កំណាព្យបែបទំនើបនិយម និពន្ធដោយៈ មិត្តកវី សយ ស៊ីណា
និស្សិតបរិញ្ញាប័ត្រអក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឆ្នំាសិក្សា៖ ២០១១-២០១៥
****************
ស្រមោច
(បទ កាកគតិ)
ស្រមោចល្អិតតូច តែកម្លាំងដូច ជាដំរីសា
គ្មានមេគ្មានកោយ គ្មានអ្នកត្រួតត្រា ខំប្រឹងធ្វើការ
មិនប្រចាំគ្នា។
ប្រមូលចំណី ចោះរុន្ធរូងដី ឥតក្តីរុញរា
សន្សំស្បៀងទុក សម្បុកខ្លួនវា មានព្យុះព្យោមា
មិនខ្លាចខ្វះស៊ី។
ដំណើរជាក្បួន រៀបរយសមសួន ទៅគ្រប់ទិសទី
បើទៅទីណា មិនថាឈ្មោលញី ទោះព្រៃគិរី
ក៏ស៊ូជំនះ។
មិនបកក្រោយឡើយ បើទៅមុខហើយ ប្រឹងយកតែឈ្នះ
អ្នកណារារាំង ខាំងឃាំង ជំនះ ស្រមោចរូតរះ
ប្រយុទ្ធស៊ូស្លាប់។
មិនខ្លាចអំណាច ខ្លួនតូចចិត្តកាច អង់អាចចំណាប់
មិនចេះរករឿង ចិត្តសឿងគួរត្រាប់ នេះគឺជាច្បាប់
បក្សលោកស្រមោច។
ស្បែកជើង
(បទ កាកគតិ)
គ្រប់ៗអាត្មា ទោះទៅទីណា មិនថាប្រុសស្រី
តែងពាក់ស្បែកជើង ទ្រាប់ជាប់នឹងដី គ្រប់ម៉ូតចាស់ថ្មី
មានគ្រប់សេរី។
ក្នុងទឹកលើគោក ទោះទីស្មោគរោគ ទោះព្រៃគិរី
ស្បែកជើងទៅតាម មិនមានចិត្តពីរ មិនភ្លេចនាទី
ជាអ្នកការពារ។
ជួនប៉ះបន្លា ជួនប៉ះថ្មដា សឹកដាចគ្រាំគ្រា
គេគ្រវែងឆ្ងាយ លែងរាប់ជាគ្នា លែងត្រូវការវា
ព្រោះអស់តម្លៃ។
គេដូរអាថ្មី មិនខុសមុនអី ប្រើគ្មានសម្ចៃ
ថ្មីក៏ដូចចាស់ គេជាន់រាល់ថ្ងៃ ទោះថោករឺថ្លៃ
នៅតែស្បែកជើង។
គូលី
(បទ កាកគតិ)
សំណង់អាគារ ច្រើនមហិមា ដោយសារគូលី
លើកឥដ្ឋ
លើកថ្ម ភ្នែក ស វក់វី មានមុខនាទី
ការងារតាមថ្នាក់។
ខ្លះលាយបាយអរ ខ្លះលើកសសរ ខ្លះលើកខ្សាច់ចាក់
ខ្លះលើកការ៉ូ ញើសហូរសស្រាក់ ខ្លះរឺតកៅឡាក់
ស្ទើរស់ស្ទើរស្លាប់។
ខិតខំធ្វើការ ខ្សោះខ្សោយកាយា ស្បែកប្រែស្រអាប់
ខំធ្វើអោយល្អ ធ្វើអោយហើយឆាប់ គូលីចំណាប់
សង់ល្អជាប់ពិត។
សំណង់សង់ហើយ កុំនឹកស្មានឡើយ បានស្នាក់នេបនិត្យ
ធម្មតាគូលី វក់វីជីវិត តែគេគ្មានសិទ្ឋិ
បានរស់នៅឡើយ។
ទំនើង
(បទ ពាក្យប្រាំពីរ)
រសាប់រសល់រសើបកាយ ហក់ហាច់សប្បាយសម្តែងឬក
ហ៊ំហានហ៊ឺហាហ៊ានតាមនឹក នរករលឹកឥតនឹកនា។
ចេះជោចិត្តចើកលើកគូកន ចែចង់ចូលបនបង់ជម្មា
លាមកយល់ផ្កាខ្សោយវិជ្ជា យល់ភ្លើងរោគាជាឋានសួគ៍។
ហោះហើរហើបហ៊ានហើយហានក្លា ស្រវេស្រវារឿងមិនគួរ
បង្ហោះបង្ហើររសៀរសួរ គ្រប់ក្បាច់ដូចតួរឿងហុងកុង។
បាក់បែករហែករហាចដាច់ ឈាមហូរពីសាច់លលាដ៏ផុង
ប៉ូលីសខ្វាត់ខ្វែងបែងពេញក្រុង ព្រោះតួហុងកុងល្បងចេស្តា។
អ្នកឈ្នះចូលគុកមុខដូចស្វា អ្នកចាញ់ដាច់ផ្ងាចូលមឈូស។
ក្រដាស
(បទកាកគតិ)
មានបុណ្យរឺការ ជួបជុំគ្រួរសារ តែងមានហូបចុក
ពេលហូបប្រឡាក់ វាមិនស្រណុក ម្នាក់ៗសំរុក
លូកយកក្រដាស។
នៅក្នុងប្រអប់ គេទាញត្រឡប់ វិលជុំវិញថាស
ខាងលិចខាងកើត ត្រឡប់បញ្ចាស ស្រាប់តែដេដាស
ក្រោមតុ
សព្រាត។
គេជូតរួចហើយ មិនដែលមានឡើយ ទុកជូតម្តងទៀត
គេបោះទៅឆ្ងាយ លែងរាប់ជាញាតិ ក្រដាសចោលម្សៀត
ក្លាយជាសំរាម។
អ្នកអើយមេត្តា!
(បទ ពាក្យប្រាំពីរ)
ក្រហ៊ីងក្រហូងបែកក្រហែង ដីដាមដោយផ្សែងពេញកំដៅ
ក្រាលក្របដោយថ្មពណ៍ក្រម៉ៅ ជាវាលគ្មានស្មៅពណ៍ប៉ៃតង។
ដើមឈើធំមួយឈរព្រួយចិត្ត ពេបយំសសិតអង្វរផង
ថាលោកអ្នកអើយកុំប៉ុនប៉ង ប្រណីខ្ញុំម្តង
កុំកាប់អី។
ទឹកភ្នែកឈើស្រក់ដក់ដាមដាន រហេមរហាមសូមប្រណី
អ្នកកាប់រូបខ្ញុំសូមប្រណី បើភពផែនដីប្រែអាកាស។
ទឹកភ្នែកខ្ញុំហូរអាណិតអ្នក អ្នកអើយខ្ញុំជាក់សំខាន់ណាស់
បើកាប់រូបខ្ញុំរូបអ្នកច្បាស់ ដង្ហើមតឹងខះ
ក្ស័យដូចគ្នា។
ខ្ញុំគឺជាអ្នក អ្នកជាខ្ញុំ អ្នកអើយសូមកុំចងកាំពារ
ជាមួយខ្ញុំអីខ្លាចវេទនា ព្រោះខ្ញុំអ្នកជាជីវិតមួយ។
ខ្មាស់ខ្មោចផងអ្នក!
(បទ ពាក្យប្រាំពីរ)
បើមានផ្លែច្រើនតែមានគ្រាប់ នៅក្នុងឬជាប់គ្នានឹងសាច់
នៅពេលហូបផ្លែច្រើនបណ្តាច់ គ្រាប់ចេញពីសាច់គ្រវែងឆ្ងាយ។
គ្រាប់ធ្លាក់កន្លែងដែលមានដី ប្រឹងដុះជាថ្មីលូតរូបកាយ
ចេញជាពន្លកឬសរីកសាយ រស់រានសប្បាយជីវិតថ្មី។
ដំបូងមានតែស្លឹកបណ្តូល ជាធន ជាស្នូលលូតពីដី
យូរទៅរីកដើមមានរាសី ស្លឹកចាស់ស្លឹកខ្ចីបែកសាខា។
ដើមប្រឹងលាស់លូត ឬសរឹតជ្រៅ ទប់ដើមអោយនៅឈរសង្ហា
ដល់ពេលកំណត់ចេញផ្លែផ្កា សត្វមិនបានការប្រមូលផល។
ដុះដោយចៃដន្យគ្មានអ្នកដាំ គ្មានអ្នកណាចាំគ្រាប់សំណល់
ដល់ពេលចេញផ្លែបេះគ្មានបេះសល់ ឆ្ងល់អើយ អើយឆ្ងល់ម្តេចមិនខ្មាស់។
ខ្លួន!
(បទ កាកគតិ)
មេរោគក្នុងខ្លួន ចាក់រុកផ្ទួនៗ អង្រួនកាយា
ម្តងឈើដើមទ្រូង ម្តងឈើកាយា ម្តងឈឺហត្ថា
ស្រេចតែចិត្តវា។
បើឈើកេសា មាត់រអ៊ូថា សែនវេទនា
ម្តេចមិនឈឺដៃ ចង្រៃអីវា ឈឺជា
ឈឺជា
ឈឺដៃគ្រាន់ជាង។
ឈឺសរសៃដៃ មាត់ស្រែកយ៉ៃៗ ចុកពេលមេឃភ្លៀង
ជើងមិនព្រមឈឺ ឆ្កួតឬអានាង ដើរធ្វើផ្អងផ្អៀង
វាគ្រាន់ជាងដៃ។
ដល់ពេលឈឺជើង មាត់ថាដូចភ្លើង ដុតរុកសរសៃរ
ទៅណាមិនបាន ទន់ប្រាណតៃវ៉ៃ ទោះជើងឬដៃ
យ៉ាប់ដូចតែគ្នា។
ខ្លួនមានតែមួយ អ្វីក៏គួរព្រួយ ត្រូវជួយការពារ
សំខាន់ទាំងអស់ របស់ជម្មា មិនឈឺជាងគ្នា
ព្រោះខ្លួនតែមួយ។
No comments:
Post a Comment