគោលការណ៍ ហេតុផល កម្មផល។
(សទ្ធាពលៈ សទ្ធាជាកម្លាំង)
២- មានសេចក្តីព្យាយាមដ៏ខ្លាំងក្លាបំផុត ក្នុងការទៅអោយដល់គោលដៅរបស់ខ្លួនដែលជឿជាក់ថាអាចធ្វើកើត។ (វិរិយពលៈ ព្យាយាមជាកម្លាំង)
៣- មិនភ្លេចខ្លួន មិនភ្លេចស្មារតី មិនធ្វែសប្រហែស ដឹងខ្លួនជានិច្ច ចំពោះសកម្មភាពនិងគោលដៅរបស់ខ្លួន។
(សតិពលៈ សតិជាកម្លាំង)
៤- ចិត្តស្ងប់ ចិត្តនឹង ចិត្តរឹងប៉ឹង ផ្តោតអារម្មណ៍ ឬ ផ្ចង់ចិត្ត មិនងាករេផ្លាស់ប្តូរងាយៗ (សមាធិពលៈ ចិត្តស្ងប់ជាកម្លាំង)
៥- មានចំណេះដឹង មានការសិក្សាល្អ ស្គាល់យល់ពីការពិត មានហេតុផល មិនប្រើអារម្មណ៍ ធ្វើអ្វីៗដោយប្រើបញ្ញា ជាងកម្លាំងបាយ។ (បញ្ញាពលៈ ប្រាជ្ញាជាកម្លាំង)
បើកម្លាំងទាំងនេះមានគ្រប់គ្រាន់ហើយ ព្រះពុទ្ធអង្គប្រៀបអ្នកដែលមានកម្លាំងនេះទៅនឹងសត្វឥន្ទ្រីយ៍ ដែលជាស្តេចឬប្រធាននៃសត្វស្លាបទាំងឡាយ។ តើរដ្ឋយើងមិនចង់បានពលរដ្ឋដែលមានកម្លាំងនិងសមត្ថភាពដូចសត្វឥន្ទ្រីយ៍ទេឬ? ពលរដ្ឋយើងនឹងអាចមានសមត្ថភាពដូចពលរដ្ឋអាមេរិកាំង ដែលមានរូបសត្វឥន្ទ្រីយ៍ជាតំណាងប្រទេស បើសិនជា រដ្ឋចក្រនិងពុទ្ធចក្រ រួមដៃគ្នាលើកស្ទួយស្ថាប័នគ្រួសារអោយបានរឹងប៉ឹង។
#យើងចង់បានពលរដ្ឋ មិនមែនត្រឹមតែជាប្រជាជនទេ!
អរគុណរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលបានបំពេញតួនាទីពង្រឹងស្ថាប័នគ្រួសារខ្មែរ!
ហេង មណីចិន្តា
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks