Saturday, March 28, 2015

បើចង់សាងឈ្មោះអ្នកនិពន្ធ

សូមជូនអត្ថបទកំណាព្យ" បើចង់សាងឈ្មោះអ្នកនិពន្ធ
" ដែលខ្ញុំបាទផេង វិសុដ្ឋារ៉ាមុនី 
បានតាក់តែងនិពន្ធឡើងដើម្បីទុកជាជំនួយស្មារតីពិសេសសម្រាប់
ជនរួមជាតិ ប្រិយមិត្តនិស្សិត មហាជនខ្មែរទូទៅដែលចង់ក្លាយជា
អ្នកនិពន្ធនិងជាកវីនិពន្ធដ៏មានប្រជាប្រិយភាពមួយរូបដូចរៀមច្បង
យើងផងដែរ។សូមជូនចំពោះសង្គមជាតិខ្មែរ និងជាពិសេសសូមព្រះថេរានុថេរៈ គ្រប់ព្រះអង្គ លោកគ្រូសាស្រ្តាចារ្យគ្រប់កម្រិតលោកតាអ្នកមីងកវីនិពន្ធគ្រប់ជាន់ថ្នាក់ព្រះ មេត្តានិងមេត្តាជួយពិនិត្រកែសម្រួលនិងផ្តល់ជាមតិរិះគន់កែលម្អក្នុងន័យជាកូនខ្មែរដែលជ្រកក្រោម្លប់ជាតិសាសនាព្រះមហាក្សត្រនិងរស់នៅក្រោមបន្ទាត់ គោលនយោបាយអភិវឌ្ឍន៍នៃរាជរដ្ឋា ភិបាលកម្ពុជារាជធានីភ្នំពេញដូចគ្នា
បើចង់សាងឈ្មោះអ្នកនិពន្ធ
រាជធានីភ្នំពេញថ្ងៃ អង្គារ ទី ០៥ ខែ មិនាឆ្នំា២០១៣
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
---------------------------
បើចង់សាងឈ្មោះអ្នកនិពន្ធ
(បទពាក្យបាំ្រពីរ)
១. បើចង់សាងឈ្មោះអ្នកនិពន្ធ
ខិតខំអត់ធន់ប្រឹងសិក្សា
សា្រវជ្រាវរាវរកគ្រប់ឯកសារ
ចេះសង្កេតការណ៏ក្នុងសង្គម។
២. បើចង់សាងឈ្មោះអ្នកនិពន្ធ
កុំបីទម្រន់ស្ពឹកនិយម
យល់ចំណេះមូលដ្ឋានអោយធំ
រៀនវិភាគផ្គុំតួរអក្សរ។
៣. បើចង់សាងឈ្មោះអ្នកនិពន្ធ
ដាក់ចិត្តអោយធ្ងន់ចរិតល្អ
តស៊ូព្យាយាមចិត្តស្មោះ ស
ឆន្ទះបវរ ឆ្ពោះគោលដៅ។
៤. បើចង់សាងឈ្មោះអ្នកនិពន្ធ
គួរគិតគយគន់ច្បាប់សំណៅ
ចេះត្រង់ត្រាប់ស្តាប់ញាតិប្រដៅ
ដាក់ខ្លួនសំដៅសេពបណ្ឌិត។
៥. បើចង់សាងឈ្មោះអ្នកនិពន្ធ
ជាប្រជាជនធម្មតាពិត
តែមានស្មារតីច្នៃប្រឌិត
សរសេររិះគិតរកគំនិត។
៦. បើចង់សាងឈ្មោះអ្នកនិពន្ធ
សម្តីទន់ភ្លន់សច្ចះពិត
ស្មារតីរឹងមំាមិនភ័យភិត
ហ៊ានធ្វើហ៊ានគិតហ៊ានទទួល។
៧. បើចង់សាងឈ្មោះអ្នកនិពន្ធ
សីលធម៌ជាគុណប្រសើរគួរ
គោរពសិទ្ធមនុស្សសុខស្រួល
ទំាងនៅក្នុងគ្រួសារ សង្គម។
៨. បើចង់សាងឈ្មោះអ្នកនិពន្ធ
ពេលគេរិះគន់កុំគំនុំ
ត្រូវគិតពិចារណ៏ច្បាប់ជាធំ
ហើយចេះជំនុំឆ្លើយផ្តងផ្តោះ។
៩. បើចង់សាងឈ្មោះអ្នកនិពន្ធ
អប់រំខ្លួនមុនអ្វីទំាងអស់
ដឹងរឿងសង្គមគ្មានចង្លោះ
គាស់កាយកៀនកោះអោយផុសឡើង។
១០. បើចង់សាងឈ្មោះអ្នកនិពន្ធ
ពុះពារពេកពន់មិនរើសអើង
មានចិត្តស្រលាញ់ចង់តម្កើង
វប្បធម៌ថ្កុំថ្កើងអក្សរសាស្រ្ត។
១១. បើចង់សាងឈ្មោះអ្នកនិពន្ធ
សីលធម៌ជាទុនប្រាកដច្បាស់
សមត្ថភាពត្រូវមានល្អល្អះ
មានវិធីសាស្រ្តនិពន្ធថ្មី!។
១២. បើចង់សាងឈ្មោះអ្នកនិពន្ធ
សរសេរមិនធន់ប្រឹងឃ្មាតខ្មី
ព្យាយាម តស៊ូ មិនគិតខ្លី
ប៉ាកកាខន្តីសន្តិភាព។
១៣. បើចង់សាងឈ្មោះអ្នកនិពន្ធ
ចិត្តយើងជាទុនត្រូវមានប្រៀប
រហ័សវាងវៃយល់ដឹងជ្រាប
មិនក្រោមគំនាបអំណាចគេ។
១៤. បើចង់សាងឈ្មោះអ្នកនិពន្ធ
កវីនិពន្ធត្រូវមានពេល
វេលាគ្រប់គ្រាន់ពោលទំនេរ
ខួរក្បាលជាមេក្នុងការតែង។
១៥. បើចង់សាងឈ្មោះអ្នកនិពន្ធ
គិតអ្វីអោយធ្ងន់មុនចារចែង
រើសប្រធានបទវិភាគថ្លែង
ហើយចេះកោតក្រែងអ្នករិះគន់។
១៦. បើចង់សាងឈ្មោះអ្នកនិពន្ធ
ត្រូវដឹងខ្លួនមុនគេរិះគន់
ហើយចេះដាក់អារម្មណ៏ទោទន់
គិតកុំអោយស៊ុនឃ្លាតប្រធាន។
១៧. បើចង់សាងឈ្មោះអ្នកនិពន្ធ
គំនិតជាទុនប៉ាកកាយាន
លត់ដំកាយចិត្តប្រឹងហាត់រៀន
ក្លាហ៊ានហើយហ៊ាននាមកវី។
១៨. បើចង់សាងឈ្មោះអ្នកនិពន្ធ
ត្រូវដឹងខ្លួនមុនថាជាអ្វី!
ជាអ្នកដាស់តឿនវាចាស្តី
ក្រើនរំលឹកក្តីក្តំាសង្គម។
១៩. ជាអ្នកជួយកែរំលឹកញាតិ
ទំាងសង្គមជាតិឆ្លៀតអប់រំ
ជួយជាគំនិតអប់បន្ទំ
ដើម្បីសង្គមមានសីលធម៌។
២០. អ្នកនិពន្ធល្អបវរជាតិ
មានផ្នត់មាយាទ ញាតិអបអរ
ស្មារតីជាតិ គំរូល្អ
ឆន្ទះស្មោះ ស នឹងអ្នកអាន។
រាជធានីភ្នំពេញថ្ងៃ អង្គារ ទី ០៥ ខែ មិនាឆ្នំា២០១៣
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

មរតក៌កវីនិពន្ធខ្មែរ

សូមជូនអត្ថបទកំណាព្យ" មរតកកវីនិពន្ធខ្មែរ " ដែលខ្ញុំបាទផេង សុខវ៉ាន់ដា
បានតាក់តែងនិពន្ធឡើងដើម្បីទុកជាចំណងដៃក្មេងខ្ចីលក្ខណៈជាប្រវត្តិសាស្រ្ត
ជូនចំពោះសង្គមជាតិខ្មែរ និងជាពិសេសសូមព្រះថេរានុថេរៈ គ្រប់ព្រះអង្គ លោកគ្រូសាស្រ្តាចារ្យគ្រប់កម្រិតលោកតាអ្នកមីងកវីនិពន្ធគ្រប់ជាន់ថ្នាក់ព្រះ មេត្តានិងមេត្តាជួយពិនិត្រកែសម្រួលនិងផ្តល់ជាមតិរិះគន់កែលម្អក្នុងន័យជាកូនខ្មែរដែលជ្រកក្រោម្លប់ជាតិសាសនាព្រះមហាក្សត្រនិងរស់នៅក្រោមបន្ទាត់ គោលនយោបាយអភិវឌ្ឍន៍នៃរាជរដ្ឋា ភិបាលកម្ពុជារាជធានីភ្នំពេញដូចគ្នា 
----------------------------------------------------------------------------------------
មរតក៌កវីនិពន្ធខ្មែរ
------------------------
បទពាក្យបាំ្រពីរ
១. នេះខ្ញុំសូមថ្លែងតែងកាព្យា 
រៀបរាប់ពណ៌នាពីកវី
អ្នកនិពន្ធឆ្នើម លេងសំដី 
សុទ្ធអ្នកល្បាញល្បី ដល់សព្វថ្ងៃ ។
២. ទំាងអ្នកអក្សរសាស្រ្ត វប្បធម៌ 
ស្នាដៃគេស្គាល់ មានតម្លៃ
បន្សល់ជាកេរដល់សព្វថ្ងៃ 
វប្បធម៌ថ្លាថ្លៃ មានសម្រស់។
៣. ខ្ញុំសូមរៀបរាប់សង្ខេបខ្លី 
សម្រំាងអ្នកល្បី ខ្មែរស្គាល់អស់
ដោយរូបខ្ញុំបាទ នឹកស្រណោះ 
អាល័យអាឡោះ ស្តាយអស់លោក ។
៤. លោក រីម គីន កវីជាន់ដើម 
ស្នាដៃលោកឆ្នើម ល្បីជ័យជោគ
ភិក្ខុ ងួន សោម ប្រលោមលោក 
ទុំទាវវិយោគ ទំនួញស្នេហ៏ ។
៥. លោក ប៊ុណ្ណ ចាន់ម៉ុល ក៏ល្បីដែរ 
ហាស់ សាឡន,មែរប៊ុន ពូកែ
លោក គយ សារុន គំនិតខ្មែរ 
កំណាព្យហូរហែ សុទ្ធទំនើប ។
៦. លោក លាង ហាប់អាន អក្សរសាស្រ្ត ស្នាដៃច្រើនណាស់ដែរខ្ញុំពើប
លោក សុទ្ធ ប៉ូលីន ចិត្តរំភើប 
កវីថ្មីទើប ប្លែកទស្សនៈ ។
៧. លោក លី ធាមតេង អ្នកនិពន្ធ 
ញ៉ុក ថែម,ឃុនស្រ៊ុន, កេង វ៉ាន់សាក់
លោក រ គោវិទ ទឹកដៃឆ្លាក់ 
ជាប់ជាអមតៈ ក្នុងចិត្តខ្មែរ ។
៨. លោក គឹមហាក់; គុយឡូត; ពៅឈិន 
លោក ដួន សារិន ប្រាជ្ញម្នាក់ដែល
ឌឹក គាម, ឌឿក អ៊ុំ, ក៏ពូកែ 
សុទ្ធសឹងពូជខ្សែ ខ្មែរអង្គរ ។
៩. លោក នួន ឃឿន, អឹម ឆុំ, លីអេង 
ហែល ស៊ុមផា,ហេង យ៉ាន់,លេចធ្លោ
លោក ឡំាង ប៉េងសៀក ច្បាស់ជំហរ 
លោក ពៅ ស៊ីផូ កវីឆ្នើម ។
១០. កវីសេកមាស ម៉ា ឡៅពី 
ស្នាដៃគ្មានពីរ ជំនាន់ដើម
វ៉ោយ ហូរ ក៏ល្បីដ៏សម្បើម 
ទ្រិញវ៉ាញ ក៏ឆ្នើមអក្សរសាស្រ្ត ។
១១. ព្រឹទ្ធាចារ្យ ឆេង ផុន សព្វថ្ងៃ 
ជាមនុស្សថ្លៃ វប្បធម៌ច្បាស់
មរតក មនុស្សរស់ ល្បីល្បាញណាស់ 
ព្រឹទ្ធាចារ្យចាស់ លី សុវីរ ។
១២. ព្រឹទ្ធាចារ្យ ជិត ជន , ទេព ផុន 
កវី វ៉ែន សុន , ឱម ណាគ្រី
លោក ជុំ កាណាល់, ឡឹក ឡាវី 
លោក លី ថៃលី និង ញ៉ែមផុន ។
១៣. លោក មិត្ត សាខន , ឯល ប៊ុនណា 
និងព្រឹទ្ធាចារ្យ តា មៀច ប៉ុណ្ណ
អ្នកនិពន្ធ ហាក់ ឆៃហុក, ស៊ីវ សុន 
ទី ជីហួត ដៃឯកកវី។
១៤. កវីនិពន្ធ ប៊ីវ ឆៃលាង 
លោក នូ ហាច, អៀង សាយ,ល្បាញល្បី
លោកម៉ា ឡាយខេម, កែវ ឯម ក្តី 
យ៉ង់ ឈៀង កវី សម សាខន។
១៥. វិបុលរាជ នូ កន សេនា 
លោកសាស្រ្តាចារ្យ នាម នួន កន
អ្នកនិពន្ធ យ៉ាន់អ៊ុន ហៅអ៊ុយអន 
ផ្នែកបាលីច្បាស់ ជំនាន់ដើម ។
១៦. លោកសាស្រ្តាចារ្យ ស សារុន 
លោក ស កាពុន, អឹម ថុក ឆ្នើម
កវី ហេង ហួវ៉េង ជាន់ដើម 
សុទ្ធតែដង្ហើមមរតកខ្មែរ ។
១៧. លោក សួន សុរិន្ទ, ប៉ិច សាលឿន 
លោក គង្គ ប៊ុនឈឿន មួយរូបដែរ
ជាម្ចាស់កវី ស្ទឹងសង្កែ 
ស្នាដៃក្រាស់ក្រែល ប្រយោជន៏ខ្មែរ។
១៨. លោក ម៉ុក សំឱក អ្នកនិពន្ធ 
ទំាងលោក សាយ យុន និង អ៊ុយ ហែល
លោកកវី ស្វាយ សំអឿ ដែរ 
លោក គឹម សំអែល វិជ្ជាមួន ។
១៩. អ្នកនិពន្ធនាម លោក វង់ ភឿង 
តា អ៊ុំ ដរ៉ា និង អ៊ុម អ៊ួន
កវី អ៊ុក សំអាត និង ម៉ក់ ឈួន 
ស្នាដៃល្អផ្ទួន ចួនវោហាស៏ ។
២០. អ្នកនិពន្ធនាម លី គឹម អួង 
ទំាងលោក តូច ឈួង សាស្រ្តាចារ្យ
បណ្ឌិត ឃីង ហុកឌី សាស្រ្តា 
ឡុង សៀម ប្រាជ្ញា ឆយ យីហ៊ាង ។
២១. ខ្ញុំសូម បញ្ចប់សង្ខេបខ្លី 
សម្រំាងអ្នកល្បី ខ្មែរវៃវៀង
គឺមានប៉ុណ្ណេះ តាមលេខរៀង 
អត់ទោសសូរសៀង ខ្ញុំតែងឆ្គង ។
២២. នៅមានច្រើនណាស់ ប្រាជ្ញខេមរា 
សាងស្នាដៃរ៉ា សមទំនង
ទុកជាប្រយោជន៏សង្គមផង 
លោកមានបំណង ជាដំណែល ។
២៣. បើមានខុសឆ្គងរំលងក្តី 
សូមញាតិប្រណី ឆ្គងពាក្យខ្មែរ
រាយនាមមិនអស់ ជាហូរហែ 
រិះគន់ផងដែល បែបស្ថាបនា ។រក្សាសិទ្ធគ្រប់យ៉ាង
===================================
ចាប់ផ្តើមនិពន្ធនៅរាជធានីភ្នំពេញ, ថ្ងៃ អង្គារ ទី ១២ ខែ សីហា ឆ្នំា ២០១៤
និពន្ធបញ្ចប់នៅរាជធានីភ្នំពេញ, ថ្ងៃ ច័ន្ទ ទី ២៥ ខែ សីហា ឆ្នំា ២០១៤
ដោយនិស្សិត៖ ផេង សុខវ៉ាន់ដា
អតីតនិស្សិតសមាគមអ្នកនិពន្ធខ្មែរ ជំនាន់ទី២៩ 
និស្សិតបរិញ្ញាប័ត្រ សង្គមវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ
ទំនាក់ទំនងមកអ្នកនិពន្ធផ្ទាល់តាមរយៈ អាស័យដ្ឋាន ៖
០១០ ៤៩២ ៤៣៧ និង ០១៧ ៥២ ៨៦ ៥២ 
Email : Visotharamuny@gmail.com

អំាងប៉ាវបេះដូង រង្វាន់ស្នេហ៍ស្មោះ

អំាងប៉ាវបេះដូង រង្វាន់ស្នេហ៍ស្មោះ
*****************************
ស្រីអើយកុំព្រួយ កុំឡើយខ្វល់ខ្វាយ 
ធ្វើចិត្តសប្បាយ ថ្ងៃចូលឆ្នំាថ្មី
រៀមនឹងជូន រង្វាន់អំាងប៉ាវថ្មី 
ទៅដល់ដៃស្រី រង្វាន់បេះដូង ។
រៀមកូនអ្នកស្រែ ឃ្វាលគោក្របី
ចិត្តស្មោះភក្តី និងស្នេហ៏ដំបូង
មិនមែនយល់សប្តិ មិនមែនយល់សូង
អំាងប៉ាវបេះដូង ទុកជូនមាសស្នេហ៍។
បេះដូងបងមួយ បេះដូងកម្លោះ
បេះដូងស្ម័គ្រស្មោះ បេះដូងសច្ចៈ
បេះដូងកម្លោះបងគ្រប់លក្ខណៈ
អំាងប៉ាវបងដាក់បេះដូងជូនស្រី ។
រៀមសូមប្រកាស ប្រគល់ជំនូន
អំាងប៉ាវស្នេហ៍ជូន ជំនូនភក្តី
សូមភា្ជប់និស្ស័យជាគូមេត្រី
រួមរ័ក្សនឹងស្រី លុះសូន្យជីវិត។
បើស្រីទទួល រៀមសូមសន្យា
អំាងប៉ាវស្នេហា ស្មោះតែអូនពិត
ការពារ ថែស្រី មិនអោយឃ្នើសចិត្ត
សុខភាពផ្លូវចិត្តអូន រៀមសុំធានា។
ថ្ងៃចូលឆ្នំាចិន អំាងប៉ាវស្នេហ៍ស្មោះ
ចងដៃស្រីស្រស់ និស្ស័យនឹងគ្នា
ខ្លាចអី អៀនអី ណា៎កែវពុំងារ
បេះដូងល្អជា នូវកម្លោះសុទ្ធ ។
---------------------------------------------
រាជធានីភ្នំពេញ ២៤ មករា ២០១៥
ដោយ៖ ផេង សុខវ៉ាន់ដា

សិក្សាអរិយធម៌ទូទៅ

សិក្សាអរិយធម៌ទូទៅ
I.អរិយធម៌ជាអ្វី?
ជាទូទៅមានការយល់ផ្សេងពីគ្នា ចំពោះពាក្យអរិយធម៌នេះ៖
-ខ្លះយល់ថា ”អរិយធម៌ជាអំណាច ជាយសសក្តិ ជាចំណេះវិជ្ជា ជាទ្រព្យសម្បត្តិ“
-ខ្លះយល់ថា ភាពសង្ហា ភាពហឺហារហ៊ឹកហ៊ាក់ ដោយគ្រឿងឧបករព៍បរិភោគ មានសំលៀកបំពាក់ល្អ មានផ្ទះរស់នៅល្អ មានរថយន្តទំនើប ចេះកាច់រាងតាមជនបរទេស យកជនបរទេសជាស្វាមី ឬប្រពន្ធ…
-ខ្លាះយល់ថា ភាពទំនើបថ្មី អ្នកនិយមប្រើប្រាសរបស់ដែលទើបតែកើតថ្មី ការយល់បែបនេះស្របនិងសុភាសិតខ្មែរដែលប្រើពាក្យស៊ីវិស័យ ក្លាយមកពីពាក្យបារាំង Civilization ដែលវាសមមួលនឹងពាក្យ អរិយធម៌ នេះឯង។
យើងស្រង់យកគំនិតអ្នកប្រាជ្ញាធំៗ ដែលបានស្រាវជ្រាវពិចារណាលើពាក្យ អរិយធម៌ នេះ៖
-លោក កាល់ ម៉ាក (Karl Marx 1818-1883) ទស្សនវិទូ សេដ្ឋកិច្ចវិទូ សង្គមវិទូ អាល្លឺម៉ង់វិទូ យល់ថា ”អរិយធម៌ គឺជាតំលៃខាងសំភារៈ“។
-លោក វី ប៊ែរ (Weber 1864-1920) សេដ្ឋកិច្ចវិទូ និងសង្គមវិទូអាឡឺម៉ង់យល់ថា ”អរិយធម៌ ជាកំរងនៃវិជ្ជាតិចនិច វិជ្ជាអនុវត្តគោលច្បាប់ ដែលជាមធ្យោបាយទប់ទល់នឹងធម្មជាតិ“
-សព្វវចនាធិប្បាយ ឡារូស ពន្យល់ថា៖
*អរិយធម៌ នាំអោយអំពើស៊ីវិល័យ
*អរិយធម៌ ជាសំណុំលក្ខណៈផ្ទាល់របស់ជីវភាព ប្រាជ្ញាសិល្បៈ និងសំភារៈនៃប្រទេសមួយ សង្គមមួយ។
-លោក ឡា ឡង់ (La Lande 1732-1807) តារាវិទូបារាំងយល់ថា ”អរិយធម៌ជាកម្រងមែកធាង ច្រើនបែបយ៉ាង ក្នុងសង្គមមនុស្ស ដែលមានលក្ខណៈជាសិល្បៈ សាសនា សីលធម៌ វិទ្យាសាស្រ្ត តិចនិច មានជីវិតអាចបន្តគ្នាក្នុងកាលអាកាស ហើយជាលក្ខណៈរួមរបស់សង្គមណាមួយ ឬ ច្រើន ដែលមានទំនាក់ទំនងគ្នា។
-លោក មីរ៉ាបូ (Mirabeau 1715-1789) សេដ្ឋកិច្ចវិទូបារាំងយល់ថា ”អរិយធម៌ គឺជាការរីកចំរើនលូតលាស់នៃជនជាតិណាមួយ ដែលផ្ទុយនឹងភាពព្រៃផ្សែ“។
-លោក ហង់រី បេណាក់ ភាសាវិទូបារាំងយល់ថា ”អរិយធម៌ ជាការរីកចំរើនផ្នែកសំភារៈ ផ្នែកគំនិតប្រាជ្ញា និងផ្នែកសីលធម៌“។
-តាមវចនានុក្រមខ្មែររបស់សម្តេច ជូន ណាត៖ ”អរិធម៌<អរិយ(បា)+ធម៌(សំ)ឬ ធម៌(បា)“
-អរិយ(បា) អាយ៍ (សំ) អារ្យ (ខ្មែរ)៖ ល្អប្រសើរ ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់ ត្រឹមត្រូវ រៀបរយ មានសណ្តាប់ធ្នាប់ ឬមានបែបបទល្អ។
-ធម៌ (សំ) ធម្ម (បា)៖ ធាតុ វិធី ធម៌ភាព សភាវទ្រទ្រង់ ឬទ្រឹស្តី នាឆ្ពោះទៅរកវឌ្ឍភាព និងការអនុវត្តន៍យ៉ាងសកម្ម។
សន្និដ្ឋាន៖ ទោះបីមានទស្សនៈប្លែកគ្នាលើពាក្យ ”អរិយធម៌“ យ៉ាងនេះក៏ដោយ ក៏យើងអាចបង្រួមសេចក្តីថា អរិយធម៌ សំគាល់ការរស់នៅ ការរៀបចំជីវភាពនៃសង្គមមនុស្ស អោយបានរីកចំរើនលូតលាស់តាមផ្លូវកាយ ចិត្ត និងសំភារៈ។
អរិយធម៌ មានមែកធាងពីរគឺ វប្បធម៌ និង សង្គមធម៌៖
ក) វប្បធម៌៖ ជាលទ្ធផលនៃការលូតលាស់ខាងបញ្ញារបស់មនុស្ស លើវិជ្ជាភាពអន្ធការ លើធម្មជាតិជាពិសេស លើចំនុចខ្សោយរបស់មនុស្សដោយខ្លួនឯង បានសេចក្តីថា ជាការបណ្តុះបណ្តាល ជាឆន្ទៈ និងឧត្តមគតិខ្ពង់ខ្ពស់ របស់មនុស្សជាតិ តាមចំនេះដឹងសីលធម៌ ការអប់រំផ្សេងៗ។ ផ្នែកនេះសំដៅលើជំនឿ សីលធម៌ សីល្បៈ ភាសា អក្សរសាស្រ្តជាដើម ដែលមនុស្សសំរិតសំរាំង ដើម្បីសុខដុមរមនាក្នុងសង្គម។
ខ) សង្គមធម៌៖ ជាការទ្រទ្រង់សង្គមមនុស្ស និងបណ្តុះបណ្តាល សេចកត្តីសុខសប្បារបស់មនុស្សជាតិ ដើម្បីទាញយកផលប្រយោជន៍អោយបានច្រើនជាទីបំផុត ឬតាមវិធីរៀបចំសង្គមអោយបានរីកលូតលាស់ដូចជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ឬតាមស្ថាប័នផ្សេងៗ។
II.វិវត្តន៍អរិយធម៌
គេច្រើនចាត់ទុកអរិយធម៌ដូចជា វត្ថុមានជីវិត ព្រោះអរិយធម៌បានកើតឡើង រីកចំរើន ហើយចុះអន់ថយ រួចវិនាសសាបសូន្យទៅវិញក៏មាន។ ធាតុទាំងឡាយដែលផ្សែផ្សំគ្នាអោយកើតជាអរិយធម៌ណាមួយ មិនមែនចេះតែកើតឡើងដោយចៃដន្យ ឬឥតសមហេតុផលនោះទេ។ ធាតុទាំងឡាយនោះសុទ្ធ តែផ្សែផ្សំគ្នាម្តងបន្តិចៗ អស់ពេលយ៉ាងយូរ ជូនកាលរាប់សតវត្សទំរាំកើតបានជាអរិយធម៌មួយឡើង។
ចំណែកឯការវិនាសបាត់បង់សាបសូន្យនៃអរិយធម៌វិញ អាចប្រព្រឹត្តទៅសន្សឹមៗដូចកាលដែលអរិយធម៌នេះកកើតឡើងដែរ។ អរិយធម៌ខ្លះវិនាសសាបសូន្យយ៉ាងទម្ងន់ ដោយបាតុភូតធម្មជាតិ (អគ្គីភ័យ ទឹកជំនន់ រញ្ជួយព្រះធម៌ណី ឬដោយសារសង្គ្រាម)។
ក្នុងការវិវត្តន៍អរិយធម៌នីមួយៗ តែងជួបប្រទះនឹងសម័យរីកចំរើនលូតលាស់ និងសម័យដុនដាបជាលំដាប់ដោយតែមួយលើកក៏មាន ច្រើនលើកក៏មាន។ ល្បឿនវិវត្តន៍នៃអរិយធម៌នីមួយៗ អាស្រ័យទៅលើ ថាមពលនៃអរិយធម៌នោះ ជូនកាលអាស្រ័យដោយឥទ្ធិពលនៃអរិយធម៌ដ៏ទៃ ដែលច្រៀតចូលមក ហើយធ្វើអោយ អរិយធម៌នោះផ្លាស់ប្តូរទៅតាមចង្វាក់ថ្មី។ អរិយធម៌ សំខាន់ៗទាំងឡាយក្នុងលោក សុទ្ធតែបានទទួលឥទ្ធិពលពីគ្នាទៅវិញទៅមកជានិច្ច។ ទំនាក់ទំនងនេះក៏អាចផ្តល់ផលវិបាកអាក្រក់ ឬល្អអោយគ្នាទៅវិញទៅមក។ វិវត្តន៍អរិយធម៌នីមួយៗ ត្រូវអាស្រ័យមួយផ្នែកយ៉ាងធំទៅនិងការវិវត្តន៍ប្រវត្តសាស្រ្តនៃសង្គម ជាតិមួយ ឬ មនុស្សជាតិទូទៅ។
III.មែកធាងវប្បធម៌-អរិយធម៌ (ចំនុចទី III នេះសូមចុចមើលរូបភាពខាងក្រោម)
IV.អរិយធម៌សំខាន់ៗក្នុងលោក
អរិយធម៌មានចំនួនច្រើន ហើយអរិយធម៌ទាំងនោះច្រើនតែមានទំនាក់ទំនងគ្នាផង ការចែកអរិយធម៌ពីគ្នាជាការលំបាក។ ប៉ុន្តែដើម្បីសំរួលដល់ការសិក្សា គេអាចចែកអរិយធម៌សំខាន់ៗក្នុងលោកជាប្រាំ។
១-អរិយធម៌បច្ចឹម (អឺរ៉ុបខាងលិច និងអាមេរីក)
២-អរិយធម៌អាស៊ី (អាស៊ីចុងបូព៌ា អាស៊ីអគ្នេយ៍ ឥណ្ឌា)
៣-អរិយធម៌ឥស្លាម (ប្រទេសដែលកាន់សាសនាឥស្លាម)
៤-អរិយធម៌សង្គមនិយម (ប្រទេសសង្គមនិយមទាំងអស់)
៥-អរិយធម៌អាព្រិចខ្មៅ
V.សន្និដ្ឋាន៖
អរិយធម៌បានផ្លាស់ប្តូរពីន័យចង្អៀត ទៅជាន័យទូលាយ ស្របនឹងគំនិតរីកចំរើននៃវិទ្យាសាស្រ្ត ឬសកលនិយមរបស់មនុស្សជាតិ។ អរិយធម៌ទាំងអស់ក្នុងលោកសុទ្ធតែមានប្រវត្តិ ការវិវត្តន៍ផ្លាស់របស់ជនជាតិនីមួយៗ វាលូតលាស់ដល់កំពូលពេលណា ដែលធាតុផ្សំទាំងឡាយនៃអរិយធម៌នោះរលាយចូលគ្នា ស៊ីសង្វាក់គ្នាយ៉ាងសុខដុមរមនាបំផុត៕ (ដកស្រង់ពី Tourist Guide 2003)
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks