កម្រងអត្ថបទ បណ្ឌិតសភាចារ្យ ស៊ន សំណាង

«កូនខ្មែរបច្ចុប្បន្ន នាំគ្នាខិតទៅជិតដូនតាមហានគរឡើងវិញ!»     (1)
…កូនខ្មែរប្រមូលមកវិញនូវ«គុណធម៌ជាប្រពៃណីពីដូនតារបស់ខ្លួន»!...
សួស្តីនិស្សិតនៃវិទ្យាស្ថានអ៊ីនធឺរេដ និងប្រិយមិត្តទាំងអស់!
-កាលពីឆ្នាំ១៩៣៩ នៅក្នុងពិធីបើក«សាលាឧស្សាហកម្មអនុវត្ត»
(Ecole Pratique d’Industrie) ថ្មី នៅប្ញស្សីកែវ លោកធីបូដូ (Thibaudeau)
ដែលជារេស៊ីដង់ជាន់ខ្ពស់បារាំងបានថ្លែងថា៖… ពូជសាសន៍ខ្មែរ ដែល
បានប្រើកម្លាំងសាច់ដុំ កសាង«ភ្នំថ្មអង្គរ»(Montagnes de pierre d’Angkor)
និងសព្វថ្ងៃនេះ នៅបន្តធ្វើស្រែចម្ការដ៏អង់អាចនោះ បង្ហាញថាពួកគេមាន
សមត្ថភាពខាងកម្លាំងកាយ ដូចពូជសាសន៍ដទៃទៀតដែរ។ ខ្ញុំចង់ឱ្យជន
ជាតិខ្មែរ ដែលទំយើដោយភាពអនុគ្រោះនៃធម្មជាតិ និងដីដែលមានជី
ជាតិតាមមាត់ទន្លេនោះ ខិតខំប្រឹងប្រែងឡើងវិញ ដើម្បីប្រមូលយកមក
វិញនូវ«បណ្តាគុណធម៌ជាប្រពៃណីនៃដូនតារបស់ខ្លួន» តាមរយៈការធ្វើ
ការងារដ៏អង់អាច ព្រមទាំងការសប្បាយរីករាយក្នុងការផលិត ការស្ថាបនា
និងការបង្កើត(Cf. Sorn Samnang, L’évolution de la société cambodgienne
entre les deux guerres mondiales, Thèse d’Histoire, Université Paris 7,
1995, p. 261).
-លោកធីបូដូ ជាមន្រ្តីបារាំងដែលស្រឡាញ់ខ្មែរ ដោយសារនៅសម័យ
នោះ ខ្មែរស្មោះត្រង់នឹងបារាំង ជាងជាតិសាសន៍ដទៃ នៅស្រុកខ្មែរ។…
-ចំណាប់អារម្មណ៍របស់លោកធីបូដូ ដាស់តឿនក្រើនរំលឹកយុវជនខ្មែរ
ឱ្យខិតទៅជិតដូនតាខ្មែរនៅសម័យមហានគរ។ ប៉ុន្តែចំណុចដែលថា៖
«ខ្មែរអង្គរបានប្រើកម្លាំងសាច់ដុំ ដើម្បីកសាងភ្នំថ្មអង្គរ»នោះ ពិតជាមិន
គ្រប់គ្រាន់ទេ។ តាមពិត ខ្មែរអង្គរបានផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះ«ប្រាជ្ញា
ស្មារតីជាតិ»និងសមត្ថភាពនៃ«គំនិតច្នៃប្រឌិត» ដូចមាន«បណ្ណាល័យថ្ម»
នៅតាមប្រាសាទថ្មនានាជាច្រើន ដែលនៅគង់វង្សរហូតមកដល់សព្វ
ថ្ងៃនេះ។ ផ្សាយនៅ
ថ្ងៃច័ន្ទទី២៤ មេសា ២០១៧     
ដោយទំព័រហ្វេសប៊ុក បណ្ឌិតសភាចារ្យ ស៊ន សំណាង

«កូនខ្មែរបច្ចុប្បន្ន នាំគ្នាខិតទៅជិតដូនតាមហានគរឡើងវិញ!»(2)
…កូនខ្មែរប្រមូលមកវិញនូវ«គុណធម៌ជាប្រពៃណីពីដូនតារបស់ខ្លួន»!...
…បណ្ណាល័យសម័យអង្គរ ជាភស្តុតាងនៃការឱ្យតម្លៃលើ«កម្លាំងគំនិត»!
សួស្តីនិស្សិតនៃវិទ្យាស្ថានអ៊ីនធឺរេដ និងប្រិយមិត្តទាំងអស់!
-ការរំលឹក៖ កាលពីឆ្នាំ១៩៣៩ លោកធីបូដូ (Thibaudeau)ជារេស៊ីដង់ជាន់
ខ្ពស់បារាំង ដែលបានថ្លែងថា ខ្មែរអង្គរបានប្រើ«កម្លាំងសាច់ដុំ» ដើម្បី
កសាង«ប្រាសាទភ្នំអំពីថ្ម»នោះ ពិតជាមិនគ្រប់គ្រាន់ទេ។ តាមពិត
ខ្មែរអង្គរបានផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះ«កម្លាំងគំនិត» និងសមត្ថភាព
នៃ«គំនិតច្នៃប្រឌិត» ជាចម្បង។
-ខ្មែរអង្គរបានបង្កើតឱ្យមាន«ការអភិវឌ្ឍមនុស្សទាំងស្រុង»(Total
Human Development) តាមរយៈការបង្កើតឱ្យមាននូវ «សុខដុមភាព»
(Harmony) រវាងខួរក្បាល និងក្រពះរបស់មនុស្ស ដោយសារការផ្តល់
នូវចំណីសំខាន់ពីរយ៉ាងគឺ៖
ទី១«ចំណីខួរក្បាល»៖ ខ្មែរអង្គរសង់«បណ្ណាល័យអំពីថ្ម» គឺឲ្យតម្លៃលើ
«បណ្ណាល័យ»ស្មើនឹង«ប្រាសាទថ្មសម្រាប់អាទិទេពអមតៈ»។ អាទិទេព
អមតៈត្រូវមានទីលំនៅអមតៈគឺសង់អំពីថ្ម នៅពេលដែលព្រះមហាក្សត្រ
មិនមានទីលំនៅសង់អំពីថ្មទេ។ «បណ្ណាល័យ»ជាកន្លែងផ្ទុកនូវចំណេះដឹង
បញ្ញាញាណ និងបទពិសោធន៍មហាសាលនៃអតីតកាល។ តាមធម្មតា
ខ្មែរអង្គរបានសង់បណ្ណាល័យ២ នៅតាមប្រាសាទតូច។ ប្រាសាទអង្គរវត្ត
តែមួយ មានបណ្ណាល័យថ្ម ដល់ទៅ៦កន្លែង។
-នេះជាភស្តុតាងជាក់ស្តែងបង្ហាញថា ខ្មែរអង្គរបានឱ្យតម្លៃយ៉ាងខ្ពស់លើ
«ខួរក្បាលដែលចេះគិត» (Thinking brain) ដោយផ្អែកលើការសិក្សា ការ
ស្រាវជ្រាវ និងការត្រិះរិះពិចារណា មុននឹងធ្វើការសម្រេចចិត្ត។
-អរិយធម៌អង្គរដ៏ខ្ពង់ខ្ពស់ មិនមែនកើតឡើងដោយសារស្នាដៃនៃអាទិទេព
នោះឡើយ ប៉ុន្តែជាស្នាដៃរបស់ដូនតាខ្មែរ ដែលមានសមត្ថភាពផ្ទាល់ខ្លួន
យ៉ាងពិតប្រាកដ។ នេះជាតម្លៃពិតរបស់ខ្មែរពីសម័យអង្គរ ដែលកូនខ្មែរ
បច្ចុប្បន្ន ត្រូវតែខិតខំប្រមូលយកមកវិញឱ្យបាន កុំបីខានឡើយ។
-បើចង់ទៅជិតដូនតាមហានគរឡើងវិញ មានតែខំបង្កើនសមត្ថភាព
ឱ្យពិតប្រាកដ តាមរយៈការរៀនសូត្រ នៅគ្រប់ទីកន្លែង និងគ្រប់ពេល
វេលា ធ្វើការសិក្សា ស្រាវជ្រាវ និងប្រើខួរក្បាលពិចារណា មុននឹងធ្វើការ
សម្រេចចិត្ត ឱ្យបានត្រឹមត្រូវ។
…ពូជខ្មែរអង្គរ ជាពូជអ្នកសិក្សារៀនសូត្រ ឱ្យតម្លៃលើចំណេះដឹង!...
…បណ្ណាល័យសម័យអង្គរ ជាភស្តុតាងនៃការឱ្យតម្លៃលើ«កម្លាំងគំនិត»!
សូមអានអត្ថបទបន្ត!
ផ្សាយនៅថ្ងៃអង្គារទី២៥ មេសា ២០១៧ 
ដោយទំព័រហ្វេសប៊ុក បណ្ឌិតសភាចារ្យ ស៊ន សំណាង
ថ្ងៃពុធទី២៦ មេសា ២០១៧
«កូនខ្មែរបច្ចុប្បន្ន នាំគ្នាខិតទៅជិតដូនតាមហានគរឡើងវិញ!»(3)
…កូនខ្មែរប្រមូលមកវិញនូវ«គុណធម៌ជាប្រពៃណីពីដូនតារបស់ខ្លួន»!...
…ទឹកត្រជាក់ត្រជុំពីភ្នំគូលែន ជាចំណីក្រពះឈ្នះជំងឺរបស់ខ្មែរអង្គរ!...
…សូមនាំគ្នាផឹក«ទឹកត្រជាក់»ឡើងវិញ កុំផឹក«ទឹកក្តៅ»ច្រើនហួសពេក!...
សួស្តីនិស្សិតនៃវិទ្យាស្ថានអ៊ីនធឺរេដ និងប្រិយមិត្តទាំងអស់!
-ការរំលឹក៖ ខ្មែរអង្គរបានបង្កើតឱ្យមាន«ការអភិវឌ្ឍមនុស្សទាំងស្រុង»
(Total Human Development) តាមការបង្កើតឱ្យមាន «សុខដុមភាព»
(Harmony) រវាងខួរក្បាល និងក្រពះរបស់មនុស្ស ដោយសារការ
ផ្តល់នូវចំណីសំខាន់ពីរយ៉ាងគឺ៖
ទី១«ចំណីខួរក្បាល»៖ ខ្មែរអង្គរសង់«បណ្ណាល័យអំពីថ្ម»...។
ទី២«ចំណីក្រពះ»៖ ខ្មែរអង្គរបានប្រសិទ្ធីដល់ទឹកដែលហូរ ពីភ្នំគូលែន
និងក្បាលស្ពាន ឱ្យទៅជាទឹកអម្រឹត ជាទឹកអង្គបំពង់ខ្ចី ដើម្បីផ្តល់នូវភាព
ត្រជាក់ត្រជុំ ដល់ពលរដ្ឋខ្មែរនៅតំបន់រាជធានីអង្គរ ដែលលាតសន្ធឹង
នៅចន្លោះតំបន់ខ្ពង់រាបគូលែន និងតំបន់បឹងទន្លេសាប។
-នេះជា«ចំណីក្រពះ»ឈ្នះអស់ជំងឺផ្សេងៗរបស់ខ្មែរអង្គរ និងធ្វើឱ្យមាន
សុខភាពល្អបរិបូណ៌ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃ របស់មនុស្ស។
រូបទ្វារបាល (អ្នករក្សាទ្វារប្រាសាទ) នៅប្រាសាទលលៃ នៃតំបន់រលួស
ខេត្តសៀមរាប (ចុងសតវត្សរ៍ទី៩) ដែលភ្ជាប់មកជាមួយនេះ ជាភស្តុតាង
យ៉ាងច្បាស់លាស់ អំពីសុខភាពដ៏រឹងមាំ នៃខ្មែរអង្គរ។
-នេះក៏ជាកត្តាចម្បង សម្រាប់ការកសាងជីវភាពផ្ទាល់ខ្លួនឲ្យបាន
ប្រសើរឡើង សម្រាប់កិច្ចការពារជាតិមាតុភូមិដោយជោគជ័យ និង
ការកសាងសមិទ្ធផលសង្គមធំៗ ដូចជាការសង់ប្រាសាទដ៏អស្ចារ្យ
នាំឲ្យស្រុកខ្មែរក្លាយជាមហានគរដ៏រុងរឿងល្បីល្បាញ រយៈពេល៤
សតវត្សរ៍ (ទី៩ ដល់ទី១៣)។
…ទឹកត្រជាក់ត្រជុំពីភ្នំគូលែន ជាចំណីក្រពះឈ្នះជំងឺរបស់ខ្មែរអង្គរ!...
