Sunday, August 24, 2014

អត្ថន័យនៃការអប់រំសីលធម៌

អត្ថន័យនៃការអប់រំសីលធម៌
ដើម្បីយល់ន័យនៃការអប់រំសីលធម៌ យើងត្រូវយល់ន័យនៃពាក្យ ការអប់រំ និង សីលធម៌ជាមុនសិន ។
“ការអប់រំ” និង “សីលធម៌” ត្រូវបានគេផ្ដល់នូវអត្ថន័យជាច្រើនដូចខាងក្រោមៈ
ការអប់រំ មានន័យថា អប់បង្ហប់ផ្សែង ឬបង្ហប់ចំហាយ។ បង្ហាត់ចិត្តឬបង្វិកចិត្តជួសជុលចំនេះវិជ្ជា កិរិយាមារយាទ ហ្វឹកហាត់ឲ្យស្ទាត់ជំនាញជាងមុន កែឲ្យបានល្អជាងមុនជាលំដាប់ ខំប្រឹងបំពេញឧបនិស្ស័យឲ្យបានបរិបូរណ៍ ខិតខំកសាងសន្សំបុណ្យកុសលទុកពុំឲ្យមានហ្មង មិនឲ្យមានថ្នាំងថ្នាក់ បន្ទំបារមី (១)។
“ការអប់រំ” គឺជាសកម្មភាពមួយផ្សារភ្ជាប់គ្នារវាងអ្នកអប់រំ និងអ្នកដែលត្រូវគេអប់រំតាំង ពីបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាដើម្បីអភិវឌ្ឍផ្នែកគំនិត និងសីលធម៌ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់សិស្ស ហើយក៏ជាកម្លាំងចលករមួយ ជម្រុញឲ្យអ្នកបង្រៀនធ្វើសកម្មភាពលើសិស្សម្មាក់ៗ ដើម្បីឲ្យសិស្សមានសកម្មភាពកសាងសមត្ថភាពមនសិការ បំពាក់បំប៉នមនោសញ្ចេតនា ការហឹ្វកហាត់សមត្ថភាពយល់ដឹងរបស់សិស្ស។ ហើយវាទាក់ទងទៅនិងការបង្រៀននិងការរៀន(២)។
“ការអប់រំ” មានន័យថា ជាដំណើរការសិក្សាដើម្បីការអភិវឌ្ឍន៍ខាងបុគ្គលិកលក្ខណៈ ចិត្តសម្បទា ប្រាជ្ញាសម្បទា និងកាយសម្បទា តាមរយៈរាល់សកម្មភាពដែលធ្វើឲ្យអ្នកសិក្សាទទួលបានសំណុំចំនេះដឹង ជំនាញ សមត្ថភាព បំណិនជីវិត បំណិនការងារ រួមទាំងការបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងទស្សនៈសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងគុណធម៌។
តាមន័យធម្មតា “សីលធម៌” សំដៅលើឥរិយាបថ ដែលស្ដែងឲ្យឃើញនូវការគោរព ចំពោះខ្លួនឯង និងចំពោះអ្នកដទៃ ។ សីលធម៌សម្រាប់អប់រំកាយ វាចារ និង ចិត្ត របស់មនុស្សឲ្យមានរបៀបរៀបរយល្អ ជាពិសេសស្គាល់នូវតម្លៃជីវិតពិតនៅលើភពផែនដី ។ សីលធម៌អាចបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត តាមរយៈការរស់នៅក្នុងសង្គមដែល
មនុស្សស្ដែងឡើង ដោយផ្ទាល់ ឬ ដោយប្រយោលរបស់គេ(៣)។
“សីលធម៌” គឺជាចំណេះដឹងសម្រាប់មនុស្ស ដែលខ្ពើមរអើមអំពើទុច្ចរិត រីករាយប្រព្រឹត្តតែសុចរិត បម្រើផលប្រយោជន៍មនុស្ស និងអភិវឌ្ឍសង្គម (៤)។
“សីលធម៌” គឺជាធម៌របស់សត្វលោក ឬ ជាកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មាន ដែលនាំឲ្យជៀសវាង អំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អជានិច្ច(៥)។
“ការអប់រំសីលធម៌” គឺសំដៅលើការកែប្រែរបៀបជាមូលដ្ឋាន នៃបុគ្គលិកលក្ខណៈរបស់បុគ្គលក្នុងការរស់នៅ ប្រកបដោយហេតុ និង ផល ។ ប្រសិនបើគ្មានសីលធម៌ ពិតជាការរស់នៅរបស់សមាជិកក្នុងសង្គមនោះ រស់បែបអណាធិបតេយ្យ ។ លើសពីនេះទៀត សង្គមនឹងគ្មានសណ្ដាប់ធ្នាប់ គ្មានវប្បធម៌ច្បាស់លាស់ ។ ដូច្នេះការអប់រំសីលធម៌ ជាគ្រឹះនៃការបង្កើតសង្គម ការអប់រំសីលធម៌ ជាអាទិភាព ក្នុងចំណោមនៃការអប់រំទាំងឡាយ ។ ការអប់រំសីលធម៌មានអត្ថន័យធំធេងណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ក្នុងន័យសំខាន់ នេះគឺដើម្បី អភិវឌ្ឍសមត្ថភាព និងការរស់នៅរបស់មនុស្សឲ្យបានប្រសើរ (៦)។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks