Tuesday, March 14, 2017

ការសិក្សាអត្ថបទវិជ្ជា ដោយបណ្ឌិតសភាចារ្យ ឃីង ហុកឌី

អត្ថបទវិជ្ជា គឺ វិជ្ជាលើអត្ថបទ (science des textes) ជាមុខវិជ្ជាសិក្សាមានលក្ខណៈ ជាវិទ្យាសាស្រ្ត ក្នុងករណីណា ដែលយើងសិក្សាឲ្យ​បានហ្មត់ចត់ ព្រោះយើងត្រូវការ ចំណេះដឹង ផ្នែកមុខវិជ្ជាឯទៀតៗក្នុងមែកធាងអក្សរសាស្ត្រ និង​ មនុស្សសាស្រ្តដើម្បី យកមកស្លផ្សំជាមួយ ទើបនឹងអាចមានពន្លឺពណ្ណរាយឡើងខ្ពស់ត្រដែតបាន ហើយនឹង​យល់អត្ថបទដល់ជម្រៅ។ នៅពេលនោះហើយ ដែល​យើងអាចចាត់ទុកការសិក្សាលើ អក្សរសិល្ប៍មានលក្ខណៈបែបវិទ្យាសាស្រ្ត។

ក) អត្ថបទ

កម្រងអត្ថបទនេះជាវត្ថុសិក្សាក្នុងវិជ្ជាអក្សរសិល្ប៍ ហើយមុខវិជ្ជានេះត្រូវលើកយក៖
១) អត្ថបទដើម (texte original)
អត្ថបទណាដែលជាអត្ថបទដើមគេបង្អស់នោះជាអត្ថបទសំខាន់, អត្ថបទដែលគ្រាន់​តែការចម្លងតៗ មកក្រោយមកទៀតដូចដើមខ្លះ កែប្រែខ្លះ នេះជាអត្ថបទរាយរង, ខាងអក្សរសិល្បវិទូត្រូវ​ខំស្រាវជ្រាវរាវរក​អត្ថបទដើមគេបង្អស់មកធ្វើជាគោល។
២) អត្ថបទរាយរង (texte secondaire)
ចំពោះអក្សរសិល្ប៍ ខ្មែរ អត្ថបទ បែបនេះ​មានចំនួនច្រើន ព្រោះក្នុង សម័យសត្រា ស្លឹករឹត (គឺសម័យ ខ្មែរកណ្តាល រវាងសតវត្សទី ១៦ ដល់​ ១៩) ដោយសារ ការផ្សាយ អត្ថបទជាការចម្លងតាមការ​ចាំមាត់ ជួនកាលចម្លងដោយកែសម្រួល ឬ​កែបន្ថែម បន្ថយ តម្រូវតាមទស្សនៈ ពេលវេលា អ្នកចម្លង នោះឯង។ ទុកជាយ៉ាងណាក៏ដោយ​អត្ថបទ ត្រូវ លើយកមកសិក្សាផងដែរ ដើម្បីប្រៀបធៀបទៅនឹង​អត្ថបទដើម រិះរក​សេចក្តីផ្លាស់ប្តូរ និងសេចក្តីថែមថយជាប្រយោជន៍​នឹងបញ្ជាក់យោបល់ថែមទៀត។
៣) អត្ថបទអធិប្បាយ (commentaire)
អដ្ឋកថា​ឬ អត្ថក្កថា (មកពីពាក្យ បាលី អត្ថ + កថា), តាមនិយមន័យ វចនានុក្រម​ ពុទ្ធសាសនបណ្ឌិត្យ (ទំព័រ ១៥៨៨) បញ្ជាក់ថាជា‌«ពាក្យអធិប្បាយសេចក្តីឲ្យងាយយល់, ពាក្យពន្យល់, វចនាធិប្បាយ, ពាក្យអធិប្បាយបាលី, គម្ពីរអធិប្បាយបាលី»​ពោលគឺមាន អត្ថបទសង្ខេបតែងដោយអ្នកសិក្សាផ្លែកអំពីអ្នកនិពន្ធដើមដូចនេះតែងតែរៀបសេចក្តី ទៅតាមទស្សនៈ យោបល់យល់ចំណេះដឹងរបស់អ្នកសង្ខេបនោះមក។ អត្ថបទបែបនេះ អាចចាត់ទុក​ជា អត្ថបទរាយរងហើយថាជាអត្ថបទអធិប្បាយបានដែរ​ពីព្រោះបានរៀបសេចក្តីឲ្យបានស្រួល និង​ស្របទៅនឹង​យោបល់ផ្ទាល់របស់ខ្លួន។
ចំពោះអត្ថបទសិក្សាហើយអធិប្បាយគឺពេញជាអត្ថបទអធិប្បាយដោយបាន សិក្សារិះរៀនរៀបសេចក្តីដើម្បីពន្យល់។
អត្ថបទបែបនេះក៏ជាអត្ថបទរាយរងដែរពីព្រោះតែងតែរិះរៀនយល់និងពន្យល់ ស្របតាមចំណេះដឹងនិងយោបល់ផ្ទាល់ខ្លួន។
ប៉ុន្តែក្នុងអត្ថបទវិជ្ជាយើងក៏ត្រូវលើកយកមកជាប្រភពសិក្សាផងដែរ។ តែសំខាន់ បំផុតគឺអត្ថបទដើមពីព្រោះមានន័យសេចក្តីពិតជារបស់អ្នកនិពន្ធដើមហើយ មានរូបរាង ជាវិធីសរសេរតែងនិពន្ធអាចបង្ហាញពីពេល ពីកន្លែង សម័យប្រវត្តិនៃដើមកំណើត អត្ថបទនោះឯង​យ៉ាងណាមិញអត្ថបទចម្លងតៗគ្នាក្តី អត្ថបទបោះពុម្ពផ្សាយសម័យ បច្ចុប្បន្ន ក្តី សុទ្ធតែបានកែប្រែវិធីសរសេរ តួអក្សរ អក្ខរាវិរុទ្ធឲ្យស្របស្រួលតាមសម័យរៀងៗខ្លួន ពោលគឺខុសពីអត្ថបទដើម ដូចនេះ ពុំអាច ស ឲ្យឃើញសម័យប្រវត្តិនៃអត្ថបទដើមនោះឡើយ។

យោបល់រួម៖

សេចក្តីទាំងនេះបញ្ជាក់គោលសំខាន់មួយក្នុងអត្ថបទវិជ្ជា, អក្សរសិល្ប៍វិជ្ជា គឺ​ ការពឹងផ្អែកលើមុខវិជ្ជាសំខាន់២យ៉ាងគឺ៖
១) វិជ្ជាប្រវត្តិសាស្ត្រ (histoire),
២) វិជ្ជានិរុត្តិសាស្ត្រ (philologie)។
ការសិក្សាតែអត្ថបទប៉ុណ្ណោះក៏នៅពុំទាន់គ្រាប់គ្រាន់ពីព្រោះអត្ថបទទាក់ទង អាស្រ័យទៅលើអ្នកតែងអត្ថបទពោលគឺអ្នកនិពន្ធ។ ដូច្នេះ វត្ថុសិក្សាអត្ថបទវិជ្ជា ក្នុង អក្សរសិល្ប៍វិជ្ជា គឺ​អ្នកនិពន្ធ។
 ខ) អ្នកនិពន្ធ
អ្នកតែងអត្ថបទ ជា ធាតុសំខាន់មួយក្នុងអត្ថបទវិជ្ជា ហើយ ជាវត្ថុសិក្សាសំខាន់ ក្នុងវិជ្ជាអក្សរសិល្ប៍។ អក្សសិល្បវិទូខ្លះឲ្យតម្លៃ ខ្លាំងពេកទៅលើអ្នកនិពន្ធ ដោយលើក យក​ជាតិកណើត ក្រុមញាតិ ក្រុមគ្រួសារ ការរស់នៅ​ ការសិក្សាអប់រំ និង ទស្សនៈអ្នក និពន្ធ មកស្រាវជ្រាវធ្វើជាធំបង្អស់ពីព្រោះដោយយល់ថាន័យសេចក្តីក្នុង​ អត្ថបទ គឺ​សុទ្ធ​ តែកើតឡើងអំពីចិត្តហើយ ជារបៀបរស់នៅរបស់អ្នកនិពន្ធនោះឯងក៏ ប៉ុន្តែគប្បីត្រិះរិះ​ បញ្ហាអ្នកនិពន្ធនេះផងពីព្រោះ៖
១) ខ្លះស្លាប់បាត់ទៅហើយ ខ្លះទៀតពុំទាន់ជាក់លាក់ជាអ្នកនិពន្ធមែនទែន ជួនកាលគ្រាន់តែជាអ្នកចម្លងបន្តគ្នាមកទៀត។ អ្នកនិពន្ធខ្លះទៀតតែងអត្ថបទផ្ទុយទៅនឹងទស្សនៈផ្ទាល់ខ្លួនក៏មានដែរ ម្យ៉ាងទៀត ចិត្តគំនិតអារម្មណ៍ផ្ទាល់ខ្លួនកប់ក្នុងចិត្ត គេពុំអាចយល់ឃើញដូចអត្ថបទមែនទែននោះឡើយ។
២) អាស្រ័យហេតុនេះមានអ្នកប្រាជ្ញមួយពួកទៀតប្រកាន់អត្ថបទជាធំ។ ចំពោះ អត្ថបទវិជ្ជាខ្មែរ បញ្ហា អ្នកនិពន្ធ ជាចំណោទមួយស្មុគស្មាញ ច្រើនតែពុំមានឈ្មោះកេរ្តិ៍ ដំណែលអាចប្រាប់ជីវភាព ជីវប្រវត្តិ​បានឡើយ។
វិជ្ជាអត្ថបទអក្សរសិល្ប៍ គប្បីឲ្យតម្លៃទៅលើអ្នកនិពន្ធណាដែលមានជីវភាព ចិត្ត គំនិតទស្សនៈ ទាក់ទងស្និទ្ធស្នាលទៅនឹងអត្ថបទស្នាដៃរបស់ខ្លួនផង ហើយជាពិសេស អ្នកនិពន្ធជាតំណាង និង​ជា​កញ្ចក់ឆ្លុះបង្ហាញ ពី ទេស ពី កាល នៃអ្នកតែងនិពន្ធ។
បានសេចក្តីថា ខ្លួនអ្នកនិពន្ធទៅជាវត្ថុពិសេសចំពោះវិជ្ជាអក្សរសិល្ប៍ដរាបណា ការសិក្សាជីវប្រវត្តិ អ្នកនិពន្ធនោះ បង្ហាញប្រវត្តិ និង​បរិយាកាស សង្គម ជាហេតុនាំឲ្យ​មាន ការតែងនិពន្ធនោះឡើង។

 គ) សង្គមបរិយាកាស

១) ទីកាល
គឺជាកាលកំណត់ពីពេលតែងនិពន្ធ, ពេលកំណើត​អ្នកនិពន្ធ, ពេកថ្លែងសំដែង អត្ថបទ អក្សរសិល្ប៍។
កំណត់កាលពេលវេលា នោះមានប្រយោជន៍សំខាន់ ដើម្បីជាពន្លឺឆ្លុះមើលសម័យ ប្រវត្តិសាស្រ្តដែលនាំឲ្យស្នាដៃអ្នកនិពន្ធបានចាប់កំណើតដែលថ្លែងសំដែងឡើង។
២) ទីកន្លែង
ស្រុក ភូមិ ក្រុង ប្រទេស ទាំងនេះ ជា​ធាតុ សំខាន់ដែលអាចជាជំនួយ ជួយពន្យល់​ អត្ថបទ គឺ ទីកន្លែងរបស់អ្នកនិពន្ធ ឬ ទីកំណើត ស្នាដៃអ្នកនិពន្ធ។
៣) ទីបរិយាកាស
គឺ ជាជីវភាពរឿងរ៉ាវផ្សេងៗ ទំនាស់ទើសទាស់​ឧបសគ្គ ឬ ចម្បាំងរាំងជល់ ការប្រយុទ្ធ វិបត្តិ គ្រប់យ៉ាង​របស់អ្នកនិពន្ធ ឬ របស់សង្គមមនុស្ស ក្តីដែលទាក់ទង និង អត្ថបទ។
ទីបរិយាកាស ពិសេសគឺដូចជាពេលចម្បាំង ឬ វិបត្តិធំៗ ដែលនាំឲ្យមានភ្ញាក់ ស្មារតី សតិសម្បជញ្ញៈ​ ភ្ញាក់ខ្លួន ភ្ញាក់គំនិត។

 យោបល់រួម

អត្ថបទវិជ្ជា គឺ ជាវិជ្ជាអក្សរសិល្ប៍ ដែលត្រូវ លើកធាតុទាំង៣ខាងលើនេះ គឺ៖
១) អត្ថបទ អក្សរសិល្ប៍ ដែលជាវត្ថុមានរូបរាងជាសិលាចារឹក,​សត្រាស្លឹករឹត, ក្រាំង, សំណេរដៃលើក្រដាស, សៀវភៅបោះពុម្ព។
២) អ្នកនិពន្ធអត្ថបទ អក្សរសិល្ប៍​ ដែលជាអ្នកដំណាងសម័យប្រវត្តិមួយ ឬ បញ្ហា មួយ។
៣) បរិយាកាសសង្គម ពោលគឺ ប្រវត្តិសាស្ត្រផ្នែក វប្បធម៌ និង​ អរិយធម៌។
គន្លិះ ទាំង ៣​ នេះត្រូវលើកយកមកសិក្សាពន្យល់ ជាប់គ្នា ដូចនេះ វិជ្ជាអក្សរសិល្ប៍​ ពុំមែនមុខវិជ្ជាមួយដាច់ដោយឡែកស្រឡះពីវិជ្ជាឯទៀតៗ មាន ភាសាវិជ្ជា, និរុត្តិវិជ្ជា, ប្រវត្តិវិជ្ជា, សង្គមវិជ្ជា, ទស្សនវិជ្ជា, សិល្បវិជ្ជា, សាសនាវិជ្ជា។ល។ លុះត្រាតែចេះប្រើ វិជ្ជារួមគ្នា ជាពន្លឺសម្រាប់​ឆ្លុះមើលធាតុទាំង៣ នៃអក្សរសិល្ប៍ គឺ អ្នកតែង, ស្នាដៃនៃ អត្ថបទតែង និង បរិយាកាសសង្គមវិជ្ជា ទើបជាវិជ្ជាអក្សរសិល្ប៍អាចយល់និងពន្យល់បាន ខ្លះ​ ឬ បានហ្មត់ចត់។
 បញ្ជីសៀវភៅខ្លះៗ
ភាសាខ្មែរ៖
-ឃីងហុកឌី, ទាវឯក, សេចក្តីផ្តើម, អត្ថបទបកប្រែជាភាសាបារាំង, កំណត់,​អត្ថបទខ្មែរតឆមអក្ខរាវិរុទ្ធដើម និង អត្ថបទទំនើបតាមវចនានុក្រមពុទ្ធសាសនបណ្ឌិត្យ, បណ្ណាគារអង្គរ,​ ២០០៥។
-ឃីងហុកឌី, សាស្ត្រារាមកេរ្តិ៍ កាលវៃយរាពណ៍សន្តំយកព្រះរាមបាន, ភ្នំពេញ, បណ្ណាគារអង្គរ,​ ២០០៤។
-ឃីងហុកឌី, ល្បើកអង្គរវត្ត, អារម្ភកថានិងបោះពុម្ពដោយឃីងហុកឌី, ភ្នំពេញ, បណ្ណាគារអង្គរ,​ ២០០៦។
-ឃីងហុកឌី, រស្មីកម្មអក្សរសិល្ប៍ចិនលើកម្ពុជានាសតវត្សទី១៩និងទី២០, ភ្នំពេញ, បណ្ណាគារអង្គរ,​ ២០០៨។
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks