សិក្សាអរិយធម៌ទូទៅ
I.អរិយធម៌ជាអ្វី?
ជាទូទៅមានការយល់ផ្សេងពីគ្នា ចំពោះពាក្យអរិយធម៌នេះ៖
-ខ្លះយល់ថា ”អរិយធម៌ជាអំណាច ជាយសសក្តិ ជាចំណេះវិជ្ជា ជាទ្រព្យសម្បត្តិ“
-ខ្លះយល់ថា ភាពសង្ហា ភាពហឺហារហ៊ឹកហ៊ាក់ ដោយគ្រឿងឧបករព៍បរិភោគ មានសំលៀកបំពាក់ល្អ មានផ្ទះរស់នៅល្អ មានរថយន្តទំនើប ចេះកាច់រាងតាមជនបរទេស យកជនបរទេសជាស្វាមី ឬប្រពន្ធ…
-ខ្លាះយល់ថា ភាពទំនើបថ្មី អ្នកនិយមប្រើប្រាសរបស់ដែលទើបតែកើតថ្មី ការយល់បែបនេះស្របនិងសុភាសិតខ្មែរដែលប្រើពាក្យស៊ីវិស័យ ក្លាយមកពីពាក្យបារាំង Civilization ដែលវាសមមួលនឹងពាក្យ អរិយធម៌ នេះឯង។
យើងស្រង់យកគំនិតអ្នកប្រាជ្ញាធំៗ ដែលបានស្រាវជ្រាវពិចារណាលើពាក្យ អរិយធម៌ នេះ៖
-លោក កាល់ ម៉ាក (Karl Marx 1818-1883) ទស្សនវិទូ សេដ្ឋកិច្ចវិទូ សង្គមវិទូ អាល្លឺម៉ង់វិទូ យល់ថា ”អរិយធម៌ គឺជាតំលៃខាងសំភារៈ“។
-លោក វី ប៊ែរ (Weber 1864-1920) សេដ្ឋកិច្ចវិទូ និងសង្គមវិទូអាឡឺម៉ង់យល់ថា ”អរិយធម៌ ជាកំរងនៃវិជ្ជាតិចនិច វិជ្ជាអនុវត្តគោលច្បាប់ ដែលជាមធ្យោបាយទប់ទល់នឹងធម្មជាតិ“
-សព្វវចនាធិប្បាយ ឡារូស ពន្យល់ថា៖
*អរិយធម៌ នាំអោយអំពើស៊ីវិល័យ
*អរិយធម៌ ជាសំណុំលក្ខណៈផ្ទាល់របស់ជីវភាព ប្រាជ្ញាសិល្បៈ និងសំភារៈនៃប្រទេសមួយ សង្គមមួយ។
-លោក ឡា ឡង់ (La Lande 1732-1807) តារាវិទូបារាំងយល់ថា ”អរិយធម៌ជាកម្រងមែកធាង ច្រើនបែបយ៉ាង ក្នុងសង្គមមនុស្ស ដែលមានលក្ខណៈជាសិល្បៈ សាសនា សីលធម៌ វិទ្យាសាស្រ្ត តិចនិច មានជីវិតអាចបន្តគ្នាក្នុងកាលអាកាស ហើយជាលក្ខណៈរួមរបស់សង្គមណាមួយ ឬ ច្រើន ដែលមានទំនាក់ទំនងគ្នា។
-លោក មីរ៉ាបូ (Mirabeau 1715-1789) សេដ្ឋកិច្ចវិទូបារាំងយល់ថា ”អរិយធម៌ គឺជាការរីកចំរើនលូតលាស់នៃជនជាតិណាមួយ ដែលផ្ទុយនឹងភាពព្រៃផ្សែ“។
-លោក ហង់រី បេណាក់ ភាសាវិទូបារាំងយល់ថា ”អរិយធម៌ ជាការរីកចំរើនផ្នែកសំភារៈ ផ្នែកគំនិតប្រាជ្ញា និងផ្នែកសីលធម៌“។
-តាមវចនានុក្រមខ្មែររបស់សម្តេច ជូន ណាត៖ ”អរិធម៌<អរិយ(បា)+ធម៌(សំ)ឬ ធម៌(បា)“
-អរិយ(បា) អាយ៍ (សំ) អារ្យ (ខ្មែរ)៖ ល្អប្រសើរ ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់ ត្រឹមត្រូវ រៀបរយ មានសណ្តាប់ធ្នាប់ ឬមានបែបបទល្អ។
-ធម៌ (សំ) ធម្ម (បា)៖ ធាតុ វិធី ធម៌ភាព សភាវទ្រទ្រង់ ឬទ្រឹស្តី នាឆ្ពោះទៅរកវឌ្ឍភាព និងការអនុវត្តន៍យ៉ាងសកម្ម។
សន្និដ្ឋាន៖ ទោះបីមានទស្សនៈប្លែកគ្នាលើពាក្យ ”អរិយធម៌“ យ៉ាងនេះក៏ដោយ ក៏យើងអាចបង្រួមសេចក្តីថា អរិយធម៌ សំគាល់ការរស់នៅ ការរៀបចំជីវភាពនៃសង្គមមនុស្ស អោយបានរីកចំរើនលូតលាស់តាមផ្លូវកាយ ចិត្ត និងសំភារៈ។
អរិយធម៌ មានមែកធាងពីរគឺ វប្បធម៌ និង សង្គមធម៌៖
ក) វប្បធម៌៖ ជាលទ្ធផលនៃការលូតលាស់ខាងបញ្ញារបស់មនុស្ស លើវិជ្ជាភាពអន្ធការ លើធម្មជាតិជាពិសេស លើចំនុចខ្សោយរបស់មនុស្សដោយខ្លួនឯង បានសេចក្តីថា ជាការបណ្តុះបណ្តាល ជាឆន្ទៈ និងឧត្តមគតិខ្ពង់ខ្ពស់ របស់មនុស្សជាតិ តាមចំនេះដឹងសីលធម៌ ការអប់រំផ្សេងៗ។ ផ្នែកនេះសំដៅលើជំនឿ សីលធម៌ សីល្បៈ ភាសា អក្សរសាស្រ្តជាដើម ដែលមនុស្សសំរិតសំរាំង ដើម្បីសុខដុមរមនាក្នុងសង្គម។
ខ) សង្គមធម៌៖ ជាការទ្រទ្រង់សង្គមមនុស្ស និងបណ្តុះបណ្តាល សេចកត្តីសុខសប្បារបស់មនុស្សជាតិ ដើម្បីទាញយកផលប្រយោជន៍អោយបានច្រើនជាទីបំផុត ឬតាមវិធីរៀបចំសង្គមអោយបានរីកលូតលាស់ដូចជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ឬតាមស្ថាប័នផ្សេងៗ។
II.វិវត្តន៍អរិយធម៌
គេច្រើនចាត់ទុកអរិយធម៌ដូចជា វត្ថុមានជីវិត ព្រោះអរិយធម៌បានកើតឡើង រីកចំរើន ហើយចុះអន់ថយ រួចវិនាសសាបសូន្យទៅវិញក៏មាន។ ធាតុទាំងឡាយដែលផ្សែផ្សំគ្នាអោយកើតជាអរិយធម៌ណាមួយ មិនមែនចេះតែកើតឡើងដោយចៃដន្យ ឬឥតសមហេតុផលនោះទេ។ ធាតុទាំងឡាយនោះសុទ្ធ តែផ្សែផ្សំគ្នាម្តងបន្តិចៗ អស់ពេលយ៉ាងយូរ ជូនកាលរាប់សតវត្សទំរាំកើតបានជាអរិយធម៌មួយឡើង។
ចំណែកឯការវិនាសបាត់បង់សាបសូន្យនៃអរិយធម៌វិញ អាចប្រព្រឹត្តទៅសន្សឹមៗដូចកាលដែលអរិយធម៌នេះកកើតឡើងដែរ។ អរិយធម៌ខ្លះវិនាសសាបសូន្យយ៉ាងទម្ងន់ ដោយបាតុភូតធម្មជាតិ (អគ្គីភ័យ ទឹកជំនន់ រញ្ជួយព្រះធម៌ណី ឬដោយសារសង្គ្រាម)។
ក្នុងការវិវត្តន៍អរិយធម៌នីមួយៗ តែងជួបប្រទះនឹងសម័យរីកចំរើនលូតលាស់ និងសម័យដុនដាបជាលំដាប់ដោយតែមួយលើកក៏មាន ច្រើនលើកក៏មាន។ ល្បឿនវិវត្តន៍នៃអរិយធម៌នីមួយៗ អាស្រ័យទៅលើ ថាមពលនៃអរិយធម៌នោះ ជូនកាលអាស្រ័យដោយឥទ្ធិពលនៃអរិយធម៌ដ៏ទៃ ដែលច្រៀតចូលមក ហើយធ្វើអោយ អរិយធម៌នោះផ្លាស់ប្តូរទៅតាមចង្វាក់ថ្មី។ អរិយធម៌ សំខាន់ៗទាំងឡាយក្នុងលោក សុទ្ធតែបានទទួលឥទ្ធិពលពីគ្នាទៅវិញទៅមកជានិច្ច។ ទំនាក់ទំនងនេះក៏អាចផ្តល់ផលវិបាកអាក្រក់ ឬល្អអោយគ្នាទៅវិញទៅមក។ វិវត្តន៍អរិយធម៌នីមួយៗ ត្រូវអាស្រ័យមួយផ្នែកយ៉ាងធំទៅនិងការវិវត្តន៍ប្រវត្តសាស្រ្តនៃសង្គម ជាតិមួយ ឬ មនុស្សជាតិទូទៅ។
III.មែកធាងវប្បធម៌-អរិយធម៌ (ចំនុចទី III នេះសូមចុចមើលរូបភាពខាងក្រោម)
IV.អរិយធម៌សំខាន់ៗក្នុងលោក
អរិយធម៌មានចំនួនច្រើន ហើយអរិយធម៌ទាំងនោះច្រើនតែមានទំនាក់ទំនងគ្នាផង ការចែកអរិយធម៌ពីគ្នាជាការលំបាក។ ប៉ុន្តែដើម្បីសំរួលដល់ការសិក្សា គេអាចចែកអរិយធម៌សំខាន់ៗក្នុងលោកជាប្រាំ។
១-អរិយធម៌បច្ចឹម (អឺរ៉ុបខាងលិច និងអាមេរីក)
២-អរិយធម៌អាស៊ី (អាស៊ីចុងបូព៌ា អាស៊ីអគ្នេយ៍ ឥណ្ឌា)
៣-អរិយធម៌ឥស្លាម (ប្រទេសដែលកាន់សាសនាឥស្លាម)
៤-អរិយធម៌សង្គមនិយម (ប្រទេសសង្គមនិយមទាំងអស់)
៥-អរិយធម៌អាព្រិចខ្មៅ
V.សន្និដ្ឋាន៖
អរិយធម៌បានផ្លាស់ប្តូរពីន័យចង្អៀត ទៅជាន័យទូលាយ ស្របនឹងគំនិតរីកចំរើននៃវិទ្យាសាស្រ្ត ឬសកលនិយមរបស់មនុស្សជាតិ។ អរិយធម៌ទាំងអស់ក្នុងលោកសុទ្ធតែមានប្រវត្តិ ការវិវត្តន៍ផ្លាស់របស់ជនជាតិនីមួយៗ វាលូតលាស់ដល់កំពូលពេលណា ដែលធាតុផ្សំទាំងឡាយនៃអរិយធម៌នោះរលាយចូលគ្នា ស៊ីសង្វាក់គ្នាយ៉ាងសុខដុមរមនាបំផុត៕ (ដកស្រង់ពី Tourist Guide 2003)
No comments:
Post a Comment