…សូមនាំគ្នាផឹក«ទឹកត្រជាក់»ឡើងវិញ កុំផឹក«ទឹកក្តៅ»ច្រើនហួសពេក!...
សាស្រ្តាចារ្យស៊ន សំណាង

 ថ្ងៃសៅរ៍ទី២២ មេសា ២០១៧
«ចូរជៀសវាងពាក្យសម្តី ដែលប្រមាថមើលងាយមនុស្សដទៃ»
សួស្តីនិស្សិតនៃវិទ្យាស្ថានអ៊ីនធឺរេដ និងប្រិយមិត្តទាំងអស់!
-កាលពីថ្ងៃអាទិត្យទី១៩មីនា២០១៧ លោកគ្រូបាននិយាយបន្តអំពី
គោលការណ៍ទី៧ នៃជ័យវិទ្យា«ចិត្តចរិតជាវិជ្ជមាន»(Positive Mental
Attitude) ដែលមានខ្លឹមសារខ្លះដូចតទៅ៖
-ចូរជៀសវាងពីការចូលរួមក្នុងការសន្ទនាដែល៖ និយាយដើមគេ
និយាយពាក្យកំប៉ិចកំប៉ុក ឬពាក្យសម្តីប្រមាថមើលងាយអ្នកដទៃ
(ចំណុចទី៦០)។
-ការសន្ទនាដែលមានជោគជ័យ គប្បីធ្វើតាមចំណុចដូចខាងក្រោម៖
១-ចូរជួបមុខគ្នាផ្ទាល់ ទើបល្អសម្រាប់ការសន្ទនា
២-ចូរកុំនិយាយកាត់គេ (ចាំស្តាប់គេនិយាយសិន ដើម្បីបានយល់)
៣-ចូរនិយាយដោយមានការទទួលខុសត្រូវ (កុំនិយាយឱ្យរួចពីមាត់)
៤-ចូរប្រើរលកសំឡេង (សង្កត់លើពាក្យណាសំខាន់ មិននិយាយស្មើៗ)
៥-ចូរកុំនិយាយរឿងអតីតកាលណា ដែលមិនមានអំណោយផល
៦-ចូរផ្តល់ដំបូន្មានដល់គេ តែនៅពេលណាដែលគេមានសំណូមពរ
៧-ចូរជៀសវាងការប្រៀបធៀបអវិជ្ជមាន(ថាអ្នកដទៃគ្រាន់បើជាងគូសន្ទនា)
៨-ចូរសាទរនឹងអ្វីដែលអ្នកចូលចិត្ត និងកុំអើពើនឹងអ្វីដែលអ្នកមិនចូលចិត្ត
៩-ចូរការពារពាក្យសម្តីអ្នក(ប្រយ័ត្នពាក្យសម្តី) ទើបពាក្យសម្តីនឹងការពារអ្នក។
សាស្រ្តាចារ្យ ស៊ន សំណាង

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks