Sunday, March 9, 2014

ជីវប្រវត្តិ​សង្ខេប​និង​ស្នាដៃ​លោកតា​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ


ជីវប្រវត្តិ​សង្ខេប​និង​ស្នាដៃ​លោកតា​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ

​លោកតា​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ (កាល​នៅ​រស់)
   ឈ្មោះ មៀច ប៉ុណ្ណ កើត​ថ្ងៃ​ពុធ ខែ​អស្សុជ ឆ្នាំ​វក ពុទ្ធសករាជ 2475 គ្រិស្តសករាជ 1932 នៅ​ភូមិ​ខ្លាវ ឃុំ​ព្រៃអំពក ស្រុក​គីរីវង់ ខេត្ត​តាកែវ។ ឪពុក​ឈ្មោះ មៀច អ៊ូច ម្ដាយ​ឈ្មោះ អ៊ុង នាង ជា​ពូជពង្ស​កសិករ។ កាលពី​កុមារ​សិក្សា​នៅ វត្ត​ព្រះធាតុ រួច​បន្ត​ទៅ​សាលាបឋមសិក្សា​គីរីរង់, ទន្លាប់, ខេត្ត​តាកែវ។ គ្រា​បន្ទាប់​បាន​បញ្ចប់​ការ​សិក្សា​នៅ​មធ្យមសិក្សា​ភ្នំពេញ បាន​បម្រើ​ការ​ជា​គ្រូបង្រៀន រួច​ជា​សាស្ត្រាចារ្យ មធ្យមសិក្សា​ភាសា​បារាំង-ខ្មែរ។ 

   ក្នុង​មួយ​ជីវិត ពេញចិត្ត​តែ​នឹង​ការសិក្សា​ស្រាវជ្រាវ និពន្ធ​សរសេរ​ចងក្រង​សៀវភៅ ឯកសារ​ទាក់ទង នឹង​វប្បធម៌​ប្រពៃណី​អក្សរសាស្ត្រ...។ ស្នាដៃ​នឹង​សកម្មភាព​មាន៖ 
  • ឆ្នាំ 1987 និពន្ធ​រឿង "កំហុស​អ្នកណា" និង​សៀវភៅ​ទំនៀមទម្លាប់ "ក្រមុំ​ចូលម្លប់"។
  • ឆ្នាំ 1994 មក 1999 និពន្ធ​ចងក្រង​សៀវភៅ "កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ" ភាគ 1 ចេញ​ផ្សាយ​ពី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ និង​បន្ត​សរសេរ​ភាគ 2 និង ភាគ 3។
  • ឆ្នាំ 1994 ជា​សមាជិក​គណៈកម្មការ​និពន្ធ ទស្សនាវដ្ដី​កម្ពុជា​សុរិយា។
  • ឆ្នាំ 2001 និពន្ធ​ចងក្រង​សៀវភៅ "កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ" ភាគ 4 ចេញ​ផ្សាយ​ពី​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​អង្គរ។
  • ឆ្នាំ 2002 ស្រាវជ្រាវ​សរសេរ​ចងក្រង "ការ​សិក្សា​ប្រៀបធៀប​អាពាហ៍ពិពាហ៍​បួន​បែប​របស់​ខ្មែរ"។
  • ឆ្នាំ 2004 និពន្ធ​ចងក្រង​រឿង​ខ្លីៗ​សម្រាប់​កុមារ ភាគ 1 និង​បន្ត​សរសេរ​ភាគ2 បញ្ចប់។
  • ឆ្នាំ 2007 និពន្ធ​រឿង "កំពូល​វីរបុរស"។
  • ឆ្នាំ 2008 និពន្ធ​សៀវភៅ "កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ" ភាគ 2 និង ភាគ 3 ចេញ​ផ្សាយ​ពី​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​អង្គរ។
  • សរសេរ​ចងក្រង​សៀវភៅ "វិធី​សរសេរ​តែង​និពន្ធ"
  • ​ជា​សមាជិក គណៈកម្មាធិការ​ជាតិ ភាសា​ខ្មែរ តាម​ស្មារតី​អនុក្រឹត្យ​លេខ 18អនក្រ/បក. ចុះ​ថ្ងៃ​ទី 5 ខែ​មីនា ឆ្នាំ 2007។
  • គ្រឿងឥស្សរិយយស : មេដាយ​មាស​ការងារ (ថ្ងៃ​ទី 26 ខែ​កញ្ញា ឆ្នាំ 2001)

   ពេល​នេះ​លោកតា​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ លាចាក​លោក​ទៅ​ហើយ តែ​ស្នាដៃ​របស់​គាត់​នៅ​ទេ​មាន​ជីវិត​បម្រើ​សង្គម​ផ្នែក​អក្សរសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់ ធ្វើ​ឲ្យ​គេ​ចងចាំ និង​នឹក​ដល់​គុណ​បំណាច់​ចំពោះ​សង្គម​របស់​គាត់​ជានិច្ច៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks