Friday, February 21, 2014

នឹក…….ស្រមៃ…… (កំណាព្យបទកាកគតិ)

នឹក…….ស្រមៃ……

(កំណាព្យបទកាកគតិ)


ព្រះសង្ឃខ្មែរក្រោមនៅវត្តកំពង់និគ្រោធ 
( កំពង់ជ្រៃ ) ខេត្តព្រះត្រពាំង ។

នឹកពុកនឹកម៉ែ
នឹកស្រុកនឹកស្រែ 
នឹកកេរដូនតា 
នឹកវត្តភិរម្យរាជ្យ 
នឹកកាលកុមារ 
នឹកធ្លាប់សិក្សា 
នឹកមិត្តរួមថ្នាក់។ 

នឹកគ្រូនឹកមិត្ត 
នឹករឿងអតីត 
នឹកអាវធ្លាប់ពាក់ 
នឹកស្ពានធ្លាប់ឆ្លង 
នឹកកង់ធ្លាប់ថាក់ 
នឹកអាវធ្លាប់ពាក់ 
នឹកកាលពីក្មេង ។ 

នឹកព្រែកធ្លាប់ហែល 
នឹកភក់ធ្លាប់រាល 
នឹកទីធ្លាប់លេង 
នឹកមិត្តធ្លាប់ឈ្លោះ 
នឹកធ្លាប់ប្រលែង 
នឹកធ្លាប់ហោះខ្លែង 
នឹកវាលស្រែប្រាំង ។ 

នឹកសាលាបាលី 
នឹកធម៌វិន័យ 
នឹកសៀវភៅក្រាំង 
នឹកភាពក្មេងវត្ត 
នឹកស្គររគាំង 
នឹកឆ័ត្រធ្លាប់បាំង 
នឹកកុដិធ្លាប់នៅ ។ 

នឹកភាពជាសង្ឃ 
នឹកចីវរស្បង់ 
នឹកពាក្យប្រដៅ 
នឹកគ្រូទូន្មាន 
នឹកកាលនៅខ្លៅ 
នឹកឃើញរាក់ជ្រៅ 
នឹកគុណពុទ្ធសាសន៍ ។ 

នឹកខ្លួនកម្លោះ
នឹកជាតិរងគ្រោះ
នឹកចង់បម្រះ 
នឹកខ្មែរបាត់សិទ្ធិ 
នឹកខ្មែរព្រាត់ប្រាស់ 
នឹកឃើញអាម៉ាស់ 
នឹកខ្មាស់ជាតិគេ។ 

ស្រមៃចង់បាន
ស្រមៃជាតិថ្កាន 
ស្រមៃជាតិខ្មែរ 
ស្រមៃឯករាជ្យ 
ស្រមៃកែប្រែ 
ស្រមៃក្រុងស្រែ 
ស្រមៃខ្មែរម្ចាស់ ។ 

ស្រមៃព្រឹកព្រាង 
សុរិយារះរាង
ត្រចង់ត្រចះ 
ខ្មែរក្រោមប្រុសស្រី 
ក្រោកឡើងរូតរះ 
ច្រៀងបទខ្មែរច្បាស់ 
គោរពទង់ជាតិ ។ 

ស្រមៃជាតិសុខា 
ព្រះពុទ្ធសាសនា 
រុងរឿងថិតថេរ 
មាតុភូមិអភិវឌ្ឍន៍ 
ខ្ពស់ដូចជាតិគេ
ស្រមៃជាតិខ្មែរ 
ខ្ពង់ខ្ពស់ល្បាញល្បី ៕ 

ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១២
ដោយ ថាច់ តៀង  

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks