Sunday, November 30, 2014

បុប្ជាខេត្តឃ្លំាង

បុប្ជាខេត្តឃ្លំាង
បទពាក្យប្រំាបី
១. បុប្ជាខេត្តឃ្លំាង រនំាងដួងចិត្ត 
រៀមប៉ងស្នេហ៏ស្និទ្នលើស្រស់ជីវ៉
បើអូនឆ្លើយប្រាប់បង ថាស្នេហា 
រៀបបណ្ណាការ អោយម៉ែចូលស្តី ។
២ . ល្អអើយល្អម្លេះ ផ្កាជ្រោយសមុទ្រ 
ក្រពុំបរិសុទ្ធ ភិរម្យភក្តី
បើស្អាតម្លឹងៗ នៅយូធ្វើអី 
អោយម៉ែចូលស្តី យកអូនជាគូ ។
៣. សំណាងបងណាស់សុបិន្តឃើញពៅ
រៀមគន់យូទៅ ដូចជាគំនូរ
បិទភ្នែកសំងំ ទើបឃើញស្រីយូ
ស្រស់ដូចគេគូរ ផ្កាជ្រោយសមុទ្រ ។
៤. រៀមលើកដៃបួងផ្សងក្នុងសុបិន្ត
សុំកែវមាសឆ្អិន ជាគូស្នេហា
ភ្ជាក់ឡើងបាត់ស្រី រៀមផ្ចើវាចា
តាមខ្សែជលសា ទន្លេបាសាក់ ។
៥. ថារៀមលួចគួចចិត្តវរមិត្តស្រី
សុំស្នេហ៏មេត្រី ដោយចិត្តស្មោះស្ម័គ្រ
ព្រោះរូបសម្ជស្សស្រស់កែវវល័ក្ខណ
ចូលសុបិន្តជាក់ អោយរៀមស្គាល់ស្រី ។
៦. ឱ!ខ្សែទឹកទន្លេបាសាក់អើយ
អ្នកកុំព្រងើយ ជួយនំាសំដី
ទៅប្រាប់វរមិត្ត នៅចុងបុរី
ថារៀមស្នេហ៏ស្រី បុប្ជាខេត្តឃ្លំាង ។
រាជធានីភ្នំពេញ,ថ្ងៃទី ១៥ មិថុនា ២០១៤
និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី

កោះខ្មែរដល់ដ៏ស្រស់ស្អាតបំផុតទាំង ៧ កោះ របស់កម្ពុជាទៅកាន់ពិភពលោក!

កោះខ្មែរដល់ដ៏ស្រស់ស្អាតបំផុតទាំង ៧ កោះ របស់កម្ពុជាទៅកាន់ពិភពលោក!
--------------------------------------------------------------------------------------------
សម្រស់កោះរុងប្រភព៖ CNN
កាលពីថ្ងៃម្សិលមិញបណ្ដាញសារព័ត៌មានអន្តរជាតិ CNN បានចេញផ្សាយពីសម្រស់នៃដែនកោះរបស់កម្ពុជាចំនួន ៧ ដែលចាត់ទុកថាស្រស់ស្អាតបំផុត ហើយថា បើបានទៅកម្សាន្តហើយមិនចង់ត្រឡប់មកវិញទេ។ កោះទាំង ៧នោះរួមមាន៖
១) កោះរុង៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏ល្អសម្រាប់រៀបចំពិធីជប់លៀងកម្សាន្ត (Best island for partying )។ នេះជាកោះធំលំដាប់ទី ២ក្នុងប្រទេសកម្ពុជា ហើយមានទីតាំងក្នុងខេត្តកោះកុង។ វាជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ ព្រោះ តែឆ្នេរខ្សាច់ដ៏ស្អាតអស្ចារ្យ ជាមួយនឹងសម្រស់ធម្មជាតិនៅជុំវិញកោះ។
២) កោះរុងសន្លឹម៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យសម្រាប់ ការសម្រាកលំហែកាយ (Best island for relaxing) ។ មានទីតាំងក្នុងខេត្តព្រះសីហនុ ភាពទាក់ទាញនៃកោះនេះ មានដូចជា ឆ្នេរខ្សាច់សរស្អាត មានទឹកថ្លាឈ្វេង និងមានទេសភាពទាក់ទាញភ្ញៀវទេសចរដែលនិយមធម្មជាតិ។
៣) កោះសង្សារ៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏ស៊ីវិល័យ (Best island for luxury)។ កោះនេះ ជាទីដែលគូសង្សារស្វាមីភរិយាថ្មោងថ្មីសាងភាពផ្អែមល្ហែមជាមួយគ្នា ព្រោះវាត្រូវបានគេរៀបចំឡើងយ៉ាងល្អប្រណិតដោយក្រុមហ៊ុនឯកជនមួយ។ កោះនេះមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ។
៤) កោះថ្មី៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យសម្រាប់គយគន់សម្រស់ធម្មជាតិ (Best island for nature watching)។ កោះនេះស្ថិតក្នុងខេត្តព្រះសីហនុហើយត្រូវបានគេស្គាល់ថា សម្បូរទៅដោយសត្វស្វា បក្សី និង សត្វល្មូន ជាច្រើនទៀត ដែលភ្ញៀវអាចកម្សាន្តយ៉ាងរីករាយ និង ថតរួបជាមួយនឹងសម្រស់ធម្មជាតិដ៏ស្អាត។
៥) កោះតាកៀវ៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យនៃសម្រស់បៃតង(Best island for meeting the green fairy) ។ វាជាកោះតូចមួយដែលស្ថិតក្នុងខេត្តព្រះសីហនុ ប៉ុន្តែពោរពេញទៅដោយ សម្រស់បៃតងដែលភ្ញៀវអាចទស្សនា និងសម្រាកលំហែកាយយ៉ាងពេញចិត្តបំផុត។
៦) កោះតាង៖ ជាកោះដ៏អស្ចារ្យសម្រាប់ ការមុជទឹកបាតសមុទ្រ(Best island for diving) ។ កោះនេះស្ថិតក្នុងខេត្តព្រះសីហនុ ហើយក៏ជាអតីតទីតាំងដែល កងកម្លាំងអាមេរិក និង កងកម្លាំងខ្មែរក្រហម ប្រយុទ្ធគ្នាកាលពីឆ្នាំ ១៩៧៥។ ប៉ុន្តែបច្ចុប្បន្ននេះ វាបានក្លាយទៅជាកន្លែងកម្សាន្តដ៏ពេញនិយមព្រោះ ជាទីដ៏ល្អបំផុតសម្រាប់ការមុជទឹកមើលសម្រស់នៅបាតសមុទ្រ។
៧) កោះ Totang ៖ ជាកោះដ៏អស្ចារ្យសម្រាប់ ការស្វែងរកភាពស្ងប់ស្ងាត់ក្នុងជីវិត (Best island for unplugging )។ កោះនេះ មានទីតាំងក្នុងខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីកោះស្ដាច់ ហើយទើបតែបើកដំណើរការនៅឆ្នាំ ២០០៩។ កោះនេះ ពោរពេញទៅដោយទេសភាពយ៉ាងល្អឥតខ្ចោះ ហើយជាទីដ៏សមគួរសម្រាប់មនុស្សទាំងឡាយណា ដែលចង់ស្វែងរកភាពស្ងប់ស្ងាត់ក្នុងជីវិត៕

ទស្សនវិជ្ជា & Philosophy

ទស្សនវិជ្ជា & Philosophy
ទស្សនវិជ្ជា
១- តើទស្សនវិជ្ជាជាអ្វី ?
ចំៈ- តាមទស្សនៈរបស់Pythagore: ទស្សនវិជ្ជាគឺស្នេហាគតិបណ្ឌិត ។
– តាមទស្សនៈរបស់ Socrates: ទស្សនវិជ្ជាគឺចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត ។
– តាមទស្សនៈរបស់ Platon:
ទស្សនវិជ្ជាគឺជាការខិតខំដើម្បីរំដោះបញ្ញា ដើម្បីឲ្យចេញពីគុក ភាពអវិជ្ជា និង ជាការធ្វើដំណើរឆ្ពោះទៅរកសច្ចភាព។
– តាមទស្សនៈរបស់ Aristote:
ទស្សនវិជ្ជាគឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត
ហើយ ទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់របស់ មនុស្ស។

២- តើទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល គ្នានិងខុសគ្នាត្រង់ណាខ្លះ? ចូរពន្យល់ ?
ចំៈ ទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល និង ខុសគ្នាដូចខាងក្រោម៖
– វិទ្យាសាស្រ្ត គឺជាអង្គពុទ្ធិដែលបានផ្ទៀងផ្ទាត់ និង មាន លក្ខណៈជាប្រព័ន្ធ ។ វិទ្យាសាស្ត្រផ្តោតយកចិត្តទុកដាក់ជា សំខាន់ទៅលើរបកគំហើញ នៃសច្ចភាព ។
– ទស្សនវិជ្ជា គឺជាវិទ្យាសាស្ត្រមួយ ពីព្រោះវិធីទស្សនវិជ្ជាមាន លក្ខណៈជាប្រព័ន្ធ និង ប្រកបដោយវិចារណញាណទៀត ផង ។
– ការខុសគ្នារវាងវិស័យទាំងពីរនេះគឺថា វិទ្យាសាស្ត្រនិមួយៗ មានកម្មវត្ថុសិក្សាតូចចង្អៀត ចំណែកទស្សនវិជ្ជាវិញ មាន កម្មវត្ថុសិក្សាធំទូលាយ ។ ទស្សនវិជ្ជាយកចិត្តទុកដាក់ទៅ លើតំលៃ និង បុគ្គលិកលក្ខណៈរបស់មនុស្ស ហើយបញ្ចូល នូវបញ្ហាផ្សេងៗទៀតជាច្រើន ដូចជា ព្រលឹង យុត្តិធម៌ និង អាទិទេពជាដើម ។
៣- តើទស្សនវិជ្ជា មានមុខងារអ្វីខ្លះ ?
ចំៈ ទស្សនវិជ្ជាមានមុខងារសំខាន់បីយ៉ាងគឺ៖
– ទស្សនវិជ្ជា ជាអ្នកពិនិត្យដោយប្រុងប្រយ័ត្ន ព្រមទាំងធ្វើការ រិះគន់ មូលបដិញ្ញា(ការអះអាង) និង ការសន្និដ្ឋាននៃ
វិទ្យាសាស្រ្តទាំងអស់ ។
– ទស្សនវិជ្ជា ជាអ្នកធ្វើសំយោគនូវលទ្ធផលទាំងឡាយរបស់ វិទ្យាសាស្ត្រ ។
– ទស្សនវិជ្ជា ជាអ្នកបង្រួបបង្រួម និង នាំវិទ្យាសាស្ត្រផ្សេងៗ ឲ្យមានឯកភាពគ្នា និង គាំទ្រគ្នាទៅវិញទៅមក ។

៤- តើវិធីទស្សនវិជ្ជាជាអ្វី? មានប៉ុន្មានជំហាន? អ្វីខ្លះ?
ចំៈ វិធីទស្សនវិជ្ជា គឺជាវិធីមួយដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើ ការឆ្លុះបញ្ចាំងបញ្ហាផ្សេងៗក្នុងគោលបំណងស្វែងរកសច្ចភាព។
មាន៧ជំហានគឺ៖
– ការយល់ដឹងអំពីបញ្ហា ឬ ការកំណត់បញ្ហា
– ការប្រមូលទិន្នន័យ
– ការរៀបចំ និង វាយតម្លៃទិន្នន័យដែលប្រមូលបាន
– ការស្នើឡើងជាសម្មតិកម្ម ឬ ដំណោះស្រាយ
– ការអង្កេតពិនិត្យទៅលើសម្មតិកម្ម
– ការរកឃើញនូវសច្ចភាព
– ការអនុវត្តនូវគោលការទាំងឡាយលើករណីជាក់ស្តែង ។

៥- តើវិធីសំខាន់ៗនៅសហសម័យនេះមានអ្វីខ្លះ? ចូរពន្យល់?
ចំៈ មាន៦ គឺ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម ។
ឧទាហរណ៍ៈ
ម៉ុក ស្លាប់
ម៉ៅ ស្លាប់
ម៉ែន ស្លាប់
ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស ។
ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ។

2- អនុមានញែក៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក ។
ឧទាហរណ៍ៈ
លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
Cu ជាលោហៈ
ដូចនេះ Cu ក៏ចំលងអគ្គិសនីដែរ ។

3- បដិសំយោគ៖ ជាដំនើរនៃការទទួលបានពុទ្ធិ តាមរយៈ បច្ចេកទេស សំនួរ ចំលើយ ។

4- វិធីវិភាគ៖ ជាការផ្តាច់អ្វីមួយឲ្យទៅជាផ្នែកៗ។ វិធីវិភាគមានពីរគឺៈ
វិភាគពិត (វិទ្យាសាស្រ្តពិត)
វីភាគក្នុងគំនិត (វិទ្យាសាស្រ្ត)

5- វិធីស្រមើស្រមៃ៖ ជាទំនោមួយដែលផ្អែកជាសំខាន់ទៅលើ អារម្មណ៍ និង សភាវគតិ ។ ការនិយមវិធីនេះច្រើនពេកនាំ ឲ្យមានកំហុសឆ្គង និង បាត់បង់ភារកិច្ចទស្សនវិជ្ជា ។

6- វិធីសហចក្ខុ៖ ជាទម្រង់ការមួយ អាស្រ័យលើមនុស្ស ពិនិត្យ លើវត្ថុមួយ ក្នុងភាពទាំងមូលរបស់វា។ វាជាវិធីទស្សនវិជ្ជា ដែលមានលក្ខណៈពិសេស ពីព្រោះវាក្តាប់អ្វីមួយតាម ទស្សនៈទូលំទូលាយ ។

៦- ចូរនិយាយអំពីវិធីដំបូងបង្អស់?
ចំៈ វិធីដំបូងបង្អស់ ដែលមនុស្សធ្លាប់បានប្រើប្រាស់គឺ វិធីចំរុះរវាង ការអង្កេតពិនិត្យ និង ការពិចារណា ហើយត្រូវបានគេចាត់ទុក ជាប្រភពនៃវិធីផ្សេងៗទៀត ។ មនុស្សសម័យបុព្វកាលបានប្រើ វិធីនេះដើម្បីស្វែងរកចំណីអាហារ និង ទីជម្រករបស់ពួកគេ ។
ការអង្កេត ពិនិត្យ និង ការពិចារណា សង្កត់ធ្ងន់ទៅលើពុទ្ធិដែល គេទទួលបាន តាមរយៈសរីរាង្គវិញ្ញាណរបស់មនុស្ស ។

៧- តើមនុស្សមានប្រភពមកពីណា ?
ចំៈ ប្រភពរបស់មនុស្ស៖
– ទ្រឹស្តីវិវត្តន៍៖ មនុស្សបានវិវត្តន៍មកពីបុព្វបុរសដែលមាន លក្ខណៈស្រដៀងនឹងមនុស្សដែរ(ស្វា) ។ មនុស្សបាន វិវត្តន៍បន្តិចម្តងៗនូវគ្រប់ទំរង់នៃជីវិត ។
– ទ្រឹស្តីអាទិទេព៖ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជា ម្ចាស់។ គម្ពីរគ្រិស្តសាសនា Bible បានសរសេរថា ព្រះបាន បង្កើតមនុស្សពីលំអងធូលី ហើយបានផ្លុំខ្យល់ជីវិតចូលតាម រន្ធច្រមុះរបស់មនុស្ស រួចហើយមនុស្សក៏ក្លាយជាព្រលឹង ដែលមានជីវិត ។

៨- តើសារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈអ្វីខ្លះ ?
ចូរពន្យល់ ?
ចំៈ សារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈ៤គឺ៖
– ទស្សនៈវិចារណញាណនិយមៈ បានចង្អុលបង្ហាញពី សមត្ថភាពរបស់មនុស្សក្នុងការដឹង និង ពិចារណា ។ វាជា គុណសម្បត្តិតែមួយគត់ ដែលគុណសម្បត្តិនេះផ្តាច់ឬញែក មនុស្សចេញពីសត្វមានជីវិតផ្សេងៗទៀត ។
– ទស្សនៈសាសនាៈ ធម្មជាតិរបស់មនុស្សមានលក្ខណៈជា ព្រះ ។ មនុស្សជាភាវៈដែលបង្កើតដោយព្រះជាម្ចាស់ ហើយបង្កើតនៅក្នុងរូបភាពជារបស់ព្រះ។
– ទស្សនៈជីវសាស្ត្រៈ មនុស្សជាទម្រង់នៃជីវិតដែលខ្ពស់ជាង គេបំផុតដែលភាវៈ និងសកម្មភាពនានារបស់គេត្រូវបាន កំណត់ដោយច្បាប់ដូចៗគ្នា ដែលច្បាប់នោះគ្រប់គ្រងលើ រូបធាតុផ្សេងៗ។ មនុស្សជាផ្នែកមួយនៃលំដាប់រូបសាស្ត្រ របស់ធម្មជាតិដូចវត្ថុផ្សេងៗទៀតដែរ មនុស្សមានទំហំ ទំងន់ រាងរៅ និង ពណ៌សំបុរ ។
– ទស្សនៈអាកប្បកិរិយានិយមៈ មនុស្សគឺជាភាវៈដែលអាច ត្រូវបានគេប្រើ អាចត្រូវបានគេបង្កើត និង អាចត្រូវបានគេ ធ្វើឲ្យអភិវឌ្ឍន៍ជាច្រើន ដូចគ្នាទៅនឹងសត្វដទៃមួយចំនួន ទៀតដែរ ។

៩- តើមនុស្សខុសពីសត្វត្រង់ណា ?
ចំៈ មនុស្សខុសពីសត្វត្រង់៖
– មនុស្សចេះប្រើប្រាស់ភាសា
– មនុស្សចេះច្នៃប្រឌិត និង បង្កើតថ្មី
– មនុស្សជាសត្វដែលមានលក្ខណៈសង្គម និង នយោបាយ
– មនុស្សមានការយល់ដឹងអំពីប្រវត្តិសាស្ត្រ
– មនុស្សចេះបង្កើតសោភណ្ឌភាព
– មនុស្សមានក្រមសីលធម៌
– មនុស្សមានសាសនា

១០- ចូរនិយាយអំពីទ្រឹស្តីប្រធានវិស័យ និង វត្ថុវិស័យ នៅក្នុងតម្លៃ ?
ចំៈ – ទ្រឹស្តីប្រធានវិស័យៈ បង្ហាញថា តំលៃត្រូវបានគេបង្ហាញឲ្យ ឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ឬជំនឿដែលមនុស្ស បានជួបប្រទះ ពោលគឺ អាទិភាពនៃតម្លៃគឺ អាស្រ័យទៅលើ មនុស្ស។
– ទ្រឹស្តីវត្ថុវិស័យៈ អះអាងថា តំលៃគឺជាគុណភាពពិតរបស់ វត្ថុទាំងឡាយ មានន័យថា អាទិភាពនៃតំលៃគឺ អាស្រ័យ ទៅលើវត្ថុ។

១១- ដូចម្តេចដែលហៅថា តម្លៃ? ដើម្បីឲ្យក្លាយទៅជាមនុស្សមាន តម្លៃត្រូវមានលក្ខណៈពិសេសអ្វីខ្លះ? ចូរពន្យល់?
ចំៈ និយមន័យរបស់ តម្លៃ ត្រូវបានកំណត់ដោយអ្នកប្រាជ្ញបីគឺ ៖
– Hunt : តម្លៃគឺជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះអាកប្បកិរិយា ហើយវាជាមូលដ្ឋាននៃការសំរេចចិត្ត ប្រតិកម្ម និង អាកប្បកិរិយារបស់យើង ។
– Perry : តម្លៃគឺជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ ជាមួយនឹងគោលបំណងដែលវាបម្រើ។
– Moore : តម្លៃគឺជាបញ្ញត្តិមួយដែលគេមិនអាចកំណត់ អត្ថន័យបាន ។
ដើម្បីក្លាយទៅជាមនុស្សមានតម្លៃត្រូវមានលក្ខណៈពិសេសពីរគឺ
– ចរិយាសម្បត្តិៈ
– វិជ្ជាសម្បត្តិៈ

១២- តើគេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជាប៉ុន្មាន? អ្វីខ្លះ?
ចំៈ គេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជា៨គឺ៖
– តម្លៃជីវសាស្ត្រ
– តម្លៃសេដ្ឋកិច្ច
– តម្លៃខាងអារម្មណ៍
– តម្លៃសង្គម
– តម្លៃបញ្ញា
– តម្លៃសីលធម៌
– តម្លៃសោភ័ណ្ឌវិជ្ជា
– តម្លៃសាសនា

១៣- ហេតុអ្វីបានជាយើងត្រូវសិក្សា សីលវិជ្ជា?
ចំៈ បានជាយើងត្រូវសិក្សា សីលវិជ្ជា ពីព្រោះ៖
– ការសិក្សាអំពីសីលធម៌អាចបញ្ជាក់ប្រាប់យើងនូវអំពើល្អ និង អំពើអាក្រក់ទាំងឡាយ ។
– មានសីលធម៌ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានការ យោគយល់គ្នា ព្រមទាំងមានច្បាប់សម្រាប់ការប្រព្រឹត្ត ។
– ការប្រព្រឹត្តប្រកបដោយសីលធម៌ ឬ អសីលធម៌ ត្រូវបានគេ វាយតម្លៃទាំងក្នុងអតីតកាល និង បច្ចុប្បន្នកាល។
– សីលធម៌ប្រឹងប្រែងបង្ហាញមនុស្សនូវតម្លៃពិតនៃជីវិត ហើយ វាជំរុញឲ្យមនុស្សស្វែងរកតម្លៃទាំងនោះ ។

១៤- ចូរនិយាយអំពី៖
ក- ពុទ្ធប្រវត្តិសង្ខេប
ខ- អរិយសច្ចៈ
ចំៈ
ក- ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធទ្រង់ប្រសូត្រ នៅថ្ងៃ សុក្រ ទី១៥ កើត ខែ ពិសាខ ឆ្នាំ ច ។
នៅពេលប្រសូត្របាន ៥ ថ្ងៃ មានពួកព្រាហ្មណ៍ ៨ នាក់ បានដាក់ ឈ្មោះព្រះនាមព្រះអង្គថា សិទ្ធត្ថកុមារ ។ ក្នុងចំណោមព្រាហ្មណ៍ ទាំង ៨ មានព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ បានទាយ ថា ព្រះរាជបុត្រនឹងបានត្រាស់ជាព្រះពុទ្ធអង្គនៅថ្ងៃអនាគត ។ កន្លងបានរយៈពេល ២ ថ្ងៃក្រោយមក ព្រះមាតាព្រះអង្គទ្រង់ ចូលទីវង្គត ។ នៅពេលព្រះអង្គមានព្រះជន្មាយុ ១៦ វស្សា ព្រះអង្គ ទ្រង់បានរៀបអភិសេកជាមួយព្រះនាងពិម្ពាយសោធរា ។ ពេល ទ្រង់មានព្រះជន្មាយុ ២៩ ព្រះវស្សាទ្រង់បានលួចចេញពីក្រៅ កំផែងវាំងដើម្បីដើរកំសាន្ត ក៏ស្រាប់តែទតឃើញនូវទេពនិម្មិត្ត ដែលស្តែងអំពីឆាកជីវិតមនុស្សគឺ កើត ចាស់ ឈឺ ស្លាប់ ដែល បណ្តាលឲ្យព្រះអង្គមានភាពភ័យរន្ធត់ជាខ្លាំង ហើយទ្រង់ក៏បាន ឃើញអ្នកបួសម្នាក់ដែលបណ្តាលឲ្យព្រះអង្គគិតថាមានតែទៅ បួសទេដែលអាចជៀសផុតពីការកើត ចាស់ ឈឺ ស្លាប់ ទៅបាន ។ នៅពេលយប់កណ្តាលអធ្រាត ទ្រង់ក៏សម្រេចចិត្តលួចចាកចេញពី វាំងទៅបួសចោលក្រុមគ្រួសារសាច់ញាតិព្រះអង្គ ។ រយៈពេល ៦ ឆ្នាំកន្លងទៅ នៅថ្ងៃទី ១៥ កើតខែ ពិសាខ ឆ្នាំ រកា ព្រះអង្គបាន ត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ក្នុងការរកផ្លូវរំដោះទុក្ខសត្វលោក ។ នៅថ្ងៃ ១៥ កើត ខែ មាឃ ទ្រង់បាន ដាក់អាយុសង្ខារ ។ នៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ព្រះអង្គ បានចូលបរិនិព្វាន ក្នុង ជន្មាយុ ៨០ វស្សា ។

ខ- អរិយសច្ចៈ គីជាការពិតដ៏ប្រសើរដ៏ខ្ពង់ខ្ពស់ ។
– ទុក្ខអរិយសច្ចៈ គឺទុក្ខជាសេចក្តីពិត។ ទុក្ខធំៗមានៈ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និង មរណទុក្ខ។
– សមុទយអរិយសច្ចៈ គឺហេតុនៃទុក្ខជាសេចក្តីពិត។ ហេតុ ដែលនាំឲ្យមានទុក្ខមាន២គឺ អវិជ្ជា និង តណ្ហា ។
– និរោធអរិយសច្ចៈ គឺការបំបាត់ទុក្ខជាសេចក្តីពិត។ ដើម្បី បំបាត់ទុក្ខគេត្រូវបំបាត់អវិជ្ជា និង តណ្ហា ។
- មគ្គអរិយសច្ចៈ គឺជាផ្លូវ ឬ មធ្យោបាយបំបាត់ទុកជាសេចក្តី ពិត ។ ដើម្បីបំបាត់ទុក្ខត្រូវដើរតាមផ្លូវកណ្តាល (មជ្ឈឹម បដិបទា ) ។

ផ្ញើជូនប្រិយមិត្រនិងក្មួយៗដែលស្រឡាញ់ចូលចិត្តនិពន្ធទំនុកចម្រៀងខ្មែរ!

ផ្ញើជូនប្រិយមិត្រនិងក្មួយៗដែលស្រឡាញ់ចូលចិត្តនិពន្ធទំនុកចម្រៀងខ្មែរ!
(បញ្ជាក់៖«នេះជាបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក មិនមែនជាវិធីសាស្ត្រត្រូវតែធ្វើតាមទេ»។)
ដំបូងសូមលោកអ្នកស្វែងយល់ពីពាក្យថា«ទំនុកចម្រៀង និងបទភ្លេង»ឱ្យបានច្បាស់សិន។
ពីព្រោះកន្លងមកមានមតិខ្លះយល់ច្រឡំ។ល។
១/អ្វីទៅជាបទភ្លេង?
-ដែលហៅថា«បទភ្លេង»អង់គ្លេស៍(.Song) បារាំង(.Chanson) មានន័យថា ជាកម្រិតសំឡេងទាបឬខ្ពស់ដែលអ្នកនិពន្ធបទនោះធ្វើឱ្យមានភាពពីរោះដល់ត្រចៀកអ្នកស្តាប់។ដូច្នេះដើម្បីកត់ត្រាទុកគេសរសេរបទភ្លេង នឹងអក្សរភ្លេងសម្រាប់ឱ្យតន្ត្រីករ” ដេញ, ដំ, ប្រគំ និងកូតបាន ” ។
២/អ្វីទៅជាទំនុកចម្រៀង?
-ដែលហៅថា«ទំនុកចម្រៀង»(E. Lyrics)(F. Paroles) មានន័យថា ជាពាក្យពេចន៍ខ្លឹមសារ
សម្រាប់អ្នកចម្រៀងអាន ឬទន្ទេញឱ្យចាំចិត្តដើម្បីច្រៀង។ដូច្នេះកវីដែលជាអ្នកនិពន្ធទំនុក- ចម្រៀងគាត់កត់ត្រាបានដោយគាត់កត់នឹងអក្សរសាស្ត្រ(សម្រាប់ជាតិនីមួយៗ។
ឧទាហរណ៍៖ ទំនុកចម្រៀងខ្មែរ កត់ត្រាដោយអក្សរខ្មែរ,ដែលហៅថាទំនុកចម្រៀង។ល។
*ដូច្នេះអ្នកនិពន្ធទំនុកចម្រៀងខ្មែរ គាត់និពន្ធបែបណាដើម្បីឱ្យបានទំនុកចម្រៀងមួយបទ?
តើគាត់និពន្ធទំនុកចម្រៀងមុនបទភ្លេងឬក្រោយបទភ្លេង?
-ឆ្លើយ៖
ជាទម្លាប់ខ្មែរយើង ការនិពន្ធទំនុកចម្រៀងនេះមាន២របៀបគឺ៖
រប់ៀបទី១/ និពន្ធទំនុកចម្រៀងមុនបទភ្លេង។ ជាទូទៅរបៀបទី១នេះ ពអ្នកនិពន្ធគឺគាត់និពន្ធកំណាព្យបទពាក្យ៤ ឬកំណាព្យបទពាក្យ៨(ចួននឹង៤នៅក្នុងល្បះ)។
របៀបទី២/ និពន្ធទំនុកចម្រៀងក្រោយបទភ្លេង។ របៀបទី២នេះបើសិនជាអ្នកនិពន្ធទំនុក-
ចម្រៀងមិនចេះភ្លេងនិងមិនចេះអក្សរភ្លេងទេ ត្រូវឱ្យអ្នកនិពន្ធបទភ្លេងផ្តល់ផ្តល់ឱ្យយើងជា
អក្សរបទភ្លេង ឬផ្តល់ឱ្យជាខ្សែអាត់ថតសំឡេងក៏បាន។ល។ ប៉ុន្តែការកំណត់ទីតាំងចួនក្នុងល្បះ ឬចួនឆ្លងល្បះអ្នកនិពន្ធទំនុកចម្រៀង ត្រូវកំណត់ទីតាំងចួនដោយខ្លួនឯង ដោយយកលំនាំតាមប្រហាក់ប្រហែល នឹងវិធីសាស្ត្រនិពន្ធកំណាព្យដែរ។ អរគុណ! by ven son

Wednesday, November 26, 2014

ទំនួញព្រះរាជវង្សខ្មែរ សម័យតែអុង

    ទំនួញព្រះរាជវង្សខ្មែរ សម័យតែអុង
.................................................................
១. នេះនិងតាក់តែងកាព្យប្រវត្តិសាស្រ្ត        
       រឿងឈឺចាប់ណាស់សម័យតែអុង
    រដ្ឋខ្មែរក្រោមនឹមស្តេចយួនយ៉ាឡុង            
   មិញម៉ាង យួនប្រុងរំលាយជាតិខ្មែរ។
២. មេទ័ពស្តេចយួន ឈ្មោះ ទ្រឿងមិញយ៉ាង      
អំណាចអុងអាង ត្រួតរាជវង្សសែ
     វាប្រុងបំបាត់រាជវង្សស្រុកខ្មែរ                      
ក្សត្រាផងដែល វាតាមសម្លាប់ ។
៣.ព្រះមហាក្សត្រីយានី ម៉ី                              
ឈ្នាន់យួនស្រកី អំណាចយួនក្តាប់
     ក្សត្រី អង្គប៉ែន យួនវាសម្លាប់                      
រំលោភហើយចាប់ជ្រមុជទឹកភ្លាម ។
៤. ក្សត្រាៗខ្មែររត់គេចពួន                              
អង្គឌួង អង្គស្ងួន ភៀសទៅស្រុកសៀម
     វាតាមផ្តាច់ពូជ រាជវង្សខ្មែរភ្លាម                    
មិនឲ ងើបត្រៀម ក ទ័ពដោះជាតិ ។
៥. សម័យតែអុង សតវត្សរ៍ដប់ប្រំាបួន              
 ខ្មែររងកម្មផ្ទួន រាស្រ្ត រាជវង្សទៀត
     ខ្មែរក្រោម ខ្មែរកណ្តាល ស្លាប់ហាលងៀត    
ស្រុកក្រោមនឹមវៀត វាតាមផ្តាច់ពូជ ។
៦. កំណាព្យប្រវត្តិសាស្រ្តខ្ញុំតាក់តែង                  
ដាស់ខ្មែរជាតិឯង ឲ ភ្ញាក់រលឹក
     ស្វែងយល់ប្រវត្តិសាស្រ្ត កុំនៅស្ពឹក                
បើខ្មែរភ្លេចភ្លឹក  ជាតិយើង ចប់ហើយ។
...................................................................
     រាជធានីភ្នំពេញ ២៦ វិច្ឆិកា ២០១៤  
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

Tuesday, November 25, 2014

ព្រះរាជគុណូបការៈព្រះបាទអង្គឌួង ព្រះបរមកោដ្ឋ

ព្រះរាជគុណូបការៈព្រះបាទអង្គឌួង ព្រះបរមកោដ្ឋ
........................................................................
១.  ជាតិយើងនៅរស់មានឈ្មោះជាខ្មែរ      
 មរតក៌ដំណែលនៅសល់សព្វថ្ងៃ
     ពូជសាសន៍យើងគង់ រួចផុតពីដៃ          
  សៀមយួនចង្រៃ ព្រោះព្រះអង្គឌួង។
២. ខេត្តខ្មែរខាងលិច វិះបានទៅសៀម      
ខាងកើតយួនត្រៀមលេបខ្មែរលែងមាន
      ផុតពីតែអុង ជាតិយើងជាប់ក្តៀន        
 ប្រវត្តិមេរៀន សាវតារអួរអ័ព្ទ ។
៣. ទន្លេមេគង្គ ខ្សែត្រៀមព្រំដែន            
  សៀមយួនចាត់ចែង ពូជខ្មែរសម្លាប់
     កម្ពុជាក្រោម ប្រជុំដីល្បាប់                
 យួនយកខុសច្បាប់ បារំាងកាត់ឲ ។
៤. បើកុំតែបាន ព្រះអង្គឌួង                    
 ជាក្សត្រក្រុមហ្លួង ព្រះបញ្ញាវ័យ
     ម្លេះសមទឹកដីយើងជួបគ្រោះភ័យ        
 ពូជសាសន៍អស់ន័យ រសាត់តែលតោល។
៥.ព្រះអង្គឌួង មានគុណលើខេមរា          
 ជាស្តេចវោហា កវីនោះទៀត
    ព្រះរាជស្នាព្រះហស្ថ សល់ព្រោងព្រាត
  ជាមរតក៌ជាតិ ផ្នែកអក្សរសាស្រ្ត ។
៦.ព្រះបរមមរណៈនាមក្សត្រា                
មានព្រះនាមថា៖ ព្រះបរមកោដ្ឋ
    បញ្ហាស្រុកទេស ជួបវិបត្តិចោទ          
  ព្រះអង្គមិនឆោត ព្រះតម្រិះត្រូវ ។
  រាជធានីភ្នំពេញ  ២៥  វិច្ឆិកា ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

ទឹកភ្នែកប្រវត្តិសាស្រ្តជាតិ

ទឹកភ្នែកប្រវត្តិសាស្រ្តជាតិ
..........................................
១. ប្រវត្តិសាស្រ្តទួញយំ រាប់សតវត្សរ៍
ព្រោះខ្មែរប្រាស់ព្រាត់បែកបាក់សាមគ្គី
សត្រូវមើលងាយពីគ្រប់ទិសទី
រំលោភពានឈ្លី ញីខ្មែរនិងជើង ។
២. មរតក៌ដូនតា ប្រាសាទរយពាន់
សាកលស្ងើចលាន់ សរសើរខ្មែរយើង
ចរិតស្លូតត្រង់ មិនឡើយទំនើង
ពូជសាសន៍ឈាមយើង អំបូរធ្លាប់ថ្កើង។
៣. ជាច្រើនសតវត្សរ៍ ខ្មែរធ្លាប់រុងរឿង
ខ្មែរក្លាហានសឿង វប្បធម៌ឈានឡើង
អំណាចចក្រភព សាសន៍គេតម្កើង
គ្រប់វិស័យឡើងខ្ពស់ព្រោះក្សត្រា ។
៤. ចាប់ពីត្រឹមសតវត្សរ៍ទីដប់បី
ខ្មែរធ្លាក់រាសី រងទុក្ខខ្លោចផ្សា
ជួបតែសង្គ្រាម បែកបាក់ខេមរា
វិះបាត់រដ្ឋា ពីភពផែនដី ។
៥. អង្គរទួញយំ ខ្មំាងសៀមវាលុក
មកចតុមុខ បែកបាក់ជាបី
សម័យលង្វែក សៀមលុកជាថ្មី
ច្បាប់ក្បួនប្រាជ្ញថី សៀមប្រមូលអស់។
៦. ពេញមួយសម័យឧដ្តុង នោះណ៎ា
ខ្មែរទុក្ខអស្ចារ្យ គួរឲស្រណោះ
វិះបាត់ទឹកដី មរតក៌កេរកោះ
ពូជសាសន៍សូន្យអស់ៗឈ្មោះជាខ្មែរ។
រាជធានីភ្នំពេញ ២៥ វិច្ឆិកា ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

Thursday, November 20, 2014

កូនខ្មែរ គ្មានអ្វីសប្បាយចិត្តជាងពេលដែលឃើញ:៖

កូនខ្មែរ គ្មានអ្វីសប្បាយចិត្តជាងពេលដែលឃើញ:
កូនខ្មែរ
គ្មានអ្វីសប្បាយចិត្តជាងពេលដែលឃើញ:
1. កូនខ្មែររស់នៅជុំគ្នាក្រោមម្លប់ព្រះមហាក្សត្រនឹងអ្នកដឹកនំាល្អ
2. កូនខ្មែរចេះសាមគ្គីវេញធ្លុងឯកភាពគ្នា
3. ខ្មែរចេះស្រលាញ់គ្នា ខ្មែរចេះការពារគ្នា
4. ខ្មែរចេះថែរក្សាគ្នា ខ្មែរមានស្មារតីស្នេហាជាតិពេញលេ
5. ខ្មែរគោរពនឹងអនុវត្តិទ្រឹស្តីព្រះពុទ្ធសាសនាដល់កំពូល
6. ខ្មែរយកចិត្តទុកដាក់ហ្នឹងខ្មែរគ្នាឯង
7. ខ្មែរចេះស្រលាញ់យុត្តិធម៌ គោរពច្បាប់ គោរពរបបរាជានិយម
8. ខ្មែររកស៊ីមានបានដោយសម្មាអាជីវោ(ត្រឹមត្រូវតាមច្បាប់)
9. ខ្មែររួមសាមគ្គីគ្នាប្តូរផ្តាច់ស្លាប់រស់ជាធ្លុងមួយក្នុងការការពារយុត្តិធម៌សង្គម
ការពារបូរណភាពទឹកដី ការពារមរតក៌ដូនតាខ្លួន ការពារវប្បធម៌
ការពារជាតិសាសន៏របស់ខ្លួន។ល។
.........................................................................................
នេះគឺជាអ្វីដែលខ្ញុំចង់បាន។ខ្ញុំសរសេរចេញពីដួងចិត្តរបស់ខ្ញុំដោយរំភើប
ពេកព្រោះឃើញខ្មែរចេះសាមគ្គីគ្នា ឯកភាពគ្នា ការពារគ្នា ជួយគ្នា។ល។

ស្រីអើយស្រីតូចចង្កេះម៉ាក្តាប់

ស្រីអើយស្រីតូចចង្កេះម៉ាក្តាប់
ត្រគាកណែនហាប់ បងគន់មិនណាយ
ភ័ក្រស្រស់ប្រិមប្រិយ សក់វែងអន្លាយ
ក្តោងស្រួចឆោមឆាយ ទ្រូងពើងក្រពុំ ។
បបូរមាត់ស្រស់ញញឹមមានស្នេហ៍
ចិញ្ចើមដូចខែរនោចបំាងភ្នំ
ម្រាមបន្លាក្រូចស្អាតពេញនិយម
កំភួនមាសម៉ុម តូចស្តើងស្រឡូន ។
បើស្អាតម្លឹងៗ រៀមសូមស្នើចិត្ត
ទៅពៅវរមិត្ត ថាតើរូបអូន
មេម៉ាយ ក្រមុំសាច់សម៉ត់សូន្យ
បងសូមស្តីអូន ជាគូជីវិត ។
ដោយៈ ផេង សុខវ៉ាន់ដា

រាជិនីសម្លេងមាស៖ រស់ សិរីសុទ្ធា


កើតជាមកជាមនុស្ស

កើតជាមកជាមនុស្ស
..............................
១. កើតជាមនុស្សរស់ក្នុងលោកា 
ត្រូវសិក្សា ប្រឹងប្រែងខំរៀនសូត្រ
ព្រោះចំណេះវិជ្ជា ជាចង្កូច 
ឆ្ការផ្លូវស្រូតនំាជីវិតភ្លឺច្បាស់ ។
២. តម្លៃជីវិត ពិតមានសារៈ
ជាងមាសប្រាក់ ទ្រព្យផ្ទាល់ខ្លួនឆ្ងាយណាស់
កិត្តិយស បុណ្យសក្តិខ្ពង់ខ្ពស់ណាស់ ជីវិតច្បាស់ពិតជាខ្ពស់ជាងទៀត ។
៣. ព្រះធម៌ជាច្បាប់ វិជ្ជា ត្រីមុខ
អាចដោះទុក្ខ មនុស្សបញ្ហាជ្រែកជ្រៀត
ស្នេហាជាគ្រឿងគ្រៅដ៏គ្រោតគ្រាត
មនុស្សជាតិ មានទុក្ខព្រោះស្នេហា ។
៤. ប្រាជ្ញា ល្អឆ្លាត អណ្តាតគ្រលាស់
ដោះទំនាស់ រាល់គ្រប់នៃបញ្ហា
គុណធម៌ សីលធម៌ ជាមនុស្សា
ពេញឈ្មោះថា" ជាមនុស្ស" ក្នុងលោក ។
៥. ឧត្តមគតិ និង មនសិការ
ដ៏ថ្លៃថ្លា ត្រូវរក្សាជាប់ខ្លួន
ជាគុណសម្បត្តិមួយដ៏មំាមួន
ពាក្យសំនួនវាចា សច្ចៈជាប់ ។
ភ្នំពេញ៖ ២០ វិច្ឆិកា ២០១៤ ដោយៈ ផេង សុខវ៉ាន់ដា

វប្បធម៌ខ្មែរ

ការសង្កេតរបស់លោកឃើញថាវប្បធម៌ខ្មែរល្អ១០ចំណុចដោយ
លោក Ryu Muaoផ្ទាល់ និងមិត្តភក្តិរបស់លោកគឺ៖
១/ ស្នាមញញឹមរបស់ជនជាតិខ្មែរ រាក់ទាក់រកភ្ញៀវស្មោះអស់ពីដួងចិត្តលេខ១ លើកលោក។( Smile )
២/(Keep Promise)ប្រជាជនខ្មែរគោរពពាក្យសន្យា។ គឺការគោរព
ពាក្យសន្យា នេះហើយដែលជាគន្លឹះជោគជ័យ។
៣/(Power for Better)កូនខ្មែរមានគំនិតអភិវឌ្ឍគ្រប់គ្នា គឺចង់ឱ្យ
ប្រទេសជាតិរីកចម្រើន។
៤/ប្រជាជនខ្មែរចិត្តល្អ គោរពចំពោះមនុស្សចាស់ ចេះថែទាំចិញ្ចឹម
ឪពុកម្តាយចាស់ជរា។
៥/ខ្មែរមានម្ហូបអាហារល្អ ដូចជា “ មានអង្ករបាយល្អ, មានត្រីទឹកសាបរសជាតិឆ្ងាញ់,
មានផ្លែឈើ និងម្រេចខ្មៅ។ល។គឺខ្មែរកំពុងមានធនធានធម្មជាតិដ៏អស្ចារ្យ
ដែលគេមិនមាន”។
៦/ជនជាតិខ្មែរ ចេះមើលថែប្អូនប្រុស-ស្រី។
៧/ជនជាតិខ្មែរ ហូបបាយជុំគ្នាក្នុងគ្រួសារ។
៨/ជនជាតិខ្មែរ ឧស្សាហ៍រៀនសូត្រច្រើន ទាំងក្មេងទាំងចាស់។
៩/ជនជាតិខ្មែរ មានចិត្តល្អ និង មានសុជីវធម៌ក្នុងការគួរសមចំពោះភ្ញៀវ។
១០/ប្រទេសកម្ពុជាមានព៌ណធម្មជាតិ ព៌ណបៃតង។ ហើយនិង
កុមារខ្មែរម្នាក់ៗ មាននិស្ស័យសិល្បៈពីកំណើត។
ឧ.បើគេឱ្យគូរ កុមារកម្ពុជាចេះគូររូបគ្រប់គ្នា។ជាពិសេសរូបទេស
ភាព។ ២៦.០៤.២០១៣ វ៉ែន សុន

Sunday, November 16, 2014

តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនទៅជាកវីនិពន្ធ ដ៏ល្បីល្បាញម្នាក់?

តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនទៅជាកវីនិពន្ធ ដ៏ល្បីល្បាញម្នាក់?
(នេះជាសំនួរដែលខ្ញុំធ្លាប់ឮគេសួរគ្នា)
ឆ/ខ្ញុំសូមសាកល្បងឆ្លើយ ។ ប៉ុន្តែមិនមែនជារូបមន្តបែបគណិត
សាស្ត្រនោះទេ គឺជាទស្សនៈរបស់ខ្ញុំផ្ទាល់តែប៉ុណ្ណោះ។
“និយាយជារួម ចំពោះខ្ញុំដែលចាប់ផ្តើមសរសេរពិដំបូងឡើយ,ខ្ញុំួ
មិនដែលគិតដល់សំនួរនេះទេ” ។មានន័យថា ពេលខ្ញុំឡើងទៅលើ
ផ្ទះ គឺខ្ញុំសម្លឹងកាំជណ្តើរទី១,ខ្ញុំមិនដែលសម្លឹងកាំជណ្តើរទី៩មុនទេ។
-ចំពោះការសរសេរក៏ដូចគ្នាខ្ញុំគ្រាន់តែគិតថា«គេធ្វើបាន,ខ្ញុំក៏ធ្វើបាន»
១/ប៉ុន្តែបើចង់ធ្វើបានដូចគេ ត្រូវខិតខំព្យាយាមរៀនសូត្រជានិច្ច. . .
1-រៀនពីគ្រូផ្ទាល់។
2-រៀនតាមស្នាដៃកវីនិពន្ធរៀមច្បង។
3-រៀនសូត្រពីសង្គម(គឺរៀនទាំងសង្គមមនុស្សនិងហ្វូងសត្វ)។ល។
4-មិនតាំងខ្លួនជាអ្នកចេះ។
5-មិនតាំងខ្លួនជាមនុស្សធ្លាក់ពីលើមេឃ។(មានន័យថាមិនតាំងខ្លួន
ជាមនុស្សអស្ចារ្យលើសគេឯងនោះឡើយ)។
២/ពេលសរសេរតើត្រូវធ្វើដូចម្តេច ដើម្បីបានសម្រេចជោគជ័យ?
1-ត្រូវក្លាហាននិងព្យាយាមក្នុងការសរសេរ ដោយមិនអនុគ្រោះ
ឱ្យខ្លួនឯងសរសេរខុសពីវិធីសាស្ត្រនិពន្ធដាច់ខាត។
2-សរសេរពីចរិតស្នាដៃ ដែលមានទស្សនៈប្លែកពីគេ។
3-ពេលសរសេររួចហើយ ត្រូវរកវិធីផ្សព្វផ្សាយស្នាដៃ។ ជាពិសេស
ត្រូវហ៊ានចូលរួមប្រឡងដណ្តើមជ័យលាភីកុំខ្លាចបរាជ័យ។
4-កុំធ្វើខ្លួនយើងប្រដូចទៅនឹងអ្នកដទៃគឺត្រូវធ្វើខ្លួនជាខ្លួនរបស់យើង។
5-បើយើងបានឃើញអ្វី ត្រូវសរសេរយ៉ាងណាឱ្យអ្នកអាននិងអ្នកស្តាប់
ដូចបានឃើញជាមួយយើង។
៣/ប្រសិនបើ,ពេលសរសេរជួបការលំបាក ទៅមុខមិនរួចតើត្រូវធ្វើ
ដូចម្តេច?
1-អាចប្តូរតួអង្គ។
2-អាចប្តូរបរិយាកាស។
3-ដាច់ខាតយើងមិនត្រូវសរសេររឿង នឹកឃើញភ្លាមសរសេរភ្លាម
នោះទេ។យើងត្រូវធ្វើតារាងឈុត,ឆាក ជាមុនសិនទើបស្នាដៃយើង
បានល្អ។ល។
៤/តើកវីនិពន្ធមានសារៈសំខាន់អ្វីខ្លះ ចំពោះសង្គមជាតិ?
1-រកថវិការផ្គត់ផ្គង់គ្រួសារខ្លួនផ្ទាល់។
2-ផ្តល់ការងារឱ្យសិល្បករគ្រប់ទម្រង់ដូចជា៖តន្ត្រីករ,អ្នកចម្រៀង,
អ្នកសម្តែង និងវិចិត្រករ។ល។
3-ផ្សព្វផ្សាយពីវប្បធម៌ជាតិ អាចលើកស្ទួយថវិការជាតិ តាមរយៈ
ពួកទេសចរណ៍។ល។
4-អប់រំមនុស្សក្នុងសង្គមឱ្យមានសុជីវធម៌។
5-បង្កើនចំណេះដឹងឱ្យមនុស្សគ្រប់វ័យ។ជាពិសេសកុមារ។ល។
6-បណ្តុះមនសិការកុលបុត្រ កុលធីតាខ្មែរគ្រប់រូបមានឧត្តមគតិ
ស្នេហាជាតិ។ល។បង្ហាញជូនដោយ វ៉ែន សុន/ ១៧,១១,២០១៤

Thursday, November 13, 2014

រាជិនីសម្លេងមាស៖ រស់ សិរីសុទ្ធា

រាជិនីសម្លេងមាស៖ រស់ សិរីសុទ្ធា
......................................................
១. រាជិនីសម្លេងដ៏ស្រទន់ 
សុទ្ធា មានគុណសណ្តំចិត្តខ្មែរ
គ្រប់ប្រជាជាតិទូទំាងក្រុងស្រែ 
ក្សត្រីផងដែល ប្រទានកិត្តិយស ។
២. អង្គព្រះមហាក្សត្រីយានី
កុសមៈនារី ដ៏ខ្ពង់ខ្ពស់
ទ្រង់ប្រោសប្រទានផ្តល់ងារចំពោះ
សុទ្ធា មានយស រាជិនីសម្លេង ។
៣. មរតក៌សំនៀងមាសសណ្តំចិត្ត
អមតៈអម្រិត រាប់រយជំនាន់
កូនខ្មែរជាន់ក្រោយច្បាស់ដឹងគុណលាន់
សម្លេងមិនទ្រាន់ ពិរោះជានិច្ច ។
៤. ប្រៀបដូចព្រះឥន្ទ លោកទ្រង់ប្រទាន
ដល់ជាតិខ្មែរមាន រស្មីរំលេច
នូវមរតក៌សម្លេងមាស ពិសិដ្ឋ
ដូចទឹកអម្រិត ស្រក់ជាប់ចិត្តខ្មែរ ។
៥. ជំនាន់រាជសង្គមរាស្រ្តនិយម សាធារណរដ្ឋយំសង្គ្រាមហូរហែ
រាជិនីសម្លេង ច្រៀងដង្ហោយខ្មែរ
ទូទំាងក្រុងស្រែ ក្រោកឡើងជួយជាតិ។
៦. នេះ ស បញ្ជាក់នូវចិត្តស្នេហា
ជាតិ និង សាសនា ខ្មែរយ៉ាងខ្មីឃ្មាត
មរតក៌សំនៀងមាសគ្រប់រសជាតិ
ច្រៀងដង្ហោយញាតិ ខ្លាចជាតិបាត់ឈ្មោះ។
៧. ក្នុងនាមខេមរា ទូទំាងរដ្ឋា
ខ្ញុំ សុខវ៉ាន់ដា ជូនបុណ្យចំពោះ
ដល់រាជិនីសម្លេងរងគ្រោះ
សូមអោយផុតគ្រោះ ជួបសុខគ្រប់ជាតិ។
.....................................................................
រាជធានីភ្នំពេញ,
ថ្ងៃ ព្រហស្បត្តិ៍ ទី ១៣ ខែ វិច្ឆិកា ឆ្នំា ២០១៤
និពន្ធដោយៈ ផេង សុខវ៉ាន់ដា
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

Wednesday, November 12, 2014

ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម និង​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម និង​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

AUGUST 30, 2014 11:11 AMCOMMENTS OFFVIEWS: 666
​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​
​ទង់ជាតិ​កម្ពុជា​ក្រោម ត្រូវបាន​ពល​ខ្មែរក្រោម​មូលមតិ​គ្នា​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៩៦ ដំណាលគ្នា​នឹង​ការបង្កើត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​ការប្ដូរ​ពី​សភា​កម្ពុជា​ក្រោម​ទៅជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ មកដល់​ឆ្នាំ ២០១៤ នេះ ទង់ជាតិ​កម្ពុជា​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​អាយុ ១៨ ឆ្នាំ​ហើយ ដែល​បានធ្វើ​សកម្មភាព តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ ។ លទ្ធផល​ជា​វិជ្ជមាន​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ដឹង​ឮថា “​ខ្មែរក្រោម​” ជា​នរណា និង ដែនដី “​កម្ពុជា​ក្រោម​” នៅ​កន្លែង​ណា ហើយ​ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់ “​ខ្មែរក្រោម​” ថា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ។ សមិទ្ធិផល ជោគជ័យ​មិន​ធ្លាប់មាន​នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​នេះ ក៏ដោយ​សារ ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ទូទាំង​ពិភពលោក​បានរួម​គំនិត​តែមួយ​គូស​ចេញ​នូវ​យុទ្ធសាស្ត្រ​នយោបាយ “​ខ្លួន​ជាទី​ពឹង​របស់ខ្លួន​” ដោយ មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​នយោបាយ​ក្នុងប្រទេស​កម្ពុជា ។
យុវជនខ្មែរគូររូបទង់ជាតិកម្ពុជាក្រោម នៅលើផ្ទាល់នៅភ្នំពេញ ក្នុងពិធីខួប ៦៥ ឆ្នាំ នៃទិវា ៤ មិថុនា ដែលធ្វើនៅវត្តសាមគ្គីរង្សី កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ស៊ីន ចែងចើន
យុវជនខ្មែរគូររូបទង់ជាតិកម្ពុជាក្រោម នៅលើផ្ទាល់នៅភ្នំពេញ ក្នុងពិធីខួប ៦៥ ឆ្នាំ នៃទិវា ៤ មិថុនា ដែលធ្វើនៅវត្តសាមគ្គីរង្សី កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ស៊ីន ចែងចើន
​យោងតាម​សៀវភៅ​ម​គ្គុ​ទ្ទេស “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដែល​បាន​បោះពុម្ព​ដោយ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០០៩ បានបញ្ជាក់​អំពី​ទង់ជាតិ​កម្ពុជា​ក្រោម​យ៉ាងនេះ​ថា​៖
“​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម មាន​បី​ឆ្នូត ដែលមាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌​ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង​ពីរភាគបី បណ្តោយ​បី​ភាគបី ។ ឆ្នូត​ពណ៌​ខៀវ​នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​ដែល ជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត ។ ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម ដែល​ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌ ។​ពណ៌​ក្រហម​នៅ​ខាងក្រោម ជា​និមិត្តរូប នៃ​វីរភាព អង់អាច​ក្លាហាន របស់​វីរជន ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិរស់​” ។
កើតចេញពី​ទង់ជ័យ​ពុទ្ធសាសនា​៖
​ដោយសារ​ពុទ្ធសាសនា បាន​ផ្សារភ្ជាប់​នឹង​ជីវិត​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​តាំងពី​បុរាណកាល​មក និង ពុទ្ធ សាសនា​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​នូវ “​អត្ត​ស​ញ្ញណ​ជាតិខ្មែរ​” ឲ្យ​បាន​គង់វង្ស​រហូតមក​ដល់​សព្វថ្ងៃ តាមរយៈ​វត្ត​អារាម​ជាឃ្លាំង​ផ្ទុក​នូវ​ខឿនវប្បធម៌​ជាតិ​នោះ ពលរដ្ឋ​ខ្មែរក្រោម​សម្គាល់ថា​ទង់ជ័យ “​ឆព្វណ្ណរង្សី​” របស់ ពុទ្ធសាសនា​ថា ជា​ទង់ជាតិ​របស់ខ្លួន ព្រោះ​នៅ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរក្រោម​មិនដែល​បាន​លើក​ទង់ជាតិ​នៃ​ប្រទេស កម្ពុជា​ទេ ។
ទង់ឆព្វណ្ណរង្សីរបស់ពុទ្ធសាសនា ។
ទង់ឆព្វណ្ណរង្សីរបស់ពុទ្ធសាសនា ។
​លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ក្នុង​កម្មវិធី​ផ្សាយ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៤ ថា ទង់ជាតិ​កម្ពុជា​ក្រោម ត្រូវបាន​បង្កើតឡើង​ដោយ រណសិរ្ស រំដោះ​កម្ពុជា​ក្រោម ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ ១៩៦០ ម្ល៉េះ ។ លោក​បញ្ជាក់ថា កាលនោះ ក្រុម​ជនជាតិដើម​នៅ វៀតណាម មាន​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ជនជាតិ​ចាម្ប៍​នៅ​ភាគ​កណ្ដាល​វៀតណាម និង​ជនជាតិ​ម៉ុង​តៃ​ញ៉ា នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​វៀតណាម​បានរួម​គ្នា​បង្កើត​ចលនា​តស៊ូ​មួយ ដើម្បី​រំដោះខ្លួន​ចេញពី​ការជិះជាន់​របស់ អាណានិគម​វៀតណាម តែ​ខ្មែរក្រោម​មិនមាន​ទង់ជាតិ​តំណាង​ឲ្យ​ចលនា​របស់ខ្លួន​ទេ ខណៈដែល​ចាម្ប៍ និង​ម៉ុង​តៃ ញ៉ា មាន​ទង់ជាតិ​រៀងៗ​ខ្លួន ។ ពេលនោះ ក្រុម​ចលនា​របស់​ខ្មែរក្រោម​ក៏បាន​ចូល​វត្ត​សុំ​ទង់ជ័យ “​ឆព្វណ្ណរង្សី​” របស់​ពុទ្ធសាសនា​មក​ធ្វើជា​ទង់​របស់ខ្លួន ។ តែដោយសារ​ទង់​ពុទ្ធសាសនា​នេះ ជា​ទង់ជ័យ​តំណាង​ឲ្យ​អ្នក​កាន់​ពុទ្ធ សាសនា​ទូទាំង​ពិភពលោក មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ខ្មែរក្រោម​ទេ ទើប​ក្រុម​ចលនា​បានសម្រេច​កាត់​យក បី​ពណ៌ “​ខៀវ លឿង ក្រហម​” ភាគ​ខាងលើ​នៃ​ទង់​ពុទ្ធសាសនា​មក​ធ្វើជា​ទង់​សម្រាប់​តំណាង​ឲ្យ​ចលនា​ខ្មែរក្រោម នាពេលនោះ ។​
​លោក ប្រាក់ សេរី​វុ​ឌ្ឍ បញ្ជាក់ថា​៖
“​ដល់ពេល​ប្រជុំ​ទៅ គេ​សុទ្ធ​តែមាន​ទង់​គេ​មួយៗ តំណាង​ឲ្យ​ជនជាតិ​គេ​ទៅ យើង​ខ្មែរក្រោម​ចូលប្រជុំ​នឹង​គេ រណសិរ្ស រំដោះ​កម្ពុជា​ក្រោម មិនអាច​យក​ទង់​ខ្មែរ​ទៅ​លើក​បានទេ ។ ប្រសិន​យក​ទង់ជាតិ​ខ្មែរ​ទៅលើ​កនៅ​ស្រុក​យួន​ហ្នឹង បើ រដ្ឋាភិបាល​ឆែកឆេរ​ចាប់បាន​មានទោស​ធ្ងន់​ណាស់ សម័យ​រដ្ឋាភិបាល ង៉ោ ឌិន យ៉េ​ម វា​កំពុងតែ​គាបសង្កត់​ខ្មែរ ខ្លាំង​ផង ។ ដល់​ទាល់ច្រក តាម​ឮ​ចាស់ទុំ​និយាយ រក​ទង់ជាតិ​ឯណា​មិនបាន ក៏​ចូល​ទៅតាម​វត្ត​អារាម​ខ្មែរក្រោម ហ្នឹង សុំ​ទង់​ព្រះពុទ្ធសាសនា​ពី​ព្រះសង្ឃ​ខ្មែរក្រោម​យើង​មួយ​ទៅ ។ យើង​មិនអាច​លើក​ទង់​ពុទ្ធសាសនា​បានទេ ព្រោះ​ជា​រឿង​នយោបាយ ជា​រឿង​រំដោះ​ប្រទេសជាតិ ហើយ​ទង់​ព្រះពុទ្ធសាសនា​សម្រាប់​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា ។ យួន​ក៏មាន​ទង់​ព្រះពុទ្ធសាសនា ថៃ​ក៏មានដែរ ។ ដូច្នេះ កុំ​ឲ្យ​ច្របូកច្របល់​បាយបិណ្ឌ​បាត​បា​ត្រ​ហ្នឹង អ្នកដឹកនាំ​ចលនា​តស៊ូ​រំដោះ​ខ្មែរក្រោម ក្នុង​ឆ្នាំ ១៩៦៥ តាម​ឮ​ចាស់ទុំ​និយាយ គឺថា បាន​ទង់​ហ្នឹងហើយ ក៏​ហែក មួយ​កំណាត់​មក ។ ហែក​មួយ​កំណាត់​ខាងលើ​ដែលមាន ៣ ពណ៌​ហ្នឹង ។ បើ​បងប្អូន​មើល​មើល​ទង់​ព្រះពុទ្ធ ឃើញ​ស្នូ​ត ៣ ពណ៌ គឺ ពណ៌​លឿង ពណ៌​ក្រហម និង​ពណ៌​ខៀវ​ហ្នឹងហើយ ជា​ឫសគល់​ខាងដើម​” ។
​អត្ថន័យ​ពណ៌ “​ខៀវ លឿង ក្រហម​” នៅក្នុង​ពុទ្ធសាសនា​៖
យោងតាម​អត្ថបទ​ស្ដីអំពី​ប្រវត្តិ​ទង់ជ័យ​ពុទ្ធសាសនា ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​ស​ព្វា​វចនាធិប្បាយ (wikipedia) បានបញ្ជាក់​អំពី​អត្ថន័យ​នៃ​ពណ៌ “​ខៀវ លឿង ក្រហម​” ថា​៖
“​ពណ៌​ខៀវ (​នី​លៈ​) មានន័យថា ស្រឡាញ់​សេចក្ដី​ល្អ , ករុណា​ជាស​កល ។
​ពណ៌​លឿង (​បិ​តៈ​) មជ្ឈិម​បដិបទា ឬ ផ្លូវកណ្ដាល វៀរចាក​អំពី​អាក្រក់ សូន្យសុង ឬ សុញ្ញ​តៈ
​ពណ៌​ក្រហម (​លោ​ហិ​តៈ​) សេចក្ដីចម្រើន​ដោយ​ការប្រតិបត្តិ សេចក្ដីសម្រេច បញ្ញា គុណធម៌ ជោគ​លាភ និង សេចក្ដីថ្លៃថ្នូ​” ។​
​មិន​យក​ភ្លើង​ដុត​ប្រទេស​កម្ពុជា​៖
​ដោយបាន​ឆ្លងកាត់​បទពិសោធ និង​មេរៀន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ទាក់ទង​នឹង​រឿង​កម្ពុជា​ក្រោម​ឃើញថា អ្នក​ន​យោ បាយ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តែងតែ​លើកយក​បញ្ហា​ដែនដី​កម្ពុជា​ក្រោម​មក​ធ្វើជា​ល្បែង នយោបាយ​របស់ខ្លួន ដោយ​អ្នក​ទាំង​នោះបាន​អះអាងថា ខ្លួន​នឹង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មកវិញ​ឲ្យ​ខាន​តែ​បាន តែ​គេ​សង្កេតឃើញថា មិនមាន​អ្នកនយោបាយ​រូប​ណា​ម្នាក់​ធ្វើបាន​សម្រេច​ដូច​អ្វីដែល​ខ្លួន​បាន​សន្យា​ទេ ។ ផ្ទុយទៅវិញ ការលើកឡើង​នេះ​បានត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ចោទ និង​វាយបក​ទៅ​រដ្ឋាភិបាល កម្ពុជា​ថា​បាន​បំពាន​ច្បាប់​អង្គការសហប្រជាជាតិ ដោយបាន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង និង​ប្រឆាំង ប្រទេស​វៀតណាម ខណៈដែល​ប្រទេស​ទាំងពីរ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ដូចគ្នា ។​
ទង់ជាតិកម្ពុជាក្រោម (ស្ដាំបំផុត) លើកឡើងនៅមុខវត្តខេមររង្សី  ទីក្រុង San Jose រដ្ឋ California ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន
ទង់ជាតិកម្ពុជាក្រោម (ស្ដាំបំផុត) លើកឡើងនៅមុខវត្តខេមររង្សី ទីក្រុង San Jose រដ្ឋ California ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន
​ដោយមាន​បទពិសោធ​យ៉ាងនេះ ទើប លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា មេដឹកនាំ​ខ្មែរក្រហម ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ ១៩៧០ បាន​លើកទ័ព​វៃ​សម្រុកចូល​ខេត្ត​មាត់ជ្រូក ដើម្បី​ដណ្ដើមយក ដែនដី​កម្ពុជា​ក្រោម​ពី​វៀតណាម​មកវិញ ទើប​ធ្វើ​ឲ្យ​វៀតណាម​មាន​លេស​វៃ​បក​ចូល​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ បានសម្លាប់​ពលរដ្ឋ និង​ទាហាន​ខ្មែរក្រហម​ស្លាប់​យ៉ាង​រង្គាល រួច​បានធ្វើ​អាណានិគម​ប្រទេស កម្ពុជា​អស់​រយៈពេល ១០ ឆ្នាំ ហើយ​កាកសំណល់​អាណា​ម​និគម​នោះ​នៅសល់​តាមរយៈ​គណបក្ស​ប្រជាជន​កម្ពុជា រហូតមកដល់​សព្វថ្ងៃ ។
​លោក ថាច់ ង៉ុ​ក ថាច់ បាន​បញ្ជាក់ថា​៖
“​រឿង​ខុសច្បាប់ ជ្រៀតជ្រែក​នៅក្នុង​បញ្ហា​ហ្នឹង ។ ឧទាហរណ៍​ជាក់ស្ដែង​រឿង​ខ្មែរក្រហម ដែល​ខ្មែរក្រហម​ទៅ​វៃ​ថា​យក ទឹកដី​កម្ពុជា​ក្រោម គឺជា​ម្យោ​បាយ​របស់​យួន ។ អស់លោក​ណា​ថា ខ្មែរក្រហម​ស្អប់​យួន ក៏​យល់​តាម​ហ្នឹង​ទៅ ។ គេ ធ្វើ​ដើម្បី​ឲ្យ​យួន​មក​យក​ទឹកដី​ប្រទេស​កម្ពុជា​រហូតមកដល់​ពេលបច្ចុប្បន្ន​ហ្នឹង​” ។​
លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទីមួយ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​អំពី​ហេតុផល​ដែល​នាំ​ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត​ទង់ជាតិ​កម្ពុជា​ក្រោម​ថា ព្រោះ​មាន​បទពិសោធ​ប្រវត្តិសាស្ត្រ​ដូច​បាន​រៀបរាប់​មក​ខាង លើ​នេះហើយ ទើប​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បង្កើត​ទៅជា​ទង់ជាតិ​មួយ​ដាច់ដោយឡែក​របស់ខ្លួន​សម្រាប់ តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភពលោក​ធ្វើ​ការតស៊ូ​តាមបែប “​ខ្លួន​ជាទី​ពឹង​របស់ខ្លួន​” ដោយ​មិន​ជ្រៀតជ្រែក ចូល​កិច្ចការ​នយោបាយ​ប្រទេស​កម្ពុជា និង​ដើម្បី​អាច​បង្ហាញ​វត្តមាន​របស់​ខ្មែរក្រោម​នៅក្នុង​ឆាក​អន្តរជាតិ ។ លោក បញ្ជាក់ថា ប្រសិនបើ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រើ​ទង់ជាតិ​ប្រទេស​កម្ពុជា​ទៅធ្វើ​ការតស៊ូ​ផ្នែក​ការទូត​នៅក្នុង​ឆាក អន្តរជាតិ​នោះ រហូតមកទល់​ពេលនេះ មិនមាន​អង្គការ​អន្តរជាតិ​ណាមួយ​បើកទ្វារ​ស្វាគមន៍​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ចូលជួប ដើម្បី​លើកយក​បញ្ហា​កម្ពុជា​ក្រោម​មក​ជជែក​ទេ ។​
​លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​បញ្ជាក់ថា​៖
“​ប្រសិនបើ​ខ្មែរក្រោម​លើក​ទង់ជាតិ​ខ្មែរ ទង់ជាតិ​ដែលមាន​ប្រសាទ​អង្គរវត្ត​កំពូល​បី​ហ្នឹង ធ្វើការ​តវ៉ា​នៅ​ក្រសួង​ការ បរទេស នៅ​សហគមន៍​អឺរ៉ុប នៅ​សេត​វិមាន នៅ​អ៊ី រឿង​យើង​ចប់​បណ្ដោយ ។ គេ​បិទទ្វារ​មិន​ឲ្យ​យើង​ចូល​ទេ ព្រោះ​អ៊ី រឿង​យើង គេ​ឲ្យ​ទៅ​ទារ​ដី​ពី លោក ហ៊ុន សែន ពី​រដ្ឋាភិបាល​ខ្មែរ ។ មកដល់​ពេលបច្ចុប្បន្ន​នេះ ប្រសិនបើ ខ្មែរក្រោម លើក​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​តំណាង​ឲ្យ​ខ្មែរក្រោម តាំងពី​ឆ្នាំ ១៩៩៦ ចាប់តាំងពី​កកើត​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​ដើមដំបូង​មកដល់​ឥឡូវនេះ ប្រហែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យើង គ្មាន​ឃើញ​ពន្លឺ​អន្តរជាតិ ទទួលស្គាល់​ទេ ពីព្រោះ​រឿងនេះ​ជា​រឿង​ស្រុក​ខ្មែរ​” ។
​ដោយសារតែ​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គូស​ផ្លូវ​ន​យា​បាយ​បាន​ត្រឹមត្រូវ មាន​ផែនការ​ច្បាស់លាស់ និង​ធ្វើ ការ​ជា​ក្រុម​តាម​ឋានានុក្រម (​មិនមែនជា​លក្ខណៈ​អង្គការ​មួយ​មានតែ​អញ​ម្នាក់ឯង​) នោះ បានធ្វើ​ឲ្យ​សហព័ន្ធ​ខ្មែរ កម្ពុ​ក្រោម​ធ្វើការ​បានទទួល​ផ្លែផ្កា​នៅក្នុង​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​ដូច​ការរំពឹង​ទុក​មែន ។​
​តាម​ការបញ្ជាក់​ពី​លោក ប្រាក់ សេរី​វុ​ឌ្ឍ ផ្លែផ្កា​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​បានជា​បន្តបន្ទាប់​នោះ មាន ដូចជា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជា​សមាជិក​សហព័ន្ធ​ទូកប្រណាំង​អន្តរជាតិ (IDBF), សមាជិក​អង្គការ ប្រជាជាតិ​គ្មាន​តំណាង (UNPO), សមាជិក​គណបក្ស​ចម្រុះ​ជាតិ​សាសន៍ (Transnational Radical Party) ដែលជា​គណបក្ស​មួយ​មាន​ឥទ្ធិពល​នៅក្នុង​សភា​អឺរ៉ុប​, សមាជិក​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី បញ្ហា​ជនជាតិដើម (UNPFII) ដែល​បានធ្វើ​ឲ្យ​វត្តមាន​របស់​ខ្មែរក្រោម​បាន​លេចមុខ​នៅក្នុង​អង្គការសហប្រជាជាតិ មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ។ ការ​បាន​ចូល​ជា​សមាជិក UNPFII នេះ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​បាន​ចូល​ថ្លែងការណ៍​ស្ដីពី​បញ្ហា​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ជូន​អង្គការសហប្រជាជាតិ នា​បុរី New York រៀងរាល់ឆ្នាំ នៅក្នុង​ខែឧសភា ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​រដ្ឋាភិបាល​វៀ​ត​ណា​ម​ឲ្យ​គោរព​សិទ្ធិ​ខ្មែរ ក្រោម​ម្ចាស់​ស្រុក ។​
“​ក្រោយមក ពួកយើង ត្រូវបាន​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង New York អនុ​ញ្ញ​ត​ឲ្យ​យើង​ចូលប្រជុំ​នៅក្នុង​អង្គ ការ​សហប្រជាជាតិ នៅ​ឆ្នាំ ២០០៤ ដែល​រហូតមកដល់​ឥឡូវនេះ​បាន ១០ ឆ្នាំ ហើយ ។ ប្រជុំ​រាល់​ឆ្នាំ ។ លោក Kofi Annan ជា​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ មុននឹង​គាត់​ផុត​តំណែង​បាន​ជួយ​ឲ្យ​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ធ្វើ​មហាសន្និបាត​មួយ​អនុញ្ញាត​ឲ្យ​ជនជាតិដើម​បាន​ទៅ​ប្រជុំ​ជា​ផ្លូវការ​ក្នុង​មួយឆ្នាំ​បាន​ម្ដង នៅ​រវាង​ពាក់ កណ្ដាល​ខែឧសភា​” ។​
​ទាក់ទង​នឹង​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​នឹងត្រូវ​ធ្វើជា​ប្រចាំ និង​ធ្វើជា​តំណ​មនុស្ស​នោះ ថ្មីៗ​នេះ គណៈកម្មការ​ទីប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ លោក តោ គិ​ម ថុង និង លោក សឺ​ង សម្រេច បានចេញ​សារ លិខិត​មួយ​បញ្ជាក់​អំពី​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ការដែល​ត្រឹមតែ​ត្អូញត្អែរ​ពី​វាសនា​កំសត់​របស់ ខ្មែរ​ការសោកស្តាយ​មរ​ត​កកេរ​ដូនតា ការសម្ដែង​ទុក្ខ សោកស្រណោះ អាឡោះអាល័យ​ចំពោះ​អតីតកាល​ដ៏​រុងរឿង នៃ​មហានគរ​ក៏​មិនអាច​ដោះស្រាយ​បញ្ហា​បានដែរ ។
​សារលិខិត​នេះ​បញ្ជាក់ថា​៖
“​ដោយ​សង្ខេប ការងារ​ចំពោះមុខ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ប្រឈម​គឺ​៖
​ទីមួយ​៖ សហព័ន្ធ​ខ្មែរ​ក​ម្អុ​ជា​ក្រោម​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំ​ហ៊រ​ដូចតទៅ
  • ​ក​) ជៀសវាង​ការបែកបាក់​កម្លាំង​សាមគ្គី​ជាតិ ដោយ​គោរព​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ពហុ​ទស្សនៈ ហើយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អង្គការ នយោបាយ​ខែ្មរ​ក្រោម​ផ្សេងៗ ក្រៅពី​សហព័ន្ធ ។​
  • ​ខ​) មិន​ចូលរួម ឬ បំរើ​គណបក្សនយោបាយ​ណាមួយ​នៅ​កម្ពុជា​ឡើយ ។ ប៉ុន្តែ​សហព័ន្ធ​នឹង​ធ្វើការ​ទំនាក់ ទំនង​ជាមួយ​រដ្ឋាភិបាល និង​សហគមន៍​ខ្មែរ​ទូទៅ ក្នុង​វិស័យ​លើក​តំកើង​សាសនា វប្បធម៌ អក្សរសាស្ត្រ ភាសា សាស្ត្រ និង​សិក្សាអប់រំ ដោយ​ប្រកាន់​ថា យើង​មានអំបូរ​ជាមួយគ្នា ។​
​ទី​ពីរ​៖ ដើម្បី​បន្ត​ផ្តល់​សេចក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម សហព័ន្ធ​មិនអាច​ព្រងើយកន្តើយ ដោយមាន​ឮ​មោទនភាព​ហួសហេតុ ចំពោះ​អ្វីៗ​ដែល​យើង​ធ្វើបាន​នោះឡើយ ។ ផ្ទុយទៅវិញ យើង​ត្រូវ យកចិត្ត​ទុក ដាក់​លើ​ការងារ​អ្វីដែល​យើង​ធ្វើ​មិនទាន់បាន និង​ខិតខំ​រក​វិធី​ដោះស្រាយ​ឱ្យទាន់​ពេលវេលា ។ យើង​រាល់គ្នា​ក្នុង គ្រួសារ​សហព័ន្ធ​ប្រាកដ​ជាមាន​មាន​ឆន្ទៈ និង​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​ដោះស្រាយ​បញ្ហា និង ឧបសគ្គ​នានា ដែលមាន​ចំពោះមុខ ។ ការងារ​នេះ ទាមទារ​ការរក្សា​ទំនាក់ទំនង​ឱ្យបាន​ជិតស្និទ្ធ និង​ស្មារតី​ការងារ​ជា​ក្រុម គឺ TEAM WORK” ៕

Saturday, November 8, 2014

បំណុលឈាមប្រវត្តិសាស្រ្តជាតិ

បំណុលឈាមប្រវត្តិសាស្រ្តជាតិ
---------------------------------------
 ១. ប៉ាកកា ខ្ញុំចាររឿងប្រវត្តិសាស្រ្ត        
   បំណុលឈាមចាស់ដែលយួនជំពាក់
      ខ្មែរគ្រប់ជំនាន់ត្រូវដឹងអោយជាក់  
      អោយច្បាស់ជ្រៅរាក់ ខ្មែរទំាងប្រុសស្រី ។
 ២. ខ្ញុំសូមរំលឹក រឿងយួនសម្លាប់        
    ដូនតាខ្មែរចាប់កប់ក្បាលជាបី
      ផ្គុំជាចង្រ្កានដំាតែផ្ទាល់ដី                
  ឯយុវតី រំលោភសម្លាប់ ។
 ៣. យុវជន ខ្មែរយួនកែងកម្លំាង          
    ធ្វើទុក្ខជាខ្លំាងតាមព័ទ្ធចាក់កាប់
      ទំាងពុទ្ធសាសនា មរតកក្បួនច្បាប់    
   ព្រះសង្ឃវាកាប់ចាក់គ្មានប្រណី ។
 ៤. ជាច្រើនសតវត្សរ៍ដែលខ្មែររងគ្រោះ  
    ជាតិវិះបាត់ឈ្មោះ ដោយយួនស្រកី
      វាផ្តន្ទាយើងទំាងរាស្រ្តមន្រ្តី              
  មិនអោយសុខអី វាតាមហុតឈាម ។
 ៥. ខ្មែរអើយក្រោកឡើងរួបរួមសាមគ្គី  
     ខ្មែរគ្រប់ទិសទី ទាបំណុលឈាម
     ទំាងការ ទំាងចុង អោយយួនសងភ្លាម  
 បំណុលទំនៀមបៀមគំនុំជាតិ ។
 ៦. មុនអោយវាសង ខ្មែរឯកភាពជាតិ        
សាមគ្គីគ្នាទៀត កុំបីវិវាទ
      លើ ក្រោម កណ្តាល ឥស្លាមរួមជាតិ    
ត្រូវឯកភាពជាតិ ទាបំណុលឈាម ។

Friday, November 7, 2014

សម្រស់កូលាប ភូមិន្ទវិចិត្រសិល្បៈ

 សម្រស់កូលាប ភូមិន្ទវិចិត្រសិល្បៈ
.........................................................
  ១.  តូចអើយតូចតន់ស្រស់អ្វីម្លេះទេ              
ចង្កេះមាសមេរាងតូចចំណាប់
       ទ្រូងពើងក្រពុំត្រគាកណែនហាប់            
  ឃើញភ្លាមរៀមចាប់ចិត្តស្រលាញ់ស្រី ។
  ២. សក់វែងអន្លាយសាយដល់មាត់អូរ          
   គន់យូលួចថ្ងូរចង់ឆាប់ចូលស្តី
       ទុកយូមិនបាន ខ្លាចនាងមានប្តី              
 ព្រោះអីពិសី ស្រស់ដូចកូនក្លឹង ។
  ៣. គន់ហើយគន់ទៀតឆ្លៀតលួចញញឹម        
  វង្សភ័ក្រប៉ប្រិម ស្រស់ស្អាតម្លឹងៗ
       សម្លេងទន់ស្រួយ ភ្នែករិតបន្តឹង              
  រៀមលួចសម្លឹង ដោយចិត្តស្នេហា ។
  ៤.  ក្បែរកំផែងវំាង រៀមក្រលេកចំ            
      ដំណើរស្រីសមជាកុលធីតា
       លួចសួរមិត្តភក្តិ ប្រាប់ថាកញ្ញា            
    ក្រពុំដូចផ្កា នៅបរិសុទ្ធ  ។
      ក្បែរកំផែងវំាងៈ  
ដោយៈ ផេង សុខវ៉ាន់ដា

ខ្មែរឯកភាពជាតិ ការពារមាតុភូមិ (រក្សាសិទ្ធ)

ខ្មែរឯកភាពជាតិ ការពារមាតុភូមិ (រក្សាសិទ្ធ)
............................................................
I. ខ្មែរអើយក្រោកឡើងទូទំាងរដ្ឋា
រួបរួមខេមរា ទំាងប្រុសទំាងស្រី
ជុំវិញក្សត្រា អង្គព្រះនរបតី
បញ្ញវន្តកវី រួមគ្នាសាងជាតិ ។
II. ខ្មែរអើយក្រោកឡើងការពារទឹកដី
សៀមយួនស្រកី កំពុងបៀនបៀត
ព្រំដែនខិតចូល ច្រើនគីឡូទៀត
កណ្តាលទ្រូងជាតិ យួនពេញដីហើយ ។
III. ខ្មែរអើយក្រោកឡើង លះប្រយោជន៍ខ្លួន
បញ្ឈប់គុំគួន មើលរោគអោយស្បើយ
ត្រូវតែក្រោកឡើង កុំនៅកន្តើយ
ឯកភាពជាតិហើយខ្មែរពិតនឹងខ្លំាង ។
IV. ខ្មែរអើយក្រោកឡើង គិតរឿងសង្គម
បញ្ហាខ្មែរធំ គឺសត្រូវខ្មំាង
សត្រូវខាងក្រៅ ខ្មែរក្រោកតតំាង
សាមគ្គីកម្លំាង ដេញសត្រូវក្នុង ។
V. ខ្មែរអើយក្រោកឡើង គ្រប់និន្នាការ
លើ ក្រោម កណ្តាល ខ្មែរឥស្លាមជួយ
រួបរួមសាមគ្គី ជ្រោងទង់លើកស្ទួយ
យើងខ្មែរតែមួយ ត្រូវឯកភាពជាតិ ។
..................................................................
ស្វាយជួរ ព្រែកចិនៈ ១៤ តុលា ២០១៤
និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី

នយោបាយបាយដឹកនំាឯករាជ្យ នគររុងរឿង

នយោបាយបាយដឹកនំាឯករាជ្យ នគររុងរឿង
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
I. ធ្វើនយោបាយ និង ចំណេះដឹង 
យុទ្ធសាស្រ្តរ៉ឹងប៉ឹងមំាមួនថែមទៀត
សេដ្ឋកិច្ចរឹងមំាហើយមានឯករាជ្យ 
រៀបផ្នត់មាយាទមានក្រមសីលធម៌ ។
II. សំដីសំដៅសច្ចៈទន់ភ្លន់ 
មានអំណាចគុណធម៌ដ៏បវរ
នៅជាប់និងខ្លួនដុសខាត់បន្ត 
សៀវភៅអានល្អ ស្រាវជ្រាវជានិច្ច ។
III. គ្រឹះនយោបាយ គឺសាមគ្គីជាតិ
ឯកភាពគ្នាទៀតស្មោះស្ម័គ្រទុកចិត្ត
ធម្មាធិបតេយ្យនិងភាពសុចរិច
កសាងសមទ្ធិផលជូនមាតុភូមិ ។
IV. នយោបាយចងមិត្ត សន្តិភាព
ពត៌មានពិតជ្រាបជម្រាបពលរដ្ឋ
ធនធានមនុស្សថ្លៃលើសកំណត់
ចេះប្រើម៉ត់ចត់ កើនប្រយោជន៍ជាតិ ។
V. ធនធានមនុស្ស សេដ្ឋកិច្ច យោធា
ថាមពលមាគ៌ា អំណាចខ្លំាងក្លា
នេះជាកម្លំាងនគរដ៏អស្ចារ្យ
ទៅថ្ងៃអនាគត ខ្មែរខ្លំាងព្រោះនយោបាយត្រូវ)។
--------------------------------------------------
ស្វាយជួរ ព្រែកចិនៈ ១៥ តុលា ១០១៤
និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី

សម្លេងភ្លេងការក្នុងក្តីសុបិន

សម្លេងភ្លេងការក្នុងក្តីសុបិន
.....................................................
I. ឱ!សម្លេងភ្លេងការអើយខ្ញុំស្រម៉ៃ
ថាបានស្រីថ្លៃមកសំពះផ្ទឹម
នៅមុខមេបា ទំាងភ័ក្រញញឹម
ប្រែអស់សង្ឃឹម ឃ្លាតក្តីស្រម៉ៃ ។
II. កាលពីនៅរៀន ស្រីស្បថសច្ចា
ថាស្មោះរៀមរ៉ា ណ៎ាប្រុសថ្លើមថ្លៃ
នៅក្នុងថ្នាក់រៀនបណ្តុះនិស្ស័យ
ឥលូវចរណៃនាងប្រែចិន្តា ។
III. ស្នេហ៍ស្រីថាស្មោះទុកនៅឯណា
ស្រីក្បត់ស្នេហា ស្រវ៉ាដុល្លា
រត់តាមប្រុសថ្មី ដោះដៃរៀមរ៉ា
ឃើញគេសង្ហារ មានឡានទំនើប ។
IV. បងជាប្រុសអ្នកក្រត្រ ដ រស់
គ្មានទ្រនំខ្ពស់ ផ្គាប់ចិត្តស្រីឡើយ
មានត្រឹមតែចិត្តស្មោះនិងត្រើនត្រើយ
បានស្រីតោះតើយ ព្រងើយនិងបង ។
ស្វាយជួរ ព្រែកចិន, ១២ តុលា ២០១៤
.......................................................................
ដោយៈ ផេង វិសុដ្ឋារ៉ាមុនី

ជាតិ សាសនា ប្រជាជាតិខ្មែរ រាជបល្ល័ង្ក

ជាតិ សាសនា ប្រជាជាតិខ្មែរ រាជបល្ល័ង្ក
...............................................................
I. ជាតិ ខ្មែរយើងធ្លាប់ល្បីក្នុងលោកា 
ព្រោះដោយខេមរារួបរួមសាមគ្គី
ជាតិ យើងវិះបាត់ ថមថយឬទ្ធី 
ព្រោះបែកសាមគ្គី ខ្វះឯកភាពជាតិ ។
II. សាសនា ខ្មែរយើងគឺពុទ្ធសាសនា
ទំនៀមដូនតា ពូជខេមរៈញាតិ
គោរពបូជាចិត្តជ្រះថ្លាទៀត
អក្សរសាស្រ្តជាតិរស់ ព្រោះសាសនា ។
III. សាសនា ជាគ្រឹះអក្សរសាស្រ្តខ្មែរ
គ្រឹះវប្បធម៌ដែល គ្រឹះអហិង្សា
សាសនាធ្លាក់ខ្សោយ បាត់ភាពម្ចាស់ការ
មិនយូឡើយណា រលត់វប្បធម៌ ។
IV. ប្រជាជាតិខ្មែរ ត្រូវសាមគ្គីគ្នា
ខ្មែរគ្រប់និន្នាការ ស្ទួយសីលធម៌
ការពារតម្លៃសាសនា ជាតិរស់បន្ត
រស់ដោយមានធម៌ ព្រោះខ្មែរសាមគ្គា ។
V. រាជបល្ល័ង្កជាតិ គ្រឹះឯកភាពខ្មែរ
យើងត្រូវរួមថែរក្សា គ្រប់គ្នា
ព្រំអធិបតេយ្យជាតិ កម្ពុជា
គឺព្រះរាជា ជាម្ចាស់ផែនដី ។
VI. ជាតិ សាសនា និង ប្រជាជាតិខ្មែរ
រាជបល្ល័ង្កដែល ក្សត្រាក្សត្រី
ខ្មែរគ្រប់ជំនាន់ក្មេងចាស់ប្រុសស្រី
ការពារទឹកដី គ្រឹះខ្មែរទំាងបួន ។
ស្វាយជួរ ព្រែកចិន, ១១ តុលា ២០១៤
ដោយៈ ផេង វិសុដ្ឋារ៉ាមុនី

គោលការណ៍មេដឹកនំាជាតិកម្ពុជា

គោលការណ៍មេដឹកនំាជាតិកម្ពុជា
................................
* មេដឹកនំាខ្មែរ មានធម៌ទសពិធ 
សច្ចៈធម៌ពិតប្រកាន់ខ្ជាប់ខ្ជួន 
អំណាចគុណធម៌មានជាប់ក្នុងខ្លួន 
ព្រហ្មវិហារបួន ជាមាគ៌ាផ្លូវ ។
* មេដឹកនំាខ្មែរ មានសុខភាពល្អ
ទឹកចិត្តស្មោះស នយោបាយត្រូវ
ប្រវត្តិបរិសុទ្ធ មិនអាស្រូវ
ព្រះធម៌ជាផ្លូវ ដឹកនំាស្រុកទេស ។
* មេដឹកនំាខ្មែរ ត្រូវជាគំរូ
អង់អាចតស៊ូ ក្លាហានមិនធ្វេស
ត្រូវលើកតម្កើងតម្លៃអ្នកចេះ
ក្បួនច្បាប់ចំណេះ ត្រូវឧស្សាហ៍អាន ។
* នយោបាយដឹកនំាមានឯករាជ្យ
គំនិតមានម្សៀត ស្អាតស្អំលំអាន
យុទ្ធសាស្រ្តបង្រួបបង្រួមជាតិបា
នោះស្រុកសាន្តត្រាន្ត ប្រទេសរុងរឿង ។
* មេដឹកនំាខ្មែរ ជាអ្នកដើរតួ
សម្របសម្រួល ផ្សះផ្សាជម្លោះ
ស្មារតីរឹងមំា មិននំាអាថ៌ឈ្លោះ
ឆន្ទះមុតមោះ ស្នេហាជាតិពិត ។
* សាសនា វប្បធម៌ សេដ្ឋកិច្ច អប់រំ
មេដឹកនំាជ្រោមជ្រែង លើកតម្កើង
ជាវិស័យគ្រឹះ គន្លឹះជាតិថ្កើង
នំាស្រុកឆ្ពោះឡើង សម្បូរសប្បាយ ។
--------------------------------------------------
ស្វាយជួរ, ១០ តុលា ២០១៤ និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី

សូមជូនបទកំណាព្យៈ ជាតិខ្មែរយើងពិតជានឹងរស់

សូមជូនបទកំណាព្យៈ ជាតិខ្មែរយើងពិតជានឹងរស់
----------------------------------------------------------
* ជាតិយើងនឹងរស់ព្រោះខ្មែរសាមគ្គី 
ខ្មែរគ្រប់ទិសទី ក្រោកភ្ញាក់រលឹក
មិនដេកចំាបុណ្យព្រះបាទធម្មិក 
ខ្មែរភ្ញាក់រលឹក សាមគ្គីជួយគ្នា ។
* ជាតិយើងនឹងរស់ ផុតជ្រោះអវចី 
សៀមយួនស្រកី លែងហ៊ានពានពារ
នោះដោយកម្លំាងខ្មែរសាមគ្គីគ្នា 
ក្រោមម្លប់រាជា តេជៈមានឬទ្ធិ ។
* ជាតិយើងនឹងរស់ ឈ្មោះខ្មែរល្បាញល្បី
រុងរឿងបុរី កម្ពុជៈពិត
បញ្ញវន្ត កវី ប្រាជ្ញរាជបណ្ឌិត
រួមគ្នាយោងយិតកិត្តិនាមជាតិខ្មែរ ។
* ជាតិយើងនឹងរស់ ព្រោះមេដឹកនំា
នយោបាយមំាទំាឯករាជ្យដែរ
សង្គម សេដ្ឋកិច្ច វប្បធម៌ លើខ្មែរ
យោធាពូកែ ខ្មែរនឹងរុងរឿង ។
* ជាតិខ្មែរនឹងរស់ ពូជសាសន៏ខ្មែរគង់
ខ្មែររួមជ្រោងទង់ ព្រលឹងជាតិខ្មែរ
ខ្មែរគ្រប់ជំនាន់ប្តេជ្ញាផងដែរ
ចិត្តមិនប្រួលប្រែ ស្នេហ៍ជាតិ សាសនា ។
* ខ្មែរលើ ខ្មែរក្រោម រួមខ្មែរកណ្តាល
ពូជសាសន៍ខេមរា ពីបុរាណកាល
រួមខ្មែរឥស្លាម សាមគ្គីខ្លំាងក្លា
ជុំវិញក្សត្រា ដើម្បីជាតិយើង ។
............................................................
ស្វាយជួរ, ០៩ តុលា ២០១៤
និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks