បទកាកគតិ
-រដូវបុណ្យទាន កូនខ្លះមិនហ៊ាន ជូននំចំណី
ថាចាំក្រោយលោក ក្រែងធ្លាក់អវចី ម្តេចកូនគិតខ្លី
ភ្លេចព្រះអាត្មា។
-កូនខ្លះនៅឆ្ងាយ មិនដែលចំណាយ ជូនលោកពិសា
អាងបងប្អូនជិត គេគិតហើយណា រវល់កិច្ចការ
មួយឆ្នាំមកម្តង។
-ចូលឆ្នាំបិណ្ឌភ្ជុំ ទិញផ្លែឈើនំ ច្រើនក្រៃកន្លង
មកឃើញពុកម៉ែ កន្ទេលជាប់ខ្នង បន្ទោសប្អូនបង
ម្តេចមិន“តេ”ប្រាប់។
-ទាំងប្រពន្ធប្តី លើកនំចំណី ជូនលោកប្រញាប់
សំឡេងស្អកស្អា កូនប្រឹងឱនស្តាប់ មួយៗមិនឆាប់
ឱ្យពរបុត្រភ្ងា។
-កូនអង្វរថា អញ្ជើញពិសា ផ្លែឈើនានា
ក្រែងមានកម្លាំង ឱ្យបានឆាប់ជា លោកលើកដៃរា
គ្រវីសិរសា។
-មិនយូរប៉ុន្មាន លោកក៏ចាកឋាន ចោលបុត្រធីតា
កូនប្រុសកូនស្រី ស្រែកទួញសោកា ទើបភ្ញាក់អាត្មា
សុំទោសពុកម៉ែ។
-បុណ្យប្រាំពីរថ្ងៃ កូនខ្លះចង្រៃ នៅតែប៉ោឡែ
ធ្វើបុណ្យលាយបាប លោកទេសមិនក្បែរ ជុំគ្នាអ៊ូអែ
គោះកែវក្បែរធាតុ។
-ដំណើរយោលទោង យកលេសចាំរោង តែអន់មារយាទ
ខ្លះដាក់ធុងបាស់ ពេលបុណ្យខួបទៀត ធ្វើបង្អួតញាតិ
ដើម្បីយកមុខ។
-ធ្វើនេះមិនត្រូវ កូនកុំខុសផ្លូវ ទាន់នៅម៉ែពុក
ធ្វើបុណ្យខែភ្លឺ បានបុណ្យនឹងមុខ កុំចាំមានទុក្ខ
ទើបយំនឹកស្តាយ។ល។
វ៉ែន សុន
No comments:
Post a Comment