Wednesday, February 26, 2014
ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិកវត្តចន្ទរង្សី ព្រះតេជព្រះគុណ ឡឹម ឯម ព្រះចៅអធិការទី ១ នៃវត្តចន្ទរង្សី ទីក្រុងព្រៃនគរ កម្ពុជាក្រោម
ព្រះតេជព្រះគុណ ឡឹម ឯម
ស្ថាបនិកវត្តចន្ទរង្សី
ព្រះតេជព្រះគុណ ឡឹម ឯម
ព្រះចៅអធិការទី ១ នៃវត្តចន្ទរង្សី
ទីក្រុងព្រៃនគរ កម្ពុជាក្រោម
...........................................
ចន្ទរង្សី ជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមមួយឋិតនៅចំកណ្ដាលរដ្ឋធានីព្រៃនគរ ត្រូវបានកកើតឡើង ដោយព្រះតេជព្រះគុណ ឡឹម ឯម នា ព. ស. ២៤៩១ គ. ស. ១៩៤៧ មកដល់ឆ្នាំ ២០១១ នេះ មានអាយុ កាល ៦៤ ឆ្នាំហើយ ។ បច្ចុប្បន្ន វត្តចន្ទរង្សី មានអាសយដ្ឋាន លេខ 164/235 វិថី ត្រឹង វ៉ឹក ថាវ សង្កាត់ទី ៣ ទីក្រុងព្រៃនគរ (Số 164/235 quốc lộ Trần Quốc Thảo Quận 3 thành phố Hồ chí Minh ។ ព្រះចៅអធិការដែល គ្រប់គ្រងវត្តនេះសព្វថ្ងៃ គឺព្រះតេជព្រះគុណ យ័ញ លុង ។
ព្រះតេជព្រះគុណ ឡឹម ឯម ជាព្រះសង្ឃដែលបានបង្កើតវត្តចន្ទរង្សី នៅរដ្ឋធានីព្រៃនគរ ក្នុង ព. ស. ២៤៩១ គ. ស. ១៩៤៧ ដើម្បីទុកជាសម្បត្តិជាតិ និងព្រះពុទ្ធសាសនាខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ក្រៅពីការបង្កើតវត្តនេះ ព្រះអង្គមានការតស៊ូយ៉ាងខ្លាំងដើម្បីជំទាស់រាល់ទង្វើផ្ដាច់ការរបស់រដ្ឋការសាធារណរដ្ឋវៀតណាមដែលបានរំលោភសិទ្ធិព្រះពុទ្ធសាសនានៅកម្ពុជាក្រោមកាលពីឆ្នាំ ១៩៦៣ ។ ព្រះអង្គបានអនិច្ចធម្មក្នុង ព. ស. ២៥២៣ គ. ស. ១៩៧៩ ក្នុងព្រះជន្មាយុ ៨១ ឆ្នាំ សាងផ្នួសបាន ៦៣ ព្រះវស្សា ។
អំពីឈ្មោះវត្ត៖
ពាក្យ “វត្តចន្ទរង្សី” មានន័យថា “វត្តដែលមានពន្លឺព្រះច័ន្ទ” ព្រោះពាក្យនេះ ជាភាសាបាលីត្រូវបានកើតឡើង ដោយស័ព្ទទាំង ៣ គឺ “វត្ត” មួយ “ចន្ទៈ” មួយ និង “រង្សី” មួយ ។ ពាក្យទាំងបីនេះ ពាក្យនីមួយៗ បើយោងតាមវចនានុក្រមខ្មែរមានន័យដូចខាងក្រោម៖
វត្ត បា…សំ… [អានថា] វាត់ ( ន. ) ទីដែលមានវត្តប្រតិបត្តិ (?); អាវាសឬអា រាមជាទីនៅអាស្រ័យរបស់ពួកសមណៈ ឲ្យកូននៅវត្ត ឲ្យកូនទៅនៅរៀនអក្សរឯវត្ត ។ សាលាវត្ត សាលាសម្រាប់ប្រជុំធ្វើបុណ្យក្នុងវត្ត; សាលារៀនក្នុងវត្ត ។ល។ បុរាណហៅថា ក្តី : ឲ្យកូនទៅនៅក្តី ។
ចន្ទ [អានថា] ច័ន បា. ( ន. ) សភាវៈសម្រាប់បំភ្លឺ ជាចម្បងជាងពន្លឺទាំងអស់ ដែលភ្លឺក្នុងវេលាយប់ : ព្រះចន្ទពេញវង់ ហៅតាមពាក្យធម្មតាថា លោកខែ, ខែរះ, ខែលិច, ខែភ្លឺ ។
រង្សី [អានថា] រ័ង-សី បា. សំ. ( ន. ) (រំសិ; រឝ្មិ) ពន្លឺ, ពន្លឺដែលមានខ្សែចាំងព្រាកៗ ។ ឆព្វណ្ណរង្សី (ឆ័ប-ព័ន-ណៈ-រ័ង-សី) រស្មីមានព័ណ៌ ៦ គឺខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ប្រភស្សរ (រស្មីដែលចេញពីព្រះកាយនៃព្រះសព្វញ្ញុពុទ្ធ) ។ រស្មី, (រ័ស-ស្មី)
រួមសេចក្ដីមក ការដាក់ឈ្មោះវត្តថា “ចន្ទរង្សី” នេះ គឺស្ថាបនិកនៃវត្តនេះ ចង់សំដៅយកន័យថា វត្តចន្ទរង្សី គឺវត្តដែលមាន “ភាពត្រជាក់ត្រជំ” ដោយម្លប់ព្រះពុទ្ធសាសនា និងម្លប់ព្រហ្មវិហារធម៌របស់ព្រះសង្ឃក្នុងវត្តគ្របដណ្ដប់ ដល់ពលរដ្ឋខ្មែរក្រោម ឲ្យមានសេចក្ដីសុខក្សេមក្សាន្ត ប្រៀបបាននឹង “ពន្លឺដួងចន្ទ” ដែលរះពេញវង់តែង ផ្តល់ពន្លឺត្រជាក់ដល់មនុស្សគ្រប់រូប ឲ្យទទួលបានសេចក្តីសុខក្សេមក្សាន្តក៏ដូច្នោះដែរ ។
ឈ្មោះល្បី៖
វត្តចន្ទរង្សី ជាវត្តមួយដែលមានអាយុកាលខ្ចីជាង វត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមនានា នៅក្នុងដែនដី កម្ពុជាក្រោម ប៉ុន្តែមានឈ្មោះបោះសំឡេងល្បីជាងគេដែរ ។ ហេតុដែលនាំឲ្យវត្តចន្ទរង្សី មានឈ្មោះល្បីនោះ គឺ មកពីកក្តាដូចខាងក្រោម៖
ទីមួយ វត្តមានទីតាំងឋិតនៅចំកណ្ដាលរដ្ឋធានីព្រៃនគរ ដែលជាក្រុងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនដីកម្ពុជាក្រោម ។ ទីពីរ វត្តជាមជ្ឈ មណ្ឌលរដ្ឋបាល និងជាទីប្រជុំកិច្ចការជាតិ និងសាសនារបស់ព្រះសង្ឃខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ព្រមទាំងជា ការិយាល័យ កណ្ដាល របស់គណៈ កម្មាធិការ គណៈពុទ្ធសាសនាថេរវាទមជ្ឈមណ្ឌលព្រៃនគរ ដែលមានព្រះតេជ ព្រះគុណ ធម្មវិរិយោ គឹម សាង ជាសង្ឃនាយក ។ ទីបី វត្តជាមជ្ឈមណ្ឌលសម្រាប់ព្រះសង្ឃខ្មែរក្រោម ជួបជុំគ្នា ដើម្បីធ្វើបាតុកម្ម ប្រឆាំងរដ្ឋការសារធារណរដ្ឋវៀតណាម កាលពីឆ្នាំ ១៩៦៣ ទាមទារឲ្យលោកប្រធានាធិបតី ង៉ោ ដិន យេម បើកសិទ្ធិសេរីភាពក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា និងនៅឆ្នាំ ១៩៦៩ ទាមទារ ឲ្យរដ្ឋការសាធារណរដ្ឋវៀតណាមឈប់ហៅខ្មែរក្រោមថា “ពលរដ្ឋវៀតណាមកំណើតខ្មែរ” (Người Việt Gốc Miên) ដែលពាក្យនេះ រដ្ឋាភិបាលវៀតណាមចង់សំដៅថា “ខ្មែរក្រោម” ជាប្រជាពលរដ្ឋនៃប្រទេសវៀតណាម តែកើតនៅប្រទេសកម្ពុជា ហើយមកស្នាក់អាស្រ័យ នៅប្រទេសវៀតណាម បានន័យថា “ខ្មែរក្រោម” មិនមែនជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោមឡើយ ។
អំពី ព្រះតេជព្រះគុណ ឡឹម ឯម៖
ព្រះតេជព្រះគុណ ឡឹម ឯម ប្រ សូតឆ្នាំ ១៨៩៨ នៅស្រុកអណ្ដូងទឹក (Mỹ Tú) ខេត្តឃ្លាំង ក្នុងគ្រួសារខ្មែរក្រោម ដែលមានប្រពៃណីគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ តាំងពីបរាណកាលមក ។
ការបំបព្វជា៖
ឆ្នាំ ១៩១៦ ក្នុងអាយុ ១៨ ឆ្នាំ ព្រះតេជព្រះគុណ ឡឹម ឯម ត្រូវបានមាតាបិតាអនុញ្ញាតិឲ្យបព្វជា ជាសាម ណេរនៅក្នុងវត្តមួយ (?) ឋិតក្នុងស្រុកអណ្ដូងទឹក ខេត្តឃ្លាំង ។
ការបំពេញឧបសម្បទា៖
ឆ្នាំ ១៩២០ ក្នុងព្រះជន្ម ២២ ឆ្នាំ ព្រះអង្គបានបំពេញឧបសម្បទា ជាភិក្ខុនៅក្នុងវត្ត (?) ដដែល ។
ការសិក្សានៅតាមវត្តនានានៅកម្ពុជាក្រោម៖
ក្រោយពី បានបំពេញឧបសម្បទារួច ព្រះតេជព្រះគុណ ឡឹម ឯម បាននិមន្តចេញ ទៅសិក្សាអក្សរសាស្ត្រខ្មែរ និងធម៌អាថ៌វិន័យ នៅតាមវត្តអារាមនានាទាំងក្នុង និងក្រៅខេត្តនៅក្នុងដែនដីកម្ពុជាដើម្បីស្វែងរកចំណេះដឹង ។
ការសិក្សានៅកម្ពុជា៖
ឆ្នាំ ១៩៣៨ ព្រះអង្គបាននិមន្តទៅប្រទេសកម្ពុជាដើម្បីបំពេញវិជ្ជាបន្ថែម ។ ក្នុងអំឡុងពេល នៅក្នុងប្រទេសកម្ពុជានោះ ចាប់ពីឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៤៧ ព្រះអង្គបានចូលធ្វើធុតង្គនៅក្នុងព្រៃអស់រយៈពេល ៨ ឆ្នាំ ។
ក្រោយចេញពីធុតង្គ ព្រះអង្គបានត្រឡប់មកដែនដីកម្ពុជាក្រោមវិញ ។ ពេលបានត្រឡប់មក ព្រះអង្គបានបង្ហាត់បង្រៀនធម៌អាថ៌វិន័យ ដល់ព្រះសង្ឃខ្មែរក្រោមនៅកម្ពុជាក្រោម នូវអ្វីដែលព្រះអង្គបានសិក្សាកន្លងមក នៅក្នុងប្រទេសកម្ពុជា ។
ការកសាងវត្ត៖
ឆ្នាំ ១៩៤៧ ពេលបានត្រឡប់មកដល់កម្ពុជាក្រោមបានមួយរយៈ ព្រះអង្គបាននិមន្តឡើងទៅទីក្រុងព្រៃនគរ ដើម្បីប្រមែប្រមូលពុទ្ធ បរិស័ទខ្មែរក្រោម នៅទីនោះ ក្នុងគោលបំណងកសាងឲ្យបានវត្តខ្មែរក្រោមមួយ នៅចំកណ្ដាលទីក្រុងគ្រាន់បានជាទីកន្លែង សម្រាប់ពុទ្ធបរិ ស័ទខ្មែរក្រោមធ្វើបុណ្យសុន្ទរ៍ទាន ។ មុនដំបូង ព្រះអង្គបានសាងតូបតូចមួយនៅមាត់ព្រែកមួយក្បែរវត្តចន្ទរង្សីសព្វថ្ងៃនេះ ដើម្បីរងចាំឱកាស ។
ឆ្នាំ ១៩៤៨ ព្រះតេជព្រះគុណ អ៊ុល ស្រី ពីប្រទេសកម្ពុជាបានចុះមកសួរសុខទុក្ខសាច់ញាតិរបស់ខ្លួន ព្រះ តេជព្រះគុណ ឡឹម ឯម និងពុទ្ធបរិស័ទនោះទីនោះ ក៏បាននិមន្តព្រះតេជព្រះ គុណ អ៊ុល ស្រី គង់នៅក្នុងតូបជាមួយគ្នាតែម្ដងដើម្បីជួយកសាងវត្ត ។ មិនយូរប៉ុន្មាន តូបដ៏តូចនៅក្បែមាត់ព្រែកនោះ ក៏បានក្លាយទៅជាវត្តមួយ ដ៏ធំស្កឹមស្កៃតាមរចនាបទ្មខ្មែរ នោះគឺ វត្តចន្ទរង្សី ។ ក្រោយការសាងសង់វត្តបានសម្រេចជាស្ថាពរ ព្រះតេជព្រះគុណ ឡឹម ឯម បានឡើងធ្វើជាព្រះចៅអធិការវត្តទីមួយ នាឆ្នាំ ១៩៤៨ ។
ការតស៊ូដើម្បីការពារពុទ្ធសាសនាក្នុងរបបសាធារណរដ្ឋវៀតណាម នាឆ្នាំ ១៩៦៣៖
ក្នុងរបបសធារណរដ្ឋវៀតណាមដែលដឹកនាំដោយប្រធានាធិបតី ង៉ោ ដិន យេម (Ngô Đình Diệm) ព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោម នៅកម្ពុជាក្រោម និងព្រះពុទ្ធសាសនានៃជនជាតិយួនត្រូវបានរដ្ឋាភិបាលជិះជាន់ និងបំ បិទសិទ្ធិមិនឲ្យលើកទង់ ព្រះពុទ្ធសាស នា នៅតាមវត្តអារាម និងទីសាធារណៈនានា ក្រោយពីមានបទបញ្ជាថ្មីមួយចេញដោយលោកប្រធានាធិបតី ង៉ោ ដិន យេម ហាមលើកទង់ សាសនាទាំងអស់ ក្រៅពីទង់ជាតិសាធារណរដ្ឋវៀតណាម ។
ការដែលប្រធានាធិបតី ង៉ោ ដិន យេម ចេញបទបញ្ជានេះ វានាំឲ្យប៉ះពាល់ ដល់ព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមផងដែរ ព្រះតេជព្រះគុណ ឡឹម ឯម ក៏បានដឹកនាំព្រះសង្ឃខ្មែរក្រោមចេញធ្វើបាតុកម្ម ដើម្បីជម្រុញឲ្យរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម គោរពសិទ្ធិ ក្នុងការប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជាក្រោម ។ ការតស៊ូនេះ រដ្ឋាភិបាលវៀតណាម បានចាប់ព្រះអង្គដាក់គុកជាច្រើន លើកនៅទីក្រុងព្រៃនគរ ។
ក្នុងនាមជាសង្ឃនាយក នៃគណៈព្រះពុទ្ធសាសនាថេរវាទ និងជាសមាជិកនៃ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម (Tổng Hội Phật Giáo Việt Nam) ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៦៣ ព្រះ តេជព្រះគុណ ឡឹម ឯម បានចូលរួមគាំទ្រសេចក្ដីប្រកាសរបស់ សម្ព័ន្ធព្រះពុទ្ធសាសនា វៀតណាម ដើម្បីទាមទារឲ្យ រដ្ឋាភិបាលសាធារណរដ្ឋវៀណាមអនុវត្តតាម គោលបំណងទាំង ៥ ចំណុច របស់ពុទ្ធសាសនិក ។
ថ្ងៃទី ១៥ ខែឧសភា ព្រះអង្គនិងប្រតិភូនៃ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម បានចូលទៅ វិមានយ៉ាឡុង (Dinh Gia Long) ដើម្បីជូនសេចក្ដីប្រ កាសរបស់ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម ដល់លោកប្រធានាធិបតី ង៉ោ ដិន យេម ដោយផ្ទាល់ ។
ថ្ងៃទី ២១ ខែឧសភា ព្រះអង្គជាព្រះសង្ឃខ្មែរក្រោមមួយអង្គក្នុងចំណោមសង្ឃទាំង ៥ អង្គ ដែលត្រូវបានគេបោះឆ្នោតឲ្យធ្វើជាទីប្រឹក្សានៃ គណៈកម្មការសម្ព័ន្ធការពារព្រះពុទ្ធសាសនា ជាមួយព្រះសង្ឃមហាយានយួន ៤ អង្គគឺ ព្រះ តេជព្រះគុណ មិន ទ្រឹក (Minh Trực) , ព្រះតេជព្រះគុណ ទ្រី វ៉ាង (Trí Quang) , ព្រះតេជព្រះគុណ ផាប ទ្រី (Pháp Tri) ,ព្រះតេជព្រះគុណ ទៀង ម៉ិន (Thien Minh) និង ព្រះតេជព្រះ គុណ ថាន់ ថាយ (Thanh Thái) ។ នេះជាគណៈកម្មការមួយត្រូវបានបង្កើតឡើងជាចាំបាច់ ខណៈដែលព្រះពុទ្ធសាសនា ថេរវាទខ្មែរក្រោម នៅកម្ពុជាក្រោម និងព្រះពុទ្ធសាសនាយួននៅវៀត ណាមមានអាសន្ននាពេលនោះ ។
ថ្ងៃទី ៣០ ខែឧសភា ព្រះតេជ ព្រះគុណ ឡឹម ឯម បានធ្វើកូដកម្មបង្អត់អាហារក្នុងអំឡុង ៤៨ ម៉ោង ដែលនេះជាលើកដំបូង នៃការធ្វើកូដកម្មដោយសន្តិវិធីហើយក៏ជាការចាប់ផ្ដើមធ្វើជាបន្តបន្ទាប់មករបស់ព្រះសង្ឃមហាយានយួននិងព្រះសង្ឃថេរវាទខ្មែរក្រោមនៅទីក្រុងព្រៃនគរ ដើម្បីទាមទារឲ្យរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ដឹកនាំដោយ លោក ង៉ោ ដិន យេម គោរពសិទ្ធិព្រះពុទ្ធសាសនា ។
ថ្ងៃទី ៣ ខែមិថុនា វត្តចន្ទរង្សី ត្រូវបានកម្លាំងនគរបាលយួន ឡោមព័ទ្ធយ៉ាងតឹងតែង ពីព្រោះព្រះតេជព្រះគុណឡឹម ឯម ជាសមាជិកនៃ គណៈកម្មការសម្ព័ន្ធការពារព្រះពុទ្ធសាសនា ហើយមានសមណប្បាតុករមកផ្តុំគ្នានៅក្នុងវត្តជាច្រើន ។ ក្រោយថ្ងៃព្រះសង្ឃមហាយានយួន ធ្វើកូដកម្មបង្អត់អាហារនៅវត្ត សាឡើយ (chùa Xá Lợi) នាថ្ងៃទី ១៥ ខែកក្ដដា ឆ្នាំ ១៩៦៣ មក ព្រះសង្ឃជាសមណប្បាតុករខ្មែរក្រោម ដែលមកប្រ មូលផ្ដុំគ្នានៅ វត្តចន្ទរង្សី ត្រូវបានកម្លាំងនគរបាលយួនវាយដំសួរចម្លើយ យ៉ាងព្រៃផ្សៃ ។ ក្នុងព្រឹត្តិការណ៍នេះ ព្រះតេជ ព្រះគុណ ឡឹម ឯម និងសមណប្បាតុករទាំងអស់ ត្រូវបានអាជ្ញាធរយួនចាប់ឃុំឃាំងអស់ ៤ ថ្ងៃ ។
ថ្ងៃទី ០៩ ខែកក្ដដា ព្រះអង្គបានបដិសេធចំពោះរដ្ឋការ ង៉ោ ដិន យេម ដែលបានចេញអនុក្រិត្យ ស្ដីអំពីការអនុញ្ញាតឲ្យពុទ្ធសាសនិក លើកទង់ព្រះពុទ្ធសាសនា ចំពោះតែក្រុមព្រះពុទ្ធសា សនាណា ដែលជាសមាជិកនៃ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម ។
ថ្ងៃទី ១១ ខែសីហា ព្រះអង្គបានដឹកនាំព្រះសង្ឃខ្មែរក្រោមចូលរួមក្នុងពិធីបុណ្យសព ព្រះតេជព្រះគុណ ង្វៀង ហឿង (Đại Đức Nguyên Hương) ជាព្រះសង្ឃមហាយានយួននៅ វត្តសាឡើយ (chùa Xá Lợi) បានធ្វើអត្តឃាតដុតខ្លួននាថ្ងៃទី ០៤ ខែសីហា ។
មូលហេតុដែលនាំឲ្យព្រះសង្ឃខ្មែរក្រោម និងព្រះសង្ឃមហាយានយួនធ្វើកូដកម្មបង្អត់អាហារ ឈានដល់ការធ្វើអត្តឃាតដុតខ្លួន សុគតអស់ជាច្រើនអង្គនោះ ព្រោះនៅឆ្នាំ ១៩៦៣ រដ្ឋការ ង៉ោ ដិន យេម (Ngô Đình Diệm ) បានហាមអ្នកកាន់សាសនាទាំងអស់ទូទាំង ដែនដីកម្ពុជាក្រោម ឬ វៀតណាមខាងត្បូងលើកទង់សាសនារបស់ខ្លួន នៅតាមទីសាធារណៈ ។ ការដែលលោក ង៉ោ ដិន យេម ចេញបទបញ្ជាបែបនេះ ព្រោះមានការលើកទង់សាសនាគ្រឹស្តនៅតាមទីសាធារណៈ និងស្ថាប័នរដ្ឋផ្សេងៗយ៉ាងច្រើនស្អេកស្កះ នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ១៩៦៣ ក្នុងឱកាសខួបថ្ងៃលោក ង៉ោ ដិន ទុក (Ngô Đình Thục) ត្រូវជាប្អូនប្រុសលោក ង៉ោ ដិន យេម ត្រូវបានគេតែងតាំង អាចារ្យគ្រឹស្តសាសនាទូទាំងដែនដីកម្ពុជាក្រោម និងនៅភាគកណ្ដាលវៀតណាម ។ ក្រោយពីប្រធានាធិតី ង៉ោ ដិន យេម បានចេញបទ បញ្ជានេះបាន ២ ថ្ងៃ ក៏ស្រាប់តែដល់ថ្ងៃវិសាខបូជា ពលរដ្ឋខ្មែរក្រោមទូទាំងដែនដីកម្ពុជាក្រោម និងជនជាតិយួនអ្នកកាន់ព្រះពុទ្ធសាសនា នៅវៀតណាមខាងត្បូង និងនៅទីក្រុងហ្វេ (Huế) ភាគកណ្ដាលវៀតណាម មិនអាចលើកទង់ជ័យព្រះពុទ្ធសាសនានៅតាមវត្តអារាមបាន ក៏ឈានដល់ការធ្វើកូដកម្មជំទាស់រដ្ឋការ ង៉ោ ដិន យេម ហើយចោទថា មានការរំលោភសិទ្ធិពុទ្ធសាសនា ។
ការធ្វើកូដកម្មរបស់អ្នកកាន់ព្រះពុទ្ធសាសនាជំទាស់រដ្ឋការ ង៉ោ ដិន យេម នាពេលនោះ ព្រះតេជព្រះ គុណ ថិត ក្វាង ដឹក (Thích Quảng Đức) ជាព្រះសង្ឃមហាយានយួនបានធ្វើអត្តឃាតបូជាព្រះកាយខ្លួនឯង នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៦៣ នៅក្នុងទីក្រុងព្រៃនគរ ហើយរឿងនេះបានក្លាយទៅជាសម្ពាធមួយយ៉ាងធ្ងន់ ក្នុងការធ្វើឲ្យមតិជាតិ និងអន្តជាតិយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ស្ថានការណ៍ នយោបាយនៅវៀតណាម ។ ក្រោយពីការធ្វើកូដ កម្មពីសំណាក់អ្នកកាន់ព្រះពុទ្ធសាសនាមិនយូរប៉ុន្មាន នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ លោក ង៉ោ ដិន យេម និងប្អូនប្រុសឈ្មោះ ង៉ោ ដិន ញូ (Ngô Đình Nhu) ត្រូវបានក្រុមរដ្ឋប្រហារយោធានៃ រដ្ឋាភិបាលសាធារណរដ្ឋវៀត ណាម ធ្វើឃាតស្លាប់នៅទីក្រុងព្រៃនគរ ។
តួនាទីក្នុងព្រះពុទ្ធសាសនា៖
ឆ្នាំ ១៩៦៥ ព្រះអង្គត្រូវបានគេបោះឆ្នោត ឲ្យទទួលតំណែងជាសង្ឃនាយក នៃព្រះពុទ្ធសាសនាគណៈថេរ វាទនៅទីក្រុងព្រៃនគរ ។
ឆ្នាំ ១៩៧០ ព្រះអង្គត្រូវបានគេនិមន្តឲ្យចូលជាសមាជិកនៃ គណៈកម្មការវិទ្យាស្ថានសម្ដេចសង្ឃ របស់គណៈកម្មការព្រះពុទ្ធសាសនា ឯកភាពវៀតណាម (Hội Đồng Viện Tăng Thống Giáo Hội Phật Giáo Việt Nam Thống Nhất) ។
ក្រោយឆ្នាំ ១៩៧៥ ព្រះអង្គត្រូវបានគេនិមន្តឲ្យចូលរួមនៅក្នុង គណៈកម្មការទំនាក់ទំនង ព្រះពុទ្ធសាសនាស្នេហាជាតិ (Ủy Ban Liên Lạc Phật Giáo Yêu Nước Thành phố Hồ Chí Minh) នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួននៅទីក្រុងព្រៃនគរ ។
ការទទួលអនិច្ចធម្ម៖
ដោយមានជរាពាធ ព្រះអង្គបានទទួលអនិច្ចធម្មនៅវេលាម៉ោង ០៣ និង ៤០ នាទី រសៀល ថ្ងៃអាទិត្យ ០៨ កើត ខែកក្ដិក ឆ្នាំមមែ ឯកស័ក ព. ស. ២៥២៣ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា គ. ស. ១៩៧៩ ក្នុង ព្រះជន្មាយុ ៨១ ឆ្នាំ សាងផ្នួសបាន ៦៣ ព្រះវស្សា ។ ពិធីបុណ្យ ឈាបនកិច្ចរបស់ព្រះអង្គបានប្រារព្ធតាមប្រពៃណីជាតិខ្មែរ នៅក្នុងវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ៕
ព័ត៌មានលម្អិត៖ www.vokk.net
Subscribe to:
Post Comments (Atom)
No comments:
Post a Comment