Thursday, March 20, 2014

គួរត្រាប់ដើមត្នោត​ បទពាក្យប្រាំពីរ ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា” ច្បាប់ទូន្មានរបស់​កវី​ អ៊ូ ចុង​

គួរត្រាប់ដើមត្នោត​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា”
ច្បាប់ទូន្មានរបស់​កវី​ អ៊ូ ចុង​

១មនុស្សខ្លះចិត្តកាចខូច​លោកប្រដូចមនុស្សក្រូចឆ្មារ​
មិនដែលផ្អែមពិសា​ជូរយ៉ាងណាជូរទាល់ងាប់​។
២មនុស្សខ្លះដូចននោង​ខ្ចីដំបូងប្រហើរគាប់​
ដល់ចាស់ស្វិតស្រទាប់​គេលែងរាប់ស្អប់លែងស្ល​។
៣ឯស្វាយខ្ចីជូរណាស់​តែដល់ចាស់ទុំផ្អែមល្អ​
មនុស្សយើងទោះខ្មៅស​កម្របានផ្អែមដូចស្វាយ​។
៤គួរត្រាប់ដូងនិងត្នោត​ដែលគួរកោតហួសបរិយាយ​
ដ៏មានប្រយោជន៍ឆ្ងាយ​ជនទាំងឡាយប្រើគ្រប់ប្រាណ​។
៥គ្រាប់ត្នោតទុំក្រៀមក្រោះ​គេបោះបង់លែងរាប់អាន​
ដល់លុះប្រយោជន៍បាន​ធំប៉ុន្មានប្រាក់ប៉ុណ្ណឹង​។
៦ប្រយោជន៍ជាតិដូចត្នោតអ្នកណាឆោតគិតមិនដឹង​
គេកាប់មិនចេះខឹងចេះតែប្រឹងលូតលាស់ថ្មី​។
៧មិនឥតអំពើឡើយ​ត្រូវណាស់ហើយពោលខ្លីៗ​
ដុះខ្ពស់ឃ្លាតពីដី​ស្លឹកខ្ចីៗគេធ្វើផ្លិត​។
៨ត្បាញស្មុគចាក់កន្តំ​គេចវផ្សំប្រើតាមចិត្ត​
អ្នកណាប្រាជ្ញាល្អិត​ប្រើហើយប្រឹតបានប្រាក់ពាន់។
៩ធាងតូចធ្វើចំណង​ទាល់ម្ដងៗរករួសរាន់​
រកនេះនោះមិនទាន់​ម្ដេចក៏គ្រាន់តាមប្រញាប់​។
១០ខាងពោះចងរបង​ប៉ែកខាងខ្នងចងកណ្ដាប់​
កណ្ដាលហាលថ្ងៃស្លាប់​ក្របែលកាប់ដុតដាំបាយ​។
១១ត្នោតម្ដើមលៃលុយកាក់​បូកជាប្រាក់ច្រើនពាន់ប្លាយ​
មនុស្សរស់រាល់រូបកាយ​បានប្រាក់ចាយដោយសារត្នោត​។
១២ស្រទបធាងនឹងស្លឹក​ផ្កាមានទឹកធ្វើស្ករប៉ោត​
ស្ករផែនសែនលានកោដិ​ក្បាបវាសោតេដោតត្រី​។
១៣ផ្លែចាស់ល្មមលក់ដូរ​​ស្លកកូរផ្លែខ្ចីៗ​
ផ្លែទុំជ្រុះដល់ដី​មនុស្សប្រុសស្រីរើសធ្វើនំ​។
១៤ចោលគ្រាប់ដុះកំពីង​គាស់លួងក្មេងកុំឲ្យយំ​
ជក់ចាស់សរសៃធំ​ចងប្រមុំធ្វើជាប្រែង​។
១៥ជក់ល្អិតសរសៃខ្ចី​វេញខ្សែខ្លីឬខ្សែវែង​
ប្រយោជន៍ច្រើនកន្លែង​មនុស្សណាឯងអាចត្រាប់បាន​៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks