Thursday, February 20, 2014

កំណាព្យ ទំនួញរៃអង្គរ បទក្របចក្រវាឡ ( ពាក្យ៧ )

កំណាព្យ ទំនួញរៃអង្គរ
បទក្របចក្រវាឡ ( ពាក្យ៧ )
ខែប្រាំងរៃទំទួញរាល់ខែ ប្រាប់អស់កូនខ្មែររៃទួញប្រាប់
ស្តាប់ស្តាយចម្លាក់សូមជួយស្តាប់ ការសល់ក្បាច់ដាប់ម្តេចពិការ។

ដៃក្បាច់ខ្លះបាត់ក្បាលជើងដៃ ថាចោរចង្រៃរៃទួញថា
តាដូនទុកកេរឱ្យចៅតា ស្តាយអប្សរាបាត់ហួសស្តាយ។

ព្រហ្មបាយ័នបាត់រូបផ្លូវព្រហ្ម ឆ្ងាយជិតរៃយំលាន់ឮឆ្ងាយ
កាយរូបទេវៈសល់តែកាយ ស្តីជេរជួយស្តាយរៃជេរស្តី។

ចោរជាមនុស្សខួរជាចោរ ថ្មីចាស់រូបតោឆែបចាស់ថ្មី
ស្រីប្រុសប្រុងប្រាណកូនប្រុសស្រី ស្មោះស្ម័គ្រភក្តីទើបហៅស្មោះ។

ផ្គរលាន់ខូចក្បាច់ព្រោះភ្លៀងផ្គរ ស្រស់ឈើដុះឈរលែងសូវស្រស់
ក្រោះក្រៀមរៃទួញទាំងក្រៀមក្រោះ ខ្មែរស្តាយស្រណោះប្រាសាទខ្មែរ៕

ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១១
និពន្ធដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks