Sunday, August 24, 2014

បញ្ហាសីលធម៌

បញ្ហាសីលធម៌

បញ្ជីអត្ថបទ
១. សេចក្ដីផ្ដើមៈ
២. បុព្វហេតុដែលនាំអោយកើតមានសីលធម៌
២.១ កត្តាសង្គម
២.២ កត្តាសាសនា
២.៣ កត្តាសម្ភារៈ
២.៤ កត្តាទំនៀមទម្លាប់ ប្រពៃណី
៣.មូហេតុដែលធ្វើអោយសីលធម៌ធ្លាក់ចុះ
៣.១ កត្តាមនោសញ្ចេតនាបាក់ផ្នត់ៈ
៣.២ ការបាត់បង់ជំនឿលើខ្លួនឯងៈ
៣.៣ កត្តាសង្រ្គាមអូសបន្លាយៈ
៣.៤ កត្តាមហិច្ឆតាៈ
៣.៥ កត្តាទ្រព្យសម្បត្តិ
៣.៦ កត្តាហូរចូលនៃវប្បធម៌បរទេសៈ
៣.៧ កត្ដាច្បាប់
៣.៨ កត្តាគ្រឿងញៀនៈ
៣.៩ កត្តាអប់រំធ្លាក់ចុះ
៤. ផលវិបាកដែលបណ្ដាលពីការធ្លាក់ចុះនៃសីលធម៌
៤.១ ការបាត់បង់នូវសេចក្ដីសុខខាងផ្លូវចិត្ត
៤.២ បាត់បង់គុណតម្លៃជាមនុស្ស
៤.៣ បែកបាក់សាមគ្គី
៤.៤ អសន្តិសុខសង្គម
៤.៥ សង្រ្គាម
៥. ដំណោះស្រាយខ្លះក្នុងការលើកកម្ពស់សីលធម៌
៥.១ ផ្ដើមពីបុគ្គលខ្លួនឯង
៥.២ ការស្គាល់ពីគុណតម្លៃខ្លួនឯងនឹងអ្នកដទៃ
៥.៣ លើកទឹកចិត្តសកម្មភាពសីលធម៌
៥.៤ បង្កើនការអប់រំផ្នែកសីលធម៌
៥.៥ ការបណ្ដុះគំនិតជាតិនិយម
៥.៦ សន្តិភាពក្នុងចិត្ត
៥.៧ រិតបន្តឹងច្បាប់
៦.សេចក្ដីសន្និដ្ឋាន
ឯកសារយោង

១. សេចក្ដីផ្ដើមៈ
តើសីលធម៌ជាអ្វី? តើសីលធម៌កើតចេញបុព្វហេតុអ្វីខ្លះ? ហេតុអ្វីបានជាគេត្រូវការសីលធម៌? ចុះហេតុអ្វីបានជាសីលធម៌មានការធ្លាក់ចុះ? តើយើងត្រូវស្រោចស្រង់សីលធម៌ឡើងវិញដោយរបៀបណា?
កាលណានិយាយាពីសីលធម៌ យើងដឹងហើយថាសីលធម៌គឺជាធម៌របស់សត្វលោក ឬ ជាកិរិយាមាយាទ សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឲ្យជៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អជានិច្ច។ សីលធម៌អាចស្ដែង ចេញតាមរយៈ សុភាវៈធម៌ គឺការដើរ, ដេក, ឈរ, អង្គុយសមរម្យសុភាពរៀបសារត្រឹមត្រូវ សុជីវធម៌គឺការ រស់នៅល្អ ចំពោះសណ្ដាប់ធ្នាប់ ការដឹងប្រមាណក្នុងកិច្ចការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
គ្មានបុគ្គលណាអាចរស់នៅតែឯកឯងបានឡើយ គឺគេត្រូវរស់នៅជាក្រុមជាសង្គម ហើយដើម្បីរស់ នៅក្នុងសង្គមបានលុះតា្រសមាជិកម្នាក់ៗគោរពច្បាប់វិន័យ សិទ្ធិគ្នា និងមានសីលធម៌ចំពោះគ្នាទៅវិញទៅមក។ ព្រះពុទ្ធសាសនាបានអោយតម្លៃទៅលើសីលធម៌យ៉ាងខ្លាំង ទ្រង់បានសម្ដែងថារវាងសីលធម៌និងបញ្ញា គឺសីលធម៌ ប្រសើរជាងមិនខុសអ្វីដែលបុគ្គលម្នាក់មានបញ្ញាក្នុងការប្រើប្រាស់ដាវឬអាវុធ តែបើគ្មានសីលធម៌គ្រប់ដណ្ដប់ទេ គេអាចនឹងយកដាវឬអាវុធទៅកាប់សម្លាប់មនុស្សដោយគ្មាធម៌មេត្តា។
ម៉្យាងវិញទៀតយើងឃើញថានៅក្នុងតម្រូវការ ម៉ាស្លូ ក្រៅអំពីចំណីអាហារ ជម្រក ការស្រលាញ់ មនុស្សត្រូវការការអោយតម្លៃនិងការគោរពដែលយើងហៅថាសីលធម៌ក្នុងការអោយតម្លៃគ្នាទៅវិញទៅមក។
ទន្ទឹមគ្នានេះដែរយើងបានឃើញថាសីលធម៌ពេលខ្លះមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងក៏ត្រូវការ មធ្យោបាយផ្សេងៗដើម្បីស្ដារសីលធម៌អោយងើបឡើងវិញ តែមុននឹងបង្ហាញឬស្វែងរកមធ្យោបាយទាំងនេះ យើងត្រូវយល់ដឹងផងដែរអំពីបុព្វហេតុដែលនាំអោយមានសីលធម៌កើតឡើង និងបុព្វហេតុដែលធ្វើអោយសីល ធម៌ធ្លាក់ចុះ។

២. បុព្វហេតុដែលនាំអោយកើតមានសីលធម៌
២.១ កត្តាសង្គម
ដោយសារមនុស្សមិនអាចរស់នៅដាច់តែឯងបាន គេក៏ត្រូវ ការសង្គម មួយ ដ៏រឹង មាំនិង សុខ សន្តិភាព ដើម្បីបានសង្គមបែបនេះ គេត្រូវធ្វើសម្បទានអំណាច និង សិទ្ធិខ្លះ ទៅអោយ គ្នាទៅវីញទៅមក ពេលនោះហើយ សីលធម៌ក៏កើតមានឡើង។ ពេល សង្គម ចេះ តែប្រែ ប្រួ ល ពួកគេក៏ចែងច្បាប់ឡើង ដើម្បីបំរើផលប្រយោជន៍ដល់ សង្គមរបស់ខ្លួន ពេលនោះដែរសីលធម៌ក៏លេចចេញឡើងតាមរយៈច្បាប់សង្គម គឺការចង់រួមរស់នៅជាមួយគ្នា ដែលទស្សនវិទូ ហ្សង់ ហ្សាក់រ៉ូសូ ហៅថា កិច្ចសន្យាសង្គម ។ ឧទាហរណ៍ សេរីភាពក្នុងកានិយាយស្ដី សិទ្ធិ និង ការចូលផ្ទះអ្នកដទៃ ត្រូវគោរពសិទ្ធិម្ចាស់ផ្ទះនិង ត្រូវដោះមួក ដោះស្បែកជើងចេញជាដើម ដូចសុភាសិតបាន ពោលថា នៅម្នាក់ឯងត្រូវប្រយ័ត្នគំនិត នៅជាមួយគ្រួសារត្រូវប្រយ័ត្នទឹកមុខ នៅក្នុងសង្គមត្រូវប្រយ័ត្នសំដី ឬ សីលធម៌កើតចេញពីការក្រែងចិត្តអ្នកដទៃជាដើម។
២.២ កត្តាសាសនា
ត្រឹមតែសង្គមមួយមិនគ្រប់គ្រាន់ដើម្បីក្នុងការកំណត់សីលធម៌របស់មនុស្សទេ ដោយសារតែពួកគេ ម្នាក់ៗពុំមានចិត្តដូចគ្នាទេ ដូច្នេះហើយដែលធ្វើអោយពួកគេមានភាពប្រទាំងប្រទិសគ្នាខ្លះនិងខ្វះនូវភាពសេចក្ដីសុខផ្លូវចិត្ត។ស្របពេលនោះហើយសាសនាក៏កើតមានឡើងជាមួយគ្នានិងគំនិតចង់បានសេចក្ដីសុខទាំងផ្លូវកាយនិង ផ្លូវចិត្តគឺសីលធម៌ដែលកើតឡើងដោយសុទ្ធចិត្តគ្មានការបង្ខិតបង្ខំ ដូចជាចូលវត្ដត្រូវដោះមួករក្សាភាពស្ងៀមស្ងាត់ ស្លៀកពាក់អោយបានសមរម្យជាដើម។ នៅពេលដែលបុគ្គលគ្រប់រូបនាំគ្នាគោរព ប្រតិបត្តិទៅតាមទំនោរ ឬពាក្យទូន្មាន ពាក្យប្រៀនប្រដៅដ៏មានតម្លៃដែលយើងហៅថាសាសនានោះ ពេលនោះហើយដែលយើងអាចសម្គាល់ថាមានសីលធម៌កើតឡើង។
២.៣ កត្តាសម្ភារៈ
នៅពេលដែលមនុស្សមានសំម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ភាពលោភលន់និងមហិច្ឆតារបស់ពួកគេក៏ត្រូវបាន កាត់បន្ថយ ដោយសារតែជីវភាព សេដ្ឋកិច្ចមានកំរិតកាត់តែប្រសើរ។សម្ភារៈទំនើបៗបានធ្វើឲ្យពួកគេស្រលាញ់ សម្ភារៈរបស់ខ្លួន និងចង់ថែរក្សាវា ហើយកម្មសិទ្ធិទៀតសោតក៏បានធ្វើអោយពួកគេយល់ថា បើខ្លួនគេចង់បាន សម្ភារៈ ឬ របស់របរប្រើប្រាស់ ហើយស្រលាញ់វានោះៗអ្នកដទៃគេក៏ស្រលាញ់សំម្ភារៈឬរបស់របរខ្លួនដូចគ្នានេះដែរ ។ ប្រការនេះក៏បានធ្វើអោយពួកគេចេះក្រែងរអែងចិត្តគ្នា និងចេះគោរពសិទ្ធគ្នាទោវិញទៅមកផងដែរ នៅពេលនោះហើយដែលសីលធម៌លេចរូបរាងឡើងដោយសារតែសម្ភារៈប្រើប្រាស់។
២.៤ កត្តាទំនៀមទម្លាប់ ប្រពៃណី
គ្នានសង្គមណាមួយដែលគ្នានទំនៀមទម្លាប់នោះទេ ហើយទំនៀមទម្លាប់ប្រពៃណីទាំងនេះក៏បានជះឥទ្ធិ ទៅលើសមាជិកនៃសង្គមតាមរយៈទំនាក់ទំនងប្រចាំថ្ងៃ ហើយដើម្បីធ្វើទំនាក់ទំនងជាមួយគ្នាអោយកាន់តែល្អ ប្រសើរលក្កិកណាគេចេះគោរពគ្នាទៅវិញទៅមក។ សម្រាប់ការទំនាក់ទំនងពីសង្គមមួយទៅសង្គមមួយវិញគេ ក៏ត្រូវស្គាល់អំពីវប្បធ៌ ឬ អរិយធម៌របស់សង្គមនីមួយផងដែរ។ ដូចនេះទំនៀមទម្លាប់បង្កើតសីលធម៌ឡើង តាម រយៈសុភាសិតមួយបានពោលថា ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។ មានន័យថាគេត្រូវបត់បែនតាម
កាលៈទេសៈអាស្រ័យតាមការនិយមពេញចិត្តរបស់សង្គមទាំងមូល។

៣.មូហេតុដែលធ្វើអោយសីលធម៌ធ្លាក់ចុះ
ព្រះសម្មាសម្ពុទ្ធបានសំដែងថា អនិច្ចំ ទុក្ខំ អនត្តា។ អនិច្ចំ មានន័យថាមិនទៀងទាត់ អ្វីតែងប្រែប្រួល ហើយអ្វីៗដែលកើតឡើងហើយរមែងរលត់ផុតទៅវិញជាធម្មតា។ ទុក្ខំ ប្រែថាអ្វីដែលកើតឡើងមកហើយនោះ រមែងមានទុក្ខជាប់មកជាមួយជានិច្ច។ អនត្តា ប្រែថាមិនមែនជារបស់ខ្លួន គ្មាននរណាម្នាក់អាចគ្រប់គ្រងឬបញ្ជារ ទៅអ្វីមួយបានជារៀងរហូតនោះទេ។ រីឯសីលវិញក៏យ៉ាងនោះដែររមែងប្រែប្រួជានិច្ច តែគ្មាននរណាម្នាក់ដែល មិនត្រូវការសីលធម៌នោះទេ តែគ្រាន់តែពេលខ្លះគេមិនអាចបង្កើតឬគ្រប់គ្រប់វាអោយនៅស្ថិតស្ថេរជានិរន្តបាន តែប៉ុណ្ណោះ។ យើងមានកត្តាជាច្រើនដែលធ្វើអោយសីលធម៌ធ្លាក់ចុះ ។

៣.១ កត្តាមនោសញ្ចេតនាបាក់ផ្នត់ៈ
សកម្មភាពនេះភាគច្រើនកើតឡើងរវាងឪពុកម្ដាយ និងកូន។ ដោយ សារតែការស្រលាញ់កូនតូចៗរបស់ខ្លួន ឪពុកម្ដាយភាគច្រើនបង្រៀនកូនអោយចេះជេរ ឬវាយក្បាលខ្លួន ហើយខ្លួន បែរជាសើចសប្បាយជាការលេងសើចទៅវិញទាំងនេះហើយដែលធ្វើអោយកូនៗរឹតតែហ៊ានឡើងៗ ហើយ សីលធម៌ក៏ធ្លាក់ចុះ។
៣.២ ការបាត់បង់ជំនឿលើខ្លួនឯងៈ
ការបរាជ័យលើកិច្ចការងារ និងគោលបំណងរបស់ខ្លួនញឹកញាប់ គួបផ្សំនឹងការមិនអាចគ្រប់គ្រងចិត្តខ្លួនឯងលែងបាន ធ្វើអោយគេបាត់បង់ក្ដីសង្ឃឹមក្នុងជីវិត គិតថាសង្គមអយុត្តិធម៌ ហើយគេមើលឃើញតែភាពខ្មៅងងិតសម្រាប់ជីវិត។ ពេលខ្លះគេលែងចង់រស់ ពេលខ្លះគេលែងគិតពីអ្នកដែលនៅជុំវិញខ្លួគេ ក្រោយមកគេក៏សម្រេចចិត្តធ្វើសកម្មភាពផ្សេងៗដែលគេគិតថាគឺការទាមទារយុត្តិធម៌ពីសង្គមមកវិញ ហើយខ្លះទៀតក៏ធ្លាក់ខ្លួនជាចោរ ជាឃាតករ ឬជាមនុស្សព្រៃផ្សែ ពេលនោះហើយដែលធ្វើអោយសីលធម៌ធ្លាក់ចុះ។
៣.៣ កត្តាសង្រ្គាមអូសបន្លាយៈ
សង្រ្គាមញឹកញាប់នឹងអូសបន្លាយយូរពេកបានធ្វើអោយមនុស្ស ធ្លាក់ក្នុង ភាពក្រីក្រ ខ្វះជម្រកព្រាត់ប្រាស់បងប្អូន ប្រពន្ធប្ដី ឪពុកម្ដាយ លែងជឿទុកចិត្តគ្នាឯង ខ្វះការអប់រំ ខ្វះអាហារ ពេលនោះហើយធ្វើដែលអោយមនុស្សលែងត្រូវការសេរីភាព លែងខ្វល់ខ្វាយពីសីលធម៌ គេត្រូវការតែដុំបាយដើម្បីដាក់ក្នុងក្រពះដើម្បីតែរស់ ពេលនោះសីលធម៌ក៏ធ្នាក់ចុះ។ សេរីភាព ឬ សីលធម៌នឹងមិនស្ថិតនៅជាមួយអ្នកបានយូរទេ បើសិនក្រ ពះរបស់អ្នកកំពង់តែស្រេកឃ្លាននោះ។ វាមិនខុសពីសុភាសិតមួយបានពោលថា សុភមង្គលរបស់អ្នកនឹងផ្លោះ ចេញតាមបង្អួចនៅពេលដែលភាពក្រីក្របានមកដល់មាត់ទ្វាររបស់អ្នក។
៣.៤ កត្តាមហិច្ឆតាៈ
ការលោភលន់របស់មនុស្សគ្មានទីបញ្ចប់ ដូចដែលមហាត្មះ គន្ធី បានពោលថា ពិភពលោកបានបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្ស តែពិភពលោកមិនអាចបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់មហិច្ឆតា របស់មនុស្សបានទេ។ មហិច្ឆតាបង្កើតអោយមានអ្នកមាននឹងអ្នកក្រ អ្នកប្រើគេនិងអ្នកដែលត្រូវបានគេប្រើ ពេលនោះភាពអយុត្តិធម៌ក៏កើតមានគួបផ្សំនិងការចង់បានមិនមានដែនកំណត់របស់មនុស្សក៏បានធ្វើអោយ សីលធម៌ធ្លាក់ចុះ។ ដូចគ្នា នេះដែរលោក ថូម៉ាស់ ហប បានពោលថា “មនុស្សគឺជាឆ្កែចចក” គេមិនខ្លាចនឹងប្រព្រឹត្តអំពើផ្សេងៗដើម្បីបម្រើ អោយផលប្រយោជន៍ខ្លួនគេឡើយ។
៣.៥ កត្តាទ្រព្យសម្បត្តិ
នៅពេលដែលមនុស្សមានសម្ភារៈនិងទ្រព្យសម្បត្តិហូរហៀរពេកគេក៏លែងស្ដាយនិងខ្វល់ខ្វាយពីរបស់ បន្តិចបន្តួច។ គេគិតថាបើរបស់មួយខូចខាតទៅគេអាចទិញថ្មីទៀតបាន ហើយបើគេបានធ្វើអោយសម្ភារៈអ្នក ដទៃខូចខាតវិញគេនឹងអាចទិញសងវិញភ្លាម ពេលនេះហើយដែលមនុស្សបានគិតថា”មានប្រាក់គឺមានអ្វីៗទាំង អស់”។ មួយវិញទៀតដោយសារតែភាពក្រីក្រក៏បានធ្វើអោយមនុស្សលែងគិតពីសីលធម៌ផងដែរ។ ព្រោះមនុ ស្សសត្វទាំងពួងស្រលាញ់ជិវិតជាងអ្វីៗទាំងអស់គេប្រាកដជាហ៊ានធ្វើអំពើអសីលធម៌ដើម្បីរស់។
៣.៦ កត្តាហូរចូលនៃវប្បធម៌បរទេសៈ
ការប្រើប្រាស់សំភារៈទំនើបៗ បានធ្វើអោយមនុស្សកាន់តែមាននូវមហិច្ឆតា ការចម្លងនូវរបៀបរស់នៅតាមរបៀបបរទេសដែលខុសពីសង្គមជាតិរបស់ខ្លួនបានធ្វើអោយសីលធម៌របស់សង្គមជាតិខ្លួនបាត់បង់។ ឧទាហរណ៍ៈ ពីមុនខ្មែរតែងទទួលរាក់ទាក់គ្នាដោយទឹកតែ តែឥឡូវភាគច្រើនទទួលរាក់ទាក់គ្នាដោយសុរា ឬ គ្រឿងស្រវឹង ហើយការញ៉ាំសុរាឬគ្រឿងស្រវឹងនេះទៀតសោត ពេលខ្លះបង្ករអោយមានមិត្តភាព តែពេលខ្លះបង្កអោយមានជំលោះដោយសារស្រវឹងស្រាវង្វេងស្មារតី។
៣.៧ កត្ដាច្បាប់
ច្បាប់ត្រូវបានគេតាក់តែងឡើងដើម្បីកំនត់អំពីសិទ្ធិសេរីភាពរបស់មនុស្សក្នុងសង្គម ដើម្បីអោយសង្គ មមានសណ្ដាប់ធ្នាប់មានសីលធម៌ តែពេលខ្លះច្បាប់ក៏ត្រូវបានតាក់តែងឡើងដោយក្រុមអ្នកមានអំណាច ហើយ គ្រប់គ្រងនិងជិះជាន់កៀបសង្កត់អ្នកទន់ខ្សោយផងដែរ។ យើងដឹងហើយថាច្បាប់មិនមានការលើកលែងទេ អ្នក ដែលធ្វើខុសច្បាប់ត្រូវទទួលទោស ដូច្នេះច្បាប់បានកំណត់ពីសីលធម៌ មិនគោរពទៅតាមកាលៈទេសៈទេ ដូចសុ ភាសិតចិនបាននិយាយថា បើយល់ញាត្តិ គឺឃ្លាតច្បាប់។ ផ្ទុយមកវិញបើច្បាប់កាន់តែធ្លាក់ចុះខ្សោយក៏ជាកត្ដាដែលធ្វើអោយមនុស្សកាន់តែគឃ្លើន ហ៊ានធ្វើអំពើអបាយមុខផ្សេងដោយមិនខ្លាចទទួលទោសដែរ ដូចជាអំពើពុករលួយ ការដណ្ដើមអំណាច ការជិះជាន់កេងប្រវ័ញ្ច ចោរកម្ម ឃាតកម្មជាដើម។
៣.៨ កត្តាគ្រឿងញៀនៈ
ការប្រើប្រាស់គ្រៀងញៀនបានធ្វើអោយមនុស្សវង្វេងស្មារតីលែងស្គាល់អ្វីល្អអ្វីអាក្រក់ ហ៊ានអ្វីគ្រប់បែបយ៉ាងដើម្បីបំពេញបំណងខ្លួន ដូច្នេះហើយសីលធម៌ក៏គ្មានដែរ។
៣.៩ កត្តាអប់រំធ្លាក់ចុះ
បុគ្គលដែលខ្វះនូវការអប់រំ ខ្វះនូវចំណេះវិជ្ជា ខ្វះនូវការពិចារណា ធ្វើអោយគេមិនដឹងថា តើសកម្មភាពដែលគេបានធ្វើត្រឹមត្រូវទៅតាមគន្លងសីលធម៌ដែរឬអត់ទេ។ សីលធម៌ក៏ធ្លាក់ចុះបន្ដិចម្ដងៗ ដោយសារតែខ្វះការអប់រំផ្នែកសីលធម៌។
នៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា តាមវិទ្យុ តាមកញ្ចក់ទូរទស្ស ទស្សនាវដ្ដីជាដើម បានប្រើប្រា ស់នូវពាក្យសម្ដីខ្វះនូវក្រមសីលធម៌ផងដែរ តែគេបែរជាគិតថាវាជាការលេងសើចសប្បាយទៅវិញ។ ទាំងនេះក៏ជាគំរូអាក្រក់ដល់ការអប់រំផ្នែកសីលធម៌ផងដែរ។

៤. ផលវិបាកដែលបណ្ដាលពីការធ្លាក់ចុះនៃសីលធម៌
មានហេតុត្រូវមានផល នេះជាសច្ចធម៌ដែលសម្ដែងឡើងដោយព្រះសម្មាសម្ពុទ្ធនៃយើង។ យ៉ាងណាមិ ញសីលធម៌ក៏ដូច្នេះដែរ បើកាលណាសីលធម៌ដែលជាសេចក្ដីល្អបានរុះរោយធ្លាក់ចុះហើយ រមែងបាននូលលទ្ធ ផលអាក្រក់ ឬសេចក្ដីអាក្រក់កើតឡើងយ៉ាងនោះដែរ។ ផលវិបាកទាំងនោះមានដូចខាងក្រោមនេះ៖
៤.១ ការបាត់បង់នូវសេចក្ដីសុខខាងផ្លូវចិត្ត
តើសេចក្ដីសុខនឹងកើតមានឡើងម្ដេចបាន បើខ្លួនអ្នកនឹងសង្គមដែលអ្នកកំពុងរស់នៅពោរពេញដោយក្ដីអសប្បុរស គ្នាធម៌មេត្តាករណា ឬគ្មានព្រហ្មវិហារធម៌នៅក្នុងខ្លួន មានតែភាពច្រណែនឈ្នានិះ មានតែភាពលោភលន់។ ព្រះសាស្ដាបានសម្ដែងថាមានរូបគឺមានទុក្ខ សេចក្ដីទុក្ខកើតមានឡើងដោយអវិជ្ចានិងតណ្ហា ឬលោភៈ ទោសៈ និងមោហៈ។ អ្នកនឹងមិនបានសុខទេបើចិត្តរបស់អ្នកនៅតែចង់បានឥតឈប់ឈរ។
៤.២ បាត់បង់គុណតម្លៃជាមនុស្ស
ដរាបណាមនុស្សគ្មានវិន័យ គ្នានច្បាប់ គ្នាសីលធម៌នៅក្នុងខ្លួនទេ មិនខុសអ្វីពីសត្វធាតុដែលគ្មាននូវពិចារណញាណនោះទេ ហើយសង្គមនោះក៏មិនខុសពីសង្គមសត្វដែរ។ ពួកគេលួច ឆក់ ប្លន់ កាប់សម្លាប់គ្នាដោយគ្មានញរញើត ហើយចាត់ទុករឿងទាំងនេះជាល្បែងកំសាន្តទៀតផង ដែលគេនិយមហៅថាជាសណ្ដានមនុស្សព្រៃ ឬសត្វព្រៃ ឬសត្វតិរច្ឆាន។
៤.៣ បែកបាក់សាមគ្គី
យើងដឹងហើយថាសីលធម៌បានតាក់តែងមនុស្សអោយចេះរស់នៅជាមួយគ្នាដោយសេចក្ដីសុខ តែបើ បើពួកគេលែងមានសីលធម៌ហើយ លែងទុក្ខចិត្តគ្នាទៀតហើយ នោះពួកគេនឹងព្យាយាមផ្ដាច់ខ្លួនចេញពីគ្នា ដើម្បី ស្វែងរកទីដែលគេគិតថាផ្ដល់សេចក្ដីសុខដល់ខ្លួនគេ។
៤.៤ អសន្តិសុខសង្គម
សង្គមមួយដែលសម្បូរដោយចោរកម្ម មានអំពើហិង្សាផ្សេងៗ ដែលកើតឡើងដោយពពួកមនុស្សល្ងង់ ខ្លៅ អសីលធម៌ រួមផ្សំជាមួយនិងប្រព័ន្ធច្បាប់ធូររលុង នោះសមាជិកនៅក្នុងសង្គមប្រាកដជាមិនអាចរស់នៅ ដោយសេចក្ដីសុខនោះទេ ពួកគេម្នាក់ៗប្រាកដជារស់នៅដោយភាពភ័យខ្លាចគ្រប់វិនាទី។
៤.៥ សង្រ្គាម
មហិច្ឆតាដែលគ្មានដែនកំណត់របស់មនុស្ស រួមផ្សំនិងការឥតមានសីលធម៌គ្របដណ្ដប់នឺងបណ្ដាល មានភាពច្រណែនគ្នា ចង់បានរបស់អ្នកដទៃមកធ្វើជារបស់ខ្លួន ដូចដែលព្រះជិនស្រីបានសម្ដែងថា ទោះបីមានភ្នំ មាសពីរក៏មិនល្មមគ្រប់គ្រាន់សម្រាប់តណ្ហារបស់មនុស្សម្នាក់ដែរប្រាកដជាទៅដណ្ដើមភ្នំមាសអ្នកដទៃជាមិនខាន ។ ទីណាមានការគាបសង្កត់ មានការជិះជាន់ ទីនោះប្រាកដជាមានការរើបម្រាស់ គ្មាននរណាម្នាក់អង្គុយចាំឲ្យ គេមកយករបស់ដែលជាទីស្រលាញ់ដោយងាយៗ ឬ អង្គុយចាំអោយគេមកជេប្រមាថ កាប់សម្លាប់ដោយងាយ ៗនោះដែរ គេប្រាកដជាក្រោកបះបោរតស៊ូរមែនទីបញ្ចប់ ដូចនេះសង្គ្រាមក៏បានផ្ទុះឡើងដោយសារតែការមិនចេះយោគយល់គ្នា លោភលន់ឥតទីបញ្ចប់។

៥. ដំណោះស្រាយខ្លះក្នុងការលើកកម្ពស់សីលធម៌
ឈរលើទស្សនៈថា បញ្ហាអ្វីក៏មានដំណោះស្រាយ បញ្ហាអ្វីក៏អាចដោះស្រាយបាន។ យើងក៏អាចនិយាយបានថា សីលធម៌ដែលធ្លាក់ចុះក៏អាចស្រោចស្រង់វិញបានដែរ។ ខាងក្រោមនេះជាមធ្យោបាយខ្លះៗក្នុងការរួមចំណែកលើកកម្ពស់សីលធម៌ឡើងវិញ៖
៥.១ ផ្ដើមពីបុគ្គលខ្លួនឯង
ការស្គាល់ពីខ្លួនឯង ការព្យាយាមគ្រប់គ្រងខ្លួនឯងជាបញ្ហាចម្បងដែលធ្វើអោយយើងស្គាល់និងយល់ពី សណ្ដានចិត្តរបស់អ្នកដទៃ។ សូក្រាតបានពោលថា ដើម្បីអោយមានសីលធម៌ មនុស្សម្នាក់ៗត្រូវស្គាល់ខ្លួនឯង ជាមុនសិន។ ការស្គាល់ខ្លួនឯងមិនគ្រាន់តែស្គាល់ត្រឹមឈ្មោះ ដើមកំណើត អាយុ ភេទ ប៉ុណ្ណឹងនោះទេ គឺត្រូវ ស្គាល់ចំនុចខ្លាំង ចំនុចខ្សោយរបស់ខ្លួន ហើយខ្លួនកំពុងនៅទីណា សា្គល់ពីចិត្តខ្លួនឯងត្រូវការអ្វី ស្រលាញ់អ្វី ស្អប់អ្វីផងដែរ។
បុគ្គលគ្រប់រូបត្រូវស្គាល់ពីតួនាទីរបស់ខ្លួននិងធ្វើខ្លួនអោយល្អប្រពៃតាមតួនាទី ដូចជាធ្វើកូនល្អក្នុងគ្រួសារ សិស្សល្អក្នុងសាលារៀន ពលរដ្ឋល្អក្នុងសង្គម បុគ្គលិកល្អក្នុងក្រុមហ៊ុនជាដើម
៥.២ ការស្គាល់ពីគុណតម្លៃខ្លួនឯងនឹងអ្នកដទៃ
មនុស្សត្រូវការការផ្ដល់តម្លៃ ការគោរពរាប់អាន ដូច្នេះបើខ្លួនអ្នកត្រូវការអោយអ្នកដទៃអោយតម្លៃ វិជ្ជមានមកលើអ្នក គោរពស្រលាញ់អ្នក លុះត្រាអ្នកអោយតម្លៃវិជ្ជាមាន គោរពស្រលាញ់អ្នកដទៃវិញដែរ។ ខុង ជឺ បាននិយាយថា បើអ្នកចង់អោយអ្នកដទៃធ្វើអំពើល្អមកលើខ្លួននោះ លុះត្រាតែអ្នកធ្វើអំពើល្អទៅគេផងដែរ។
បុគ្គលគ្រប់រូបត្រូវចេះ ជួយទុក្ខធុរៈគ្នា ស្មោះត្រង់ចំពោះគ្នានិងគ្នា ចែករំលែកផលប្រយោជន៍គ្នាតាមសម គួរ មានទឹកចិត្តរីករាយជាប្រចាំ មានព្រហ្មវិហារធម៌ គឺមេត្តា ករណា មុទិតា និង ឧបេក្ខាចំពោះគ្នាទោវិញទៅ មក យល់ថា “បើចង់អោយអ្នកដទៃគោរពខ្លួនយ៉ាងណា អ្នកត្រូវគោរពអ្នកដទៃយ៉ាងនោះ”។
៥.៣ លើកទឹកចិត្តសកម្មភាពសីលធម៌
គ្មានបុគ្គលណាម្នាក់ដែលមិនត្រូវការការកោតសរសើរនោះទេ នេះជាតម្រូវការមួយក្នុងចំណោមតំរូវ ការទាំងប្រាំដែលលោក ម៉ាស្លូបានលើកឡើង ដែលយើងហៅថាតម្រូវការម៉ាស្លូមាន តម្រូវការផ្នែកសារពាង្គកាយ តម្រូវការផ្នែកសុវត្ថិភាព តម្រូវការសង្គមគឺការស្រលាញ់ តម្រូវការការអោយតម្លៃនិងការគោរព និងតម្រូវការ កិត្តិយសផ្ទាល់ខ្លួន។ ដូចនេះបើយើងអោយតម្លៃខ្ពស់ និងលើកសរសើរដល់អ្នកដែលបានធ្វើនូវសកម្មភាពសីល ធម៌នោះៗពួកគេនឹងព្យាយាមធ្វើសកម្មភាពទាំងនេះកាន់តែខ្លាំងឡើង។ ដូចជាសកម្មភាពជួយទុក្ខធុរៈគ្នា ចែករំលែកនូវសម្ភារៈប្រើប្រាស់ ទ្រព្យសម្បត្តិ ចំណេះដឹងផ្សេងៗ យើងក៏គួរផ្ដល់អោយពួកគេនូវ រង្វាន់ ឬពានរង្វាន់ ទៅតាមអ្វីដែលពួកគេរីករាយនឹងទទួលយក។
ព្រះសម្មាសមពុទ្ធបានសម្ដែងថា យើងត្រូវតបស្នងសងគុណដល់អ្នកដែលបានធ្វើគុណមកលើយើង។នេះក៏ជាកត្តាដែលធ្វើអោយមនុស្សចេះអធ្យាស្រ័យគ្នា និងធ្វើឲ្យសកម្មភាពសីលធម៌កាន់តែមានភាពរស់រវើកឡើង។ ចំពោះ សូក្រាត យល់ថា “ការគ្រប់គ្រងដោយសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់”។
៥.៤ បង្កើនការអប់រំផ្នែកសីលធម៌
បច្ចេកវិទ្យាកាន់តែខ្ពស់ធ្វើឲ្យមនុស្សកាត់បន្ថយជំនឿទៅលើសាសនាដែលបង្កប់ទៅដោយខ្លឹមសារទស្សនវិជ្ចាដែលធ្វើអោយមនុស្សមានសីលធម៌ តែពួកគេគួរដឹងដែរថាបើកាលណាវិទ្យាសាស្រ្តមិនមានសីលធម៌នោះវានឹងបង្លាញសង្គមមនុស្សទៅវិញទេ។ ដូចនេះសង្គមគួរយកចិត្តទុកដាក់អប់រំបង្រៀនអោយមនុស្សដែលមិន បានដឹងបានស្គាល់ អោយបានដឹងបានស្គាល់បានយល់ពីតម្លៃរបស់សីលធម៌។ រីឯការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សក៏ជាកត្តារួមចំណែកដល់ការអប់រំផ្នែកសីលធម៌ដែរ ដូចនេះយើងគួរផ្សព្វផ្សាយផ្នែកសីលធម៌ និងប្រើប្រាស់នូវភាសាប្រកបដោយសី៏លធម៌អោយបានច្រើន ជាជាងការជេរប្រទេចគ្នា ឬយកសីលធម៌ធ្វើជារឿងកម្លែង សម្រាប់សើចកំសាន្ត។ ការអប់រំក៏ជាកត្ដាទប់ស្កាត់មនុស្សអោយអណ្ដែតត្រសែតទៅតាមមនោសញ្ចេតនា ឬភាពអស់សង្ឃឹម ឬបាក់ទឹកចិត្តបានដែរ គឺការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។
៥.៥ ការបណ្ដុះគំនិតជាតិនិយម
ជាតិនិយម ជាទ្រឹស្ដីមួយអប់រំអោយស្រលាញ់ជាតិរបស់ខ្លួន ស្រលាញ់ប្រទេស ស្រលាញ់ប្រវត្តិសាស្រ្ត និងមានគំនិតកសាងប្រទេសជាតិរបស់ខ្លួនឲ្យទៅជារដ្ឋត្រឹមត្រូវសម្បូរសប្បាយ។ ថ្វីត្បិតតែមនុស្សគ្រប់រូបរមែងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនក៏ពិតមែន តែបើគេមានជាតិនិយមក្នុងខ្លួន គេនឹងស្រលាញ់សង្គមជាតិរបស់គេ និងចង់អោយពិភពលោកទាំងមូលរស់នៅក្នុងសុខសន្តិភាព។
៥.៦ សន្តិភាពក្នុងចិត្ត
សន្ដិភាពគឺ សេចក្ដីស្ងប់ សេចក្ដិស្រលាញ់ ចិត្តមេត្ដាករណា អធ្យាស្រ័យយត្តិធម៌ និងសេចក្ដីថ្លៃថ្នូរ គ្នានសង្រ្គាម... ។ ដើម្បីអោយមនុស្ស ឬ សង្គមមានសន្តិភាពនិងអាចស្ថិស្ថេរបានលុះត្រាតែមានការគោរព សិទ្ធិ ការអត់ឱន ការអធ្យាស្រ័យ ទំនាក់ទំនងល្អជាមួយអ្នកដទៃ មានយុត្តិធម៌ និងប្រជាធិបតេយ្យ។
៥.៧ រិតបន្តឹងច្បាប់
បើសិនជាច្បាប់នោះបង្កើតឡើងដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋនោះ ច្បាប់ត្រូវតែបានអនុវត្តន៍ ទៅលើគ្រប់បុគ្គលទាំងអស់ដោយស្មើរភាពគ្នា។ អារីស្តូន បានពោលថា ប្រទេសមួយដែលរឹងមាំ មានស្ថេរភាព មានការីកចម្រើនគឺអាស្រ័យច្បាប់ ហើយច្បាប់នោះត្រូវតែមានសមភាពចំពោះប្រជាពលរដ្ឋទាំងអស់។
ដូចនេះបើកាលនាច្បាប់មិនមានភាពធូរលុងទេ ហើយនឹងដាក់ទោសស្មើរគ្នាចំពោះអ្នកដែលប្រព្រឹត្ដខុសនោះៗនឹងធ្វើអោយមនុស្សខ្លាចរអារ មិនហ៊ានប្រព្រឹត្តអំពើឆ្គាំឆ្គងដែលខុសសីលធម៌នោះឡើយ។

៦.សេចក្ដីសន្និដ្ឋាន
យើងឃើញថាសីលធម៌គឺជាបញ្ហាចម្បងដែលសង្គមគួរយកចិត្តទុកដាក់ ព្រោះសង្គមដែលគ្នាសីលធម៌ មិនខុសអ្វីពីសង្គមសត្វតិរច្ឆាននោះទេ ឬ ជួនកាលអន់ជាងសត្វតិរច្ឆានទៅទៀត។ សីលធម៌មានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាសីលធម៌នឹងធ្វើអោយមនុស្សគ្រប់រូបមានសេចក្ដីថ្លៃថ្នូរ មានសេចក្ដីសុខទាំងកាយវាចារចិត្ត មានសន្តិភាព សុវត្ថិភាព មានការអភិវឌ្ឍន័ ។ លោក នែល អាំស្រ្តង បាននិយាយថា អនាគត ពិភពលោកតែមួយមនុស្សតែមួយ មានន័យថាសង្គមទាំងអស់នៅលើពិភពលោកទាំងមូល នឹងរស់នៅជាមួយគ្នាដូចជាគ្រួសារតែមួយ។ ទោះបីយ៉ាងណាក៏ដោយ ទ្រឹស្ដីនេះអាចទៅរួចលុះត្រាតែ សង្គមទាំងមូលឈរនៅលើសន្តិភាពនិយមចេះជួយគ្នាគឺមានព្រហ្មវិហារធម៌ចំពោះគ្នា។
ដោយយល់ពីតម្លៃរបស់របស់សីលធម៌ និងចង់ឲ្យសីលធម៌ស្ថិតនៅគង់វង្ស មានការរីកចម្រើន យើងគួរតែនាំគ្នាធ្វើអំពើល្អ ដែលជាអំពើសីលធម៌ចាប់ពីពេលនេះតទៅយើងនាំគ្នាអោយតម្លៃសកម្មភាពណាដែលជា សកម្មភាពសីលធម៌ អប់រំក្មេងៗឬអ្នកដែលមិនដឹងមិនយល់អោយដឹងអោយយល់អោយអនុវត្ត។ យើងនាំគ្នាផ្សព្វផ្សាយកម្មវិធីផ្សេងៗដែលមានប្រយោជន៍និងប្រកបដោយសីលធម៌។ ជាងនេះទៅទោតយើងគ្រប់ៗរូបគួរ នាំគ្នាគោរពច្បាប់រដ្ឋ ថែរក្សាប្រពៃណីល្អ កែច្នៃទស្សនផ្សេងៗដែលហូរចូលពីបរទេសអោយសមស្របតាមការ និយមរបស់ខ្មែរ។

ឯកសារយោង
១. ង៉ែត សារឿនៈ (២០១១)ទស្សនវិជ្ជាសីលធម៌ សីលធម៌អប់រំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
២. ឈុន ណារ៉េត (២០០៣) វិទ្យាសាស្រ្តនយោបាយ និង ប្រវត្តិគំនិតនយោបាយ សកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និង វិទ្យសាស្រ្តសេដ្ឋកិច្ច
៣. រុន ពណ្ណារិទ្ធ (២០០៨) ប្រវត្តិគំនិតនយោបាយ សកលវិទ្យាល័យ ភូមិន្ទនិតិសាស្ត្រ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច
៤. លី រតនា (២០១០) ការគ្រប់គ្រង សាកលវិទ្យាល័យឯកទេសនៃកម្ពុជា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks