សូមជូនបទពិសោធន៍ផ្ទាល់ខ្លួន
១. តើត្រូវធ្វើដូចម្តេច ដើម្បីនិពន្ធកំណាព្យឲ្យបានល្អ?
ឆ. ចាំបាច់ អ្នកនិពន្ធត្រូវមានលក្ខណៈសំខាន់បួនយ៉ាង។
* អ្នកនិពន្ធត្រូវយល់ច្បាស់ពីវិធីសាស្ត្រនិពន្ធបទដែលខ្លួន
កំពុងនិពន្ធបទណាមួយនោះ។ល។
* ពេលកំពុងនិពន្ធ ត្រូវប្រើអារម្មណ៍ដូចសិល្បករនៅលើឆាក
សម្តែង,គឺមិនគិតពីមានពីក្រ។
* ការប្រើភាសាក្នុងកំណាព្យ ចៀសវាងពាក្យរោយរាយនិង
ពាក្យបំបែកបំបាក់សាមគ្គីជាតិ,ជាពិសេសចៀសវាង “ដំបៅ
មិនឈឺ,យកឈឺចាក់។ល។
* ក្នុងស្នាដៃនីមួយៗ ត្រូវគិតពីគុណធម៌អប់រំសំដៅចូលរួម
សាងសង្គមជាតិ។ប៉ុន្តែកុំមានគំនិតអាត្មានិយមចង់ទូលផែនដី
ទាំងមូលតែម្នាក់ឯងឱ្យសោះ។ត្រូវយល់ថាកុលបុត្រខ្មែរគ្រប់
រូបលោកមានឧត្តមគតិស្នេហាជាតិដូចគ្នា។
២.តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យមានលក្ខណៈទាំងបួន ដូចខាងលើនេះ?
ឆ. អ្នកនិពន្ធត្រូវមានកត្តាបី ជាសំខាន់។
* ត្រូវខិតខំព្យាយាមរៀនសូត្រជារៀងរហូត,គឺកុំតាំងខ្លួនជាអ្នក
ចេះ។
* ត្រូវឧស្សាហ៍ព្យាយាមក្នុងការសរសេរមិនទុកពេលឱ្យទំនេរ ។
* ត្រូវសិក្សាស្វែងយល់ពីសង្គម ។ជាពិសេសសិក្សាស្វែងយល់
ពីខ្លួនឯង។តើអាត្មាអញជានរណា?មកពីណា?ទៅណា?
ទៅរកស្អី?ហើយដើម្បីអ្វី?
៣. ឧបមាថា អ្នកនិពន្ធមានលក្ខណៈទី១ និងទី២គ្រប់សព្វ
អស់ហើយ តើគាត់ប្រាកដជានិពន្ធបានល្អដែរឬទេ?
ឆ. មិនទាន់ប្រាកដក៏ថាបានពីព្រោះអ្នកនិពន្ធត្រូវមានកត្តា
រួមផ្សំមួយចំនួនទៀត ដូចជា៖
* ត្រូវមានភាពឧស្សាហ៍ព្យយាម
* ត្រូវមានភាពលះបង់ ។
* ជាសំខាន់ អ្នកនិពន្ធនោះត្រូវមានទស្សនៈដោយឡែក ។
សូមជូនកំណាព្យ «គោះកែវសាមគី្គ» ជាបទពាក្យ៧ដែល
ខ្ញុំនិពន្ធជាប្រភេទឧបទេសកថា,គឺអប់រំបែបកំប្លែង។
កំណាព្យ គោះកែវសាមគី្គ
បទពាក្យ៧
.កែវមួយគោះក្រិកលើកផឹកផ្តាច់
អស់ស្រាថែមសាច់ស្រាយចិញ្ចើម
មុខស្រស់ញញឹមមាត់ចាប់ផ្តើម
កែវពីរសម្បើមក្លាសម្តី ។
.និយាយហួរហែកបែកប្រមាត់
ធ្លាយការសម្ងាត់កែវទីបី
លេបសាច់់់់់ពុំរួចក្លែមបារី
ព្រោកប្រាជ្ញឃើញស្រីស្តីបញ្ឆៀង។
.អស់កែវទីបួនខ្លួនលែងនឹង
ការងារសូន្យឈឹងមាត់ស្រែកច្រៀង
ទទ្រើកទទ្រាក់ញាក់រាំផ្អៀង
កែវប្រាំសំនៀងរាងដូចយក្ស។
.កែវប្រាំមួយអស់មានតែអញ
មិត្តភកិ្តសែនខ្នាញ់ប្រឹងយកលាក់
ខ្មាសអស់ញាតិមិត្តជិតជុំជាក់
ចិត្តភ្លើងជើងធាក់លែងស្គាល់គ្នា។
.ធ្វើគុណបានទោសមិត្តហួសចិត្ត
ចាក់លែងអាណិតឲ្យតាមទារ
ប្រាំពីរប្រាំបីកែវផ្ទួនគ្នា
មិត្តខំជួយគ្រាថាមើលងាយ។
.ភ្នែកតឹងប្រឹងបើកទាំងត្រដរ
សម្តីដើម.កពាក្យរោយរាយ
ខ្ទប់មាត់ម្តងៗដោលចង់ធ្លាយ
ដើរដួលរាយមាយដេកដោយដី។
.ស្រានៅក្នុងកែវស្រាស្លួតណាស់
ស្រាចូលពោះម្ចាស់ប្រែអប្រិយ
ម្ចាស់កែវធ្លាក់ភ្នែកផ្លាស់ចិត្តថ្មី
ឃើញញាតិប្រុសស្រីលែងមេត្តា។
.គោះកែវគោះគិតពិតសុខភាព
ហូបហើយកុំទាបជាងកែវស្រា
គោះកែវគោះកុំប្រើហិង្សា
ទើបកែវឈ្មោះថាគោះសាមគី្គ៕៚
និពន្ធកាលពីឆ្នាំ១៩៨៧
ដោយ វ៉ែន សុន
No comments:
Post a Comment