Friday, February 28, 2014

ភាពខុសគ្នានៃតួនាទីរបស់អ្នកនិពន្ធ និងអ្នករៀបរៀង?

ភាពខុសគ្នានៃតួនាទីរបស់អ្នកនិពន្ធ និងអ្នករៀបរៀង?

តាមការសង្កេតកន្លងមកពាក្យនេះមានអ្នកយល់ច្រឡំច្រើនគ្នាដែរ។
បើប្រិយមិត្រនិងក្មួយៗមិនយល់ទាស់ទេខ្ញុំសូមជម្រាបជូនដូចតទៅ។
១,អ្នកនិពន្ធគឺអ្នកដែលសរសេរចេញពីគំនិតខ្លួនផ្ទាល់បានជាស្នាដៃ
របស់គាត់ផលិតសុទ្ធសាធ។មានន័យថា ដូចជាអ្នកម្តាយបង្កើតបុត្រ។
២,អ្នករៀបរៀង គឺជាអ្នកកែសម្រួលខ្លឹមសារ,រៀបចំល្បះឃ្លាណាដាក់ មុនណាដាក់ក្រាយដម្បីឱ្យអ្នកអានចូលចិត្តអាន។អ្នករៀបរៀងធ្វើការ ជាមួយអ្នកនិពន្ធនិងវិចិត្រករគូររូប។ល។ម្ប៉ាងទៀតអ្នកស្រាវជ្រាវមក
ពីអ្វីមួយយកមកសរសេរក៏ជាអ្នករៀបរៀងដែរមិនមែនជាអ្នកនិពន្ធទេ
។ល។មានន័យថាអ្នករៀបរៀងដូចជាពេទ្យឆ្មប។
------------------------------------------------------------------------------------
ជូនចំពោះប្រិយមិត្រនិងក្មួួយៗអ្នកស្រឡាញ់ការនិពន្ធអក្សរសិល្ប៍ខ្មែរ!

បើលោកអ្នកចង់ក្លាយខ្លួនជាអ្នកនិពន្ធដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ឱ្យដូចទៅនឹងផ្កាឈូកដែលខ្ញុំបានបង្ហាញជូននេះ, លោកអ្នកត្រូូវទន្ទេញពាក្យបាលី៤គាថាដូចតទៅ៖ " សុ. ចិ. បុ. លិ." ហើយអនុវត្តឱ្យបានជាប្រចាំ។
ពាក្យនេះជាទ្រឹស្តីទស្សនវិជ្ជានៃព្រះពុទ្ធសាសនាអប់រំទូន្មានប្រៀនប្រដៅ
សម្រាប់អ្នកសិក្សារៀនសូត្រដើម្បីក្លាយខ្លួនទៅជាអ្នកចេះដឹងខ្ពង់ខ្ពស់បាន។
អត្ថន័យនៃពាក្យទាំង៤គាថាខាងលើនេះគឺ៖
១, សុ. មកពីពាក្យបាលីថា សុត (អានថា សុតតាក់)= មានន័យ "ស្តាប់" ។
២, ចិ. - ដ - ចិន្ត (អានថា ចិនតាក់) = មានន័យ "គិត" ។
៣, បុ. - ដ - បុច្ឆ (អានថា ប៉ុចឆាក់) = មានន័យ "សួរ" ។
៤, លិ. - ដ - លិខ (អានថា លិខាក់) = មានន័យ "កត់" ។

ឧទាហរណ៍៖ ពេលគ្រូូពន្យល់ត្រូូវស្តាប់, ស្តាប់ហើយគិត, គិតមិនយល់សួរ, សួរ
ហើយពេលគ្រូួូពន្យល់ខ្លាចភ្លេចត្រូូវកត់។
---------------------------------------------------------------------------------------------------
កំណាព្យ ប្រភេទរឿងល្បើក

មហិច្ឆតានៃសត្វកង្កែប
បទពាំក្យ៧

កង្កែប "អូកៗ" អែបគុម្ពកក់
ធ្វើភ្នែកម៉ក់ៗមើលមកគោ
កំពុងផឹកទឹកទៀតស្រែករោទិ៍
ពេលម្ចាស់លោកលោទាញខ្សែដឹក។

រួចហើយដំស្នឹងប្រឹង "ប៉ូកៗ"
ស្រះជិតដំបូកដែលគោផឹក
ម្ចាស់អូសរទេះផ្ទុុកឪឡឹក
បេះប្រមូលដឹកពេលសាយណ្ហ។

ពេលនោះកងកែបស្រក់ទឹកមាត់
ព្រោះឃើញគោធាត់ចង់ធំទាន់
ចិត្តចង់លេបគោវាធំគ្រាន់
ម្ល៉េះសមទ្រលាន់ឆ្ងាញ់យ៉ាងណា?

និពន្ធកំណាព្យ & ថតរូបដោយ
វ៉ែន សុន

ព្រះសារលិខិតរបស់ ព្រះបាទអង្គឌួង ថ្វាយព្រះចៅអធិរាជ ណាប៉ូគេអុងទី៣ នៃប្រទេសបារាំង

ព្រះសារលិខិតរបស់ ព្រះបាទអង្គឌួង 
ថ្វាយព្រះចៅអធិរាជ ណាប៉ូគេអុងទី៣ នៃប្រទេសបារាំង 
បានត្រូវលោក ទៀ ថេន ក្នុងសៀវភៅ ឈ្មោះ
រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម (តាមឯកសាររបស់លោក ហ៊ូ នឹម)
ឆ្នាំ២០០៥ បានរំលឹកក្នុងកឋាខណ្ឌទី២ យ៉ាងដូច្នេះ ៖ 

”…ហើយនៅក្នុងពេលជាមួយគ្នានេះ ទូលព្រះបង្គំសូមទូលថ្វាយ ព្រះករុណាអធិរាជបារាំងទ្រង់ជ្រាប ដូចតទៅនេះ……

១ -ប្រទេសខ្មែរដ៏ធំទូលាយ ត្រូវបានកាត់យកគ្មានឈប់ឈរ
ដោយពួកអណ្ណាម ជួនកាលមួយស្រុក ជួនកាលពីរស្រុក…
២- ព្រះមហាក្សត្រខ្មែរបានជួយស្តេច យ៉ា ឡុង
ក្នុងការបង្ក្រាបការបះបោររបស់ពួក តៃសឺន ហើយទីបំផុត
ស្តេច យ៉ាឡុង នេះ ដោយគំនិតទុច្ចរិត បានឆ្លៀតឪកាស
ដណ្តើមយកខេត្តពីរ ពីខ្មែរ គឺ ព្រះត្រពាំង និង ពាម ។
៣- ប្រជាជនកម្ពុជាបានងើបឡើងបះបោរប្រឆាំងពួកអណ្ណាម
ដែលជាអ្នកជិះជាន់សង្កត់សង្កិន ហើយក្រោយពីសង្គ្រាម១៨ឆ្នាំ។

ព្រះមហាក្សត្រកម្ពុជាទាមទារពីស្តេចអណ្ណាមនូវៈ
ក- ការដោះលែងព្រះរាជវង្សានុវង្សទាំងអស់ និងមន្ត្រីខ្មែរ ដែលត្រូវបានចាប់ឃុំឃាំងដោយពួកអណ្ណាម។
ខ -ការទទួលយកសន្តិភាព ដើម្បីបញ្ចប់សង្គ្រាម១៨ឆ្នាំនេះ…
គ- ការសន្យាពីស្តេចអណ្ណាម ដើម្បីផ្តលើឲ្យស្រុកខ្មែរវិញ
នូវទឹកដីកម្ពុជាទាំងអស់ ដែលពួកអណ្ណាមបានដណ្តើមយក…
៤ - ថ្វីបើមានការសន្យាក៏ដោយ ក៏អណ្ណាមពុំបានផ្តល់មកខ្មែរវិញ
នូវទឹកដីទាំងនេះឡើយ ហើយលើសពីនេះទៅទៀត ពួកវាបានរារាំងប្រជាជននៅទឹកដីទាំងនោះ
មិនឲ្យនាំសួយសារអាករ មកថ្វាយព្រះមហាក្សត្រខ្មែរថែមទៀត…

ព្រះមហាក្សត្រខ្មែរបានលើកឡើងក្នុងកថាខ័ណ្ឌទាំងនោះថា
នៅក្នុងពេលដែលបារាំងមកដល់ ជ័យជំនះរបស់ប្រទេសកម្ពុជា
គឺមានប្រាកដណាស់។ ក្រោយពីសង្គ្រាម១៨ឆ្នាំ ពួកអណ្ណាម
បានបង្អោនខ្លួននៅចំពោះមុខព្រះមហាក្សត្រខ្មែរ
ដើម្បីស្នើសុំនូវសន្តិភាពពីព្រះអង្គ ដោយសន្យាផ្តល់ឲ្យប្រទេសកម្ពុជា នូវខេត្តនៅកូសាំងស៊ីនទាំងអស់ ដែលពួកគេបានដណ្តើមយក…

ក្រោយពីបានរាយការណ៍ដូច្នេះថ្វាយ អធិរាជ ណាប៉ូឡេអុងទី៣ អំពីដំណើរការតស៊ូទាំងអស់របស់ព្រះអង្គជាមួយអណ្ណាម
ពីការទទួលកំហុស និងការកែរខ្លួនរបស់អណ្ណាមនេះមក ព្រះមហាក្សត្រនៃកម្ពុជាបានឲ្យដំណឹងជាលាយលក្ខអក្សរចំពោះប្រទេសបារាំង អំពីសិទ្ធិកាន់កាប់ទឹកដី របស់ព្រះរាជាណាចក្រខ្មែរ នៅលើខេត្តទាំងឡាយដូចខាងក្រោមនេះ៖
១- ខេត្តសេកុង
២- ខេត្ត លង់ហោ (ឬ វិញឡុង)
៣-ខេត្តផ្សារដែក ( សាឌាក)
៤-ខេត្តស្មីធ័រ (មេស មីថ)
៥-ខេត្តមាត់ជ្រូក (ចូវដុក)
៦-ខេត្តក្រមួនស (រ៉ាច់យ៉ា)
៧-ខេត្ត អូរមន ( កូវធ្វឹង)
៨-ខេត្តទឹកខ្មៅ (កាម៉ៅ)
៩-ខេត្តពាម (ហាទៀន)
១០- កោះត្រល់ (ហ្វ៊ូក្វុក)
១១-កោះត្រឡាច ( ពូឡូកុងឌ័រ)
……

និស្ស័យអង្គរ ›››››› (បទពាក្យប្រំាបី)

និស្ស័យអង្គរ
                                            ››››››
(បទពាក្យប្រំាបី)
. និស្ស័យអង្គរព្រលឹងវប្បធម៌                                 
ជាតិខ្មែរមានធម៌កាន់ពុទ្ធសាសនា
   ប្រតិបត្តិភ្ជាប់ភ្ជួនលំអានដូនតា                               
ឈាមជ័រខេមរាមហាអង្គរ។
. ពូជខ្មែរអង្គរចិត្តមំាដូចថ្ម                                     
សិល្បះបវរសំណង់លេចធ្លោ
   ស្ថាបត្យកម្មល្បីពេញនគរ                                   
គេកោតជំហរស្នាដៃកូនខ្មែរ។
. ប្រាសាទអង្គរ កេរពីដូនតា                                 
មរតក៌សិលា ចារជាប់ហូរហែរ
    គង់វង្សនៅល្អមរតក៌តំណែល                              
ទុកអោយកូនខ្មែរក្រោយថែរក្សារ។
ពូជខ្មែរចម្បំាងខ្មំាងកោតបាក់ស្បាត                        
សត្រូវខ្លបខ្លាចញញើតចេស្តា
    ព្រោះខ្មែរសាមគ្គីជុំវិញមហា-                                               
បល្ល័ង្កក្សត្រា ប្តូរផ្តាច់សង្ខារ។
និស្ស័យអង្គរ ចិត្តខ្មែរក្លាហ៊ាន                               
នំាជាតិថ្កើងថ្កាន ល្បីពេញលោកា
 ​   ហ៊ានថាគឺធ្វើ កាន់ពាក្យសច្ចា                              
ដើម្បីខេមរា ប្រជាសុខា។


និពន្ធនៅភូមិស្វាយ,ថ្ងៃទី ២០ ខែ ធ្នូ ឆ្នំា២០០៩ (កាលពីដើមឆ្នំាថ្នាក់ទី១១ Q)
ពិនិត្រកែសម្រួលឡើងវិញនៅភូមិស្វាយជួរ,ថ្ងៃទី១៣ខែកុម្ភះឆ្នំា២០១៤ (នៅថ្នាក់បរិញ្ញាប័ត្រឆ្នំាទី៣)
និពន្ធនិងកែសម្រួលដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
អតីតសិស្សនៃអនុវិទ្យាល័យ ព្រះសីហនុ វរ្ម័ន (២០០៥-២០០៨)
អតីតសិស្សនៃវិទ្យាល័យ ហ៊ុនសែន ស្អាង  (២០០៨-២០១១)
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ (២០១២..............)


ស្តេចកន អស់បុណ្យដោយសារព្រះច័ន្ទរះពីទិសខាងលិច! សម្តេចសែន អស់បុណ្យដោយសារ ព្រះអាទិត្ររះពីទិសខាងកើត!???? —

ស្តេចកន អស់បុណ្យដោយសារព្រះច័ន្ទរះពីទិសខាងលិច!
សម្តេចសែន អស់បុណ្យដោយសារ ព្រះអាទិត្ររះពីទិសខាងកើត!????

១.  រឿងរ៉ាវស្តេចកន បើតាមសាវតា                              
កន ក្បត់ក្សត្រាស្រីសុគន្ធបទ
      សម្លាប់់ស្តេចបោកប្អូនស្តេចប្រាកដ              
    ហើយតំាងកំណត់ខ្លួនអ្នកមានបុណ្យ ។
២.    ទំនាយស្តេចកន ខ្មែរដឹងគ្រប់គ្នា                          
 ថាដល់វេលាព្រះច័ន្ទរះពិត
        ស្តេចកន អស់បុណ្យ ច័ន្ទរះខាងលិច              
ស្តេចកនអស់រិទ្ធ ថែមទំាងដាច់ក្បាល។
៣.      ព្រះច័ន្ទ គឺព្រះច័ន្ទរាជាក្សត្រា                            
 ដឹកនំាខេមរា ដេញកន នឹងសេនា
        ខ្មែរក្រោកមុនគេខេត្តខាងលិចរ៉ា                      
  គឺពោធិសាត់ថ្លាខ្មែរក្រោកវ៉ៃកន។
៤.      ស្តាចម៏សែន អស់បុណ្យព្រោះព្រះអាទិត្រ          
 បំភ្លឺខ្មែរពិតពីទិសខាងកើត
        ស្តាចម៏សែន អស់រិទ្ធរាស្រ្តអស់សំណើច            
  ធ្លាប់អួតខ្លួនឆើត បែខ្លាចឆ្នោតខ្មែរ។
៥.       ខ្មែរក្រោកមុនគេនាខេត្តព្រៃវែង                        
អស់ទុកចិត្តលែងជឿសែនបោកខ្មែរ
        រាស្រ្តជំរុញ សុខា  បង្កើតបក្សដែរ                        
ដើម្បីរួមខ្មែរសង្គ្រោះទឹកដី។
៦.        ឥលូវព្រះអាទិត្រថ្មីរះហើយ                        
 ស្តាចម៏សែនភ័យហើយខ្លាចរាស្រ្តកាត់ក្តី
        ខ្លាចព្រះអាទិត្រ  ជំរះរឿងថ្មី                        
   នំាទៅកាត់ក្តីឧក្រិដ្ឋកម្មចាស់។
៧.     ស្តេចកន  អស់រិទ្ធព្រះច័ន្ទកាត់ក្បាល              
   សែន អស់អាជ្ញា ព្រះអាទិត្ររះ
       មិនស្រួលៗចូលគុកអន្តរជាតិ
ឧក្រិដ្ឋកម្មច្រើនណាស់ឥតគណនា។
បញ្ជាការដ្ឋានភ្នំជីសូរថ្ងៃ៣១ មិនា ២០១៣
ប្រធានក្រុមឥន្រ្ទីខ្មៅ
ឥន្រ្ទីខ្មៅ
       
                                                                 

សម្រែកនិស្សិតខ្មែរ =================

សម្រែកនិស្សិតខ្មែរ
=================
១. យុវជនខ្មែរអើយកុំភ្លេចភ្លំាង                                    
  សិល្បះរណំាងនៃវប្បធម៌ជាតិ
   ជាមរតក៌ខ្មែរយើងកុំចង្អៀត      
      កុំក្បត់វិវាទទាស់នឹងកេរខ្មែរ។
២. វប្បធម៌ តន្រ្តី ចម្រៀងបរទេស                          
   ហូរចូលដូចព្យុះយ៉ាងច្រើនក្រាស់ក្រែល
 គួរយើងយុវជន កុំប៉ោឡែ                                            
 ខំសិក្សា ថែវប្បធម៌កុំរវាត។
៣.  អាយ៉ៃ យីកេ មហោរីច្នៃ                                          
កន្រ្ទឹម ប្របកៃ បាសាក់ថែមទៀត
     ចាបីដងវែង កាព្យ យើងត្រូវឆ្លៀត        
  ស្បែកធំ កេរជាតិ ភ្លេងប្រពៃណី។
៤.  សំពត់ខើតខ្លី ច្រៀងញាក់ឌីស្កូ                                  
 ហ្គីតា សូឡូ ចូលខ្មែរគ្រប់ទី
     កន្រ្ទាក់អារម្មណ៏ រំា ញាក់គ្រវី                                    
បុរស នារី ត្រូវដឹងអោយជាក់។
៥.  យុវជនខ្មែរអើយ សូមប្រែចិត្ត                                  
  កុំទំនើងផិត ត្បិតយើងពូជអ្នក
ឈាមជាតិអង្គរ រន្ទឺល្បីជាក់                        
   កុំអោយបាត់ធ្លាក់បាត់បង់កត្តិយស។
៦.  សត្សវត្ស ២១ រញ្ជួយសាកល                                  
 វប្បធម៌សាកល សន្តិភាពខ្ពស់
     ជាយុគ Internet     សាបពង្រោះ            
យុវជន ជ្រោងជ្រោះវប្បធម៌អោយជាប់   ។
សរសេរនៅភូមិស្វាយជួរ,ថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០១០
អនុស្សាវរីយ៏និពន្ធកាលនៅរៀនថ្នាក់ទី ១១ Q នៃវិទ្យាល័យ ហ៊ុនសែន ស្អាង
សរសេរសម្រួលឡើងវិញនៅរាជធានីភ្នំពេញ, ថ្ងៃ ព្រហ ទី ១៦ ខែមករា ឆ្នំា២០១៤
និពន្ធដោយ ផេង សុខវ៉ាន់ដា ហៅ វិសុដ្ឋារ៉ាមុនីរាជភក្តី

ព្រះខ័នរាជ្យ ------------------

ព្រះខ័នរាជ្យ
------------------



ព្រះខ័នរាជ្យ
------------------
ព្រះខ័នរាជ្យ អំណាចរាជបល្ល័ង្ក
អាជ្ញាសឹកខ្លំាង ក្លាមហិមា
គ្រប់មន្ត្រីរាជការ រាស្រ្តប្រជា
កោតខ្លាចគ្រប់គ្នា ដាវព្រះខ័នរាជ្យ ។
ព្រះខ័នរាជ្យ គឺជាព្រះខ័នជ័យ
ជាម្លប់ប្រពៃ នៃអំណាចសុខ
នគរថ្កុំថ្កើង រាស្រ្តបានស្រណុក
មន្រ្តីស្តមស្តុក ចិត្តស្នេហាជាតិ ។
អំណាចព្រះខ័នរាជ្យ ប្រើផ្លូវល្អ
អាជ្ញារបវរ ឥតប្រាសឃ្លាត
មោះមុតម៉ត់ចត់ មានមាយាទ
ដាវព្រះខ័នរាជ្យ រក្សាស្រុក ។
តេជះ នៃព្រះខ័នរាជ្យខេមរា
តំណាងសីមា អធិបតេយ្យជាតិ
បូរណភាពដែនដី ឯករាជ្យ
នំាឯកភាពជាតិ សាមគ្គីកម្លំាង ។
បច្ចុប្បន្នព្រះខ័នរាជ្យ លើសញ្ញា
ជាដាវអាជ្ញា រដ្ឋាភិបាល
ហើយជារូបតំណាងលើព្រះសង្ហារ
ទង់ព្រះករុណា ជាម្ចាស់ជីវិត ។
--------------------------------------
រាជធានីភ្នំពេញ,ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នំា ២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

Thursday, February 27, 2014

ប្រាសាទព្រះវិហារ / Preah Vihear Temple

ប្រាសាទព្រះវិហារ / Preah Vihear Temple
==============================
ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។​ ប្រាសាទនេះ ចាប់ផ្តើមកសាងឡើងដោយព្រះមហាឥសី ក្នុងសតវត្សរ៍ទី៩ ហើយបន្តកសាងដោយព្រះបាទយសោវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១០ ព្រះបាទសុរិយាវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១១ និងព្រះបាទសុរិយាវរ្ម័នទី២ ក្នុងសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ (ព្រះសិវៈ)។

ប្រាសាទព្រះវិហារមានរចនាបទធំៗបី ដែលគេអាចសំគាល់បាន គឺ៖ កោះកែ បន្ទាយស្រី និងបាពួន ដែលជាស្ថាបត្យកម្មដ៏ល្អឯក ក្នុងចំណោមប្រាសាទទាំងឡាយ ដែលខ្មែរបានសាងសង់។ ស្ថាបត្យកម្មនោះមានប្រាង្គមណ្ឌបកើយ (អាគារធំ) នៅភាគខាងត្បូង និងច្រកចូលសំខាន់ សណ្តូកទៅទិសខាងជើង។ ព្រះរាជាណាចក្រកម្ពុជាក្រោមព្រះរាជកិច្ចដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ កម្ពុជាបានឈ្នះក្តីប្រទេសថៃ ក្នុងវិវាទប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ដ៍ កាលពីថ្ងៃទី១៥ មិថុនា ១៩៦២ ហើយនៅថ្ងៃទី០៨ កក្កដា ២០០៨ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO)។

(ដកស្រង់ចេញពីឯកសារស្ថាបត្យកម្មខ្មែរ រៀបរៀងដោយលោក ថៃ មករា)

ឈាមយើងជាខ្មែរ

ឈាមយើងជាខ្មែរ
==============
បទពាក្យប្រំាបី
១:  ឈាមយើងជាខ្មែរ ពូជពង្សអង្គរ
    មានជំហរ ឈរមំាមួនខ្លំាងក្លា
     ជាតិយើងធ្លាប់ល្បីថ្កើងយសចេស្តា
រាស្រ្តខេមរា រស់នៅដោយសុខា ។
២:  ប្រពៃណីជាតិ វប្បធម៌សាសនា
រីកដុះដាល ថ្លាពាសពេញលោកា
      អង្គរ-បាយ័ន-មោទនះ ខេមរា
កេរដូនតា ពីបុព្វេបុរាណ ។
៣:  ឈាមយើងជាខ្មែរ ពូជពង្សតែមួយ
គួរគិតស្ទួយ ជួយជាតិតាមលំអាន
      រួមរួបសាមគ្គី ឯកភាពជាតិបាន
ខ្មែរសុខសាន្ត រស់ក្នុងសន្តិភាព ។
៤:   បើមានខុសត្រូវ គួរគិតឈាមខ្មែរ
បញ្ឈប់ដែរ ហិង្សាដែរថោកទាប
      ចាប់យកព្រះធម៌ ដាក់ខ្លួនជ្រួតជ្រាប
សន្តិភាព ផ្លូវចិត្តគ្រប់រាស្រ្តខ្មែរ ។
៥:   ឈាមខ្មែរ ស្រលាញ់ខ្មែរ ថែជាតិយើង
មិនទំនើង ពើងហួសខ្នាតជាតិដែរ
      យុត្តិធម៌ សេរីភាព តម្កល់ដែរ
ប្រយោជន៏ខ្មែរ គួរគិតទំាងប្រុសស្រី។
៦:    ឈាមខ្មែរ ឈាមកេរអង្គរមហា
ឈាមដូនតា ស្នេហាជាតិទឹកដី
       ឈាមអ្នកប្រាជ្ញ រាជបណ្ឌិតបូរី
ខ្មែរប្រុសស្រី គួរចេះស្រលាញ់គ្នា  ។
រាត្រី,រាជធានីភ្នំពេញ.ថ្ងៃ សុក្រ ទី២៨ ខែកុម្ភះ ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

របៀបនិពន្ធបទបថ្យាវត្ត (បទមួយនេះខុសពីបទពាក្យ៨បែបទំនុកច្រៀងត្រង់ឆ្លងល្បះ) កំណាព្យ ទឹកភ្នែកអ្នកម្តាយ បទបថ្យាវត្ត

របៀបនិពន្ធបទបថ្យាវត្ត
(បទមួយនេះខុសពីបទពាក្យ៨បែបទំនុកច្រៀងត្រង់ឆ្លងល្បះ)

កំណាព្យ ទឹកភ្នែកអ្នកម្តាយ
បទបថ្យាវត្ត

កូនមាសម្តាយអើយម្តេចឡើយមានះ
ពេលចេាញពីផ្ទះស្មានទៅសាលា
ម៉ែអួតបងប្អូនកូនខំសិក្សា
លិខិតគ្រូចារកូនមិនទៅរៀន។

ម៉ែយំយប់ព្រឹកបាយទឹកលែងឃ្លាន
កូនប្រើថ្នាំញៀនដើរលេងប៉ោឡែ
ម៉ែខ្មាសញាតិមិត្តអ្នកនៅជិតក្បែរ
ចាំយូរថ្ងៃខែនៅតែមិនយល់។

ថ្ងៃមួយដឹងថាកូននៅមណ្ឌល
អប់រំនិមលជាពលរដ្ឋល្អ
ឃើញតាមទូរទស្សន៌ចិត្តម៉ែត្រេកអរ
ម៉ែសូមអង្វរសាងខ្លួនប្រពៃ។

ឆាប់បានមកផ្ទះទើបរស់មានន័យ
ម៉ែបាត់ព្រួយភ័យបានជួបពុំងា
ឲ្យកូនខំរៀនសព្វមុខវិជ្ជា
កូនត្រូវស្មាលាអបាយគ្រប់យ៉ាង៕៚

ថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១១ និពន្ធដោយ វ៉ែន សុន

វីរតារាចម្រៀងឯក ៖ រាជនីសម្លេងជាតិនិយម ទូច ស៊ុននិច

វីរតារាចម្រៀងឯក ៖ រាជនីសម្លេងជាតិនិយម ទូច ស៊ុននិច


ចំរៀងជាតិនិយម ច្រៀងដោយ៖ វីរតារា ទូច ស៊ុននិច

របៀបប្រើពាក្យចួននៅក្នុងកំណាព្យខ្មែរ?

របៀបប្រើពាក្យចួននៅក្នុងកំណាព្យខ្មែរ?
ដើម្បីធ្វើឱ្យស្នាដៃកំណាព្យរបស់យើងល្អទាំងខ្លឹមសារ,
ល្អទាំងពាក្យចួនកាន់តែប្រសើរឡើងនោះខ្ញុំសូមជូនជា
បទពិសោធន៍ដូចតទៅ៖
ខ្ញុំធ្លាប់បានលើកឡើងជាញឹកញាប់ហើយថា កំណាព្យ
ខ្មែរយើងមានលក្ខណៈជាសាកល និង មានលក្ខណៈ
ដោយឡែករបស់ជាតិយើង។
ក/អំពីលក្ខណៈសាកល,កំណាព្យខ្មែរប្រើភាសាដួងចិត្ត
ឬភាសាបេះដូងរបស់កវីដូចបណ្តាប្រទេសនានានៅលើសាកលលោកយើងនេះផងដែរ។ ឧ. អក្សរសិល្ប៍
បុរាណក្រិកមានកំណាព្យឧបទេសកថា,ខ្មែរក៏មាន។
ក្រិកមានកំណាព្យល្បើកកថា(Fable),ខ្មែរក៏មាន។ ក្រិក
មានកំណាព្យរឿងវិរៈកថា,ខ្មែរក៏មាន។ល។
ខ/អំពីលក្ខណៈដោយឡែករបស់កំណាព្យខ្មែរយើងវិញ
កំណាព្យខ្មែរមិនត្រឹមតែប្រើភាសាដួចចិត្ត ឬភាសាបេះដូងរបស់កវីនោះទេ,គឺខ្មែរមានទាំងពាក្យចួន,ផ្ទួន,រណ្តំ
ប្រកបទៅដោយរូបារម្មណ៍ជាច្រើនបែបទៀត។ល។
ជាងនេះទៀតកំណាព្យខ្មែរមានច្រើនវិធីណាស់,គឺមាន
ទាំងរបៀបនិពន្ធជាង៧០បែប,របៀបសូត្រឬស្មូត្រមាន
ជាង៦០បទ (កំពុងស្រាវជ្រាវបន្ត)។
ដូច្នេះ,ដើម្បីឱ្យស័ក្តិសមជាកុលបុត្រកុលធីតា ដែលជា
ទាយាទស្នងត្រកូលខ្មែរ ខាងវិស័យអក្សសិល្ប៍ ផ្នែក
កំណាព្យនេះយើងគួរតែសាមគ្គីគ្នាសិក្សាស្វែងយល់ឱ្យ
បានស៊ីជម្រៅអំពីវិធីនិពន្ធកំណាព្យដែលជា មរតកដូន
តាយើងនេះឱ្យបានយល់ច្បាស់ទាំងអស់គ្នា។
ប្រការដែលត្រូវចៀសវាងការប្រើពាក្យចួនខុសនោះគឺ៖
ដោយ កុំប្រើចួននឹង ហើយ
ស្រី - ដ - ជ័យ ឬ ព្រៃ។ល។
ស្រុក - ដ - ទុក្ខ,ឪពុក។ល។
ជីវិត - ដ - ចិត្ត។ល។
បង - ដ - វង្ស ឬ ពង្ស។ល។
សន្តាន - ដ - ទាន,រៀន ឬគ្មាន។ល។
វាសនា - ដ - ណា។ល។
សមុទ្រ - ដ - សមុទ្រ។ល។
( នេះគ្រាន់តែជាឧទាហរណ៍ទេ, នៅមានប្រើខុសជាច្រើនទៀត)
By Ven Son 25,02,2014

ប្រវត្តិ​រូប​សង្ខេបអតីតតារាសម្តែងភាពយន្តខ្មែរ៖ ព្រំរដ្ឋា


ប្រវត្តិ​រូប​សង្ខេបអតីតតារាសម្តែងភាពយន្តខ្មែរ៖ ព្រំរដ្ឋា

ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទី​កន្លែង​កំណើត ជនជាតិ សញ្ជាតិ កម្ពស់ ទម្ងន់
ព្រំ រដ្ឋា

ឈ្មោះ​ក្រៅ

ស្រី​ប៉ុច

ឈ្មោះ​អង់គ្លេស

Prom Ratha

៥ មិថុនា ១៩៨១ តាកែវ ខ្មែរ ខ្មែរ ១៥៩​សង់ទីម៉ែត្រ ៤៥គីឡូក្រាម


ព្រំ​ រដ្ឋា ​ហៅ​ស្រី​ប៉ុច កើត​នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​១៩៨១ នៅ​ទី​រួម​ខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​ដើម​របស់​ឪពុក​ម្ដាយ។ នាង​មាន​បង​ប្អូន​៥​នាក់ (​ស្រី​៣ ប្រុស​២) ហើយ​នាង​គឺ​ជា​កូន​ស្រី​ពៅ​គេ​ ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់ និង​​មាន​កម្ពស់ ១ម​៥៩ ទម្ងន់ ៤៥ គីឡូក្រាម។ នាង​​មាន​ឪពុក​ឈ្មោះ​ ព្រំ​ ស្រៀង​ វ័យ​ក្បែរ​៧០​ឆ្នាំ​ ​ជា​អតីត​មន្ត្រី​ក្នុង​មន្ទីរ​អប់រំ​ខេត្ត​តា​កែវ​​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ចូល​និវត្តន៍ និង​មាន​ម្ដាយ​ឈ្មោះ​ថូ វណ្ណា ស្លាប់​ក្នុង​ឆ្នាំ​១៩៩៧ ដោយ​សារ​ជំងឺ​មហារីក។


អ្នកនាង ព្រំ រដ្ឋា
មុន​ពេល​អ្នក​ម្ដាយ​ទទួល​មរណភាព នាង​និង​គ្រួសារ​បាន​ចំណាយ​ប្រាក់​មើល​​ថែ​ម្ដាយ​សឹង​អស់​រលីង​រលាត់​ពី​ខ្លួន​ ដោយ​​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចំណាយ​ក្នុង​ការ​បញ្ជូន​ទៅ​ព្យាបាល​ដល់​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​វៀតណាម ជា​ច្រើន​លើក​ទៀត​ផង​។ ទោះ​យ៉ាង​ណា នាង​ហាក់​​សម្ដែង​នូវ​​ក្ដី​អាឡោះអាល័យ​ឥត​ឧបមា​ ក្នុង​ពេល​ដែល​ម្ដាយ​របស់​ខ្លួន ​បែរ​ជា​មិន​បាន​មើល​ឃើញ​​រូប​​នាង​ជា​កូន​ស្រី​ ឈរ​លើ​ចំណុច​ល្បី​ល្បាញ​ក្នុង​នាម​ជា​តារា​សិល្បៈ​ នា​ពេល​នេះ​។

តារា​រូប​នេះ​និយាយ​ថា “កាល​ម៉ាក់​ខ្ញុំ​ស្លាប់ គឺ​អ្វីៗ​ក៏​សឹង​តែ​អស់​ដែរ ព្រោះ​ពេល​នោះ​ទាំង​បង​ៗ​ខ្ញុំ​សុទ្ធ​តែ​មិន​ទាន់​មាន​ជីវភាព​ល្អ​​ប្រសើរ​ដូច​ពេល​នេះ​ឡើយ​! តែ​ខ្ញុំ​យល់​ថា ក្រោយ​ពេល​គាត់​ចែក​ឋាន​ទៅ​ គឺ​​ពួក​ខ្ញុំ​ហាក់​ដូច​ជា​ត្រូវ​ព្រលឹង​គាត់​​តាម​ជ្រោង​គ្រប់​គ្នា ព្រោះ​តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​​ប៉ុណ្ណោះ​ ទាំង​បងៗ​ខ្ញុំ និង​ខ្ញុំ​ក៏​ជោគជ័យ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ខ្ញុំ​ត្រូវ​ក្លាយ​ជា​​តារា​សិល្បៈ​ផង​!”។

ប្រវត្តិ​សិក្សា

នាង​ជា​សិស្សសាលា​បឋម​សិក្សា​តា​កែវ ក្រោយ​ពេល​គ្រប់​អាយុ​៦​ឆ្នាំ​ ក្នុង​ឆ្នាំ​១៩៨៧។ នាង​បាន​ឡើង​ទៅ​កាន់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ដែល​ស្ថិត​នៅ​កណ្ដាល​ទី​រួម​ខេត្ត​តា​កែវ។ ក្នុង​ឆ្នាំ​១៩៩៧ នាង​បាន​ផ្លាស់​មក​រស់​នៅ​ជា​មួយ​បង​ប្រុស​បង​ស្រី ដែល​ជា​អ្នក​រក​ស៊ី​នៅ​​ភ្នំពេញ​ ​ក្នុង​បំណង​​ដើម្បី​ងាយ​ស្រួល​មក​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ។ ក្រោយ​​ឆ្លង​ផុត​កម្រិត​វិទ្យាល័យ​ក្នុង​ឆ្នាំ​១៩៩៨ នាង​ក៏​ហក់​ចូល​មហាវិទ្យាល័យ​ភ្លាមៗ ក្នុង​ឆ្នាំ​១៩៩៩ ខាង​ផ្នែក​គណនេយ្យ នៅ​សាកល​វិទ្យាល័យ​​ជាតិ​គ្រប់​គ្រង​។ ​ប៉ុន្តែ​នាង​ចំណាយ​ពេល​សិក្សា​ក្នុង​ផ្នែក​នេះ បាន​តែ​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ក៏​​ស្រាប់​តែ​សម្រេច​ចិត្ត​ព្យួរ​ចោល ក្រោម​លេស​ជាប់​រវល់​សម្ដែង និង​ពិធី​ការិនី​ដក​ឃ្លា​អត់​រួច​។

ប្រវត្តិ​សិល្បៈ

ព្រំ រដ្ឋា ហក់​ចូល​សិល្បៈ​នា​​ដើម​ឆ្នាំ​១៩៩៩ ​បន្ទាប់​ពី​ប្រលង​ជាប់​ជា​បុគ្គលិក ផ្នែក​ពិធី​ការិនី របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣។ នាង​ត្រូវ​បាន​មេ​កើយ អនុញ្ញាត​ឲ្យ​កាន់​កម្មវិធី​ធំ​ៗ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​មើល​ឃើញ​សមត្ថភាព​​ថា​នាង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​អធិប្បាយ ​តាម​រយៈ​កម្មវិធី​អាន​ព័ត៌មាន​ខ្លីៗ​ និង​តាម​ដាន​កម្សាន្ត ដែល​ជួយ​​ឲ្យ​នាង​ត្រូវ​បាន​មហាជន​ស្គាល់​ ក្នុង​សន្ទស្សន៍​តិច​តួច​នោះ​។ ចូល​មក​ដល់​ឆ្នាំ​២០០០ តារា​រូប​នេះ​បាន​ឈរ​ជើង​ជា​ពិធី​ការិនី​កាន់​តែ​ល្បី ​ដែល​អាច​និយាយ​បាន​ថា គឺ​ប្រដំប្រសងគ្នា​នឹង​អ្នក​នាង​គង់ សុជាតិ ​ពិសេស​ក្រោយ​ពី​នាង​​បាន​ចាប់​ដៃ​គូ​ជា​មួយ​លោក​ភោ​ សុផានិត ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់ “ពិភព​តន្ត្រី” និង​”​Hello Ozone” ជំនួស​នាង​សេក សេរី​រ័ត្ន​ដែល​រៀប​ការ​ចេញ​ទៅ​អាមេរិក​ ក្នុង​ពេល​​កំពុង​ឡើង​កូដ​នា​ពេល​នោះ។

ឱកាស​ក្លាយ​ជា​តារា​សម្ដែង

នា​អំឡុង​ចុង​ឆ្នាំ​១៩៩៩ ​នាង​ព្រំ រដ្ឋា ត្រូវ​បាន​លោក​ហ្វៃ​ សំអាង​ និង​អ្នក​ស្រី​ចាន់ ធី​ នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​ជ្រើស​ឲ្យ​សម្ដែង​ឈុត​​ខារ៉ាអូខេ ​​ដំបូង​ក្នុង​រឿង​”ម៉ាក់​ថឺង” ដែល​បាន​ចរាចរ​​យ៉ាង​គគ្រឹក​គគ្រេង​​លើ​ទី​ផ្សារ​ក្នុង​ឆ្នាំ​២០០០​។ ចាប់​តាំង​ពី​ពេល​នោះ​ ​តារា​ស្រី​រូប​នេះ​បាន​បោះ​ជំហាន​ក្លាយ​ជា​តារា​សម្ដែង​តែ​មួយ​ពព្រិច​ភ្នែក ហើយ​បើ​និយាយ​ពី​ឱកាស​វិញ បើ​កុំ​តែ​នាង​ឆាប់​រៀប​ការ​ចេញ​ទៅ​អាមេរិក​ពេក ម្ល៉េះ​សម​នាង​អាច​គ្រង​តំណែង​ជា​តារា​កំពូល​ផ្នែក​សម្ដែង​បាន​ដូច​នាង​វេត រតនា ឬ​ដាញ់ ម៉ូនីកា​កន្លង​មក​ផង​។ ​ចាប់​ពី​ឆ្នាំ​២០០១​មក​ នាង​មាន​ទីផ្សារ​ភាព​យន្ត បន្ត​កន្ទុយ​គ្នា​ឲ្យ​រដឹក ​តែ​មហាជន​កត់​សម្គាល់​ឃើញ​ថា ក្រៅ​ពី​ចេញ​មុខ​ក្នុង​ស្ពត បទ​ចម្រៀង​ខារ៉ាអូខេ គឺ​នាង​ច្រើន​តែ​លេច​មុខ​ក្នុង​តំណែង​ជា​តួ​សម្ដែង​រឿង​បែប​ខារ៉ាអូខេ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​រួម​មាន ឈុត​ខារ៉ាអូខេ​រឿង​​​”ព្រះ​ធិន​វង្ស” ​រឿង​”​ម៉ាក​ភូ​យ៉ង​កែវ​” និង​រឿង​”មាយើង” ​របស់​ផលិតកម្ម​ក្រៅ​ស្រុក។ នាង​សម្ដែង​ភាពយន្ត​ខ្នាត​ធំ បាន​​តែ​មួយ​លើក​គត់ គឺ​រឿង “​ព្រះ​លក្ស្មណ៍​ធិន​វង្ស​នាង​ព្រាហ្មណ៍​​កេសរ” ក្នុង​ឆ្នាំ​២០០៣ ហើយ​ក៏​ដក​ខ្លួន​ពី​សិល្បៈ​ឈឹង។ ​មហាជន​តិច​ណាស់ ជឿ​ថា​នាង​អាច​វិល​​មក​រក​អាជីព​នេះ​វិញ ស្រប​ពេល​កាល​នោះ​នាង​ក៏​មាន​ស្វាមី ជា​មន្ត្រី​សំបូរ​ប្រាក់ ដែល​ធ្លាប់​អះ​អាង​ថា​ ចង់​ឲ្យ​នាង​កាន់​កាប់​មុខ​ជំនួញ​នៅ​អាមេរិក ជា​ជាង​លឹប​ល​ក្នុង​ពិភព​សម្ដែង​នោះ។


អ្នកនាង ព្រំ រដ្ឋា
ប្រវត្តិ​ស្នេហា និង​ការ​បរាជ័យ

ក្រោយ​ពី​ឈុត​ខារ៉ាអូខេ រឿង”ម៉ាក់​ថឺង” ចេញ​លក់​បាន​តែ​មួយ​ខ្យល់​ ​អតីត​តារា​ស្រី​សម្បុរ​ស្រអែម​រូប​នេះ ក៏​ត្រូវ​លោក​ម៉ោ ច័ន្ទ​តារា​អ៊ំ វ័យ​ជាង​៣០​ ជា​មន្ត្រី​រាជការ​នៅ​សហរដ្ឋ​អាមេរិក ចាប់​អារម្មណ៍​ស្រឡាញ់​ពេញ​ចិត្ត។ មិន​យូរ​ប៉ុន្មាន​ ដោយ​នាង​ចង់​គេច​ពី​រឿង​អាស្រូវ ក្នុង​ពេល​កិត្តិនាម​កំពុង​ខ្ពស់​ត្រដែត​ដែរ​នោះ ក៏​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​បើក​ចំហ ជា​មួយ​បុរស​រូប​នោះ​ក្នុង​ឆ្នាំ​២០០២​បាន​តែ​៦​ខែ។ បុរស​ជា​គូ​ដណ្ដឹង​របស់​នាង​ បាន​រត់​ច្បាប់​យ៉ាង​ប្រញាប់​ប្រញាល់ ដើម្បី​ឲ្យ​នាង​ទទួល​សិទ្ធិ​​ចាក​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ក្រោម​លេស​ថា​ ចេញ​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​ទី​នោះ។

ម្ល៉ោះ​ហើយ​ទើប​កិច្ច​ការ​នោះ​ចំណាយ​ពេល​តែ​៦​ខែ​ប៉ុណ្ណោះ ក៏​ទទួល​ផល​ជោគជ័យ ហើយ​តម្រូវ​ឲ្យ​នាង​ឡើង​យន្ត​ហោះ​ចេញ​ពី​ស្រុក​ខ្មែរ ទាំង​​​អាឡោះអាល័យ។ តារា​រូប​នេះ​និយាយ​ថា ការ​ពិត​ក្នុង​ពេល​បោះ​បង់​ទឹក​ដី​កំណើត​នា​ពេល​នោះ នាង​មាន​អារម្មណ៍​សោក​ស្ដាយ​ខ្លាំង​ណាស់ ប៉ុន្តែ​មក​ពី​ចាំ​បាច់​ត្រូវ​តែ​ឡើង​ទៅ​រៀប​ចំ​សង្គម​គ្រួសារ​មួយ​សម្រាប់​អនាគត ទើប​នាង​មិន​អាច​ប្រកែក​បាន។ ក្រោយ​ពេល​ទៅ​ដល់​អាមេរិក នាង​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​គូ​ដណ្ដឹង នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៣​ ពោល​គឺ​បន្ទាប់​ពី​នាង​ចេញ​ផុត​ពី​កម្ពុជា​ តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។ តារា​រូប​នេះ​បញ្ជាក់​ថា​ ខ្លួន​មិន​បាន​រៀប​ការ​នៅ​ប្រទេស​កំណើត ព្រោះ​គិត​ថា រត់​ច្បាប់​ក្នុង​នាម​ជា​គូ​ដណ្ដឹង ងាយ​ស្រួល​ចេញ​ជាង អ៊ីចឹង​ហើយ​ទើប​នាង​ត្រូវ​ឡើង​ទៅ​រៀបការ​នៅ​ទី​នោះ ដោយ​រំលង​អាពាហ៍ពិពាហ៍​នៅ​ទី​នេះ។

ទោះ​យ៉ាង​ណា នៅ​ពេល​នោះ នាង​រមែង​ផ្ញើ​សារ​តាម​រយៈ​សាច់​ញាតិ​​របស់​នាង​ថា ខ្លួន​ និង​នាំ​ស្វាមី ឡើង​មក​រៀប​ការ​ម្ដង​ទៀត​នៅ​ស្រុក​ខ្មែរ​ឲ្យ​ខាង​តែ​បាន ដើម្បី​កុំ​ឲ្យ​មហាជន​ដែល​ធ្លាប់​ស្រឡាញ់​ចូល​ចិត្ត​នាង ខក​ចិត្ត។ ​ពីរ​ឆ្នាំ​ក្រោយ​មក​នាង ក៏​​ប្រសូត​បាន​កូន​ស្រី​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា រឿន ណាត់ថា​លី ដែល​មក​ដល់​ពេល​នេះ​មាន​អាយុ​៥​ឆ្នាំ ហើយ​រឿង​រ៉ាវ​ស្នេហា​របស់​នាង​ ក៏​លេច​ឡើង​នូវ​ការ​លែង​លះ​គ្នា។ នាង​និយាយ​ថា “ខ្ញុំ​បែក​បាក់​ស្វាមី​ខ្ញុំ​តាំង​ពី​នៅ​ទឹក​ដី​អាមេរិក​ម្ល៉េះ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​មិន​ចង់​​រំលឹក​រឿង​នោះ ទើប​ខ្ញុំ​ចេះ​តែ​មិន​ព្រម​សារភាព ក្នុង​ពេល​ដែល​ខ្ញុំ​សម្រេច​វិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០០៨”។ នាង​ទើប​សារភាព​ថា​ ស្នេហា​ប្រេះ​ឆា ក្រោយ​ការ​ចេញ​សាល​ក្រម​ផ្លូវ​ការ​ពី​តុលា​ការ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ចុង​ឆ្នាំ​២០០៩។ នាង​ធ្លាប់​ចំណាយ​ប្រាក់​ជួល​ត្រាក់ទ័រ ឲ្យ​ក្រុម​ហ៊ុន​ឈូស​ឆាយ​កាប់​គាស់​ដី​ចម្ការ​បាន​មួយ​ខ្យល់​ដែរ ក្នុង​ពេល​មក​ដល់​ស្រុក​ភ្លាមៗ ប៉ុន្តែ​ជំនួញ​នោះ ត្រូវ​បាន​ក្ស័យ​ធន​វិញ ក្រោយ​ពី​បញ្ហា​ដី​ធ្លី​ដាំ​ក្បាល​ចុះ។


អ្នកនាង ព្រំ រដ្ឋា
តារា​រូប​នេះ​អះ​អាង​ថា នាង​មាន​គម្រោង​បើក​ជំនួញ តែ​នាង​មិន​ទាន់​បង្ហើប​ឡើយ ក្នុង​ពេល​វត្ថុ​បំណង​ដែល​នាង​ចង់​បាន ស្ថិត​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​បែប​នេះ។ នាង​និយាយ​ថា “​ខ្ញុំ​ចង់​រក​ស៊ី​ច្រើន​ជាង​សិល្បៈ ប៉ុន្តែ​មិន​ច្បាស់​ថា រក​អី​ទេ បើ​ឥឡូវ​មាន​គេ​រក​ច្រើន​ទៅ​ហើយ ប៉ុន្តែ​បើ​ខ្ញុំ​មាន​លទ្ធភាព​គឺ​ពិត​បើក​សម្អាង​ការ​”។ យ៉ាង​ណា​មិញ ព្រំ​ រដ្ឋា ​កំពុង​ឆ្លៀត​រក​ប្រាក់​ពី​ការងារ​ទាក់​ទង​តារា​​ចម្រៀង​ឲ្យ​ចេញ​ច្រៀង​នៅ​អាមេរិក​ តាម​រយៈ​ការ​ទំនាក់​ទំនង​ដោយ​ម្ចាស់​ឧបត្ថម្ភ​មួយ ដែល​​ត្រូវ​ជា​បង​ធម៌​របស់​នាង បន្ថែម​ពី​លើ​អាជីព​ជា​ពិធី​ការិនី។ នាង​កំពុង​ក្ដោប​ក្ដាប់​កម្មវិធី​ពីរ​នៅ​​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ បន្ទាប់​ពី​ចាក​ចេញ​ពី​ប៉ុស្ដិ៍​លេខ​៣ និង​អប្សរា ​កាល​ពី​ជាង​មួយ​ខែ​មុន។

តារា​រូប​នេះ​​​អះ​អាង​ថា ខ្លួន​កំពុង​ចូល​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​សា​ជា​ថ្មី នៅ​សាលា​ប៊ៀលប្រាយ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ក្ដោប​ក្ដាប់​ការងារ​ជា​ពិធី​ការិនី ដែល​ពោ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង។ នាង​និយាយ​ថា “​បើ​ខ្ញុំ​មិន​ទាន់​អាច​បើក​ជំនួញ ខ្ញុំ​នឹង​អាច​រៀន​ពី​បច្ចេកទេស​ផលិត​កម្មវិធី ហើយ​ទិញ​ម៉ោង​ទូរទស្សន៍​ផលិត​លក់​តែ​ម្ដង អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ខំ​រៀន​អង់គ្លេស ចំណែក​រឿង​យក​ប្ដី​ថ្មី ​មិន​មែន​ថា​ ខ្ញុំ​មិន​ទាន់​គិត​នោះ​​ទេ ​ប៉ុន្តែ​គិត​ថា​ ចាំ​ដល់​ពេល​ណា​ពេល​ចុះ​!”៕

Wednesday, February 26, 2014

ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិកវត្តចន្ទរង្សី ព្រះតេជព្រះគុណ ឡឹម ឯម ព្រះចៅអធិការទី ១ នៃវត្តចន្ទរង្សី ទីក្រុងព្រៃនគរ កម្ពុជាក្រោម


ព្រះតេជព្រះគុណ ឡឹម ឯម 
ស្ថាបនិកវត្តចន្ទរង្សី 
ព្រះតេជព្រះគុណ ឡឹម ឯម 
ព្រះចៅអធិការទី ១ នៃវត្តចន្ទរង្សី 
ទីក្រុងព្រៃនគរ កម្ពុជាក្រោម 
...........................................

ចន្ទរង្សី ជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមមួយឋិតនៅចំកណ្ដាលរដ្ឋធានីព្រៃនគរ ត្រូវបានកកើតឡើង ដោយព្រះតេជព្រះគុណ ឡឹម ឯម នា ព. ស. ២៤៩១ គ. ស. ១៩៤៧ មកដល់ឆ្នាំ ២០១១ នេះ មានអាយុ កាល ៦៤ ឆ្នាំហើយ ។ បច្ចុប្បន្ន វត្តចន្ទរង្សី មានអាសយដ្ឋាន លេខ 164/235 វិថី ត្រឹង វ៉ឹក ថាវ សង្កាត់ទី ៣ ទីក្រុងព្រៃនគរ (Số 164/235 quốc lộ Trần Quốc Thảo Quận 3 thành phố Hồ chí Minh ។ ព្រះចៅអធិការដែល គ្រប់គ្រងវត្តនេះសព្វថ្ងៃ គឺព្រះតេជព្រះគុណ យ័ញ លុង ។

ព្រះតេជព្រះគុណ ឡឹម ឯម ជាព្រះសង្ឃដែលបានបង្កើតវត្តចន្ទរង្សី នៅរដ្ឋធានីព្រៃនគរ ក្នុង ព. ស. ២៤៩១ គ. ស. ១៩៤៧ ដើម្បីទុកជាសម្បត្តិជាតិ និងព្រះពុទ្ធសាសនាខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ក្រៅពីការបង្កើតវត្តនេះ ព្រះអង្គមានការតស៊ូយ៉ាងខ្លាំងដើម្បីជំទាស់រាល់ទង្វើផ្ដាច់ការរបស់រដ្ឋការសាធារណរដ្ឋវៀតណាមដែលបានរំលោភសិទ្ធិព្រះពុទ្ធសាសនានៅកម្ពុជាក្រោមកាលពីឆ្នាំ ១៩៦៣ ។ ព្រះអង្គបានអនិច្ចធម្មក្នុង ព. ស. ២៥២៣ គ. ស. ១៩៧៩ ក្នុងព្រះជន្មាយុ ៨១ ឆ្នាំ សាងផ្នួសបាន ៦៣ ព្រះវស្សា ។

អំពីឈ្មោះវត្ត៖

ពាក្យ “វត្តចន្ទរង្សី” មានន័យថា “វត្តដែលមានពន្លឺព្រះច័ន្ទ” ព្រោះពាក្យនេះ ជាភាសាបាលីត្រូវបានកើតឡើង ដោយស័ព្ទទាំង ៣ គឺ “វត្ត” មួយ “ចន្ទៈ” មួយ និង “រង្សី” មួយ ។ ពាក្យទាំងបីនេះ ពាក្យនីមួយៗ បើយោងតាមវចនានុក្រមខ្មែរមានន័យដូចខាងក្រោម៖

វត្ត បា…សំ… [អានថា] វាត់ ( ន. ) ទីដែលមានវត្តប្រតិបត្តិ (?); អាវាសឬអា រាមជាទីនៅអាស្រ័យរបស់ពួកសមណៈ ឲ្យកូននៅវត្ត ឲ្យកូនទៅនៅរៀនអក្សរឯវត្ត ។ សាលាវត្ត សាលាសម្រាប់ប្រជុំធ្វើបុណ្យក្នុងវត្ត; សាលារៀនក្នុងវត្ត ។ល។ បុរាណហៅថា ក្តី : ឲ្យកូនទៅនៅក្តី ។

ចន្ទ [អានថា] ច័ន បា. ( ន. ) សភាវៈសម្រាប់បំភ្លឺ ជាចម្បងជាងពន្លឺទាំងអស់ ដែលភ្លឺក្នុងវេលាយប់ : ព្រះចន្ទពេញវង់ ហៅតាមពាក្យធម្មតាថា លោកខែ, ខែរះ, ខែលិច, ខែភ្លឺ ។

រង្សី [អានថា] រ័ង-សី បា. សំ. ( ន. ) (រំសិ; រឝ្មិ) ពន្លឺ, ពន្លឺដែលមានខ្សែចាំងព្រាកៗ ។ ឆព្វណ្ណរង្សី (ឆ័ប-ព័ន-ណៈ-រ័ង-សី) រស្មីមានព័ណ៌ ៦ គឺខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ប្រភស្សរ (រស្មីដែលចេញពីព្រះកាយនៃព្រះសព្វញ្ញុពុទ្ធ) ។ រស្មី, (រ័ស-ស្មី)

រួមសេចក្ដីមក ការដាក់ឈ្មោះវត្តថា “ចន្ទរង្សី” នេះ គឺស្ថាបនិកនៃវត្តនេះ ចង់សំដៅយកន័យថា វត្តចន្ទរង្សី គឺវត្តដែលមាន “ភាពត្រជាក់ត្រជំ” ដោយម្លប់ព្រះពុទ្ធសាសនា និងម្លប់ព្រហ្មវិហារធម៌របស់ព្រះសង្ឃក្នុងវត្តគ្របដណ្ដប់ ដល់ពលរដ្ឋខ្មែរក្រោម ឲ្យមានសេចក្ដីសុខក្សេមក្សាន្ត ប្រៀបបាននឹង “ពន្លឺដួងចន្ទ” ដែលរះពេញវង់តែង ផ្តល់ពន្លឺត្រជាក់ដល់មនុស្សគ្រប់រូប ឲ្យទទួលបានសេចក្តីសុខក្សេមក្សាន្តក៏ដូច្នោះដែរ ។

ឈ្មោះល្បី៖

វត្តចន្ទរង្សី ជាវត្តមួយដែលមានអាយុកាលខ្ចីជាង វត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមនានា នៅក្នុងដែនដី កម្ពុជាក្រោម ប៉ុន្តែមានឈ្មោះបោះសំឡេងល្បីជាងគេដែរ ។ ហេតុដែលនាំឲ្យវត្តចន្ទរង្សី មានឈ្មោះល្បីនោះ គឺ មកពីកក្តាដូចខាងក្រោម៖

ទីមួយ វត្តមានទីតាំងឋិតនៅចំកណ្ដាលរដ្ឋធានីព្រៃនគរ ដែលជាក្រុងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនដីកម្ពុជាក្រោម ។ ទីពីរ វត្តជាមជ្ឈ មណ្ឌលរដ្ឋបាល និងជាទីប្រជុំកិច្ចការជាតិ និងសាសនារបស់ព្រះសង្ឃខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ព្រមទាំងជា ការិយាល័យ កណ្ដាល របស់គណៈ កម្មាធិការ គណៈពុទ្ធសាសនាថេរវាទមជ្ឈមណ្ឌលព្រៃនគរ ដែលមានព្រះតេជ ព្រះគុណ ធម្មវិរិយោ គឹម សាង ជាសង្ឃនាយក ។ ទីបី វត្តជាមជ្ឈមណ្ឌលសម្រាប់ព្រះសង្ឃខ្មែរក្រោម ជួបជុំគ្នា ដើម្បីធ្វើបាតុកម្ម ប្រឆាំងរដ្ឋការសារធារណរដ្ឋវៀតណាម កាលពីឆ្នាំ ១៩៦៣ ទាមទារឲ្យលោកប្រធានាធិបតី ង៉ោ ដិន យេម បើកសិទ្ធិសេរីភាពក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា និងនៅឆ្នាំ ១៩៦៩ ទាមទារ ឲ្យរដ្ឋការសាធារណរដ្ឋវៀតណាមឈប់ហៅខ្មែរក្រោមថា “ពលរដ្ឋវៀតណាមកំណើតខ្មែរ” (Người Việt Gốc Miên) ដែលពាក្យនេះ រដ្ឋាភិបាលវៀតណាមចង់សំដៅថា “ខ្មែរក្រោម” ជាប្រជាពលរដ្ឋនៃប្រទេសវៀតណាម តែកើតនៅប្រទេសកម្ពុជា ហើយមកស្នាក់អាស្រ័យ នៅប្រទេសវៀតណាម បានន័យថា “ខ្មែរក្រោម” មិនមែនជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោមឡើយ ។

អំពី ព្រះតេជព្រះគុណ ឡឹម ឯម៖

ព្រះតេជព្រះគុណ ឡឹម ឯម ប្រ សូតឆ្នាំ ១៨៩៨ នៅស្រុកអណ្ដូងទឹក (Mỹ Tú) ខេត្តឃ្លាំង ក្នុងគ្រួសារខ្មែរក្រោម ដែលមានប្រពៃណីគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ តាំងពីបរាណកាលមក ។

ការបំបព្វជា៖

ឆ្នាំ ១៩១៦ ក្នុងអាយុ ១៨ ឆ្នាំ ព្រះតេជព្រះគុណ ឡឹម ឯម ត្រូវបានមាតាបិតាអនុញ្ញាតិឲ្យបព្វជា ជាសាម ណេរនៅក្នុងវត្តមួយ (?) ឋិតក្នុងស្រុកអណ្ដូងទឹក ខេត្តឃ្លាំង ។

ការបំពេញឧបសម្បទា៖

ឆ្នាំ ១៩២០ ក្នុងព្រះជន្ម ២២ ឆ្នាំ ព្រះអង្គបានបំពេញឧបសម្បទា ជាភិក្ខុនៅក្នុងវត្ត (?) ដដែល ។

ការសិក្សានៅតាមវត្តនានានៅកម្ពុជាក្រោម៖

ក្រោយពី បានបំពេញឧបសម្បទារួច ព្រះតេជព្រះគុណ ឡឹម ឯម បាននិមន្តចេញ ទៅសិក្សាអក្សរសាស្ត្រខ្មែរ និងធម៌អាថ៌វិន័យ នៅតាមវត្តអារាមនានាទាំងក្នុង និងក្រៅខេត្តនៅក្នុងដែនដីកម្ពុជាដើម្បីស្វែងរកចំណេះដឹង ។

ការសិក្សានៅកម្ពុជា៖

ឆ្នាំ ១៩៣៨ ព្រះអង្គបាននិមន្តទៅប្រទេសកម្ពុជាដើម្បីបំពេញវិជ្ជាបន្ថែម ។ ក្នុងអំឡុងពេល នៅក្នុងប្រទេសកម្ពុជានោះ ចាប់ពីឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៤៧ ព្រះអង្គបានចូលធ្វើធុតង្គនៅក្នុងព្រៃអស់រយៈពេល ៨ ឆ្នាំ ។
ក្រោយចេញពីធុតង្គ ព្រះអង្គបានត្រឡប់មកដែនដីកម្ពុជាក្រោមវិញ ។ ពេលបានត្រឡប់មក ព្រះអង្គបានបង្ហាត់បង្រៀនធម៌អាថ៌វិន័យ ដល់ព្រះសង្ឃខ្មែរក្រោមនៅកម្ពុជាក្រោម នូវអ្វីដែលព្រះអង្គបានសិក្សាកន្លងមក នៅក្នុងប្រទេសកម្ពុជា ។

ការកសាងវត្ត៖

ឆ្នាំ ១៩៤៧ ពេលបានត្រឡប់មកដល់កម្ពុជាក្រោមបានមួយរយៈ ព្រះអង្គបាននិមន្តឡើងទៅទីក្រុងព្រៃនគរ ដើម្បីប្រមែប្រមូលពុទ្ធ បរិស័ទខ្មែរក្រោម នៅទីនោះ ក្នុងគោលបំណងកសាងឲ្យបានវត្តខ្មែរក្រោមមួយ នៅចំកណ្ដាលទីក្រុងគ្រាន់បានជាទីកន្លែង សម្រាប់ពុទ្ធបរិ ស័ទខ្មែរក្រោមធ្វើបុណ្យសុន្ទរ៍ទាន ។ មុនដំបូង ព្រះអង្គបានសាងតូបតូចមួយនៅមាត់ព្រែកមួយក្បែរវត្តចន្ទរង្សីសព្វថ្ងៃនេះ ដើម្បីរងចាំឱកាស ។
ឆ្នាំ ១៩៤៨ ព្រះតេជព្រះគុណ អ៊ុល ស្រី ពីប្រទេសកម្ពុជាបានចុះមកសួរសុខទុក្ខសាច់ញាតិរបស់ខ្លួន ព្រះ តេជព្រះគុណ ឡឹម ឯម និងពុទ្ធបរិស័ទនោះទីនោះ ក៏បាននិមន្តព្រះតេជព្រះ គុណ អ៊ុល ស្រី គង់នៅក្នុងតូបជាមួយគ្នាតែម្ដងដើម្បីជួយកសាងវត្ត ។ មិនយូរប៉ុន្មាន តូបដ៏តូចនៅក្បែមាត់ព្រែកនោះ ក៏បានក្លាយទៅជាវត្តមួយ ដ៏ធំស្កឹមស្កៃតាមរចនាបទ្មខ្មែរ នោះគឺ វត្តចន្ទរង្សី ។ ក្រោយការសាងសង់វត្តបានសម្រេចជាស្ថាពរ ព្រះតេជព្រះគុណ ឡឹម ឯម បានឡើងធ្វើជាព្រះចៅអធិការវត្តទីមួយ នាឆ្នាំ ១៩៤៨ ។

ការតស៊ូដើម្បីការពារពុទ្ធសាសនាក្នុងរបបសាធារណរដ្ឋវៀតណាម នាឆ្នាំ ១៩៦៣៖

ក្នុងរបបសធារណរដ្ឋវៀតណាមដែលដឹកនាំដោយប្រធានាធិបតី ង៉ោ ដិន យេម (Ngô Đình Diệm) ព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោម នៅកម្ពុជាក្រោម និងព្រះពុទ្ធសាសនានៃជនជាតិយួនត្រូវបានរដ្ឋាភិបាលជិះជាន់ និងបំ បិទសិទ្ធិមិនឲ្យលើកទង់ ព្រះពុទ្ធសាស នា នៅតាមវត្តអារាម និងទីសាធារណៈនានា ក្រោយពីមានបទបញ្ជាថ្មីមួយចេញដោយលោកប្រធានាធិបតី ង៉ោ ដិន យេម ហាមលើកទង់ សាសនាទាំងអស់ ក្រៅពីទង់ជាតិសាធារណរដ្ឋវៀតណាម ។

ការដែលប្រធានាធិបតី ង៉ោ ដិន យេម ចេញបទបញ្ជានេះ វានាំឲ្យប៉ះពាល់ ដល់ព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមផងដែរ ព្រះតេជព្រះគុណ ឡឹម ឯម ក៏បានដឹកនាំព្រះសង្ឃខ្មែរក្រោមចេញធ្វើបាតុកម្ម ដើម្បីជម្រុញឲ្យរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម គោរពសិទ្ធិ ក្នុងការប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជាក្រោម ។ ការតស៊ូនេះ រដ្ឋាភិបាលវៀតណាម បានចាប់ព្រះអង្គដាក់គុកជាច្រើន លើកនៅទីក្រុងព្រៃនគរ ។

ក្នុងនាមជាសង្ឃនាយក នៃគណៈព្រះពុទ្ធសាសនាថេរវាទ និងជាសមាជិកនៃ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម (Tổng Hội Phật Giáo Việt Nam) ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៦៣ ព្រះ តេជព្រះគុណ ឡឹម ឯម បានចូលរួមគាំទ្រសេចក្ដីប្រកាសរបស់ សម្ព័ន្ធព្រះពុទ្ធសាសនា វៀតណាម ដើម្បីទាមទារឲ្យ រដ្ឋាភិបាលសាធារណរដ្ឋវៀណាមអនុវត្តតាម គោលបំណងទាំង ៥ ចំណុច របស់ពុទ្ធសាសនិក ។
ថ្ងៃទី ១៥ ខែឧសភា ព្រះអង្គនិងប្រតិភូនៃ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម បានចូលទៅ វិមានយ៉ាឡុង (Dinh Gia Long) ដើម្បីជូនសេចក្ដីប្រ កាសរបស់ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម ដល់លោកប្រធានាធិបតី ង៉ោ ដិន យេម ដោយផ្ទាល់ ។

ថ្ងៃទី ២១ ខែឧសភា ព្រះអង្គជាព្រះសង្ឃខ្មែរក្រោមមួយអង្គក្នុងចំណោមសង្ឃទាំង ៥ អង្គ ដែលត្រូវបានគេបោះឆ្នោតឲ្យធ្វើជាទីប្រឹក្សានៃ គណៈកម្មការសម្ព័ន្ធការពារព្រះពុទ្ធសាសនា ជាមួយព្រះសង្ឃមហាយានយួន ៤ អង្គគឺ ព្រះ តេជព្រះគុណ មិន ទ្រឹក (Minh Trực) , ព្រះតេជព្រះគុណ ទ្រី វ៉ាង (Trí Quang) , ព្រះតេជព្រះគុណ ផាប ទ្រី (Pháp Tri) ,ព្រះតេជព្រះគុណ ទៀង ម៉ិន (Thien Minh) និង ព្រះតេជព្រះ គុណ ថាន់ ថាយ (Thanh Thái) ។ នេះជាគណៈកម្មការមួយត្រូវបានបង្កើតឡើងជាចាំបាច់ ខណៈដែលព្រះពុទ្ធសាសនា ថេរវាទខ្មែរក្រោម នៅកម្ពុជាក្រោម និងព្រះពុទ្ធសាសនាយួននៅវៀត ណាមមានអាសន្ននាពេលនោះ ។

ថ្ងៃទី ៣០ ខែឧសភា ព្រះតេជ ព្រះគុណ ឡឹម ឯម បានធ្វើកូដកម្មបង្អត់អាហារក្នុងអំឡុង ៤៨ ម៉ោង ដែលនេះជាលើកដំបូង នៃការធ្វើកូដកម្មដោយសន្តិវិធីហើយក៏ជាការចាប់ផ្ដើមធ្វើជាបន្តបន្ទាប់មករបស់ព្រះសង្ឃមហាយានយួននិងព្រះសង្ឃថេរវាទខ្មែរក្រោមនៅទីក្រុងព្រៃនគរ ដើម្បីទាមទារឲ្យរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ដឹកនាំដោយ លោក ង៉ោ ដិន យេម គោរពសិទ្ធិព្រះពុទ្ធសាសនា ។

ថ្ងៃទី ៣ ខែមិថុនា វត្តចន្ទរង្សី ត្រូវបានកម្លាំងនគរបាលយួន ឡោមព័ទ្ធយ៉ាងតឹងតែង ពីព្រោះព្រះតេជព្រះគុណឡឹម ឯម ជាសមាជិកនៃ គណៈកម្មការសម្ព័ន្ធការពារព្រះពុទ្ធសាសនា ហើយមានសមណប្បាតុករមកផ្តុំគ្នានៅក្នុងវត្តជាច្រើន ។ ក្រោយថ្ងៃព្រះសង្ឃមហាយានយួន ធ្វើកូដកម្មបង្អត់អាហារនៅវត្ត សាឡើយ (chùa Xá Lợi) នាថ្ងៃទី ១៥ ខែកក្ដដា ឆ្នាំ ១៩៦៣ មក ព្រះសង្ឃជាសមណប្បាតុករខ្មែរក្រោម ដែលមកប្រ មូលផ្ដុំគ្នានៅ វត្តចន្ទរង្សី ត្រូវបានកម្លាំងនគរបាលយួនវាយដំសួរចម្លើយ យ៉ាងព្រៃផ្សៃ ។ ក្នុងព្រឹត្តិការណ៍នេះ ព្រះតេជ ព្រះគុណ ឡឹម ឯម និងសមណប្បាតុករទាំងអស់ ត្រូវបានអាជ្ញាធរយួនចាប់ឃុំឃាំងអស់ ៤ ថ្ងៃ ។

ថ្ងៃទី ០៩ ខែកក្ដដា ព្រះអង្គបានបដិសេធចំពោះរដ្ឋការ ង៉ោ ដិន យេម ដែលបានចេញអនុក្រិត្យ ស្ដីអំពីការអនុញ្ញាតឲ្យពុទ្ធសាសនិក លើកទង់ព្រះពុទ្ធសាសនា ចំពោះតែក្រុមព្រះពុទ្ធសា សនាណា ដែលជាសមាជិកនៃ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម ។

ថ្ងៃទី ១១ ខែសីហា ព្រះអង្គបានដឹកនាំព្រះសង្ឃខ្មែរក្រោមចូលរួមក្នុងពិធីបុណ្យសព ព្រះតេជព្រះគុណ ង្វៀង ហឿង (Đại Đức Nguyên Hương) ជាព្រះសង្ឃមហាយានយួននៅ វត្តសាឡើយ (chùa Xá Lợi) បានធ្វើអត្តឃាតដុតខ្លួននាថ្ងៃទី ០៤ ខែសីហា ។

មូលហេតុដែលនាំឲ្យព្រះសង្ឃខ្មែរក្រោម និងព្រះសង្ឃមហាយានយួនធ្វើកូដកម្មបង្អត់អាហារ ឈានដល់ការធ្វើអត្តឃាតដុតខ្លួន សុគតអស់ជាច្រើនអង្គនោះ ព្រោះនៅឆ្នាំ ១៩៦៣ រដ្ឋការ ង៉ោ ដិន យេម (Ngô Đình Diệm ) បានហាមអ្នកកាន់សាសនាទាំងអស់ទូទាំង ដែនដីកម្ពុជាក្រោម ឬ វៀតណាមខាងត្បូងលើកទង់សាសនារបស់ខ្លួន នៅតាមទីសាធារណៈ ។ ការដែលលោក ង៉ោ ដិន យេម ចេញបទបញ្ជាបែបនេះ ព្រោះមានការលើកទង់សាសនាគ្រឹស្តនៅតាមទីសាធារណៈ និងស្ថាប័នរដ្ឋផ្សេងៗយ៉ាងច្រើនស្អេកស្កះ នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ១៩៦៣ ក្នុងឱកាសខួបថ្ងៃលោក ង៉ោ ដិន ទុក (Ngô Đình Thục) ត្រូវជាប្អូនប្រុសលោក ង៉ោ ដិន យេម ត្រូវបានគេតែងតាំង អាចារ្យគ្រឹស្តសាសនាទូទាំងដែនដីកម្ពុជាក្រោម និងនៅភាគកណ្ដាលវៀតណាម ។ ក្រោយពីប្រធានាធិតី ង៉ោ ដិន យេម បានចេញបទ បញ្ជានេះបាន ២ ថ្ងៃ ក៏ស្រាប់តែដល់ថ្ងៃវិសាខបូជា ពលរដ្ឋខ្មែរក្រោមទូទាំងដែនដីកម្ពុជាក្រោម និងជនជាតិយួនអ្នកកាន់ព្រះពុទ្ធសាសនា នៅវៀតណាមខាងត្បូង និងនៅទីក្រុងហ្វេ (Huế) ភាគកណ្ដាលវៀតណាម មិនអាចលើកទង់ជ័យព្រះពុទ្ធសាសនានៅតាមវត្តអារាមបាន ក៏ឈានដល់ការធ្វើកូដកម្មជំទាស់រដ្ឋការ ង៉ោ ដិន យេម ហើយចោទថា មានការរំលោភសិទ្ធិពុទ្ធសាសនា ។

ការធ្វើកូដកម្មរបស់អ្នកកាន់ព្រះពុទ្ធសាសនាជំទាស់រដ្ឋការ ង៉ោ ដិន យេម នាពេលនោះ ព្រះតេជព្រះ គុណ ថិត ក្វាង ដឹក (Thích Quảng Đức) ជាព្រះសង្ឃមហាយានយួនបានធ្វើអត្តឃាតបូជាព្រះកាយខ្លួនឯង នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៦៣ នៅក្នុងទីក្រុងព្រៃនគរ ហើយរឿងនេះបានក្លាយទៅជាសម្ពាធមួយយ៉ាងធ្ងន់ ក្នុងការធ្វើឲ្យមតិជាតិ និងអន្តជាតិយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ស្ថានការណ៍ នយោបាយនៅវៀតណាម ។ ក្រោយពីការធ្វើកូដ កម្មពីសំណាក់អ្នកកាន់ព្រះពុទ្ធសាសនាមិនយូរប៉ុន្មាន នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ លោក ង៉ោ ដិន យេម និងប្អូនប្រុសឈ្មោះ ង៉ោ ដិន ញូ (Ngô Đình Nhu) ត្រូវបានក្រុមរដ្ឋប្រហារយោធានៃ រដ្ឋាភិបាលសាធារណរដ្ឋវៀត ណាម ធ្វើឃាតស្លាប់នៅទីក្រុងព្រៃនគរ ។

តួនាទីក្នុងព្រះពុទ្ធសាសនា៖

ឆ្នាំ ១៩៦៥ ព្រះអង្គត្រូវបានគេបោះឆ្នោត ឲ្យទទួលតំណែងជាសង្ឃនាយក នៃព្រះពុទ្ធសាសនាគណៈថេរ វាទនៅទីក្រុងព្រៃនគរ ។

ឆ្នាំ ១៩៧០ ព្រះអង្គត្រូវបានគេនិមន្តឲ្យចូលជាសមាជិកនៃ គណៈកម្មការវិទ្យាស្ថានសម្ដេចសង្ឃ របស់គណៈកម្មការព្រះពុទ្ធសាសនា ឯកភាពវៀតណាម (Hội Đồng Viện Tăng Thống Giáo Hội Phật Giáo Việt Nam Thống Nhất) ។

ក្រោយឆ្នាំ ១៩៧៥ ព្រះអង្គត្រូវបានគេនិមន្តឲ្យចូលរួមនៅក្នុង គណៈកម្មការទំនាក់ទំនង ព្រះពុទ្ធសាសនាស្នេហាជាតិ (Ủy Ban Liên Lạc Phật Giáo Yêu Nước Thành phố Hồ Chí Minh) នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួននៅទីក្រុងព្រៃនគរ ។

ការទទួលអនិច្ចធម្ម៖

ដោយមានជរាពាធ ព្រះអង្គបានទទួលអនិច្ចធម្មនៅវេលាម៉ោង ០៣ និង ៤០ នាទី រសៀល ថ្ងៃអាទិត្យ ០៨ កើត ខែកក្ដិក ឆ្នាំមមែ ឯកស័ក ព. ស. ២៥២៣ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា គ. ស. ១៩៧៩ ក្នុង ព្រះជន្មាយុ ៨១ ឆ្នាំ សាងផ្នួសបាន ៦៣ ព្រះវស្សា ។ ពិធីបុណ្យ ឈាបនកិច្ចរបស់ព្រះអង្គបានប្រារព្ធតាមប្រពៃណីជាតិខ្មែរ នៅក្នុងវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ៕

ព័ត៌មានលម្អិត៖ www.vokk.net 

រឿងល្បើក និង រឿងខ្លីមានវិធីសាស្ត្រនិពន្ធខុសគ្នា។

រឿងល្បើក និង រឿងខ្លីមានវិធីសាស្ត្រនិពន្ធខុសគ្នា។

ក,របៀបនិពន្ធរឿងល្បើកមានលក្ខណៈពិសេសដូចខាងក្រោម៖
១,សរសេរជាពាក្យកាព្យទាំងបទពណ៌នារបស់អ្នកនិពន្ធ,ទាំងពាក្យសន្ទនា
របស់តួអង្គ។
២,ការបង្កើតតួអង្គគឺយកតួអង្គសត្វ,វត្ថុ ឬរុក្ខជាតិ។ល។ដើរតួជំនួសមនុស្ស។
៣,សរសេរខ្លីពី១២ទំព័រ,១៦ទំព័រ ឬ២០ទំព័រយ៉ាងច្រើន។
ឧទាហរណ៍៖ដូចជារឿងបណ្តាំក្តាមខ្យង និងរឿងជុចនិងត្រី ជាដើម។ល។
៤,ចំពោះគុណធម៌អប់រំមិនបញ្ហាញខ្លឹមសារ ឬរូបភាពណាដែលអវិជ្ជមាន។

ខ,ចំពោះរឿងខ្លីវិញគឺមានលក្ខណៈពិសេសទាំង៤ដូចគ្នា។ ប៉ុន្តែខុសគ្នាពី
រឿងល្បើកត្រង់លក្ខណៈទី១, គឺអ្នកនិពន្ធសរសេរជាពាក្យរាយវិញ។
ដោយ វ៉ែន សុន

ថ្ពាល់ពេញក្រពុំ រលោងថ្លា

ថ្ពាល់ពេញក្រពុំ រលោងថ្លា
វង្សភ័ក្រជីវ៉ា សែនស្រស់ម្លេះ
គ្រាន់តែឃើញភ្លាម ទ្រូងស្ទើរប្រេះ
តណ្ហាឆាបឆេះ ញ័រអង្គប្រាណ ។
រៀមសូមសួរចិត្ត ពីចំងាយ
ថាតើឆោមឆាយ ជន្មប៉ុន្មាន
នៅស្រុក ខេត្តអី កែវកល្យាណ
ឆ្នំាទីប៉ុន្មាន បើនៅរៀន ។ ផេង វិសុដ្ឋារ៉ាមុនី ។ ហិហិហិហិ

រំដួលព្រែកចិន

រំដួលព្រែកចិន
=========
រំដួលព្រែកចិន ចោលក្លិនឈ្ងុយឈ្ងប់
ប្រហើរលើសលប់ នៅក្បែរដងព្រែក
គ្រាន់តែឃើញភ្លាម ជាប់ចិត្តទាក់ភ្នែក
ដុះជាប់ដងព្រែក ចោលក្លិនឈ្ងុយឈ្ងប់ ។
រៀមជិះកង់កាត់ ក្បែរផ្ការំដួល
អារម្មណ៏ច្រាលជ្រួល ចិត្តចង់តែឈប់
លូកដៃបេះផ្កា ប្រហើរលើសលប់
ចិត្តចង់តែឈប់ បានថ្នមអង្អែល ។
ផ្កាស្នេហ៏ព្រែកចិន ដុះដីស្វាយជួរ
ឈ្មោះថា៖រំដួល ព្រែកចិន កោះខែល
បេះហើយអង្អែល ថ្នមលើដៃរៀម ។
============================
២៦  កុម្ភះ  ២០១៤
ផេង វិសុដ្ឋារ៉ាមុនី



លោក ហង្ស ធុនហាក់ (១៩២៦-១៩៧៥) / Hang Thun Hak (1926-1975)

លោក ហង្ស ធុនហាក់ (១៩២៦-១៩៧៥) / Hang Thun Hak (1926-1975)
លោក ហង្ស ធុនហាក់ បានសិក្សាវិជ្ជាល្ខោននៅសាលានាដកម្ម សារាប៊ែរណា (Sara Bernardt) នៅក្រុងប៉ារីស។ លោកបានត្រឡប់ចូលប្រទេសខ្មែរនៅឆ្នាំ១៩៥១ និងបានចូលព្រៃ ទៅនៅភ្នំដងរែកជាមួយក្រុមលោក សឺង ង៉ុកថាញ់ ដើម្បីធ្វើចលនាទាមទារយកឯករាជ្យពីបារាំងវិញ។ លោកបានបំផុសគំនិតស្នេហាជាតិដល់ប្រជាពលរដ្ឋ តាមរយៈសិល្បៈល្ខោន ដែលលោកផ្សព្វផ្សាយតាមវិទ្យុក្នុងព្រៃ។
ក្រោយស្រុកខ្មែរបានឯករាជ្យ លោកធ្វើជាសាស្រ្តាចារ្យ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈ ពីឆ្នាំ១៩៦៦ ដល់ ១៩៧០។ លោកទទួលតំណែងជានាយករដ្ឋមន្រ្តី នៅថ្ងៃ៧ តុលា ១៩៧២ ដល់ថ្ងៃ១៧ មេសា ១៩៧៣។ លោកបានបន្សល់ទុកស្នាដៃជារឿងល្ខោនជាច្រើន ដូចជា ថ្មរាំ សំបុកឥតមេបា វាសនា ឬការកសាង។ល។
(ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត)


កំណាព្យ ប្រភេទរឿងល្បើក មហិច្ឆតានៃសត្វកង្កែប បទពាំក្យ៧

កំណាព្យ ប្រភេទរឿងល្បើក

មហិច្ឆតានៃសត្វកង្កែប
បទពាំក្យ៧

កង្កែប "អូកៗ" អែបគុម្ពកក់
ធ្វើភ្នែកម៉ក់ៗមើលមកគោ
កំពុងផឹកទឹកទៀតស្រែករោទិ៍
ពេលម្ចាស់លោកលោទាញខ្សែដឹក។

រួចហើយដំស្នឹងប្រឹង "ប៉ូកៗ"
ស្រះជិតដំបូកដែលគោផឹក
ម្ចាស់អូសរទេះផ្ទុុកឪឡឹក
បេះប្រមូលដឹកពេលសាយណ្ហ។

ពេលនោះកងកែបស្រក់ទឹកមាត់
ព្រោះឃើញគោធាត់ចង់ធំទាន់
ចិត្តចង់លេបគោវាធំគ្រាន់
ម្ល៉េះសមទ្រលាន់ឆ្ងាញ់យ៉ាងណា?

និពន្ធកំណាព្យ & ថតរូបដោយ
វ៉ែន សុន

Tuesday, February 25, 2014

ព្រះភិក្ខុធម្មបាល ខៀវ ជុំ

ព្រះភិក្ខុធម្មបាល ខៀវ ជុំ ជាសមណៈបញ្ញវន្តខ្មែរមួយរូបដEលមានឧត្តមគតិ និង មនសិការជាតិ លោកប្រសូត្រនៅថៃ្ងចន្ទ ៨កើត ខែផល្គុណ ព.ស ២៤៥០, គ.ស ១៩០៧ នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បិតាឈ្មោះ ង៉ែត ខៀវ , មាតាឈ្មោះ កែវ ចិន ជាគ្រួសារកសិកម្ម, បសុកម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះភិក្ខសុគតនៅព.ស ២៥១៨, គ.ស ១៩៧៥ ក្នុងព្រះជន្មាយុ៦៨ ព្រះវស្សា នៅវត្តលង្កា ក្រុងភ្នំពេញ ។

សៀវភៅដែលជាសមិទ្ធិផលសំខាន់ៗរបស់ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ
១- ល័ខវិជ្ជារាជការ
២- បញ្ហាជីវិត
៣- សំវេគធម៌
៤- ត្រៃលក្ខណ៍
៥- កម្ពុជវេយ្យាករណ
៦- បញ្ហាអនាគត
៧- បញ្ហានរក-សួគ៌
៨- សីលធម៌សាកល
៩- ជីវិតគ្រប់លក្ខណ៍
១០- ពិភពលោកភាសិតឬ ភាសិតសកល
១១- ទានទស្សនៈ
១២- និព្វានទស្សនៈ
១៣- វេយ្យាករណ៍យើង
១៤- ត្រៃចរិយា
១៥- ជីវិតទស្សនៈ
១៦- វិញ្ញាណទស្សនៈ
១៧- គូមិត្តឥទ្ធិបាទ
១៨- ពុទ្ធវិទ្យារៀងបុណ្យ-បាប (ជីវិតសន្តិភាព ជីវិតសាងខ្លួនឯង និង ចិត្តវិទ្យាសង្គម ជីវិតឈ្នះលោក )
១៩- សកលចិន្តា
 



ជនជាតិណារើសអើងពូជសាសន៏?????

ជនជាតិណារើសអើងពូជសាសន៏?????
---------------------------------------------------
១. គិតៗទៅជាតិណារើសអើងពូជសាសន៏
មកនៅផ្តាស់ ខុសច្បាប់លើដីគេ
ក្អេងក្អាងក្អុងក្អាត់ សំបើមម្លេះទេ
គេជេៗ មិនចេះខ្មាស់ធ្វើមុខខ្មូរ  ។
២.  មកនៅដីគេ មើលងាយម្ចាស់ស្រុក
ដើរអុកឡុក បង្កររឿងកកូរ
កកាយញុះញ៉ង់ជាតិគេដើរប្រូ
វង្សត្រកូល គេបែកបាក់ដោយសារខ្លួន ។
៣.  មកនៅដីគេ បង្កររឿងហើយ
មិនកន្តើយ ម្ចាស់ស្រុកព្រួតវ៉ៃផ្ទួន
រហូតក្ស័យ ម្ចាស់ស្រុកសាមគ្គីមួន
មេវាគួនគុំ ស្រែកក្តែងៗ........។
៤. ថា៖ ម្ចាស់ស្រុករើសអើងពូជសាសន៏
គ្នាច្រើនណាស់ ព្រួតវ៉ៃគ្នាម្នាក់ឯង
មេធំហាណូយ ព្រុសមិនចេះក្រែង
វាខ្លួនឯង មកនៅដីគេដោយខុសច្បាប់ហើយ ថាគេរើសអើងពូជសាសន៏ទៀតវើយ!!!!!
==================================
ផេង វិសុដ្ឋារ៉ាមុនី

ទំនួញពុទ្ធសាសនាបណ្ឌិត្យ

ទំនួញពុទ្ធសាសនាបណ្ឌិត្យ
›››››››››
.  ពុទ្ធសាសនបណ្ឌិត្យ ទួញក្តែងៗ                       
ទុក្ខចំបែងខ្លំាង គេរួមរិតប្រាណ
    ធ្វើទុក្ខបុកម្នេញ ចេញចូលរំខាន                       
ដូចដីស្ថាន ជាកេរដូនតាខ្លួន ។
អាសូរ ខ្លួនណាស់ធ្លាប់មានឈ្មោះល្បី                 
លើលោកិយ សសើរស្ថាប័នខ្លួន
    ជាទីប្រជុំអ្នកប្រាជ្ញច្បាប់ក្បួន                           
ឃ្លំាងក្លឹបសួន វប្បធម៌បណ្តុះខ្មែរ ។
បណ្ណាគារ-រោងពុម្ព-បណ្ណាល័យ                        
មានតម្លៃថ្កុំថ្កើងល្បីល្បាញណាស់
    ទស្សនាវដ្តីផ្សាយអក្សរសាស្រ្ត                         
វប្បធម៌ច្បាស់ ចេញរាល់ត្រីមាសម្តង ។
រងគ្រោះបាត់ម្តងសម័យ ៣ ឆ្នំា                        
ឥលូវស្រំាប្រេះ គេព័ទ្ធរបង
    មើលងាយបន្ទាបបន្ថោកខ្ញុំផង                         
មានអាងខ្នង អំណាចហ៊ុមព័ទ្ធខ្ញុំ ។
.   សមដែលឬទេ?នេះឬស្ថាប័នប្រាជ្ញ                    
គេប្រមាថ  តថ្លៃចង់លក់ខ្ញុំ
    តែលក់មិនបាន រិះគន់ថាកុំ                            
ឥលូវខ្ញុំ ត្រូវគេហ៊ុមចោមជិត​។
! អ្នកស្នេហាវិស័យខ្ញុំអ្ហើយ                            
កុំកន្តើយ មេត្តាជួយពិនិត្រ
    ដោះទុក្ខខ្ញុំផង រួចពីធ្មិលពិត                            
ខ្ញុំមានរិទ្ធ ស្តារឈ្មោះជាតិខ្មែរយើង។
រសៀល,និពន្ធនៅរាជធានីភ្នំពេញ,ថ្ងៃ អង្គារ ទី ២៥ ខែ កុម្ភះ ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី


កូនខ្មែរយើងអើយ ល្មមរួមសាមគ្គី

កូនខ្មែរយើងអើយ ល្មមរួមសាមគ្គី
គ្រប់ទិសទី សាមគ្គីលើកស្ទួយ
ជុំវិញបល្ល័ង្ក ក្សត្រាតែមួយ
បក្សពីរ ជួយ កម្លំាងខ្មំាងខ្លាចខ្មែរ ។
សម្តេចសេនាតេជោ ហ៊ុនសែន
ល្បីប្រឹងប្រែង បង្រួបរួមខ្មែរ
ឯកឧត្តម សម រង្ស៊ី  ពូកែ
ល្បីហូរហែរ អ្នកប្រជាធិបតេយ្យ  ។
រួម ឥស្សរជនគណបក្សទំាងពីរ
ខ្លំាងមូលមី ល្មមសាមគ្គីពួតដៃ
តម្កល់ប្រយោជន៏ជាតិ ដល់ថ្លាថ្លៃ
គ្រោះចង្រៃ ចៀសផុត ខ្មែរឯកភាពគ្នា។
ដល់ពេលនោះហើយ ជាតិពិតសុខសាន្ត
ខ្មែរគ្របប្រាណ មូលទឹកចិត្តជានា
ខ្មែរក្រោម កណ្តាល ខេមរាដូចគ្នា
រស់ជុំគ្នា សប្បាយថ្កុំថ្កើងលើដីដូនតា ។
=========================
ផេង វិសុដ្ឋារ៉ាមុនី

ស្វាយជួរនិស្ស័យស្នេហ៏បុប្ជាស្វាយទង

ស្វាយជួរនិស្ស័យស្នេហ៏បុប្ជាស្វាយទង
. ឱ!ខ្សែទឹកទន្លេបាសាក់អើយ                     
ទឹកកុំព្រងើយជួយនំាសម្តី
    ទៅប្រាប់វរមិត្តនៅចុងបូរី                         
 ស្វាយទងទឹកដីកម្ពុជាក្រោម។
ថារៀមលួចស្នេហ៏ចង់ជួបភ័ក្រស្រី                      
សាសងសម្តីនិងពិសីក្រោម
     ព្រោះរៀមគួចចិត្តលង់សម្រស់ឆោម                    
បុប្ជាខ្មែរក្រោមជាប់ក្នុងចិន្តា។
.   ជាខ្សែនិស្ស័យ ឈាមយើងដូចគ្នា                
  ពូជខ្មែរអ្នកជា អង្គរសាវតា
      រៀមជាអ្នកខេត្តទឹកដីកណ្តាល                          
រីស្រស់ជីវ៉ា អ្នកស្រុកស្វាយទង។
.  ជាតិនេះជីវិតរៀមផ្ចើលើស្រី​​                             
សូមកែវប្រណីមេត្តារៀមផង
     រៀមសូមសច្ចាស្ម័គ្រតែនួនល្អង                          
ចិត្តប្រាថ្នាប៉ង បុប្ជាស្វាយទង។
រាជធានីភ្នំពេញ,ថ្ងៃ អង្គារ ទី ២៥ ខែ កុម្ភះឆ្នំា២០១៤
និពន្ធដោយ: ផេង វិសុដ្ឋារ៉ាមុនី
សូមបញ្ជាក់៖ ស្វាយទង គឺជាឈ្មោះស្រុកមួយស្ថិតនៅក្នុងខេត្តមាត់ជ្រូកដីកម្ពុជាក្រោម
ស្រុកស្វាយទង នេះគឺនៅជាប់ជាមួយស្រុកកោះធំនៃខេត្តកណ្តាលកម្ពុជាសព្វថ្ងៃ។
ស្វាយជួរ គឺជាឈ្មោះភូមិមួយស្ថិតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។


Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks