Sunday, August 24, 2014

វិធីអប់រំចិត្ត ស៊ិន - ហ៊ាន ស្មៀននៅពុទ្ធសាសនបណ្ឌិត្យ រៀបរៀង

វិធីអប់រំចិត្ត
ស៊ិន - ហ៊ាន ស្មៀននៅពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង
១ - ចិត្តគឺអ្វី ?
ចិត្តគឺជាធម្មជាតិគ្មានរូបដែលជាស្ដេចគ្រប់គ្រងនគរកាយ ។ ចិត្តនេះគេមិនអាចមើលឃើញដោយមំសចក្ខុបានទេ ព្រោះជានាមធម៌, តាមពិត អ្នកដែលមិនដឹងចិត្តថាគឺអ្វី តែងមិនឃើញចិត្តទេ, តែកាលបើដឹងថាចិត្តគឺអ្វី តែងឃើញចិត្តបានតាមកម្លាំងនៃសេចក្ដីដឹងនោះ ។
គេច្រើនចូលចិត្តថា វិញ្ញាណ, មនោ, ចិត្ត ទាំង ៣ នេះដូចគ្នា, ព្រោះហេតុនោះ គេទើបកំណត់វិញ្ញាណជាចិត្ត ចិត្តជាវិញ្ញាណខ្លះ, មនោជាចិត្ត ចិត្តជាមនោខ្លះ, ច្រឡូកច្រឡំគ្នាអស់ទៅ ទាំងនេះឯងព្រោះតែមិនស្គាល់ចិត្តថាជាអ្វី ។ ដែលពិតនោះ វិញ្ញាណ, មនោ, ចិត្តនេះមានមុខការផ្សេង ៗ គ្នា តែជាប់ទាក់ទងគ្នា ។
វិញ្ញាណគឺការដឹងច្បាស់ផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយចិត្ត ហើយវិញ្ញាណនេះជាផ្លូវដែលតដល់ចិត្ត ហេតុនោះ វិញ្ញាណទុកដូចជាអ្នកបញ្ជូន, មនោទុកដូចជាអ្នកទទួល, ចិត្តទុកដូចជាអ្នកដឹង ។ ចិត្តដែលមានស្រឡាញ់មានស្អប់ជាដើម ព្រោះមានគ្រឿងផ្សំគឺអារម្មណ៍ហើយនឹងគ្រឿងទទួលគឺកិលេស ។ អារម្មណ៍នឹងកិលេសផ្សំគ្នាកាលណា គឺធ្វើចិត្តឲ្យវិបរិត ដូចវិទ្យុកំចាយសម្លេង ត្រូវមានគ្រឿងបញ្ជូននឹងគ្រឿងទទួលសម្លេងទើបប្រាកដបាន ពុំនោះទេដូចអគ្គិសនីដែលឲ្យកើតប្រយោជន៍ជាច្រើន មានឲ្យកើតពន្លឺជាដើម ក៏ព្រោះមានគ្រឿងផ្សំព្រមទាំងខ្សែ ប្រដាប់បើកបិទ នឹងអំពូលដូចម្ដេចមិញ, វិញ្ញាណ, មនោ ចិត្ត ក៏មានមុខការជាប់ទាក់ទងគ្នាដូច្នោះដែរ ។ ចិត្តដែលមានអារម្មណ៍ចូលមកផ្សំព្រោះកំណាចកិលេស ដែលមានឫសគល់មកអំពីរាគៈ ឬ លោភៈ ទោសៈ មោហៈ ទើបមានសេចក្ដីស្រឡាញ់សេចក្ដីស្អប់, ចិត្តដូច្នេះ នៅក្រោមអំណាចកិលេស ។ សេចក្ដីជាប់ចំពាក់ទាំងឡាយក្នុងលោក ដែលកើតឡើងហើយក្នុងអតីតក្ដី ក្នុងបច្ចុប្បន្នក្ដីក្នុងអនាគតក្ដី តែងកើតមានឡើង ព្រោះចិត្តនៅក្រោមអំណាចកិលេសជាមូលហេតុ ។ កាលណាចិត្តមិនមានគ្រឿងផ្សំគឺអារម្មណ៍ នឹងគ្រឿងទទួលគឺកិលេសទេ កាលនោះចិត្តក៏មានអំណាចលើកិលេស គឺនៅក្នុងលោក សូម្បីលោកនឹងជាប់ចំពាក់ដូចម្ដេច ក៏មិនអាចធ្វើឲ្យចិត្តញាប់ញ័របាន ។ ព្រោះហេតុនោះ ក្នុងផ្លូវព្រះពុទ្ធសាសនាទើបលើកការអប់រំចិត្តថាជាកិច្ចសំខាន់បំផុត ។ រឿងរ៉ាវនឹង វត្ថុស្ថានទាំងឡាយដែលប្រាកដនៅក្នុងលោក សុទ្ធតែជាការសម្ដែងចេញរបស់ចិត្តទាំងអស់ ។ វត្ថុគ្រប់យ៉ាងទើបធ្លាក់ក្នុងអំណាចរបស់ចិត្ត មានតែចិត្តប៉ុណ្ណោះទេដែលអាចធ្វើលោកឲ្យញាប់ញ័រ ឬធ្វើលោកឲ្យស្ងប់បាន ព្រោះហេតុដូច្នោះទើបគួរអប់រំចិត្ត ។
២ - លក្ខណៈរបស់ចិត្ត
ចិត្តជាធម្មជាតិវិចិត្រក្រៃពេក ដោយសារអារម្មណ៍ចូលមកផ្សំដូចព័ណ៌ជ្រលក់សំពត់ កាលប្រើព័ណ៌បែបណាជ្រលក់សំពត់ សូម្បីសំពត់នោះមានព័ណ៌ស ក៏ត្រូវផ្លាស់ទៅតាមព័ណ៌ជ្រលក់នោះ សំពត់ទើបមានព័ណ៌ផ្សេង ៗ ដូចម្ដេចមិញ ចិត្តក៏ដូច្នោះដែរ ។ មនុស្សម្នាក់ ៗ មានចិត្តតែ ១ ដួងទេ តែដែលមានច្រើនដួង ព្រោះអារម្មណ៍នោះឯងចូលមកលាយ, គឺកាលចិត្តប្រកាន់អារម្មណ៍ណាក៏ប្រែទៅតាមអារម្មណ៍នោះ ។
លោកពោលថា ចិត្តនេះជាធម្មជាតបម្រះននៀល អន្ទះអន្ទែងរក្សាបានដោយកម្រ ហាមឃាត់បានដោយកម្រ ត្រាច់ទៅក្នុងទីឆ្ងាយត្រាច់ទៅតែ ១ ដួង មានកាយជាទីអាស្រ័យ ហេតុនេះ ការកំណត់ដឹងលក្ខណៈរបស់ចិត្ត ក៏គួរនឹងកំណត់ដឹងដោយន័យនេះ ។
តាមប្រក្រតី ចិត្តនេះកាលបើត្រូវព្រាត់ប្រាសចាកអារម្មណ៍ដែលធ្លាប់សេពគប់មកហើយ ក៏សំដែងអាការបម្រះននៀល ដូចត្រីដែលគេលើកចេញពីទឹកបោះទៅលើគោក, ជាធម្មជាតអន្ទះអន្ទែង ដោយសំដែងអាការឲ្យប្រាកដដូចពានរក្នុងព្រៃ ឬដូចទង់ដែលនៅលើសសរកាលខ្យល់បក់ក៏ត្រឡប់ទៅត្រឡប់មក, ជាធម្មជាតរក្សាបានដោយកម្រគេក៏ដឹងបានដោយអាការដែលសំដែងចេញ ដូចគោដែលនៅជិតស្រែមានសំទូង គេកម្រនឹងរក្សាកុំឲ្យស៊ីសំទូងក្នុងស្រែនោះបាន, ជាធម្មជាតហាមឃាត់បានដោយកម្រ ដោយមានអាការដូចក្មេងដែលកំពុងរពឹសកម្រនឹងហាមឃាត់មិនឲ្យរពឹសបាន, ត្រាច់ទៅក្នុងទីឆ្ងាយចំពោះតែ ១ ដួងគឺត្រាច់ស្វែងរកអារម្មណ៍ ឬរឿងរ៉ាវដែលធ្លាប់ដឹងធ្លាប់ឃើញមិនឈប់ឈរ ស្ថានទីណាដែលធ្លាប់ទៅហើយ សូម្បីត្រឡប់មកយូរ ក៏ត្រាច់ទៅក្នុងស្ថានទីនោះបាន កាយនៅទីនេះទេតែចិត្តអាចត្រាច់ទៅពេញលោក បើនឹងរាប់រយផ្លូវដែលចិត្តត្រាច់ទៅមួយថ្ងៃ ៗ ក៏ហួសប្រមាណដែលនឹងរាប់បាន ចំពោះកាយត្រាច់ទៅមិនបានត្រឹមណា ព្រោះត្រូវហត់នឿយ តែចិត្តមិនមែនដូចកាយទេ ទីណាកាយត្រាច់ទៅមិនបានចិត្តត្រាច់ទៅបាន សូម្បីមានគ្រឿងកំបាំងក៏លេចរួចទៅបាន ទីដែលគេហាមក៏បំពានចូលទៅ ព្រោះហេតុអ្វី ? ព្រោះអារម្មណ៍នោះដែលចូលមកផ្សំចិត្តមានច្រើនយ៉ាង ចិត្តប្រកាន់អារម្មណ៍នេះហើយ បណ្ដោយទៅប្រកាន់អារម្មណ៍ឯណោះទៀត វិលទៅវិលមករកទីបំផុតគ្មាន ទើបឈ្មោះថាត្រាច់ទៅក្នុងទីឆ្ងាយ ហើយត្រាច់ទៅតែ ១ ដួង ។
កាយយើងនេះ បើមិនមានចិត្ត ក៏មានអាការដូចភាពយន្តដែលខ្វះមនុស្សទាញ កាលបើមានចិត្តចូលអែបអាស្រ័យ ក៏មានអាការដូចភាពយន្តដែលមានមនុស្សទាញ, ភាពយន្តនឹងសំដែងអាការលោតរាំផ្លាស់ប្ដូរទៅយ៉ាងណា ក៏ព្រោះមនុស្សទាញ, កាយសំដែងអាការឲ្យប្រាកដយ៉ាងណាបានក៏ព្រោះចិត្តជាអ្នកបង្គាប់ការ ឬនឹងប្រៀបកាយដូចផ្ទះ ចិត្តដូចអ្នកនៅអាស្រ័យ ផ្ទះនោះបើម្ចាស់អ្នកនៅអាស្រ័យជាមនុស្សមានកិរិយាមារយាទល្អ ក៏ជាផ្ទះល្អ មានគ្រឿងប្រដាប់វិចិត្រល្អ តាមកម្លាំងរបស់ម្ចាស់ផ្ទះ ជាទីគួរមើលគួរសរសើរជាបសាទនីយស្ថាន ឲ្យកើតសេចក្ដីជ្រះថ្លាដល់អ្នកបានឃើញ ដូចព្រះសុគន្ធកុដី ទីគង់នៅរបស់ព្រះពុទ្ធ ឬប្រាសាទរាជវាំងរបស់ព្រះមហាក្សត្រជាដើម តែបើម្ចាស់ផ្ទះនោះជាមនុស្សមិនល្អ គឺជាពាលជន ដូចចោរជាដើម ផ្ទះនោះក៏ត្រឡប់ក្លាយទៅជាទីគួរខ្លាច មិនគួរឲ្យចូលជិតបាន ខនេះមានឧបមាដូចម្ដេចកាយនឹងចិត្តក៏ដូច្នោះដែរ ។ កាលចិត្តបានទទួលការអប់រំក្នុងផ្លូវល្អដែលជាប្រយោជន៍ហើយ អាការដែលសំដែងចេញមកតាមផ្លូវកាយផ្លូវវាចាក៏ល្អ តែបើចិត្តខ្វះការអប់រំ ឬ បានអប់រំក្នុងផ្លូវមិនជាល្អដែលប្រាសចាកប្រយោជន៍ ប្រាសចាកធម៌ អាការដែលសំដែងចេញមកតាមផ្លូវកាយផ្លូវវាចាក៏មិនល្អ ដោយន័យនេះទើបអាចឃើញបានថាចិត្តសំខាន់ជាងកាយ ព្រោះហេតុនោះយើងគួរអប់រំចិត្តតាមសមត្ថភាពនឹងឱកាស មិនគួរបណ្ដោយចិត្តឲ្យធ្លាក់ទៅក្នុងអំណាចកិលេស គួរតាមរក្សាហាមប្រាមការពារកុំឲ្យប្រព្រឹត្តទៅដូច្នោះ, ពេលគួរអត់សង្កត់ក៏ចូលអត់សង្កត់ ពេលគួរបង្រ្កាប់ក៏ចូរបង្រ្កាប់កុំបណ្ដោយឲ្យចិត្តទៅតាមអំណាចកិលេស ដែលជាហេតុនាំទុក្ខទោសមកឲ្យ, ពេលគួរស្ទួយលើកដំកើង ក៏ចូរស្ទួយលើកដំកើងឲ្យក្លាហានឲ្យត្រេកអររីករាយ កុំធ្វើចិត្តឲ្យរួញរាងោកងក់, ពេលគួរសម្លឹងពិនិត្យ ក៏ចូរសម្លឹងពិនិត្យចុះ ។
សាធុជនទាំងឡាយ ដែលប្រាកដថាជាអ្នកមានកិត្តិស័ព្ទល្អមានសុខចំរើនរុងរឿងមិនសាបសូន្យ ក៏ព្រោះបានអប់រំចិត្តរបស់ខ្លួនតាមសមគួរ, ផ្សេងគ្នាខ្លះ តែការអប់រំតិច អប់រំច្រើន អប់រំក្នុងផ្លូវលោក ឬអប់រំក្នុងផ្លូវធម៌ប៉ុណ្ណោះ ។ ចំណែកផលដែលកើតមកអំពីការអប់រំនោះក៏ប្រាកដជាអំណោយផលឲ្យតាមកម្លាំងនៃការអប់រំ, កាលអប់រំក្នុងផ្លូវណាត្រឹមណា ក៏រមែងបានផលក្នុងផ្លូវនោះត្រឹមនោះ មិនប្រាសចាកផលឡើយ ។
៣ - វិធីអប់រំចិត្ត
ក្នុងខាងដើមនៃការអប់រំចិត្តនេះ ត្រូវស្គាល់ចិត្តព្រមទាំងស្គាល់លក្ខណៈ នឹងអាការរបស់ចិត្ត សម្រាប់ត្រួតត្រាពិចារណា ដូចមានកញ្ចក់សម្រាប់ឆ្លុះមើលស្រមោលមុខ ព្រោះធម្មតាការអប់រំគ្រប់យ៉ាងត្រូវមានគ្រឿងសម្រាប់ប្រើក្នុងការនោះ ព្រមទាំងសេចក្ដីសំគាល់នៃការអប់រំ, សូម្បីការអប់រំចិត្តក៏ដូច្នោះដែរ គឺត្រូវរៀនឲ្យដឹងរឿងចិត្តល្មមជាគោលការនឹងសេចក្ដីសំគាល់នៃការអប់រំចិត្តជាមុន ដើម្បីធ្វើចិត្តឲ្យជាធម្មជាតគួរដល់ការងារដ៏ប្រពៃ ទាំងផ្លូវលោក ទាំងផ្លូវធម៌ ឲ្យទាល់តែចិត្តស្ងប់ចាកអកុសលធម៌ទាំងឡាយ មានការដឹងហេតុផលជាក់ច្បាស់តាមសេចក្ដីពិត, ចំណែកផលដែលយើងប្រាថ្នាយ៉ាងក្រៃលែង ក៏គឺឲ្យជាចិត្តពេញបរិបូណ៌ដោយសេចក្ដីសុខមែន ៗ មិនមានអ្វីលាយឡំ ។ ការអប់រំចិត្តនេះមិនមែនគ្រាន់តែទំនុកបំរុងដល់ការងារផ្លូវធម៌ប៉ុណ្ណោះទេ ដែលពិតនោះគឺទំនុកបំរុងដល់ការងារចំណែកគតិលោកផង ព្រោះការងារដ៏ប្រពៃទាំងឡាយដែលឲ្យសម្រេចប្រយោជន៍ទាំងខ្លួនឯង ទាំងពួកគណៈប្រទេសជាតិ សុទ្ធតែមានធម៌ដ៏ប្រពៃ ដោយលះបង់ធម៌ចំណែកអកុសលដែលមានទុក្ខជាផលនោះចេញ ហើយអប់រំបំពេញធម៌ចំណែកកុសលដែលមានផលជាសុខឲ្យកើតមានឡើង ក្នុងចិត្តរបស់ខ្លួន ។
គ្រឿងឧបករណ៍ក្នុងការនេះ ក៏មិនត្រូវមានដើមទុនអ្វីប៉ុន្មានទេគ្រាន់តែព្យាយាមឲ្យមានសតិគ្រប់ឥរិយាបថ ហើយតាំងចិត្តកំណត់ពិចារណាត្រួតត្រាសង្កេតមើលក្នុងការដែលធ្វើ ពាក្យដែលនិយាយ រឿងដែលគិតឲ្យដឹងថាជាសុចរិត ឬទុច្ចរិត, កាលនឹងធ្វើអ្វី និយាយអ្វី គិតអ្វីគួរពិចារណាមើលថា បើយើងនឹងធ្វើយ៉ាងនេះ គិតយ៉ាងនេះទៅ តើជាសុចរិត ឬទុច្ចរិត, កាលដឹងថាជាសុចរិត គប្បីធ្វើ, គប្បីនិយាយ, គប្បីគិត, កាលដឹងថាជាទុច្ចរិត ក៏កុំធ្វើ កុំនិយាយ កុំគិត, សូម្បីធ្វើហើយនិយាយហើយគិតហើយ ក៏គប្បីពិចារណាដូច្នោះទៀត កាលដឹងថាជាសុចរិត ក៏គប្បីនៅដោយចិត្តប្រាមោជត្រេកអរ សិក្សាប្រតិបត្តិក្នុងកុសលធម៌ទាំងយប់ទាំងថ្ងៃចុះ កាលដឹងថាជាទុច្ចរិត ក៏គប្បីសំដែងទោសដែលធ្វើល្មើសនោះចេញ ហើយតាំងចិត្តសង្រួមប្រយ័ត្នតទៅ កុំធ្វើថែមទៀត នេះឯងជាកិច្ចខាងដើមនៃការអប់រំចិត្ត ។
កាលបើការធ្វើ ការនិយាយ នឹងការគិតជាសុចរិតហើយ បើមានបំណងនឹងព្យាយាមបំពេញតទៅ ក៏គួរអប់រំចិត្តរបស់ខ្លួនឲ្យតាំងនៅក្នុងសេចក្ដីស្ងប់, អ្វីជាសត្រូវចំពោះសេចក្ដីស្ងប់ចិត្ត គួរព្យាយាមបង្រ្កាបលះវៀរចេញ ហើយអប់រំបំពេញធម៌ដែលកឲ្យកើតសេចក្ដីស្ងប់ចិត្តនោះឲ្យមានឡើង ទ្រាំអត់ធន់ធ្វើចិត្តរបស់ខ្លួនឲ្យធ្ងន់ធ្ង នឹងនួនតែក្នុងធម៌ជាចំណែកកុសល ។ នីវរណៈធម៌ គ្រឿងរាំងរាមិនឲ្យចិត្តបានដល់សេចក្ដីស្ងប់គឺកាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ច វិចិកិច្ឆា ទាំង ៥ នេះជាសត្រូវដោយត្រង់ចំពោះសេចក្ដីស្ងប់ចិត្ត គួរពិចារណាមើលថា នីវរណៈនោះមានទោសយ៉ាងណា, កាលបើពិចារណាឃើញទោសហើយក៏គួរលះចេញ សូម្បីលះមិនដាច់ស្រឡះទេ ក៏ឈ្មោះថាល្អជាងការបណ្ដោយទៅតាមអំណាចនីវរណៈដែរ, កាលបើនីវរណៈកើតឡើងគ្របសង្កត់ចិត្តក៏គួរពិចារណាមើលឲ្យដឹងថានេះជានីវរណៈ ដែលកឲ្យកើតសេចក្ដីពេញចិត្តស្រឡាញ់ប្រាថ្នាជាប់ជំពាក់ទៅក្នុងរូប សំឡេង ក្លិន រស សម្ផស្ស ដែលគួរប្រាថ្នាខ្លះ, កឲ្យកើតអាឃាត បំផ្លាញប្រទូសរ៉ាយគេខ្លះ, កឲ្យកើតសេចក្ដីរួញថយ នឹងងងុយងោកងក់ខ្លះ, កឲ្យកើតសេចក្ដីរាយមាយនឹងរសាប់រសល់ខ្លះ, កឲ្យកើតសេចក្ដីសង្ស័យមិនដាច់ស្រេចខ្លះទាំងនេះឯងសុទ្ធតែជាសត្រូវចំពោះសេចក្ដីស្ងប់ចិត្តទាំងអស់ ។ កាលបើដូច្នេះហើយ គួរធ្វើទុកក្នុងចិត្តដោយឧបាយដែលត្រូវ គឺឲ្យឃើញថាអារម្មណ៍ទាំងឡាយមានរូបសម្លេងជាដើមនោះ ដែលគួរស្រឡាញ់ គួរប្រាថ្នាជន្លេញជន្លចិត្ត ក៏ព្រោះចូលចិត្តថាស្រស់បស់មិនល្អទេ តែដែលឃើញថាស្រស់បស់ថាល្អទៅវិញ ក៏ព្រោះការតាក់តែងបរិហារកាយដែលជាចំណែករូបប៉ុណ្ណោះ បើខ្វះការតាក់តែងជាដើមហើយ ការមិនស្រស់បស់ល្អអាចកើតប្រាកដឡើង ។ កាលឧស្សាហ៍ពិចារណាកំណត់យ៉ាងនេះហើយ ចិត្តក៏នឹងឃ្លាតចាកកាមច្ឆន្ទៈនោះបានតាមសមគួរព្រោះហេតុនោះ កាលបើនឹងមើលនឹងស្ដាប់ជាដើម ទើបគួរជាអ្នកចេះមើលចេះស្ដាប់ តទៅនឹងបានប្រយោជន៍មកពីការមើលការស្ដាប់នោះពុំខាន ។ សូម្បីនីវរណៈដទៃ ៗ កើតឡើងក៏គួរពិចារណាដោយឧបាយនេះដែរ ទាល់តែចិត្តដល់នូវសេចក្ដីស្ងប់ពិតប្រាកដ មានអាការស្រដៀងនឹងវង់ភ្លើងដែលនៅក្នុងអំពូល, កាលបើអប់រំចិត្តបានយ៉ាងនេះហើយឈ្មោះថាជាអ្នកមានចិត្តនៅលើអំណាចនីវរណៈជាថ្នាក់ទី ២ នៃការអប់រំចិត្ត, តពីនេះទៅត្រូវពិចារណាប្រាព្ធសេចក្ដីកើតរលត់នៃសង្ខារញែកចេញឲ្យឃើញជាភាគជាចំណែកដោយគួរដល់វោហារថា ខន្ធ ធាតុ អាយតនៈ ព្រមទាំងហេតុបច្ច័យ ដរាបដល់លះសេចក្ដីប្រកាន់ដោយអំណាចតណ្ហាមានៈទិដ្ឋិថា « នុះរបស់អាត្មាអញ នុះជាខ្លួនប្រាណរបស់អាត្មាអញ, » ដែលជាមគ៌ាឲ្យដល់នូវសេចក្ដីបរិសុទ្ធហ្មត់ចត់ផុតចាកទុក្ខទាំងពួង, នេះឯងថ្នាក់ទីបំផុតនៃការអប់រំចិត្ត ។
៤ - ផលនៃការអប់រំចិត្ត
ចិត្តនេះ កាលបើគេបានអប់រំល្អហើយ ធ្វើឲ្យស្ងប់បរិសុទ្ធហ្មត់ចត់ហើយ រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍នឹងសេចក្ដីចំរើនយ៉ាងក្រៃលែងអាចនាំសេចក្ដីសុខមកឲ្យជានិច្ច ។ សេចក្ដីសុខដែលកើតមកអំពីការអប់រំចិត្តឲ្យស្ងប់នឹងបរិសុទ្ធនេះ ជាសេចក្ដីសុខយ៉ាងត្រជាក់ត្រជំ មិនមានសេចក្ដីសុខណាៗ ក្នុងលោកស្មើបាន, លោកអ្នកមានប្រាជ្ញាទើបនិយមក្នុងការអប់រំចិត្តពន់ពេក។
ប្រយោជន៍ដែលកើតអំពីការអប់រំចិត្តនោះ ចែកចេញជា ៣ ជាន់ គឺទិដ្ឋធម្មិកត្ថៈ ( ប្រយោជន៍ក្នុងបច្ចុប្បន្ន ), សម្បរាយិកត្ថៈ ( ប្រយោជន៍ក្នុងបរលោក ), បរមត្ថៈ ( ប្រយោជន៍ឧត្ដមគឺព្រះនិព្វាន ) ។
ទិដ្ឋិធម្មិកត្ថៈ អំណោយផលឲ្យតាំងខ្លួនបានជាគោលចារិកត្រឹមត្រូវក្នុងបច្ចុប្បន្ន ។ ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឲ្យមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតក្នុងករណីយកិច្ចដែលជានាទីរបស់ខ្លួន គឺថាបើនៅក្នុងវ័យដែលត្រូវសិក្សា ក៏គួរជ្រើសរើសការសិក្សាដែលជាប្រយោជន៍ លះវៀរការសិក្សាដែលជាទោសចេញ, កាលបើឃើញការសិក្សាដែលជាប្រយោជន៍ហើយ ក៏ចូរព្យាយាមចំពោះការសិក្សានោះ ទាល់តែសម្រេចផលតាមបំណង កុំនឿយណាយរួញរាឡើយ, កាលបើបានទទួលការងារណា ៗ ដែលគេប្រគល់ឲ្យ ក៏ចូរតាំងចិត្តព្យាយាមធ្វើការងារនោះ ៗ ឲ្យបានសម្រេចផលតាមដែលគេប្រគល់ឲ្យឬគេទុកចិត្តគួរអប់រំចិត្តឲ្យស្មោះត្រង់ចំពោះខ្លួនឯង ចំពោះអ្នកដទៃ ចំពោះការងារដែលជានាទីរបស់ខ្លួន ចំពោះកាលវេលា ចំពោះសមាគម ឲ្យចិត្តមានសតិសម្បជញ្ញៈ អត់ធន់ ក្លៀវក្លា អាចហាន រីករាយ ទន់ភ្លន់, មានសច្ចេកតញ្ញូកតវេទី បដិភាណឈ្លាសវៃដឹងហេតុការណ៍មិនភ្ញាក់ផ្អើលអាចប្រកបករណីយនោះ ៗ ឲ្យសមគួរដល់កាលៈទេស ចេះរក្សាករណីយនោះ ៗ មិនឲ្យសាបសូន្យ ឲ្យមានតែសេចក្ដីចំរើនដោយលំដាប់ រហូតដល់ទ្រព្យសម្បត្តិដែលរកបានមកដោយធម៌ដ៏ប្រពៃ ក៏ចេះរក្សានឹងចាយវាយក្នុងផ្លូវដែលជាប្រយោជន៍ ចេះកាន់ប្រយោជន៍របស់ទ្រព្យសម្បត្តិទុកឲ្យបាន មិនបណ្ដោយឲ្យប្រាសចាកប្រយោជន៍ ដែលនឹងត្រឡប់ជាទោសដល់ខ្លួន ទាំងត្រូវជាមនុស្សមានកល្យាណមិត្ររួមកិច្ចការ ឬប្រឹក្សាប្រារព្ធការងារគ្រឿងចិញ្ចឹមជីវិតជាដើម, កាលបើអប់រំចិត្តបានយ៉ាងនេះហើយ គង់នឹងបានទទួលផលដូចពោលមកពុំខាន ។ 
សម្បរាយិកត្ថៈ អំណោយផលឲ្យចេះធ្វើប្រយោជន៍ដល់ពួកគណៈប្រទេសជាតិ ហើយជាគុណសម្បត្តិជាប់នឹងខ្លួន ដូចស្រមោលជាប់តាមប្រាណ សូម្បីនឹងទៅកាន់ទិសណា ៗ ក៏រមែងអំណោយផលតាមជូនទៅឧបត្ថម្ភក្នុងទិសនោះ ៗ មិនឲ្យមានទុក្ខលំបាក ។ ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឲ្យមានសទ្ធា គឺជឿក្នុងរបស់ដែលគួរជឿ, ឲ្យមានសីល គឺតាំងចិត្តប្រព្រឹត្តកាយវាចារៀបរយប្រាសចាកទោសទាល់តែចិត្តជាប្រក្រតីមិនកំរើកញាប់ញ័រ, ឲ្យមានចាគៈ គឺចេះបែងចែកលះទាំងខាងក្នុងនឹងខាងក្រៅ ធ្វើចិត្តឲ្យទូលាយមិនចង្អៀត, អ្វីជាសត្រូវរបស់សទ្ធានឹងសីលជាចំណែកខាងក្នុងក៏រមែងលះបាន, អ្វីជាសត្រូវរបស់ការខាងក្រៅក៏រមែងលះបាន, ឲ្យមានបញ្ញាដឹងហេតុផលតាមពិត ក្នុងរបស់ដែលខ្លួនជឿនឹងលះបង់ ។ ការអប់រំចិត្តបានយ៉ាងនេះ រមែងជាហេតុធ្វើចិត្តឲ្យស្គាល់ជាក់លាក់ក្នុងការបំពេញប្រយោជន៍រួមគឺពួកគណៈដែលខ្លួននៅអាស្រ័យ ជាគុណសមុទ័យឲ្យជាអ្នកលឿនដាច់គេក្នុងពួកនោះ ៗ ។
បរមត្ថ អំណោយផលឲ្យជាអ្នកមានចិត្តបរិសុទ្ធផុតចាកកិលេសាសវៈផុតចាកកងទុក្ខទាំងពួង, ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឲ្យមានបញ្ញាជាហេតុជ្រែកទុក្ខ ដែលមានតណ្ហាជាដែនកើត, កាលបើអាចលះតណ្ហាបានដាច់ស្រឡះហើយ កងទុក្ខទាំងពួងក៏រលត់អស់ដូចភ្លើងដែលអស់ប្រេង រមែងរលត់ទៅដូច្នោះ ។
វិធីអប់រំចិត្តតាមដែលពណ៌នាមកនេះ សូមលោកអ្នកមានប្រាជ្ញាពិចារណាមើលចុះ បើលោកអ្នកនិយមក្នុងការអប់រំចិត្តហើយ តែមិនបានសម្រេចលទ្ធផលដល់ជាន់ទីបំផុត បានត្រឹមតែការធ្វើ ការនិយាយ ការគិត ជាសុចរិតប៉ុណ្ណោះ ក៏គប្បីនឹកសង្ឃឹមក្នុងចិត្តចុះថា ខ្លួនតិះដៀលខ្លួនឯងមិនបាន, អ្នកដឹងពិចារណាហើយក៏សរសើរ, កិត្តិស័ព្ទខាងល្អរមែងក្រអូបខ្ចរខ្ចាយទៅគ្រប់ទិសានុទិស, មិនជាអ្នកវង្វេងធ្វើកាលកិរិយា, សូម្បីនឹងត្រូវទំលាយខន្ធទៅក៏មានសុគតិជាទីប្រព្រឹត្តទៅក្នុងខាងមុខ, សុទ្ធតែជាផលដែលគួរប្រាថ្នាពិត ៗ ទើបជាការសមគួរណាស់តែខំព្យាយាមក្នុងការអប់រំចិត្តនេះ ដើម្បីសម្រេចផលជាសុខក្នុងទីគ្រប់ស្ថាន គ្រប់កាលសម័យ ។ វិធីអប់រំចិត្តមានន័យដូចពោលមកដូច្នេះឯង ។ 
ចប់
ចិត្តសៅហ្មងមកពីមិនប្រឹងអប់រំ
ប្រឹងសន្សំធ្វើទានសីលនឹងភាវនា,
ចិត្តសៅហ្មងនាំឲ្យរងទុក្ខខ្លោចផ្សា
ក្នុងអនាគតកាលនឹងបច្ចុប្បន្ន ។
ចិត្តបរិសុទ្ធផុតមន្ទឹលស្រិលស្អាតភ្លឹង
មកអំពីប្រឹងខំបំពត់មិនស្រាកស្រន់,
ចិត្តបរិសុទ្ធនាំឲ្យសុខអនេកលន់,
សាធុជនគួរអប់រំចិត្តទៅហើយ !

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks