នគរថ្កើនប្លែក ដោយ៖ សាវណា យុត្តិពង្ស
----------------------------------------------
1 នគរថ្កើនប្លែក ចំលែកចិត្ត គយគន់ពិនិត្យ មើលមួយទ្រួស
អាគារស្កឹមស្កៃ លៃកំពស់ លូតហួសវត្តភ្នំ យំលែងចេញ។
2 ឡានថ្មីទំនើប ទើបផលិត មានច្រើនពេកពិត គ្រប់ទំនិញ
មន្រ្តីឩកញ៉ា ប្រាថ្នាទិញ វីវក់ប្រដេញ តាមម៉ូតច្នៃ។
3 អាសូរាស្រ្តក្សត់ អត់មានប្រាក់ ធ្វើការឥតអាក់ ទាំងយប់ថ្ងៃ
ឈ្នួលបានតិចតួច ស្តួចកំរៃ កើតទុក្ខរីងរៃ ព្រោះចំណាយ។
4 នគរថ្កើងថ្កាន ស្មានមិនដល់ ទុក្ខក្វល់ប្រជា ហួសបរិយាយ
ចាកឃ្លាតមន្រ្តី ឆ្ងាយសែនឆ្ងាយ មន្រ្តីត្បាញអាយ អាងអំណាច។
5 សង្គមស្មោគគ្រោក អាងបក្សពួក អាងដេញអាងលក់ គួរឲ្យខ្លាច
សាហាវខ្លាំងក្រៃ ដូចបិសាច អ្នកកាន់អំណាច កាចឃោរឃៅ។
6 វីឡាស្កឹមស្កៃ ហៃប្រណិត ឈស្ទែតនៅជិត តាមដងផ្លូវ
ឡានតូចគ្រប់ម៉ាក ច្រើនពេកកូវ សម្រាប់តម្រូវ អ្នកចៅហ្វាយ។
7 ម៉ែកសឺដេសខ្មៅក្រិប បើកដំបូល ស ខៀវ និងហ្គោល ដប់គ្រឿងប្លាយ
ចេញចូលលូនលេង គ្មានខ្វល់ខ្វាយ ឱអ្នកសប្បាយ អ្វីម្ល៉េះណា។
8 មើលទៅផ្ទះឈើ ដំបូលស្លឹក កប់ភក់លិចទឹក គ្រប់វស្សា
មិនថាទីក្រុង ឬ ចំការ តើដល់ពេលណា បានប្តូរប្រាណ។
9 រាស្រ្តខ្លះមានដី គួរសមដែរ ត្រូវមន្រ្តីខ្មែរ ចិត្តតិរិច្ឆាន
គំរាមសំឡុត យកភូមិដ្ឋាន លៃលក់ឲ្យបាន ប្រាក់ចំណេញ។
10 ដីធ្លីរាស្រ្តសោះ វាមិនខ្មាស់ វារៀបប្តូរផ្លាស់ យ៉ាងជ្រក់ជ្រិញ
វាថាអភិវឌ្ឍន៍ ទើបបណ្តេញ បើមិនព្រមចេញ វាប្រហារ។
11 នគរថ្កើងថ្កានដូច ឋាននរក ដឹកនាំដោយពួក ជនផ្តាច់ការ
ប្រជាតែងតែ រងទុក្ខា ព្រោះតែបនអា ជនអប្រិយ។
12 នគរថ្កើងពេក សង្រេកចិត្ត ក្តុកក្តួលអាណិត ជាតិពេកក្រៃ
មានមេដឹកនាំ ជនចង្រៃ តើថ្ងៃណាទៅ ខ្មែរផុតទុក្ខ?? ៕!
No comments:
Post a Comment