Friday, December 29, 2017

បណ្តាំម្តាយមីង


បណ្តាំម្តាយមីង
~~~~~~
១- ក្មួយប្រុសត្រូវចាំ បណ្តាំអី
ត្រវខំរកស៊ី បើចង់មាន
ចង់មានចំណេះ ត្រូវខំរៀន
វិជ្ជាជាស្ពាន យោងជីវិត ។
២- ក្មួយកុំរលឹក រឿងសោកសៅ
ពាក្យមីងប្រដៅ ក្មួយត្រូវគិត
រឿងដែលកន្លង ច្រើនមិនតិច
នេះរឿងជីវិត ជាធម្មតា ។
៣- ក្មួយត្រូវខំរៀន កុំគិតច្រើន
យកភាពចម្រើន ឲ្យអាត្មា
ខាំមាត់តស៊ូ ណា៎ក្មួយណា៎
មីងសង្ឃឹមថា ក្មួយជោគជ័យ ។
៤- ក្មួយមានវាសនា ក្បែរបណ្ឌិត
ក្មួយត្រូវរិះគិត ពិតលកលៃ
ត្រាប់តាមបណ្ឌិត ឲ្យជោគជ័យ
ជីវិតមានន័យ ថ្លៃឧត្តម ។
៥- បើក្មួយប្រឹងប្រែង តស៊ូរៀន
អនាគតមាន ល្អសក្តិសម
ក្មួយចំណេះទាប ត្រូវសន្សំ
វិជ្ជាឧត្តម បន្ថែមទៀត ។
៦- មីងមានប៉ុណ្ណឹង សម្រាប់ក្មួយ
ក្មួយប្រឹងប្រែងជួយ ខ្លួនចម្បង
ច្នៃខ្លួនជាពេជ្រ សង្គមផង
ជីវិតក្មួយប៉ង នឹងសម្រេច ។
==================
ថ្ងៃ១៥ កើត ពេញបូរមីណ៍ ខែ ភទ្របុត្រ ឆ្នាំរការ សប្តិស័ក
ព.ស. ២៥៦១ ត្រូវនិងថ្ងៃ អង្គារ ទី ០៥ ខែ កញ្ញា ឆ្នាំ
២០១៧ នៅគេហដ្ឋាន ខេត្តកំពង់ឆ្នាំង របស់មីង
ដោយការសន្តោសពីម្តាយមីង : ផេង ស៊ីវលី ( ស្រី )

រូបមន្តជីវិត


រូបមន្តជីវិត
------------------------
ល្ងង់+ឧស្សាហ៍ = នឿយហត់
ល្ងង់+លោភលន់ = រងគ្រោះ
ល្ងង់ + ខ្ជិល= ក្រលំបាកតោកយ៉ាក
ល្ងង់ + សំភារៈនិយម = អស់គូថខោ
ល្ងង់ + យឺត = ស្ពឹក
ល្ងង់ + តក់ក្រហល់ = ភ្លាំងភ្លាត់
ល្ងង់ + អត់ធ្មត់ = ដល់គោលដៅតែយឺតបន្តិច
ល្ងង់ + អត់ធ្មត់ + ឧស្សាហ៍ = អាចមានមុខមានមាត់បានហ្នឹងគេដែរ
ល្ងង់ + ស្មោះត្រង់ = មេត្តា
ល្ងង់ + កតញ្ញូ = វត្ថុសក្តិសិទ្ធិជួយថែរក្សា
ល្ងង់ + រៀនសូត្រ = មិិនល្ងង់
ឆ្លាត +ឧស្សាហ៍ = ភាពជោគជ័យ
ឆ្លាត + អត់ធ្មត់ = សេចក្តីចំរើន
ឆ្លាត + ខ្ជិល = កេងប្រវ័ញ្ចគេ
ឆ្លាត + ខ្ជិល +លោភលន់ = កំពូលកេងប្រវ័ញ្ច
ឆ្លាត + ឱកាស = ដុះស្លាប
ឆ្លាត + ឱកាស + ឧស្សាហ៍ = ជិះមីសស៊ីល
ឆ្លាត + កតញ្ញូ = សប្បុរស
ឆ្លាត + ស្មោះត្រង់ = កំពូលមនុស្ស
ឆ្លាត + មិនរៀនសូត្រ = មិនឆ្លាត
លោភលន់ + ខ្ជិល= ជីវិតត្រូវអស់ជាមួយនិងការរកផ្លូវកាត់
លោភលន់ + ឧស្សាហ៍ = មាន
លោភលន់ + ខឹង = ជំងឺបេះដូង
ខឹង + ស្អប់ = ភ្លើងក្នុងទ្រូង
ខឹង + អហោសិកម្ម = ឋានសួគ៌
ស្រលាញ់ + ឈ្លក់វង្វេង = ឧបាទាន
ស្រលាញ់ + ចិត្តក្តៅ = ទុំមុនស្រគាល
ស្រលាញ់ + ចិត្តត្រជាក់ = ស្រលាញ់គ្នាដល់ចាស់សក់ស្កូវ
ស្រលាញ់ + យល់ = ស្នេហ៍ស្មោះ
ស្រលាញ់ + យល់ + អត់ឱន = ស្នេហ៍ពិតឥតក្លែងក្លាយ
ស្រលាញ់ + អត់ធ្មត់ = ត្រជាក់ត្រជុំ
ស្រលាញ់ + ខូចចិត្ត = រសជាតិជីវិត
ខូចចិត្ត + ស្រា = ពន្យាពេលនៃការឈឺចាប់
ខូចចិត្ត + យល់ = បង្រួញពេលវេលាឈឺចាប់
ខូចចិត្ត + មេត្តា = លែងខូចចិត្ត
ចំណេះ + សេចក្តីលោភលន់ = មោហៈ
ចំណេះ + ឈ្លក់វង្វេង = ដកខ្លួនមិនរួច
ចំណេះ + ចរិយាសាស្ត្រ = ប្រាជ្ញា
ស្មារតី + ប្រាជ្ញា = សេចក្តីចម្រើន
ការស្រមើលស្រមៃ + គំនិតឆ្នៃប្រឌិត = ការបង្កើតនូវអ្វីដែលថ្មី
ការស្រមើលស្រមៃ + មោហៈ = បង្កើតសោកវិនាសកម្ម
ការស្រមើលស្រមៃ + អារម្មណ៍អវិជ្ជមាន = សោកសៅ
បញ្ហា + ខ្វល់ខ្វាយ = បញ្ហា + ខ្វល់ខ្វាយ
បញ្ហា + វិភាគ = កាត់បន្ថយបញ្ហា
ចិត្តត្រជាក់ + ប្រយ័ត្នប្រយែង = សំរេចជាស្ថាពរ
តក់ក្រហល់ + មានផែនការ = រត់ជំពប់
តក់ក្រហល់ + គ្មានផែនការ = រត់តែមួយកន្លែង
មាន + មេត្តា = បុណ្យ
មាន + ធម៌ = កុសល
ធ្វើបុណ្យ + កេរ្តិ៍ឈ្មោះ = ទូលភ្នំ
ធ្វើបុណ្យ + ជាតិក្រោយ = ការដាក់ទុន
ធ្វើបុណ្យ + មេត្តា = ជ្រះថ្លា
មិនយល់ + មិនធ្វើចិត្តអោយជ្រះស្រឡះ = ឧបាទាន
យល់ + មិនធ្វើចិត្តអោយជ្រះស្រឡះ = ជាប់ច្រវ៉ាក់
យល់ + ធ្វើចិត្តអោយជ្រះថ្លា = ត្រជាក់
===> សរុបរួម រូបមន្តជីវិតដែលទទួលភាពជោគជ័យ
ឧស្សាហ៍ + អត់ធ្មត់ + រៀនសូត្រ + ចិត្តត្រជាក់ + មានមេត្តា + ធ្វើចិត្តអោយជ្រះស្រឡះ = ភាពចំរើនរុងរឿងទាំងផ្លូវលោកនិងផ្លូវចិត្ត ៕
******

ខ្លុយ​ខ្មែរ​មានកំណើត ឬ វត្តមាន​តាំងពី ១០០ ឆ្នាំមុន គ​.​ស​

ខ្លុយ​ខ្មែរ​មានកំណើត ឬ វត្តមាន​តាំងពី ១០០ ឆ្នាំមុន គ​.​ស​ ---------------------------------------------------------------- 
យើង​មិនដឹងថា តើ​ខ្លុយ​ខ្មែរ​មានកំណើត​តាំងពី​សម័យ​ណា​ទេ ក៏ប៉ុន្តែ​វត្តមាន​ដំបូងបង្អស់​នៃ​គ្រឿង​ភ្លេង​នេះ​ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​ចម្លាក់​ក្បាច់​ផ្តែរ​រឿង​មួយចំនួន​តំណាង​ឲ្យ​របាំ​សិវៈ នា​ដើម​ស​.​វ​ទី​៧ ដោយមាន​ប្រើ​ខ្លុយ មកពី​ក្រុម​ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុក ដែល​សព្វថ្ងៃ​ត្រូវបាន​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ បើ​យោងតាម​ប្រសាសន៍​របស់​អ្នកគ្រូ ហ្គី​តូ របាំ​សិវៈ​នេះ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ថ្ងៃ នៅ​ចំពោះមុខ​ព្រះភ័ក្ត្រ​របស់​ព្រះអាទិទេព​ដ៏​មាន​មហិទ្ធិឫទ្ធិ ដោយ​ពួក​ព្រាហ្មណ៍​នោះ គឺជា​ដ​ង្វា​យ​មួយ​ដ៏​ថ្លៃថ្លា​បំផុត​។ តែ​ចម្លាក់​ផ្តែរ​ដែល​សំខាន់​ជាងគេ ដែល​គេ​ឃើញ​វត្តមាន​របស់​ឧបករណ៍​ខ្លុយ​យ៉ាង​ជាក់ច្បាស់​គឺ ក្បាច់​ផ្តែរ​មកពី​អេង​ខ្នា ដែល​តំណាង​ឲ្យ​រាជា​អភិសេក​។ ​ ដូចនេះ ខ្លុយ និង​ឧបករណ៍​ផ្សេងៗ​មួយចំនួនទៀត ដែល​ពួក​ព្រាហ្មណ៍​បាន​យកមក​លេង ឬ​ប្រគំ​ជាដ​ង្វា​យ​ថ្វាយ​ចំពោះ​ព្រះ​ឥសូរ ឬ​សិវៈ ដូចដែល​បាន​ឆ្លាក់​នៅលើ​ក្បាច់​ផ្តែរ​ខាងលើនេះ​នៅតាម​ប្រាង្គ​ប្រាសាទបុរាណ​នៃ​រាជធានី​ឥសាន​បុ​រៈ (​ឬ​សម្បូ​ណ៍​ព្រៃ​គុក​) មិនមែន​សម្រាប់​ស្វាគមន៍​សាសនិកជន​នោះទេ ក៏ប៉ុន្តែ​គឺជា​ដ​ង្វា​យ​ដ៏​ពិសិដ្ឋ​ទៅវិញ​។​ រីឯ​សម័យ​ក្រោយ​អង្គរ (​ស​.​វ​ទី​១៥) វិញ ជាពិសេស​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​អង្គ​ច័ន្ទ ឧបករណ៍​ខ្លុយ​នេះ​ក៏​នៅតែ​ពេញនិយម​នៅឡើយ នេះ​បើ​សំអាង​លើ​ចម្លាក់​ជញ្ជាំង​ប្រាសាទ​អង្គរ​។ ជាទូទៅ នៅក្នុង​ប្រទេស​កម្ពុ​ជានា​សម័យ​ទំនើប គេ​រមែងតែ​និយម​ខ្លុយ ដែល​គេ​ធ្វើ​អំពី​ឫស្សី ហើយ​មាន​រន្ធ​៧ ក្នុង​វង់ភ្លេង​ការ និង​អា​យ៉ៃ ព្រមទាំង​ក្នុង​វង់ភ្លេង​មហោរី​ជាដើម អមដោយ​ឧបករណ៍​ប្រគំ​ផ្សេងៗ​ទៀត​។ ឧបករណ៍​ផ្លុំ​នេះ ក៏​នៅ​ពេញនិយម​នៅតាម​ជនបទ​ផងដែរ សម្រាប់​ភាព​រីករាយ​ក្នុង​អារម្មណ៍ និង​រំសាយ​ពី​ការនឿយហត់​ពី​ការងារ​។​ សូមបញ្ជាក់​ផងដែរ​ថា បទ​ចម្រៀង​ប្រពៃណី ដែលមាន​ការនិយម​ខ្លុយ មានដូចជា បទ​ចាបពូក​, សុ​រិ​ន្ទ្រ​ខ្នងភ្នំ​, បទ​ជ្រង​, បទ​បង្គង​ក្អែក និង​បទ​រំពេរ នៅ​រក្សាបាន​នូវ​ប្រជាប្រិយ៍ភាព​ដដែល ទោះបីជា​យើង​មិន​ថា បទ​ទាំងនោះ​ត្រូវបាន​តែង​ឡើង​នៅក្នុង​សម័យកាល​ណា​ទេ​។​ ម្យ៉ាងវិញទៀត ជាការ​ពិតណាស់ សហគមន៍​មន​-​ខ្មែរ ឬ​ខ្មែរលើ​ក៏មាន​ការពេញនិយម​នូវ​ប្រភេទ​ឧបករណ៍​តន្ត្រី​ម្យ៉ាង​ដែលមាន​រាង​ប្រហាក់ប្រហែល​និង​ខ្លុយ​ខ្មែរ ដែល​គេ​ហៅថា “​ភ្លយ​” តែ​ឧបករណ៍​នេះ​មាន​អាយុកាល​ចាស់ជរា​ជាង ព្រោះ​ត្រូវ​បានប្រសូត​ចេញពី​ខឿនវប្បធម៌​មន​-​ខ្មែរ នា​សម័យ​បុរេប្រវត្តិ​សស្ត្រ​។​ ទាក់ទង​ទៅ​និង​ប្រវត្តិ​ដើម​របស់​ខ្លុយ​នេះ មាន​ហេតុផល​មួយចំនួន​ដែល​អនុញ្ញាត​ឲ្យ​យើង​សន្និដ្ឋានបានថា ឧបករណ៍​នេះ​មាន​ប្រភព​ចេញពី​ឥណ្ឌា ហើយ​បាន​នាំចូល​អាណាចក្រ​ហ្វូណន ឬ​នគរ​ភ្នំ នា​ដើម​ស​.​វ​ទី​១​នៃ​គ​.​ស តាមរយៈ​ការផ្សព្វផ្សាយ​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។ ឧទាហរណ៍​ជាក់ស្តែង យើង​បានឃើញ​មាន​ចម្លាក់​មួយ​នៅលើ​ស្តូប ឬ​ចេ​ត្យី​មួយ​យ៉ាង​ធំ កសាងឡើង​នៅ​រវាង ១០០​ឆ្នាំ មុន​គ​.​ស និង ១០០​ឆ្នាំ ក្រោយ​គ​.​ស ក្នុង​រចនា​ប័​ថ្ម​អមរ​វ​តី ដែល​អធិប្បាយ​អំពី​ការគោរព​បូជា​ព្រះសម្មាសម្ពុទ្ធ​អង្គ នៅ​សម័យ​ពុទ្ធកាល នៅ​ប្រទេស​ឥណ្ឌា ដោយមាន​ការប្រគុំ​ភ្លេង​ផង ក្នុងនោះ​មាន​អ្នក​ផ្លុំ​ខ្លុយ​ផង​។​ រួម​សេចក្តី​មក ដូច​នៅ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ដូនតា​ខ្មែរ​នា​សម័យ​ដើម ដែល​បាន​ប្រារព្ធ​លទ្ធិ​ព្រហ្មញ្ញសាសនា ជាពិសេស​និកាយ​ព្រះ​សិវៈ ក៏បាន​និយម​ឧបករណ៍​ភ្លេង​ខ្លុយ​នេះដែរ ដើម្បី​សំដែង​នូវ​ស្វាមី​ភ័​ក្ត​របស់ខ្លួន​ចំពោះ​ព្រះអាទិទេព​យ៉ាង​ប្រាកដ​។ យ៉ាងណាមិញ ឧបករណ៍​នេះ​ក៏​ត្រូវបាន​ពេញនិយម តាម​លំនាំ​ប្រពៃណី​ឥណ្ឌា នៅក្នុង​អតីត​ព្រះបរមរាជវាំង នៅក្នុង​ប្រទេស​ចម្ប៉ា ឬ​នៅក្នុង​បរិវេណ​ប្រាសាទ​នានា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​។ ចំណុច​សំខាន់​មួយទៀត ដែល​យើង​ចង់​ជម្រាប​នៅទីនេះ​ផងដែរ គឺថា ការសិក្សា​ប្រៀបធៀប​ឧបករណ៍​នេះ​ទៅ​និង​ភ្លយ​មន​-​ខ្មែរ ក៏​ជួយ​យើង​កាត់បន្ថយ​ទស្សនៈ​ដែលថា ខ្លុយ​ខ្មែរ​កើតចេញពី​ភ្លយ​នៃ​សហគមន៍​ខ្មែរ​ដើម​ភាគតិច​ផងដែរ​៕

ទន្លេបាសាក់ ជាសាក្សីស្នេហ៍

ទន្លេបាសាក់ ជាសាក្សីស្នេហ៍ 
ក្រោមម្លប់ដួងខែ ក្បែរច្រាំងទន្លេ 
អូនគេងកើយភ្លៅ បងស្មូតបំពេ 
 ថ្នាក់ថ្នមមាសមេ ដោយក្តីស្នេហា ។

 ក្បែរច្រាំងទន្លេ នាមាត់ព្រែកចិន 
បងស្រូបស្រង់ក្លិន ពៅកន្និដ្ឋា 
 លើទួលទំនប់ ក្រឡាប់ផ្កាប់ផ្ងា 
ស្រស់ស្រូបស្នេហា ក្រោមរស្មីច័ន្ទ ។ 

< ស្នេហ៍ផ្អែមអ្វីម្លេះ ! បងប្រសប់ប៉ិន > 
វាចាមាសឆ្អិន ឲ្យបងរឹតក្នាញ់ 
 ជាតិនេះអូនប្តូរ យកក្តីស្រលាញ់ 
ស្លាប់ក្រោមសំណាញ់ស្នេហ៍ទ្រូងបងហើយ ។ 

 បងស្រៀវបងស្រើប ហើបផុតទន្លេ 
ត្រកងមាសមេ យកព្រែកជាខ្នើយ 
 ធរណី - គង្គា ជាសាក្សីហើយ 
បង និងត្រាន្តត្រើយ រួមចិត្តតែមួយ ។ 
ផេងវិសុដ្ឋារ៉ាមុនី

មតក៌ជីដូន

< មតក៌ជីដូន > ------------------ 
មតក៌ជីដូន គឺបណ្តាំ 
ចូលចៅចងចាំ បណ្តាំមាស 
ពាក្យពេចន៍ ដាស់តឿន ឲ្យចៅចៀស 
 ពីផ្លូវវិនាស រកផ្លូវល្អ ។ 
 តាំងពីកុមារ ដល់ដឹងក្តី 
 ពាក្យ ម៉ា ហាស្តី ដោយស្មោះស 
ដាស់តឿនជានិច្ច ឲ្យចៅល្អ 
ជីវិតបវរ ដោយសិក្សា ។ 
 ជាង ៨០ បណ្តាំ អប់រំ 
ចៅសូមបង្គំ បកស្រាយរ៉ា 
 ចងជាកំណាព្យ កាព្យអក្ខរា 
 ជូនញាតិខេមរា ជាប្រយោជន៍ ។
 ផេងវិសុដ្ឋារ៉ាមុនី

លិខិតស្នេហា ( ផេង វិសុដ្ឋារ៉ាមុនី )

ស្វាយជួរ ថ្ងៃ ព្រហស្បត្តិ៍ ១១ កើត ខែ បុស្ស ឆ្នាំរការ នព្វស័ក ព.ស. ២៥៦១ ( ថ្ងៃទី ២៨ ខែ ធ្នូ គ.ស. ២០១៧ )
- មកដល់ពៅបណ្តូលស្នេហ៍បង
នេះជាលិខិតដែលបងសរសេរដោយផ្ទាល់ដៃខិតខំសម្រិតសម្រាំងពាក្យពេចន៍ចេញពីបេះដូងកម្លោះ
ដ៏បរិសុទ្ធរបស់បង ដើម្បីចារជូនជាអក្ខរា ស្នេហ៍នេះជូនដល់ អនាគតម្ចាស់ជីវិតរបស់បង ឲ្យបានដឹងពីជម្រៅដួងចិត្តបងដែលមានសេចក្តីស្នេហាដ៏លើសលប់ចំពោះអូនតែម្នាក់គត់ ។ 
កំពូលដួងចិត្តបងអើយ ! 
បើអូនព្រមបើកបេះដូងទទួលស្នេហ៍ពីបង សូមអូនកុំបារម្ភ 
បងនឹងធានាស្នេហាយើងឲ្យស្ថិតជាអមតៈ ហើយគ្រប់ពាក្យពេចន៍ភាសាបេះដូងពិរោះៗទាំងអស់ដែលកវីនិពន្ធគេប្រើក្នុងរឿង
ប្រលោមលោក ទំនុកច្រៀង កំណាព្យ 
និងភាពយន្ត នោះបងនឹងប្រមូលយកមកទុកប្រើតែជាមួយ
និងបណ្តូលស្នេហាបងតែម្នាក់គត់ ។ គ្រប់វិនាទីនៃជីវិតស្នេហា
យើង បងនឹងព្យាយាមធ្វើជាមហាវិរៈបុរសក្នុងបេះដូងរបស់អូនជានិច្ច ។ គ្រប់វិនាទីនៃសំដីស្នេហា ដែលបងបានវាចាទៅកាន់អូន នោះគឺសុទ្ធតែជាភាសាបេះដូងផ្អែមល្ហែម ពិរោះៗ ដែលបងបានសម្រាំងយ៉ាងពិចិត្រ ពីក្នុងបេះដូងបង មុននឹងគ្រលាស់អណ្តាតពោលពាក្យវាចាទៅកាន់អូន ។ 
សូមអូនចងចាំថា : រាល់សំដីអពមង្គលទាំងអស់ដែលនឹងនាំ
ទឹកភ្នែកឲ្យអូន នោះបងនឹងមិនប្រើវាចំពោះអូនឡើយ ។ 
ចំពោះស្រីញីខាងក្រៅ តាំងតែពីបងនៅជាកម្លោះរហូតដល់
បងបើកបេះដូងសារភាពស្នេហ៍ជាមួយអូន គឹបងមិនមាន
និងមិនចូលចិត្តឡើយ ព្រោះបេះដូងដ៏បរិសុទ្ធ និងភាពកម្លោះ
Original បងបានត្រៀមទុក និងថែរក្សាទាំងកាយទាំងចិត្ត
ទុកសម្រាប់តែ ពៅមាសបណ្តូលចិត្តម្ចាស់ស្នេហ៍ របស់បងតែ
ម្នាក់គត់ ។ បងនឹងនៅក្បែរអូនគ្រប់វិនាទីនៃដង្ហើមចេញចូលប្រចាំថ្ងៃរបស់បង បងនឹងឱបបណ្តូលស្នេហ៍បងក្នុងរង្វង់ដៃ ចាំលួងលោមអូន ចាំផ្តល់កម្លាំងចិត្តឲ្យអូន ធ្វើឲ្យអូនមិនមានអារម្មណ៍លំបាក ឈឺចាប់ កង្វល់ ព្រួយចិត្ត វេទនា ធុញថប់ តានតឹងក្នុងចិត្តអ្វីឡើយ ។ 
បងនឹងតែងតាំងអូនគឺជាទេពធីតាគ្រងតំណែងម្ចាស់ក្សត្រីនៅក្នុងបេះដូងដ៏បរិសុទ្ធរបស់បង តែម្នាក់គត ។

Friday, August 11, 2017

ប្រវត្តិ សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន ( ១៩១១ - ២០០០ )

សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែល​បាន​ប្រសូត្រ​នៅ​ក្នុង​ឆ្នាំង​១៩១១ និង​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​២០០០ គឺ​ជាឥស្សរជន​ខ្មែរ​មួយ​រូប​ដែល​ជា​អ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ជាតិ​កម្ពុជា​ក្រោម។ សម្ដេច​បវរសេដ្ឋាធិបតី បាន​បំពេញ​បេសកកម្ម​ជាច្រើន ដើម្បី​សន្តិភាព និង​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​រូប​លោក​ជា​មេដឹកនាំ​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ។  
ប្រវត្តិសង្ខេប 
សម្ដេច​បវរសេដ្ឋា សឺន សាន ប្រសូត្រ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩១១ នៅ​សង្កាត់​លេខ ៥ រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ បិតា​របស់​លោក​នាម សឺន សាច់ (Son Sach) ហើយ​មាន​មាតា​នាម នាង សន (Neang San)។ បិតា​របស់​លោក​គឺ​ជា​ពូជ​ពង្ស​វង្ស​ត្រកូល​ជំនាន់​ក្រោយ​របស់​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា និង​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះត្រពាំង (បច្ចុប្បន្នខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​បាន​កាត់​បញ្ជូល​ទៅ​ក្នុង​ប្រទេស​វៀតណាម)។ ​លោក​បាន​ពលី​ជីវិតរបស់​លោក​ ដោយ​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​នឹង​ការ​ថែ​រក្សា​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​សម្រាប់​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ទាំង​មូល​នៅ​កម្ពុជា​ក្រោម។

ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា

នៅ​ពេល​សម្ដេច​ក្រុម​ហ្លួង ស៊ីសុវត្ថិ សុផានវង្ស និង​សម្ដេច​ក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះ​រាជ​បុត្រា ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ​ យាង​ទៅ​កម្ពុជា​ក្រោម បាន​ទទួល​ដំណឹង​អំពី​ការ​បូជា​ជីវិត​របស់​ឧកញ៉ា សឺន គុយ ក៏​បាន​លោក សឺន​ សាច់ ជា​បិតា​របស់​សម្ដេច​បវរសេដ្ឋា សឺន សាន និង​ឪពុក​មា​របស់​លោក​ម្នាក់​ មក​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​បន្ត​ការ​សិក្សា​បន្ថែម​ទៀត។ លោក សឺន សាច់ ក៏​បាន​រៀន​សូត្រ​រហូត​ឡើង​ឋានៈ​ជា​ឧបការី​របស់​ព្រះ​ករុណា​ព្រះ​បាទ​ព្រះ ព្រះ​នរោត្ដម សុរាម្រឹត ដែល​កាល​ណោះ ព្រះ​អង្គ​មាន​ព្រះ​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម

ការសិក្សា

នៅ​ឆ្នាំ​១៩១៧ លោក សឺន សាច់ បាន​បញ្ជូន​កុមារា សឺន សាន ឲ្យ​ទៅ​សិក្សា​នៅ​សាលា​បឋម​សិក្សា​មីស្ស​ក្នុង​​រាជធានី​ភ្នំពេញ។ នៅ​ឆ្នាំ​១៩២៧ យុវជន សឺន សាន បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង រហូត​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​ខាង​ពាណិជ្ជកម្ម​ទីក្រុង​ប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅ​ឆ្នាំ​១៩៣៣ ហើយ​បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ។

តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា

  • ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយ​ខេត្តបាត់ដំបង។ ក្នុងរយៈ​ពេល​នៃ​ការ​បំពេញ​ការងារ​ប្រហែល​ជា​ពីរ​ឆ្នាំ កង្វល់​របស់​លោក​ភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និង​ការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ​ទៅ​លើ​ប្រជារាស្រ្ត​ខ្មែរក្រីក្រ។
  • ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបាន​ទទួលតំណែងជាភូឈួយខេត្តព្រៃវែង។
  • ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជា​ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។
  • ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោម​កិច្ច​ដឹក​នាំ​របស់​ព្រះបាទ​ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹក​​នាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និង​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​មណ្ឌល​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៤៧ ដល់ ១៩៤៩។
ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បាន​ជាប់​ឆ្នោត​ជា​ប្រធាន​រដ្ឋ​សភា​នៅ​ឆ្នាំ​១៩៥១ ដល់ ១៩៥២។
មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជារូបិយវត្ថុ​ជាតិបារាំងនោះ ឯកឧត្តម​ត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គ​មានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេល​នោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។
ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យ​ឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយ​ឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការ​នោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺ​សាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។ ឯកឧត្តម សឺន សាន បានបំពេញ​មុខតំណែងជាទេសាភិបាលធានាគាជាតិ​នៃកម្ពុជា ចាប់ពីពេល​បានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនា​ឆ្នាំ​១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និង​ចាប់ផ្តើម​កាន់​សីល​ប្រាំ​រហូត​ចាប់​ពីពេលនោះមក ។
នៅ​ឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។
ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទ​វ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ​១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ​១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រម​ទាំង​ការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។
សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។
នៅ​ក្នុង​ឆ្នាំ​១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់​សម្តេច នរោត្តម សីហនុ លោក​រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។
នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតី​សេរីនិយម​បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយ​រដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។​​
នៅ​ឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់​សង្គ្រាម​ទាំង​មូល​នៅ​ប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណង​របស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធាន​សមាគមខ្មែរនៅ​បរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការ​ចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។
សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបាន​ចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និង​ព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេច​បានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយ​ក្រសួង​ការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ​១៩៧៨ បាន​អំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូន​ជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។
ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។
ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុង​ចលនា​តស៊ូ​របស់​សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕

ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)

នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។
ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។
សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។

គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល

  • មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
  • មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
  • មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
  • មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
  • មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
  • មេដាយមាសខេមរៈកីឡាឫទ្ធិ ។
  • មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
  • មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
  • មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
  • មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
  • មេដាយ​ Légion d’honneur ថ្នាក់មហាសេនា ។
  • មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។

លក្ខណសម្បត្តិ

សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេច​បាន​ប្រសាសន៍​មួយៗ​ទន់​ភ្លន់​ តែ​មិន​ចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយ​ស្តី សម្តេចតែងតែរំលឹក​អំពី​គុណ​ព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាង​លើព្រះ ឬទេវតាជា​ប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូត​គ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់​បាត់​បង់​ជីវិត។
សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់​ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះ​ត្រង់​យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរព​ព្រះ​ពុទ្ធ​សាសនា​យ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់​ប្រជារាស្រខ្មែរ។

អវសានជីវិត

នៅថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទី​ក្រុងភ្នំពេញ ប្រទេសកម្ពុជា៕

ឯកសារយោង

  • វិយោគកថាក្នុងពិធីបុណ្យឈាបកិច្ចរបស់សម្តេចបវរសេដ្ឋា ធិបតី សឺន សាន

Wednesday, July 12, 2017

សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា

សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា

សាលាពុទ្ធិក​សិក្សា ​ត្រូវ​បាន​បង្កើតឡើង​​នៅប្រទេសកម្ពុជា ដោយ​ក្តី​បារម្ភផ្នែក​វប្បធម៌ និង​អក្សរ​​សា​ស្ត្រនៃរាជ​ការ​ខ្មែរ និងក្តី​បារម្ភ​របស់រដ្ឋ​ការអាណា​ព្យាបាល​បារាំង​ខ្លាចបាត់​បង់ការ​គ្រប់​គ្រង មក​​​ប្រទេស​ខ្មែរដោយ​សារ​មនោ​គមន៍​វិជ្ជា និងឥទ្ធិពល​នយោបាយសៀមមកលើកុលបុត្រខ្មែរ និងបាន​ក្លាយជា​​ស្ថាប័នដ៏​សំខាន់​សម្រាប់​វប្បធម៌និង​អក្សរសាស្ត្រជាតិខ្មែរ។
ចំពោះព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ យើងនៅ​ចាំបានថា បន្ទាប់ពីបានដណ្តើម​យកខេត្ត អយុធ្យា និងសុខោទ័យ​របស់ខ្មែរ ហើយ​បង្កើតបានជារដ្ឋសៀម នាសតវត្យទី១៣ មក ពួកគេនៅ​បានបន្ត​​ទន្រ្ទានយក​ទឹកដីខ្មែរ ជាបន្តបន្ទាប់រហូត​អាណា​ចក្រខ្មែរមិន​អាចទប់​ទល់បាន។ ចាប់តាំងពីបែក​ក្រុង​អង្គរមក ខ្មែរបានធ្លាក់ទៅក្នុងឪន​ភាពគ្រប់យ៉ាង។ គម្ពីរក្បួន​ខ្នាត និងអ្ន្កប្រាជ្ញរបស់​ខ្មែរត្រូវ​បច្ចាមិត្ត​​បំផ្លាញ ឬរឹបអូស​យកស្ទើរគ្មានសល់។ វិស័យ​អប់រំស្ទើរសូន្យ ហើយមានតែបន្តិច​បន្តួចនៅតាមវត្ត​​អារាម​តែប៉ុណ្ណោះ។ ប្រទេសកម្ពុជាបានក្លាយជាកម្មវត្ថុនៃការដណ្តើមគ្នារវាងយួននិងសៀម។

បន្ទាប់ពីការព្យាយាមយ៉ាងលំបាករបស់​ព្រះបាទអង្គ ឌួង មក ឆ្នាំ១៨៦៣ បារាំងបានយល់ព្រម​ដាក់អាណានិគមន៍លើប្រទេសខ្មែរ (បន្ទាប់ពីបានធ្វើអាណានិគមន៍លើ​វៀតណាម)។ ទោះមាន​បារាំងជា​អាណានិគមន៍ហើយក្តី ក៏ប្រទេសសៀមនៅតែមិន​ដែលបោះបង់គំនិតចង់លេបត្របាក់ទឹក​ដីខ្មែរ ម្តងណាឡើយ។ អតីតកុលសម្ព័ន្ទចិននិរទេសខ្លួនមករស់នៅលើទឹកដីខ្មែរ អម្បូរមួយ​នេះបាន​​ប្រើប្រាស់គ្រប់រូបភាពគឺ ទាំងរូបភាព​កងទ័ពនិងមនោគមន៍វិជ្ជា។

បន្ទាប់ពីប្រទេសកម្ពុជា​បានស្ថិតនៅក្រោមការ​គ្រប់គ្រងរបស់បារាំងមក ខេមរជន ជាពិសេស​ព្រះសង្ឃតែងតែទៅបន្តការសិក្សានៅប្រទេស​សៀមច្រើនឡើងៗ ដែលក្នុងនោះមានទាំងសម្តេច​ព្រះសង្ឃនាយក និល ទៀង អតីតសម្តេចព្រះសង្ឍរាជគណៈមហា​និកាយ និងសម្តេច​ព្រះសគុន្ធា​ធិ​បតី ប៉ាន អតីតសម្តេច​សង្ឃរាជទី១គណៈ​ធម្មយុត្តិកនិកាយផងដែរ។

ប្រការនេះធ្វើឲ្យអាណា​ព្យាបាលបារាំង​មានក្តីបារម្ភខ្លាចខ្មែរទទួលមនោគមន៍វិជ្ជា និងឥទ្ធិពល​​នយោបាយពីសៀម ធ្វើឲ្យពួកគេពិបាកគ្រប់គ្រង ហើយក៏អាននឹងធ្វើ​ឲ្យប្រទេស​ខ្មែរ របូតចេញពីដៃ​របស់ពួកគេផង។

ចំណែករាជការខ្មែរដែល​កាលនោះមានព្រះករុណា ស៊ីសុវត្ថិ ជាប្រមុខនោះ មានក្តីបារម្ភខ្លាំង​ឡើងៗ ដោយឃើញនូវសភាពគ្រោះថ្នាក់នៃអត្តសញ្ញាណវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន រងការគំរាមកំហែងធ្ងន់ធ្ងរទៅៗ ដោយសារកុលបុត្រខ្មែរ ជា​ពិសេសព្រះ​សង្ឃទៅសិក្សាភាសាបាលី​ គម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនា នៅប្រទេសសៀម។ រាជការខ្មែរក៏មានបំណង​ចង់ឲ្យប្រទេស​កម្ពុជាមានឯករាជ្យផ្នែកវប្បធម៌និងអក្សរសាស្ត្រឡើត។

នៅឆ្នាំ១៩០៩ តំណាងរដ្ឋការ​បារាំង, ក្សត្រខ្មែរ​ព្រះបាទ ស៊ីសុវត្ថិ និងសម្តេច​ព្រះសង្ឃរាជ និល​ ទៀង និងកុង្សីយ៍ សេនា​បតីខ្មែរ បានព្រមព្រៀងគ្នា និងត្រូវបង្កើតសាលាបាលីនៅក្នុងប្រទេសកម្ពុជា ហើយគប្បីមានសាលា​នៅនគរវត្ត១ និងនៅវិហារ​ព្រះកែវក្រុងភ្នំពេញ១។

ដោយហេតុនេះ​ទើបសាលាបាលី ឈ្មោះថា បរមពុទ្ធវចនបរិយត្តិបាសាន ជាសាលាបាលីដំបូង​ត្រូវបានបង្កើតនៅនគរវត្ត (ខេត្តសៀមរាប) ដោយព្រះរាជ​ប្រកាស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩០៩ ហើយមានព្រះពុទ្ធវង្ស អ៊ីង ទេពម៉ី ជាចាង​ហ្វាង។ កាលនោះ​ព្រះករុណាបានប្រគល់ព្រះពន្លា​មុខ​នាគមុខនគរវត្តឲ្យបង្រៀនព្រះបរិយត្តិបានពីរឆ្នាំ។

ដោយសារ សាលាបាលីនេះមានទីតាំងនៅឆ្ងាយពីទីក្រុង ជាហេតុនាំឲ្យដំណើរការមិនបានល្អ​ហើយក៏ត្រូវបានបិទទៅវិញនៅថ្ងៃទី៦មិថុនា ឆ្នាំ១៩១១។

ដោយបានរៀនសូត្រនូវបទ​ពិសោធន៍បរាជ័យកន្លងមក ទើបនៅឆ្នាំ១៩១៤ សាលាបាលី១ទៀត​ត្រូវបានបង្កើតឡើង នៅភ្នំពេញ ហើយមានឈ្មោះថា អរម​ពុទ្ធវចនបរិយត្តិមន្ទីរ (បរមពុទ្ធវចនបរិ​យត្តិមន្ទីរ) តាមប្រកាសលេខ៨៥ ចុះថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ១៩១៤ ក្រោមព្រះរាជូបត្ថម្ភនៃព្រះករុណា​ព្រះ​បាទ ស៊ីសុវត្ថិ។ ព្រះករុណា បានប្រទានមន្ទីរព្រះសទ្ធម្ម និងថែវភាគខ្លះនៃវិហារព្រះកែវបរកត ធ្វើជា​កន្លែងសិក្សា​ភាសាបាលីបណ្តោះអាសន្ន។ សាលាបាលីនេះ ដំបូងឡើយមាន៣ថ្នាក់ ហើយបាន​ចាប់ផ្តើមបើកសម្ពោធនៅថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីព្រះករុណា ស៊ីសុវត្ថិ និង តំណាងរដ្ឋការបារាំង។ ស្ថាប័ននេះបង្រៀន​ភាសាបាលី, សំស្រ្កឹត, ឡាតាំងនិងសៀមមកជា​ភាសាខ្មែរ។

រាជការខ្មែរបានចេញសរាចរលេខ​៤ ចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩១៦ ហាមឃាត់ភិក្ខុ សាមណេរ និងគ្រហស្ថខ្មែរកុំឲ្យទៅសិក្សាព្រះត្រៃបិដកនៅប្រទេស​ក្រៅ​ (សំដៅជាពិសេសប្រទេសសៀម) ហើយបានជំរុញឲ្យមកសិក្សានៅសាលាបាលីរបស់ខ្មែរនៅភ្នំពេញវិញ។ ខែ​មេសា​ ឆ្នាំ១៩២២ សាលាបាលីនេះបានក្លាយជាសាលាបាលីជាន់ខ្ពស់។

គ្រឹស្តសករាជ ១៩២៦ សាលា​ផ្សារសួន ជាសាលាបឋមសិក្សាបារាំង-ខ្មែរ ដែលជាសាលា​សម្រាប់កុមារីត្រូវបានរាជការយកធ្វើជាសាលាបាលីជាន់​ខ្ពស់រហូតមកដល់សព្វថ្ងៃ។

តាំងពីសាលានេះកើត​មក មានព្រះសង្ឃជាច្រើនបាន​បញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំ ហើយ​ព្រះសង្ឃជាច្រើនបានទទួលសញ្ញាបត្រ ដែលផ្តល់​នូវគុណភាពយ៉ាងគាប់ប្រសើរជាពេលមុនៗ។ នៅតាមវត្តអារាមនានា បើទោះជាមានវត្តខ្លះត្រូវបានហួងហែងដោយគំនិតបុរាណនិយមជ្រុលក្តី ក៏​​ព្រះសង្ឃភាគច្រើនមានក្តីសោមនស្ស ហើយចៅអធិការតាមវត្តធំៗបានសំណូមពរឲ្យបង្កើតសាលា​បាលីរងនានា​នៅតាមវត្តរបស់ខ្លួន និងឲ្យមានការតែងតាំងព្រះសង្ឃដែលបានរៀនចប់ពីសាលា​បាលីជាន់ខ្ពស់ ទៅបង្ហាត់បង្រៀននៅទីនោះ។ ដោយហេតុនេះ តាមរយៈសាលាបាលីនេះ ទ្រឹស្តី​ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

សាលាបាលី បានក្លាយទៅជាទីប្រជុំអ្នកប្រាជ្ញ​ជាតិខ្មែរដែលបានបង្រៀនទាំងវិជ្ជា ផ្លូវលោក និងផ្លូវធម៌ និងភាសាបាលី, សំស្រ្កឹត, បារាំង, ឡាតាំង,សៀម, ឡាវ។

ពីឆ្នាំ១៩២២ ដល់ ឆ្នាំ ១៩៥៤ សាលានេះ បានស្ថិតនៅ​ក្រោមការគ្រប់គ្រងរបស់សាលាបារាំង​ចុងបូព៌ា ហើយកាលនោះសាលានេះមានតែ៤ថ្នាក់ប៉ុណ្ណោះ។


ថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ១៩៤៨ សាលាបាលីជាន់ខ្ពស់នេះ ត្រូវបានរដ្ឋបាលបារាំងប្រគល់មកឲ្យ​រដ្ឋាភិបាលខ្មែរជាអ្នកគ្រប់គ្រងវិញ។

មុនទសវត្ស៍១៩៣០ សាលាពុទ្ធិកបឋមសិក្សា មិន​ទាន់បើកជាផ្លូវការនៅឡើយ លុះឆ្នាំ១៩៣៣ សាលាបាលីរង ត្រូវបានបើកទូទាំងប្រទេស ហើយនៅឆ្នាំ១៩៥៧ បានផ្លាស់ឈ្មោះមកជា សាលា​ពុទ្ធិកបឋមសិក្សា មាន៣៧៤សាលា ហើយនៅក្នុងសម័យសង្គមរាស្ត្រនិយម បាកកើតឡើងដល់​​ទៅ៦៦៧សាលា។ ទោះយ៉ាងណាសាលាបាលីជាន់ខ្ពស់គ្រានោះមានតែមួយគត់នៅឡើយ។


តាមព្រះរាជប្រកាសលេខ២៦៥ ន.ស ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ១៩៥៥ បង្គាប់សាលាបាលីជាន់​ខ្ពស់មាននាមថា គ្រឹះស្ថានមធ្យមសិក្សានៃពុទ្ធសាសនា ហើយព្រះរាជ​ប្រកាស លេខ ៣៨៨ ន.ស ចុះថ្ងៃទី៤ កក្កដា ឆ្នាំ១៨៥៥ បានប្រែឈ្មោះទៅជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតវិញ។

ព្រះរាជក្រឹត្យលេខ ២៦៥ ន.ស ចុះថ្ងៃទី១៨ ឧសភា ១៩៥៥ រៀបចំឲ្យមានពុទ្ធិកមធ្យមសិក្សា និងរៀបចំឡើងវិញនូវកម្មវិធីសិក្សាសាជាថ្មី ក្នុងបំណងផ្សព្វផ្សាយមធ្យមសិក្សា និងដើម្បីបណ្តុះ​បណ្តាលសិស្សសម្រាប់ត្រៀមខ្លួនចូលរៀនមហាវិទ្យាល័យពុទ្ធសាសនា។


ឆ្នាំ១៩៥៣ សម្តេចព្រះពោធិវ័ង្ស ហួត តាត (ជាមិត្ត​ដ៏ជិតស្និទ្ធបំផុតរបស់សម្តេច ព្រះមហាសង្ឃ​រាជ ជួន ណាត) ក្នុងឋានៈជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ បាននិមន្តទៅធ្វើទស្សនកិច្ចនៅ​ប្រទេសឥណ្ឌា ស្រីលង្កា និងប្រទេសសៀមរយៈពេល១ខែគត់ ដោយមានការគាំទ្រ​ពីរាជការខ្មែរ​សម្តេចនរោត្តម សីហនុ ដើម្បីពិនិត្យមើលការសិក្សាព្រះពុទ្ធសាសនានៅបណ្តាប្រទេសទាំងនោះ។ លុះត្រឡប់មកវិញ ព្រះអង្គបានរាយការណ៍ថ្វាយព្រះប្រមុខរដ្ឋខ្មែរ សីហនុ ដោយប្រៀបធៀបពុទ្ធិក​សិក្សានៅបណ្តាប្រទេស​ទាំងនោះ និងនៅប្រទេសកម្ពុជា។ ព្រះករុណាបានបញ្ជាក្រសួង ធម្មការឲ្យ​ចាត់ការពិនិត្យដោយរួសរាន់។ ក្រសួងនេះ​បាន ចាត់តាំងគណៈកម្មការ១ ដោយមានរដ្ឋមន្ត្រី សម្តេច​ព្រះសង្ឃ នាយកទាំងពីគណៈ និងបញ្ញវ័ន្តមួយចំនួនទៀត ដើម្បីពិនិត្យមើលរបាយការណ៍របស់​សម្តេចព្រះ ពោធិវ័ង្ស ហួត តាត ។ គណៈកម្មការនេះក្រោយមកបានព្រមព្រៀង​គ្នាថា និងបង្កើតពុទ្ធិ​កមហាវិទ្យាល័យមួយដែលមានឈ្មោះថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ រួចបាននាំយក​សេចក្តីព្រមព្រៀងនេះទៅទូលថ្វាយសម្តេច សីហនុ ។​ ដោយសារព្រះអង្គរជាព្រះអគ្គពុទ្ធសាសនូ​បត្ថម្ភស្រាប់ផងនោះ ទ្រង់​មានព្រះទ័យរីករាយក្រៃពេក។

បន្ទាប់ពីគណៈរដ្ឋមន្ត្រី រដ្ឋសភា និងក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បានជំនុំព្រមព្រៀងគ្នារួច​មក​សម្តេចសីហនុ បានយល់ព្រម និងបានចេញព្រះរាជក្រឹត្យលេខ ៨៧៩ ន.ស ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ​១៩៥៤ ឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យនៅកម្ពុជទេស មានឈ្មោះថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហ​នុរាជ គឺប្រើព្រះនាមរបស់ព្រះអង្គ។

សាលានេះ មានទីតាំងនៅក្នុងផ្សារសួន​ចាស់ ដែលជាព្រះរាជអំណោយរបស់ព្រះអង្គ នៅជ្រុង​វិធីឧកញ៉ាឈុននិងតិរវិថីស៊ីសុវត្ថិពោលគឺខាងជើងសាលាបាលីជាន់ខ្ពស់។


ចាប់ពីពេលនោះមក សាលាបាលីបានប្រសូត​នូវបណ្ឌិតអក្សរសាស្រ្តជាច្រើន។ វិស័យសិក្សា​ព្រះពុទ្ធសាសនាបានស្គាល់នូវវឌ្ឍនភាពយ៉ាងអស្ចារ្យ។ សញ្ញាបត្រមានកិត្តិនាមល្បីល្បាញយ៉ាង​ខ្ទរ​ខ្ទារនៅតាមបណ្តាប្រទេសក្នុងតំបន់។

ថ្ងៃ១៨មីនា ១៩៧០ ឧត្តមសេនីយ៍៍ លន់ នល់, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ និងអ៊ិនតាំ បាន​ដឹកនាំរដ្ឋប្រហារមួយទម្លាក់សម្តេច នរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ ដោយចោទព្រះអង្គ​ថា បានអនុញ្ញាតឲ្យវៀតណាមខាងជើងប្រើប្រាស់ទឹកដីខ្មែរ ធ្វើសង្គ្រាមជាមួយវៀតណាម​ខាងត្បូង​១, អំពើពុករលួយនៃមនុស្សនៅជុំវិញព្រះអង្គ១ និងភាពផ្តាច់ការរបស់ព្រះអង្គ១។


ព្រឹត្តិការណ៍នេះ បានរុញច្រាន​ប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមទូទាំងប្រទេស។ វិស័យសិក្សាព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗ​ទៀតបានធ្លាក់ចុះក្នុងឪនភាពជាលំដាប់។

ខែមេសា ឆ្នាំ១៩៧៥ ប្រទេស​កម្ពុជាបានកាន់កាប់ដោយពួកខ្មែរក្រហម ការប្រតិបត្តិព្រះពុទ្ធ​សាសនាត្រូវបានហាមឃាត់, ពុទ្ធិកសិក្សាទាំងថ្នាក់បឋម ថ្នាក់មធ្យម និងថ្នាក់ឧត្តម ត្រូវបានបិទទ្វារ​ទាំងស្រុង។

ថ្ងៃទី៧ មករា ១៩៧៩ ពួកខ្មែរក្រហមត្រូវបានបណ្តេញចេញពីអំណាចដោយកងទ័ពវៀត​ណាម និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ វិស័យព្រះពុទ្ធសាសនាត្រូវបានដំណើរការឡើង​វិញ។



ឆ្នាំ១៩៨៩ លេខាមជ្ឈិមបក្សនៃរដ្ឋកម្ពុជា ប្រកាសលេខ២៩២ ដ.ខមប ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​១៩៨៩ អនុញ្ញាតឲ្យបើកពុទ្ធិកបឋមសិក្សាឡើងវិញ។ ឆ្នាំ១៩៩២ រដ្ឋសភាបានអនុម័តច្បាប់បង្កើត​ក្រសួងធម្មការឡើងវិញ ដើម្បីគ្រប់គ្រង និងដឹកនាំវិស័យសាសនា វិស័យពុទ្ធិកសិក្សានិង​ស្តារឡើង​វិញនូវពុទ្ធសាសនបណ្ឌិត្យ។

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩២ រដ្ឋាភិបាលបានប្រកាសឲ្យក្រសួងធម្មការបង្កើតឡើងវិញនូវពុទ្ធិក​សិក្សាហើយពុទ្ធិកមធ្យមសិក្សាដែលត្រូវបានបង្កើតឡើងវិញនេះ ដំបូងឡើយធ្វើនៅទីក្រុងភ្នំពេញ គឺ​ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ បន្ទាប់ពីនោះមក សាលាពុទ្ធិសិក្សានានា​ត្រូវបានបើកជាបន្តបន្ទាប់ទូ​ទាំងប្រទេសដូចជា នៅខេត្តបាង់ដំបង, ព្រៃវែងនិងកំពង់ចាមជាដើម។


សំណើរលេខ ៧៤៣/៩៦ ក.ធ.ស ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៦ សុំបើកពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជឡើងវិញ។ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩៧ ពុទ្ធិកមហាវិទ្យា​ល័យព្រះសីហនុរាជ ត្រូវ​បានអនុញ្ញាតឲ្យបើកឡើងវិញតាមសេចក្តីសម្រេចចុះថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧។

តាមអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០០៦ បានប្តូរពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជ ទៅជា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលក្នុងនោះមានដូចជា ពុទ្ធិកមហា​វិទ្យាល័យទស្សនវិជ្ជា និងសាសនា, ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា, ពុទ្ធិក​មហាវិទ្យាល័យ បាលី-សំស្រ្កឹត និងភាសាបរទេស, ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ  ជាពិសេសផ្នែក​អក្សរសាស្ត្រ។

សាលាបាលី ឬសាលាពុទ្ធិកសិក្សាទាំងនេះ បានបំពេញតួនាទីយ៉ាងសំខាន់ក្រៃលែងសម្រាប់​ព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់វប្បធម៌ និងអក្សរសាស្ត្រជាតិ ហើយបានបណ្តុះឲ្យមានសមណៈ​និស្សិតថ្នាក់បរិញ្ញាបត្រជាច្រើនអង្គជារៀងរាល់ឆ្នាំ។

ស្ថាប័នដែលជាដៃគូដ៏ប្រសើរបំផុតរបស់សាលាបាលី ឬសាលពុទ្ធិកសិក្សា គឺព្រះរាជបណ្ណា​ល័យ និងមន្ទីរ/វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ស្ថាប័នទាំង៣នេះត្រូវបានគេមើលឃើញថា ជាត្រី​មុម (ជ្រុង៣) សម្រាប់វប្បធម៌និងអក្សរសាស្រ្តជាតិខ្មែរតាំងពីសម័យអាណានិគមន៍បារាំងរៀងមក។

ព្រះរាជបណ្ណាល័យ ត្រូវបានបង្កើតឡើងតាមប្រកាសចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩២៥។ ប៉ុន្តែ​ ដើមឡើយបណ្ណាល័យនេះមានឈ្មោះថា «ខេមរបណ្ណាល័យ» បង្កើតឡើងតាមព្រះរាជប្រកាសចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩២១​ ហើយត្រូវបានប្រគល់ទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរពុទ្ធ​សាសនបណ្ឌិត្យ និងបានប្រែឈ្មោះថា «បណ្ណាល័យនៃពុទ្ធសាសនបណ្ឌិត្យ» តាមរាជប្រកាសចុះ​ថ្ងៃ​ទី១១ ខែកុម្ភៈ១៩៤៣។ ចំណែកមន្ទីពុទ្ធសាសនបណ្ឌិត្យ ឬវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​បង្កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ១៩៣០។

ដកស្រង់ពីឯកសារស្រាវជ្រាវរបស់សាស្ត្រាចារ្យ ស៊ិន សុវណ្ណនិ ទំព័រ២៦


អានលម្អិត | read more >>> http://www.5000-years.org/kh/read/2155#ixzz4mbJDD4hl

Tuesday, June 27, 2017

រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ

រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់
  • សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក
  • ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ លើ​គេហទំព័រ ArchaeoMadness, TripAdvisor, Lonely Planet
  • ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា ចុះ​ក្នុង​បញ្ជី UNESCO ​ក្នុង​ឆ្នាំ១៩៩២
  • អាថ៌កំបាំង​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត ២ដង​ក្នុង​មួយ​ឆ្នាំ
  • បច្ចេកទេស​ជីក​គូទឹក​ការពារ​ប្រាសាទ រឹង​មាំ​បាន​ច្រើន​រយ​ឆ្នាំ
  • ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ
  • ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត មាន​សំណង់​ច្រើន​ទៀត
ប្រាសាទ​អង្គរវត្ត និង​ប្រជុំ​សំណង់​ទាំង​អស់​នៃ​តំបន់​អង្គរ បាន​បន្សល់​ទុក​អច្ឆរិយភាព និង​អាថ៌កំបាំង​រាប់​មិន​អស់​សម្រាប់​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ។ សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ គឺ​ជា​មរតក​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​កម្ពុជា ល្បី​រន្ទឺ​លើ​ពិភពលោក​រហូត​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់។ យ៉ាង​ណា​ក្ដី មាន​រឿង​រ៉ាវ​ចាប់​អារម្មណ៍​មួយ​ចំនួន ដែល​កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់។ ​
១. អង្គរ​វត្ត ជា​សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក Guinness
សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក ជាប់​ក្នុង​កំណត់ត្រា Guinness។ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។
២. អង្គរវត្ត ទទួល​បាន​លេខ​មួយ ៤ឆ្នាំ​ជាប់​គ្នា​លើ​គេហទំព័រ​បរទេស​នានា
គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បាន​ផ្ដល់​ចំណាត់​ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​ពី​ភ្ញៀវ​ទេសចរ​បរទេស។
កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅ​លើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ ArchaeoMadness។ បន្ទាប់​មក​ទៀត នៅដើមឆ្នាំ២០១៥ អង្គរវត្ត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​ម្ដង​ទៀត នៅ​លើ​គេហទំព័រ​អន្តរជាតិ TripAdvisor។
នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វិបសាយ ទស្សនាវដ្ដី និង​សៀវភៅ ជាដើម។
៣. តំបន់​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា
តំបន់​អង្គរ​លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤០០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ព្រៃ​ឈើ​ចម្រុះ​នៅ​ជុំវិញ។ តំបន់​ប្រវត្តិសាស្ត្រ​នេះ​ជា​ទីតាំង​នៃ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​អង្គរ​ធំ និង​ប្រាសាទ​បាយ័ន​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ត្រូវ​អង្គការ UNESCO ប្រកាស​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ពិភពលោក​ក្នុង​ឆ្នាំ១៩៩២។
៤. បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត កើត​ឡើង​ជា​ប្រចាំ​រាល់​ឆ្នាំ
លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ប្រាប់ Sabay ថា បាតុភូត​កម្រ​នេះ​​កើត​ឡើង​ជា​ប្រចាំ​រាល់​ឆ្នាំ គឺ​នៅ​ខែ​កញ្ញា ចន្លោះ​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែ​កញ្ញា និង​ម្ដង​ទៀត​ក្នុង​ខែ​មិនា។ បើ​តាម Science Channel បាន​ឱ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​នេះ​ឈ្មោះ​ថា អ៊ីខ្វីណក់ (ជា​ពេល​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត) ដែល​រន្ធ​មួយ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​នឹង​ទទួល​ពន្លឺ​ព្រះអាទិត្យ ចាំង​ទៅ​ក្រោម​នៃ​ចំណុច ផ្ចិត​ខាង​ក្រោម​ប្រាសាទ ។
ពន្លឺ​ចែងចាំង​​ព្រះអាទិត្យ ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​រះ​ចំណុច​ កំពូល​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​បាន​បញ្ជូន​ពន្លឺ​ ព្រះអាទិត្យ​នោះ ទៅ​បន្ទប់​អាថ៌​កំបាំង​មួយ ផ្នែក​ជាន់​ក្រោម​ដី ​នៃ​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង ៣០​ម៉ែត្រ។ អ្នក​ជំនាញ​ខ្លះ​បាន​ជឿជាក់​ថា ព្រះបានជ័យវរន្ម័ទី២ រចនា​កន្លែង​សំងាត់​នេះ គឺ​ដើម្បី​រក្សា​អដ្ឋិធាតុ របស់​ព្រះអង្គ​ពេល​សុគត។
៥. ស្ថាបត្យករ​បុរាណ ជីក​គូ​ទឹក​ដើម្បី​ការពារ​ប្រាសាទ រហូត​ឈរ​បាន​ជា​ច្រើន​រយ​ឆ្នាំ
យោង​តាម​វីដេអូ​ឯកសារ​ស្រាវជ្រាវ​ស្ដី​ពី​ការ​កសាង​ប្រាសាទ​អង្គរវត្ត ដោយ​បុរាណ​វិទូ​ជនជាតិ​បារាំង បាន​បង្ហាញ​ថា ស្ថាបត្យករ​ក្នុង​សម័យ​អង្គរ បាន​ជីក​ធ្វើ​ជា​​គូទឹក​នេះ​ឡើង គឺ​ដើម្បី​ការពារ​ដល់​តួ​ប្រាសាទ​អង្គរវត្ត​ទាំង​មូល​តែ​ម្ដង​។ តាម​រយៈ​វីដេអូ​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា ស្ថាបត្យករ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​នោះ បាន​យក​ដី​ខ្សាច់ ដើម្បី​ចាក់​គ្រឹះ​កសាង​ប្រាសាទ​អង្គរ​វត្ត ព្រោះ​បុព្វ​បុរស​ខ្មែរ​ជឿ​ថា ដី​ខ្សាច់​អាច​ធ្វើ​ឱ្យ​តួ​ប្រាសាទ ឈរ​រឹង​មាំ​បាន​រាប់​ពាន់​ឆ្នាំ​។
តាម​ការ​ស្រាវ​ជ្រាវ​​ពី​បុរាណ​វិទូ បាន​បង្ហាញ​ទៀត​ថា ដី​ខ្សាច់​ជា​ប្រភេទ​ដី​មាន​សំណើម​ ដូច្នេះ​ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​បន្សើម​ជា​ប្រចាំ។ ដូច្នេះ​ប្រសិន​បើ​ដី​ខ្សាច់​គ្មាន​ជាតិ​ទឹក នោះ​តួ​ប្រាសាទ​ទាំង​មូល​អាច​ស្រុត​ចុះ​បាន​។ ​ដោយ​មូលហេតុ​នេះ​ ហើយ​ទើប​ស្ថាបត្យករ​របស់​ខ្មែរ ក្នុង​សម័យ​នោះ​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​នាក់ ដើម្បី​ជីក​ស្រះ​ធ្វើ​ជា​គូ​ទឹក ដែល​មាន​បណ្ដោយ​​ប្រវែង​រហូត​ដល់​ជាង ១៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ២០០​ម៉ែត្រ​។
៦. ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ ដូច​កំពូល​ប្រាសាទ​អង្គរវត្ត
​ចម្រឹង​នៃ​បង្អួច​ប្រាសាទ​អង្គរ​វត្ត​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ ស្ទើរ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ឡើយ​។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ​កាន់ សុខ​ម៉េង ​មគ្គុទ្ទេសក៍​ភាសា​បារាំង អង់គ្លេស​ និង​ថៃ បាន​ស្រាយ​ពី​អាថ៌​កំបាំង​នេះ​ថា ស្រមោល​ពន្លឺ​ថ្ងៃ នៃ​ចម្រឹង​បង្អួច​ប្រាសាទ​អង្គរ​វត្ត ​គឺ​ជា​ប្រាសាទ​កំពូល​ប្រាំ និង​កំពូល​៣។
៧. មាន​សំណង់​ជា​ច្រើន​ទៀត កប់​ក្នុង​ដី​ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត​
កាល​ពី​ដើម​ឆ្នាំ២០១៥ សារព័ត៌មាន​អង់គ្លេស​ Daily Mail បាន​ចុះ​ផ្សាយ​ថា ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​​​​សំណង់​បុរាណ​​​​​​​​ខ្សាច់​ដ៏​ធំ​មួយ​រួម​​​ជា​មួយ​​​សំណង់​​​​​កប់​ក្នុង​ដី​ជា​ច្រើន​​នា​បរិវេណ​ខាងក្រោម​នៃប្រាង្គ​​ប្រាសាទ​អង្គរ​វត្ត​​​ ដែល​ជា​ការ​គាស់​របើក​នូវ​អាថ៌កំបាំង​ថ្មី​មួយ​ទៀត ​ទាញ​បាន​ចំណាប់​អារម្មណ៍​អ្នក​ស្រាវជ្រាវ​ទូទាំង​ពិភពលោក​។
ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Sydney បាន​ស្រាវជ្រាវ​​​​នៅ​កម្ពុជា​ក្នុង​គម្រោង​មួយ​ឈ្មោះ​ Greater Angkor Project។ ​ដោយ​ប្រើ​​បច្ចេកវិទ្យា​ឡាស៊ែរ ​LiDAR ជា​មួយ​​រ៉ាដា ពួក​គេ​បាន​​​រក​ឃើញ​ និង​ជីក​​រក​សំណង់​បុរាណ​​ជា​ច្រើន​​កប់​ក្នុង​ដី​អាថ៌កំបាំង​នោះ។ កាល​ពី​ពេល​មុន​គេ​ជឿ​ថា​​ប្រាសាទ​​អង្គរវត្ត​របស់​កម្ពុជា​​គឺ​​ស្ថិត​ក្នុង​​ទី​កន្លែង​សក្ការបូជា ប៉ុន្តែ​បន្ទាប់​ពី​រក​ឃើញ​សំណង់​បុរាណ​ដី​ខ្សាច់​រាង​រង្វង់​​​ធំ​មួយ ​ព្រម​ទាំង​សំណល់​នៃ​សំណង់​បុរាណ​កប់​ក្នុង​ដី​នេះ​មក​​ បុរាណ​វិទូ​ជា​ច្រើន​​និយាយ​ថា​​ប្រាសាទ​អង្គរវត្ត​គឺ​​មាន​ភាព​ស្មុគស្មាញ​​និង​អាថ៌កំបាំង​​ជាង​​ការ​គិត​ទៅ​ទៀត។
ក្រៅ​ពី​ចំណុច​ទាំង៧ ខាង​លើ​នេះ នៅ​មាន​រឿងរ៉ាវ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ប្រាសាទ​អង្គរវត្ត​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក រហូត​មាន​ប្រទេស​នានា​ចម្លង​តាម។ ចំណែក​ក្រុម​អ្នក​ស្រាវជ្រាវ​នានា នៅ​តែ​បញ្ចេញ​របក​គំហើញ​ថ្មី​ៗ​បន្ត​បន្ទាប់ ក្រោយ​ពេល​រុក​រក​អាថ៌កំបាំង​នៅ​តំបន់​នេះ៕

Tuesday, May 23, 2017

ដំណឹងលក់ដីឡូតិ៍ ក្រុមហ៊ុនស្កាយលែន

សូមអញ្ជេីញមកទស្សនាតំបន់បៃតងស្កាយលែនពិតៗដែលមានទីតាំងនៅវិហារសួគ័ សូមអរគុណ! ប្រញាប់ឡេីងត្រឹមតែ126$ក្នុងមួយខែសំរាប់ដីឡូត៏(5mX20m)
*បពា្ជក់:ខាងក្រុមហ៊ុនមានរថយន្តទំនេីបៗសំរាប់ជូនទៅទស្សនាផ្ទាល់ដល់ទឹកដីស្កាយលែន
ដេាយមិនចំណាយអ្វីឡេីយ។#SKYLAND មានអាស័យដ្នាននៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល.
~គំរោងទី2ចាប់បេីកលក់ហេីយ(5m×20m)បង់ត្រឹមតែ 126$/ខែ តែប៉ុណ្ណោះ គ្មានប្រាក់កក់ ចាំអីទៀតពេលនេះ
ជាឱកាសដ៏ល្អបំផុតសំរាប់លោកអ្នកមកទទួលការរស់នៅតំបន់ដែលពោរពេញទៅដោយ៖
~រោងចក្រ(23) ផ្សាររាត្រី ផ្សារបណ្តែតទឹកដំបូងគេបង្អស់នៅកម្ពុជា ផ្សារទំនេីប3ជាន់ ទីលានប្រណាំងសេះ ទីលានវាយកូនហ្កូលទំលាក់ទឹក រូបសំណាក់ព្រះពុទ្ធកំពស់70m សួនផ្កាឈូក បឹងជិះទូកលេងកំសាន្ត ផ្ទះលូ ផ្ទះស្នោ ផ្ទះកុងតានឺ.....ល។ ចាប់អារម្មណ៍សូមផ្ញេីរលេខទូរសព្ទ័ចូល Inbox ខាងក្រុមការងារនឹងខលត្រឡប់ទៅវិញ។
Tel: 017 52 86 52/ 010 492 437
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks