កំណាព្យ ខ្លែងហោះត្បិតខ្សែ
បទកាកគតិ
ខ្លែងហោះត្បិតខ្សែ ខ្លែងក្រដាសខ្មែរ មិនមែនបក្សី ខ្លែងធំខ្លែងតូច ខ្លែងចាស់ខ្លែងថ្មី ខ្មែរក្មេងប្រុសស្រី
បានបីបង្ហោះ។
ខ្លែងហោះត្បិតខ្សែ ខ្លែងក្រុងខ្លែងស្រែ មានខ្សែទាំងអស់
ខ្លែងឯកហោះខ្ពស់ ពីរោះស្រណោះ ព្រោះខ្សែវែងសោះ
ទើបហោះជួបខ្យល់។
ខ្លែងហោះត្បិតខ្សែ ខ្លែងតូចធំដែរ បានហោះឥតខ្វល់
ខ្សែវែងខ្លីខ្លះ ដែលម្ចាស់បានផ្តល់ ខ្លែងហោះគ្មានសល់
ទាបខ្ពស់ព្រោះខ្សែ ៕៚
ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០៧
និពន្ធដោយ វ៉ែន សុន
-------------------------------------------------------------------------------
របៀបនិពន្ធកំណាព្យបទពាក្យ៨ ចួនព្យាង្គទី៣ និងព្យាង្គទី៥
កំណាព្យ ព្រះរស់
បទពាក្យ ៨ សូត្របែបរាស់
កាលពុកម៉ែរស់ក្បែរលោកទូន្មាន កូនខ្លះហ៊ានបំពាននឹងសម្តី
ព្រោះមិនតាមលោកហាមអន្លង់បី ល្បែងស្រាស្រីហេតុអ្វីកូនមិនស្តាប់។
មមាចធ្លាប់ច្រើនងាប់ហើរចូលភ្លើង ទាដាក់ទ្រើងតែជើងទំក្រឡាប់
ផ្លូវក្រាលព្រំសមរម្យស្រួលស្រេចស្រាប់ កិតិ្តស័ព្ទម៉ែប្រាប់មិនចង់ដើរ។
ពេលធ្លាក់ខ្លួនគាប់ជួនមានទុក្ខភ័យ ទើបរំពៃលកលៃញាប់ដំណើរ
ស្វែងរកព្រះសំពះបន់ស្រន់ស្នើ ស្មានប្រសើរសួរតើព្រះជួយទេ។
ព្រះពុទ្ធផ្តាំកូនចាំឲ្យខ្ជាប់ខ្ជួន ខ្លួនពឹងខ្លួន ទើបស្ងួនសុខដូចគេ
ព្រោះគ្រប់ប្រាណរស់បានគុណអ្នកមេ ពុកម៉ែទេទាំងទ្វេគឺព្រះរស់៕៚
No comments:
Post a Comment