ឧត្តមគតិ និងបណ្តំាផ្ចើដាស់តឿនយុវវ័យ បីលោកតាព្រឹទ្ធាចារ្យ កវីនិពន្ធជើងចាស់៖ ពេជ្រទុំ ក្រវិល
«បើ ទោះបីជាពេលវេលាខុសឆ្ងាយគ្នាយ៉ាងណាក្តី ភាពជាយុវវ័យគឺជាវេលាសម្រាប់ស្វែងរកការសប្បាយរីករាយ»។ នេះជាការលើកឡើងរបស់លោកតា ពេជ្រ ទុំក្រវ៉ិល កវីនិពន្ធខ្មែរជើងចាស់ និងជាតារាសិល្បៈដ៏ល្បីក្នុងទសវត្សរ៍ទី៦០។
លោកតាបញ្ជាក់ថា លោកមិនមានការថ្នាំងថ្នាក់នឹងយុវវ័យសម័យថ្មីដែលដើររំលង វប្បធម៌ខ្មែរ ហើយបែរជាពេញចិត្ត និងជាប់ចិត្តនិយមតែវប្បធម៌របស់ជាតិដទៃឡើយ ពីព្រោះវាជាបរិបទសង្គម និងការបើកមហាទូលាយនៃសាកលភាវូវបនីយកម្មដែលបានបណ្តាលឲ្យ ទំនៀមទម្លាប់ និងចរិតលក្ខណៈរបស់ពួកគេមានការប្រែប្រួលខ្លះ និងទំនោររកអ្វីដែលថ្មី។ ប៉ុន្ដែមុននិងក្រោយ ពួកគេក៏គង់តែត្រឡប់មកគោរពស្រឡាញ់ពេញចិត្តនូវអ្វីដែលពួកគេ ធ្លាប់មានដដែល។
លោកតាបន្ដថា៖ «ជាក់ស្ដែង នៅក្នុងសម័យសង្គមរាស្រ្តនិយមទសវត្សរ៍ឆ្នាំ១៩៦០ ការហូរចូលនៃវប្បធម៌បរទេសមានដូចគ្នានឹងសម័យបច្ចុប្បន្នបើទោះជា មិនច្រើនដូចសព្វថ្ងៃនេះ ហើយយុវវ័យភាគច្រើនក៏បានឈ្លក់វង្វេងនឹងសិល្បៈវប្បធម៌បរទេស ដែរ តែភាពនិយមនោះវាជាភ្លើងចំបើងប៉ុណ្ណោះ»។
លោកតាគូស បញ្ជាក់ថា៖ «យុវជនបច្ចុប្បន្នសម្បូរទេពកោសល្យ មានភាពក្លាហាន និងឱកាសច្រើនជាងយុវជនជំនាន់មុន។ តែការស្គាល់ខ្លួនឯងឲ្យច្បាស់ ហើយនេះជាបញ្ហាធំដែលបណ្តាលឲ្យខ្លួនឯងវង្វេងមិនដឹងវប្បធម៌ខ្លួន ឯង»។
លោកតាពន្យល់ថា៖ «ខ្មែរយើងនៅតែមានវប្បធម៌ខ្ជាប់ខ្ជួន ពីព្រោះយើងមានគ្រឹះរបស់យើងធំ និងម៉ាំតាំងពីបុរាណ។ បើទោះជាយើងឆ្លងកាត់សម័យកាល និងសង្គ្រាមជាច្រើនដែលឈ្លានពានដោយបរទេស និងមានការបង្ខំ ឬប្រើមនោគមវិជ្ជាយ៉ាងណាក៏ដោយ ក៏យើងនៅតែរក្សាបាននូវជាតិ សាសនាព្រះមហាក្សត្រដដែល ហើយប្រពៃណីវប្បធម៌ខ្មែរនៅតែមិនសាបសូន្យទេពីព្រោះយើងបានស្គាល់ វាច្បាស់ និងទទួលស្គាល់ថា យើងមានវា»។ លោកតា ក៏បានលើកទឹកចិត្តដល់យុវជនសម័យថ្មីនេះឲ្យខិតខំបង្កើនស្នាដៃ សិល្បៈរបស់ខ្លួន និងគួរយល់ថា ខ្លួនមានដើមកំណើតជាអ្វី ហើយមកពីណា។
លោកតាបានផ្តាំផ្ញើថា៖ «ដូនតាខ្មែរពូកែក៏ព្រោះតែ គាត់មានគំនិតចេះកែខៃថ្មឲ្យមានតម្លៃ ហើយលោកបានកសាងប្រាង្គប្រាសាទដែលជាទេវស្ថាននៅលើទឹកដីដ៏តូចនេះ បានរាប់ពាន់ផងដែរ។ វាមានន័យថា ខ្មែរបុរាណបានយល់ពីជីវិតក្នុងឋានសួគ៌។ ចុះយើងជាអ្នកជំនាន់ក្រោយវិញបានឃើញ និងស្រឡាញ់ហើយយើងត្រូវតែថែរក្សាការពារឲ្យបានគង់វង្សតទៅមុខទៀត បើថាយើងស្រឡាញ់ជាតិពិតប្រាកដមែន»៕ ប្រភពពត៌មាន ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment