“អនាគត របស់ប្រទេសកម្ពុជា”
លោក វ៉ាន់ឌីកាអុន ដែលជា បណ្ឌិតប្រវត្តិសាស្រ្ដ អក្សសាស្រ្ដ និងទស្សនវិជ្ជាដ៏ចំណាន ដែលបច្ចុប្បន្នរស់នៅប្រទេសបារាំង និងធ្លាប់បំរើការងារ ក្នុងវិទ្យុបារាំងអន្ដជាតិក្នុង កម្មវិធីអក្សសិល្ប៍ខ្មែរ កម្មវិធីអក្សសិល្ប៍បារាំង និងកម្មវិធីប្រវត្តិសាស្ដ្រខ្មែរ បានប្រមើលមើលអំពីសេនារីយ៉ូនៃ អនាគត របស់ប្រទេសកម្ពុជា នៅក្នុងលំនាំដើមនៃសៀវភៅ “សុបិន និងការពិត”ដែលបោះពុម្ពក្នុងឆ្នាំ ២០១២ ថា ៖
ក្រោយការរលំរលាយ នៃរបបសាធារណរដ្ឋខ្មែរ ស្រុកខ្មែរ បានវិលមករក សម័យមុនឆ្នាំ ១៨៦៣វិញ ប៉ុន្ដែ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស៍ ឆ្នាំ ១៩៩១ បានខំប្រឹងប្រែងផ្ដល់ទៅឲកម្ពុជា នូវការធានាគ្រប់បែបយ៉ាង ដើម្បីឲអ្នកដឹកនាំខ្មែរក្រោយៗ មកទៀតមាន លទ្ធភាព ការពារខ្លួន ហើយដឹកនាំប្រទេស ទៅតាមលទ្ធិប្រជាធិបតេយ្យ ដោយមានការគោរពសទ្ធិមនុស្សជាមូលដ្ឋាន។
ប៉ុន្ដែ អ្នកដែលបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្ដិភាពនេះ ពុំបានអនុវត្តន៍ កិច្ចព្រមព្រៀងនោះឡើយ។ សាជាថ្មីទៀត អ្នកនយោបាយខ្មែរ គិតជាអាទិ៍ភាព ពីតួនាទីរបស់គេរៀងៗខ្លួន។ អ្នកដែលធ្លាប់ដឹកនាំស្រុកខ្មែរ ពីពេលមុនៗ ក្រោមឱវាទ របស់ប្រទេសចិន និងប្រទេសយួនពុំព្រមអនុវត្តគោលការណ៍ ប្រជាធិបេតយ្យឡើយ។ លោក ហុ៑នសែន ដែលបានត្រូវ វៀតណាមដាក់ឲកាន់អំនាច មិនព្រមទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត ដែលបានផ្ដល់ជ័យជំនះ ទៅឲគណបក្សរាជានិយមឡើយ ។ រីឯព្រះមហាក្សត្រខ្មែរវិញ ព្រះអង្គចង់ធ្វើការបង្រួបបង្រួមជាតិដោយផ្ទាល់ព្រះអង្គ ហើយនៅក្នុងន័យនេះ ចង់ឲព្រះអង្គម្ចាស់រណឫទិ្ធ រួបរួមជាមួយលោក ហុ៑ន សែន ទោះបី ខុសគោលការណ៍ កិច្ចព្រមព្រៀងទាំងស្រុងក្ដី ។ ការពិត គឺព្រះអង្គចង់ឲ ពួកអតីតកុម្មុយនិស្ដខ្មែរ ឈ្នះពួកប្រជាធិបតេយ្យខ្មែរ ដែលមាននិន្នការបស្ចិមប្រទេសនិយម តែប៉ុណ្ណោះ ។ រីឯការសម្រុះសម្រួល គឺលោក ហុ៑ន សែន និងព្រះអង្គម្ចាស់រណឫទ្ធិ ឡើងធ្វើជា នាយករដ្ឋមន្រ្ដីទាំងពីរនាក់តែម្ដង។ បន្ទាប់ពីរដ្ឋប្រហារនៅខែកក្កដា ឆ្នាំ១៩៩៧ អតីតគណបក្សកុម្មុយនិស្ដខ្មែរដែលត្រូវបានប្រទេស វៀតណាមដាក់ឲកាន់អំនាចនៅស្រុកខ្មែរនៅឆ្នាំ ១៩៧៩ បានឡើងមកកាន់អំនាច ដូចកាល ពីមុនដដែលវិញ។ តាំងពីពេលនោះមក ស្រុកខ្មែរវិវត្ត ឆ្ពោះទៅរក រចនាសម្ព័ន្ធ ភូមិសាស្រ្ដ នយោបាយមួយ ដូចកាលពីជំនាន់ដែល បារាំង ចង់តាំងមូលដ្ឋានរបស់គេ នៅក្នុងភូមិភាគនោះ ពោលគឺសហភាព បារាំងដែលមិនយូរមិនឆាប់ និងក្លាយជាសហព័ន្ធឥណ្ឌូចិន។ ប៉ុន្ដែការប្រទាញប្រទង់ ជាមួយចិន អាចប្រែក្លាយ តំបន់ទាំងមូល ឲទៅជាលានប្រយុទ្ធមួយ ដែលមួយចំនែកមានចិន ហើយមួយចំនែកទៀត មានយួន និងអ្នកដែលផ្ដល់បង្អែកទៅឲយួន។ ផ្លូវមួយទៀតគឺ ផ្លូវដែលមានលក្ខណ ប្រហាក់ប្រហែល នឹងប្រទេសភូមា ដែលអាចនាំទៅរក វាសនាដូចប្រទេស ទីបេ ដូច្នេះដែរ។ ប៉ុន្ដែ វាសនាមួយទៀត គឺការវិលទៅរក ការអនុវត្តន៍ កិច្ចព្រមព្រៀង សន្ដិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ វិញ ប្រសិនណាជាមានសភាពការណ៍ថ្មីមួយទៀត នៅក្នុងពិភពលោក។
(បញ្ជាក់ លោកវ៉ាន់ឌីកាអុន ដោយគ្មានមន្ទិលសង្ស័យ បានភ្នាល់ទៅលើ អនាគតនៃប្រទេសកម្ពុជា ទៅលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ។ សន្ធិសញ្ញានេះ គឺជាហ្រ្វាំង ទប់កុំអោយប្រទេសយើង មហាវិនាសកម្ម កើតឡើងជាថ្មីម្ដងទៀត ។គួរអោយសោកស្ដាយ ដោយអ្នកដឹកនាំខ្មែរ និយាយថាកិច្ចព្រមព្រៀងនេះអស់សុពលភាព តើនេះមានន័យថា មហាវិនាសកម្មមួយ កំពុងរង់ចាំប្រទេសកម្ពុជារឺ?)
កំនត់សំគាល់ និងមតិរបស់ខ្ងុំចំពោះការវិភាគខាងលើ ៖
------------------------------------------------------------
១. “សម័យមុនឆ្នាំ ១៨៦៣” ៖ នាសម័យនោះប្រទេសកម្ពុជា អាចប្រៀបប្រដូចនឹងអ្នកជំងឺម្នាក់ដែលកំពុងរង់ចាំថ្ងៃស្លាប់តែប៉ុណ្ណោះ។ ប្រទេសមួយនេះ ដែលធ្លាប់ជាអាណាចក្រមួយ ដ៏រុងរឿង មានទឹកដីធំទូលំទូលាយ មានប្រជាជនប្រហែល ១០លាននាក់ និងត្រូវបានគេកត់ត្រាថា ជារៀមច្បងនៅអាសីុអាគ្នេយ៍ បានធ្លាក់ខ្លួនក្លាយជាកូនប្រទេសមួយ និងមានប្រជាជនប្រហែល ត្រឹមមួយលាននាក់ នាសតវត្សទី១៩ ដោយសារមានជំលោះផ្ទៃក្នុង នៃការដណ្ដើមអំនាចគ្នា ។ តាមការរៀបរ៉ាប់របស់លោក វ៉ាន់ឌីកាអុន៖ “នៅទស្សវត្ស ១៨៤០ ចំនួនប្រជាជនចុះថយ គួរឲកត់សំគាល់ គឺនៅសល់តែជាង ១លាននាក់ប៉ុណ្ណោះ ។គ្រួសារភាគច្រើន ទាំងរាជវង្ស ទាំងរាស្ដ្រ បានខ្ចាត់ព្រាត់បែកបាក់គ្នាអស់ ។ ខ្លះស្លាប់ដោយសង្គ្រាម ហើយខ្លះទៀតត្រូវ ប្រទេសជិតខាងកេណ្ឌយកទៅធ្វើ ជាឈ្លើយឬធ្វើការជាទម្ងន់នៅស្រុកគេ ។ ក្សត្រខ្មែរត្រូវ យួនចាប់យកទៅដាក់គុកធ្វើទារុណកម្ម យ៉ាងខ្លោចផ្សា ខ្លះក្ស័យជីវិត ឬក៏ធ្លាក់ទៅក្នុងភាព វិកលចរិត ដោយគេធ្វើបាបខ្លាំងពេក ។ “ (និយាយដល់ កន្លែងនេះ ធ្វើអោយខ្ងុំនឹកដល់ លោក ប៉ែនសុវណ្ណ ដែលត្រូវបានយួន ចាប់ដាក់គុកងងឹតជិត ១០ឆ្នាំ ។ បើកុំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រហែលគាត់ត្រូវស្លាប់ចោលឆ្អឹងនៅយួនក៏មិនដឹង ។ ការនៅក្នុងគុកងងឹតយូរ ធ្វើអោយគាត់ស្ពោតឆ្អឹង ដើរមិនចង់រួច ។គាត់ធ្លាប់និយាយថា ពេលនេះជាពេលចុងក្រោយនៃ ជីវិតរបស់គាត់ ក្នុងការបំរើប្រជាជន មុនគាត់ស្លាប់ចែកឋានទៅ ។) ពេលនោះដីខ្មែរ បានត្រូវសៀមនិងយួន គូសចែកគ្នាម្នាក់ម្ខាងទន្លេមេគង្គរួចជាស្រេច ចាំតែឱកាសល្អ ដើម្បីប្រកាសយកតែម្ដង។ ព្រះបាទអង្គឌួង ដោយភ័យព្រួយខ្លាចបាត់ស្រុក ក៏ទាក់ទងបារាំងមកជួយការពារ ។ វត្តមានរបស់បារាំងពិតជា ហ្រ្វាំង ទប់កុំអោយផែនការណ៍ ប្រទេសទាំងពីរបានសំរេច ។ ប៉ុន្ដែជាការគួរអោយសោកស្ដាយ បារាំងមិនអាចថែរក្សាដីខ្មែរកម្ពុជាក្រោមបាន។
២. “ការប្រទាញ ប្រទង់រវាងចិននិងយួន” ៖ ខ្ងុំគិតថារឿងនេះកំពុងលេចចេញជាបណ្ដើរៗហើយ ។ ជម្លោះដណ្ដើមប្រជុំកោះ នៅក្នុងសមុទ្រចិនខាងត្បូង គឺជាសាំងដែលនឹងបង្កើនកំដៅ ដល់ទំនាក់ទំនងរវាងចិន និងវៀតណាម ។ តាមឯកសារ ដែលគេសំភាសន៍ លោក លីក្វាន់យូ បិតាស្ថាបនិក របស់រដ្ឋសឹង្ហបុរី លោកបានពន្យល់ថា “ចិនបានរៀន យ៉ាងច្បាស់អំពីការដួលរលំនៃសហភាពសូវៀត ។ ក្នុងកម្លុងពេល ២០ ទៅ៣០ឆ្នាំ រឺប្រហែល ៥០ឆ្នាំទៀត ចិននិងព្យាយាមរក្សាអោយមានស្ថេរភាព ភូមិសាស្ដ្រដើម្បីអភិវឌ្ឈន សេដ្ឋកិច្ចរបស់គេ អោយទាន់សហរដ្ឋអាមេរិច ។ចិនគ្មានបំនងនិង ប្រណាំងប្រជែង អាវុធនិង សហរដ្ឋអាមេរិចនោះទេ ។ អ្នកដឹកនាំចិន បានយល់ថា សន្លឹកបៀដែលត្រូវលេង គឺតាមរយផ្លូវសេដ្ឋកិច្ច មិនមែនអាវុធនោះទេ នាពេលបច្ចុប្បន្ននេះ។” យ៉ាងដូចនេះប្រហែលត្រូវចាំ រហូតដល់ចិនក្លាយជាមហាអំនាចសេដ្ឋកិច្ចទី១ដែរ ទើបទំនងជាមានការប្រើប្រាស់អាវុធរបស់ចិន ក្នុងការគំរាមដល់ប្រទេសដែលមានជំលោះអោយធ្វើសម្បទានក្នុងការចចារ ដោយរួមទាំងប្រទេសវៀតណាមផងដែរ ។ ទោះយ៉ាងណាសន្លឹកបៀ ភូមិសាស្ដ្រនយោបាយ ដែលអាមេរិចនឹងលេង ដើម្បីទប់នឹងឥទ្ធិពលចិន ប្រហែលជាវៀតណាម រឺ ហ្វីលីពីន រឺ ថៃ តែមិនមែនកម្ពុជា នោះទេ ។ កម្ពុជាប្រហែលជាគ្មានទំងន់នោះទេ ។ តើមានអ្វីកើតឡើង ពេលអាមេរិចគាំទ្រវៀតណាម ដើម្បីទប់នឹងចិន ? ហើយចិនគាំទ្រអ្នកដឹកនាំខ្មែរ ដើម្បីជួយខ្មែរអោយចាកចេញ ពីដែនឥទ្ធិពលរបស់វៀតណាម ហើយប្រើប្រាស់កម្ពុជាដើម្បីទប់វៀតណាម ពីក្រោមវិញនោះ ? តាមរយឯកសារ WIKI LEAK ដែលលេចធ្លាយ អំពីកំនត់ត្រាសម្ងាត់នៃមន្ដ្រី ការទូតរបស់អាមេរិច បានបង្ហាញថា លោកហុ៑ន សែន ព្យាយាមបន្ថយ ឥទ្ធិពលរបស់វៀតណាម តាមរយការរឹតចំណងគ្រប់វិស័យជាមួយប្រទេសចិន ។ មន្ដ្រីវៀតណាម បានប្រាប់មន្ដ្រីការទូត អាមេរិចថា លោកហុ៑នសែន ពេលខ្លះមិនសូវស្ដាប់បង្គាប់ទីក្រុងហាណូយនោះទេ ហើយគាត់ធ្វើអ្វី លុះត្រាមានប្រយោជន៍គាត់ទើបគាត់ធ្វើ ។ អ្វីមួយដែលគួរ អោយកត់សំគាល់គឺ វៀតណាមហាក់ ពុំមានឥទ្ធិពល ក្នុងការបង្គាប់បញ្ជាអោយ លោកហុ៑ន សែន គាំទ្រជំហអាស៑ានក្នុងបញ្ហាជំលោះ សមុទ្រចិនខាងត្បូង ដោយលោកបែជាមកគាំទ្រចិនទៅវិញ ។ ឯកសារ WIKI LEAK ក៏បានបង្ហាញថា លោកលី ក្វាន់យូ បាននិយាយថា កម្ពុជា ឡាវ ជាចារកម្មរបស់ចិន ហើយរាល់ការប្រជុំផ្ទៃក្នុង អាស៑ាន ប៉ុន្មាន បានដឹងដល់ទីក្រុង ប៉េកាំង ។ ទោះយ៉ាងណា សេណារីយ៉ូរបស់ប្រទេសកម្ពុជានាទស្សវត្សទី៦០ អាចនឹងលេចចេញជារូបរាងម្ដងទៀត នាពេលអនាគត ។
៣. “ក្លាយជាប្រទេស ភូមា រួចទៅជាទីបេ” ៖ នេះគឺជាសេណារីយ៉ូមួយដែលអាចនឹងកើតឡើងនាពេលបច្ចុប្បន្ន ដោយបក្សប្រជាជន ប្រជុំសភាតែម្នាក់ឯង។ ប្រទេសយើងអាចនឹងដើរទៅរក ផ្លូវផ្ដាច់ការដូចភូមា រួចបន្ទាប់មកនឹងអាចក្លាយជាទីបេ ។ (ទីបេ បានត្រូវចិនវាយយក បន្ទាប់ពីអង់គ្លេសឈប់ធ្វើអាណានិគម ខ្ងុំគិតថាគួរប្រៀបធៀបទៅឡាវដូចត្រូវជាង)ទោះយ៉ាងណា ខ្ងុំជឿថា អ្នកដឹកនាំបក្សប្រជាជន មិនល្ងង់ដល់ថ្នាក់ច្រានផ្ទប់ ប្រទេសខ្មែរ អោយទៅជាភូមានោះទេ ។
៤. សេនារីយ៉ូផ្សេងទៀត ៖ ខ្ងុំគិតថានៅពេល ដែលលោកវ៉ាន់ឌីកាអុន សរសេរសៀវភៅនេះឡើង នៅឆ្នាំ ២០១២ ប្រទេសកម្ពុជាមិន ទាន់បានឆ្លងកាត់ការបោះឆ្នោតជាសកលនោះទេ ។មុនពេល បោះឆ្នោត លោក ហុ៑នសែន បានត្រូវពិភពលោក ជឿជាក់ដោយគ្មានមន្ទិល សង្ស័យថា ជាបុរសខ្លាំងរបស់កម្ពុជា ហើយគ្មានចរន្ដនយោបាយណា ណាអាចផ្លាស់ប្ដូរ លោកបានឡើយ ។ ការរៀបចំអ្នកបន្ដវេនពីលោក ក៏ត្រូវបានលេចជារូបរាង កាន់តែច្បាស់ដែរ តាមរយការតំលើងតំនែង ដល់កូនគាត់មុនពេលបោះឆ្នោត ។ ប៉ុន្ដែអ្វីៗខុសពីមុន បន្ទាប់ពីការបោះឆ្នោតរួច គាត់លែងជាបុរសខ្លាំងដូចពេលមុនហើយ ។សហគមន៍អន្ដរជាតិ ក៏លែងញញើតនឹងបង្ហាញការមិនគាំទ្ររបស់គេ ដល់ការបោះឆ្នោតប្រកបដោយភាពអយុត្តិធម៍មួយនេះដែរ ។ លោក David chandler អ្នកឯកទេសនយោបាយទាក់ទងនឹង ប្រទេសកម្ពុជា បានប្រាប់ថា ៖ “លោក ហុ៑នសែន មានការប្រុងប្រយ័ត្នខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន ព្រោះវាជារឿងថ្មី ដែលគាត់មិនដែលជួបប្រទះទាល់តែសោះ ”។ការតសូ៑មតិរបស់ប្រជាជន អោយមានការគោរពសន្ធិសញ្ញាក្រុងប៉ារីសនាថ្ងៃបាតុកម្មខាងមុខ អាចនឹងជោគជ័យ ។ លោក វ៉ាន់ឌីកាអុនបានគូសបញ្ជាក់ថា ៖ក្នុងការតសូ៑ទាមទារ ឯករាជ្យពីបារាំង សំខាន់បំផុតគឺកត្តាឯកភាពផ្ទៃក្នុង អ្វីដែលគេភ័យបំផុតគឺការដែលគ្មានឯកភាព ផ្ទៃក្នុង ហើយ អ្នកទីបីគេចាំតែចូលតាមទ្វាក្រោយតែម្ដង។ដើម្បីអោយមានឯកភាពផ្ទៃក្នុង លុះត្រាតែមានគោលដៅរួម ក្នុងន័យនេះ គឺ ឯករាជ្យជាតិតែម្ដង ។ ដូច្នេះអ្នកដឹកនាំសង្គ្រោះជាតិ គួពង្រីកអត្ថន័យនៃមហាបាតុកម្មនេះ អោយគោលបំនងនេះមានវិសាលភាពហួសពីព្រំដែននៃបេះដូង របស់អ្នកគាំទ្រសង្គ្រោះជាតិ ហើយអាចអន្ទងហៅអោយមានការចូលរួមពី ប្រជាជនដទៃទៀត រួមទាំងអ្នកគាំទ្របក្សប្រជាជនផងដែរ ។
៥.”ប្រទេសចិន និងប្រទេសវៀតណាម ក្លាយជាប្រទេសសេរី” កំនើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពី បានបង្កើតអោយមានពលរដ្ឋដែលមាន វណ្ណកណ្ដាលកាន់តែច្រើន។ ពលរដ្ឋទាំងនេះមានការធុញទ្រាន់ នឹងអំពើពុករលួយ និងភាពអយុត្តិធម័ក្នុងសង្គម។ ពួកគេកាន់តែហ៑ានបញ្ចេញមតិ ហើយអ្នកខ្លះបានត្រូវគេចាប់ឃុំ ដូចលោក AI WEI WEI និងជ័យលាភី ណូបែល LIU XIAO BO ។ សារពត័មានល្បីៗរបស់ពិភពលោក ដូចជា Time magazine និង The Economist ថែមទាំងហ៑ានធ្វើការព្យាករថា ការបះបោរ ក្នុងប្រទេសជាការគំរាមកំហែងបក្សកុម្មុយនីស្ដខ្លាំងជាងការគំរាមរបស់អាមេរិច និងសហគមន៍អឺរ៉ុប។ ទោះជាយ៉ាងណា គេមិនដឹងថា តើប្រទេសទាំងពីរនេះអាចក្លាយទៅជាប្រទេសកាន់ប្រជាធិបតេយ្យពិតប្រាកដ រឺគ្រាន់តែវិវត្តន ខ្លួនដូចប្រទេសរូសីុ ដែលប្រជាធិបតេយ្យតែសម្បកក្រៅ ។ ក្នុងករណីដែលប្រទេសទាំងពីរ ក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ យ៉ាងហោចណាស់ក៏វាកាត់បន្ថយ ហានិភ័យខ្លះដែរដល់ប្រទេសកម្ពុជា និងពិភពលោក ។ បើមិនដូច្នោះទេ វាប្រហែលកា្លយជាសេនារីយ៉ូ ដែលខ្ងុំបានសរសេរនៅខាងលើ ។
No comments:
Post a Comment