Wednesday, July 23, 2014

រឿងល្បើក(ខ្លី) ទឹមគោគ្រប់រដូវ បានផលស្រូវឱ្យសេះស៊ី បទព្រហ្មគីតិ

រឿងល្បើក(ខ្លី)
ទឹមគោគ្រប់រដូវ បានផលស្រូវឱ្យសេះស៊ី
បទព្រហ្មគីតិ
ថ្ងៃរះជះកម្តៅ 
គោស៊ីស្មៅនៅក្បែរថ្នល់
ឮ “ កុបៗ “ គោឆ្ងល់
ពេលមកដល់ស្គាល់សេះតើ។
គោឃើញគិតក្នុងចិត្ត
នឹកអាណិតសេះជាក្លើ
អូសរទេះមិនដើរ
មិនប្រសើរដូចគោឡើយ។
លុះពេលពន់ព្រលប់
សេះបានឈប់ជួបគោហើយ
គោប្រាប់សេះក៏ឆ្លើយ
ថាអ្នកកើយខ្ញុំគិតអ្នក។
គោបើកភ្នែកធំភ្លាម
មិននៅស្ងៀមសួរបញ្ជាក់
សេះឆ្លើយប្រាប់មិនលាក់
ថាគោធ្លាក់ភយន្តរាយ។
ព្រោះម្ចាស់គោឈប់ទឹម
កុំញញឹមសើចសប្បាយ
គោយន្តពីស្រុកឆ្ងាយ
ម្ចាស់ចំណាយទិញភ្ជួយស្រែ។
គោពិតពុំនឿយហត់
ម្ចាស់ប្រាកដចិញ្ចឹមថែ
យកសាច់ដូចជ្រូកដែរ
ព្យួរហូរហែតាមតៀមផ្សារ។
គោស្តាប់ភ័យព្រួយគិត
គឺពាក្យពិតដូចសេះថា
គោព្រួយគ្រប់អាត្មា
ម្ចាស់ហ៊ឺហាឥតមានខ្វល់។
គោគិតកាលភ្ជួរដី
ស្មៅលាស់ខ្ចីភ្ជួរគ្មានសល់
ចំបើងផ្អួរម្ចាស់ផ្តល់
ស្រូវបានផលឱ្យសេះស៊ី៕
២០០៨
និពន្ធដោយ វ៉ែន សុន
ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ
និងជាសាស្ត្រាចារ្យផ្នែកកំណាព្យ នៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រនៃសកល
វិទ្យាល័យភុមិន្ទវិចិត្រសិល្បៈ។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks