Tuesday, September 30, 2014

ឈឺចិត្តស្អិតទ្រូង ចង់បានប្រពន្ធ

ឈឺចិត្តស្អិតទ្រូង ចង់បានប្រពន្ធ
រងទុក្ខទារុណគ្រំាគ្រាបេះដូង
រាល់យប់ពេលគេងយល់សប្តិ យល់សូង
រសស្នេហ៏ដំបូង ខ្ញុំចង់ស្គាល់ជាតិ ។
---------------------------------------------
ផេង វិសុដ្ឋារ៉ាមុនី

ប្រាសាទអង្គរវត្ត

អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាបមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និង វិមានសាសនា ដ៏ធំបំផុត នៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និង មានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើង នៅដើមសតវត្សទី១២ នៅយសោធរបុរៈ(សម័យបច្ចុប្បន្ន អង្គរអធិរាជាណាចក្រខ្មែរ ជា ប្រាសាទតំណាង និង ព្រះសុសានចុងក្រោយ របស់ព្រះអង្គ។ ដែលងាកចេញពី ប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្តដែលជំនួសមកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។ ជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនា ដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូងព្រហ្មញ្ញសាសនា បូជាដល់ ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម។ ប្រាសាទនេះ ស្ថិតនៅក្នុង រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបានក្លាយជា និមិត្តរូបកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព តំណាងប្រទេសជាតិខ្មែរ និង វាក៏ជាការទាក់ទាញ ពួកអ្នកទេសចរណ៍សំខាន់ របស់ប្រទេសនេះផងដែរ។

អត្ថន័យ​ របស់​ ពិធី​ហៅ​ព្រលឹង​ ក្នុង សង្គម​ខ្មែរ​

អត្ថន័យ​ របស់​ ពិធី​ហៅ​ព្រលឹង​ ក្នុង សង្គម​ខ្មែរ​

----------------------------------------------------------
បើ​ពិនិត្យមើល​បរិបទ​ទូទៅ​នៃ​ទំនៀមទម្លាប់ យើង​ឃើញថា ពិធី​នេះ​គឺជា​ប្រពៃណី​អាយ​របស់​អម្បូរ​មន​-​ខ្មែរ ដែលជា​រដ្ឋវាសី​ពោលគឺ ពុំមែន​ជាម​រតក​អរូបី​មកពី​ឥណ្ឌា​ឡើយ​។ មានន័យថា ជំនឿ​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ទស្សនវិជ្ជា​របស់​សហគម​ន៍​ខ្មែរ​ដើម និង​មនុស្ស​ខ្មែរ ឥណ្ឌា​និយម ដែល​ផ្តើមចេញពី​ជំនឿ​លើ​ភាពផ្ទុយ​គ្នា ឬ​ភាពជា​គូបដិបក្ខ​នៃ​បាតុភូតធម្មជាតិ ដែល​គ្រប់គ្រង​លោក​យើង​នេះ ដូចជា​ធាតុ​ក្តៅ​-​ត្រជាក់​, ទឹក​-​ភ្លើង​, ល្អ​-​អាក្រក់​, ព្រៃ​-​ស្រុក​, ស្លាប់​-​រស់​, ភ្លឺ​-​ងងឹត ហើយ​មួយវិញទៀត​សោត ទស្សនៈ​វិទ្យា​នេះ ក៏មាន​លក្ខណៈ​ជាស​កល​ផងដែរ​។​
សូមបញ្ជាក់ថា ខ្មែរ​បុរាណ​ជឿថា ចំនួន​ព្រលឹង​ដែល​សណ្ឋិត​ក្នុង​ខ្លួនប្រាណ​មនុស្ស​ម្នាក់ៗ មាន​ទាំងអស់​ទៅដល់​១៩ ហើយ​កា​លើ​មួយ​ភាគ​ធំ​នៃ​ធាតុ​ដ៏​សំខាន់​នេះ ដែល​ទ្រ​ទង់​ជីវិត​កុំ​ឲ្យ​រលត់​សាបសូន្យ​នោះ ត្រូវបាន​បាត់បង់​កាលណា កាលនោះ​នឹង​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​។ ម្ល៉ោះហើយ គេ​ត្រូវ​ទៅរក​គ្រូអាចារ្យ ប្រារព្ធ​ពិធី​ហៅ​ព្រលឹង​ទាំងនោះ​ឲ្យ​ត្រឡប់មក​សណ្ឋិត​ក្នុង​ខ្លួន​វិញ​។ បើ​ពុំ​ដូច្នោះ​ទេ ព្រលឹង​ទាំងនោះ​នឹងមិន​ត្រឡប់មកវិញ​ឡើយ ហើយ​អ្នកមាន​ជម្ងឺ​អាច​ទទួល​មរណកាល​ដោយ​យថាហេតុ​។​
ក្បួន ឬ​តម្រា​ហៅ​ព្រលឹង​នាគ ដើម​ស​.​វ​ទី​២០ (​ឯកសារម​.​ត)
ក្បួន ឬ​ តម្រា​ ហៅ​ព្រលឹង​នាគ ដើម​ស​.​វ​ទី​២០ (​ឯកសារម​.​ត)
​លោកគ្រូ ឬ​អាចារ្យ​ដែល​ប្រារព្ធ​ពិធី​នេះ ត្រូវ​ចេះ​ចាំ​អត្ថបទ​ហៅ​ព្រលឹង​យ៉ាង​ស្ទាត់ ហើយ​គាត់​អមដោយ​

អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩)

អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩)

------------------------------------------------------------
​តាម​ឯកសារ​ស្រាវជ្រាវ យ័ន្ត​ខ្មែរ​ដែលមាន​ច្រើន​ប្រភេទ​ត្រូវបាន​នាំចូល​ក្នុង​អតីត​ទឹកដី​ខ្មែរ តាំងពី​សម័យ​នគរ​ភ្នំ ឬ​ហ្វូ​-​ណន តាមរយៈ​ការផ្សព្វផ្សាយ​នៃ​លទ្ធិ​សាសនា​ឥណ្ឌា​ធំៗ ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។ ថ្វីត្បិតតែ​មាន​ប្រភពពី​ឥណ្ឌា ដែលជា​ទឹកដី​កំណើត​ក្តី ក៏ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌា​មិនមាន​ការនិយម​ប្រភេទ​យ័ន្ត​ដូច​នៅ​កម្ពុជា​ឡើយ ដូច​ករណី​អាវ និង​មួក​យ័ន្ត​ជាដើម​។
អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩​នៃ​គ​.​ស​) ឯកសារ សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​
អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩​នៃ​គ​.​ស​) ឯកសារ សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​
នេះ​ស​ឲ្យ​ឃើញថា យ័ន្ត​ខ្មែរ​សព្វថ្ងៃនេះ គឺជា​ស្នាដៃ​ផលិតឡើង​ដោយ​គ្រូខ្មែរ​យ៉ាងពិតៗ ដែល​ចេះ​បង្កើត​នូវ​គំនូស​យ័ន្ត​គ្រប់​ប្រភេទ ដោយ​ទេពកោសល្យ​ខ្ពស់​។ ជា​រៀង​រាល់ដង នៅពេលដែល​យាង​ទៅណា​ម្តងៗ ជាពិសេស​នៅពេល​ធ្វើសឹក​សង្គ្រាម ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​និយម​ប្រើ​អាវ និង​មួក​យ័ន្ត ហើយ​ការនិយម​យ័ន្ត​នេះ​បានក្លាយ​ទៅជា​ទម្លាប់​យ៉ាងសំខាន់​មួយ​សម្រាប់​ព្រះមហាក្សត្រ​ខ្មែរ និង​ថៃ ដែលជា​និច្ចកាល គឺធ្វើឡើង​សម្រាប់​ការពារ​នៅលើ​សមរភូមិ​។​
ដូចនេះ​គោលបំណង​របស់​ការនិយម​អាវ ឬ​ពួក​យ័ន្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ ដូច​ករណី​អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង កាលពី​ពាក់កណ្តាល​ស​.​វ​ទី​១៩ គឺ​ដើម្បី​ការពារ​ព្រះ​សុវត្ថិភាព និង​បង្កើន​ឆ​ន្ទះ​ដ៏​ម៉ោះ​មុត ដែលជា​វិធានការ​ចាំបាច់ ក្នុងការ​ធ្វើសឹក​សង្គ្រាម​មួយ​ដែល​អាច​នឹង​កើតមានឡើង ដូចជា​ការធ្វើដំណើរ​ជិត​ឆ្ងាយ តាមរយៈ​ការទទួល​នូវ​អំណោយ​ស័ក្តិសិទ្ធិ​នៃ​គំនូស​យ័ន្ត ដែល​ទ្រង់​គ្រង​លើ​ព្រះកាយ​។​
​វត្តមាន​របស់​អាវ​យ័ន្ត​ខាងលើ គឺជា​តឹកតាង​ជាក់ស្តែង​មួយ​បង្ហាញ​ឲ្យ​ដឹងថា ខ្មែរ​ចូលចិត្ត​ប្រជាប្រិយ និយម​យ័ន្ត ហើយ​ទម្លាប់​នេះ​បាន​ក្លាយទៅជា​វប្បធម៌​ជាតិ​យ៉ាង​ប្រាកដ​៕ (​ម​.​ត្រា​ណេ)

ឧស្សាហកម្ម​លោហៈ មាស និង ​ប្រាក់ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​

ឧស្សាហកម្ម​លោហៈ មាស និង ​ប្រាក់ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​
-----------------------------------------------------------------------
​មាស​ត្រូវបាន​អ្នកស្រុក​ចាត់ទុកថា ជា​វត្ថុ​សក្តិ​សិទ្ធិ ពាក់ព័ន្ធ​ទៅនឹង​ឈាម ឬ​ព្រះអាទិត្យ ដោយហេតុថា ដូច​ព្រះអាទិត្យ​ដែល​បញ្ចេញ​កាំរស្មី​ក្រហមឆ្អៅ ដែលជា​ប្រភព​នៃ​ជីវិត មាស​ពណ៌​ក្រហម ត្រូវបាន​ប្រៀបផ្ទឹម​ទៅនឹង​ព្រះអាទិត្យ​។ រីឯ​ប្រាក់​វិញ វត្ថុធាតុដើម​នេះ រមែងតែ​គេ​ប្រដូច​ទៅនឹង​ព្រះ​ច័ន្ទ ដែលមាន​លក្ខណៈ​ស​ថ្លា​។ បើ​និយាយ​ម្យ៉ាងទៀត លោហៈធាតុ​ទាំងពីរ​ប្រភេទ​ខាងលើនេះ ត្រូវបាន​ចាត់ទុកថា​ជាវ​ត្ថុ​សក្តិ​សិទ្ធិ ពោលគឺ​សុទ្ធសឹង​តែមាន​បារមី​កាន់​។​
ចិញ្ចៀន​, ក្រវិល​ត្រចៀក​, កងដៃ និង​អង្កាំ (​ឯកសារ​: យុគសម័យ​មាស​ដំបូង នៅ​កម្ពុជា ការធ្វើ​កំណាយ នៅ​ស្ថានីយ៍​ព្រ​ហារ​, ប៊​ន ២០០៩)
ចិញ្ចៀន​, ក្រវិល​ត្រចៀក​, កងដៃ និង​អង្កាំ (​ឯកសារ​: យុគសម័យ​មាស​ដំបូង នៅ​កម្ពុជា ការធ្វើ​កំណាយ នៅ​ស្ថានីយ៍​ព្រ​ហារ​, ប៊​ន ២០០៩)
​ដោយ​មូលហេតុ​នេះហើយ ប្រភេទ​លោហៈ​ទាំងនោះ​មានតម្លៃ​ជាង​អ្វីៗ​ទាំងអស់​ក្នុង​លោក ក្នុង​ក្រសែភ្នែក​របស់​បុព្វការី​ជន​ខ្មែរ នា​គ្រប់​សម័យកាល​ទាំងអស់​។ ពីមុន​សម័យ​ប្រវត្តិសាស្ត្រ​រហូតដល់​បច្ចុប្បន្ន​ភាព មាស និង​ប្រាក់​ត្រូវបាន​គេ​យកមក​ផលិត​ធ្វើជា​រូបសំណាក់​តំណាង​ឲ្យ​ព្រះអាទិទេព ព្រមទាំង​គ្រឿងអលង្ការ​សម្រាប់​តុបតែង​រូបរាងកាយ​របស់​មនុស្ស​ទាំង​ពីរភេទ​។ នៅពេលដែល​ពាក់​គ្រឿងអលង្កា​ធ្វើ​អំពី​មាស ឬ​ប្រាក់ គេ​មាន​អារម្មណ៍​ថា មាន​សារជាតិ​ពិសិដ្ឋ​ម្យ៉ាង​ជ្រួតជ្រាប​តាម​កោសិកា ធ្វើ​ឲ្យ​គេ​រឹង​ម៉ាំ ក្លាំងក្លា អង់អាច ក្លាហាន ហើយ​រូបរាងកាយ​ចែងចាំង​ខុសពី​ប្រក្រតី​។ បើ​និយាយ​ម្យ៉ាងទៀត មាស និង​ប្រាក់​អាចជួយ​យកអាសារ​មនុស្ស​បាន​យ៉ាង​ប្រាកដ​។​
គ្រឿងអលង្ការ​មាស រាង​មូល (​ឯកសារ​: យុគសម័យ​មាស​ដំបូង នៅ​កម្ពុជា ការធ្វើ​កំណាយ នៅ​ស្ថានីយ៍​ព្រ​ហារ​, ប៊​ន ២០០៩)
គ្រឿងអលង្ការ​មាស រាង​មូល (​ឯកសារ​: យុគសម័យ​មាស​ដំបូង នៅ​កម្ពុជា ការធ្វើ​កំណាយ នៅ​ស្ថានីយ៍​ព្រ​ហារ​, ប៊​ន ២០០៩)
នៅ​ស្ថានីយ​ភូមិ​ព្រ​ហារ ខេត្តព្រៃវែង និង​នៅ​ភូមិ​ស្នាយ ខេត្តបន្ទាយមានជ័យ មាស និង​ប្រាក់ ត្រូវបាន​គេ​យកមក​ធ្វើជា​គ្រឿង​លម្អរ​រូបរាងកាយ​មនុស្ស​ទាំង​ពីរភេទ ដូចជា​ក្រវិល​ត្រចៀក បន្តោង​ខ្សែក ចិញ្ចៀន និង​សន្លឹក​មាស​ស្តើងៗ​ដែល​គេ​រមូរ​ឲ្យ​មូល​ដើម្បី​ពាក់​នៅ​ចង្កេះ លើ ក ឬក៏​ប្រើ​ជា​ត្រសាល់​ត្រចៀក​ជាដើម​។ យ៉ាងណាមិញ​នៅ​ស្ថានីយ​គោក​អូរ​ជួ នៅ​ដែនដី​សណ្តរ​ឯណោះ​វិញ គេ​ក៏បាន​រកឃើញ​គ្រឿងអលង្ការ​ធ្វើ​អំពី​មាស ដែល​ស្ថិតក្នុង​បរិបទ​វប្បធម៌​មន​-​ខ្មែរ ហើយ​ដែលមាន​អាយុកាល​ដូចគ្នា​។​
ក្រវិល​ប្រាក់ ស្នាយ សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក (​ម​.​ត ២០០៨)​
ក្រវិល​ប្រាក់ ស្នាយ សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក (​ម​.​ត ២០០៨)​
តាមរយៈ​លទ្ធផល​នៃ​ការវិភាគ​រក​កាលបរិច្ឆេទ​ដោយ​ប្រើ​បច្ចេកទេស​វិទ្យុសកម្ម​C14 យើង​អាច​ដឹងថា គ្រឿងអលង្កា​ទាំងនោះ ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពី​ពិធី​កប់​សព ត្រូវបាន​ផលិតឡើង​ប្រមាណ​ជា ១៥០/១០០​ឆ្នាំ មុន​គ​.​ស ទៅ ១០០​ឆ្នាំ​នៃ​គ​.​ស​។ ជាទូទៅ ដោយសារតែ ត្រូវបាន​កប់​ទៅ​ជាមួយនឹង​សព បុរាណវត្ថុ​ទាំងនោះ មិន​គ្រាន់តែ​ត្រូវបាន​ប្រើប្រាស់​ជា​គ្រឿង​លំអ តុបតែង​ខ្លួនប្រាណ ឬក៏​បញ្ជា​ក់នូវ​ឋានៈ​ក្នុងសង្គម​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​រមែងតែ​ពាក់​ព័ទ្ធ​ទៅនឹង​ជំនឿ​សាសនា​ផងដែរ ដូច​ករណី​របាំងមុខ (​មនុស្ស​) ធ្វើ​អំពី​សន្លឹក​មាស​ស្តើង​ដែល​គេ​រកឃើញ​នៅ​ខេត្ត​ប៉ា​រៀ​-​វុង​តាវ នៅឯ​វៀតណាម​ខាងត្បូង ជា​សក្ខីកម្ម​ស្រាប់​។ សូម​រំ​ឮ​ក​នៅទីនេះ​ផងដែរ​ថា របាំងមុខ​បែបនេះ​ត្រូវបាន​រកឃើញ​នៅលើ​ទឹកដី​នៃ​ទីក្រុង​អង្គរបុរី​ផងដែរ តែ​ស្ថិត​ក្នុងសម័យ​ដើម​ប្រវត្តិសាស្ត្រ​។​
ក្បាំងមុខ នៅ​ខេត្ត​ប៉ា​រៀ​, គ្រឿងអលង្ការ នៅ​យ៉ុង​កា​យោ (​ឯកសារ វៀតណាម​) និង អង្កាំមាស នៅ​ស្ថានីយ៍ នើ​ន​អ៊ូ​លោក (​ឯកសារ​ថៃ​)​
ក្បាំងមុខ នៅ​ខេត្ត​ប៉ា​រៀ​, គ្រឿងអលង្ការ នៅ​យ៉ុង​កា​យោ (​ឯកសារ វៀតណាម​) និង អង្កាំមាស នៅ​ស្ថានីយ៍ នើ​ន​អ៊ូ​លោក (​ឯកសារ​ថៃ​)​
ដូចនេះ មាស និង​ប្រាក់ មិន​គ្រាន់តែ​តំណាង​ឲ្យ​ភាព​ស្តុកស្តម្ភ ទ្រព្យសម្បត្តិ ឬក៏​ឋានៈ​ក្នុងសង្គម​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ភាព​បរិសុទ្ធ ភាព​អមតៈ​ផងដែរ ដោយហេតុថា គុណសម្បត្តិ​ដ៏​វិសេសវិសាល​មួយទៀត​នៃ​លោហៈធាតុ​នេះ គឺ​ភាព​មិនចេះ​ពុកផុយ ឬ​សាបសូន្យ​។ ដូច្នេះហើយ​បានជា​គេ​ផលិត​ព្រះអាទិទេព​ធ្វើ​អំពី​មាស​។ ហើយ​ការគោរព​ចម្លាក់​តំណាង​ព្រះអាទិទេព​ធ្វើ​អំពី​មាស ត្រូវបាន​បន្ត​រហូតដល់​សម័យ​ទំនើប​យើង​នេះ​។
រូប​ផ្គាំ​, ក្រវិល និង បន្តោង ក មាស​ស្រោប ស្ថានីយ​ស្នាយ សារមន្ទីរ​ជាតិ​ទួលគោក (​ម​.​ត ២០០០)​
រូប​ផ្គាំ​, ក្រវិល និង បន្តោង ក មាស​ស្រោប ស្ថានីយ​ស្នាយ សារមន្ទីរ​ជាតិ​ទួលគោក (​ម​.​ត ២០០០)​
ជារួម គេ​អាច​សន្និដ្ឋានបានថា មិនមែន​នៅតែ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ទេ ដែល​គ្រឿងអលង្ការ​ធ្វើ​អំពី​មាស និង​ប្រាក់​ត្រូវបាន​និយម​នោះទេ ក៏ប៉ុន្តែ​នៅតាម​តំបន់​នានា​មួយចំនួន​ផ្សេងទៀត​ដូច​នៅ​ប្រទេស​ថៃ និង​វៀតណាម​ខាងត្បូង​ជាដើម​៕ (​ម​.​ត្រា​ណេ)
ប្រភពឯកសារ៖ខេមបូឌាអេចបេ្រសញូស៍

ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ចាប់​តាំង​ពី​មាន​អនុសញ្ញា​នៃ​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ​១៩៧២ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ចុះ​បញ្ជី​រមណីយដ្ឋាន​ចំនួន​៩៨១ ដែល​មាន​នៅ​ក្នុង​ប្រទេស​១៦០ ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក។ ក្នុង​ចំណោម​រមណីយដ្ឋាន​ទាំង​នោះ គឺ​មាន​រមណីយដ្ឋាន​វប្បធម៌​ចំនួន ៧៥៩​កន្លែង ហើយ​កម្ពុជា បាន​ចុះ​បញ្ជី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ចំនួន​២ គឺ​តំបន់​អង្គរ​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ នៅ​ឆ្នាំ​២០០៨។ យូណេស្កូ (UNESCO) បាន​ចុះ​បញ្ជី​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ផង​ចំនួន​២៩ ហើយ​នៅ​លើ​បញ្ជី​ពិភពលោក ផ្នែក​បេតិកភណ្ឌ​អ​រូបិយ ប្រទេស​កម្ពុជា បាន​ចុះ​ចំនួន​២ គឺ​របាំ​ព្រះរាជទ្រព្យ​នៅ​ឆ្នាំ​២០០៣ និង​ល្ខោន​ស្បែក​ធំ​នៅ​ឆ្នាំ​២០០៥៕

ព្រះរាជពីធីច្រត់ព្រះនង្គ័ល ¶ ប្រភពបុរេអង្គរ និង អត្ថន័យ របស់ ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម

ព្រះរាជពីធីច្រត់ព្រះនង្គ័ល
------------------------------
ប្រភពបុរេអង្គរ និង អត្ថន័យ របស់ ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម

ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើ  ឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ ឯវាលព្រះ មេរុ ស្ថិតនៅពីខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃ នេះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។
ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ
ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ
យោងតាមការសិក្សាស្រាវជ្រាវរបស់យើង ប្រភពឥណ្ឌា នៃ ព្រះរាជពិធីនេះ អាចគូសបញ្ជាក់ប្រាប់យើងតាមរយៈ រឿងរាមាយណៈឥណ្ឌា  និងរឿងរាមកេរ្តិ៍៑ខ្មែរ ដែលជាភស្តុតាងប្រវត្តិសាស្ត្រមួយ កាត់ថ្លៃពុំបានឡើយ ។ រាល់ការបកស្រាយខុសពីនេះ គឺជាការភាន់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរ ហើយវាក៏មានលក្ខណៈបញ្ច្រាសពីប្រវត្តិសាស្ត្រពិតផងដែរ ។
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយយ៉ាងសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗ ឯទៀតប្រចាំឆ្នាំ ។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជាយើង ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។
ចំណាស់នៃព្រះរាជពិធីនេះក៏អាចបញ្ជាក់យ៉ាងច្បាស់ តាមរយៈវិស័យបដិមាសាស្ត្របុរាណខ្មែរ ដូចជាចម្លាក់នានានៅសម័យបុរេអង្គរ និង អង្គរ មានដូចជារូបសំណាក តំណាងព្រះរាម កាន់ព្រះនង្គ័ល នៅនឹងដៃ ដែលគេហៅថាពលរាម ឬរាមទេព ។ យើងសូមរំលឹកថា ចម្លាក់ពលរាមនេះ ត្រូវបានគេរកឃើញនៅ បាតប្រាសាទភ្នំដា ស្ថិតក្នុងអំឡុងសតវត្សរ៍ទី ៥-៦ នៃគ្រិស្តសរាជ ហើយសព្វថ្ងៃនេះ កំពុងស្ថិតក្រោមការថែរក្សា នៅក្នុងសារមន្ទីរជាតិនៅក្នុងទីក្រុងភ្នំពេញ ។ ចម្លាក់របស់ព្រះអាទិទេពខាងលើនេះក៏ត្រូវបានគេឆ្លាក់ នៅលើក្បាច់ហោជាង នៃប្រាសាទបន្ទាយស្រី ដែលត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ៩៦៧ នៃគ្រិស្តសករាជដែរ ។ ទាំងនេះជាឯកសារ ប្រយោល នៃ ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល យ៉ាងប្រក្សត្រ ។
សេចក្តីកត់សម្គាល់ខាងលើនេះមិនបានធ្វើឲ្យអ្នកបុរាណវិទ្យា យើងភ្ញាក់ផ្អើលនោះ ទេ ។ ពីព្រោះលទ្ធិព្រហ្មញ្ញសាសនា ដែលបានចាក់ឫសគល់យ៉ាងជ្រៅទៅហើយនៅ ក្នុងព្រះរាជាណាចក្រនគរភ្នំ (ហ្វូណន) ប្រមាណជា ២.០០០ ឆ្នាំមកហើយនោះ បាននាំមកនូវប្រពៃណីពីឥណ្ឌា ដែលពាក់ព័ន្ធទៅនឹងវិស័យសាសនា និងរបបគ្រប់គ្រងរៀបចំប្រទេសតាមបែបរាជាធិបតេយ្យ ៘ ប្រពៃណីបែបឥណ្ឌានិយមទាំងនោះក៏បានក្លាយទៅជាប្រពៃណីខ្មែរសុទ្ធសាធ ដោយមានការវិវឌ្ឍន៍បន្តិចម្តងៗ តាមផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន ។
សេចក្តីដែលបានអះអាងខាងលើនេះជាសក្ខីកម្មមួយ ចង្អុលបង្ហាញនូវឥទ្ធិពលនៃលទ្ធិព្រហ្មញ្ញសាសនា និងពិធីកម្មមួយចំនួនបែបព្រាហ្មណ៍និយមរបស់ឥណ្ឌាលើសង្គមខ្មែរយើង ។
នៅក្នុងសម័យបុរេអង្គរ ឬអង្គរ ជាពិសេសក្រោយមកនៅសម័យឧដុង្គ គេឃើញព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ដែនដីនៃកម្ពុជរដ្ឋ ទ្រង់ប្រារព្ធព្រះរាជពិធីដ៏សំខាន់ខាងលើនេះផ្ទាល់ហើយមុនគេនៅក្នុងខែពិសាខ គឺក្នុងពេលដែលភ្លៀងចាប់ផ្តើមធ្លាក់តិចៗ ជាបណ្តើរៗលើប្រថពី ។ ថ្វីត្បិតតែការប្រារព្ធពិធីនេះគ្រាន់តែជានិមិត្តរូបក៏ពិត មែន (ពីព្រោះព្រះរាជាយាងច្រត់ព្រះនង្គ័លតែបីជុំនៅលើវាលព្រះស្រែតែប៉ុណ្ណោះ) ក៏ប៉ុន្តែពិធីនេះបង្កប់ទៅដោយនូវអត្ថន័យយ៉ាងស៊ីជម្រៅគួរឲ្យចាប់អារម្មណ៍ក្រៃលែង ។
ប្រការនេះបានរំលឹកអំពីទឹកព្រះទ័យរបស់ហ្លួងក្នុងវិស័យកសិកម្ម ។ការណ៍ដែលព្រះមហាក្សត្រខ្មែរ ឬក៏តំណាងព្រះរាជា(ស្តេចមាឃ)  និងព្រះអគ្គមហេសី(នាងមេហួ)បើករដូវភ្ជួរស្រែចម្ការមុនគេបង្អស់នោះ វាគឺជាការបង្ហាញនូវការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្លា របស់ទ្រង់លើវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់ជាតិ។ទោះ បីជាត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះក៏ដោយ វត្តមានរបស់គំនូរខ្មែរមួយចំនួននាសម័យបុរេអង្គរ(សម័យចេនឡា) ដែលគេបានឆ្លាក់លើកុលាលភាជន៍មានរូបព្រះរាជាកំពុងភ្ជួរស្រែ ក៏ស្ថិតក្នុងបរិបទវប្បធម៌បែបព្រាហ្មញ្ញសាសនាដែរ។ ទាំងនេះជាទិន្នន័យប្រយោលស្តីពីនិរន្តរភាពនៃពិធីបុណ្យច្រត់ព្រះន័ង្គលរបស់ជនជាតិខ្មែរ ដែលគេមិនអាចបដិសេធបានជាដាច់ខាត ។ ម្យ៉ាងវិញទៀតគេក៏ជ្រាបផងដែរថា ទាំងទម្លាប់ ទាំងគំនូរបុរាណ ពោលគឺសិល្បៈក្នុងសង្គមខ្មែរ ដែលត្រូវបានផលិត ឬសូន្យឡើងនោះ គឺសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងជំនឿសាសនា ដែលមានទំនៀមទម្លាប់ប្រជាប្រិយជាគ្រឹះដ៏រឹងមាំ ។
ទន្ទឹមនឹងនេះដែរ យើងក៏ត្រូវដឹងទៀតថា ជំនឿប្រជាប្រិយខ្មែរ រមែងតែងតែសង្កត់ ធ្ងន់លើលក្ខណៈវិសេសវិសាលរបស់ព្រះរាជាខ្មែរ ដែលប្រកបដោយអច្ឆរិយភាព ។ ឈរលើទស្សនៈនេះ អ្នកស្រុកភូមិដែលជាកសិករជឿថា ព្រះរាជាមានលទ្ធភាព និង បញ្ជាលើធម្មជាតិ តាមអំណាចស័ក្តិសិទ្ធិ ដែលទ្រង់មានដើម្បីនាំមកនូវភោគផលដ៏ជាទីប្រសើរបំផុត ។ ក្នុងន័យនេះការដែលព្រះមហាក្សត្រខ្មែរ ដែលជាមហាបុរសរដ្ឋភ្ជួរស្រែមុនដំបូងគេ ឬបើនិយាយម្យ៉ាងទៀតការដែលព្រះអង្គប្រកាសបើកពិធីដាស្រូវមាន ន័យថា ព្រះអង្គនឹងធ្វើឲ្យធញ្ញជាតិលូតលាស់មានផ្លែផ្កា ។ នោះគឺជាអ្វីមួយ ដែលជាសេចក្តីត្រូវការ និងសង្ឃឹមរបស់សង្គមមនុស្ស ។
តាមពិតទៅការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ ’ស្តេច” ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ ។ មានន័យថា ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ច នោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង ។ ដូច្នេះយើងឃើញថា បើពិធីកសិកម្មខាងលើនេះមានការខកខានប្រាកដជាផលដំណាំនឹងខ្សត់ខ្សោយ រហូតដល់ទីបំផុត ប្រជានុរាស្ត្រក៏ត្រូវដាច់បាយក្រហាយទឹក ពុំខានឡើយ។
សរុបសេចក្តីមកខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច ’ស្តេច”  ហាក់ដូចជាមានលក្ខណៈចាស់ជាងជំនឿបែបឥណ្ឌានិយម ។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ ។ តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀតពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និងអត្ថន័យស្រដៀងគ្នា ព្រោះថាទោះការអនុវត្តន៍ពិធីនោះប្រកបដោយលក្ខណៈព្រាហ្មណ៍ក្តី ឬជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផលយ៉ាងច្រើនជាអតិបរមា ។ ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធតាមឆន្ទៈរបស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម ។ អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរកវឌ្ឍនភាពកំពូលនាសម័យមហានគរ គឺការគ្រប់គ្រងទឹក  ៕F (ម.ត្រាណេ)
ភស្តុតាង នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ពីបុរាណកាល

ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។
នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។
មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យ ក្រុងនគរធំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លសង្ខេប

នៅថ្ងៃទី១រោច ២រោច និង៣រោចខែពិសាខ ចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។
ថ្ងៃទី៤រោចខែពិសាខចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះអង្គនិងភរិយាចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។
គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។
មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិសបូព៌មួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
* រោងទិសបូព៌ ជាមុខងារសេនាបតីទី១រៀបធ្វើ
* រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២រៀបធ្វើ
* រោងទិសនិរតី ជាមុខងារសេនាបតីទី៣រៀបធ្វើ
* រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤រៀបធ្វើ
ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។
ការរៀបចំមុនថ្ងៃច្រត់ព្រះនង្គ័ល

សែនក្រុងព្រះពលី ជាការបូជាដល់ស្ដេចនៃពួកទេត្យឈ្មោះពលីហៅថា សែនក្រុងពលី ឬពលិការក្រុងពលី។
នៅថ្ងៃ១រោចវេលារសៀលរវាងខាងដើមយាម៦ គឺម៉ោង៥ មុនពេលធ្វើហោមពិធី ព្រហ្មណ៍អម្បាលនោះប្រជុំគ្នារៀបសែនក្រុងពលី និងព្រះភូមិនាងគង្ហីង ព្រះធរណី ដែលគេនិយមហៅថា ម្ចាស់ទឹកម្ចាស់ដីនៅត្រង់រវាងកណ្ដាលព្រះស្រែដើម្បីសុំទឹកដី ធ្វើការ។
ឯរណ្ដាប់សែនក្រុងពលី មានកំណត់ចំនួនដូច្នោះគឺ ជម៤ អង្ករមួយសៀន ឬមួយផ្ដិល សណ្ដែក ល្ង១កន្ទោង ទៀនធំ១ ប្រាក់១បាត (សម័យនោះប្រើប្រាក់មួយរៀល) សំពត់ស្លៀកពាក់១សម្រាប់គឺសំពត់ស្លៀក១ អាវ១ ក្រមា១ ទឹកអប់១គូ ស្លាបារី១គូ (ពីរជើងពាន) ចម្អាប១ថាស បង្អែម១ថាស ទឹក១ផ្ដិល កន្ទេល១ ខ្នើយ១ និងមានពែមួយរួត១ (គេហៅថាពែក្រុងពលី) ទំហំ១ហត្ថ៥ធ្នាប់បួនជ្រុងស្មើ ហើយមានពែមូលមួយតូចដាក់ត្រង់កណ្ដាល ពែធំនេះជាសម្រាប់ក្រុងពលីពែច្រមុះជ្រូក៤ ដាក់ត្រង់ជ្រុងទាំង៤ នៃពែធំជាសម្រាប់ព្រះភូមិ និងនាងគង្ហីងព្រះធរណី។
វេលាសែនគេយកកន្ទេលដែលពោលខាងលើនេះមកក្រាល យកខ្នើយដាក់នៅក្បាលរមូរកន្ទេល ហើយយកគ្រឿងសំណែនទាំងអស់នេះរៀបចំដាក់លើកន្ទេល មានក្លស់មួយបាំងពីលើនៅខាងត្បូងទីសែននោះមានជីករណ្ដៅ៤ជ្រុង ជម្រៅ១ចំអាមទំហំល្មមចុះពែដែលពោលមក។ ខណៈនោះពួកព្រាហ្មណ៍ជួបជុំរៀបសែន ព្រាហ្មណ៍ជាអធិបតីយកទៀន៤អុជបិទនៅជ្រុងពែទាំង៤ តាំងនមោ៣បទ ហើយសូត្របូជាថា បទុមុត្តរោ ច បុញ្វាយំ អត្តនិយេ ច រេវតោ ទក្ខិណេ កស្សបោ ពុទ្ធោ។
សូត្រចប់ហើយចាប់គ្រឿងសំណែនគ្រប់មុខដាក់នៅក្នុងពែ ហើយលើកពែដាក់ទៅក្នុងរណ្ដៅជាការសម្រេចកិច្ច (បើខ្នើតដាក់ពែផ្ងារក្នុងរណ្ដៅ បើខាងរនោចគេដាក់ពែផ្កាប់ក្នុងរណ្ដៅ)។
ត្រណមរបស់ព្រាហ្មណ៍

ពួកព្រាហ្មណ៍តាមធម្មតាតែងកាន់ត្រណមវៀរចាកបរិភោគសាច់សត្វជំពូក ខ្លះរហូតអស់ជីវិតដូចមានកំណត់ក្នុងសាស្ត្រាច្បាប់ព្រះកេតុមាលាគឺ សាច់គោ រមាំង ឈ្លូស ប្រើស ក្របីឃ្លៀច ជ្រូកស្រុក ក្រពើ ទន្សង មាន់ស្រុក ពស់ កង្កែប ក្ដាម អន្ទង់ ត្រីទីពោ ត្រីក្រាយ ត្រីសណ្ដាយ ត្រីផ្ទក់ លៀស ខ្ចៅ គ្រំ។ តែព្រហ្មណ៍ស្រុកខ្មែរក្នុងសម័យនេះឃើញដូចជាមិនសូវកាន់តឹងតាម វិន័យនេះប៉ុន្មានទេ។
ក្នុងឱកាសចូលហោមពិធីត្រូវកាន់តែត្រណមតឹងធម្មតា គឺកាន់សីលវៀរមេថុនធម្ម រៀរបរិភោគសាច់សព្វគ្រប់ជំពូក កំណត់ឲ្យបរិភោគបាយលាយនឹងល្ងលីង សណ្ដែកលីង អំបិលលីង សម្លសាបដែលស្លដោយត្រឡាច ល្ពៅជាបន្លែដាក់ខ្ទិះដូងនិងស្ករបន្តិចផង សម្ដេចឥសីភទ្ធាធិបតី (ម៉ាំង) ថា បើស្លឲ្យត្រូវមែនទែនត្រូវលាយមីសួ និងពពុះសណ្ដែកផង។ លុះចេញពីពិធីហើយទើបបរិភោគអាហារធម្មតាបាន។
 គ្រឿងស៊ីព្រត(ស៊ីបួស)របស់ព្រហ្មណ៍

ពួកព្រាហ្មណ៍អ្នកធ្វើហោមពិធីត្រូវបានទទួលគ្រឿងស៊ីព្រត(ស៊ីបួស)តាមលទ្ធិព្រាហ្មណ៍គឺដូងទុំ១៥ផ្លែ សណ្ដែកបាយ១០នាឡិ ល្ង១០នាឡិ ស្ករស១០នាទ្បិ តែ៥កញ្ចប់ ហើយនិងជើងក្រាន (ដីដុត) ៥ទៀត។ របស់អម្បាលនេះព្រាហ្មណ៍តែងបើកអំពីឃ្លាំង ហើយបែងជា៥ភាគស្មើគ្នា ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់ធ្វើបរិភោគដូចមានពោលមកខាងលើ។

រណ្ដាប់ពលិការទេវរូបក្នុងរោងពិធី

ក្រោយពេលសែនក្រុងពលីរួចហើយ វេលាព្រលប់ដល់ពេលត្រូវពលិការបូជាទេវរូបក្នុងរោងពិធី ព្រាហ្មណ៍បុរោហិតនិមន្តព្រះបញ្ចក្សេត្រ(ទេវរូបផ្សេងៗ)ទៅតាំងនៅក្នុងរោងពិធីទាំង៥ន្លើ ហើយនឹងធ្វើកិច្ចបូជាតាមទំនៀមដូចមានក្នុងព្រះរាជកំណត់(កម្មវិធី)ដូច្នេះ។
រោងទិសបូព៌ត្រូវព្រាហ្មណ៍ព្រះរាជគ្រូនិមន្តព្រះកច្ចាយនៈទៅតាំង និងធ្វើហោមពិធី។
រោងទិសអាគ្នេយ៍ត្រូវព្រះព្រហ្មាធិរាជនិមន្តព្រះនារាយណ៍ទៅតាំង និងធ្វើហោមពិធី។
រោងទិសនិរតីត្រូវព្រះជយាធិបតីនិមន្តព្រះចន្ទទៅតាំង និងធ្វើហោមពិធី។
រោងទិសពាយ័ព្យត្រូវព្រះមិន្ធរ(មហេធរ) និមន្តព្រះឥសូរទៅតាំង និងធ្វើហោមពិធី។
រោងទិសឦសានត្រូវព្រះធម្មរាជនិមន្តព្រះភក្ខណេស(ពិឃណេស)ទៅតាំងនិងធ្វើហោមពិធី។
ការរៀបចំនៅថ្ងៃច្រត់ព្រះនង្គ័ល

អ្នកតំណាងព្រះអង្គក្នុងការច្រត់ព្រះនង្គ័លកាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯងឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។

ការតែងខ្លួនអ្នកតំណាងព្រះអង្គ របៀបតែងខ្លួនបែបបុរាណមានរបៀបដូចម្ដេចខ្លះ មិនដែលប្រទះតម្រារាយការណ៍ទុក សព្វគ្រប់ទេតែបើពោលចំពោះប្រការដែលសំខាន់ៗតាមមតិរបស់អ្នករៀបរៀងថា អ្នកតំណាងព្រះអង្គនោះតែងខ្លួនពេញយស សមស័ក្ដិជាអ្នកតំណាងព្រះអង្គ គឺតែងបែបព្រះរាជវង្សជាន់ខ្ពស់។ ក្នុងការតែងខ្លួននេះ ជាងារគ្រូស្រីល្ខោនព្រះរាជទ្រព្យ រៀបចំតែងឲ្យគ្រឿងតែងខ្លួន និងគ្រឿងដែលពួកបរិពារប្រុស ស្រី កាន់ហែទាំងប៉ុន្មានជារបស់ព្រះរាជទ្រព្យ។
អ្នកតំណាងព្រះអង្គ(ស្ដេចមេឃ) តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖
ស្លៀកសំពត់សារបាប់ពណ៌លឿងទុំសំឡុយ
ពាក់អាវសាបាប់លឿងទុំ
មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។
ឯចំណែកជំទាវ(មេហួ) ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះ ៖
ពាក់សំពត់សារបាប់ សំឡុយ
ពាក់អាវប្រែបំពង់វែង ពណ៌លឿងទុំ
ពានាក្រមាព្រែ ពណ៌លឿងបៃតង
ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ជញ្ចៀនក្បាលទទេឥតមានពាក់អ្វី។
មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិះសករាជ១៩០៥ថា ៖
ស្លៀកពាក់ហូលមានជរ
ពានាផាហ៊ុម ខាងក្នុង ស្បៃសារបាប់ខាងក្រៅ។
មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖
ស្លៀកពាក់សារបាប់សំឡុយ
ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
ពាក់ស្បៃឆៀងដូចកូនល្ខោន
និងប្រដាប់មាសពេជ្រដូចពោលហើយ។
ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។
របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។
ការច្រត់ព្រះនង្គ័លការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃនិងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។
មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។
លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌។
ការផ្សងគោឧសភរាជលំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោ ឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាងដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ ក៏ឯទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។
លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត(ជាទីតាំងព្រះកច្ជាយនទេវរូប នោះពួកបាគូក៏ចូលផ្លុំស័ង្ខព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័ល ហើយ៕
ប្រភពឯកសារ៖
ខេមបូឌាអិចបេ្រសញូស៍៖ ប្រភពបុរេអង្គរ និងអត្ថន័យរបស់ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម
កែវចាន់បូរណ៍៖ច្រត់ព្រះនង្គ័ល
Kqube.COM៖ច្រត់ព្រះនង្គ័ល

បណ្តាំអ្នកព្រះភិរម្យភាសា ក្រមង៉ុយ

បណ្តាំក្រមង៉ុយ

អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

នេះបទព្រហ្មប្រាជ្ញប្រែប្រាយប្រាប់ខ្មែរ ទាំងប្រុសស្រីឱ្យប្រិតប្រុងស្មាតីគួរគប្បីឱ្យឧស្សាហ៍។
កុំខ្ជិលកុំល្ងង់ពេកខំរៀនលេខរៀនអក្ខរារៀនគ្រប់សព្វធម៌អាថិប្រាជ្ញាផ្សំនិងគំនិត ។
កំណើតកើតជាមនុស្សមើលឱ្យធ្លុះទោះឆ្ងាយជិតចេះស្ទាត់ប្រាកដពិតគិតការអ្វីបានគ្រប់យ៉ាង។
មនុស្សល្ងង់ មិនផ្អើលភ្ញាក់ដូចភ្នែកខ្វាក់ទាំងសងខាងមានរូបគ្មានអ្វីអាងសាងបាបថោកកើត មកខ្លៅ។
ពូជមនុស្សទោះខ្ពស់ទាបកាត់តាមភាពត្រកូលផៅអាក្រក់ល្អសខ្មៅកាត់កូនចៅដូចដូនតា។
ពូជល្ងង់មិនបានបួសទុកជាទោសនឹងសាសនាអ្នកបួសចេះធម៌អាថិកូនសិក្សាខំរៀនសូត្រ ។
ពូជខ្លៅមិនសូវប្រាជ្ញពូជកោងកាចមិនសូវស្លូតពូជត្រង់ៗរហូតពូជភរភូតមិនផុតផៅ ។
ឳពុកម្តាយស្លូតត្រង់ចិត្តមិនចង់ឱ្យកូនខ្លៅជេរវាយស្តីប្រេដៅឱ្យកូនចៅបានចេះដឹង។
ឳពុកគ្មានតំរិះឃើញកូនចេះមិនដែលខឹងឃើញកូនខំប្រិតប្រឹងឳពុកដឹងតែងត្រេកអរ។
ដាស់តឿនកើនរំលឹកជេរល្ងាចព្រឹកខ្លាចកូនក្រចង់ឱ្យតែកូនល្អលោមអង្វរឱ្យកូនខំ។
កូនកាចបំពេញទុក្ខម្តាយឳពុកមានបារម្ភកូនស្លូតដឹងគួរសមមេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
ឳពុកម្តាយក្សត់ខ្សោយកុំបណ្តោយឱ្យអាប់យសខំរៀនឱ្យបានខ្ពស់គ្រាន់សង្រ្គោះដល់មេបា។
អ្នកល្ងង់ហេតុពីខ្ជិលឥតមន្ទិលរឿងធម៌អាថិគួរកូនចៅសិក្សារៀនអក្ខរាទាំងប្រុសស្រី។
កាលអង្គព្រះសាស្តាមានថេរាមានថេរីភិក្ខុភិក្ខុនីធម៌បាលីចេះចាំស្ទាត់។
លោកសង្ឃខ្លះចេះស្ទើរចេះភ្លើៗធ្វើឱ្យភ្លាត់ព្រះអង្គទ្រង់សន្មតសិក្ខាបទដល់ឥលូវ ។
ទំលាប់ទំនៀមខ្មែរខំធ្វើស្រែចង់បានស្រូវអ្នករៀនច្បាប់ខុសត្រូវទុកជាផ្លូវភ្លឺប្រាជ្ញា។
ស្រុកសៀមលាវបារាំងចេះតតាំងពីដូនតាចេះលេខចេះអក្ខរាសរសេរចារ ទាំងប្រុសស្រី។
ជាតិខ្មែរមិនចេះខ្មាសនាំពីចាស់គំនិតខ្លីល្ងង់ដប់ចេះពីរបីចេះជួញក្តីមិនចេះច្បាប់។
មិនចេះលេខអក្សរមុខមាត់ល្អប្រាជ្ញាអាប់ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់គេសូត្រប្រាប់ ទើបបានដឹង។
ភ្នែកជាភ្លឺក្រលែតល្ងង់ព្រោះហេតុមិនខំប្រឹងកើតទាស់មានចិត្តខឹងពឹងរកគេសរសេរឱ្យ។
មនុស្សក្រហេតុពីខ្ជិលមិនរមិលមើលមុខក្រោយម្យ៉ាងខ្សត់ពីព្រោះខ្សោយញឹងខាងឱ្យរង្វើលរក ។
ម្យ៉ាងក្រពីព្រោះល្ងង់ជួញលិចលង់មិនលៃលកទិញថ្លៃទៅលក់ថោកចេះតែយកគិតមិនយល់ ។
អ្នកមានៗគំនិតដេកដើរគិតកើតរវល់ប្រាជ្ញាជារិសគល់កើតអំពល់អំពីទ្រព្យ។
អ្នកល្ងង់និងអ្នកចេះបើនឹងរិះរាយរៀបរាប់អ្នកចេះប្រសើរគាប់ល្ងង់ឥតភ័ព្វអាប់រាសី។
មានរូបមានជីវិតមិនចេះគិតចង់ដឹងអ្វីរូបប្រុសរិកដូចស្រីនឹងហ៊ានស្តីគ្មានគេស្តាប់។
ល្ងង់ម្យ៉ាងមានអំណាចល្ងង់កោងកាច អាងចាក់កាប់ឆាប់ខឹងមិនដឹងច្បាប់កាលណាស្លាប់ គេត្រេកអរ។
អ្នកចេះតំរិះដល់អ្នកល្ងង់ឆ្ងល់មិនសល់ក្រចេះល្អិតចិត្តជាល្អសួយអាករចូលមិនខ្វះ។
ចេះម្យ៉ាងមានអំណាចអ្នកខ្លៅខ្លាចឱនសំពះគេខុសជេរដៀលត្មេះអ្នកខ្លៅខ្លះគេលបខឹង។
ប្រាជ្ញម្យ៉ាងចេះ សព្វសុសប្រព្រឹត្តខុសនោះមិនដឹងមិនគិតពិនិត្យថ្លឹងប្រាជ្ញប្រិតប្រឹងប្រដៅគេ។
កូនចៅទោះធំតូចខុសខិលខូចខឹងវាយជេរមារយាទខ្លួនខុសគេមិនគ្នាន់គ្នេរកិរិយាឯង ។
កូនចៅទាំងស្រីប្រុសការត្រូវខុសគួរគិតក្រែងគិតគ្រប់សព្វកន្លែងតែងនឹងមានរាល់រូបកាយ ។
ភ្នែកបើកភ្លឺមានពិតមើលឃើញជិតៗរៀងអាយភ្នែកធ្មេចមើល ឃើញឆ្ងាយសព្វសុសសាយ មិនសេសសល់។
រៀនរកស៊ីលក់ទិញខាតចំណេញ គិតឱ្យដល់ឱ្យដឹងការកិច្ចកលទើបកើតផល ប្រយោជន៏ខ្លួន។
ឱ្យរៀនលេខនព្ធន្តបូកហាគុណឱ្យមាំមួនដីសនិងក្តារឆ្នួនក្រែងចិនយួនបំបាត់បាន។
ជញ្ជីងភ្នែកមានល្បាក់មើលឱ្យជាក់ កុំប្រមាណក្រែងខុសខាតមិនខានធ្លាប់រាប់អានកុំទុកចិត្ត។
ភ្នែកមនុស្សធំរលីងភ្នែកជញ្ជីងគេចុចល្អិតអ្នកល្អថ្លឹងប្រឹងប្រឹតព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។
ចិនមានពីដូរលក់ស្រូវកន្ទក់កន្តាំងតៅរបស់ទោះឆ្អិនឆៅសំពត់អាវខោខ្មៅស។
ខ្មែរអាងស្រូវក្នុងដោកដូរថ្លៃថោកអាក្រក់ល្អអស់ស្រូវទៅជាក្រអង្វរចិនជឿស្រូវឯង ។
ធ្វើស្រែនឿយហត់ណាស់ចិននៅផ្ទះដេកចំខែងផ្ទះចិនពីរបីល្វែងមានកន្លែងជង្រុកស្រូវ។
ជាតិខ្មែរឥតគំនិតស៊ីមិនគិតមើលខុសត្រូវជឿចិនរាល់រដូវកេរ្តិ៍ម៉ែឳចិនអូសអស់ ។
ចិនមកពីស្រុកនាយមានសំពាយជារបស់មិនទាន់ចេះខ្មែរសោះគ្មានកេរកោះស្រែចំការ ។
កែវកចង្រ្កានឆ្នាំងផ្សំកំលាំងនិងប្រាជ្ញាអំរែកជិះលើស្មាមានម្លូស្លាជាដើមទុន។
ទំនិញមានគ្រប់មុខផ្ទាល់ផ្ទេរទុកដាក់ដោយធុនចិនរែកមិនដែលពុនស្រូវជោរជន់ពេញជង្រុក។
ឈប់រែកដេកអង្គុយរាប់កាក់លុយប្រមូលទុកឳទិនស្រាពីមុខទុកជាធ្នាក់ទាក់កខ្មែរ ។
ចិនច្រើនខ្មាំងចិត្តខ្មៅកន្តាំងតៅធ្វើជាស្រែគ្មានត្បាល់គ្មានអង្រែអង្ករខ្មែរចូលបាវចិន ។
ជាតិខ្មែរច្រើនឥតខ្មាសស្រេកស្រាណាស់ ផឹកជឿសិនគំនិតគិតមិនឆ្អិនផឹកបង្ហិនតែទ្រព្យឯង ។
កំណើតអ្នកផឹកស្រាបែកប្រាជ្ញាច្រើនកន្លែងអ្នកម្យ៉ាងបែកខាងល្បែងមិនគិតក្រែងខ្លាចខ្លួនក្រ ។
អាម្យ៉ាងបែកលួចឆក់មារយាទអាក្រក់មិនបានល្អផឹកចោលការរបរផឹកថ្មើម៉ានចិនមិនគិត ។
ថាចិនមិនចេះកាញ់ប្រាប់សំលាញ់ពួកម៉ាកមិត្តគូកនទោះឆ្ងាយជិតរឹតប្រមូលលុយឱ្យចិន ។
ត្រូវស្រាចង់ស៊ីឆ្ងាញ់ធុំឆាខ្លាញ់បក់ឆួលក្លិនឃើញបាយសម្លឆ្អិនផ្គាប់ចិត្តចិនយកបាយស៊ី។
ផឹកទឹកបោយត្រលោកមារយាទទាបថោក រិកសៀធីចិនប្រើសែងរែកលីស៊ីញយៗចិនមើលងាយ ។
ជាតិចិនកំណាញ់ស្វិតនឹកក្នុងចិត្តមិននិយាយមារយាទខ្មែរ ច្រើនរាយមាយរលាយទ្រព្យអភ័ព្វខ្លួន។
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ទាបថោកដល់ប្រពន្ធកូនអាប់យសទាំងបងប្អូនដល់តាដូនពូជពង្សខ្មែរ។
ជាតិចិនសុទ្ធសឹងសមានទ័លក្រខ្សត់ខ្លះដែរស៊ីផឹកស្និទ្ធតាមសែតមបាយខ្មែរមិនស៊ីសោះ ។
មានផ្ទះមានដំណាំកាប់ដីដាំដោយកៀនកោះដំឡូងត្រាវចេកម្នាស់ស៊ីមិនអស់ទុកលក់ដូរ ។
ខ្មែរច្រើនខ្ជិលប្រមឹកកែងកោងរិកអួតអម្បូរខ្វះលុយអង្គុយថ្ងូរកើបបង្ហូរស្រូវជង្រុក ។
កូនអើយរឿងដំណាំគួរតែដាំឱ្យគ្រប់មុខដីកេរម្តាយឳពុកមិនត្រូវទុកចោលទំនេរ ។
រាជការវាស់មានថ្លៃផ្តិតមេដៃផ្តាច់ជាកេរមិនវាស់លេងទទេរេរិះយកពន្ធរាល់ឆ្នាំ។
ដូងស្វាយអំពៅចេកកុំខ្ជិលពេកដេកប្រចាំម្លូស្លាម្រេចខ្ទឹមថ្នាំត្រូវតែដាំកុំឱ្យខ្វះ។
ទេសឯកសំពត់សដីវាលល្អដាំកប្បាសកុំខ្ជិលតាមចាស់ៗមនុស្សនឿយណាស់ មិនដែលក្រ។
បន្លែដាំគ្រប់មុខយកគ្រាប់ទុកដាំបន្តចាក់ដីជាតិល្អៗ។បង្ការស្លពេលល្ងាចព្រឹក
ម្លូស្លាថ្នាំខ្ទឹមម្រេចលូតលាស់លេច ពីស្រោចទឹកបានផលផ្លែឬស្លឹកកុំឆ្មើងរិកវាក្រខ្លួន។
ត្រីងៀតផ្អកប្រហុកខ្មែរគ្រប់ស្រុកទិញដូរយួនអំបិលធូបក្រមួនពីតាដូនតែងដូរទិញ។
ដូរទុកដាក់ដំកល់ស៊ីឱ្យដល់ខួបខែវិញឱ្យបរិបូរពោរពេញខាតចំណេញកុំទិញតិច។
អំបិលទិញមួយចុងច្រកពេញអុងអាងខាងលិចកុំទិញក្តោបខ្ចប់វេចអស់រំពេចគេចទិញទៀត។
អំបិលមួយស្រូវបីវាល់នឹងល្អីទូលកណ្តៀតខ្លួនក្រត្រដរេឆ្លៀតមារយាទយ៉ាងហ្នឹង កុំប្រព្រឹត្ត។
កូនចៅទាំងប្រុសស្រីគួរគប្បីប្រុងគំនិតចិញ្ចឹមជន្មជីវិតគិតឱ្យវែងកុំគិតខ្លី។
ទំនេរល្ហែធ្វើការសូត្រធម៌អាថិ ទាំងប្រុសស្រីឱ្យត្រឹមត្រូវបាលីដូចស្រដីខាងដើមស្រាប់។
រាល់រូបទាំងប្រុសស្រីកាលចេះស្តី ព្រោះចេះស្តាប់ម៉ែឳតំរូវប្រាប់កូនចៅត្រាប់តាមដូនតា។
ចាស់ម្យ៉ាងសាង សីលទានមិនបំពានខុសពុទ្ធដិកាកូនកាត់តាមមេបាមិនទៅណាឆ្ងាយពីផ្លូវ។
ចាស់ម្យ៉ាងសាងផលកម្មស្អប់សីលប្រាំដូចសត្រូវកូនកាត់តាមម៉ែឳអាស្រូវភាសវិនាសខ្លួន ។
មិនជឿមគ្គជឿផលធ្លាក់ទៅដល់អបាយបួនកងកម្មចាំគំគួនគេចវេះពួនមិនកំបាំង។
ព្រះអង្គមានពុទ្ធដីកាប្រៀបឧបមាជាទីតាំងដូចគេមានកំលាំងសំរាំងទុកទឹមរទេះ ។
នឹងបរផ្លូវវៀចត្រង់ឬនឹងចង់បរគេចវេះកង់វិលមិនរបេះជិះជើងគេមិនឃ្លាតឃ្លា។
រាល់រូបទាំងតូចធំចូលរូងភ្នំរូងគុហាយកថ្មផ្ទាំងរាំងទ្វារកម្មវេរាតោងតាមបាន។
កងសីលមានអង្គប្រាំវេរាកម្មដិតដោយដាននរកប្រេតតិរច្ឆានខានឃាត់ខាំងរាំង មគ្គផល ។
គួរខំសាងសីលទានយកនិពា្វនជាត្រើយថ្នល់យូរឆាប់គង់តែដល់កុសលជួយចាកសង្សារ ។
កូនចៅរិះរេគិតមើលគំនិតចិត្តដូនតាប្រព្រឹត្តខុសសាសនាគេចកិរិយាកុំធ្វើត្រាប់ ។
មើលចាស់ណាត្រឹមត្រូវចុះក្នុងផ្លូវកន្លងច្បាប់ចាស់ស្តីគប្បីស្តាប់ប្រិតព្រៀងប្រាប់ឱ្យប្រុងចាំ។
គោរពគុណទាំងបីសូត្របាលីតាមចំណាំរក្សាអង្គសីលប្រាំកម្មវេរាតាមមិនទាន់ ។
សាសនានៅវែងឆ្ងាយកន្លងបា្លយជាងពីរពាន់សព្វថ្ងៃលៃគ្នេគ្នាន់មិនទាន់គ្រប់ជាងប្រាំរយ។
ឥលូវចិតប្រាំបីនៅម្ភៃមួយខាងក្រោយកូនចៅកុំបណ្តោយឱ្យលិចលង់ក្នុងសង្សារ។
មានពាក្យចាស់ ដំណាលថាកណ្តាលព្រះសាសនាទំនាយក្បួនតំរាថានឹងរៀវហើយរីកវិញ។
ហេតុនេះអស់កូនចៅទោះល្ងង់ខ្លៅ យ៉ាងណាមិញខំឧស្សាហ៍ទន្ទេញបំពេញពាក្យពុទ្ធទំនាយ។
តំណពីថ្ងៃនេះរៀនតំរិះកុំរាយមាយកូនណាមិនស្វាធ្យាយមិនរលាយរលត់ទុក្ខ។
ដល់សាសនាគ្រប់គ្រាន់ជួបប្រាំពាន់ទៅខាងមុខទំនាយរាយទំនុកថាឳពុកម្តាយស្អប់កូន។
ថាកើតអន្តរកប្បគុំសម្លាប់គ្នាបងប្អូនមិនដឹងតាដឹងដូនសូន្យសីលទាន មិនមានសល់។
គួរគិតកុំសាងកម្មកាន់សីលប្រាំចាំដំកល់ខំសាងមគ្គសាងផលនឹងបានដល់ឋាន សាន្តសុខ។
នឹងរួចពីកាប់ចាក់មិនបានធ្លាក់ទៅនរកព្រះសិរអារ្យត្រាស់ ខាងមុខរាសាយទុក្ខសោក រាល់ថ្ងៃ។
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks