Saturday, July 26, 2014

អ្វីទៅជាកំណាព្យ

អ្វីទៅជាកំណាព្យ?
អ្វីទៅជាកំណាព្យ?
១/ ដូចម្តេចដែលហៅថាកំណាព្យ?
ឆ/ កំណាព្យជាកម្រងពាក្យសម្តីដែលជាភាសាដួងចិត្តរបស់កវី ប្រកបដោយពាក្យចួនផ្ទួនរណ្តំ ទៅតាមក្រិតក្រមនៃបទនីមួយៗ។
២/ តើធាតុឬលក្ខណៈពិសេសនៅក្នុងកំណាព្យមានអ្វីខ្លះ?
ឆ/ ធាតុឬលក្ខណៈពិសេសក្នុងកំណាព្យមាន « ព្យាង/ ពាក្យ/ ឃ្លា និង ល្បះ »។
៣/ តើកំណាព្យ និងពាក្យកាព្យដូចគ្នាឬទេ?
ឆ/ មិនដូចគ្នាទាំងស្រុងទេ។ ពីព្រោះ «កំណាព្យជាពាក្យចួនមានក្រិត្យក្រម ដែលជាភាសាដួងចិត្តរបស់កវី»។រីឯពាក្យកាព្យវិញ «ជាពាក្យចួនមានក្រិត្យក្រមដូចគ្នាប៉ុន្តែជាភាសាសំបកក្រៅ»
៤/ តើពាក្យកម្រងកែវ ដូចកំណាព្យឫទេ?
ឆ/ ពាក្យកម្រងកែវមិនដូចជាកំណាព្យទេ។ ពីព្រោះពាក្យកម្រងកែវចួនគ្មានក្រិត្យក្រម។
៥/ តើពាក្យចួនប្រជាប្រិយ ជាកំណាព្យឬក៏ជាកម្រងកែវ?
ឆ/ ពាក្យចួនប្រជាប្រិយ មិនមែនជាកំណាព្យទេ ហើយក៏មិនមែនជាពាក្យកម្រងកែវដែរ។ ពាក្យចួនប្រជាប្រិយមានពីរគឺៈ 1/ ជាពាក្យសុភាសិត។ ឧ.សំណាបយោងដី ស្រីយោងប្រុស។
                                    2/ ជាពាក្យបណ្តៅ។ ឧ. កេះដីវាយពោះ កេះឆ្អឹងជំនីស៊ី បបោស។
៦/ តើពាក្យក្មេងលេងបិទពួន ជាសុភាសិត ឬជាពាក្យបណ្តៅ?
ឆ/ ពាក្យក្មេងលេងបិទពួនមិនមែនជាសុភាសិត និងជាពាក្យបណ្តៅទេ។ គឺជាពាក្យ « រាល » ។
ឧ. ត្រាយត្រក ត្រាយត្រេង ប៉ាក់កាអេងណាំនឿក នាងណាចាំទី ក្រឡុកគ្រលី ហូរខ្វាច់។
៧/ តើកំណាព្យខ្មែរកកើតតាំងពីពេលណាមក?
ឆ/ កកើតតាំងពីមុនព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាហូរចូលមកប្រទេសកម្ពុជា មកម្ល៉េះ គឺ  កកើតតាំងពីមុនគ្រឹះសករាជ។
៨/ តើកំណាព្យខ្មែរ កកើតមានប៉ុន្មានដំណាក់កាល?
ឆ/ ការកកើតកំណាព្យខ្មែរមាន៣ដំណាក់កាល គឺ «សម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយ អង្គរ» ។
៩/ តើកំណាព្យដែលជាមូលដ្ឋានគ្រឹះ( បទដែលមិនទាន់បំបែក ) ក្នុងដំណាក់កាលនីមួយៗ មាន ប៉ុន្មានបទ?
ឆ/ កំណាព្យជាមូលដ្ឋានគ្រឹះ ទាំង៣ដំណាក់កាលរួមមាន:កំណាព្យមុនសម័យអង្គរមាន២បទគឺ «បទពាក្យ៤កើតក្នុងសម័យនគរភ្នំ និងបទបថ្យាវត្តកើតក្នុងសម័យចេនឡា » ។ កំណាព្យសម័យអង្គរមាន៥បទគឺ «បទកាកគតិ, បទព្រហ្មគីតិ, បទពំនោល, បទភុជង្គលីលា និងបទបន្ទោលកាក »។កំណាព្យក្រោយសម័យអង្គរមាន៧បទគឺៈ « បទពាក្យ៦កើតក្នុងសម័យ ឧដ្តុង្គ / លង្វែក។ រីឯបទ     ពាក្យ៧, បទពាក្យ៨, បទពាក្យ៩, បទពាក្យ១០, បទពាក្យ១១ និងបទពាក្យ១២ កើតក្នុងសម័យ     ចតុមុខ »។១០/ ហេតុដូចម្តេចបានជាយើងដឹងថាបទពាក្យ៤ កើតក្នុងសម័យនគរភ្នំ?ឆ/ យើងអាចដឹងបាន ដោយកវីរៀមច្បងយើង លោកស្រាវជ្រាវឃើញនៅក្នុងទំនុកចម្រៀងពីបទ     ភ្លេងអារក្ស និងទំនុកចម្រៀងពីបទភ្លេងប្រពៃណី( ភ្លេងការ)។
១១/ បើដូច្នេះ តើទំនុកចម្រៀងបទ«ហោមរោង»ក្នុងវង់ភ្លេងប្រពៃណីជាកំណាព្យបទអ្វី?
ឆ/  គឺជាកំណាព្យបទពាក្យ៤។
១២/ តើកំណាព្យបទ« ឥន្ទ្រជិត ឬ ឥន្ទជិត » កើតក្នុងសម័យកាលណា?
ឆ/ បទនេះខ្ញុំទើបនឹងស្រាវជ្រាវឃើញក្នុងឆ្នាំ២០០១ ពុំទាន់បានដឹងពីសម័យកាលទេ។
១៣/ តើការនិពន្ធកំណាព្យអាចយកសំឡេង«ឃោសៈ» ដាក់ឱ្យចួននឹង«អឃោសៈ»បានឬទេ?
ឆ/ មិនអាចដាក់ឱ្យចួនជាមួយគ្នាបានទេ។១៤/ តើកំំណាព្យខ្មែរយើងដែលជាប្រភេទកំណាព្យសម្រាប់និពន្ធទាំង៧៦បទនោះ នៅបាត់ កំណាព្យណាខ្លះ?
ឆ/ កំណាព្យទាំង៧៦បទនោះ យើងស្រាវជ្រាវឃើញ៧៤បទហើយ នៅបាត់២បទទៀតគឺៈ
    « បទទន្សាយទីសទៀស និងមាន់ទឹកបណ្តើរកូន »។
                                                                                                  ដោយ វ៉ែន សុន
                     អ្វីទៅដែលហៅថា កម្រងកែវ?
និយមន័យ៖
កម្រងកែវ = កម្រង + កែវ
កម្រង = ការចងក្រង ជាបាច់ ជាសំណុំ ជាសំណៅ ជាគម្ពីរ ជាក្បួនច្បាប់ ជាសៀវភៅ ជាតម្រា
កែវ = រតនវត្ថុ (វត្ថុដែលមាន តម្លៃមហាសាល) រតនរង្សី (ពន្លឺដ៏ មហាសាល) រតនគតិ (គំនិត ដែល មានពន្លឺ ភ្លឺថ្លា ពណ្ណរាយ ដូចពន្លឺ ពេជ្រ ពន្លឺសុរិយា ដ៏មហាសាល ឧត្តង្គឧត្តម វាស់តម្លៃមិនបាន)
កម្រងកែវ គឹជាអត្ថបទ អក្សរសិល្ប៍ ដែលគេសរសេរ ចងក្រង ពូតផ្តុំ នូវ គំនិត សតិប្រាជ្ញា ដ៏មានតម្លៃមហាសាល ទាំងឡាយ អោយទៅជា ក្បួនច្បាប់ ជាគម្ពីរ ជាសៀវភៅ សម្រាប់អោយ អ្នកអាន សិក្សា ពង្រីក គំនិត ពង្រឹងស្មារតី បណ្តុះប្រាជ្ញា អោយកាន់តែ ចាំងចែង ពណ្ណរាយ ប្រសើរ ឡើង ជាងមុន ជាលំដាប់។ នៅក្នុងអក្សរសិល្ប៍ខ្មែរ កម្រងកែវ ចែកចេញ ជាពីរសាខា គឺ កម្រងកែវសម្រាយ និងកម្រងកែវចុងចួន។
អំពីកម្រងកែវសម្រាយ៖
តើកម្រងកែវសម្រាយមានអ្វីខ្លះ?
កម្រងកែវសម្រាយ គឺជា សំណេរទាំងឡាយ ដែលពុំមាន ពាក្យពេចន៍ ចាប់ចុងចួន នឹងគ្នា នៅក្នុងសាច់អត្ថបទ ដូចជា ពាក្យស្លោក កំណត់ហេតុ ផ្សេងៗ សំណេររបាយការណ៍ អត្ថបទសិក្សា និក្ខេបបទ អត្ថបទពត៌មាន ទំនុកពំនោលសុន្ទរកថា ពំនោលសន្ទនា សម្រាប់ការសម្ភាសន៍ សំណេរ សាច់រឿងប្រលោមលោក សំណេរអត្ថបទទូទៅ សំណេរអំពី ប្រវត្តិសាស្រ្ត វប្បធម៌ ក្បួនច្បាប់ ការពន្យល់នានា សំបុត្រទាក់ទងការងារ ជាដើម។ នៅក្នុង កម្រងកែវសម្រាយ សំណេរនិពន្ធន៍ ទាំងឡាយ ពុំមាន ពាក្យ ពេចន៍ ចាប់ចុងចួន នឹងគ្នាអ្វីឡើយ គ្រាន់តែមានការសរសេរ ដែលនាំនូវ ភាពភ្លឺថ្លាពណ្ណរាយ ដល់គំនិត និងអារម្មណ៍ របស់អ្នកអាន ជាទូទៅ ទាំងឡាយ អាយបានទទួល នូវភាពភ្លឺស្វាង មានការចេះដឹង ជាងមុន មានកម្លាំងចិត្ត ជាងមុន មានក្តីសង្ឃឹមឡើងវិញ មានមោទនភាព និងមានទឹកចិត្ត ចងស្ទុះងើប ធ្វើការងារ ធ្វើអំពើល្អ ក្នុងជីវិត សាជាថ្មី លើសពេលណាៗ ទាំងអស់ ក្នុងជីវិត បន្ទាប់ពីគេ បានអាន បានយល់អត្ថន័យ របស់ កម្រងកែវទាំងនោះ។
អំពីកម្រងកែវចុងចួន៖
តើកម្រងកែវចុងចួន មានអ្វីខ្លះ?
១) ប្រស្នា៖ ជាផ្នែកមួយរបស់កម្រងកែវ មានចែកច្រើនសាខា គឺ បរិវារសព្ទ (ពាក្យគ្រលាត់គាស់) ពាក្យពោលដៅ (ពាក្យបណ្តៅ) ភាសិត ជាដើម។
២) កម្រងកែវ ទំនុកច្រៀង ឬ ទំនុកពំនោល ក្នុងចម្រៀង ឬ ល្ខោន ឬ ក្បាច់ពាក្យគ្រលាត់គាស់។ នៅក្នុងនេះ របៀបចាប់ចុងចួន របស់កម្រងកែវ មានច្រើនបែបដូចជា កម្រងកែពំនោល កម្រងកែវមាសមេត្រី កម្រងកែវមិត្តមេត្រី កម្រងគន្ថការមេត្រី ជាដើម។
៣) កាព្យ ទំនុកសូត្រ មានចែកជាច្រើនសាខាដូចជា៖
៣ក) កាព្យ ជា សិល្ប៍វិធីចាប់ចុងចួន ដោយក្បួនបុរាណ ៧៦បែប។
៣ខ) កំណាព្យ ជាលទ្ធផលសម្រចនៃការសរសេរចាប់ចុងចួន (អត្ថបទ) ដោយបង្ហាញគោលគំនិតអ្វីមួយ នៅក្នុងអត្ថបទសំណេរនោះ។
៣គ) ក្បាច់កាព្យ គឺជា រចនាបថផ្សេងៗ នៃសិល្ប៍ចាប់ចុងចួន អោយប្លែកៗ ដោយមានក្បាច់ដើម ៧៦បែប និងក្បាច់បំបែក ផ្គួប ជាច្រើនបន្ថែមទៀត។
៤) សូមកុំច្រឡំ ក្បាច់ កម្រងកែវទំនុកចួន (សម្រាប់ចម្រៀងនិងល្ខោនប្រជាប្រិយ៍) និង ក្បាច់កំណាព្យ (សម្រាប់ស្មូត្រអប់រំ ឬ ស្មូត្រនិទានរឿងបុរាណ) ព្រោះមានសិល្ប៍វិធី ដូចគ្នាខ្លះ ស្រដៀងគ្នាខ្លះ ខុសគ្នាខ្លះ យោងតាមក្បាច់និមួយៗ។ ការសរសេរទាំងឡាយ អាចចាត់ទុកបាន តាមកម្រិតកម្រងកែវ ច្រើនបែប ដូចជា ៖
១) បែបក្មេង (បែបកំប្លែងនិយាយមិនច្បាស់)
២) បែបកំប្លែងមនុស្សចាស់
៣) បែបភាសាគ្រលាស់ (ក្បាច់ញ៉ែងញ៉ង)
៤) បែបសន្ទនាប្រស្រ័យប្រចាំថ្ងៃ
៥) បែបចុងចួន (កំណាព្យ ចម្រៀង ឬពំនោលចួន)
៦) បែបសិក្សាអត្ថបទខ្លីៗ
៧) បែបពត៌មាន
៨) បែបស្រាវជ្រាវ ជាដើម។
កំណត់សំគាល់៖
កម្រងកែវអក្សរសិល្ប៍ទាំងមូល គេច្រើនហៅកាត់ថា កម្រងកែវឆ័ត្រធំ។
ចំណែកកម្រងកែវទំនុកចួនវិញ គេច្រើនហៅថា កម្រងកែវឆ័ត្រតូច។
រីឯកាព្យ និង កំណាព្យ គ្រាន់តែចំណែកភាគ មួយ របស់ កម្រងកែវខ្មែរដ៏ធំទូលាយនោះ តែប៉ុណ្ណោះ។
អំពីក្បាច់សរសេរ សម្រាប់កម្រងកែវ ទំនុកចួន ៖
១-ក្បាច់ឈូករីកកណ្តាលស្រះ ជាសំនៀងស្ទួន កណ្តាលឃ្លាមួយ ដូចជា ជា-នា ទៅ-នៅ ជ្រៅ-ផ្លូវ (ស្ទួនសៀង)។
ឧ. បងនឹកអូនណាស់ម្ចាស់ជីវិត នឹកគ្រានែបនិត្យផ្តិតឱរា អារម្មណ៍ចំបែងរែងខ្លោចផ្សា នឹកអនុស្សាចារជាប់ចិត្ត។
២-ក្បាច់ទទះស្ទួន ជា ពាក្យស្ទួនកណ្តាលឃ្លា ដូចជា ស្តី-ស្តី នៅ-នៅ បុប្ផា-បុប្ផា (ស្ទួនពាក្យ)។
៣- ក្បាច់ទទះស្លាប ជា សំនៀងស្ទួនរណ្តំព្យាង្គ ដូចជា ពាក្យថា រលើប រលោង រលេញ រលក រលាម (សៀងរណ្តំ រ-ល) (ស្ទួនរលកព្យាង្គ)។
៤- ក្បាច់ញ៉ែងញ៉ង ជាក្បាច់ចាប់ចួន បែបភាសាគ្រលាស់។
ក្បាច់បីបែប ខាងលើនេះ សំបូរប្រើ នៅក្នុងក្បាច់ចាប់ចុងចួន មនោសញ្ចេតនា សម្រាប់ការសរសេររឿង ដើម្បីផ្តោះផ្តងប្រយោគ រវាងបុរសស្ត្រី ឬ ដើម្បីបង្ហាញ នូវភាពរណ្តំ ក្នុងអារម្មណ៍ ដូចជា ភាពក្តុកក្តួល រន្ធត់ រំភើប ស្រើបស្រាល ភ័យតក់ស្លុត ជាដើម។
---------------------------------------------------------------------------------------------
យោបល់ចុងក្រោយ៖
កន្លងមក មានស្មេរនិពន្ធខ្លះ ចូលចិត្តសរសេរ តែមិនហ៊ានបង្ហាញស្នាដៃ អោយគេអាន ដោយខ្លាចមានការរិះគន់ថា ស្នាដៃរបស់ខ្លួន មិនចូលទៅក្នុងបែបបថ មូលដ្ឋានកាព្យបុរាណ។ ប៉ុន្តែបើយើងស្គាល់ច្បាស់ នូវមូលដ្ឋានកម្រងកែវ និងកំណាព្យ យើងអាចសរសេរបាន គ្រប់បែបបទ ដោយមិនខ្លាចការរិះគន់អ្វីឡើយ ព្រោះថា មិនថា យើងសរសេរក្បួនក្បាច់អ្វីទេ គឺលក្ខណៈនិមួយៗ របស់យើង អាចមានចំណាត់ចូលទៅក្នុង ក្បួនក្បាច់និពន្ធបុរាណ ណាមួយជានិច្ច។ អ្វីដែលអ្នកអាន យកកំណាព្យ ឬកម្រងកែវ ទៅគិត ទៅរៀនទៅសូត្រ នៅពេលគេអាន ចំណុចទីមួយ អ្នកអានទូទៅរមែង មានទម្លាប់អោយតម្លៃលើអត្ថន័យ អត្ថរសរបស់កាព្យមិនដែលរំលង។ លុះគេអានចប់អត្ថន័យហើយ ចំណុចទីពីរ អ្នកអានមួយចំនួនតូច នឹងពិនិត្យ អក្ខរាវិរុទ្ធ។ ចំណុចចុងក្រោយ អ្នកអានចំនួនតូចបំផុត នឹងពិនិត្យរបៀបចាប់ចួន ជាពិសេស អ្នកដែលបានរៀនក្បាច់កាព្យ។ ថ្វីបើយ៉ាងនេះក៏ដោយ ការសិក្សាត្រឹមក្បាច់កាព្យ តាមសៀវភៅមួយ មិនអាចកំណត់ក្តីបានថា យើងចេះគ្រប់ក្បាច់កាព្យ ឬ កម្រងកែវខ្មែរ គ្រប់សព្វនោះឡើយ។ នៅមានកន្លែងខ្លះ ដែលយើងនៅមានចន្លោះគ្រប់ៗគ្នា។ នៅកន្លែងចន្លោះនោះហើយ ដែលយើងគ្រប់គ្នា ជំនាន់ក្រោយ អាចបំពេញបាន ដោយ យកក្បាច់កម្រងកែវចាប់ចួន របស់ចាស់បុរាណ មកបំពេញ ដោយមិនបាច់មានការទើសទាល់់ក្នុងចិត្ត ឬ ក៏អាចបង្កើតក្បាច់ថ្មី ដាក់ឈ្មោះថ្មី ដើម្បីបង្ហាញនូវការរីកចម្រើន នៃស្នាដៃរបស់យើង ថែមទៀតក៏បាន ដោយពុំមានកំហុសឡើយ។ កត្តានេះ ធ្វើអោយកវីនិពន្ធទាំងឡាយ នឹងបានទទួលនូវភាពទូលំទូលាយ ក្នុងការបញ្ចេញគំនិត ស្មារតី បញ្ញា ឆន្ទ: របស់ខ្លួន ទៅតាមសមត្ថភាពអតិបរមា ក្នុងការសរសេរនិពន្ធ ដោយពុំមានខ្លាចរួញរានឹងបញ្ចេញ តទៅទៀត។ ហើយព្រមជាមួយគ្នានោះដែរ អ្នកអានក៏នឹងបានទទួលអាន នូវអត្ថបទផលគំនិតច្រើនម៉ូដ ច្រើនបែបប្លែកៗមិនលែងឡើយ។ នេះហើយដែលហៅថា ភាពរីកចម្រើនរុងរឿងឥតព្រំដែននៃបញ្ញា!! ចំណែកអ្នកអាន ដែលធ្វើបញ្ច្រាស សម្លឹងរបៀបចាប់ចួន ឬ សម្លឹងកំហុសអក្ខរាវិរុទ្ធ មុន រមែងមើលរំលងផុតគំនិត ដ៏មានតម្លៃ នៅក្នុងអត្ថបទរបស់យើងជានិច្ច ហើយមិនសូវបានស្រង់អត្ថរសគំនិត ពីសំណេរនោះ ពុំមានឡើយ។ ដូច្នេះ អ្នកអានណា ដែលអាចស្រង់គំនិត យកពីអត្ថបទរបស់យើងបានលឿនជាងគេ ជាអ្នកអាន ដែលទទួលនូវកំណើនបញ្ញាមុនគេ។ អ្នកសរសេរដែល ផ្ចង់លើការបង្ហាញគំនិត រមែងកើនបញ្ញាលឿន ដូច្នេះ ដូចគ្នាដែរ។ កាលបើគំនិតរបស់យើង មានជំរឿនរីកចម្រើនហើយ ការសិក្សាបង្កើនអក្ខរាវិរុទ្ធ និង របៀបចាប់ចួនពាក្យ ជាការងាយស្រួល នឹងរៀនសូត្រ ដើម្បីសម្រួលតាមក្រោយ អោយកាន់តែប្រសើរ ត្បិតការសិក្សាជាន់ខ្ពស់ គេសម្លឹងមើលគំនិតបញ្ញា របស់សិក្ខាជន មុននឹងអោយតម្លៃទៅលើ សំបកក្បាច់ចាប់ចួន និង អក្ខរាវិរុទ្ធ ព្រោះថា ក្បាច់ចាប់ចួន និង អក្ខរារិរុទ្ធ ជាសោភ័ណក្របក្រៅ ដែលជួយលំអ អោយគំនិត កាន់តែមានសោភ័ណថែមប៉ុណ្ណោះ។ បើមានគំនិតហើយ ការចាប់ពាក្យ មកសរសេរចួន ជាការងាយ។ ផ្ទុយទៅវិញ បើចេះរបៀបចាប់ចួនហើយ តែពុំមានគំនិត តើយើងនឹងឆ្លាក់សំណេរម្តេចនឹងចេញទៅ? ខ្ញុំផ្ទាល់ ធ្លាប់សរសេរកំណាព្យ និង កម្រងកែវចាប់ចួន រកេតរកូត ពេញមួយជីវិតរបស់ខ្ញុំ ហើយក៏ទទួលការរិះគន់ ពីសំណាក់អ្នកអាន ក្មេងចាស់រាប់មិនអស់ដែរ។ ពេលគេរិះគន់ម្តង ខ្ញុំកែកុនសម្រួលម្តង។ លុះកែកុនយូរទៅ ខ្ញុំកាន់តែភ្លឺស្វាង ថែមគំនិត ថែមអក្ខរាវិរុទ្ធ ថែមការចាប់ចួន ម្តងបន្តិចៗ។ តមក ខ្ញុំនៅតែព្យាយាម ខំសរសេរ ខំបញ្ចេញគំនិត មិនឈប់ឈរ ថ្វីបើកំណាព្យ ទំនុកច្រៀង កម្រងកែវ របស់ខ្ញុំ មិនល្អគ្រប់ទាំងអស់។ ប៉ុន្តែ ច្រើនឆ្នាំកន្លងទៅ នៅក្នុងចំណោមនោះ មានស្នាដៃរកេតរកូតទាំងឡាយនោះជាច្រើន មានគេនិយម យកទៅប្រើប្រាស់ និង បោះពុម្ពសាជាថ្មីឡើងវិញ ដើម្បីចែកចាយទូទៅ តាមរយៈសារពត៌មាន ទស្សនាវត្តី ប្លុកផ្សេងៗ គេហ៌ទំព័រផ្សេង ឬ នៅក្នុងអត្ថបទសិក្សា នៅវិទ្យាល័យ មហាវិទ្យាល័យ ជាដើម ថ្វីបើស្នាដៃរបស់ខ្ញុំ មិនដែលបានទទួលពានមាស ឬ មេដាយមាស ក៏ដោយ។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី ខ្ញុំនៅតែទទួលបាន ពានពណ្ណរាយ ពេញមោទនភាព នៅពេលចុងក្រោយ ដដែល ថ្វីបើពាននោះ ពុំមានរូបរាង សម្រាប់អោយខ្ញុំកាន់បង្ហាញ។ ពានពណ្ណរាយនោះ គឺជា "ពន្លឺបញ្ញា" និង "កម្លាំងចិត្ត"ដែលអ្នកអាន និង ស្មេរ បានទទួលកំណើន គ្រប់ៗគ្នា បន្ទាប់ពីគេបានអាន បានសិក្សា និងបានពិចារណ៍ នូវអត្ថបទទាំងឡាយរបស់ខ្ញុំនោះឯង។ ព្រមជាមួយគ្នានេះដែរ បើសិនយើងក្រលេកបែរថយក្រោយ ទៅមើលស្នាដៃចាស់បុរាណ មានដូចជា ច្បាប់ក្រមង៉ុយ វិធូរបណ្ឌិត ច្បាប់ស្រី ច្បាប់ប្រុស ឬ បទចម្រៀងផ្សេងៗ យើងនឹងបានឃើញ នូវស្នាដៃទាំងនោះ ក្នុងលក្ខណៈប្លែកៗ ហើយពិរោះស្តាប់ មានអត្ថន័យ ធ្វើអោយញាតិប្រុសស្រី ច្រៀងតាមរំពងអឺងកង សប្បាយចិត្ត ថ្លាអារម្មណ៍ កើនបញ្ញាគ្រប់គ្នា ថ្វីបើការចាប់ចុងចួន នៅមានចន្លោះខ្វះខាត មានតាមលក្ខណៈកាព្យ តែនៅអាចរសាត់ចូលចំណាត់បែបផ្សេងៗទៀត នៃកម្រងកែវដដែល មិនមានខុសឆ្គង។ ហើយស្នាដៃទាំងនោះនៅតែមានតម្លៃចេរកាល ជានិរន្តន៍ ព្រោះមូលហេតុអត្ថន័យជ្រាលជ្រៅវាស់មិនបាននោះឯង។ ដូច្នេះ សូមកុំខ្លាចនឹងសរសេរ បញ្ចេញគំនិត បញ្ចេញបញ្ញា របស់យើង ដោយខ្លាចមានការរិះគន់ ពីសំណាក់អ្នកអាន ចំពោះខ្លួន។ ពិតមែនតែថ្ងៃនេះ យើងមិនបានទទួលពានរង្វាន់ មិនមែនបានន័យថា ស្នាដៃរបស់យើង គំនិតរបស់យើង ពុំមានតម្លៃ ហើយត្រូវចប់នៅថ្ងៃនេះទេ។ អោយតែមានការព្យាយាម ខិតខំសរសេរមិនឈប់ឈរ នៅក្នុងថ្ងៃណាមួយខាងមុខ យើងនឹងបានទទួលនូវ ការគាំទ្រជ្រោមជ្រែងពីអ្នកអានខ្លះៗ ទៅតាមនោះជាមិនខាន មិនថា ការសរសេរនោះ ខុសត្រូវអក្ខរាវិរុទ្ធខ្លះៗ ឬ ខុសប្លែករបៀបចាប់ចួន ក្បួនបែបណា ព្រោះនៅពេលនោះ គេនឹងអានគំនិត ហើយគេនឹងស្រង់គំនិត យកទៅពិចារណ៍ ដើម្បីបង្កើន ប្រយោជន៍សម្រាប់ជីវិតរបស់គេ យ៉ាងទូលំទូលាយ មិនខុសអ្វីឡើយ ពីតម្លៃប្រសើររបស់ផ្លែខ្នុរ ថ្វីបើសំបកមិនសូវស្អាត តែអ្នកស្រុកក៏នៅតែ កត់សំគាល់រសជាតិសាច់ខ្នុរនៅខាងក្នុង ហើយក៏ទទួលស្គាល់នូវ ទម្រង់សំបកខ្នុរ ទៅតាមលក្ខណៈរបស់ផ្លែ ទៅតាមនោះដែ                                          អ្នកស្រី កែវច័ន្ទបូរណ៍

សិល្បៈប្រើវោហារបង្ហូរគំនិត
ធម្មជាតិជាកវីនិពន្ធ
អ្នកប្រាជ្ញមិនមែនជាប្រាជ្ញ ដោយការនិយាយច្រើន តែប្រាជ្ញដោយសារគំនិតនិងការប្រព្រឹត្ត ប្រកប ដោយ សីលធម៌ គុណធម៌ និងការនាំនូវគតិបណ្តុះនូវគុណប្រយោជន៍ សម្រាប់មនុស្សផង ជាទូទៅ ដោយការប្រើពាក្យពេចន៍ ប្រពៃថ្លៃថ្នូរ មានន័យខ្លឹមសារ មានគំនិតនិងឆន្ទៈ ឧត្តុង្គឧត្តម មានសច្ចៈភាព សមរម្យតាមកាលៈទេសៈ មានន័យថា អ្នកប្រាជ្ញទាំងឡាយរមែងត្រិះរិះ គិតវែកញែក វិភាគល្អិតល្អន់ ច្បាស់លាស់ អំពីគុណសម្បត្តិនិងគុណវិបត្តិ ដែលជាផលនៃ ពាក្យពោលស្ដីរបស់ខ្លួន ទាំងឡាយ។ ដូច្នេះ យើងគប្បីជ្រើសរើស គំរូល្អរបស់លោកបែបខាងលើនេះ យកមកប្រើប្រាស់ ដើម្បីបង្កើន ថ្វីដៃនិពន្ធរបស់យើង អោយឈានចូល កម្រិតមួយ យ៉ាងខ្ពស់ត្រដែត គង់វង្សយូរអង្វែង។
ពូជពង្សសាវតារខ្មែរជាអ្នកសិល្បៈកាព្យឃ្លោង
បើសិនយើងនាំគ្នាសង្កេត អោយជាក់លាក់ទៅ យើងនឹងបានឃើញថា ស្មេរខ្មែរដ៏ល្បីល្បាញ ទាំងឡាយ ច្រើននិយមជ្រើសរើស ចងក្រងអក្សរសិល្ប៍ លក្ខណៈកម្រងកែវ បែប កំណាព្យ (ដូចជានៅក្នុងរឿង រាមកេរ្តិ៍ ក្រុងសុភមិត្រ ទុំទាវ ច្បាប់អប់រំ ច្បាប់ផ្សេងៗ) ចម្រៀង(ទំនុកច្រៀងមហោរី ប្រពៃណី ប្រជាប្រិយ និងសម័យ) និង ភាសិតផ្សេងៗ ជាដើម។ មូលហេតុចំបងដែលខ្មែរយើងមាន ទម្លាប់សរសេរ បែបកាព្យឃ្លោង គឺមកពីឥទ្ធិពលនៃ តន្ត្រីនិងសិល្បៈ បានដោតដាំ ក្នុងសន្ដាន របស់យើងតាំងពី បុរេកាលមក ដោយសារការយល់ឃើញ ជាប់ជានិច្ចថា ‍‌ជីវិតខ្មែរគឺជាសិល្បៈ សិល្បៈគឺជាជីវិតខ្មែរ។ ទស្សនៈនេះ បានញ៉ាំងអោយប្រទេសជាតិខ្មែរ ទទួលនូវការរីកដុះដាល ចម្រុងចម្រើន ច្រើនសម័យ កាល រាប់មិនអស់ រហូតធ្លាប់ត្រូវបានគេទទួលស្គាល់ ទូទាំងសកលលោកថា ជាអាណាចក្រមួយ ដែលប្រកបដោយវប្បធម៌ និង អរិយធម៌យ៉ាងខ្ពង់ខ្ពស់ ត្រកុំត្រកាល ទៀតផង។ ទន្ទឹមនឹងការរីក ចម្រើននេះ កម្រងកែវ ផ្នែកកំណាព្យកាព្យឃ្លោង ក៏បានក្លាយជា គោលចំបង នៃការនិពន្ធ អក្សរសិល្ប៍ ខ្មែរ ដែលអ្នកប្រាជ្ញបញ្ញវ័ន្ដ និងកវីរបស់យើង ជាច្រើនជំនាន់តមក និយម ជ្រើសយកមកធ្វើជាគោល ក្នុងការសរសេរ ផ្តិតគំនិតនិងឆន្ទៈរបស់ខ្លួន នៅក្នុងការណែនាំអ្នកអាន អោយបានទទួល នូវការ កំសាន្តផង ទទួលចំណេះចេះដឹងផង និងបណ្តុះស្មារតីជាតិនិយមផង ព្រមជាមួយគ្នាយ៉ាងពេញទំហឹង តែម្តង។ ដោយមូលហេតុនេះ ទើបយើងឃើញ សិល្បៈកំណាព្យ បានធ្វើដំណើរវិវដ្ត ជ្រួតជ្រាប ក្នុងជីវិតរបស់ខ្មែរ គ្រប់ស្រទាប់វណ្ណៈ រហូតមានជាប់ជាទំនៀមទម្លាប់ តរៀងដល់សព្វថ្ងៃនេះ ដូចជា ប្រភេទ សំនៀងតូរ្យតន្ត្រី ដែលគេច្រៀងប្រគំឡើង នៅពេល មានបុណ្យទាន ឬពិធីសំខាន់ៗ ដូចជា ពីធីមង្គលការ ពីធីឡើងផ្ទះ ពិធីបង្កក់កូនចៅ ពិធីឈាបនកិច្ច ជាដើម។
កវី ការគិត និង ការបង្ហូរគំនិត
កវីទាំងឡាយ ច្រើនផ្តល់ការវិភាគលំអិត ទៅលើអ្វីៗទាំងពួង ដែលទាក់ទិនទៅនឹងរឿងរ៉ាវក្នុងជីវិត របស់ខ្លួន ឬក្នុងសង្គម ត្បិតអី កវីជាប្រភេទអ្នកនិពន្ធដែលចូលចិត្តធ្វើការសង្កេត ពិនិត្យ ល្អិតល្អន់ ជាទីបំផុត។ មិនថានៅទីណា កន្លែងណា កវីតែងសម្លឹងរក លក្ខណៈប្លែកៗ ពិសេសៗ អស្ចារ្យ នៃអ្វីៗ ជុំវិញខ្លួនជានិច្ច ហើយចងក្រងនូវគំហើញផ្សេងៗរបស់គេ ទុកជាបទចម្រៀង ឬ ជាកំណាព្យផ្សេងៗ ដែលមានចុងចួនពិរោះរណ្ដំ តាមក្បួនខ្នាតនៃសិល្បៈកំណាព្យខ្មែរ។ កវីឆ្នើម ច្រើនមានទេពកោសល្យ ខ្ពស់ ក្នុងការប្រើប្រាស់ពាក្យពេចន៍ ពិរោះរណ្ដំ តាមលក្ខណៈអក្សរសិល្ប៍ ដើម្បីបង្ហាញនូវគំនិត និង អារម្មណ៍ផ្សេងៗ ដែលទាក់ទងទៅនឹងសោភ័ណជីវិត និងប្រយោជន៍ទាំងឡាយ ដែលនាំជីវិត អោយ កាន់តែថ្កុំថ្កើងរុងរឿង។ លក្ខណៈពិសេសនៃសំណេរកវី គឺផ្តោតទៅលើ គោលការណ៍ច្បាស់លាស់ មាន ចេតនាអ្វីមួយពិត ប្រាកដ ដែលធ្វើអោយអារម្មណ៍ អ្នកអានរំភើបរីករាយសប្បាយ និងទទួលភាព រមនានៅក្នុងចិត្ត ទើបស្នាដៃនិពន្ធនិមួយៗនោះ មានអត្ថន័យ រសខ្លឹមសារ ពណ្ណរាយ សម្រាប់កវី ខ្លួនឯងផង សម្រាប់អ្នកអានទាំងឡាយផង។ ស្នាដៃចងក្រងនិមួយៗ ជាប្រភពបែងចែកកវីនិពន្ធ អោយ មាន លក្ខណៈពិសេសៗ រៀងៗខ្លួន យោងទៅតាមគំនិត ប្រាជ្ញា និង ការបណ្ដុះ ភាពរីករាយ របស់កវី ចំពោះអ្នកអាន។ជាធម្មតា កវីច្រើនមានគោលបំណងក្នុងការចងក្រងអត្ថបទអក្សរសិល្ប៍ ដូចជា៖
១. និពន្ធដើម្បីកំសាន្ដ សប្បាយជាទូទៅ ២. និពន្ធដើម្បីរៀបរាប់អំពីបទពិសោធន៍ និង អារម្មណ៍របស់អ្នកនិពន្ធ ៣. និពន្ធដើម្បីបញ្ចេញមតិយោបល់ ឬ គំនិតផ្សេងៗ ទាក់ទងទៅនឹងសង្គម និង ជីវិត ៤. និពន្ធដើម្បីការអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សក្នុងសង្គម

១. ការនិពន្ធដើម្បីកំសាន្ដ សប្បាយជាទូទៅ
កវីដែលនិពន្ធសម្រាប់កំសាន្ដ ច្រើនរៀបរាប់ពីសម្ព័ន្ធចំណងដួងចិត្ត រវាងអ្នកនិពន្ធ និង ធម្មជាតិស្រស់ត្រកាល ពីសេចក្ដីស្រឡាញ់ ប្រតិព័ទ្ធភក្ដីភាព ឬ ពីអារម្មណ៍រំជើបរំជួល ជ្រួលក្នុងបេះដូង ដូចជា នៅក្នុងបទចម្រៀង ឬ កំណាព្យកាព្យឃ្លោងពិរោះរណ្ដំ ដើម្បីខាបអារម្មណ៍អ្នកស្ដាប់ អោយអណ្ដែត អណ្ដូង តាមរយៈសំនួនវោហារដ៏ផ្អែមល្ហែម របស់អ្នកនិពន្ធ។ កវីយើង និយមចងក្រងពីសោភ័ណ ធម្មជាតិ មានដូចជា ទឹកជ្រោះ ព្រឹក្សាលតាវល្លិ៍ ព្រៃភ្នំក្រំថ្ម ទឹករលកសមុទ្រ ជើងមេឃ ពពកខ្យល់ ម្រឹគីម្រឹគា បក្សីបក្សា មច្ឆា និង ភូមិករ។ល។ ទាំងនេះជាលក្ខណៈពិសេស ដែលកវីបញ្ចេញ ទឹកដមស្នាដៃបង្កអារម្មណ៍អ្នកអាន អោយយល់នូវភាពរមនា សប្បាយរីករាយ ក្សេមក្សាន្ដ នៅក្នុង ក្រអៅបេះដូង យ៉ាងជ្រាលជ្រៅបំផុត។
២. និពន្ធដើម្បីរៀបរាប់អំពីបទពិសោធន៍ និង អារម្មណ៍របស់អ្នកនិពន្ធ
នៅក្នុងរឿងជីវិតជាទូទៅ មនុស្សយើងម្នាក់ៗ រមែងឆ្លងកាត់ហេតុការណ៍ច្រើនរាប់មិនអស់ ដែលជាបទពិសោធន៍ផ្ទាល់ខ្លួន ប្លែកៗ ផ្សេងៗគ្នា។ ជួនកាលកវីយើងខ្លះ មានត្រឹមតែបទពិសោធន៍ ផ្ទាល់ខ្លួននេះ សម្រាប់់បន្ធូរបន្ថយភាពតានតឹង ដែលមានក្នុងចិត្តរបស់ខ្លួន អោយបានធូស្រាល នៅពេល ដែលខ្លួនគេ កំពុងប្រឈមមុខនឹងអារម្មណ៍ណែនណាន់ តានតឹង ពិបាកអ្វីមួយ។ បទពិសោធន៍មិនល្អ បង្កអោយមានអារម្មណ៍មិនល្អ។ នេះជាហេតុនាំអោយកវីយើង មួយចំនួន និយមលើកយកតែ អារម្មណ៍ ហ្មួហ្មងរបស់ខ្លួន មកបញ្ចេញតាមរយៈទឹកខ្មៅចុងប៉ាកា ដែលជាហេតុបង្ក និង ជម្រុញអោយអ្នកអាន មានអារម្មណ៍ធុញថប់ តប់ប្រមល់ តាមអត្ថរសសំណេរអវិជ្ជមានរបស់កវី ដូចជា ការសរសេរ អំពីគំនុំសងសឹក លាយឡំនិង កំហឹងទោសៈស្អប់ខ្ពើម និន្ទារិះគន់ ច្រណែន ប្រទុស្តឫស្យា ការបន្ទាប បន្ថោកតម្លៃមនុស្សភាពរបស់ខ្លួន ឬ អ្នកដទៃ ជាដើម។ ប្រការនេះ ជាបញ្ហាដ៏ធំមួយនៅក្នុង សង្គមខ្មែរ បច្ចុប្បន្ននេះ ព្រោះថាការចងក្រងតាមលក្ខណៈអវិជ្ជមានបានបាក់ក្លាយជាផ្នត់គំនិត ចាក់ស្រែះ ក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរ ហើយនៅមិនទាន់ឃើញមានការកែប្រែ អោយប្រសើរវិជ្ជមានច្រើន នៅ ឡើយទេ។ ដើម្បីកែប្រែទម្លាប់មិនល្អនេះ ស្មេរទាំងឡាយ គប្បីរក្សាសតិស្មារតីរបស់ខ្លួន អោយ មានលំនឹង និង រក្សាទឹកដមស្នាដៃ អោយឋិតនៅក្នុងភាពវិជ្ជមានជានិច្ច ជាពិសេសនៅពេលដែល ចងក្រងអត្ថបទ ដែលនឹងមានប្រិយភាពយូរលង់ចេរកាល នៅក្នុងប្រវត្តិអក្សរសិល្ប៍ខ្មែរ។ ស្មេរ ទាំងឡាយ គប្បីសិក្សា សម្រាំងយកក្បួនល្អៗ ពីកវីបណ្ឌិត និង អ្នកប្រាជ្ញខ្មែរ ដូចដែលយើងបាន រៀបរាប់ពីខាងដើម។ នៅពេលណាដែលស្មេរ ចងក្រងអត្ថបទ ដែលនាំមកនូវភាពរុងរឿង ថ្កុំថ្កើង ក្សេមក្សាន្ដ នោះសង្គមខ្មែរយើងនឹងបរិបូរណ៍ទៅដោយភាពវិជ្ជមាន មានវឌ្ឈនៈភាព និងសុខមាលភាព ក្នុងដួងចិត្តយ៉ាងពិតប្រាកដ។
៣. និពន្ធដើម្បីបញ្ចេញមតិយោបល់ ឬ គំនិតផ្សេងៗ ទាក់ទងទៅនឹងសង្គម និង ជីវិត
សិទ្ធសេរីភាពក្នុងការបញ្ចេញមតិយោបល់ មានតម្លៃខ្លាំងណាស់ សម្រាប់ការរីកចំរើន របស់ សង្គមយើង ព្រោះថា គំនិតនិមួយៗ មិនដូចគ្នា ហើយអាចនាំប្រយោជន៍ដល់សង្គមយើង ប្រសើរៗ ផ្សេងៗគ្នាដែរ។ កវីនិពន្ធយើងមួយចំនួន បានស្គាល់ច្បាស់នូវតម្លៃនេះហើយ ក៏បានខំប្រឹងព្យាយាម យកក្បួនតែងកំណាព្យផ្សេងៗ មកប្រើប្រាស់ជាទបង្ហូរគំនិត ឆន្ទៈ និង ការពិសោធន៍ផ្ទាល់ខ្លួន ដើម្បី ដុះខាត់ នូវទេពកោសល្យរបស់ខ្លួន ដើម្បីពង្រីកនិងពង្រឹង ភាពរីកចម្រើនក្នុងផ្នែកអក្សរសិល្ប៍ខ្មែរផង ក្នុងការបណ្ដុះបណ្ដាល គំនិតពណ្ណរាយ របស់មនុស្សក្នុងសង្គមជាតិផង។ មតិយោបល់ ដែលមានតម្លៃបំផុត គឺជាមតិដែលនាំនូវសារៈប្រយោជន៍ប្លែកៗ យ៉ាងបរិបូណ៌ ដល់សង្គម ក្នុងគោល បំណង កែលំអអោយបានប្រសើរជាងមុន អោយមានភាពរីកចំរើន អោយមានការដុះដាល ទាំងប្រភព ធនធានមនុស្ស និង សង្គម ជាទូទៅ។ រីឯគំនិតល្អៗទាំងនោះវិញសោត ក៏អាស្រ័យទៅលើការ ដែលយើងអាចយកគំនិតនោះ ទៅអនុវត្តន៍ ប្រើប្រាស់បាន ដោយមានប្រសិទ្ធភាពជាក់ស្ដែង។ កវី ដែលមានគោលដៅបែបនេះ ច្រើនសរសេររៀបរាប់លើកយកហេតុផល គុណសម្បត្តិ មកបង្ហាញ ដើម្បី ជាឯកសារយោង គាំទ្រគំនិតយោបល់របស់ខ្លួន។ កាលបើអ្នកអានណាមួយ ប្រទះស្នាដៃ និង គំនិតជ្រៅជ្រះ បែបលក្ខណៈខាងលើនេះ គួរឆ្លៀតឱកាស ស្រង់គំនិតនិងមតិយោបល់ល្អៗ ទាំងឡាយ នោះ មកវិភាគពិចារណា អោយបានហ្មត់ចត់ មុននឹងយកទៅអនុវត្តន៍ ពិសោធន៍ អោយបាន ឃើញជាក់ច្បាស់។
៤. និពន្ធដើម្បីការអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សក្នុងសង្គម
ភ័ព្វសំណាងមួយរបស់ខ្មែរគឺ ប្រទេសយើងបរិបូណ៌ ទៅដោយអ្នកប្រាជ្ញ សឹងតែគ្រប់សម័យកាល គ្រប់ជំនាន់ ជាពិសេស អ្នកប្រាជ្ញដែលមានឆន្ទៈមុតមាំក្នុងការអប់រំ ណែនាំ កូនចៅ អោយទទួលនូវគំនិត និង ការទូន្មានល្អៗ ទៅអនុវត្តន៍បណ្ដុះបណ្ដាលភាពរីកចម្រើន និង សុភមង្គលក្នុងជីវិត។ ជាតិជាអ្នកប្រាជ្ញ រមែងប៉ិនប្រសប់ ក្នុងការស្វែងរកវិធីសាស្ដ្រផ្សេងៗ ដើម្បីអប់រំ ណែនាំ បង្ហាញផ្លូវ ក្នុងចំណោមនោះ មានការសរសេរចងក្រងគំនិតអប់រំ ជាកំណាព្យ ជាកម្រងកែវទំនុកចម្រៀង ជាភាសិតពិរោះៗ ជាពាក្យស្លោក ជាច្បាប់ទូន្មាន ជារឿងព្រេងនិទាន ជារឿងប្រលោមលោក ជាអត្ថបទសិក្សា ផ្សេងៗ។ល។កវីអ្នកប្រាជ្ញរបស់យើង និយមលើកយកសេចក្ដីល្អ ក្នុងសីលធម៌ និង គុណធម៌ ចាំបាច់សម្រាប់ការរស់នៅ ដោយសុខសន្តិភាព និង វឌ្ឍនៈភាព ដូចជា៖
- កំណត់សម្គាល់នូវសេចក្ដីល្អ និង វិន័យប្រចាំខ្លួន គឺ សីលធម៌
- កំណត់សម្គាល់នូវអំពើល្អ របស់មនុស្ស គឺ គុណធម៌
- ការសម្ដែងកតញ្ញូតា ចំពោះអំពើល្អ របស់បុគ្គល ដូចជាអ្នកមានគុណ គ្រូបាអាចារ្យ ជាដើម។
- កំណត់សម្គាល់នូវសេចក្ដីព្យាយាមរបស់មនុស្ស ដើម្បីជម្រុញ ពង្រឹងចិត្តកូនចៅ អោយខិតខំតស៊ូ បំពេញកិច្ចការ តាមមុខនាទី។
- ពង្រឹងស្មារតីទទួលខុសត្រូវ របស់កូនចៅ ដូចជាការផ្ដល់ឳវាទ អប់រំ រំលឹកដាស់តឿន កូនចៅ ឬ មនុស្សទាំងឡាយក្នុងសង្គម អោយប្រព្រឹត្តខ្លួនសមរម្យ ក្នុងការចិញ្ជឹមជីវិតដោយសុចរិត ដោយកម្លាំងសតិប្រាជ្ញា កម្លាំងកាយចិត្ត និងមានស្មារតី មនសិការ រក្សាការពារ ផ្ទះសម្បែង ទីលំនៅ បរិដ្ឋាន ញាតិមិត្រ ទ្រព្យសម្បត្តិ។ល។
- ពង្រីកសាមគ្គីភាព ដោយក្រើនរំលឹក អោយមនុស្សចេះសម្របសម្រួលខ្លួន ចិត្ត គំនិត រួម សហការ រវាងគ្នានឹងគ្នា ដើម្បីសម្រេចគោលការណ៍អ្វីមួយ ព្រមទាំងបង្ហាញ អោយមនុស្ស គ្រប់រូប បានឃើញបានយល់នូវសារៈប្រយោជន៍ និង កម្លាំងដ៏មុតមាំអស្ចារ្យនៃសាមគ្គីភាព។
- បណ្ដុះសុខមាលភាព គឺ ភាពកក់ក្ដៅក្នុងគ្រួសារ និង ពន្លាតឥទ្ធិពលនៃសុភមង្គលរបស់មនុស្ស ទៅលើសង្គមញាតិមិត្តជុំវិញខ្លួន និង សង្គមជាតិទាំងមូល។
- កំណត់សម្គាល់នូវសប្បុរសធម៌ យោគយល់ អធ្យាស្រ័យ របស់មនុស្សចំពោះមនុស្សដូចគ្នា គឺ ការលើកបង្ហាញនូវភាពប្រសើរ របស់បុគ្គលដែលមានទង្វើល្អ មានអនុគ្រោះ និង ការអត់ អោន រវាងគ្នានឹងគ្នា។
ក្នុងចំណោមចំនុចសំខាន់ៗខាងលើ យើងគប្បីផ្ដល់តម្លៃ និង ចំណាប់អារម្មណ៍ ខ្ពស់បំផុតទៅលើ ការនិពន្ធដើម្បីអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង ស្មារតីទទួលខុសត្រូវ។ សូមបញ្ជាក់ថា ការអប់រំដែលប្រសើរ ពុំមានការបង្គាប់បញ្ជា អោយអ្នកអានធ្វើអ្វីៗ តាមពាក្យបញ្ជា ដោយមិនទុកឱកាស អោយគេបានពិចារណា គ្រប់ជ្រុងជ្រោយនោះឡើយ។ ផ្ទុយទៅវិញ ការអប់រំល្អប្រសើរ រមែងជួយអោយអ្នក ទទួលនូវពន្លឺប្រាជ្ញា និង ភាពស្រស់ត្រកាលក្នុងជីវិត ប្រកបដោយក្ដីសង្ឃឹមក្នុងដួងចិត្ត និង ភាពវិជ្ជមាន នៅក្នុងគំនិតជានិច្ច ជាកាល។ ស្មេរអាចសម្រេចគោលបំណងធំនេះ ដោយប្រសិទ្ធបាន អាស្រ័យទៅលើទេពកោសល្យប្រើវោហារ បែបអ្នកប្រាជ្ញប៉ិនប្រសប់ ដើម្បីបញ្ចេញនូវគំនិតល្អៗ រាប់មិនអស់ សាបព្រោះក្នុងសង្គមខ្មែរ អោយរីកចម្រើនរុងរឿងនិរន្តន៍។‹សច្ចៈភាពជាជំហរ សីលធម៌បរិបូណ៌ នាំអភិរម្យ គុណធម៌ប្រពៃជាគោលធំ យុត្តិធម៌មុតមាំជាកំពូល› ‹វិន័យជាគន្លឺះ ភាពថ្លៃថ្នូរជាគ្រឹះ ខន្តីជាជំហរ អភ័យជាគ្រឿងលំអ ចិត្តបវរជាសរសរគំនិតអ្នកប្រាជ្ញ› ។ ដោយអ្នកនិពន្ធខ្មែរលោក នភ ហង្សផលា ។










រេឿងខ្លី : វិញ្ញាណកោះត្រល់

រេឿងខ្លី : វិញ្ញាណកោះត្រល់

យប់នេះពន្លឺព្រះចន្ទនៅលើមេឃហាក់ដូចជាភ្លឺច្រើនជាងម្សិលមិញ ។ ខ្ញុំដើរបោះជំហានទៅមុខមួយៗនៅលើឆ្នេរខ្សាច់ពេលរាត្រីតែម្នាក់ឯង ដានជើងជាច្រើនគូចេះតែរត់ប្រដេញប្រកៀតជាប់នឹងខ្លួនខ្ញុំឥតឈប់ហើយមិនយូរប៉ុន្មានស្នាមជើងទាំងអស់នោះក៏រលុបបាត់ទៅវិញ ។ ខ្ញុំអង្គុយចុះនៅលើផ្ទាំងថ្មមួយនៅក្បែរច្រាំងដោយសម្លឹងមើលទៅផ្ទៃមេឃដែលមានភាពស្រអាប់ ព្រះចន្ទដើមខ្នើតហាក់ខំអើតតាមវាំងននមេឃពណ៌ខ្មៅបង្ហាញនូវពន្លឺដ៏ខ្សោយរបស់ខ្លួនឆ្លងកាត់ស្បៃអន្ធការចាំងមកលើផ្ទៃទឹកដែលមើលទៅមានភាពស្រពេចស្រពិល សំឡេងទឹករលកបោកមកប៉ះច្រាំងលឺសូរគ្រាំៗហាក់ឥតនេឿយហត់ ខ្យល់សមុទ្ទដែលបក់មកជារេឿយៗ និងបក់មកខ្លាំងម្តងៗធ្វើឲ្យខ្ញុំរងាត្រជាក់ស្ទើរទ្រាំពុំបាន....ទោះជាយ៉ាងណាក៏ដោយបរិយាកាសទាំងនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រឡះគ្រាន់បើជាងការដែលទ្រាំស្តាប់នូវសំឡេងហ៊ោកញ្រ្ជៀវមុននេះ ខ្ញុំក្រលេកមើលម្តងទៀតទៅក្រុមយុវជនដែលនាំគ្នាច្រៀងរាំលេងនៅលើឆ្នេរខ្សាច់មុននឹងចោលភ្នែកទៅឃើញអ្វីម្យ៉ាង ។ 
ចុះតើនេះជាស្អីទៅ?
ខ្ញុំមើលទៅឃើញស្ទង់ៗនូវអ្វីម្យ៉ាងដែលប្រាកដចំពោះមុខខ្ញុំ តែខ្ញុំក៏មិនប្រាកដក្នុងចិត្តដែរថានោះជាអ្វី ។ មន្ទិលសង្ស័យទាំងឡាយបានជំរុញចិត្តខ្ញុំឲ្យក្រោកដើរទៅមើលឲ្យច្បាស់ ។
ពុទ្ធោ! មនុស្ស...! មនុស្សស្រី ! ហេតុអ្វីបានមានមនុស្សស្រីមកដេកលើឆ្នេរខ្សាច់នេះទៅវិញ? ខ្ញុំដើរទៅកាន់តែជិតហើយអង្គុយចុះពិនិត្យមើលឲ្យកាន់តែច្បាស់ទើបដឹងថានេះគឺជាសាកសពមនុស្សស្រីម្នាក់ ។ ខ្ញុំភ្ញាក់រហូតថយក្រោយមួយជំហានពេលដែលឃើញមុខរបស់នាងត្រូវរលួយនឹងមានដង្កូវចោះស្ទើរគ្រប់កន្លែង ខ្ញុំចាប់ផ្តើមមានអារម្មណ៍ខ្លាចតិចៗ ហើយក៏ប្រញាប់រត់ទៅប្រាប់មិត្តភក្តិដទៃទៀតដែលកំពុងតែលេងយ៉ាងសប្បាយនៅកន្លែងដែលមានភ្លើងភ្លឺច្បាស់ ។ ខ្ញុំរត់ទៅទាំងអារម្មណ៍តក់ស្លុតក្នុងចិត្តហើយនិយាយហេតុការណ៍ដែលខ្ញុំបានឃើញប្រាប់ទៅមិត្តភក្តិទាំងអស់គ្នា ។ ទាំងអស់គ្នាក៏ផ្អាកការលេងហើយដើរតាមខ្ញុំទៅកន្លែងនោះ ។ ពេលខ្ញុំនាំពួកគេទៅដល់ អ្វីម្យ៉ាងដែលធ្វើឲ្យខ្ញុំកាន់តែភ្ញាក់ផ្អើលជាងកាលដែលបានឃើញសាកសពមុននេះទៅទៀតនោះគឺនៅទីនេះបែរជាមិនឃើញសាកសពមនុស្សស្រីនោះទៅវិញ ។ តើ...តើសាកសពនោះទៅណាបាត់ហើយ?(ខ្ញុំលាន់មាត់ឡើង) ។ ម្នាក់ៗគេគិតថាខ្ញុំរវើរវាយពេកហើយ គេថាមកពីខ្ញុំចូលចិត្តគិតច្រើនពេកទើបមើលឃើញនូវអ្វីដែលមិនអាចឃើញបែបនេះ ។ ពួកគេនាំគ្នាទៅវិញ ។ ខ្ញុំឈរស្ងៀមមើលដំណើររបស់ពួកគេដើរត្រឡប់ទៅវិញទាំងក្នុងចិត្តច្របូកច្របល់ និងងេឿងឆ្ងល់មិនបាត់ ។ ហេតុអីក៏បែបនេះទៅវិញ? អំបាញ់មិញនេះខ្ញុំមើលឃើញច្បាស់ណាស់ ហេតុអីសុខៗស្រាប់តែបាត់ទៅវិញចឹង? (ខ្ញុំរអ៊ូម្នាក់ឯង) ។ ខ្ញុំក៏ក្រលេកមើលទៅកន្លែងនោះម្តងទៀត អ្វីដែលខ្ញុំបានឃើញពេលនេះគឺរិតតែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទ្វេដងជាងពីរពេលដែលខ្ញុំបានភ្ញាក់ផ្អើលមុននេះទៅទៀត ។ 
តើខ្ញុំកំពុងនៅកន្លែងណា? ហេតុអីក៏ងងឹតម្ល៉េះ ? ផ្សែងអព្ទមកពីណាក៏មិនដឹងអណ្តែតជុំវិញខ្លួនខ្ញុំធ្វើឲ្យខ្ញុំរកនឹកអ្វីក៏មិនយល់ថានេះជាកន្លែងណា ទិសណាឲ្យប្រាកដ ។ ពេលនេះជុំវិញខ្លួនខ្ញុំគ្មានឃើញនរណាម្នាក់ឡើយ ខ្ញុំខំប្រឹងដើរទៅមុខហើយព្យាយាមរកច្រកចេញពីកន្លែងអាថ៌កំបាំងមួយនេះ ។ សំឡេងជាច្រើនចាប់ផ្តើមជ្រៀតមកតាមប្រឡោះផ្សែងងងឹត និងរិតតែធ្វើឲ្យខ្ញុំលឺកាន់តែច្បាស់ពេលដែលខ្ញុំដើរផុតពីកន្លែងងងឹតនេះ ។ ភាពភ្ញាក់ផ្អើលលើកទីបួនបានប្រាកដឡើងចំពោះមុខខ្ញុំ ។ ទេសភាពដ៏ស្រស់បំព្រង ផ្ទៃមេឃខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ផ្ទៃទឹកសមុទ្ទដែលមើលទៅមានពន្លឺដូចពេជ្រចាំងព្រាកៗប៉ះនឹងចក្ខុឥន្រ្ទីយ៍របស់ខ្ញុំ បក្សាបក្សីទាំងហ្វូងហើរត្រសងពេញផ្ទៃអាកាស.... ខ្ញុំពិតជាមិនអាចទ្រាំមិនជញ្ជក់មាត់សរសើរមិនបានមែន ឱ!ទេសភាពសមុទ្ទដ៏ស្រស់ត្រកាលដែលខ្ញុំតែងតែស្រមៃចង់ឃើញនោះពេលនេះបានប្រាកដឡើងចំពោះភ្នែកខ្ញុំហើយ ។ តើខ្ញុំមិនមែនកំពុងតែយល់សប្តិទេឬ? កោះ និងភ្នំជាប់នឹងសមុទ្ទសុទ្ធតែមានពណ៌បៃតង មើលឃើញហើយស្បើយអស់ទុក្ខកង្វល់ដែលកំពុងមាន ។ ខ្ញុំដើរទៅមុខយឺតៗតាមប្រភពសំឡេងដែលខ្ញុំបានលឺ ខ្ញុំពិតជាមិនចង់ឲ្យដានជើងរបស់ខ្ញុំត្រូវរលុបបាត់ពីឆ្នេរនេះទេ ខ្ញុំចង់ឲ្យស្នាមនេះនៅជាប់ជានិច្ចជាអនុស្សាវរីយ៍មួយក្នុងជីវិតរបស់ខ្ញុំ ខ្ញុំចង់ឃើញស្នាមជើងដដែលនេះមិនបាត់បង់ទៅណាឡើយនៅពេលខ្ញុំមកទីនេះលើកក្រោយម្តងទៀត ។ តើខ្ញុំអាចមានឱកាសមកម្តងទៀតមែនទេ? អាចទៅរួចដែរទេ បើសូម្បីតែពេលនេះខ្ញុំមិនដឹងខ្លួនឯងនៅទីណា មកទីនេះបានដោយរបៀបម៉េចផងនោះ ? ឬមួយខ្ញុំកំពុងតែយល់សប្តិទេដឹង ?.... សំណួរជាច្រើនបានលេចឡើងពេញខួរក្បាលរបស់ខ្ញុំរហូតខ្ញុំដើរដល់កន្លែងមួយដែលមានមនុស្សជួបជុំគ្នា ។ 
ម្តងនេះខ្ញុំភ្ញាក់ផ្អើលជាលើកទីប្រាំ ។ ពេលដែលឃើញមនុស្សមួយក្រុម ដែលមើលទៅដូចជាមិនមែនជាមនុស្សឋិតក្នុងសម័យបច្ចុប្បន្នទេព្រោះការស្លៀកពាក់ ការរៀបចំខ្លួនរបស់ពួកគាត់ទំនងជាមនុស្សរស់នៅសម័យមុន និងកំពុងនិយាយគ្នាពីអ្វីមួយដែលខ្ញុំស្តាប់ទៅមិនសូវយល់ ។ ខ្ញុំព្យាយាមឈរស្តាប់គេនិយាយគ្នា ស្តាប់យូរទៅទើបខ្ញុំដឹងថាពួកគេកំពុងនិយាយគ្នាពីរេឿងការបាត់បង់ធនធានក្នុងសមុទ្ទ ទឹកមុខពួកគាត់ទាំងអស់គ្នាបានបង្ហាញឡើងនូវការព្រួយបារម្ភពីអ្វីម្យ៉ាងយ៉ាងខ្លាំង ។ នារីម្នាក់ដែលខ្ញុំមើលទៅហាក់ដូចជាប្រហែលមុខបានសំដែងសំដីរបស់ខ្លួនឡើងថា "បើពួកវាចូលមកឈ្លានពានទឹកដីយើង ទន្រ្ទានយកនូវអ្វីដែលជាសម្បត្តិធម្មជាតិដែលយើងបានថែរក្សាយូរមកហើយ ហើយនិងប្រាថ្នាមកធ្វើជាម្ចាស់គ្រប់គ្រងពួកយើងមែននោះ... តើថ្ងៃក្រោយបងប្អូនយើង និងកោះរបស់យើងមួយនេះនឹងទៅជាយ៉ាងណា?" ។ 
កោះ! លឺពាក្យនេះធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើតម្តងទៀត ។ តើខ្ញុំកំពុងឋិតនៅលើកោះមែនទេ? តើនេះជាកោះអីទៅ? ខ្ញុំនឹកក្នុងចិត្តតែម្នាក់ឯងហើយស្តាប់គេនិយាយគ្នាបន្ត ។ បុរសចំណាស់ម្នាក់និយាយឡើង "យើងមិនព្រមឲ្យអាពួកជនបរទេសវាមកត្រួតក្បាលយើងជាដាច់ខាត យើងសុខចិត្តប្តូរស្លាប់ដើម្បីការពារកោះមួយនេះ ការពារនូវអ្វីដែលដូនតាខ្មែរបានបន្សល់ទុកមក ការពារសេរីភាពបងប្អូនទាំងអស់គ្នា...បើសិនជាពួកយើងត្រូវស្លាប់ក៏ស្លាប់ដោយមានកិត្តិយសដែរ ។ ពួកឯង! ពួកអាចោរឈ្លានពានឯងកុំសង្ឃឹមថាធ្វើអ្វីបានតាមចិត្តឲ្យសោះ ដរាបណាដង្ហើមយើងនៅដកយើងមិនឲ្យពួកអាឯងមកមើលងាយយើងបានឡើយ ។ " 
ខ្ញុំស្តាប់សំឡេងគាត់ទាំងរំជួលចិត្ត ។ ទោះបីពេលនេះខ្ញុំមិនដឹងថាខ្លួនឯងឋិតនៅទីណាក៏ដោយ តែខ្ញុំដឹងច្បាស់ថាចិត្តខ្ញុំពេលនេះកំពុងតែពុះកញ្ជ្រោលចំពោះអ្វីដែលខ្ញុំបានស្តាប់លឺអំបាញ់មិញ ។ កោះខ្មែរ! ខ្ញុំក៏ជាខ្មែរម្នាក់ដែរ ខ្ញុំមិនអាចនៅស្ងៀមបានទៀតទេ ។ ខ្ញុំបម្រុងដើរចូលទៅក្នុងក្រុមមនុស្សទាំងនោះដើម្បីសួរនាំរេឿងរ៉ាវឲ្យកាន់តែដឹងច្បាស់ ស្រាប់តែមានដៃមួយមកកាន់ស្មាខ្ញុំជាប់ ខ្ញុំក្រលេកមើលហើយភ្ញាក់ផ្អើលសារជាថ្មី ។ លោកតា! នេះគឺលោកតាមែនទេ? ប៉ុន្តែហេតុអីបានជាខ្ញុំមកជួបលោកតានៅទីនេះទៅវិញ ក្រែងលោកតាបានទទួលមរណភាពច្រើនឆ្នាំហើយតើ?
មែនហើយនេះគឺជាលោកតារបស់ចៅហើយ (លោកតាឆ្លើយ) ។ តាបានស្លាប់ច្រើនឆ្នាំទៅហើយ ហើយកន្លែងដែលចៅកំពុងតែឈរនេះគឺជាពិភពមួយផ្សេងពីពិភពរបស់ចៅរស់នៅ ចៅមិនអាចដើរទៅមុខឆ្ងាយទៀតបានទេ ចៅអាចនឹងមិនបានត្រឡប់ទៅពិភពរបស់ចៅវិញបើចៅនៅតែមានះចង់ចូលទៅជួបពួកគេទៀត ។ ទីនោះគឺជាកោះត្រល់ ជាកោះរបស់ខ្មែរយើង ហើយអ្នកទាំងនោះគឺជាព្រលឹងរបស់អ្នកការពារកោះ ពួកគេត្រូវបានជនបរទេសសម្លាប់ក្នុងពេលដែលជនបរទេសទាំងនោះចូលមកកាន់កាប់កោះមួយនេះ ពួកគេត្រូវបានសម្លាប់ព្រោះតែក្រោកឈរប្រឆាំងនឹងការឈ្លានពាន ... ចៅអាចមកទីនេះបានព្រោះដោយសារវិញ្ញាណខ្មោចស្រីម្នាក់ដែលចៅបានឃើញសាកសពគេនៅឯមាត់សមុទ្ទនោះនាំចៅមក ។ ចៅជាមនុស្សដែលមាននិស្ស័យនឹងកោះត្រល់នេះ ទើបបានត្រូវវិញ្ញាណអ្នកការពារទាំងនោះនាំចៅមក តែចៅមិនអាចទៅជួបពួកគេបានទេ ព្រោះចៅគឺជាមនុស្សឯពួកគេគឺជាព្រលឹងខ្មោច ពេលវេលារបស់ចៅនៅមិនសល់ច្រើនទៀតឡើយ ចូរចៅត្រឡប់ទៅពិភពរបស់ចៅវិញទៅ តែចៅត្រូវចាំថាចៅមានភារកិច្ចមួយយ៉ាងសំខាន់ដែលត្រូវធ្វើ គឺ"ចៅត្រូវធ្វើការទាមទារតាមផ្លូវច្បាប់ដើម្បីយកកោះត្រល់ខ្មែរមកជូនមាតុភូមិវិញ" នោះជាអ្វីដែលព្រលឹងអ្នកការពារយើងចង់បាន ចូរចៅកុំភ្លេចឲ្យសោះនូវភារកិច្ចនេះ ។ 
ខ្ញុំមិនទាន់ទាំងបានឆ្លើយនឹងលោកតាផង ស្រាប់តែរូបកាយរបស់លោកតារលុបបាត់ពីមុខខ្ញុំមួយរំពេច ផ្សែងអព្ទដ៏ក្រាស់មកពីណាក៏មិនដឹងធ្វើឲ្យខ្ញុំមើលអ្វីមិនឃើញវង្វេងទិសមិនដឹងទីណាឲ្យប្រាកដសារជាថ្មី ។ មួយសន្ទុះក្រោយមកខ្ញុំបានលឹសំឡេងល្វើយៗរបស់មិត្តភក្តិខ្ញុំស្រែកហៅ "សម្លាញ់ភ្ញាក់ឡើង! នេះភ្លឺហើយណា តោះឆាប់ក្រោកឡើងងូតទឹកដុះធ្មេញចេញទៅនឹងអាលបានទៅភ្នំពេញវិញ យើងមកលេងសមុទ្ទបីថ្ងៃហើយបើមិនទៅរៀនវិញទេប្រាកដជាត្រូវប្រលងសងជាមិនខាន...។" 
ខ្ញុំភ្ញាក់ព្រើតសារជាថ្មីជាមួយនឹងសំឡេងរបស់មិត្តខ្ញុំ ខ្ញុំបើកភ្នែកឡើងឃើញពួកគេរៀបចំខ្លួនរួចរាល់ទៅហើយ ។ ខ្ញុំក្រោកអង្គុយហើយយកដៃអេះក្បាលញីសក់តែម្នាក់ឯងដោយការងេឿងឆ្ងល់ តើរេឿងរ៉ាវមុននេះជាការយល់សប្តិមែនទេ? បើជាការយល់សប្តិហេតុអីខ្ញុំមានអារម្មណ៍ថាដូចការពិតទៅវិញ ? ខ្ញុំឈរមុខកញ្ចក់ក្នុងបន្ទប់ទឹកសម្លឹងមើលមុខខ្លួនឯងហើយគិតថា ពេលខ្លះយល់សប្តិក៏អាចក្លាយជាការពិតបានដែរ ហើយខ្ញុំនេះក៏ប្រហែលជាទាយាទដែលមានតួនាទីយកកោះត្រល់មកវិញដែរក៏ថាបាន ។ 
បន្ទាប់ពីនោះមកពួកយើងក៏ធ្វើដំណើរមកភ្នំពេញវិញ ។ តាមផ្លូវខ្ញុំមិនសូវនិយាយអ្វីច្រើនដូចពេលដែលមកទេ ព្រោះខ្ញុំគិតជាប់ជានិច្ចនូវរេឿងដែលខ្ញុំបានជួបក្នុងពេលយល់សប្តិកាលពីយប់មិញនេះ ៕

Wednesday, July 23, 2014

អំពីផលវិបាករបស់អ្នកនិពន្ធ

អំពីផលវិបាករបស់អ្នកនិពន្ធ
ក្មួយៗជាទីស្រឡាញ់!បើក្មួយៗមានបំណងក្លាយខ្លួនទៅជាកវីនិពន្ធ ក្មួយៗត្រូវស្វែងយល់ឱ្យបានច្បាស់អំពីផលវិបាករបស់អ្នកនិពន្ធម្នាក់ៗ ជាមុនសិន។
តើអ្វីជាផលវិបាកទាំងនោះ?
ចំពោះទស្សនៈខ្ញុំវិញ ខ្ញុំយល់ថា« នរណាម្នាក់ក៏អាចនិពន្ធបានដែរ ឱ្យតែគេមានចិត្តចង់ មានការព្យាយាម និង មានសេចក្តីក្លាហាន ។ល។ ប៉ុន្តែអ្វីដែលពិបាកចំពោះអ្នកនិពន្ធម្នាក់ៗ នោះគឺ«ការរកទស្សនៈ ដោយឡែកដើម្បីអប់រំមនុស្សនោះហើយគឺជាការពិបាក»
ឧទាហរណ៍ៈ ទស្សនៈរបស់ព្រះរាជសម្ភារ ដែលជាកវីរាជសម័យក្រោយអង្គរ (សម័យឧដ្តុង្គលង្វែក) កំណាព្យឧបទេសកថារបស់ទ្រង់បានលើកឡើងថា
« ខ្លែងហើរត្បិតខ្យល់»។ល។ ចំពោះទស្សនៈដោយឡែករបស់ខ្ញុំវិញ កំណាព្យដែលជាស្នាដៃរបស់ខ្ញុំៗសរសេរថា « ខ្លែងហោះត្បិតខ្សែ »។ល។
កំណាព្យ ខ្លែងហោះត្បិតខ្សែ
បទកាកគតិ
ខ្លែងហោះត្បិតខ្សែ ខ្លែងក្រដាសខ្មែរ មិនមែនបក្សី ខ្លែងធំខ្លែងតូច ខ្លែងចាស់ខ្លែងថ្មី ខ្មែរក្មេងប្រុសស្រី
បានបីបង្ហោះ។
ខ្លែងហោះត្បិតខ្សែ ខ្លែងក្រុងខ្លែងស្រែ មានខ្សែទាំងអស់
ខ្លែងឯកហោះខ្ពស់ ពីរោះស្រណោះ ព្រោះខ្សែវែងសោះ
ទើបហោះជួបខ្យល់។
ខ្លែងហោះត្បិតខ្សែ ខ្លែងតូចធំដែរ បានហោះឥតខ្វល់
ខ្សែវែងខ្លីខ្លះ ដែលម្ចាស់បានផ្តល់ ខ្លែងហោះគ្មានសល់
ទាបខ្ពស់ព្រោះខ្សែ ៕៚
ឧទាហរណ៍ខាងលើនេះហើយ គឺជា« ទស្សនៈដោយឡែក »ដែលយើងជាកវីនិពន្ធម្នាក់ៗ ត្រូវតែយល់ឱ្យបានច្បាស់។
ក្មួយៗដែលមានបំណងចង់ធ្វើជាកវីនិពន្ធ ក្មួយៗត្រូវ «ធ្វើតាមសត្វឃ្មុំដែលហើរក្រេបលំអងផ្ការាប់សិបផ្កា ទើបបានជាទឹកដែល មាន រសផ្អែមរបស់សត្វឃ្មុំ»។ ក្មួយកុំធ្វើតាមសត្វឆ្កែញាំង ដែលហើរពាំសត្វដង្កូវ យក មកផ្ញាស់ធ្វើជាកូនរបស់ខ្លួននោះមិនល្អទេ។ ខ្ញុំចង់និយាយថា បើក្មួយៗចង់ធ្វើជា
កវីនិពន្ធ ក្មួយកុំលួចស្នាដៃគេមកធ្វើជាស្នាដៃរបស់ខ្លួន។ ក្មួយៗធ្វើយ៉ាងណាកុំឱ្យគេមើលងាយជាតិរបស់យើង។ល។
វ៉ែន សុន

បទពិសោធន៍និពន្ធបទភ្លេង និងទំនុកច្រៀង

បទពិសោធន៍និពន្ធបទភ្លេង និងទំនុកច្រៀង
ក្មួយៗយុវអ្នកនិពន្ធជាទីស្រឡាញ់ មតិមួយចំនួនតែងតែពោលស្ទើរគ្រប់មាត់ថាៈ « បទភ្លេង និងទំនុកច្រៀងដែលជាស្នាដៃអ្នកជំនាន់ដើម អ្នកនិពន្ធភាគច្រើនទៅចោលស្នាដៃ។ រីឯបទភ្លេង និងទំនុកច្រៀងសម័យឥឡូវ ស្នាដៃទៅចោលមុនម្ចាស់» ។ ដូច្នេះ ដើម្បីចូលរួមស្តារនូវស្នាដៃអ្នកកវីនិពន្ធជំនាន់ថ្មី ឱ្យបានល្បីដូចអ្នកកវីនិពន្ធរៀមច្បងយើង
ជំនាន់មុន ខ្ញុំសូមជម្រាបជូនអំពីបទពិសោធន៍ដែលខ្ញុំមានតិចតួចស្តួចស្តើង ដូចតទៅៈ
« តាមបទពិសោធន៍របស់ខ្លួនខ្ញុំផ្ទាល់ ការនិពន្ធបទភ្លេង និង ទំនុកច្រៀងមាន២បែប» គឺ
ទី១/ យើងនិពន្ធបទភ្លេង( Melodie )មុន រួចទើបនិពន្ធទំនុកច្រៀង( Parole ) ជាក្រោយ។ ដូច្នេះវិធីទី១នេះ ពេលយើងនិពន្ធទំនុកច្រៀង ត្រូវធ្វើយ៉ាងណាឱ្យខ្លឹមសារនៃទំនុកច្រៀងនោះបានសមស្របទៅនឹងបទភ្លេងដែលយើងបាននិពន្ធរួច ឬ បទភ្លេងដែលអ្នកនិពន្ធបទប្រគល់ឱ្យយើង។ មានន័យថាៈ
« បើបទភ្លេងនោះ ជាបទមនោសញ្ចេតនា យើងក៏ត្រូវនិពន្ធទំនុកច្រៀង ជាទំនុកមនោសញ្ចេតនាដូចគ្នាដែរ »។ បើបទភ្លេងនោះសប្បាយរីករាយ យើងក៏ត្រូវនិពន្ធទំនុកច្រៀងសប្បាយរីករាយដូចគ្នា។
សួរថា តើយើងត្រូវស្វែងយល់ពី «បទភ្លេងបែបមនោសញ្ចេតនា និងបទភ្លេងបែបសប្បាយរីករាយដោយវិធីណា?»
បញ្ហានេះ ក្មួយៗត្រូវសិក្សាស្វែងយល់អំពី « សង្វាក់ភ្លេង ( Cadance ) » ឱ្យបានច្បាស់ជាមុនសិន
នោះទើបយើងនិពន្ធបទ ឬ និពន្ធទំនុកច្រៀងបានល្អប្រសើរ។
ឧទាហរណ៍ៈ បើសង្វាក់ភ្លេង ( Cadance ) បែបមនោសញ្ចេតនាដូចជា Slow Slow-Rock Bolero
Bolero-Lent ( សម្រាប់សង្វាក់ 4/4 or C ) និង សង្វាក់ Boston ( សម្រាប់សង្វាក់ 3/4 )។ល។ ចំពោះ
សង្វាក់បែបសប្បាយរីករាយវិញ ភាគច្រើនជាបទភ្លេងបែបប្រជាប្រិយដូចជា Rumvong Saravann Lamlao Taloung Proeun Kantrim & Cha Cha ឬ Madison ជាដើម។ល។
ទី២/ របៀបនិពន្ធទំនុកច្រៀងមុនបទភ្លេងវិញ ៨ក៏យើងត្រូវនិពន្ធបទភ្លេងឱ្យសមស្របទៅនឹងមនោសញ្ចេតនារបស់ទំនុកច្រៀង ដែលបាននិពន្ធមុនននោះដែរ ។ ប៉ុន្តែការនិពន្ធទំនុកមុននេះ ក្មួយៗ
ត្រូវចងចាំថា បើយើងចង់បានបទបែបមនោសញ្ចេតនា ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៨។គឺពាក្យ៨ដែលចួននឹង៤។
បើយើងចង់បានបទបែបប្រជាប្រិយ ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៤។ ដូច្នេះដើម្បីនិពន្ធទំនុកច្រៀងឱ្យបានល្អ ចាំបាច់ក្មួយៗត្រូវរៀន កំណាព្យឱ្យបាន ចេះជាមុនសិន។ល។
បើនិយាយជារួមមក របៀបនិពន្ធស្នាដៃអ្វីក៏ដោយ យើងត្រូវធ្វើការងារជា៣ជំហានគឺៈ
ជំហានទី១/ ត្រូវស្រាវជ្រាវនិងកត់ត្រាឯកសារទុកជាមុនសិន ។
ជំហានទី២/ នៅពេលស្រាវជ្រាវឯកសារតម្រូវទៅនឹងប្រធានបទដែលយើងចង់បានរួចហើយ ត្រូវ
ធ្វើគម្រោងជាមុនសិន ( ឧ. មុននឹងសាងសង់ផ្ទះ ត្រូវធ្វើ Plan ) ។
ជំហានទី៣/ ទើបចាប់ផ្តើមនិពន្ធទៅតាមទម្រង់នីមួយៗ ដែលយើងចង់បាន។

របៀបនិពន្ធជាក់ស្តែង
ក/ របៀបនិពន្ធបទភ្លេង
1-ត្រូវចេះប្រើឧបករណ៍ភ្លេងណាមួយ ដូចជា Piano Organ Guita ឬ Mondolin ។ល។
2-ត្រូវចេះអក្សរភ្លេង ( Solfege ) និងទ្រឹស្តីនៃអក្សរភ្លេង ( Theorie de Musique ) ឱ្យបានច្បាស់លាស់
ជាមុនសិន ដើម្បីងាយស្រួលក្នុងការកំណត់អំពីកម្រិតសំឡេង ដែលភាសាបច្ចេកទេសភ្លេង
ហៅថា « Ton » ។ ឧទាហរណ៍ៈ បទភ្លេងដែលយើងកំពុងនិពន្ធនោះ « ជាតុង Majeur ឬជាតុង
Mineur? »។ បើតុង Majeur តើជាតុង Do ( C ) ឬតុង Fa ( F ) ឬក៏ជាតុង Sol ( G )។ល។
ចំណាំៈ បើជាតុង Sol ( G ) មាន Diese 1 ( # ) ។ បើជាតុង Fa ( F ) វិញ មាន Bemol 1 ( b ) ។ល។
3-ត្រូវស្គាល់អំពីសង្វាក់ភ្លេង ( Cadance ) ។ ឧ. សង្វាក់ ៤/៤ តាងដោយអក្សរ ( C ) ដូចជាសង្វាក់
Slow Slow-Rock Bolero Bolero-Lent Bossanowa Cha Cha Madison ឬក៏ជាសង្វាក់ Rumvong
Rumkbach Saravann Lamlao Breun Talong ។ល។
បើជាសង្វាក់ ៣/៤ វិញមានសង្វាក់ Boston ។ល។ ដូចជាបទ នឹកអូនជានិច្ច និងបទ Violonស្នេហា
ជាដើម ។ល។
បើជាសង្វាក់ ២/៤ មានសង្វាក់ភ្លេងដើរ ( Marche ) និងសង្វាក់ Pasodouble ។ល។
4-ដើម្បីនិពន្ធបានបទភ្លេងមួយបទដែលមានពណ៌សំបុរជាខ្មែរ អ្នកនិពន្ធបទភ្លេងត្រូវព្យាយាម
ស្តាប់បទភ្លេងឱ្យបានច្រើន។ ជាពិសេសដូចជា បទមហោរី , បទភ្លេងប្រពៃណី( ភ្លេងការ ) និង
បទភ្លេងសម័យទំនើប ដែលជាស្នាដៃខ្មែរយើងពីជំនាន់ដើម។ល។ ក្រៅពីនោះបទភ្លេងបរទេស ក៏
យើងត្រូវស្តាប់ដែរ។ ប៉ុន្តែយើងមិនមែនស្តាប់ដើម្បីលួចចម្លងបទគេទាំងស្រុងនោះទេ។
ខ/ របៀបនិពន្ធទំនុកច្រៀង
ដូចខ្ញុំបានលើកឡើងពីខាងដើមសព្វគ្រប់អស់ហើយ។ ប៉ុន្តែខ្ញុំសូមរំលឹកឡើងវិញ ដើម្បីឱ្យក្មួយៗ
បានជាគំនិតបន្ថែមទៀតដូចជាៈការនិពន្ធទំនុកច្រៀងមួយបទ យើងត្រូវគិតថាការងារនេះ ពិបាក
ជាងនិពន្ធរឿងប្រលោមលោកមួយរឿងទៅទៀត។ ពីព្រោះទំនុកច្រៀងមួយបទគឺជា«រឿងមួយ»
ដូចគ្នា។ ហេតុអ្វីបានជាខ្ញុំថាពិបាកជាងនិពន្ធរឿងប្រលោមលោក? ព្រោះទំនុកច្រៀងមួយបទៗ
យើងអាចសរសេរបានតែ «កំណាព្យ៤ល្បះ» ប៉ុណ្ណោះ។ ប៉ុន្តែសាច់រឿងមាន«ចោទ,ចង,ស្រាយ»
ដូចរឿងប្រលោមលោកដែរ នោះហើយជាការពិបាកសម្រាប់អ្នកនិពន្ធ។ល។
ជាពិសេសអ្នកសិល្បៈត្រូវយល់ច្បាស់ថា បើយើងចង់សាងស្នាដៃសិល្បៈឱ្យបានជោគជ័យនោះ
ទ្រឹស្តីសិល្បៈមានពីរគឺ «ល្អភ្នែក! ពីរោះត្រចៀក!» ។ល។
០៣/ ១០/ ២០១១
វ៉ែន សុន / By Ven Son
LikeLike ·  · 

ស្លាប់ខ្លួនកើតទៀត ស្លាប់ជាតិសាបសូន្យ សូមអស់បងប្អូនខ្មែរចិត្តតែមួយ សាមគ្គីកម្លំាង ជាតិផុតទុក្ខព្រួយ លទ្ធភាពជំនួយជួយតាមលទ្ធភាព ។ ២៤ ខេត្តក្រុង ដីកម្ពុជា ខ្មែរក្រោមប្រជា ខ្មែរនាយសមុទ្រ ត្រូវសាមគ្គីគ្នាភក្តីបំផុត ឆន្ទះមោះមុត ការពារជាតិយើង ។ អ្វីៗជាខ្មែរត្រូវថែតម្លៃ ថែថួនរាល់ថ្ងៃតម្កើងផស់យើង គង់មានថ្ងៃមួយពួកសង្គមឈ្លើង ពួកពាលទំនើង វិនាសក្សិណក្ស័យ ។ កាព្យនេះខ្ញុំតែងថ្លែងដាស់ដល់ខ្មែរ ទំាងក្រុងទំាងស្រែត្រូវរួមពួតដៃ ប្រជាជាតិយើងគឺមានតម្លៃ កុំអោយ" យួន,ថៃ" ប្រមាថខ្មែរយើង !!!! ================================== ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

ស្លាប់ខ្លួនកើតទៀត ស្លាប់ជាតិសាបសូន្យ
សូមអស់បងប្អូនខ្មែរចិត្តតែមួយ
សាមគ្គីកម្លំាង ជាតិផុតទុក្ខព្រួយ
លទ្ធភាពជំនួយជួយតាមលទ្ធភាព ។
២៤ ខេត្តក្រុង ដីកម្ពុជា
ខ្មែរក្រោមប្រជា ខ្មែរនាយសមុទ្រ
ត្រូវសាមគ្គីគ្នាភក្តីបំផុត
ឆន្ទះមោះមុត ការពារជាតិយើង ។
អ្វីៗជាខ្មែរត្រូវថែតម្លៃ
ថែថួនរាល់ថ្ងៃតម្កើងផស់យើង
គង់មានថ្ងៃមួយពួកសង្គមឈ្លើង
ពួកពាលទំនើង វិនាសក្សិណក្ស័យ ។
កាព្យនេះខ្ញុំតែងថ្លែងដាស់ដល់ខ្មែរ
ទំាងក្រុងទំាងស្រែត្រូវរួមពួតដៃ
ប្រជាជាតិយើងគឺមានតម្លៃ
កុំអោយ" យួន,ថៃ" ប្រមាថខ្មែរយើង !!!!
==================================
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

របៀបនិពន្ធបទ ពស់លេបកន្ទុយ ( ពាក្យ៧ ) កំណាព្យ កូនអើយខំរៀន បទពស់លេបកន្ទុយ ( ពាក្យ៧ )

របៀបនិពន្ធបទ ពស់លេបកន្ទុយ ( ពាក្យ៧ )

កំណាព្យ កូនអើយខំរៀន
បទពស់លេបកន្ទុយ ( ពាក្យ៧ )

កូនអើយខំរៀនទាន់នៅក្មេង
សម្តីកុំក្អេងក្អាងបំពាន
សម្តីកុំក្អេងក្អាងបំពាន
កូនអើយខំរៀនទាន់នៅក្មេង។

រៀនកុំបែកឆ្វេងមានស្នេហា
ក្នុងវ័យសិក្សាកុំគិតផ្សេង
ក្នុងវ័យសិក្សាកុំគិតផ្សេង
រៀនកុំបែកឆ្វេងមានស្នេហា ។

ម៉ោងទៅសាលាកុំអែអង់
ជួបគ្នាលើបង់តាមសួនច្បារ
ជួបគ្នាលើបង់តាមសួនច្បារ
ម៉ោងទៅសាលាកុំអែអង់ ។

ឡានម៉ូតូកង់ញើសពុកម៉ែ
កូនខ្លះប៉ោឡែធ្វើឫកខ្ញង់
កូនខ្លះប៉ោឡែធ្វើឫកខ្ញង់
ឡានម៉ូតូកង់ញើសពុកម៉ែ ។

កូននៅក្រុងស្រែត្រូវខំរៀន
ទើបជាតិយើងមានអ្នកស្នងខ្មែរ
ទើបជាតិយើងមានអ្នកស្នងខ្មែរ
កូននៅក្រុងស្រែត្រូវខំរៀន ៕

២១. ១០. ២០១០
និពន្ធដោយ វ៉ែន សុន

ព្រះបាទជ័យជេដ្ឋាទី២ និង ឧកញ៉ាតេជោមាស

ព្រះបាទជ័យជេដ្ឋាទី២ និង ឧកញ៉ាតេជោមាស
›››››››››
(បទពាក្យប្រំាបី ថ្មី)
១. ពាក្យកាព្យចារចែងពីគំរូភាព
ដែរតែងជ្រាបជ្រួតដល់គ្រប់កូនខ្មែរ
ខ្មែរគ្រប់ជំនាន់បានដឹងហូរហែល
ខឹងស្តេចខ្មែរ ជ័យជេដ្ឋាទី២។
២. ថាទ្រង់យកប្រពន្ធយួនអង្គចូវ
ជាសត្រូវខ្មែរឈ្លានពានញំាញី
ទើបបាត់កម្ពុជាក្រោមសោភី
ខ្មែរគ្រប់ទីទិស ស្អប់ទ្រង់ជាខ្លំាង។
៣. យកប្រពន្ធយួន អនុញ្ញាតដី
អោយស្រកី វាខ្ចីដីប្រំាឆ្នំា
ឥលូវរំលងអស់រាប់រយឆ្នំា
សាវតាចំាកត់ ជ័យជេដ្ឋាច្បាស់។
៤. ជ័យជេដ្ឋា សុខចិត្តលះទឹកដី
ប្តូរយកស្រី យួនមានតណ្ហាក្រាស់
ទើបដែនកម្ពុជាក្រោម វិបល្លាស
ដីក្រឡាស់ប្រែជាដីចោរយួន។
៥. ឧកញ៉ាមេទ័ពនាម តេជោមាស
ល្បីល្បាញពាសពេញ លះប្រពន្ធខ្លួន
ដើម្បីទឹកដី ការពាររាស្រ្តខ្លួន
ប្រពន្ធខ្លួន លះបង់ប្តូរសន្តិភាព។
៦. គឺ ជំទាវស្រែ្យន ជាភរិយា
ល្បិចទាស់គ្នា ធ្វើបែកគ្រួសារទៀត
ក្នុងបំណងកំចាត់ជនក្បត់ជាតិ
ដើម្បីជាតិ ស្ថេរភាពប្រជារាស្រ្ត។
៧. កូនខ្មែរគិតចុះគំរូខាងលើ
តើគួរធ្វើ ឧកញ៉ាតេជោមាស
ឬជ័យជេដ្ឋាទីពីរ ក្បត់រាស្រ្ត
ដើរតាមឬជៀស គំរូ មួយណា??
ស្វាយជួរ,ថ្ងៃទី ០៩ ខែ មេសារ ឆ្នំា២០១៣
កែសម្រួលឡើងវិញនៅភ្នំពេញ,ថ្ងៃទី ២២ ខែកុម្ភះ ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

ភ័ព្ទព្រេងនិស្ស័យស្នេហ៏ចៃដន្យ!!!!!

ភ័ព្ទព្រេងនិស្ស័យស្នេហ៏ចៃដន្យ!!!!!
-------------------------------------------------
១. ភ័ព្ទព្រេងសំណាងរៀមពុំនឹកស្មាន
បានជួបកល្យាណនៅសណ្ឋាគារ
ក្បែរផ្សារដើមគរ ស្រីស្រស់សោភា
យើងបានស្គាល់គ្នា ដោយនិស្ស័យស្នេហ៏ ។
២. ពេលឃើញស្រីភ្លាមរៀមលួចគួចចិត្ត
ប្រាថ្នាស្នេហ៏ស្និទ្នមកថ្នាក់ថ្នមថែ
ជាម្ចាស់បេះដូង ជីវិតរៀមដែរ
នឹកទៅដល់ម៉ែ អោយចូលដណ្តឹង ។
៣. គន់ហើយគន់ទៀតឆ្លៀតលួចញញឹម
វង្សភ័ក្រពព្រឹម ស្រស់ស្អាតម្លឹងៗ
សម្លេងទន់ស្រួយ ភ្នែករិតបន្តឹង
រៀមលួចសម្លឹង ដោយចិត្តស្នេហា ។
៤. លើកដៃបួងផ្សងអធិដ្ឋានថាៈ
បើស្រស់ជីវ៉ា ពិតគូរៀមរ៉ា
វាសនាកំណត់ ព្រហ្មលិខិតចារ
ជោគជ័យស្នេហា បណ្ឌិតទំាងទ្វេ ។
៥. សុំលេខទូរស័ព្ទ បានដូចបំណង
ទំាង Facebook ផងនិងទំាង Email
ស្រាប់បានជោគជ័យ ស្រីថា ok
គ្រាន់រាប់អានគ្នា បំណាច់បានស្គាល់ ។
៦. ម្ចាស់ថ្លៃអើយ! ស្អាតហើយចិត្តល្អ
រៀមសែនត្រេកអរ សុំធ្វើប្អូនធម៌
រំភើបដួងចិត្តទ្រូងរៀមញាប់ញ័រ
បំណាច់បានស្គាល់" ជូនឯកសារស្រី" ។
៧. ប្រវត្តិសាស្រ្តជាតិ ព្រំដែន និង ច្បាប់
ឯកសារសាស័ព្ទពិស្តារជូនស្រី
ជាចំណងដៃដោយចិត្តមេត្រី
អូនវាចារស្តី" អរគុណបងណាស់ " !!!!! ។
=========================================
រឿងពិតនៅថ្ងៃ សៅរិ៏ ទី ២១ ខែមិថុនា ឆ្នំា ២០១៤
នៅក្នុងសណ្ឋាគារមួយក្បែរផ្សារដើមគរ រាជធានីភ្នំពេញ
ដោយចៃដន្យ និស្ស័យស្នេហ៏ កម្រមាន!!!!!
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ផ្នត់គំនិតជនជាតិពូកែខាងអួត.......!!!!

ផ្នត់គំនិតជនជាតិពូកែខាងអួត.......!!!!
----------------------------------------------
ចាម អួតភ្លេចខ្លួនយួនលេបទឹកដី
មន អួតបាត់ដីបាត់ព្រលឹងត្រួយ
សព្វថ្ងៃខ្មែរអួត កំពុងទុក្ខព្រួយ
ឆ្កួតអំណាចមួយ ឈ្លោះគ្នាមិនស្វាង ។
សុភាសិតដូនតាដែរខ្ញុំចងចំា
ស សារុន*ផ្តំាក្នុងឯកសារគាត់
គឺទស្សនវិជ្ជាធិប្បាយ ខ្ញុំចំាមិនភ្លាត់
ខ្ញុំចំារត់មាត់ ទស់សព្វថ្ងៃ ។
ចាម អួតខ្វះមួយចំអាមដល់មេឃ
មន អួតឆ្កួតពេកយកមេឃអង្គុយ
ខ្មែរ យើងក៏អួតឆ្កួតដុល្លាលុយ
មឹះៗមុយៗ តែឆាប់ភ្ញាក់ខ្លួន * (កប់ពពកជ្រកអាចម៏ជន្លេន) ។
នេះជាកំណាព្យចេញពីគំនិត
ដែរខ្ញុំរិះគិត វិភាគមំាមួន
ដោយសមត្ថភាពចំណេះនៃខ្លួន
ដោយយោងតាមក្បួន កំណាព្យដូនតា ។
តែមុនបញ្ចប់ខ្ញុំសូមដាស់ខ្មែរ
សូមអស់កូនខ្មែរ អួតល្មមៗបានហើយ
ខ្មែរត្រូវឈប់អួត អោយជាតិបានស្បើយ
ខ្មែរកុំតោះតើយ ត្រូវរួមសាមគ្គា ។
បើខ្មេរភ្ញាក់ខ្លួន ឯកភាពទឹកដី
ខ្មែរទំាងប្រុសស្រីប្តេជ្ញារួមគ្នា
បន្តរក្សា រួមគ្នាការពារ
ពូជកម្ពុជា អធិបតេយ្យជាតិ ។
----------------------------------------------------
ស សារុន* ឯកសារ" អត្ថាធិប្បាយទស្សនវិជ្ជា" ខ្ញុំអានកាលថ្នាក់ទី ១២ ម្លេះ ។
និពន្ធដោយគំនិតចេញចងចំា៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

នារី ដែលខ្ញុំស្នេហាគឺបែបនេះ.......(បទបថ្យាវត្ត)

នារី ដែលខ្ញុំស្នេហាគឺបែបនេះ.......(បទបថ្យាវត្ត)
-------------------------------------------------
ស្រលាញ់ អាណិតទើបចិត្តខ្ញុំស្មោះ 
ស្រលាញ់ទំាងអស់ អោយតែស្រីស្អាត
សម្តីទៀងត្រង់ ថែមប្រាជ្ញាឆ្លាត 
រូបសម្រស់ស្អាត ទើបខ្ញុំព្រមស្នេហ៏ ។
ចរិតសមរម្យ គោរពឪម៉ែ
សមជាស្រីខ្មែរ ស្នេហ៏ជាតិសាសនា
មានទំាងវិជ្ជា ខ្ពស់ការសិក្សា
ស្រលាញ់ឯកសារ ចូលចិត្តស្វែងយល់ ។
វែកញែកសេចក្តី ស្រាវជ្រាវឬសគល់
មិនចេះងប់ងុល លុយឡានបុណ្យសក្តិ
ការងារម្តេចម្តា យកចិត្តទុកដាក់
មានចិត្តស្មោះស័្មគ្រ និងស្វាមីខ្លួន
ពូជសាសន៏ទឹកដី ស្រីស្នេហ៏មំាមួន
មិនចេះគុំគួន យកសីលជាធំ
អោយតម្លៃមនុស្ស ក្នុងសង្គម
មានគុណធម៌ព្រហ្មវិហារជានិច្ច ។
ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ អាសូរម្ចាស់ស្រុក បទនាគបរិព័ទ្ធ(ពាក្យ៨)

កំណាព្យ អាសូរម្ចាស់ស្រុក
បទនាគបរិព័ទ្ធ(ពាក្យ៨)

-សែនសង្វេគពេកណាស់អ្នកម្ចាស់ស្រុក
អ្នកម្ចាស់ស្រែតត្រុកត្រូវចាកទី
ត្រូវចាកទៀតញាតិមិត្រមកធានី
មកធានារជីវីបង្គីចប។

បង្គីចាំរាប់ឆ្នាំកម្មក្រៃណាស់
កម្មក្រៃណាក្មេងចាស់ច្រើនរហប
ច្រើនរហង់អែអង់មិនកាក់កប
មិនកាក់កើនឆ្លើយតបការស្រេកឃ្លាន។

ការស្រេកឃ្លាតភ្លេចជាតិចេះឆ្លាក់ថ្ម
ចេះឆ្លាក់ថ្មីបន្តខ្លះមែនមាន
ខ្លះមែនមកជ្រុលជ្រកជ្រៀតបំពាន
ជ្រៀតបំពេរសុំទានទាំងបង្គី។

ទាំងបង្គំខ្លះពុំជាអាចារ្យ
ជាអាចោរសាសនាមានមួយពីរ
មានមួយពាន់អង្គាសចែកគ្នាស៊ី
ចែកគ្នាសុំគ្រប់ទីនាំអាប់យស។

នាំអាប់យើងជាខ្មែរជឿព្រះពុទ្ធ
ជឿព្រះពិតមុះមុតប្រាជ្ញាខ្ពស់
ប្រាជ្ញាខ្ពង់វង្សជាតិវិទូទស្សន៍
វិទូទតគ្មានមោះទូន្មានសត្វ។

ទូន្មានសព្វត្រឡប់រកផ្លូវត្រូវ
រកផ្លូវត្រងស្ទូងស្រូវទើបថ្កើងក្តាត់
ទើបថ្កើងក្តីរុងរឿងរស់រួចបាត់
រស់រួចបានចែងចាត់សមម្ចាស់ស្រុក៕៚

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០១
និពន្ធដោយ វ៉ែន សុន

តើនៅក្នុងការនិពន្ធអត្ថបទ ពាក្យរាយនិងអត្ថបទកំណាព្យរបស់ខ្មែរយើង,តើមានរូបារម្មណ៍វិធីអ្វីខ្លះ?សូមលោក គ្រូមត្តាបកស្រាយដោយក្តីអនុគ្រោះដល់សិស្សផង?» ឆ្លើយ៖ នៅក្នុងការនិពន្ធស្នាដៃអត្ថបទអក្សរសិល្ប៍ខ្មែរ ទាំងពាក្យកាព្យ,ទាំងពាក្យរាយ ស្នាដៃដែលល្អនោះគឺ«ស្នាដៃដែលអ្នកនិពន្ធសរសេរបានជារូបារម្មណ៍»។ល។ រីឯរបៀបបង្កើតរូបារម្មណ៍នោះមានច្រើនវិធីណាស់។ល។ ខ្ញុំសូមឧទាហរណ៍ជូនវិធីមួយចំនួនដូចតទៅនេះ។ពេលខ្លះអ្នកនិពន្ធបង្កើតរូបារម្មណ៍នៅក្នុងស្នាដៃរបស់ខ្លួនដោយការ "ប្រៀបធៀប"។ឧ.«គុកធំៗអី, ជាងគុកបេតី, នឹងក្តីចងចាំ, សោកស្តាយអាឡោះ, ស្រណោះជោគជាំ, កំពែងគុកកម្ម, កិលេសក្រាសក្រៃ»។ល។កំណាព្យ គុកកាមកិលេស ទំព័រ១១។ បើមិនប្រើរបៀបរូបារម្មណ៍ប្រៀបធៀបទេ, អ្នកនិពន្ធប្រើវិធីបង្កើតរូបារម្មណ៍ ដោយការ«ឧបមា»ដូចជា"នាវាជីវិត,ក្បួនជីវិត,សមុទ្រទឹកភ្នែក,សមុទ្រឈាម, ភ្នំឆ្អឹង"។ល។ ជួនកាលអ្នកនិពន្ធមិនប្រើវិធី«ឧបមា»ទេ។គាត់ប្រើវិធីម្យ៉ាងទៀតដោយយកវត្ថុ ដែលអត់វិញ្ញាណរៀបរាប់ឱ្យមានវិញ្ញាណ,អត់រូបរៀបរាប់ឱ្យមានរូប។ល។ បើមិនដូច្នេះទេ,អ្នកនិពន្ធប្រើវិធីនិមិត្តរូបារម្មណ៍ដូចជា "រូបបេះដូងមានផ្លែព្រួញ មុតធ្លុះសម្គាល់ស្នេហា។ចចកនិងកូនចៀម,សម្គាល់អ្នកខ្លាំងនិងអ្នកខ្សោយ។ល។" សង្ខេបមកវិធីទាំងនេះគឺ៖ ១/ រូបារម្មណ៍ប្រៀបធៀប។ ២/ ឧបមាណរូបារម្មណ៍។ ៣/ រូបារូបិយារម្មណ៍។ ៤/ និមិត្តរូបារម្មណ៍។ល។និង។ល។ By Ven Son

តើនៅក្នុងការនិពន្ធអត្ថបទ ពាក្យរាយនិងអត្ថបទកំណាព្យរបស់ខ្មែរយើង,តើមានរូបារម្មណ៍វិធីអ្វីខ្លះ?សូមលោក
គ្រូមត្តាបកស្រាយដោយក្តីអនុគ្រោះដល់សិស្សផង?»
ឆ្លើយ៖
នៅក្នុងការនិពន្ធស្នាដៃអត្ថបទអក្សរសិល្ប៍ខ្មែរ ទាំងពាក្យកាព្យ,ទាំងពាក្យរាយ ស្នាដៃដែលល្អនោះគឺ«ស្នាដៃដែលអ្នកនិពន្ធសរសេរបានជារូបារម្មណ៍»។ល។
រីឯរបៀបបង្កើតរូបារម្មណ៍នោះមានច្រើនវិធីណាស់។ល។ ខ្ញុំសូមឧទាហរណ៍ជូនវិធីមួយចំនួនដូចតទៅនេះ។ពេលខ្លះអ្នកនិពន្ធបង្កើតរូបារម្មណ៍នៅក្នុងស្នាដៃរបស់ខ្លួនដោយការ
"ប្រៀបធៀប"។ឧ.«គុកធំៗអី, ជាងគុកបេតី, នឹងក្តីចងចាំ, សោកស្តាយអាឡោះ, ស្រណោះជោគជាំ, កំពែងគុកកម្ម, កិលេសក្រាសក្រៃ»។ល។កំណាព្យ គុកកាមកិលេស ទំព័រ១១។
បើមិនប្រើរបៀបរូបារម្មណ៍ប្រៀបធៀបទេ, អ្នកនិពន្ធប្រើវិធីបង្កើតរូបារម្មណ៍ ដោយការ«ឧបមា»ដូចជា"នាវាជីវិត,ក្បួនជីវិត,សមុទ្រទឹកភ្នែក,សមុទ្រឈាម,
ភ្នំឆ្អឹង"។ល។ 
ជួនកាលអ្នកនិពន្ធមិនប្រើវិធី«ឧបមា»ទេ។គាត់ប្រើវិធីម្យ៉ាងទៀតដោយយកវត្ថុ ដែលអត់វិញ្ញាណរៀបរាប់ឱ្យមានវិញ្ញាណ,អត់រូបរៀបរាប់ឱ្យមានរូប។ល។ បើមិនដូច្នេះទេ,អ្នកនិពន្ធប្រើវិធីនិមិត្តរូបារម្មណ៍ដូចជា "រូបបេះដូងមានផ្លែព្រួញ
មុតធ្លុះសម្គាល់ស្នេហា។ចចកនិងកូនចៀម,សម្គាល់អ្នកខ្លាំងនិងអ្នកខ្សោយ។ល។"
សង្ខេបមកវិធីទាំងនេះគឺ៖
១/ រូបារម្មណ៍ប្រៀបធៀប។
២/ ឧបមាណរូបារម្មណ៍។
៣/ រូបារូបិយារម្មណ៍។
៤/ និមិត្តរូបារម្មណ៍។ល។និង។ល។ By Ven Son

រឿងល្បើក(ខ្លី) ទឹមគោគ្រប់រដូវ បានផលស្រូវឱ្យសេះស៊ី បទព្រហ្មគីតិ

រឿងល្បើក(ខ្លី)
ទឹមគោគ្រប់រដូវ បានផលស្រូវឱ្យសេះស៊ី
បទព្រហ្មគីតិ
ថ្ងៃរះជះកម្តៅ 
គោស៊ីស្មៅនៅក្បែរថ្នល់
ឮ “ កុបៗ “ គោឆ្ងល់
ពេលមកដល់ស្គាល់សេះតើ។
គោឃើញគិតក្នុងចិត្ត
នឹកអាណិតសេះជាក្លើ
អូសរទេះមិនដើរ
មិនប្រសើរដូចគោឡើយ។
លុះពេលពន់ព្រលប់
សេះបានឈប់ជួបគោហើយ
គោប្រាប់សេះក៏ឆ្លើយ
ថាអ្នកកើយខ្ញុំគិតអ្នក។
គោបើកភ្នែកធំភ្លាម
មិននៅស្ងៀមសួរបញ្ជាក់
សេះឆ្លើយប្រាប់មិនលាក់
ថាគោធ្លាក់ភយន្តរាយ។
ព្រោះម្ចាស់គោឈប់ទឹម
កុំញញឹមសើចសប្បាយ
គោយន្តពីស្រុកឆ្ងាយ
ម្ចាស់ចំណាយទិញភ្ជួយស្រែ។
គោពិតពុំនឿយហត់
ម្ចាស់ប្រាកដចិញ្ចឹមថែ
យកសាច់ដូចជ្រូកដែរ
ព្យួរហូរហែតាមតៀមផ្សារ។
គោស្តាប់ភ័យព្រួយគិត
គឺពាក្យពិតដូចសេះថា
គោព្រួយគ្រប់អាត្មា
ម្ចាស់ហ៊ឺហាឥតមានខ្វល់។
គោគិតកាលភ្ជួរដី
ស្មៅលាស់ខ្ចីភ្ជួរគ្មានសល់
ចំបើងផ្អួរម្ចាស់ផ្តល់
ស្រូវបានផលឱ្យសេះស៊ី៕
២០០៨
និពន្ធដោយ វ៉ែន សុន
ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ
និងជាសាស្ត្រាចារ្យផ្នែកកំណាព្យ នៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រនៃសកល
វិទ្យាល័យភុមិន្ទវិចិត្រសិល្បៈ។

ខ្សែងហោះត្បិតខ្យល់ឬខ្សែ តែជាតិគងវង្ស ត្បិតយុវជន --------------------------------------------------- បទ បថ្យាវត្តិ

ខ្សែងហោះត្បិតខ្យល់ឬខ្សែ តែជាតិគងវង្ស ត្បិតយុវជន 
---------------------------------------------------
បទ បថ្យាវត្តិ
---------------------------------------
១. ព្រះរាជសម្ភារ ស្តេច ចា ទុកថា
ខ្លែងហោះខ្ពស់រ៉ា ត្បិតអាស្រ័យខ្យល់
កវី វ៉ែនសុន ក៏ថ្លែងយោបល់
ខ្លែងហោះខ្ពស់ដល់ អាស្រ័យខ្សែជួយ ។
២. គំនិតផ្សេងគ្នា អត្ថន័យតែមួយ
បំណងលើកស្ទួយ អក្សរសាស្រ្តខ្មែរ
អោយលូតលាស់ថ្កុំថ្កើងគង់វង្សដែល
នេះគំនិតខ្មែរ គិតឃើញម្យ៉ាងម្នាក់ ។
៣. ចំណែករឿងជាតិ បាត់ឈ្មោះឬធ្លាក់
រស់រានជាក់លាក់ គង់វង្សទៅបាន
អាស្រ័យយុវជន ខ្មែរក្លាហាន
ចេញមុខរុញច្រាន បណ្តេញសត្រូវ ។
៤. សាមគ្គីកម្លំាង ព្រះធម៌ជាផ្លូវ
មូលដ្ឋានតម្រូវ ច្បាប់អន្តរជាតិ
ជាគោលគ្រឹះមំា បង្អែកថែមទៀត
រួមប្រជាជាតិ ខ្មែរឯកភាពគ្នា ។
------------------------------------------
០៨ មិថុនា ២០១៤
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

ជាតិយើង ពូជសាសន៏យើង ខ្មែរត្រូវតែគិត បទបថ្យាវត្ត

ជាតិយើង ពូជសាសន៏យើង ខ្មែរត្រូវតែគិត
បទបថ្យាវត្ត
១. ជាតិយើង ពូជសាសន៏យើង ខ្មែរត្រូវគិត
សាមគ្គីមូលមិត្ត ស្រុះកម្លំាងគ្នា
ខ្មែរក្រោម កណ្តាល លើ កម្ពុជា
ត្រូវឯកភាពគ្នា សាមគ្គីអោយខ្លំាង ។
២. ជាតិយើង ពូជសាសន៏យើងត្រូវពួកខ្មំាង
ឈ្លានពានតតំាង ពេលខ្មែរបែកបាក់
កើតជំងឺអួតរាជ្យ អំណាច សក្តិ
លុយឡាន មាសប្រាក់ ខ្មែរលោភលន់ហួស។
៣. ជាតិយើង ពូជសាសន៏យើង ធ្លាប់រងគ្រោះ
ដោយបនទុរយស ក្រុមខ្មែរកុំម៊ុនីស្ត
អាយ៉ងចិន យួន វាត្រួតជាន់ជិះ
ទឹកដីយើងវិះ បាត់ឈ្មោះលើលោក ។
៤. ជាតិយើង ពូជសាសន៏យើង ល្បីជ័យជោគ
គំនិតសំយោគ ខាងច្នៃប្រឌិត
សាងបានអង្គរ ដល់ល្អប្រណីត
ស្នាដៃខ្មែរពិត កាត់ថ្លៃមិនបាន ។
៥. ជាតិយើង ពូជសាសន៏យើង ត្រូវប្រុងប្រាណ
ការពារអោយបាន ជាតិ និងពូជសាសន៏
ត្បិតអីសៀមយួន គំនិតវាផ្តាស់
ចង់កែប្តូរផ្លាស់ រំលាយសាសន៏ខ្មែរ ។
៦. សូមអស់កូនខ្មែរ ទូទំាងក្រុងស្រែ
ម្ភៃបួនខេត្តដែរ ខ្មែរលើ កណ្តាល
ខ្មែរក្រោម ពូជសាសន៏ឈាមជ័រខេមរា
ត្រូវរួមគ្នាការ ពារ ជាតិខ្មែរយើង ។
===========================
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា គួរខំដើម្បីជាតិ (បទ : នាគរាជប្លែងឬទ្ធិ)

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
គួរខំដើម្បីជាតិ (បទ : នាគរាជប្លែងឬទ្ធិ)
ខ្មែរមានធនធានឥតស្ទើររាប់
អូរស្ទឹងរៀបជាប់ច្រើនបណ្តាក់
ជ្រោះបឹងដីធំពុំមានអាក់
ពេលមុនអន្តរមកដល់ ។
រាស្រ្តមានដីធ្លីស្រែសម្បូរ
ស្រូវសម្បត្តិហូរពុំគួរខ្វល់
ពេលគេខ្វះខ្លះចេះគ្នេរផ្តល់
ចែកគ្នាផ្តុំសល់រស់ពុំព្រួយ ។
រ៉ែ ពេជ្រ ព្រៃ ឈើ ត្បូង មាស ថ្ម
ដ្បិតមានថ្មីល្អគួររញ្ជួយ
គិតឬទ្ធិជាតិខ្មែរកែលៃជួយ
កលើកជាតិស្ទួយបានជោគជ័យ ។
បែរជាជាតិស្រុតស្រកខកលង់
ស្រុកខានលែងរុងរោចន៍ប្រពៃ
រាស្រ្តប្រែពលឬទ្ធិពិតថយន័យ
ពាលថែមនាំគៃលៃបំភាន់ ។
លេបបាត់ភាពគតិបណ្ឌិត
តាមបណ្តោយគិតចិត្តលោភជាន់
ជាតិលង់ជាតិលិចច្រើនជំនាន់
ច្រានជំនួសជាន់ដោយអំណាច ។
ដានអំណានចាស់គូសមកស្រាប់
គួរមូលស្រងចាប់ឬវាងខ្លាច
ឬវាសក្លាយឲ្យប្រែរសាច
ប្រាសរសាត់បាចបាត់ដានចោល ?
បើដឹងចង់ស្ទួយជាតិឲ្យថ្កើង
ជួយឲ្យថ្កល់ឡើងផុតស្រមោល
ផលស្រមៃគិតកុំខិតច្បោល
គួរខំច្បាំងដោលណាកូនខ្មែរ ៕
និពន្ធដោយ លោក ប៊ុន ពិសី

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា សិស្សល្អ (បទ : កង្កែបលោតកណ្តាលស្រះ)

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
សិស្សល្អ (បទ : កង្កែបលោតកណ្តាលស្រះ)
សិស្សល្អសល្អះច្បាស់ចំសិស្ស
កាប់ឆ្កាការឆ្កឹះសិស្សឈោងកាប់
ចាប់ស្រង់ចង់ស្រាយកាយខំចាប់
ប្រឹងរៀនប្រៀនរ៉ាប់ប្រាប់ឲ្យប្រឹង ។
ហាត់រៀនហ៊ានរស់ឈ្លោះនឹងហាត់
ដឹងខុសដុសខាត់កាត់ដោយដឹង
ប្រឹងស្វែងប្រែងស្វះច្បាស់ត្រូវប្រឹង
ស្តាប់ដី(1)ស្តីដឹងស្តឹងព្រោះស្តាប់ ។
គេសួរគួរសមចំឆ្លើយគេ
ប្រាប់តែប្រែទេគេគួរប្រាប់
ត្រាប់ចងត្រងចារណាត្រូវត្រាប់
ល្អក់ចរល្អចាប់ត្រាប់វាងល្អក់ ។
ហាស្តីហីស្តោះសោះត្រូវគិត
ដក់ចាំដាំចិត្តដិតដាមដក់
សក់ស្កូវសូវស្កកសកសាច់សក់
គ្រូល្អក្រល្អក់សក់ស្កូវគ្រូ ៕
និពន្ធដោយ លោក ប៊ុន ពិសី
(1) : ដី សរសេរកាត់មកពីពាក្យ ដីកា មានន័យថាគម្ពីរ មេរៀន ឱវាទ... ។

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា គ្រូល្អ (បទ : កង្កែបលោតលើគោក)

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
គ្រូល្អ (បទ : កង្កែបលោតលើគោក)
គ្រូល្អ ក្រល្អូ គ្រូល្អៀង
ប្រឹងច្រៀង ព្រាងច្រិល ប្រិលច្រក
ប្រាក់ខែ ប្រែខះ ប្រាសខក
កាយស្កក កកស្គាំង គាំងស្គម ។
គ្រូល្អ ក្រល្អោម ក្រោមល្អាន
សិស្សប្រាណ សាន្តប្រែ សែព្រម
គិតត្រាប់ កាប់ត្រាយ កាយទ្រម
គាំងស្គម គមស្កក កកស្គោក ។
គ្រូល្អ ក្រល្អិត ក្រិត្យល្អៀង
អន់ជាង អៀងចិត្ត ឥតជោគ
ពឹងប្រាក់ បក្សប្រែ ប៉ែព្រោក
ខ្លួនមោឃ ឃ្លោកម៉ៅ ខ្លៅមែន ៕
និពន្ធដោយ លោក ប៊ុន ពិសី

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា ឱ!ប្រាក់ខែ (បទ : កង្កែបលោតស្លាក់ពេជ្រ)

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
ឱ!ប្រាក់ខែ (បទ : កង្កែបលោតស្លាក់ពេជ្រ)
ប្រាក់ខែខះ ប្រាសខែខាន ប្រាណខែខក
កូនខ្លួនស្កក កកខ្លួនស្កាំ កម្មខ្លួនស្កើក
ចួនដាច់បិុត ចិត្តដាច់ប៉ង ចងដាច់បើុក
ចាំប្រាក់បើក ចើកប្រាក់បង់ ចង់ប្រាក់បត់ ។
ប្រេងឡើងថ្លៃ ប្រៃឡើងថ្លែង ប្រែងឡើងថ្លោះ
សមគ្រូខ្សោះ សោះគ្រូខ្សោយ សោយគ្រូខ្សត់
ហាសង្កិន ហិនសង្គម ហ៊ុមសង្កត់
អួលអំណត់ អត់អំណាច អាចអំណស់ ។
ឱ!ប្រាក់ខែ ឯប្រាក់ខាន អានប្រាក់ខក
បើកដូរដក បកដូរដាន បានដូរដោះ
ដាច់សូន្យសល់ ដល់សូន្យសាប ដាបសូន្យសោះ
ចិត្តក្រៀមក្រោះ ចោះក្រៀមក្រំ ចំក្រៀមក្រ ៕
និពន្ធដោយ លោក ប៊ុន ពិសី

ក្មួួយៗយុវវ័យអ្នកស្នេហាអក្សរសិល្ប៍ជាតិទាំងឡាយជាទីស្រឡាញ់។ក្មួយៗត្រុវយល់ថា «អ្នកនិពន្ធ» មានតួនាទីសំខាន់ណាស់ចំពោះជាតិមាតុភូមិរបស់ខ្លួួន។ ដូច្នេះមុននឹងយើង និយាយ,មុននឹងយើងសរសេរ យើងមិនត្រូវប្រើភាសាឡេះឡោះ តាមតែចិត្តនឹកឃើញ ដូចមនុស្សធម្មតាបានឡើយ។ ពីព្រោះអ្នកនិពន្ធជាគ្រូូរបស់មនុស្សជាតិ។ បើជាគ្រូូរបស់ មនុស្ស, «អ្នកនិពន្ធត្រូូវតែធ្វើខ្លួួនឱ្យទៅជាមនុស្សដែលខ្ពស់ជាងមនុស្សទាំងឡាយ»។ ជាពិសេស គ្រប់ពេលដែលអ្នកនិពន្ធសរសេរគឺចៀសវាង « អគតិ៤ » គឺ៖ ទី១/ មិនសរសេរអ្វី ព្រោះតែខ្លួនស្រឡាញ់។ ទី២/ មិនសរសេរអ្វី ព្រោះតែខ្លួន ស្អប់ ។ ទី៣/ មិនសរសេរអ្វី ព្រោះតែខ្លួនភ័យខ្លាច។ ទី៤/ មិនសរសេរអ្វី ព្រោះតែខ្លួនល្ងង់។ សរុបមក«អ្វីៗទាំងអស់ ដើម្បីឧត្តមគតិជាតិមាតុភូមិកម្ពុជា ជាទីស្រឡាញ់ស្មើជីវិត នៃយើងគ្រប់គ្នាបានសុខសន្តិភាព»។វ៉ែន សុន

ក្មួួយៗយុវវ័យអ្នកស្នេហាអក្សរសិល្ប៍ជាតិទាំងឡាយជាទីស្រឡាញ់។ក្មួយៗត្រុវយល់ថា «អ្នកនិពន្ធ» មានតួនាទីសំខាន់ណាស់ចំពោះជាតិមាតុភូមិរបស់ខ្លួួន។ ដូច្នេះមុននឹងយើង
និយាយ,មុននឹងយើងសរសេរ យើងមិនត្រូវប្រើភាសាឡេះឡោះ តាមតែចិត្តនឹកឃើញ ដូចមនុស្សធម្មតាបានឡើយ។ ពីព្រោះអ្នកនិពន្ធជាគ្រូូរបស់មនុស្សជាតិ។ បើជាគ្រូូរបស់ មនុស្ស, «អ្នកនិពន្ធត្រូូវតែធ្វើខ្លួួនឱ្យទៅជាមនុស្សដែលខ្ពស់ជាងមនុស្សទាំងឡាយ»។
ជាពិសេស គ្រប់ពេលដែលអ្នកនិពន្ធសរសេរគឺចៀសវាង « អគតិ៤ » គឺ៖
ទី១/ មិនសរសេរអ្វី ព្រោះតែខ្លួនស្រឡាញ់។
ទី២/ មិនសរសេរអ្វី ព្រោះតែខ្លួន ស្អប់ ។
ទី៣/ មិនសរសេរអ្វី ព្រោះតែខ្លួនភ័យខ្លាច។
ទី៤/ មិនសរសេរអ្វី ព្រោះតែខ្លួនល្ងង់។

សរុបមក«អ្វីៗទាំងអស់ ដើម្បីឧត្តមគតិជាតិមាតុភូមិកម្ពុជា ជាទីស្រឡាញ់ស្មើជីវិត
នៃយើងគ្រប់គ្នាបានសុខសន្តិភាព»។វ៉ែន សុន

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា ខ្លាខ្លាំង... (បទ : អក្សរលូន)

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
ខ្លាខ្លាំង... (បទ : អក្សរលូន)
កកាកិកីកិបកេងកាត់
ស្ងប់ស្ងៀមស្ងាត់ៗស្ងាបស្ងើកស្ងួត
អុងអាត់អះអាងអង្គឯងអួត
ត្រល់ត្រស់ត្រើយត្រួតត្រាត្រង់ៗ ។
ខ្មែរខ្មាសខ្មាំងខ្មោចខ្មោះខ្មួរខ្មុក
ស្រីស្រាស្រាលស្រុកស្រៀវស្រើបស្រង់
បែកបែរបេះបោចបរបាត់បង់
ចរចារចូលចង់ចាត់ចែងចង ។
ដើមដានដេកដួលដើរដូរដោះ
សាបសូន្យសុងសោះសមសារសង
ក្រីក្រក្រេៀមក្រំក្រេវក្រោធក្រង
ហំហួនហែងហងហីនហោចហ៊ាន ។
ព្រៃព្រំ(1)ព្រួយព្រាត់ព្រោះព្រះ(2)ព្រម
រាស្រ្តរៀងរស់រមរងរុករាន
យុគយួនយាយីយកយសយាន
ខ្លាខ្លាំងខ្លៅឃ្លានខ្លោចខ្លបខ្លាច ៕
(1) ព្រំ = ព្រំដែន
(2) ព្រះ = មេកោយ
និពន្ធដោយ លោក ប៊ុន ពិសី

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា វាចាចិត្តនាយទាហាន (បទ : ពស់លេបកន្ទុយ ពាក្យប្រាំពីរ)

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
វាចាចិត្តនាយទាហាន (បទ : ពស់លេបកន្ទុយ ពាក្យប្រាំពីរ)
យប់យន់ស្ងាត់សូន្យអូនដឹងទេ
ទុក្ខបងជាន់ទ្វេព្រោះនឹកអូន.... ។
ថ្ងៃខែឆ្នាំផ្ទេរវេរឲ្យឃ្លាត
បងបម្រើជាតិឃ្លាតមាសមេ.... ។
ដួងចិត្តចង្អៀតជ្រៀតដោយទុក្ខ
ភារ:នឹងមុខដើម្បីជាតិ....។
ថ្ងៃច្បាំងវាយលុកការពារដី
យប់ដេកនឹកស្រីឃើញតែមុខ.... ។
បេះដូងជូនស្រីកាយជូនជាតិ
ថែខ្លួនណានាថឆោមពិសី.... ។
បងនឹងវិលឆ្លៀតមកជួបអូន
បើសត្រូវសូន្យខ្មាំងដកឃ្លាត....។
មកជួបមុខកូននិងកនិដ្ឋា
ដែលបងស្នេហាលុះថ្ងៃសូន្យ....។
ធ្វើម្តេចវាសនាបងទាហាន
ខ្លួនដេកលើលានការ(1)រដ្ឋា....។
សង្ឃឹមស្រុកគ្មានសង្រ្គាមច្រាន
រាស្រ្តរស់សាន្តត្រាណផុតស្រេកឃ្លាន.... ។
បងអាចវិលថ្កានរស់ជុំស្រី
សាងស្នេហ៍ភក្តីដោយសុខសាន្ត.... ។
(1) ការ = ការពារ
និពន្ធដោយ លោក ប៊ុន ពិសី

វិធីសាស្ត្រសម្រាប់និពន្ធស្នាដៃ ដើម្បីឆ្ពោះទៅដណ្តើមយកពានរង្វាន់អក្សរសិល្ប៍ គ្រប់ទម្រង់ដូចខាងក្រោមនេះ៖ ១, អំពីអត្ថរូប(មាន៣)(Form) 1-វិធីតែង (Method) 2-រចនាបថ(Style) 3-សោភ័ណ (Aesthetics) ២, អំពីអត្ថន័យ(មាន៣)(Meaning) 1-សីលធម៌ (Ethics) 2-គុណធម៌ (Virtue) 3-សច្ចធម៌ (Truth) ៣,អត្ថរស (Palatable) 1-តម្លែនៃការអប់រំ (The value of Education ) 2-តម្លៃនៃវប្បធម៌ជាតិ (The value of the National culture). 3-តម្លៃនៃការរីកចម្រើន (The value of the growth).by Ven Son

វិធីសាស្ត្រសម្រាប់និពន្ធស្នាដៃ ដើម្បីឆ្ពោះទៅដណ្តើមយកពានរង្វាន់អក្សរសិល្ប៍
គ្រប់ទម្រង់ដូចខាងក្រោមនេះ៖
១, អំពីអត្ថរូប(មាន៣)(Form)
1-វិធីតែង (Method)
2-រចនាបថ(Style)
3-សោភ័ណ (Aesthetics)
២, អំពីអត្ថន័យ(មាន៣)(Meaning)
1-សីលធម៌ (Ethics)
2-គុណធម៌ (Virtue)
3-សច្ចធម៌ (Truth)
៣,អត្ថរស (Palatable)
1-តម្លែនៃការអប់រំ (The value of Education )
2-តម្លៃនៃវប្បធម៌ជាតិ (The value of the National culture).
3-តម្លៃនៃការរីកចម្រើន (The value of the growth).by Ven Son

មុននឹងនិពន្ធរឿង,អ្នកនិពន្ធត្រូវយល់ថា«រឿង»មានន័យដូចម្តេច?

មុននឹងនិពន្ធរឿង,អ្នកនិពន្ធត្រូវយល់ថា«រឿង»មានន័យដូចម្តេច?
-រឿងមានន័យថា«ទំនាស់» គឺទំនាស់នៅក្នុងដំណើរជីវិតរបស់តួអង្គ
ដែលអ្នកនិពន្ធបានចងក្រងឡើង,ទោះបីតួអង្គជាមនុស្ស,ជាសត្វ ឬ
ជាវត្ថុ និងជាធម្មជាតិផ្សេងៗក៏ដោយ, សុទ្ធតែមានទំនាស់ទាំងអស់,
នោះទើបហៅថា«រឿង»។តើធ្វើដូចម្តេចទើបនិពន្ធរឿងមួយបានដើម្បីឱ្យកុមារចូលចិត្តអាន?
១,យើងត្រូវរកគំនិតដើម្បីនឹងនិពន្ធរឿង(សម្រាប់កុមារ)។
1-ត្រូវឧស្សាហ៍អានសៀវភៅរឿងឱ្យបានច្រើន។
2-ត្រូវចេះសង្កេតពិនិត្យអំពីសង្គមមនុស្សនិងហ្វូងសត្វប្រចាំថ្ងៃ, តើ
មានអ្វីកើតឡើង?
3-រកវត្ថុ«ពីរ»ដែលមិនទាក់ទងគ្នាគឺផ្ទុយគ្នា។
ឧ.ទន្សាយចង់អានសៀវភៅ។ កុមារតូចនិងវ៉ែនតាសម្រាប់មនុស្ស
ចាស់។ល។
២,មុនពេលនិពន្ធយើងត្រូវគិត៣ចំណុចគឺ៖
1-ត្រូវគិតពីបញ្ហា(ចោទ)=Problem.
2-ត្រូវគិតពីភាពស្មុគស្មាញ(ចោទ)=A/Complication
-ស្មុគស្មាញដល់កំពូល = B/Climax.
(សំខាន់បំផុតគិតពីលក្ខណៈរបស់តួអង្គ)(Character)
3-គិតពីការបញ្ចប់រឿង(ស្រាយ) = Solution.
៣,ពេលសរសេររឿង,តើចាប់ផ្តើមពីណាទៅណា?
1- សរសេរចាប់ផ្តើមរឿង(ចោទ)ជាបទពិសោធន៍រឿងដែលយើង
និពន្ធថ្មីគឺចៀសវាងពាក្យ(កាលពីព្រេងនាយ)។
ឧ.ពាក្យដែលខ្ញុំធ្លាប់ប្រើកន្លងមកអំពីការផ្តើមរឿងដូចជា « ថ្ងៃមួយ,
យប់មួយ, កាលដើមឡើយ, កាលពីយូរលង់មកហើយ»។ល។ គឺយក
មួយណាក៏បានឱ្យតែត្រូវនឹងដំណើររឿង។
2-សរសេរពីតួរឿង(ចង)គឺយើងសរសេរពីដំណើររឿងដូចជា។
ឧ.រំពេចនោះ… ,ប្រសិនបើ, ហេតុអ្វី? ព្រោះអ្វី?។ល។ទាំងនេះជា
ពាក្យគន្លឹះ។ល។
3-ការសរសេរបញ្ចប់រឿង(ស្រាយ)(ចាំបាច់យើងត្រូវគិតពីគតិរឿង)
ពាក្យគន្លឹះដូចជា« បន្ទាប់មក. . . . . , ឬចាប់ពីពេលនោះមក . . . . . . . . ។ល។
សង្ខបមក,ដើម្បីឱ្យកុមារចូលចិត្តអាន យើងធ្វើរឿងខ្លីដោយរូបភាព។
សរសេរជាអក្សរងាយអានដែលក្នុង១ទំព័រ តែ១បន្ទាត់ ទៅ៤បន្ទាត់
យ៉ាងច្រើន។ជាពិសេសតួអង្គសត្វ៕ ដោយវ៉ែន សុន 17-07-2014

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា ថ្ងៃណាស្មើគ្នា? (បទ : អក្សរសង្វាស)

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
ថ្ងៃណាស្មើគ្នា? (បទ : អក្សរសង្វាស)
អ្នកជាក់ពិតជាសុខសាន្តត្រាណ
ព្រោះរស់ក្នុងឋានភពបវរ
ចុះខុសអ្វីខ្ញុំរស់ត្រដរ
កាយឆ្ងាយភាពល្អក្រភព្វទ្រព្យ ។
អ្នកជាក់ពិតជាមិនស្គាល់ទ័ល
ទុក្ខរុករានរាល់រៀងរាប់ជាប់
ស្គាល់ពាល់តែសុខសោយទ្រព្យគាប់
មិនជិនណាយជាប់គ្មានព្រួយមួយ ។
ពង្សវង្សត្រកូលអ្នកខ្ពស់ហួស
ជីវីអ្នករស់បោះពួយត្រួយ
មានរៀនរុងរេឿងគេជួយស្ទួយ
ពិតឥតស្គាល់ព្រួយនិស្ស័យថ្លៃ ។
ខ្ញុំសុំតែសុខត្រឹមបានស្មាន
សើចខើចខកខានប្រឹងច្នៃដៃ
ដែនផែនដីមួយឆ្ងាយថ្លៃក្រៃ
តើថ្មើរណាថ្ងៃស្មើជាគ្នា ?
និពន្ធដោយ លោក ប៊ុន ពិសី

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា ចាញ់ស្នេហ៍អូន (បទ : ក្របចក្រវាឡ)

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
ចាញ់ស្នេហ៍អូន (បទ : ក្របចក្រវាឡ)
ដូចខែរះភ្លឺច្បាស់ត្រចះដូច
ស្រស់ស្រីតូចស្អាតដូចដួងចន្ទស្រស់
អស់ទាំងគេទាំងបងលង់ទាំងអស់
ចាញ់សម្រស់ឆោមស្រស់បងចុះចាញ់ ។
ពៅដូចផ្កាយរះឆ្ងាយបងស្តាយពៅ
ក្នាញ់ក្នក់នៅយប់ជ្រៅនៅតែក្នាញ់
បាញ់នេត្រាជីវ៉ាភ្នែកត្របាញ់
អូនសំលាញ់បងចាញ់ក្តីស្នេហ៍អូន ។
ធ្វើម្តេចបានកល្យាណបងហ៊ានធ្វើ
សូន្យមិនស្ទើរមិនស្តាយជីវិតសូន្យ
ដូនតាអើយជួយចូកចែវសណ្តូន
សាងជាក្បូនស្នេហ៍អូនដែលបងសាង ។
ចិត្តបងស្មោះជេឿចុះជេឿដួងចិត្ត
អាងត្រឹមស្និទ្ធបងពិតឥតអ្វីអាង
យ៉ាងហ្នឹងហើយអូនគួរជេឿគ្រប់យ៉ាង
បងអះអាងសាងស្នេហ៍តែអូនបង ៕
និពន្ធដោយ លោក ប៊ុន ពិសី

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា

សិក្សាពីរបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា
សល់អ្វី...? (បទ : ថយក្រោយ ឬថយក្រោយចូលព្រែក)
ខ្វិនខ្វាក់គរថ្លង់ ល្អជាជាង
បង់បាត់រូបរាង ពិតទៀងត្រង់
ត្រង់ទៀងពិតរាង រូបបាត់បង់
ជាងជាល្អថ្លង់ គរខ្វាក់ខ្វិន ។
កាប់គាស់កាយកិន ក្លិនផ្សាខ្លោច
ហីនហោចខ្ទេចអស់ ស្ទើរខ្លោចឆ្អិន
ឆ្អិនខ្លោចស្ទើរអស់ ខ្ទេចហោចហីន
ខ្លោចផ្សាក្លិនកិន កាយគាស់កាប់ ។
ព្រៃឈើអស់ឆាប់ កាប់កាត់ភ្នំ
ស្លាប់សត្វតូចធំ ដោយចងចាប់
ចាប់ចងដោយធំ តូចសត្វស្លាប់
ភ្នំកាត់កាប់ឆាប់ អស់ឈើព្រៃ ។
សព្វគ្រប់គេលៃ ច្នៃបាំងបិទ
គៃកេងតាមចិត្ត ឥតខ្វល់ភ័យ
ភ័យខ្វល់ឥតចិត្ត តាមកេងគៃ
បិទបាំងច្នៃលៃ គេគ្រប់សព្វ ។
អ្វីសល់ក្រោយចប់ កៅសិបឆ្នាំ
កប់ចិត្តគិតចាំ ដេកត្រាំសព
សពត្រាំដេកចាំ គិតចិត្តកប់
ឆ្នាំកៅសិបចប់ ក្រោយសល់អ្វី ?
និពន្ធដោយ លោក ប៊ុន ពិសី

Monday, July 14, 2014

មនុស្សនិងធម្មជាតិ បទពាក្យ៧

មនុស្សនិងធម្មជាតិ
បទពាក្យ៧
-ទឹកដីភ្លើងខ្យល់ខ្វល់ឥតឈប់ 
រៀងរាល់ថ្ងៃយប់ទប់ពុំបាន
ទ្រទ្រង់,សម្លាប់យើងគ្រប់ប្រាណ 
នេះជាលំអានច្បាប់ធម្មជាតិ។

-ដល់សករាជថ្មីល្បីថាគ្រាន់ 
ទសវត្សពីរពាន់មកដល់ទៀត
ទឹកដីភ្លើងខ្យល់ទាំងបួនធាតុ 
មិនស្គាល់ញោមញាតិទាំងប្រុសស្រី។

-កើតចាស់ឈឺស្លាប់ប្រាប់មិនតាម
ទោះបីយើងហាមឃាត់ម្តេចក្តី
មិនថាចាស់ក្មេងរាស្ត្រមន្ត្រី
អ្នកក្រ,សេដ្ឋីស្លាប់ដូចគ្នា។

-មនុស្សលោកនេះមោហៈម្ល៉េះ
សង្គ្រាមឆាបឆេះគ្រប់វេលា
សម្លាប់គ្នាឯងឥតរួញរា
ធម្មជាតិបែរជាមិនតបត៕៚

និពន្ធដោយ វ៉ែន សុន

Human and Nature
(word 7)
Water , soil, fire and air care endlessly every night and day cannot be stop
Sustain, kill all of us this is an indication of natural law.

Enter new era to be strong decade two thousand arrived
Water, soil, fire and air, the four substances not to know all mankind.

Born, old, ill and dead always follow Although we escape them
Even the old, the young, the officials the poor, tycoon die the same.

Human being has mental darkness war could be declare every time
Kill ourselves without hesitation nature turn not to reply.

Wrote by ven son.
Translate by Chansovannarith

-ទឹកដីភ្លើងខ្យល់ខ្វល់ឥតឈប់ 
រៀងរាល់ថ្ងៃយប់ទប់ពុំបាន
ទ្រទ្រង់,សម្លាប់យើងគ្រប់ប្រាណ 
នេះជាលំអានច្បាប់ធម្មជាតិ។

-ដល់សករាជថ្មីល្បីថាគ្រាន់ 
ទសវត្សពីរពាន់មកដល់ទៀត
ទឹកដីភ្លើងខ្យល់ទាំងបួនធាតុ 
មិនស្គាល់ញោមញាតិទាំងប្រុសស្រី។

-កើតចាស់ឈឺស្លាប់ប្រាប់មិនតាម
ទោះបីយើងហាមឃាត់ម្តេចក្តី
មិនថាចាស់ក្មេងរាស្ត្រមន្ត្រី
អ្នកក្រ,សេដ្ឋីស្លាប់ដូចគ្នា។

-មនុស្សលោកនេះមោហៈម្ល៉េះ
សង្គ្រាមឆាបឆេះគ្រប់វេលា
សម្លាប់គ្នាឯងឥតរួញរា
ធម្មជាតិបែរជាមិនតបត៕៚

និពន្ធដោយ វ៉ែន សុន

Human and Nature
(word 7)
Water , soil, fire and air care endlessly every night and day cannot be stop
Sustain, kill all of us this is an indication of natural law.

Enter new era to be strong decade two thousand arrived
Water, soil, fire and air, the four substances not to know all mankind.

Born, old, ill and dead always follow Although we escape them
Even the old, the young, the officials the poor, tycoon die the same.

Human being has mental darkness war could be declare every time
Kill ourselves without hesitation nature turn not to reply.

Wrote by ven son.
Translate by Chansovannarith
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks