Monday, December 28, 2015

បណ្ណាល័យ និង បណ្ណាគារ

បណ្ណាល័យ និង បណ្ណាគារ
--------------------------------
បណ្ណាគារ និង បណ្ណាល័យ
គឺមានតម្លៃ ថ្លៃណាស់ណា៎
សម្រាប់ជីវិត អ្នកសិក្សា
និស្សិតខេមរា បញ្ញវន្តក្តី ។

ទាំងអ្នកស្រាវជ្រាវគ្រប់វិជ្ជា
ជនជាតិនានា លើផែនដី
ទុកបណ្ណាគារ-បណ្ណាល័យ
ថាមានតម្លៃ ពេជ្រមិនស្មើ ។
អ្នកដែលនិយម បណ្ណាល័យ
បណ្ណាគារថ្លៃ សុទ្ធគ្រាន់បើ
គឺស្រលាញ់ចំណេះ ដ៏ប្រសើរ
មានអ្វីមិនស្មើ មានវិជ្ជា ។
បណ្ណាគារ និង បណ្ណាល័យ
ជាឃ្លាំងនិស្ស័យ មនុស្សគ្រប់គ្នា
ថែមទាំងឃ្លាំងចំណេះវិជ្ជា
កូនខ្មែរគ្រប់គ្នា គួរនិយម ។
------------------------------------
ថ្ងៃ ៤ រោច ខែ មិគសិរ ឆ្នាំ មមែ ព.ស. ២៥៥៩
ត្រូវនឹងថ្ងៃ អង្គារ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥
ដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី
ពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ

Sunday, December 20, 2015

ព្រះគុណម្តាយ និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

ឆ្លងទន្លេ ឆ្លងមហាសមុទ្រ 
លំបាកបំផុត ទម្រាំឆ្លងរួច 
ចែវផង អ៊ុំផង ខ្យល់ឆក់បក់គួច 
ក្នុងខ្លួុនព្រឺព្រួច ស្ទើរផុតជីវិត ។
 ពាក្យចាស់ខ្មែរបុរាណលោកពោលនេះ 
សុទ្ធតែត្រិះរិះ វិភាគរិះគិត 
ប្រៀបធៀប ជាក់ស្តែង និងគុណម្តាយពិត 
កូនតោងពិនិត្រ មើលគុណម្តាយវិញ ។ 
========================= 
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

សៀវភៅជាមិត្តពិតប្រសើរ និពន្ធដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី

សៀវភៅជាមិត្តពិតប្រសើរ
 សៀវភៅជាក្លើកំដរគ្នា 
សៀវភៅដ៏ល្អៗគឺជា
 ប្រឹក្សាមាគ៌ា ផ្លូវជីវិត ។

 បានអានជាប់ចិត្ត និងខ្លឹមសារ 
ស្រូបយកចិន្តា អ្នកអានពិត 
ឲ្យងប់សៀវភៅយកជាមិត្ត
 មិនអានច្បាស់ពិត មិនក្សាន្តចិត្ត ។

 បានអានបានចេះកើនវិជ្ជា
 បានយល់មាគ៌ា ផ្លូវជីវិត 
មើលឃើញពិភពលោកធំពិត 
បានទាំងនៅជិត ក្បែរបញ្ញវន្ត័ ។

 ប្រយោជន៍សៀវភៅច្រើនពេកក្រៃ
 បានអាននិស្ស័យមានបន្ទាន់
 អភិវឌ្ឍន៍ជីវិតបានរួសរាន់ 
មិនគ្រាន់ដូចជាអ្នកខ្លះបានគិត ។ 

សៀវភៅដែលល្អ ខ្លឹមសារខ្ពស់ 
ជ្រៅជ្រះពិរោះ គុណភាពពិត
 បានអានក្សាន្តចិត្តបានធូរពោះ 
បានឆ្ងាញ់ជំនួស លែងឃ្លានបាយ ។ 
========================= 
១០ ធ្នូ ២០១៥ និពន្ធដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី
 « ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ »

ចំណងជើងសៀវភៅ « ព្រះរស់ »

ចំណងជើងសៀវភៅ « ព្រះរស់ » 
 ខ្លឹមសារពិរោះ ឈ្មោះល្បាញល្បី 
បរិយាយគុណព្រះកោសិយ 
គឺមាតាបិតាបុត្រថ្លៃ ។ 

ស្នាដៃអ្នកប្រាជ្ញ បញ្ញវន្តសង្ឃ 
បុព្វជិតគ្រងស្បង់ក្នុងសម័យ 
សង្គមរាស្រ្តនិយមប្រុសស្រី 
កេរ្តិ៍ឈ្មោះល្បាញល្បី ទសវត្សរ៍ចិត ។ (១៩៧០)

 គឺអ្នកនិពន្ធនាម « សុង ស៊ីវ » 
មានងារ « ព្រះឧត្តមលិខិត » 
វិជ្ជាជ្រាលជ្រៅច្បាស់លំអិត
 បាលីសំស្ក្រឹត វប្បធម៌ខ្មែរ ។ 

ស្រុកកំណើតលោក « ខេត្តសៀមរាប » 
ខ្ញុំសូមជម្រាបបងប្អូនខ្មែរ 
ស្នាដៃនិពន្ធច្រើនក្រាស់ក្រែល
 ខ្លឹមសារជ្រៅដែល តែងាយយល់ ។ 

 ទឹកដៃសំណេរជ្រៅជ្រះណាស់ 
សម្រាយខ្មែរច្បាស់ លោកពន្យល់ 
ដូចសៀវភៅ « ព្រះរស់ » ងាយយល់
 ខ្លឹមសារពន្យល់ ប្រៀបសាសនា ។ 

ហើយចុះប៉ុណ្ណឹង ខ្ញុំសូមលា 
ប្រិយមិត្តមីងមា ញាតិខេមរា 
មិនបានលំអិតប្រវត្តិការណ៍ 
បញ្ញវន្តសាសនា នាម « សុង ស៊ីវ » ។

 បើចង់ដឹងច្បាស់ ប្រវត្តិលោក 
ស្វែងរកស្នាដៃមកសិក្សា
 មកអានបង្កើនកើតប្រាជ្ញា 
បញ្ញវន្តខេមរាពុទ្ធសាសនា ។
 ===================== 
១១ ធ្នូ ២០១៥ ផេង វិសុដ្ឋារ៉ាមុនី
 ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ប្រយោជន៍នៃការអាន (បទជាប់ទង) និពន្ធដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី

ប្រយោជន៍នៃការអាន 
(បទជាប់ទង)
 ------------------------- 
អានសៀវភៅ         ជ្រៅគំនិត                   គិតវែងឆ្ងាយ 
បានចំណេះ           ចេះបានច្រើន             កើនវិជ្ជា 
ដឹងនោះដឹង           ចឹងអានទៅ                នៅរុញរា 
ដល់ណាទៀត       ឆ្លៀតពេលខ្លះ             អាន សិក្សា ។ 
អានហើយគិត       គំនិតល្អ                      ស្លវិជ្ជា
 ឲ្យមាំមួន              ជួញចំណេញ             ផ្លូវបញ្ញា 
គិតផ្លូវល្អ               ស្រលៈខួរ                   ស្រួលអស្ចារ្យ 
អភិវឌ្ឍន៍              ផ្នត់គំនិត                     គិតឃើញត្រូវ ។
១៨ ធ្នូ ២០១៥  និពន្ធដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី 
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ

ផេង វិសុដ្ឋារ៉ាមុនី

ផេង វិសុដ្ឋារ៉ាមុនី
ពិរោះគ្មានពីរ ន័យល្អប្លែក 
ថែម « រាជភក្ដី » រឹតល្អឯក 
ពិរោះចម្លែក ដ៏វិសេស ។ 

ផេង វិសុដ្ឋារ៉ាមុនី 
ខ្មែរគ្រប់ទិសទី ជាពិសេស 
រៀមច្បងបញ្ញវន្ត មានចំណេះ 
វិថីអ្នកចេះ ស្គាល់ច្រើនរ៉ា។ 

ផេង វិសុដ្ឋារ៉ាមុនី 
ស្មោះអង្គភូមី ព្រះករុណា 
គោរពដង្ហែ អង្គក្សត្រា 
លុះក្ស័យជីវ៉ា មរណៈពិត ។

 ផេង វិសុដ្ឋារ៉ាមុនី 
ស្នេហ៍ខ្មែរទិសទី ទាំងឆ្ងាយជិត 
ស្រលាញ់សិល្បៈស្មើជីវិត 
វប្បធម៌ខ្មែរពិត និងសាសនា ។ 

ផេង វិសុដ្ឋារ៉ាមុនី 
ល្បីគ្រប់ទិសទី ដែនខេមរា
 នឹងឆ្លងសមុទ្រដែនមហា 
នាថ្ងៃអនាគតដោយវិជ្ជា ។
==================== 
ថ្ងៃ ៩ កើត ខែ មិគសិរ ឆ្នាំមមែ ព.ស. ២៥៥៩
 ត្រូវនិងថ្ងៃ សៅរ៍ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ 
ដោយ ៖ « ផេង វិសុដ្ឋារ៉ាមុនី » 
ពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ

កំណាព្យស្នេហ៍

ស្រីស្រស់ថ្ពាល់ខួចរៀមគួចចងស្នេហ៍ 
វង់ភ័ក្រដូចខែ រៀមញ៉ែមិនធុញ 
ម្រាមដៃតូចស្រស់សម្រស់មានមន្ត 
រៀមបងគយគន់មិនឆ្អែតទេថ្លៃ........... 
 ថ្ពាល់ខួចស្រស់ខ្ចីទើបពេញក្រពុំ 
ក្លិនប្រហើរងុំ ក្រពុំពេជ្រច្នៃ 
រៀមសុំស្រង់ក្លិនថ្ពាល់ស្រស់ចរណៃ 
និស្ស័យរៀមភ្ជាប់សូមរួមជីវិត........ 
បើស្រីព្រមស្ម័គ្រ រៀមសូមសន្យា 
នឹងថ្នមរក្សា តែកែវវរមិត្ត 
ប្រាក់ខែបើកបាន ដល់ដៃពៅពិត 
ស្មោះមួយជីវិត តែកន្និដ្ឋា.................. 
ដោយ ៖ « ផេង វិសុដ្ឋារ៉ាមុនី រាជភក្ដី »
================================

បបេរមាត់ក្រហមដូចសេក 
គន់ទៅកែវភ្នែកក្រឡង់ៗ \
ថ្ពាល់ពេញក្រពុំស្រស់ផូរផង់
 គល់ ក ស ខ្ញង់រលោងស្រិល ។
 រៀមគន់មួយភ្លែតត្រេកត្រអាល
 ឆេះឆាបកាមា ចង់រួមប្រាណ
 ដុតរោលកំសួលញ័រអង្គប្រាណ 
ចង់បានកល្យាណប្រលោមស្នេហ៍.....
====================================
 ខ្ញុំជាកូនពៅ នៅកម្លោះ 
ដួងចិត្តសស្មោះ បេះដូងខ្មែរ 
កូនអ្នកចម្ការទន្លេស្រែ 
តែចិត្តខ្ញុំស្នេហ៍ ខ្មែររួមជាតិ ...... 
ទ្វារបេះដូងខ្ញុំបិទរឿងស្នេហ៍ 
សោរនៅលើម៉ែ កាន់មិនឃ្លាត 
ស្រីណាស្នេហ៍ខ្ញុំ ត្រូវស្នេហ៍ជាតិ 
ស្រលាញ់ខ្មែរញាតិ ទើបខ្ញុំព្រម. ........ 
ផេង វិសុដ្ឋារ៉ាមុនី
==========================
 
ស្អាតៗម្លឹងៗរៀមទ្រាំម្តេចបាន 
ស្នើចិត្តកល្យាណមានគូឬនៅ 
បើនៅទំនេរ រៀមឲ្យម៉ែឪ 
ចូលដណ្តឹងពៅ ជាគូមេត្រី 
ទោះថ្លៃបណ្ណាការបង្គាប់ប៉ុន្មាន
 ឬបំរើប្រាណពុកម្តាយស្រស់ស្រី 
ក៏រៀមព្រមដែរណា៎កែវពិសី 
ដើម្បីរូបស្រីរៀមព្រមទាំងអស់......
===========================
 
ខ្ញុំស្រលាញ់តែនារីសិល្បៈ 
យីកេ,បាសាក់,របាំ,អាយ៉ៃ
 សម្តែងភាពយន្ត ខ្ញុំមាននិស្ស័យ
 ស្រីស្រស់ចរណៃនិស្ស័យដូចខ្ញុំ ។
 ជានារីខ្មែរថែកេរ្តិ៍ខេមរា 
សមត្ថភាពថ្លៃថ្លាសិល្បៈ,ប្រវត្តិសាស្ត្រ 
មានចំណេះដឹងវប្បធម៌ខ្មែរច្បាស់ 
ខ្ញុំស្រលាញ់ណាស់ ស្រីខ្មែរនិស្ស័យហ្នឹង ។
=================================

Sunday, December 6, 2015

ខ្ញុំស្រលាញ់តែនារីសិល្បៈ

ខ្ញុំស្រលាញ់តែនារីសិល្បៈ
យីកេ,បាសាក់,របាំ,អាយ៉ៃ
សម្តែងភាពយន្ត ខ្ញុំមាននិស្ស័យ
ស្រីស្រស់ចរណៃនិស្ស័យដូចខ្ញុំ ។
ជានារីខ្មែរថែកេរ្តិ៍ខេមរា
សមត្ថភាពថ្លៃថ្លាសិល្បៈ,ប្រវត្តិសាស្ត្រ
មានចំណេះដឹងវប្បធម៌ខ្មែរច្បាស់
ខ្ញុំស្រលាញ់ណាស់ ស្រីខ្មែរនិស្ស័យហ្នឹង ។
=========================
ដោយ ៖ « ផេង វិសុដ្ឋារ៉ាមុនី »

ពាក្យទាំងឡាយ ដែលប្រជារាស្ត្រខ្មែរប្រើសំដៅអ្នកគ្រប់គ្រងខ្លួន ឬព្រះរាជានោះ ទៅតាមឋានៈ និងសម័យកាលនិយម ដូចតទៅនេះ៖


ពាក្យទាំងឡាយ ដែលប្រជារាស្ត្រខ្មែរប្រើសំដៅអ្នកគ្រប់គ្រងខ្លួន ឬព្រះរាជានោះ ទៅតាមឋានៈ និងសម័យកាលនិយម ដូចតទៅនេះ៖
ព្រះករុណា
ព្រះករុណាជាម្ចាស់ជីវិត
ព្រះករុណាជាអម្ចាស់
ព្រះករុណាជាអម្ចាស់ផែនដី
ព្រះករុណាជាអម្ចាស់លើត្បូង
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង
ព្រះចមចក្រពង្ស
ព្រះចក្រពង្ស
ព្រះចក្រពត្រាធិរាជ
ព្រះចៅក្រុងកម្ពុជា
ព្រះចៅផែនដី
ព្រះនរបតី
ព្រះនរិន្ទនរបតី
ព្រះបរមនាថ
ព្រះបរមបពិត្រ
ព្រះភូធរ
ព្រះភូមិន្ទ
ព្រះភូមី
ព្រះមហាក្សត្រិយ៍
ព្រះមហាក្សត្រាធិរាជ
ព្រះរាជា
ព្រះរាជាធិរាជ
ព្រះសម្មតិទេព
ហ្លួង

Thursday, December 3, 2015

កំណាព្យជាតិនិយម







ក្មេងកាន់តែធំ ខ្ញុំកាន់តែចាស់

ក្មេងកាន់តែធំ ខ្ញុំកាន់តែចាស់
រឿងរ៉ាវច្រើនណាស់ កើតក្នុងលោកា
ស ក្លាយជាខ្មៅ អាចម៍ក្លាយជាផ្កា
បំភ័ន្តនេត្រា មនុស្យសព្វថ្ងៃ ។
កើតចាស់ឈឺស្លាប់ តាមច្បាប់ធម្មជាតិ
រស់នៅសាងញាតិ ភ្ជាប់កម្មនិស្ស័យ
ប្រព្រឹត្តិកុសល សាងល្អរាល់ថ្ងៃ
កសាងស្នាដៃ មុនស្លាប់ទៅវិញ ។
ធ្វើល្អ គិតល្អនាំកើតលាភយស
ពោលពាក្យពិរោះ មានញាតិពាសពេញ
ដុសខាត់ សំអាត ចិត្តឥតទោម្នេញ
ចិត្តស្ងប់ពោរពេញដោយសុខលុះស្លាប់ ។
=======================
ថ្ងៃ ៨ រោច ខែ កត្តិក ឆ្នាំ មមែ ព.ស. ២៥៥៩ ត្រូវនិងថ្ងៃ ពុធ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ដោយ ៖ « ផេង វិសុដ្ឋារ៉ាមុនី »
និស្សិតបរិញ្ញាប័ត្រ ពុទ្ធិកសាកលវិទ្យាល័យ
ព្រះសីហនុរាជ ( រាជធានី ភ្នំពេញ )
Email :Visotharamuny@gmail.com
Tell : 010 492 437 / 017 52 86 52
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks