Wednesday, September 3, 2014

កំនាព្យខ្មែរ & ជីវប្រវត្តិ​សង្ខេប​និង​ស្នាដៃ​លោកតាកវីនិពន្ធស្រាវជ្រាវ ​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ

កំនាព្យខ្មែរ
កំនាព្យ​គឺ​ជា​កម្រង​ពាក្យសំដី ដែល​មាន​ការ​ចាប់​ចុងចួន​ពិរោះ​រណ្តំ​ណែងណងមានឃ្លា មានល្បះនិងមានកម្រិតចំនួនព្យាង្គ​ជា​កំណត់... កើតចេញ​ពី​ទឹកចិត្ត​រំភើបនិងធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។     ឧទាហរណ៍ ៖
កាច់​ធ្មុង​ច្រក​ស្មុក
ដើរ​ចូល​ក្នុង​ស្រុក
ធ្វើ​ឫក​អាចារ្យ
ភូត​ភរ​ប្រជា
បាន​ច្រើន​កាលណា
ពាក់ធ្មុង​សង្ហារ
សាហាវ​លើសដើម។
ខ្មែរ​អឺយរឿងពិត
ខ្មែរ​តោង​ពិនិត្យ
គិតគ្រប់​ដង្ហើម
ខ្មែរបីលានប្លាយ
ស្លាប់​ឈាមសើមៗ
កុំ​ភ្លេច​រឿង​ដើម
ស្នាដៃ​ប៉ុលពត។
​កំណាព្យ​កាព្យឃ្លោង​ ដូនតា​យើង​ប្រើ​សំគាល់ឬ​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ដ៏ល្អ​របស់​កំណាព្យខ្មែរដែល​ចេញ​​ពី​ទឹកដៃ​ដ៏ប៉ិនប្រសប់​របស់​កវី គឺថា​កំណាព្យ​នោះ​ទាំង​រូបភាព ទាំងខ្លឹមសារ មានសម្ផស្សនិងសោភ័ណ រណ្តំ​បត់បែន ឃ្លោង​បញ្ឆិត​បញ្ឆៀង មិន​ត្រង់​ស្តូក ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់។         ឧទាហរណ៍៖
សូរិយាល្ងាចថ្ងៃ
សូរិយាល្ងាចថ្ងៃ
ទន្សោងគោព្រៃ
រកស៊ីជើងភ្នំ។
ស៊ីតូចដោយតូច
ស៊ីធំដោយធំ
រកស៊ីជើងភ្នំ
ផឹកទឹកដងអូរ។
ស៊ីផឹករួចហើយ​
ប្រជល់គ្នាវរ
សុទ្ធតែឡើងក
អួតអាងកម្លាំង។
តួយ៉ាង​ដូច​អត្ថបទ​កំណាព្យ​ជា​ឧទាហរណ៍​ខាង​លើ​នេះ​មាន​ន័យ​ពីរ​៖
  • ១​ - ន័យត្រង់ ៖ និយាយ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ទន្សោង​គោ​ព្រៃ
  • ២ - ន័យ​បញ្ឆិត​បញ្ឆៀង ៖ រៀបរាប់​ពី​ការ​ប្រកាប់​ប្រចាក់​គ្នា របស់​ពួក​ពុករលួយ​ពាលា​អាវ៉ាសែ 
  • ស៊ី​សំណូក សូក​ប៉ាន់ ក្នុង​គ្រប់​ជំនាន់។
ហេតុហ្នឹងហើយទើបដូនតាយើងនិយមប្រើពាក្យថាកំណាព្យកាព្យឃ្លោងយ៉ាងដូចនេះ។តើកំនាព្យនិងកម្រងកែវខុសគ្នាបែបណា? កម្រងកែវ​គឺ​ជា​កម្រង​ពាក្យ​សំដីដែល​មាន​ការ​ចាប់​ចុង​ចួន ទាក់ទង​ពិរោះ​រណ្តំ​ណែងណង​ដែរ ប៉ុន្តែ​មិន​មាន​កម្រិត​ឃ្លាឬល្បះ ឬក៏​ចំនួន​ព្យាង្គ​ជា​កំណត់​ទេ។       ឧទាហរណ៍៖
មេឃ​ប្រែ​​ស្រឡះ ពពក​ដេរដាស​ប្រែ​ជា​ស ស្លឹកឈើ​ប្រែ​ពណ៌​ខៀវ​ស្រស់​ល្អ ត្រូវ​ជំនោរ​កំដរ​បក់​រវិចៗ
ចាំង​រំលេច​ពន្លឺ​សុរិយា​ភ្លឺ​ភ្លេកៗ​ដូច​សុវណ្ណ បក្សី​ទាំងគូៗ​ស្រែក​ច្រៀង​ឆ្លើយឆ្លង​យ៉ាង​រញៀវ​ខ្ញៀវខ្ញា
ហោះហើរ​ឆ្វាត់ឆ្លែង​ប្រឡែង​លើ​វេហា លើ​ព្រឹក្សា​ ហាក់​អបអរ​ជូនពរ​ខ្ញុំ​និង​នាង​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​យ៉ាង​សុខ​មនោរម្យ។
(ដក​ស្រង់​ពី​រឿង មិនទាន់អស់ចង់”)



ប្រវត្តិកំនាព្យខ្មែរ
ទំនាក់​ទំនង​រវាង​កំណាព្យ និង​ទម្រង់​សិល្បៈ​ដទៃ​ទៀតបើ​យើង​សង្កេត​មើល​ស្នាដៃ​ផ្នែក​អក្សរសាស្ត្រ ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់​ទុក​ដល់​យើង​សព្វថ្ងៃ​នេះ យើង​នឹង​ឃើញ​​ភ្លាម​ថា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កំណាព្យ​កាព្យ​ឃ្លោង ដូចជា​រឿងរាម​កេរ្តិ៍រឿងទុំទាវ រឿងទិព្វសង្វារ រឿងកាកីច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុច​និងត្រី (។ល។​និង។ល។)នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​វិធី​សាស្ត្រ​អប់រំ​បែប​បុរាណ​របស់​ដូនតា​យើង ដែល​យក​រូបភាព​កំណាព្យ ពិរោះ​ត្រចៀកជា​មធ្យោបាយ ដើម្បី​ងាយ​ស្រួល​បញ្ចូល​ខ្លឹមសារ​នៃ​ការ​អប់រំ​ទូន្មាន​ទាំងឡាយ ដែល​លោក​ចង់​បាន ឲ្យ​ទៅ​ដក់​ជាប់​ចាំ​ជាប់​ក្នុង​សតិ​អារម្មណ៍​របស់​កុលបុត្រ​កុលធីតា​របស់​ ខ្លួន។នៅ​ក្នុងសង្គម​កម្ពុជា​យើង កំណាព្យ​មាន​ឥទ្ធិពល​ធំ​ណាស់។ ក្រៅ​ពី​ការ​រស់នៅ​និង​បំពេញ​តួនាទី​ដោយ​ឯកឯង​(ស្មូត្រ ឬ​សូត្រ​កំណាព្យ) កំណាព្យ​បាន​ជះ​ឥទ្ធិពល និង​
មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​ទម្រង់​សិល្បៈ​ដទៃ​ ទៀត​របស់​ខ្មែរ​យើងដូចជា៖ ភ្លេង​អារក្ស ភ្លេង​ប្រពៃណី​ភ្លេងការរបាំ​ប្រពៃណី របាំ​បុរាណល្ខោន​ស្រមោល​(ស្បែកធំ-ស្បែកតូច) ល្ខោនខោល​(ល្ខោន​ពាក់​មុខ)យីកេ​អាប៉េល្ខោន​មហោរី ល្ខោន​បាសាក់ អាយ៉ៃ ​ចាប៉ី(។ល។​និង​។ល។)។ ទម្រង់​សិល្បៈ​ទាំងអស់​នេះត្រូវ​ការ​កំណាព្យ​ជា​ចាំបាច់ សម្រាប់​ជួយ​កម្រិត​ទម្រង់ជួយ​លើក​សម្ផស្សនិង​សោភ័ណ​របស់​ខ្លួន។ចំពោះ អ្នក​សិក្សា​ទម្រង់​សិល្បៈ​ខ្មែរ​វិញ កំណាព្យ​ក៏​ជា​កត្តា​មួយ​សំខាន់​ក្នុង​កត្តា​ច្រើន​ទៀតដែល​ជួយ​បញ្ជាក់​អំពី​ចំណាស់ និង​ទម្រង់​សិល្បៈ​នីមួយៗ។ ផ្ទុយ​ទៅ​វិញ​ទម្រង់​សិល្បៈ​ដទៃ​
ទៀត​ក៏​បាន​ជះ​ឥទ្ធិពល​ធំ​ធេង​ដែរ សម្រាប់​បញ្ជាក់​អំពី​ចំណាស់​នៃ​កំណាព្យ​នីមួយៗ​របស់​យើង។ដូច្នេះ​បើ​ចង់​សិក្សា​កំណាព្យ​ខ្មែរ គួរ​សិក្សា​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ដទៃទៀត​ផង ហើយ​បើ​ចង់​សិក្សា​ពី​ទម្រង់​សិល្បៈ​ដទៃ​ទៀត ក៏​មិន​អាច​បោះបង់​ចោល​កំណាព្យ​បាន​ដែរ។
›››››››››


ជីវប្រវត្តិ​សង្ខេប​និង​ស្នាដៃ​លោកតាកវីនិពន្ធស្រាវជ្រាវ
​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ
ឈ្មោះ មៀច ប៉ុណ្ណ កើត​ថ្ងៃ​ពុធ ខែ​អស្សុជ ឆ្នាំ​វក ពុទ្ធសករាជ 2475 គ្រិស្តសករាជ 1932 នៅ​ភូមិ​ខ្លាវឃុំ​ព្រៃអំពក ស្រុក​គីរីវង់ ខេត្ត​តាកែវ។ ឪពុក​ឈ្មោះ មៀច អ៊ូច ម្ដាយ​ឈ្មោះ អ៊ុង នាង ជា​ពូជពង្ស​កសិករ។ កាលពី​កុមារ​សិក្សា​នៅ វត្ត​ព្រះធាតុ រួច​បន្ត​ទៅ​សាលាបឋមសិក្សា​គីរីរង់, ទន្លាប់,ខេត្តតាកែវ។ គ្រា​បន្ទាប់​បាន​បញ្ចប់​ការ​សិក្សា​នៅ​មធ្យមសិក្សា​ភ្នំពេញ បាន​បម្រើ​ការ​ជា​គ្រូបង្រៀន រួច​ជា​សាស្ត្រាចារ្យ មធ្យមសិក្សា​ភាសា​បារាំង-ខ្មែរ។  ក្នុង​មួយ​ជីវិត ពេញចិត្ត​តែ​នឹង​ការសិក្សា​ស្រាវជ្រាវ និពន្ធ​សរសេរ​ចងក្រង​សៀវភៅ ឯកសារ​ទាក់ទង នឹង​វប្បធម៌​ប្រពៃណី​អក្សរសាស្ត្រ...។ស្នាដៃនឹងសកម្មភាពមាន៖ 
·        ឆ្នាំ 1987 និពន្ធ​រឿង "កំហុស​អ្នកណា" និង​សៀវភៅ​ទំនៀមទម្លាប់ "ក្រមុំ​ចូលម្លប់"
  • ឆ្នាំ 1994 មក 1999 និពន្ធ​ចងក្រង​សៀវភៅ "កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ" ភាគ 1 ចេញ​ផ្សាយ​ពី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ និង​បន្ត​សរសេរ​ភាគ 2 និង ភាគ 3
  • ឆ្នាំ 1994 ជា​សមាជិក​គណៈកម្មការ​និពន្ធ ទស្សនាវដ្ដី​កម្ពុជា​សុរិយា។
  • ឆ្នាំ 2001 និពន្ធ​ចងក្រង​សៀវភៅ "កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ" ភាគ 4 ចេញ​ផ្សាយ​ពី​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​អង្គរ។
  • ឆ្នាំ 2002 ស្រាវជ្រាវ​សរសេរ​ចងក្រង "ការ​សិក្សា​ប្រៀបធៀប​អាពាហ៍ពិពាហ៍​បួន​បែប​របស់​ខ្មែរ"
  • ឆ្នាំ 2004 និពន្ធ​ចងក្រង​រឿង​ខ្លីៗ​សម្រាប់​កុមារ ភាគ 1 និង​បន្ត​សរសេរ​ភាគ2 បញ្ចប់។
  • ឆ្នាំ 2007 និពន្ធ​រឿង "កំពូល​វីរបុរស"
  • ឆ្នាំ 2008 និពន្ធ​សៀវភៅ "កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ" ភាគ 2 និង ភាគ 3 ចេញ​ផ្សាយ​ពី​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​អង្គរ។
  • សរសេរ​ចងក្រង​សៀវភៅ "វិធី​សរសេរ​តែង​និពន្ធ"
  • ​ជា​សមាជិក គណៈកម្មាធិការ​ជាតិ ភាសា​ខ្មែរ តាម​ស្មារតី​អនុក្រឹត្យ​លេខ 18អនក្រ/បក. ចុះ​ថ្ងៃ​ទី 5 ខែ​មីនា ឆ្នាំ 2007
  • គ្រឿងឥស្សរិយយស : មេដាយ​មាស​ការងារ (ថ្ងៃ​ទី 26 ខែ​កញ្ញា ឆ្នាំ 2001)
ពេល​នេះ​លោកតា​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ លាចាក​លោក​ទៅ​ហើយ តែ​ស្នាដៃ​របស់​គាត់​នៅ​ទេ​មាន​ជីវិត​បម្រើ​សង្គម​ផ្នែក​អក្សរសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់ ធ្វើ​ឲ្យ​គេ​ចងចាំ និង​នឹក​ដល់​គុណ​បំណាច់​ចំពោះ​សង្គម​របស់​គាត់​ជានិច្ច៕
ចប់ដោយបរិបូរណ៏
សិល្បៈចម្រៀងចាប៉ីខ្មែរ
បទពាក្យ​​​ប្រាំបី
 
ឧបករណ៍តន្ត្រីចាប៉ីដងវែង​
បូកនឹងសំឡេងច្រេងប្រគំ​
សូរស័ព្ទកាព្យឃ្លោងពិរោះរងំ​
បំពេរអារម្មណ៍សក្តិសមស្រស់ស្រាយ​
 
សិល្បករខ្មែរពូកែកំណាព្យ​
ជូនជាប់ដរាបច្រៀងបរិយាយ​
ជារឿងកំប្លែងបានសើចសប្បាយ​
ឆ្លងឆ្លើយដោះស្រាយល្បាយល្បងបញ្ញា​
 
បើមានដៃគូច្រើនច្រៀងបង្អាប់​
សៀតស៊កសាស័ព្ទរ៉ាយរ៉ាប់វោហារ​
តបទៅតបមកខោកខំតវ៉ា​
សំដីផ្លែផ្កាចំអន់ឡែបខាយ​
 
រដូវទំនេររិះរេលំហែ​
ពន្លឺព្រះខែចែងចាំងត្រសាយ​
អ្នកស្រុកអ្នកភូមិញាតិមិត្តជិតឆ្ងាយ​
ហេតុចង់សប្បាយមូលមកជួបជុំ​
 
វាតដីដំកង់កណ្ដាលទីធ្លា​
យាយតាមីងមាកំលោះក្រមុំ​
ខ្លះឈរអង្គុយកន្លែងសមរម្យ​
ចាំស្ដាប់ជិតជុំទ្រហឹងអឺងអាប់​
 
អ្នកច្រៀងតម្រូវទៅតាមបំណង​
ស្នើយោបល់ឆ្លងបំណងអ្នកស្ដាប់​
ចង់ស្ដាប់ល្បែងល្បងឬចង់បង្អាប់​
ឬមួយចង់ស្ដាប់ស័ព្ទរឿងបុរាណ​
 
ព្រលប់ផ្កាយព្រាតអធ្រាត្រផ្កាយជុំ​
សំឡេងរងំចាប៉ីចំណាន​
បើកបទបង្គំតាមដោយដើមដាន​
គោរពសន្ដានមីងមាយាយតា​
 
ចាប់ចូលសាច់រឿងបុរាណកវី​
សូរស័ព្ទចាប៉ីផ្សំនឹងវាចា​
បន្លឺចម្រៀងក្រអួនវោហារ​
ថ្ងួចថ្ងូរវាចាពិរោះជាប់ចិត្ត​​
 
ត្រង់ឆាកព្រាត់ប្រាសនិរាសគូគាប់​
អ្នកស្ដាប់ស្រពាប់ស្រពោនអាណិត​
ដល់តួរងគ្រោះបែកបាក់ស្នេហ៍ស្និទ្ធ​
ត្រូវយក្សបង្ខិតបង្ខំទៅឆ្ងាយ​
 ១០
ស្រីៗអ្នកស្ដាប់ដែលមានចិត្តទន់​
ឃើញតួទារុណឈឺចាប់ចិត្តកាយ​​
សម្រក់ទឹកភ្នែកយំយែកសោកស្ដាយ
ស្រណោះអាល័យតួអង្គតួឯក​
 ១១
លុះដល់ឆាកប្រយុទ្ធជៀងជាក់​
ក្សត្រានិងយក្សខ្លាំងខ្លាអនេក​
ពលយក្សក្រៃក្រាស់ធំៗចម្លែក​
ងងឹតពេញមាឃបាំងសែងសុរិយា​
 ១២
កងទ័ពក្រុងមាកត់ត្រាមិនបាន​
មិនមែនវាល់ឡានដូចទ័ពមនុស្សា​
វាល់នឹងសមុទ្រច្រើនផុតមាត្រា​
សាហាវហានក្លាដូចអសនី​
 ១៣
ខ្លះកាន់លំពែងដាវវែងដំបង​
ខ្លះជិះលើខ្នងមហឹសា_ដំរី​
ខ្លះជាសេនារេហ៍ពលដើរដី​
ខ្លះហិចហោះខ្មីលើអាកាសា​​
 ១៤
ស្រែកហ៊ោសន្ធាប់ញាប់ញ័រប្រថពី​
វាសវាត់គ្រវីអាវុធមុតថ្លា​
សម្លុតសម្លឹងខឹងនឹងក្សត្រា​
ជាអង្គមនុស្សាឫទ្ធិក្លាហៅហាន​
 ១៥
អ្នកច្រៀងធ្វើត្រាប់តាមកាយវិការ​
ជួនហក់ឆ្លេឆ្លាជួនពើតពើងប្រាណ​
គ្រាវីចាប៉ីធ្វើតាមលំអាន​
យក្សយង់ក្សត្រក្សាន្តប្រឡងថ្វីដៃ​
 ១៦
មកដល់ត្រង់យក្សបាក់បាត់ចេស្ដា​
ត្រូវអង្គក្សត្រាប្រហាក្សិណក្ស័យ​
ស្ដេចនាំនាងនាថវិលវឹងបុរី​
ឆ្លាស់ឆ្លងដងព្រៃជ្រលងបព្វតា​
 ១៧
រាយរាប់រុក្ខជាតិព្រៃភ្នំក្រំថ្ម​
ជ្រោះជ្រងលំអដែនអរញ្ញវា​
រៀបរាប់សត្វម្រឹគបក្សីបក្សា​
រាប់អស់មច្ឆាហែលតាមទឹកហូរ​
 ១៨
រាប់ទាំងបុប្ផាគន្ធាសព្វសាយ​
ភូមរីទាំងឡាយក្រេបរសពិដោរ​
ក្លិនរសាត់ឆ្ងាយភាយតាមវាយោ​
ហាក់ដូចជាស្នូរនៃតូរ្យន្ត្រី​
 ១៩
ឱ !​ កវីខ្មែរពូកែបណ្ដាច់​
រចនាពាក្យពេចន៍ល្បិចល្បងល្បាញល្បី​
ឱ !​ អ្នកចម្រៀងច្រៀងលេងសម្ដី​
ដេញភ្លេងបំភ្លៃពិរោះភិរម្យ​
 ២០
ឱ !​ រាត្រីខ្មែរខែរះភ្លឺថ្លា​
រីករាយចិន្ដាអធ្រាត្រដាស់ទុំ​
ស្ដែងស្ដាប់ចម្រៀងបំពេសង្គម​
បបោសអារម្មណ៍សំងំសុខសាន្ត​
 ២១
នាំគ្នាកាពារថែវប្បធម៌ជាតិ​
កុំឲ្យរវាតទើបជាតិថ្កើងថ្កាន​
រក្សាគង់វង្សកេរពីបុរាណ​
តទៅសន្ដានរៀងដរាបអើយ​


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks