Thursday, February 27, 2014

ប្រវត្តិ​រូប​សង្ខេបអតីតតារាសម្តែងភាពយន្តខ្មែរ៖ ព្រំរដ្ឋា


ប្រវត្តិ​រូប​សង្ខេបអតីតតារាសម្តែងភាពយន្តខ្មែរ៖ ព្រំរដ្ឋា

ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទី​កន្លែង​កំណើត ជនជាតិ សញ្ជាតិ កម្ពស់ ទម្ងន់
ព្រំ រដ្ឋា

ឈ្មោះ​ក្រៅ

ស្រី​ប៉ុច

ឈ្មោះ​អង់គ្លេស

Prom Ratha

៥ មិថុនា ១៩៨១ តាកែវ ខ្មែរ ខ្មែរ ១៥៩​សង់ទីម៉ែត្រ ៤៥គីឡូក្រាម


ព្រំ​ រដ្ឋា ​ហៅ​ស្រី​ប៉ុច កើត​នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​១៩៨១ នៅ​ទី​រួម​ខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​ដើម​របស់​ឪពុក​ម្ដាយ។ នាង​មាន​បង​ប្អូន​៥​នាក់ (​ស្រី​៣ ប្រុស​២) ហើយ​នាង​គឺ​ជា​កូន​ស្រី​ពៅ​គេ​ ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់ និង​​មាន​កម្ពស់ ១ម​៥៩ ទម្ងន់ ៤៥ គីឡូក្រាម។ នាង​​មាន​ឪពុក​ឈ្មោះ​ ព្រំ​ ស្រៀង​ វ័យ​ក្បែរ​៧០​ឆ្នាំ​ ​ជា​អតីត​មន្ត្រី​ក្នុង​មន្ទីរ​អប់រំ​ខេត្ត​តា​កែវ​​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ចូល​និវត្តន៍ និង​មាន​ម្ដាយ​ឈ្មោះ​ថូ វណ្ណា ស្លាប់​ក្នុង​ឆ្នាំ​១៩៩៧ ដោយ​សារ​ជំងឺ​មហារីក។


អ្នកនាង ព្រំ រដ្ឋា
មុន​ពេល​អ្នក​ម្ដាយ​ទទួល​មរណភាព នាង​និង​គ្រួសារ​បាន​ចំណាយ​ប្រាក់​មើល​​ថែ​ម្ដាយ​សឹង​អស់​រលីង​រលាត់​ពី​ខ្លួន​ ដោយ​​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចំណាយ​ក្នុង​ការ​បញ្ជូន​ទៅ​ព្យាបាល​ដល់​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​វៀតណាម ជា​ច្រើន​លើក​ទៀត​ផង​។ ទោះ​យ៉ាង​ណា នាង​ហាក់​​សម្ដែង​នូវ​​ក្ដី​អាឡោះអាល័យ​ឥត​ឧបមា​ ក្នុង​ពេល​ដែល​ម្ដាយ​របស់​ខ្លួន ​បែរ​ជា​មិន​បាន​មើល​ឃើញ​​រូប​​នាង​ជា​កូន​ស្រី​ ឈរ​លើ​ចំណុច​ល្បី​ល្បាញ​ក្នុង​នាម​ជា​តារា​សិល្បៈ​ នា​ពេល​នេះ​។

តារា​រូប​នេះ​និយាយ​ថា “កាល​ម៉ាក់​ខ្ញុំ​ស្លាប់ គឺ​អ្វីៗ​ក៏​សឹង​តែ​អស់​ដែរ ព្រោះ​ពេល​នោះ​ទាំង​បង​ៗ​ខ្ញុំ​សុទ្ធ​តែ​មិន​ទាន់​មាន​ជីវភាព​ល្អ​​ប្រសើរ​ដូច​ពេល​នេះ​ឡើយ​! តែ​ខ្ញុំ​យល់​ថា ក្រោយ​ពេល​គាត់​ចែក​ឋាន​ទៅ​ គឺ​​ពួក​ខ្ញុំ​ហាក់​ដូច​ជា​ត្រូវ​ព្រលឹង​គាត់​​តាម​ជ្រោង​គ្រប់​គ្នា ព្រោះ​តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​​ប៉ុណ្ណោះ​ ទាំង​បងៗ​ខ្ញុំ និង​ខ្ញុំ​ក៏​ជោគជ័យ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ខ្ញុំ​ត្រូវ​ក្លាយ​ជា​​តារា​សិល្បៈ​ផង​!”។

ប្រវត្តិ​សិក្សា

នាង​ជា​សិស្សសាលា​បឋម​សិក្សា​តា​កែវ ក្រោយ​ពេល​គ្រប់​អាយុ​៦​ឆ្នាំ​ ក្នុង​ឆ្នាំ​១៩៨៧។ នាង​បាន​ឡើង​ទៅ​កាន់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ដែល​ស្ថិត​នៅ​កណ្ដាល​ទី​រួម​ខេត្ត​តា​កែវ។ ក្នុង​ឆ្នាំ​១៩៩៧ នាង​បាន​ផ្លាស់​មក​រស់​នៅ​ជា​មួយ​បង​ប្រុស​បង​ស្រី ដែល​ជា​អ្នក​រក​ស៊ី​នៅ​​ភ្នំពេញ​ ​ក្នុង​បំណង​​ដើម្បី​ងាយ​ស្រួល​មក​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ។ ក្រោយ​​ឆ្លង​ផុត​កម្រិត​វិទ្យាល័យ​ក្នុង​ឆ្នាំ​១៩៩៨ នាង​ក៏​ហក់​ចូល​មហាវិទ្យាល័យ​ភ្លាមៗ ក្នុង​ឆ្នាំ​១៩៩៩ ខាង​ផ្នែក​គណនេយ្យ នៅ​សាកល​វិទ្យាល័យ​​ជាតិ​គ្រប់​គ្រង​។ ​ប៉ុន្តែ​នាង​ចំណាយ​ពេល​សិក្សា​ក្នុង​ផ្នែក​នេះ បាន​តែ​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ក៏​​ស្រាប់​តែ​សម្រេច​ចិត្ត​ព្យួរ​ចោល ក្រោម​លេស​ជាប់​រវល់​សម្ដែង និង​ពិធី​ការិនី​ដក​ឃ្លា​អត់​រួច​។

ប្រវត្តិ​សិល្បៈ

ព្រំ រដ្ឋា ហក់​ចូល​សិល្បៈ​នា​​ដើម​ឆ្នាំ​១៩៩៩ ​បន្ទាប់​ពី​ប្រលង​ជាប់​ជា​បុគ្គលិក ផ្នែក​ពិធី​ការិនី របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣។ នាង​ត្រូវ​បាន​មេ​កើយ អនុញ្ញាត​ឲ្យ​កាន់​កម្មវិធី​ធំ​ៗ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​មើល​ឃើញ​សមត្ថភាព​​ថា​នាង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​អធិប្បាយ ​តាម​រយៈ​កម្មវិធី​អាន​ព័ត៌មាន​ខ្លីៗ​ និង​តាម​ដាន​កម្សាន្ត ដែល​ជួយ​​ឲ្យ​នាង​ត្រូវ​បាន​មហាជន​ស្គាល់​ ក្នុង​សន្ទស្សន៍​តិច​តួច​នោះ​។ ចូល​មក​ដល់​ឆ្នាំ​២០០០ តារា​រូប​នេះ​បាន​ឈរ​ជើង​ជា​ពិធី​ការិនី​កាន់​តែ​ល្បី ​ដែល​អាច​និយាយ​បាន​ថា គឺ​ប្រដំប្រសងគ្នា​នឹង​អ្នក​នាង​គង់ សុជាតិ ​ពិសេស​ក្រោយ​ពី​នាង​​បាន​ចាប់​ដៃ​គូ​ជា​មួយ​លោក​ភោ​ សុផានិត ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់ “ពិភព​តន្ត្រី” និង​”​Hello Ozone” ជំនួស​នាង​សេក សេរី​រ័ត្ន​ដែល​រៀប​ការ​ចេញ​ទៅ​អាមេរិក​ ក្នុង​ពេល​​កំពុង​ឡើង​កូដ​នា​ពេល​នោះ។

ឱកាស​ក្លាយ​ជា​តារា​សម្ដែង

នា​អំឡុង​ចុង​ឆ្នាំ​១៩៩៩ ​នាង​ព្រំ រដ្ឋា ត្រូវ​បាន​លោក​ហ្វៃ​ សំអាង​ និង​អ្នក​ស្រី​ចាន់ ធី​ នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​ជ្រើស​ឲ្យ​សម្ដែង​ឈុត​​ខារ៉ាអូខេ ​​ដំបូង​ក្នុង​រឿង​”ម៉ាក់​ថឺង” ដែល​បាន​ចរាចរ​​យ៉ាង​គគ្រឹក​គគ្រេង​​លើ​ទី​ផ្សារ​ក្នុង​ឆ្នាំ​២០០០​។ ចាប់​តាំង​ពី​ពេល​នោះ​ ​តារា​ស្រី​រូប​នេះ​បាន​បោះ​ជំហាន​ក្លាយ​ជា​តារា​សម្ដែង​តែ​មួយ​ពព្រិច​ភ្នែក ហើយ​បើ​និយាយ​ពី​ឱកាស​វិញ បើ​កុំ​តែ​នាង​ឆាប់​រៀប​ការ​ចេញ​ទៅ​អាមេរិក​ពេក ម្ល៉េះ​សម​នាង​អាច​គ្រង​តំណែង​ជា​តារា​កំពូល​ផ្នែក​សម្ដែង​បាន​ដូច​នាង​វេត រតនា ឬ​ដាញ់ ម៉ូនីកា​កន្លង​មក​ផង​។ ​ចាប់​ពី​ឆ្នាំ​២០០១​មក​ នាង​មាន​ទីផ្សារ​ភាព​យន្ត បន្ត​កន្ទុយ​គ្នា​ឲ្យ​រដឹក ​តែ​មហាជន​កត់​សម្គាល់​ឃើញ​ថា ក្រៅ​ពី​ចេញ​មុខ​ក្នុង​ស្ពត បទ​ចម្រៀង​ខារ៉ាអូខេ គឺ​នាង​ច្រើន​តែ​លេច​មុខ​ក្នុង​តំណែង​ជា​តួ​សម្ដែង​រឿង​បែប​ខារ៉ាអូខេ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​រួម​មាន ឈុត​ខារ៉ាអូខេ​រឿង​​​”ព្រះ​ធិន​វង្ស” ​រឿង​”​ម៉ាក​ភូ​យ៉ង​កែវ​” និង​រឿង​”មាយើង” ​របស់​ផលិតកម្ម​ក្រៅ​ស្រុក។ នាង​សម្ដែង​ភាពយន្ត​ខ្នាត​ធំ បាន​​តែ​មួយ​លើក​គត់ គឺ​រឿង “​ព្រះ​លក្ស្មណ៍​ធិន​វង្ស​នាង​ព្រាហ្មណ៍​​កេសរ” ក្នុង​ឆ្នាំ​២០០៣ ហើយ​ក៏​ដក​ខ្លួន​ពី​សិល្បៈ​ឈឹង។ ​មហាជន​តិច​ណាស់ ជឿ​ថា​នាង​អាច​វិល​​មក​រក​អាជីព​នេះ​វិញ ស្រប​ពេល​កាល​នោះ​នាង​ក៏​មាន​ស្វាមី ជា​មន្ត្រី​សំបូរ​ប្រាក់ ដែល​ធ្លាប់​អះ​អាង​ថា​ ចង់​ឲ្យ​នាង​កាន់​កាប់​មុខ​ជំនួញ​នៅ​អាមេរិក ជា​ជាង​លឹប​ល​ក្នុង​ពិភព​សម្ដែង​នោះ។


អ្នកនាង ព្រំ រដ្ឋា
ប្រវត្តិ​ស្នេហា និង​ការ​បរាជ័យ

ក្រោយ​ពី​ឈុត​ខារ៉ាអូខេ រឿង”ម៉ាក់​ថឺង” ចេញ​លក់​បាន​តែ​មួយ​ខ្យល់​ ​អតីត​តារា​ស្រី​សម្បុរ​ស្រអែម​រូប​នេះ ក៏​ត្រូវ​លោក​ម៉ោ ច័ន្ទ​តារា​អ៊ំ វ័យ​ជាង​៣០​ ជា​មន្ត្រី​រាជការ​នៅ​សហរដ្ឋ​អាមេរិក ចាប់​អារម្មណ៍​ស្រឡាញ់​ពេញ​ចិត្ត។ មិន​យូរ​ប៉ុន្មាន​ ដោយ​នាង​ចង់​គេច​ពី​រឿង​អាស្រូវ ក្នុង​ពេល​កិត្តិនាម​កំពុង​ខ្ពស់​ត្រដែត​ដែរ​នោះ ក៏​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​បើក​ចំហ ជា​មួយ​បុរស​រូប​នោះ​ក្នុង​ឆ្នាំ​២០០២​បាន​តែ​៦​ខែ។ បុរស​ជា​គូ​ដណ្ដឹង​របស់​នាង​ បាន​រត់​ច្បាប់​យ៉ាង​ប្រញាប់​ប្រញាល់ ដើម្បី​ឲ្យ​នាង​ទទួល​សិទ្ធិ​​ចាក​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ក្រោម​លេស​ថា​ ចេញ​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​ទី​នោះ។

ម្ល៉ោះ​ហើយ​ទើប​កិច្ច​ការ​នោះ​ចំណាយ​ពេល​តែ​៦​ខែ​ប៉ុណ្ណោះ ក៏​ទទួល​ផល​ជោគជ័យ ហើយ​តម្រូវ​ឲ្យ​នាង​ឡើង​យន្ត​ហោះ​ចេញ​ពី​ស្រុក​ខ្មែរ ទាំង​​​អាឡោះអាល័យ។ តារា​រូប​នេះ​និយាយ​ថា ការ​ពិត​ក្នុង​ពេល​បោះ​បង់​ទឹក​ដី​កំណើត​នា​ពេល​នោះ នាង​មាន​អារម្មណ៍​សោក​ស្ដាយ​ខ្លាំង​ណាស់ ប៉ុន្តែ​មក​ពី​ចាំ​បាច់​ត្រូវ​តែ​ឡើង​ទៅ​រៀប​ចំ​សង្គម​គ្រួសារ​មួយ​សម្រាប់​អនាគត ទើប​នាង​មិន​អាច​ប្រកែក​បាន។ ក្រោយ​ពេល​ទៅ​ដល់​អាមេរិក នាង​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​គូ​ដណ្ដឹង នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៣​ ពោល​គឺ​បន្ទាប់​ពី​នាង​ចេញ​ផុត​ពី​កម្ពុជា​ តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។ តារា​រូប​នេះ​បញ្ជាក់​ថា​ ខ្លួន​មិន​បាន​រៀប​ការ​នៅ​ប្រទេស​កំណើត ព្រោះ​គិត​ថា រត់​ច្បាប់​ក្នុង​នាម​ជា​គូ​ដណ្ដឹង ងាយ​ស្រួល​ចេញ​ជាង អ៊ីចឹង​ហើយ​ទើប​នាង​ត្រូវ​ឡើង​ទៅ​រៀបការ​នៅ​ទី​នោះ ដោយ​រំលង​អាពាហ៍ពិពាហ៍​នៅ​ទី​នេះ។

ទោះ​យ៉ាង​ណា នៅ​ពេល​នោះ នាង​រមែង​ផ្ញើ​សារ​តាម​រយៈ​សាច់​ញាតិ​​របស់​នាង​ថា ខ្លួន​ និង​នាំ​ស្វាមី ឡើង​មក​រៀប​ការ​ម្ដង​ទៀត​នៅ​ស្រុក​ខ្មែរ​ឲ្យ​ខាង​តែ​បាន ដើម្បី​កុំ​ឲ្យ​មហាជន​ដែល​ធ្លាប់​ស្រឡាញ់​ចូល​ចិត្ត​នាង ខក​ចិត្ត។ ​ពីរ​ឆ្នាំ​ក្រោយ​មក​នាង ក៏​​ប្រសូត​បាន​កូន​ស្រី​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា រឿន ណាត់ថា​លី ដែល​មក​ដល់​ពេល​នេះ​មាន​អាយុ​៥​ឆ្នាំ ហើយ​រឿង​រ៉ាវ​ស្នេហា​របស់​នាង​ ក៏​លេច​ឡើង​នូវ​ការ​លែង​លះ​គ្នា។ នាង​និយាយ​ថា “ខ្ញុំ​បែក​បាក់​ស្វាមី​ខ្ញុំ​តាំង​ពី​នៅ​ទឹក​ដី​អាមេរិក​ម្ល៉េះ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​មិន​ចង់​​រំលឹក​រឿង​នោះ ទើប​ខ្ញុំ​ចេះ​តែ​មិន​ព្រម​សារភាព ក្នុង​ពេល​ដែល​ខ្ញុំ​សម្រេច​វិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០០៨”។ នាង​ទើប​សារភាព​ថា​ ស្នេហា​ប្រេះ​ឆា ក្រោយ​ការ​ចេញ​សាល​ក្រម​ផ្លូវ​ការ​ពី​តុលា​ការ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ចុង​ឆ្នាំ​២០០៩។ នាង​ធ្លាប់​ចំណាយ​ប្រាក់​ជួល​ត្រាក់ទ័រ ឲ្យ​ក្រុម​ហ៊ុន​ឈូស​ឆាយ​កាប់​គាស់​ដី​ចម្ការ​បាន​មួយ​ខ្យល់​ដែរ ក្នុង​ពេល​មក​ដល់​ស្រុក​ភ្លាមៗ ប៉ុន្តែ​ជំនួញ​នោះ ត្រូវ​បាន​ក្ស័យ​ធន​វិញ ក្រោយ​ពី​បញ្ហា​ដី​ធ្លី​ដាំ​ក្បាល​ចុះ។


អ្នកនាង ព្រំ រដ្ឋា
តារា​រូប​នេះ​អះ​អាង​ថា នាង​មាន​គម្រោង​បើក​ជំនួញ តែ​នាង​មិន​ទាន់​បង្ហើប​ឡើយ ក្នុង​ពេល​វត្ថុ​បំណង​ដែល​នាង​ចង់​បាន ស្ថិត​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​បែប​នេះ។ នាង​និយាយ​ថា “​ខ្ញុំ​ចង់​រក​ស៊ី​ច្រើន​ជាង​សិល្បៈ ប៉ុន្តែ​មិន​ច្បាស់​ថា រក​អី​ទេ បើ​ឥឡូវ​មាន​គេ​រក​ច្រើន​ទៅ​ហើយ ប៉ុន្តែ​បើ​ខ្ញុំ​មាន​លទ្ធភាព​គឺ​ពិត​បើក​សម្អាង​ការ​”។ យ៉ាង​ណា​មិញ ព្រំ​ រដ្ឋា ​កំពុង​ឆ្លៀត​រក​ប្រាក់​ពី​ការងារ​ទាក់​ទង​តារា​​ចម្រៀង​ឲ្យ​ចេញ​ច្រៀង​នៅ​អាមេរិក​ តាម​រយៈ​ការ​ទំនាក់​ទំនង​ដោយ​ម្ចាស់​ឧបត្ថម្ភ​មួយ ដែល​​ត្រូវ​ជា​បង​ធម៌​របស់​នាង បន្ថែម​ពី​លើ​អាជីព​ជា​ពិធី​ការិនី។ នាង​កំពុង​ក្ដោប​ក្ដាប់​កម្មវិធី​ពីរ​នៅ​​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ បន្ទាប់​ពី​ចាក​ចេញ​ពី​ប៉ុស្ដិ៍​លេខ​៣ និង​អប្សរា ​កាល​ពី​ជាង​មួយ​ខែ​មុន។

តារា​រូប​នេះ​​​អះ​អាង​ថា ខ្លួន​កំពុង​ចូល​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​សា​ជា​ថ្មី នៅ​សាលា​ប៊ៀលប្រាយ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ក្ដោប​ក្ដាប់​ការងារ​ជា​ពិធី​ការិនី ដែល​ពោ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង។ នាង​និយាយ​ថា “​បើ​ខ្ញុំ​មិន​ទាន់​អាច​បើក​ជំនួញ ខ្ញុំ​នឹង​អាច​រៀន​ពី​បច្ចេកទេស​ផលិត​កម្មវិធី ហើយ​ទិញ​ម៉ោង​ទូរទស្សន៍​ផលិត​លក់​តែ​ម្ដង អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ខំ​រៀន​អង់គ្លេស ចំណែក​រឿង​យក​ប្ដី​ថ្មី ​មិន​មែន​ថា​ ខ្ញុំ​មិន​ទាន់​គិត​នោះ​​ទេ ​ប៉ុន្តែ​គិត​ថា​ ចាំ​ដល់​ពេល​ណា​ពេល​ចុះ​!”៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks