Sunday, November 24, 2013

ទស្សនវិជ្ជា & Philosophy

ទស្សនវិជ្ជា

១- តើទស្សនវិជ្ជាជាអ្វី ?
ចំៈ- តាមទស្សនៈរបស់Pythagore: ទស្សនវិជ្ជាគឺស្នេហាគតិបណ្ឌិត ។
– តាមទស្សនៈរបស់ Socrates: ទស្សនវិជ្ជាគឺចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត ។
– តាមទស្សនៈរបស់ Platon:
ទស្សនវិជ្ជាគឺជាការខិតខំដើម្បីរំដោះបញ្ញា ដើម្បីឲ្យចេញពីគុក ភាពអវិជ្ជា និង ជាការធ្វើដំណើរឆ្ពោះទៅរកសច្ចភាព។
– តាមទស្សនៈរបស់ Aristote:
ទស្សនវិជ្ជាគឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត
ហើយ ទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់របស់ មនុស្ស។

២- តើទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល គ្នានិងខុសគ្នាត្រង់ណាខ្លះ? ចូរពន្យល់ ?
ចំៈ ទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល និង ខុសគ្នាដូចខាងក្រោម៖
– វិទ្យាសាស្រ្ត គឺជាអង្គពុទ្ធិដែលបានផ្ទៀងផ្ទាត់ និង មាន លក្ខណៈជាប្រព័ន្ធ ។ វិទ្យាសាស្ត្រផ្តោតយកចិត្តទុកដាក់ជា សំខាន់ទៅលើរបកគំហើញ នៃសច្ចភាព ។
– ទស្សនវិជ្ជា គឺជាវិទ្យាសាស្ត្រមួយ ពីព្រោះវិធីទស្សនវិជ្ជាមាន លក្ខណៈជាប្រព័ន្ធ និង ប្រកបដោយវិចារណញាណទៀត ផង ។
– ការខុសគ្នារវាងវិស័យទាំងពីរនេះគឺថា វិទ្យាសាស្ត្រនិមួយៗ មានកម្មវត្ថុសិក្សាតូចចង្អៀត ចំណែកទស្សនវិជ្ជាវិញ មាន កម្មវត្ថុសិក្សាធំទូលាយ ។ ទស្សនវិជ្ជាយកចិត្តទុកដាក់ទៅ លើតំលៃ និង បុគ្គលិកលក្ខណៈរបស់មនុស្ស ហើយបញ្ចូល នូវបញ្ហាផ្សេងៗទៀតជាច្រើន ដូចជា ព្រលឹង យុត្តិធម៌ និង អាទិទេពជាដើម ។
៣- តើទស្សនវិជ្ជា មានមុខងារអ្វីខ្លះ ?
ចំៈ ទស្សនវិជ្ជាមានមុខងារសំខាន់បីយ៉ាងគឺ៖
– ទស្សនវិជ្ជា ជាអ្នកពិនិត្យដោយប្រុងប្រយ័ត្ន ព្រមទាំងធ្វើការ រិះគន់ មូលបដិញ្ញា(ការអះអាង) និង ការសន្និដ្ឋាននៃ
វិទ្យាសាស្រ្តទាំងអស់ ។
– ទស្សនវិជ្ជា ជាអ្នកធ្វើសំយោគនូវលទ្ធផលទាំងឡាយរបស់ វិទ្យាសាស្ត្រ ។
– ទស្សនវិជ្ជា ជាអ្នកបង្រួបបង្រួម និង នាំវិទ្យាសាស្ត្រផ្សេងៗ ឲ្យមានឯកភាពគ្នា និង គាំទ្រគ្នាទៅវិញទៅមក ។

៤- តើវិធីទស្សនវិជ្ជាជាអ្វី? មានប៉ុន្មានជំហាន? អ្វីខ្លះ?
ចំៈ វិធីទស្សនវិជ្ជា គឺជាវិធីមួយដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើ ការឆ្លុះបញ្ចាំងបញ្ហាផ្សេងៗក្នុងគោលបំណងស្វែងរកសច្ចភាព។
មាន៧ជំហានគឺ៖
– ការយល់ដឹងអំពីបញ្ហា ឬ ការកំណត់បញ្ហា
– ការប្រមូលទិន្នន័យ
– ការរៀបចំ និង វាយតម្លៃទិន្នន័យដែលប្រមូលបាន
– ការស្នើឡើងជាសម្មតិកម្ម ឬ ដំណោះស្រាយ
– ការអង្កេតពិនិត្យទៅលើសម្មតិកម្ម
– ការរកឃើញនូវសច្ចភាព
– ការអនុវត្តនូវគោលការទាំងឡាយលើករណីជាក់ស្តែង ។

៥- តើវិធីសំខាន់ៗនៅសហសម័យនេះមានអ្វីខ្លះ? ចូរពន្យល់?
ចំៈ មាន៦ គឺ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម ។
ឧទាហរណ៍ៈ
ម៉ុក ស្លាប់
ម៉ៅ ស្លាប់
ម៉ែន ស្លាប់
ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស ។
ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ។

2- អនុមានញែក៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក ។
ឧទាហរណ៍ៈ
លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
Cu ជាលោហៈ
ដូចនេះ Cu ក៏ចំលងអគ្គិសនីដែរ ។

3- បដិសំយោគ៖ ជាដំនើរនៃការទទួលបានពុទ្ធិ តាមរយៈ បច្ចេកទេស សំនួរ ចំលើយ ។

4- វិធីវិភាគ៖ ជាការផ្តាច់អ្វីមួយឲ្យទៅជាផ្នែកៗ។ វិធីវិភាគមានពីរគឺៈ
វិភាគពិត (វិទ្យាសាស្រ្តពិត)
វីភាគក្នុងគំនិត (វិទ្យាសាស្រ្ត)

5- វិធីស្រមើស្រមៃ៖ ជាទំនោមួយដែលផ្អែកជាសំខាន់ទៅលើ អារម្មណ៍ និង សភាវគតិ ។ ការនិយមវិធីនេះច្រើនពេកនាំ ឲ្យមានកំហុសឆ្គង និង បាត់បង់ភារកិច្ចទស្សនវិជ្ជា ។

6- វិធីសហចក្ខុ៖ ជាទម្រង់ការមួយ អាស្រ័យលើមនុស្ស ពិនិត្យ លើវត្ថុមួយ ក្នុងភាពទាំងមូលរបស់វា។ វាជាវិធីទស្សនវិជ្ជា ដែលមានលក្ខណៈពិសេស ពីព្រោះវាក្តាប់អ្វីមួយតាម ទស្សនៈទូលំទូលាយ ។

៦- ចូរនិយាយអំពីវិធីដំបូងបង្អស់?
ចំៈ វិធីដំបូងបង្អស់ ដែលមនុស្សធ្លាប់បានប្រើប្រាស់គឺ វិធីចំរុះរវាង ការអង្កេតពិនិត្យ និង ការពិចារណា ហើយត្រូវបានគេចាត់ទុក ជាប្រភពនៃវិធីផ្សេងៗទៀត ។ មនុស្សសម័យបុព្វកាលបានប្រើ វិធីនេះដើម្បីស្វែងរកចំណីអាហារ និង ទីជម្រករបស់ពួកគេ ។
ការអង្កេត ពិនិត្យ និង ការពិចារណា សង្កត់ធ្ងន់ទៅលើពុទ្ធិដែល គេទទួលបាន តាមរយៈសរីរាង្គវិញ្ញាណរបស់មនុស្ស ។

៧- តើមនុស្សមានប្រភពមកពីណា ?
ចំៈ ប្រភពរបស់មនុស្ស៖
– ទ្រឹស្តីវិវត្តន៍៖ មនុស្សបានវិវត្តន៍មកពីបុព្វបុរសដែលមាន លក្ខណៈស្រដៀងនឹងមនុស្សដែរ(ស្វា) ។ មនុស្សបាន វិវត្តន៍បន្តិចម្តងៗនូវគ្រប់ទំរង់នៃជីវិត ។
– ទ្រឹស្តីអាទិទេព៖ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជា ម្ចាស់។ គម្ពីរគ្រិស្តសាសនា Bible បានសរសេរថា ព្រះបាន បង្កើតមនុស្សពីលំអងធូលី ហើយបានផ្លុំខ្យល់ជីវិតចូលតាម រន្ធច្រមុះរបស់មនុស្ស រួចហើយមនុស្សក៏ក្លាយជាព្រលឹង ដែលមានជីវិត ។

៨- តើសារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈអ្វីខ្លះ ?
ចូរពន្យល់ ?
ចំៈ សារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈ៤គឺ៖
– ទស្សនៈវិចារណញាណនិយមៈ បានចង្អុលបង្ហាញពី សមត្ថភាពរបស់មនុស្សក្នុងការដឹង និង ពិចារណា ។ វាជា គុណសម្បត្តិតែមួយគត់ ដែលគុណសម្បត្តិនេះផ្តាច់ឬញែក មនុស្សចេញពីសត្វមានជីវិតផ្សេងៗទៀត ។
– ទស្សនៈសាសនាៈ ធម្មជាតិរបស់មនុស្សមានលក្ខណៈជា ព្រះ ។ មនុស្សជាភាវៈដែលបង្កើតដោយព្រះជាម្ចាស់ ហើយបង្កើតនៅក្នុងរូបភាពជារបស់ព្រះ។
– ទស្សនៈជីវសាស្ត្រៈ មនុស្សជាទម្រង់នៃជីវិតដែលខ្ពស់ជាង គេបំផុតដែលភាវៈ និងសកម្មភាពនានារបស់គេត្រូវបាន កំណត់ដោយច្បាប់ដូចៗគ្នា ដែលច្បាប់នោះគ្រប់គ្រងលើ រូបធាតុផ្សេងៗ។ មនុស្សជាផ្នែកមួយនៃលំដាប់រូបសាស្ត្រ របស់ធម្មជាតិដូចវត្ថុផ្សេងៗទៀតដែរ មនុស្សមានទំហំ ទំងន់ រាងរៅ និង ពណ៌សំបុរ ។
– ទស្សនៈអាកប្បកិរិយានិយមៈ មនុស្សគឺជាភាវៈដែលអាច ត្រូវបានគេប្រើ អាចត្រូវបានគេបង្កើត និង អាចត្រូវបានគេ ធ្វើឲ្យអភិវឌ្ឍន៍ជាច្រើន ដូចគ្នាទៅនឹងសត្វដទៃមួយចំនួន ទៀតដែរ ។

៩- តើមនុស្សខុសពីសត្វត្រង់ណា ?
ចំៈ មនុស្សខុសពីសត្វត្រង់៖
– មនុស្សចេះប្រើប្រាស់ភាសា
– មនុស្សចេះច្នៃប្រឌិត និង បង្កើតថ្មី
– មនុស្សជាសត្វដែលមានលក្ខណៈសង្គម និង នយោបាយ
– មនុស្សមានការយល់ដឹងអំពីប្រវត្តិសាស្ត្រ
– មនុស្សចេះបង្កើតសោភណ្ឌភាព
– មនុស្សមានក្រមសីលធម៌
– មនុស្សមានសាសនា

១០- ចូរនិយាយអំពីទ្រឹស្តីប្រធានវិស័យ និង វត្ថុវិស័យ នៅក្នុងតម្លៃ ?
ចំៈ – ទ្រឹស្តីប្រធានវិស័យៈ បង្ហាញថា តំលៃត្រូវបានគេបង្ហាញឲ្យ ឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ឬជំនឿដែលមនុស្ស បានជួបប្រទះ ពោលគឺ អាទិភាពនៃតម្លៃគឺ អាស្រ័យទៅលើ មនុស្ស។
– ទ្រឹស្តីវត្ថុវិស័យៈ អះអាងថា តំលៃគឺជាគុណភាពពិតរបស់ វត្ថុទាំងឡាយ មានន័យថា អាទិភាពនៃតំលៃគឺ អាស្រ័យ ទៅលើវត្ថុ។

១១- ដូចម្តេចដែលហៅថា តម្លៃ? ដើម្បីឲ្យក្លាយទៅជាមនុស្សមាន តម្លៃត្រូវមានលក្ខណៈពិសេសអ្វីខ្លះ? ចូរពន្យល់?
ចំៈ និយមន័យរបស់ តម្លៃ ត្រូវបានកំណត់ដោយអ្នកប្រាជ្ញបីគឺ ៖
– Hunt : តម្លៃគឺជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះអាកប្បកិរិយា ហើយវាជាមូលដ្ឋាននៃការសំរេចចិត្ត ប្រតិកម្ម និង អាកប្បកិរិយារបស់យើង ។
– Perry : តម្លៃគឺជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ ជាមួយនឹងគោលបំណងដែលវាបម្រើ។
– Moore : តម្លៃគឺជាបញ្ញត្តិមួយដែលគេមិនអាចកំណត់ អត្ថន័យបាន ។
ដើម្បីក្លាយទៅជាមនុស្សមានតម្លៃត្រូវមានលក្ខណៈពិសេសពីរគឺ
– ចរិយាសម្បត្តិៈ
– វិជ្ជាសម្បត្តិៈ

១២- តើគេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជាប៉ុន្មាន? អ្វីខ្លះ?
ចំៈ គេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជា៨គឺ៖
– តម្លៃជីវសាស្ត្រ
– តម្លៃសេដ្ឋកិច្ច
– តម្លៃខាងអារម្មណ៍
– តម្លៃសង្គម
– តម្លៃបញ្ញា
– តម្លៃសីលធម៌
– តម្លៃសោភ័ណ្ឌវិជ្ជា
– តម្លៃសាសនា

១៣- ហេតុអ្វីបានជាយើងត្រូវសិក្សា សីលវិជ្ជា?
ចំៈ បានជាយើងត្រូវសិក្សា សីលវិជ្ជា ពីព្រោះ៖
– ការសិក្សាអំពីសីលធម៌អាចបញ្ជាក់ប្រាប់យើងនូវអំពើល្អ និង អំពើអាក្រក់ទាំងឡាយ ។
– មានសីលធម៌ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានការ យោគយល់គ្នា ព្រមទាំងមានច្បាប់សម្រាប់ការប្រព្រឹត្ត ។
– ការប្រព្រឹត្តប្រកបដោយសីលធម៌ ឬ អសីលធម៌ ត្រូវបានគេ វាយតម្លៃទាំងក្នុងអតីតកាល និង បច្ចុប្បន្នកាល។
– សីលធម៌ប្រឹងប្រែងបង្ហាញមនុស្សនូវតម្លៃពិតនៃជីវិត ហើយ វាជំរុញឲ្យមនុស្សស្វែងរកតម្លៃទាំងនោះ ។

១៤- ចូរនិយាយអំពី៖
ក- ពុទ្ធប្រវត្តិសង្ខេប
ខ- អរិយសច្ចៈ
ចំៈ
ក- ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធទ្រង់ប្រសូត្រ នៅថ្ងៃ សុក្រ ទី១៥ កើត ខែ ពិសាខ ឆ្នាំ ច ។
នៅពេលប្រសូត្របាន ៥ ថ្ងៃ មានពួកព្រាហ្មណ៍ ៨ នាក់ បានដាក់ ឈ្មោះព្រះនាមព្រះអង្គថា សិទ្ធត្ថកុមារ ។ ក្នុងចំណោមព្រាហ្មណ៍ ទាំង ៨ មានព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ បានទាយ ថា ព្រះរាជបុត្រនឹងបានត្រាស់ជាព្រះពុទ្ធអង្គនៅថ្ងៃអនាគត ។ កន្លងបានរយៈពេល ២ ថ្ងៃក្រោយមក ព្រះមាតាព្រះអង្គទ្រង់ ចូលទីវង្គត ។ នៅពេលព្រះអង្គមានព្រះជន្មាយុ ១៦ វស្សា ព្រះអង្គ ទ្រង់បានរៀបអភិសេកជាមួយព្រះនាងពិម្ពាយសោធរា ។ ពេល ទ្រង់មានព្រះជន្មាយុ ២៩ ព្រះវស្សាទ្រង់បានលួចចេញពីក្រៅ កំផែងវាំងដើម្បីដើរកំសាន្ត ក៏ស្រាប់តែទតឃើញនូវទេពនិម្មិត្ត ដែលស្តែងអំពីឆាកជីវិតមនុស្សគឺ កើត ចាស់ ឈឺ ស្លាប់ ដែល បណ្តាលឲ្យព្រះអង្គមានភាពភ័យរន្ធត់ជាខ្លាំង ហើយទ្រង់ក៏បាន ឃើញអ្នកបួសម្នាក់ដែលបណ្តាលឲ្យព្រះអង្គគិតថាមានតែទៅ បួសទេដែលអាចជៀសផុតពីការកើត ចាស់ ឈឺ ស្លាប់ ទៅបាន ។ នៅពេលយប់កណ្តាលអធ្រាត ទ្រង់ក៏សម្រេចចិត្តលួចចាកចេញពី វាំងទៅបួសចោលក្រុមគ្រួសារសាច់ញាតិព្រះអង្គ ។ រយៈពេល ៦ ឆ្នាំកន្លងទៅ នៅថ្ងៃទី ១៥ កើតខែ ពិសាខ ឆ្នាំ រកា ព្រះអង្គបាន ត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ក្នុងការរកផ្លូវរំដោះទុក្ខសត្វលោក ។ នៅថ្ងៃ ១៥ កើត ខែ មាឃ ទ្រង់បាន ដាក់អាយុសង្ខារ ។ នៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ព្រះអង្គ បានចូលបរិនិព្វាន ក្នុង ជន្មាយុ ៨០ វស្សា ។

ខ- អរិយសច្ចៈ គីជាការពិតដ៏ប្រសើរដ៏ខ្ពង់ខ្ពស់ ។
– ទុក្ខអរិយសច្ចៈ គឺទុក្ខជាសេចក្តីពិត។ ទុក្ខធំៗមានៈ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និង មរណទុក្ខ។
– សមុទយអរិយសច្ចៈ គឺហេតុនៃទុក្ខជាសេចក្តីពិត។ ហេតុ ដែលនាំឲ្យមានទុក្ខមាន២គឺ អវិជ្ជា និង តណ្ហា ។
– និរោធអរិយសច្ចៈ គឺការបំបាត់ទុក្ខជាសេចក្តីពិត។ ដើម្បី បំបាត់ទុក្ខគេត្រូវបំបាត់អវិជ្ជា និង តណ្ហា ។
- មគ្គអរិយសច្ចៈ គឺជាផ្លូវ ឬ មធ្យោបាយបំបាត់ទុកជាសេចក្តី ពិត ។ ដើម្បីបំបាត់ទុក្ខត្រូវដើរតាមផ្លូវកណ្តាល (មជ្ឈឹម បដិបទា ) ។

ពណ៌ដែលខ្ញុំស្រលាញ់បំផុត........! (ផេង សុខវ៉ាន់ដា)

Add caption

មន្តស្នេហ៏ធីតាកំពង់ធំ (ផេង សុខវ៉ាន់ដា)


Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks