វិបត្តិអក្សរ
សម័យបុរាណ គ្មានសៀវភៅ
អក្សរគង់នៅ តែលើថ្ម
ចារឹកឆ្លាក់ជាប់ រាប់តំណ
បន្តមកទើរ លើស្លឹករឹត ។
ព្រោះតែចង់ថែ ខ្មែរឲ្យគង់
អង្វែងយូរលង់ គង់ជីវិត
ទើបលោករក្សា ឆ្ការគំនិត
អក្សរខ្មែរពិត ឲ្យឋិតជុំ ។
មកដល់សម័យ បច្ចប្បន្ន
ជេឿនលេឿនមិនអន់ មនុស្សនិយម
សៀវភៅគ្រប់ខ្នាត ស្អាតសមរម្យ
ចម្លងបោះពុម្ព រាប់មឺុនក្បាល ។
តែស្តាយជនខ្លះ ប្រហែសខ្លួន
មិនបានថែថួន ឲ្យត្រកាល
អក្សរជាតិខ្លួន មិនឈឺឆ្អាល
បណ្តោយបណ្តាល ឲ្យលង់លិច ។
ខ្មែរខ្លះបែរខ្មាស វប្បធម៍ឯង
បើបរទេសស្តែង ចាំមិនភ្លេច
អក្សរសាស្រ្តខ្លួន លូនលង់លិច
ពាក្យខ្មែរច្រើនតិច សរសេរខុស ។
វិបតិ្តអក្សរ វិបត្តិជាតិ
ខ្មែរអើយសូមឆ្លៀត កែកំហុស
អក្សរដុនដាប ជាតិស្រុតចុះ
អក្សរដាលដុះ ជាតិស្រុះឡើង ៕
និពន្ធដោយ ប៊ុន ពិសី
No comments:
Post a Comment