Thursday, May 10, 2018

ល្អអើយល្អឯក សម្រស់ស្រី

+ ល្អអើយល្អឯក សម្រស់ស្រី 
ថតជាប់ប្រស្រី ក្រសែភ្នែក 
ទាក់ជាប់ចិន្តា កវីភ្លែត 
ចង់តែស្ទុះភ្លែត ទៅប្រលោម ។ 
+ បើកភ្លាមឃើញស្រី ស្ទើរតែភាំង 
បេះដូងស្ទើរគាំង សម្រស់ឆោម 
ប្រសិននៅជិត ច្បាស់ប្រលោម 
ល្បួងស្នេហ៍មាសឆោម ឲ្យណាណី ។ 
+ កែវអើយកែវស្រស់ ល្អម្លេះទេ 
តើជាភ័ព្ទគេ ឬ កវី 
បុរសណាទៅ បានស្នេហ៍ស្រី 
ឬរូបកវី នាថ្ងៃមុខ ។ 
+ បើភ័ព្វនិស្ស័យ ច្នៃឲ្យជួប 
រៀមបានជំនួប គ្រាដំបូង 
នឹងសារភាពស្នេហ៍ សុំបេះដូង 
ភ្ជាប់ស្នេហ៍ដំបូង និងស្រីហើយ ។ 
 ផេង វិសុដ្ឋារ៉ាមុនី

ទង់ខ្មែរទាំងបី ក្តីសង្ឃឹម

ទង់ខ្មែរទាំងបី ក្តីសង្ឃឹម 
មុខខ្មែរញញឹម សាមគ្គីគ្នា 
ជុំវិញបល្ល័ង្ក ព្រះរាជា 
 ខ្មែររួបរួមគ្នា ការពារជាតិ ។ 
 ទង់ជាតិអង្គរ ជំហរខ្មែរ 
ចិត្តមុតមាំដែរ មិនរវាត 
ទង់ព្រះសាសនា បរមនាថ 
ឃ្លាំងវប្បធម៌ជាតិ និងសីលធម៌ ។ 
ទង់ព្រះសង្ហារ សញ្ញាជាតិ 
អង្គព្រះវរនាថ ក្សត្របវរ 
គ្រងរាជនគរ សុខសាន្តល្អ 
ខេមរាអំណរ ដោយភក្តី ។ 
២៤ មិនា ២០១៨ 
ផេង វិសុដ្ឋារ៉ាមុនី

បេះដូងបងមួយ

- បេះដូងបងមួយ ត្រួយជីវិត 
ទុកជូនវរមិត្ត ពិតកល្យាណ 
 គ្រងតំណែងស្នេហ៍ យ៉ាងហំហាន 
នៅពេលបងបាន ចប់បណ្ឌិត ។ 
- បេះដូងបងស្មោះ អស់ពីប្រាណ 
ចិត្តស្អាតដូចចាន ភក្តីពិត 
មានតែរូបអូន ពៅវរមិត្ត 
ជាម្ចាស់ជីវិត បេះដូងបង ។
 -------------------------------- 
២៤ មិនា ២០១៨ 
ផេង វិសុដ្ឋារ៉ាមុនី

តួនាទីអ្នកប្រវត្តិសាស្ត

- តួនាទីអ្នកប្រវត្តិសាស្រ្ត គឺជាអ្នកកត់ត្រាទុកនូវរាល់ទង្វើទាំងអស់ទាំងល្អ និងអាក្រក់របស់អ្នកនយោបាយ ។ ព្រោះអ្នកប្រវត្តិសាស្រ្ត គឺជាលេខាធិការនៃប្រវត្តិសាស្រ្ត ។ - តម្លៃនៃអ្នកប្រវត្តិសាស្រ្ត គឺស្ថិតនៅត្រង់ សច្ចៈភាព យុត្តិធម៌ ឯករាជ្យ អាព្យាក្រឹតភាព និងមនសិការ ។ - អ្នកប្រវត្តិសាស្រ្ត មិនត្រូវរណប និងចំណុះឲ្យអ្នកនយោបាយ ណាមួយឡើយ បើពុំដូច្នោះទេនឹងនាំឲ្យបាត់បង់តម្លៃពិតនៃអ្នកប្រវត្តិសាស្រ្តជាក់ជាមិនខាន ។ ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ឆ្នាំរការ នព្វស័ក ព.ស. ២៥៦១ ( ថ្ងៃទី ២៩ ខែ មិនា គ.ស. ២០១៨ ) . ទស្សនៈផ្ទាល់ ៖ លោក ផេង វិសុដ្ឋារ៉ាមុនី

< វិជ្ជរ៉ាមាសបង >

< វិជ្ជរ៉ាមាសបង > 
១- វិជ្ជរ៉ាបណ្តូលចិត្ត ព្រលឹងបងអើយ 
កែវស្រស់ត្រានត្រើយ ត្រួយស្នេហ៍ជីវិត 
រៀមប៉ងប្រាថ្នា រួមរស់នែបនិត្យ 
 នឹងស្រស់វរមិត្ត លុះក្ស័យជន្មា ។ 
 ២- វិជ្ជរ៉ាមាសបង នួនល្អងស្រស់ណាស់ 
មិនកាចមិនឆ្នាស់ គ្រប់ល័ក្ខណ៍សោភា 
ចិត្តស្រីក៏ធ្ងន់ អត់ធន់គ្រប់គ្រា 
ចរិតល្អជា មាយាទស្រីខ្មែរ ។ 
R- វិជ្ជរ៉ាមាសបង ឈ្មោះពិរោះណាស់ 
សម្លេងទន់ច្បាស់ ភ័ក្រមូលដូចខែ 
ថ្ពាល់រលើបរលោងក្រពុំដែរ 
រៀមសូមផ្សងស្នេហ៍ រស់ជិតភុំផាន ។ 
៤- កម្រមានណាស់ ស្រីក្នុងលោកា 
ល្អដូចវិជ្ជរ៉ា ចរិយាបាន 
ទោះជាតួស្រី រឿងខ្មែរបុរាណ 
ក៏ប្រៀបមិនបាន និងវិជ្ជរ៉ាស្រី ។ 
ថ្ងៃ អាទិត្យ ១៥ កើត ពេញបូរមីណ៍ ខែ ពិសាខ 
ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦១ 
ត្រូវនិង ថ្ងៃទី ២៩ មេសា គ.ស. ២០១៨ .
  ដោយ : ផេង វិសុដ្ឋារ៉ាមុនី

ផ្សងស្នេហ៍ បុប្ជាកំពង់ក្តី

ផ្សងស្នេហ៍ បុប្ជាកំពង់ក្តី 
១ - កំពង់ក្តីអើយ ខ្ញុំផ្សងប្រាថ្នា 
ផ្ចើឆ្អឹងសង្ខារ វាសនាជីវិត 
ផ្សងរួមស្នេហា និងឆោមវរមិត្ត 
សូមពៅអាណិត ដាក់ទានស្នេហា ។
 ២ - សម្រស់ផ្កាស្រស់ ទងផ្កាស្រឡូន 
គន់ទៅភ័ក្រអូន មូលដូចច័ន្ទថ្លា 
សក់វែងអន្លាយ សាយគ្របដល់ស្មា 
រៀមផ្សងស្នេហា រួមរស់មេត្រី ។ 
 R - ឱ! វិទ្យាល័យ កំពង់ក្តីអើយ 
អ្នកកុំព្រងើយ ជួយខាបនិស្ស័យ 
 ឲ្យរៀម មានភ័ព្វ បានជួបចរណៃ 
សារភាពស្នេហ៍ថ្លៃ អាលចូលស្តីអូន ។
៤ - សូមផ្ចើនិស្ស័យ និងព្រហ្មលិខិត 
បើរៀមនេះពិត ជាគូរួមក្បូន 
 រួមដំណើរស្នេហ៍ ជាមួយរូបអូន 
 ទេវតាជួយយោង ជួយរុញនិស្ស័យ ។ 
ថ្ងៃ សៅរ៍ ទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ 
 ពីកម្លោះស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
  និពន្ធដោយ : ផេង វិសុដ្ឋារ៉ាមុនី

ស្រីៗស្រួលម្យ៉ាង

ស្រីៗស្រួលម្យ៉ាង អាងប្តីចិញ្ចឹម 
រៀនល្មមៗ ម៉ែឲ្យមានប្តី 
ជាមេគ្រួសារ នាមជាស្រី 
 សង្ឃឹមលើប្តី បង្អែកជីវិត ។ 
កម្មក្រាស់អ្វីតែលើមនុស្សប្រុស 
បើរៀនមិនខ្ពស់ គ្មានជំនាញពិត 
គ្មានមុខរបរ ច្បាស់ជាអត់លិឍ 
ស្រីមិនហ៊ានជិត យកជាប្តីឡើយ ។ 
 ព្រោះតែបុរស ជាបង្គោលមាំ 
បង្អែកមាំទាំ សម្រាប់ស្រីហើយ 
ជំហរគ្រួសារ ប្រពន្ធកូនកើយ 
បុរស នេះហើយ លំនឹងគ្រួសារ ។ 
 ថ្ងៃ អាទិត្យ ទី ០៦ ខែ ឧសភា ឆ្នាំ ២០១៨ 
និពន្ធដោយ ៖ លោក ផេង វិសុដ្ឋារ៉ាមុនី 
បរិញ្ញាបត្រសង្គមវិទ្យា

បើបានប្រពន្ធ ១ ត្រួយថ្លើមថ្លៃ

បើបានប្រពន្ធ ១ ត្រួយថ្លើមថ្លៃ 
ខ្ញុំលៃអស់ដៃ ច្នៃស្នេហ៍ស្រីឆ្នើម 
ថ្នាក់ថ្នម បីបាច់ យល់ដល់ចិត្តថ្លើម 
តាំងពីចាប់ផ្តើម ដល់វ័យជរា ។ 
បេះដូងតែមួយ ខ្ញុំថែដុសខាត់ 
ឲ្យស្អាត ស ស្រេច ទុកជូនពុំងា 
ថែចិត្ត ថែកាយ បន្ទំវិជ្ជា 
រៀបចំឬកពារ ទុកជូនម្ចាស់ស្នេហ៍ ។ 
គ្មានទេ { ពាក្យក្បត់ } លួចលាក់មានស្រី 
ចិត្តបែកពីរបី បេះដូងប្រួលប្រែ 
មានតែ 《 ចិត្តធម៎ 》បេះដូងស្មោះស្នេហ៍ 
ទុកជូនម្ចាស់ស្នេហ៍ មាសមិត្តបណ្តូល ។ 
ដោយ : ផេង វិសុដ្ឋារ៉ាមុនី

ទឹកភ្នែកប្រវត្តិសាស្រ្តខ្មែរ

ទឹកភ្នែកប្រវត្តិសាស្រ្តខ្មែរ
--------------------------------
- ទឹកភ្នែកប្រវត្តិសាស្រ្ត ដាស់អស់ខ្មែរ
ទូទាំងក្រុងស្រែ ខ្មែរគ្រប់និន្នា
លើ ក្រោម កណ្តាល ដែនកម្ពុជា
ឲ្យរួមសាមគ្គា ឈប់លាបពណ៌គ្នា ។

- ប្រវត្តិសាស្រ្តឈឺចាប់ កុំបំភ្លេច
ខ្មែរចាំជានិច្ច កុំឲ្យឃ្លាតឃ្លា
ជាបទពិសោធន៍ បច្ចុប្បន្នការពារ
ជាតិកម្ពុជា យើងបានគង់វង្ស ។
- បើខ្មែរបែកឃ្លាត វិវាទគ្នាឯង
បរទេសសំញ៉ែង ឬទ្ធិតម្លើងធ្មង់
ឆ្លៀត ឆក់ឱកាស មិនឡើយរារង់
បំបាត់ពូជពង្ស សាវតារខ្មែរហើយ ។
=====================
ថ្ងៃ ព្រហស្បតិ៍ ១៥ កើត ពេញបូរមីណ៍ ខែ ផល្គុន
ឆ្នាំ រការ នព្វស័ក ព.ស. ២៥៦១ ( ថ្ងៃទី ០១ ខែ មិនា
គ.ស. ២០១៨ )
និពន្ធដោយ : ផេង វិសុដ្ឋារ៉ាមុនី
បរិញ្ញាបត្រសង្គមវិទ្យា

វេលាកន្លង ឆ្លងផុតទៅ

- វេលាកន្លង ឆ្លងផុតទៅ
បន្សល់ទុកនៅ ការចងចាំ
អនុស្សាវរីយ៍ រាប់សិបឆ្នាំ
ឲ្យនៅចងចាំ រលឹកគ្នា ។
- ពីរពាន់ដប់ពីរ រៀនជុំគ្នា
ស្វែងរកវិជ្ជា តែងកាព្យា
ទាំងសង្ឃ គ្រហស្ថ គ្រប់អង្គារ
ចាស់ក្មេង គ្រប់គ្នា ស្វែងវិជ្ជា ។
ថ្ងៃ អង្គារ ០៩ រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធស័ក
ព.ស. ២៥៦២ ( ថ្ងៃទី ០៨ ខែ ឧសភា គ.ស. ២០១៨ )
ផេង វិសុដ្ឋារ៉ាមុនី

អំណាចធំឯក

រស់ខ្ពស់យ៉ាងណា គង់នៅក្រោមមេឃ
អំណាចធំឯក គង់នៅក្រោមច្បាប់
មានហូបមិនខ្វះ គង់តែនឹងស្លាប់
ពេទ្រចេះក្បួនស្រាប់ គង់ស្លាប់នឹងរោគ ។
How tall is that living under the sky
The power is governed by law
there is no lack of food , but death
The paramedic is dead and sick.

កំណាព្យ « ភ័ក្រ្តាអូនស្អាត ពេញក្រពុំ »

ភ័ក្រ្តាអូនស្អាត ពេញក្រពុំ
មូលដូចមួយជុំ ព្រះច័ន្ទថ្លា
គន់ភ្លាមរៀមចាប់ចិត្តស្នេហា
រញ្ជួយឱរ៉ា សែនស្រលាញ់ ។
បបូរមាត់ស្អាត ញញឹមស្រស់
សម៉ត់ឥតខ្ចោះ គួរឲ្យក្នាញ់
ថ្ពាល់ពេញរលោង ដូចលាបខ្លាញ់
កែវភ្នែកអូនបាញ់ សម្លឹងបង ។
បេះដូងបងមួយ ត្រួយជីវិត
ទុកជូនវរមិត្ត ពិតកល្យាណ
គ្រងតំណែងស្នេហ៍ យ៉ាងហំហាន
នៅពេលបងបាន ចប់បណ្ឌិត ។
បេះដូងបងស្មោះ អស់ពីប្រាណ
ចិត្តស្អាតដូចចាន ភក្តីពិត
មានតែរូបអូន ពៅវរមិត្ត
ជាម្ចាស់ជីវិត បេះដូងបង ។
--------------------------------
២៤ មិនា ២០១៨
ផេង វិសុដ្ឋារ៉ាមុនី
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks