Thursday, February 20, 2014

កំណាព្យ ទោសព្រោះឆាប់ បទផ្កាឈូករីក (ពាក្យ៨ចួននឹង៣)

កំណាព្យ ទោសព្រោះឆាប់
បទផ្កាឈូករីក (ពាក្យ៨ចួននឹង៣)

ឆាប់ស្រឡាញ់ឆាប់ស្អប់ឆាប់ទឹកភ្នែក 
ឆាប់ជជែកឆាប់ស្របឆាប់អាស្រូវ
ឆាប់តែជឿឆាប់ចោទឆាប់ចែកផ្លូវ 
ឆាប់ក្រញូវឆាប់ស្រាយឆាប់បាត់ញាតិ។

ឆាប់ទទួលឆាប់ទេឆាប់កើតទុក្ខ 
ឆាប់យល់មុខឆាប់មិនឆាប់ភ្លាត់ស្នៀត
ឆាប់ចេះសូកឆាប់ស៊ីឆាប់ថោកជាតិ
ឆាប់អរទៀតឆាប់អួតឆាប់អាប់យស។

ឆាប់ស្រែកយំឆាប់សើចឆាប់គិតខ្លី
ឆាប់ហាស្តីឆាប់គឆាប់ខូចឈ្មោះ
ឆាប់ខាងខឹងឆាប់ជាឆាប់ខាងឈ្លោះ
ឆាប់ទ្រគោះឆាប់បាត់ឆាប់ចិត្តស្រាល។

ឆាប់ញ៉េះញ៉ោះឆាប់ងឆាប់មាយា
ឆាប់និន្ទាឆាប់ស្ងើចឆាប់ផ្ចាញ់ផ្ចាល
ឆាប់តែហ៊ានឆាប់ខ្លាចឆាប់ខូចកាល
ឆាប់ឈឺឆ្អាលឆាប់គេចឆាប់ខកចិត្ត។

ឆាប់លើកខ្លួនឆាប់ដាក់ឆាប់គេដៀល
ឆាប់ចិត្តពាលឆាប់ពេបឆាប់ក្បត់ផិ
ឆាប់រាក់ទាក់ឆាប់ឆ្មើងឆាប់បាត់ស្និទ្ធ
ឆាប់អាណិតឆាប់ណាយឆាប់មានថ្មី។

ឆាប់ភ្លេចពង្សឆាប់ពើងឆាប់គេស្អប
ឆាប់ដាល់តប់ឆាប់ញ៉មឆាប់អប្រិយ
ឆាប់ចាក់ចុចឆាប់ជឿឆាប់គិតខ្លី
ឆាប់ជេរស្តីឆាប់ស្តាប់ឆាប់សោកស្តាយ៕៚

និពន្ធដោយ
វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks