Sunday, March 9, 2014

សិល្បៈចម្រៀងចាប៉ីខ្មែរ បទពាក្យ​​​ប្រាំបី និពន្ធដោយ ៖ មៀច ប៉ុណ្ណ

សិល្បៈចម្រៀងចាប៉ីខ្មែរ


បទពាក្យ​​​ប្រាំបី

 ១ឧបករណ៍តន្ត្រីចាប៉ីដងវែង​បូកនឹងសំឡេងច្រេងប្រគំ​
សូរស័ព្ទកាព្យឃ្លោងពិរោះរងំ​បំពេរអារម្មណ៍សក្តិសមស្រស់ស្រាយ​
 ២សិល្បករខ្មែរពូកែកំណាព្យ​ជូនជាប់ដរាបច្រៀងបរិយាយ​
ជារឿងកំប្លែងបានសើចសប្បាយ​ឆ្លងឆ្លើយដោះស្រាយល្បាយល្បងបញ្ញា​
 ៣បើមានដៃគូច្រើនច្រៀងបង្អាប់​សៀតស៊កសាស័ព្ទរ៉ាយរ៉ាប់វោហារ​
តបទៅតបមកខោកខំតវ៉ា​សំដីផ្លែផ្កាចំអន់ឡែបខាយ​
 ៤រដូវទំនេររិះរេលំហែ​ពន្លឺព្រះខែចែងចាំងត្រសាយ​
អ្នកស្រុកអ្នកភូមិញាតិមិត្តជិតឆ្ងាយ​ហេតុចង់សប្បាយមូលមកជួបជុំ​
 ៥វាតដីដំកង់កណ្ដាលទីធ្លា​យាយតាមីងមាកំលោះក្រមុំ​
ខ្លះឈរអង្គុយកន្លែងសមរម្យ​ចាំស្ដាប់ជិតជុំទ្រហឹងអឺងអាប់​
 ៦អ្នកច្រៀងតម្រូវទៅតាមបំណង​ស្នើយោបល់ឆ្លងបំណងអ្នកស្ដាប់​
ចង់ស្ដាប់ល្បែងល្បងឬចង់បង្អាប់​ឬមួយចង់ស្ដាប់ស័ព្ទរឿងបុរាណ​
 ៧ព្រលប់ផ្កាយព្រាតអធ្រាត្រផ្កាយជុំ​សំឡេងរងំចាប៉ីចំណាន​
បើកបទបង្គំតាមដោយដើមដាន​គោរពសន្ដានមីងមាយាយតា​
 ៨ចាប់ចូលសាច់រឿងបុរាណកវី​សូរស័ព្ទចាប៉ីផ្សំនឹងវាចា​
បន្លឺចម្រៀងក្រអួនវោហារ​ថ្ងួចថ្ងូរវាចាពិរោះជាប់ចិត្ត​​
 ៩ត្រង់ឆាកព្រាត់ប្រាសនិរាសគូគាប់​អ្នកស្ដាប់ស្រពាប់ស្រពោនអាណិត​
ដល់តួរងគ្រោះបែកបាក់ស្នេហ៍ស្និទ្ធ​ត្រូវយក្សបង្ខិតបង្ខំទៅឆ្ងាយ​
 ១០ស្រីៗអ្នកស្ដាប់ដែលមានចិត្តទន់​ឃើញតួទារុណឈឺចាប់ចិត្តកាយ​​
សម្រក់ទឹកភ្នែកយំយែកសោកស្ដាយស្រណោះអាល័យតួអង្គតួឯក​
 ១១លុះដល់ឆាកប្រយុទ្ធជៀងជាក់​ក្សត្រានិងយក្សខ្លាំងខ្លាអនេក​
ពលយក្សក្រៃក្រាស់ធំៗចម្លែក​ងងឹតពេញមាឃបាំងសែងសុរិយា​
 ១២កងទ័ពក្រុងមាកត់ត្រាមិនបាន​មិនមែនវាល់ឡានដូចទ័ពមនុស្សា​
វាល់នឹងសមុទ្រច្រើនផុតមាត្រា​សាហាវហានក្លាដូចអសនី​
 ១៣ខ្លះកាន់លំពែងដាវវែងដំបង​ខ្លះជិះលើខ្នងមហឹសា_ដំរី​
ខ្លះជាសេនារេហ៍ពលដើរដី​ខ្លះហិចហោះខ្មីលើអាកាសា​​
 ១៤ស្រែកហ៊ោសន្ធាប់ញាប់ញ័រប្រថពី​វាសវាត់គ្រវីអាវុធមុតថ្លា​
សម្លុតសម្លឹងខឹងនឹងក្សត្រា​ជាអង្គមនុស្សាឫទ្ធិក្លាហៅហាន​
 ១៥អ្នកច្រៀងធ្វើត្រាប់តាមកាយវិការ​ជួនហក់ឆ្លេឆ្លាជួនពើតពើងប្រាណ​
គ្រាវីចាប៉ីធ្វើតាមលំអាន​យក្សយង់ក្សត្រក្សាន្តប្រឡងថ្វីដៃ​
 ១៦មកដល់ត្រង់យក្សបាក់បាត់ចេស្ដា​ត្រូវអង្គក្សត្រាប្រហាក្សិណក្ស័យ​
ស្ដេចនាំនាងនាថវិលវឹងបុរី​ឆ្លាស់ឆ្លងដងព្រៃជ្រលងបព្វតា​
 ១៧រាយរាប់រុក្ខជាតិព្រៃភ្នំក្រំថ្ម​ជ្រោះជ្រងលំអដែនអរញ្ញវា​
រៀបរាប់សត្វម្រឹគបក្សីបក្សា​រាប់អស់មច្ឆាហែលតាមទឹកហូរ​
 ១៨រាប់ទាំងបុប្ផាគន្ធាសព្វសាយ​ភូមរីទាំងឡាយក្រេបរសពិដោរ​
ក្លិនរសាត់ឆ្ងាយភាយតាមវាយោ​ហាក់ដូចជាស្នូរនៃតូរ្យន្ត្រី​
 ១៩ឱ !​ កវីខ្មែរពូកែបណ្ដាច់​រចនាពាក្យពេចន៍ល្បិចល្បងល្បាញល្បី​
ឱ !​ អ្នកចម្រៀងច្រៀងលេងសម្ដី​ដេញភ្លេងបំភ្លៃពិរោះភិរម្យ​
 ២០ឱ !​ រាត្រីខ្មែរខែរះភ្លឺថ្លា​រីករាយចិន្ដាអធ្រាត្រដាស់ទុំ​
ស្ដែងស្ដាប់ចម្រៀងបំពេសង្គម​បបោសអារម្មណ៍សំងំសុខសាន្ត​
 ២១នាំគ្នាកាពារថែវប្បធម៌ជាតិ​កុំឲ្យរវាតទើបជាតិថ្កើងថ្កាន​
រក្សាគង់វង្សកេរពីបុរាណ​តទៅសន្ដានរៀងដរាបអើយ​

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks