Saturday, July 26, 2014

រេឿងខ្លី : វិញ្ញាណកោះត្រល់

រេឿងខ្លី : វិញ្ញាណកោះត្រល់

យប់នេះពន្លឺព្រះចន្ទនៅលើមេឃហាក់ដូចជាភ្លឺច្រើនជាងម្សិលមិញ ។ ខ្ញុំដើរបោះជំហានទៅមុខមួយៗនៅលើឆ្នេរខ្សាច់ពេលរាត្រីតែម្នាក់ឯង ដានជើងជាច្រើនគូចេះតែរត់ប្រដេញប្រកៀតជាប់នឹងខ្លួនខ្ញុំឥតឈប់ហើយមិនយូរប៉ុន្មានស្នាមជើងទាំងអស់នោះក៏រលុបបាត់ទៅវិញ ។ ខ្ញុំអង្គុយចុះនៅលើផ្ទាំងថ្មមួយនៅក្បែរច្រាំងដោយសម្លឹងមើលទៅផ្ទៃមេឃដែលមានភាពស្រអាប់ ព្រះចន្ទដើមខ្នើតហាក់ខំអើតតាមវាំងននមេឃពណ៌ខ្មៅបង្ហាញនូវពន្លឺដ៏ខ្សោយរបស់ខ្លួនឆ្លងកាត់ស្បៃអន្ធការចាំងមកលើផ្ទៃទឹកដែលមើលទៅមានភាពស្រពេចស្រពិល សំឡេងទឹករលកបោកមកប៉ះច្រាំងលឺសូរគ្រាំៗហាក់ឥតនេឿយហត់ ខ្យល់សមុទ្ទដែលបក់មកជារេឿយៗ និងបក់មកខ្លាំងម្តងៗធ្វើឲ្យខ្ញុំរងាត្រជាក់ស្ទើរទ្រាំពុំបាន....ទោះជាយ៉ាងណាក៏ដោយបរិយាកាសទាំងនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រឡះគ្រាន់បើជាងការដែលទ្រាំស្តាប់នូវសំឡេងហ៊ោកញ្រ្ជៀវមុននេះ ខ្ញុំក្រលេកមើលម្តងទៀតទៅក្រុមយុវជនដែលនាំគ្នាច្រៀងរាំលេងនៅលើឆ្នេរខ្សាច់មុននឹងចោលភ្នែកទៅឃើញអ្វីម្យ៉ាង ។ 
ចុះតើនេះជាស្អីទៅ?
ខ្ញុំមើលទៅឃើញស្ទង់ៗនូវអ្វីម្យ៉ាងដែលប្រាកដចំពោះមុខខ្ញុំ តែខ្ញុំក៏មិនប្រាកដក្នុងចិត្តដែរថានោះជាអ្វី ។ មន្ទិលសង្ស័យទាំងឡាយបានជំរុញចិត្តខ្ញុំឲ្យក្រោកដើរទៅមើលឲ្យច្បាស់ ។
ពុទ្ធោ! មនុស្ស...! មនុស្សស្រី ! ហេតុអ្វីបានមានមនុស្សស្រីមកដេកលើឆ្នេរខ្សាច់នេះទៅវិញ? ខ្ញុំដើរទៅកាន់តែជិតហើយអង្គុយចុះពិនិត្យមើលឲ្យកាន់តែច្បាស់ទើបដឹងថានេះគឺជាសាកសពមនុស្សស្រីម្នាក់ ។ ខ្ញុំភ្ញាក់រហូតថយក្រោយមួយជំហានពេលដែលឃើញមុខរបស់នាងត្រូវរលួយនឹងមានដង្កូវចោះស្ទើរគ្រប់កន្លែង ខ្ញុំចាប់ផ្តើមមានអារម្មណ៍ខ្លាចតិចៗ ហើយក៏ប្រញាប់រត់ទៅប្រាប់មិត្តភក្តិដទៃទៀតដែលកំពុងតែលេងយ៉ាងសប្បាយនៅកន្លែងដែលមានភ្លើងភ្លឺច្បាស់ ។ ខ្ញុំរត់ទៅទាំងអារម្មណ៍តក់ស្លុតក្នុងចិត្តហើយនិយាយហេតុការណ៍ដែលខ្ញុំបានឃើញប្រាប់ទៅមិត្តភក្តិទាំងអស់គ្នា ។ ទាំងអស់គ្នាក៏ផ្អាកការលេងហើយដើរតាមខ្ញុំទៅកន្លែងនោះ ។ ពេលខ្ញុំនាំពួកគេទៅដល់ អ្វីម្យ៉ាងដែលធ្វើឲ្យខ្ញុំកាន់តែភ្ញាក់ផ្អើលជាងកាលដែលបានឃើញសាកសពមុននេះទៅទៀតនោះគឺនៅទីនេះបែរជាមិនឃើញសាកសពមនុស្សស្រីនោះទៅវិញ ។ តើ...តើសាកសពនោះទៅណាបាត់ហើយ?(ខ្ញុំលាន់មាត់ឡើង) ។ ម្នាក់ៗគេគិតថាខ្ញុំរវើរវាយពេកហើយ គេថាមកពីខ្ញុំចូលចិត្តគិតច្រើនពេកទើបមើលឃើញនូវអ្វីដែលមិនអាចឃើញបែបនេះ ។ ពួកគេនាំគ្នាទៅវិញ ។ ខ្ញុំឈរស្ងៀមមើលដំណើររបស់ពួកគេដើរត្រឡប់ទៅវិញទាំងក្នុងចិត្តច្របូកច្របល់ និងងេឿងឆ្ងល់មិនបាត់ ។ ហេតុអីក៏បែបនេះទៅវិញ? អំបាញ់មិញនេះខ្ញុំមើលឃើញច្បាស់ណាស់ ហេតុអីសុខៗស្រាប់តែបាត់ទៅវិញចឹង? (ខ្ញុំរអ៊ូម្នាក់ឯង) ។ ខ្ញុំក៏ក្រលេកមើលទៅកន្លែងនោះម្តងទៀត អ្វីដែលខ្ញុំបានឃើញពេលនេះគឺរិតតែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទ្វេដងជាងពីរពេលដែលខ្ញុំបានភ្ញាក់ផ្អើលមុននេះទៅទៀត ។ 
តើខ្ញុំកំពុងនៅកន្លែងណា? ហេតុអីក៏ងងឹតម្ល៉េះ ? ផ្សែងអព្ទមកពីណាក៏មិនដឹងអណ្តែតជុំវិញខ្លួនខ្ញុំធ្វើឲ្យខ្ញុំរកនឹកអ្វីក៏មិនយល់ថានេះជាកន្លែងណា ទិសណាឲ្យប្រាកដ ។ ពេលនេះជុំវិញខ្លួនខ្ញុំគ្មានឃើញនរណាម្នាក់ឡើយ ខ្ញុំខំប្រឹងដើរទៅមុខហើយព្យាយាមរកច្រកចេញពីកន្លែងអាថ៌កំបាំងមួយនេះ ។ សំឡេងជាច្រើនចាប់ផ្តើមជ្រៀតមកតាមប្រឡោះផ្សែងងងឹត និងរិតតែធ្វើឲ្យខ្ញុំលឺកាន់តែច្បាស់ពេលដែលខ្ញុំដើរផុតពីកន្លែងងងឹតនេះ ។ ភាពភ្ញាក់ផ្អើលលើកទីបួនបានប្រាកដឡើងចំពោះមុខខ្ញុំ ។ ទេសភាពដ៏ស្រស់បំព្រង ផ្ទៃមេឃខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ផ្ទៃទឹកសមុទ្ទដែលមើលទៅមានពន្លឺដូចពេជ្រចាំងព្រាកៗប៉ះនឹងចក្ខុឥន្រ្ទីយ៍របស់ខ្ញុំ បក្សាបក្សីទាំងហ្វូងហើរត្រសងពេញផ្ទៃអាកាស.... ខ្ញុំពិតជាមិនអាចទ្រាំមិនជញ្ជក់មាត់សរសើរមិនបានមែន ឱ!ទេសភាពសមុទ្ទដ៏ស្រស់ត្រកាលដែលខ្ញុំតែងតែស្រមៃចង់ឃើញនោះពេលនេះបានប្រាកដឡើងចំពោះភ្នែកខ្ញុំហើយ ។ តើខ្ញុំមិនមែនកំពុងតែយល់សប្តិទេឬ? កោះ និងភ្នំជាប់នឹងសមុទ្ទសុទ្ធតែមានពណ៌បៃតង មើលឃើញហើយស្បើយអស់ទុក្ខកង្វល់ដែលកំពុងមាន ។ ខ្ញុំដើរទៅមុខយឺតៗតាមប្រភពសំឡេងដែលខ្ញុំបានលឺ ខ្ញុំពិតជាមិនចង់ឲ្យដានជើងរបស់ខ្ញុំត្រូវរលុបបាត់ពីឆ្នេរនេះទេ ខ្ញុំចង់ឲ្យស្នាមនេះនៅជាប់ជានិច្ចជាអនុស្សាវរីយ៍មួយក្នុងជីវិតរបស់ខ្ញុំ ខ្ញុំចង់ឃើញស្នាមជើងដដែលនេះមិនបាត់បង់ទៅណាឡើយនៅពេលខ្ញុំមកទីនេះលើកក្រោយម្តងទៀត ។ តើខ្ញុំអាចមានឱកាសមកម្តងទៀតមែនទេ? អាចទៅរួចដែរទេ បើសូម្បីតែពេលនេះខ្ញុំមិនដឹងខ្លួនឯងនៅទីណា មកទីនេះបានដោយរបៀបម៉េចផងនោះ ? ឬមួយខ្ញុំកំពុងតែយល់សប្តិទេដឹង ?.... សំណួរជាច្រើនបានលេចឡើងពេញខួរក្បាលរបស់ខ្ញុំរហូតខ្ញុំដើរដល់កន្លែងមួយដែលមានមនុស្សជួបជុំគ្នា ។ 
ម្តងនេះខ្ញុំភ្ញាក់ផ្អើលជាលើកទីប្រាំ ។ ពេលដែលឃើញមនុស្សមួយក្រុម ដែលមើលទៅដូចជាមិនមែនជាមនុស្សឋិតក្នុងសម័យបច្ចុប្បន្នទេព្រោះការស្លៀកពាក់ ការរៀបចំខ្លួនរបស់ពួកគាត់ទំនងជាមនុស្សរស់នៅសម័យមុន និងកំពុងនិយាយគ្នាពីអ្វីមួយដែលខ្ញុំស្តាប់ទៅមិនសូវយល់ ។ ខ្ញុំព្យាយាមឈរស្តាប់គេនិយាយគ្នា ស្តាប់យូរទៅទើបខ្ញុំដឹងថាពួកគេកំពុងនិយាយគ្នាពីរេឿងការបាត់បង់ធនធានក្នុងសមុទ្ទ ទឹកមុខពួកគាត់ទាំងអស់គ្នាបានបង្ហាញឡើងនូវការព្រួយបារម្ភពីអ្វីម្យ៉ាងយ៉ាងខ្លាំង ។ នារីម្នាក់ដែលខ្ញុំមើលទៅហាក់ដូចជាប្រហែលមុខបានសំដែងសំដីរបស់ខ្លួនឡើងថា "បើពួកវាចូលមកឈ្លានពានទឹកដីយើង ទន្រ្ទានយកនូវអ្វីដែលជាសម្បត្តិធម្មជាតិដែលយើងបានថែរក្សាយូរមកហើយ ហើយនិងប្រាថ្នាមកធ្វើជាម្ចាស់គ្រប់គ្រងពួកយើងមែននោះ... តើថ្ងៃក្រោយបងប្អូនយើង និងកោះរបស់យើងមួយនេះនឹងទៅជាយ៉ាងណា?" ។ 
កោះ! លឺពាក្យនេះធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើតម្តងទៀត ។ តើខ្ញុំកំពុងឋិតនៅលើកោះមែនទេ? តើនេះជាកោះអីទៅ? ខ្ញុំនឹកក្នុងចិត្តតែម្នាក់ឯងហើយស្តាប់គេនិយាយគ្នាបន្ត ។ បុរសចំណាស់ម្នាក់និយាយឡើង "យើងមិនព្រមឲ្យអាពួកជនបរទេសវាមកត្រួតក្បាលយើងជាដាច់ខាត យើងសុខចិត្តប្តូរស្លាប់ដើម្បីការពារកោះមួយនេះ ការពារនូវអ្វីដែលដូនតាខ្មែរបានបន្សល់ទុកមក ការពារសេរីភាពបងប្អូនទាំងអស់គ្នា...បើសិនជាពួកយើងត្រូវស្លាប់ក៏ស្លាប់ដោយមានកិត្តិយសដែរ ។ ពួកឯង! ពួកអាចោរឈ្លានពានឯងកុំសង្ឃឹមថាធ្វើអ្វីបានតាមចិត្តឲ្យសោះ ដរាបណាដង្ហើមយើងនៅដកយើងមិនឲ្យពួកអាឯងមកមើលងាយយើងបានឡើយ ។ " 
ខ្ញុំស្តាប់សំឡេងគាត់ទាំងរំជួលចិត្ត ។ ទោះបីពេលនេះខ្ញុំមិនដឹងថាខ្លួនឯងឋិតនៅទីណាក៏ដោយ តែខ្ញុំដឹងច្បាស់ថាចិត្តខ្ញុំពេលនេះកំពុងតែពុះកញ្ជ្រោលចំពោះអ្វីដែលខ្ញុំបានស្តាប់លឺអំបាញ់មិញ ។ កោះខ្មែរ! ខ្ញុំក៏ជាខ្មែរម្នាក់ដែរ ខ្ញុំមិនអាចនៅស្ងៀមបានទៀតទេ ។ ខ្ញុំបម្រុងដើរចូលទៅក្នុងក្រុមមនុស្សទាំងនោះដើម្បីសួរនាំរេឿងរ៉ាវឲ្យកាន់តែដឹងច្បាស់ ស្រាប់តែមានដៃមួយមកកាន់ស្មាខ្ញុំជាប់ ខ្ញុំក្រលេកមើលហើយភ្ញាក់ផ្អើលសារជាថ្មី ។ លោកតា! នេះគឺលោកតាមែនទេ? ប៉ុន្តែហេតុអីបានជាខ្ញុំមកជួបលោកតានៅទីនេះទៅវិញ ក្រែងលោកតាបានទទួលមរណភាពច្រើនឆ្នាំហើយតើ?
មែនហើយនេះគឺជាលោកតារបស់ចៅហើយ (លោកតាឆ្លើយ) ។ តាបានស្លាប់ច្រើនឆ្នាំទៅហើយ ហើយកន្លែងដែលចៅកំពុងតែឈរនេះគឺជាពិភពមួយផ្សេងពីពិភពរបស់ចៅរស់នៅ ចៅមិនអាចដើរទៅមុខឆ្ងាយទៀតបានទេ ចៅអាចនឹងមិនបានត្រឡប់ទៅពិភពរបស់ចៅវិញបើចៅនៅតែមានះចង់ចូលទៅជួបពួកគេទៀត ។ ទីនោះគឺជាកោះត្រល់ ជាកោះរបស់ខ្មែរយើង ហើយអ្នកទាំងនោះគឺជាព្រលឹងរបស់អ្នកការពារកោះ ពួកគេត្រូវបានជនបរទេសសម្លាប់ក្នុងពេលដែលជនបរទេសទាំងនោះចូលមកកាន់កាប់កោះមួយនេះ ពួកគេត្រូវបានសម្លាប់ព្រោះតែក្រោកឈរប្រឆាំងនឹងការឈ្លានពាន ... ចៅអាចមកទីនេះបានព្រោះដោយសារវិញ្ញាណខ្មោចស្រីម្នាក់ដែលចៅបានឃើញសាកសពគេនៅឯមាត់សមុទ្ទនោះនាំចៅមក ។ ចៅជាមនុស្សដែលមាននិស្ស័យនឹងកោះត្រល់នេះ ទើបបានត្រូវវិញ្ញាណអ្នកការពារទាំងនោះនាំចៅមក តែចៅមិនអាចទៅជួបពួកគេបានទេ ព្រោះចៅគឺជាមនុស្សឯពួកគេគឺជាព្រលឹងខ្មោច ពេលវេលារបស់ចៅនៅមិនសល់ច្រើនទៀតឡើយ ចូរចៅត្រឡប់ទៅពិភពរបស់ចៅវិញទៅ តែចៅត្រូវចាំថាចៅមានភារកិច្ចមួយយ៉ាងសំខាន់ដែលត្រូវធ្វើ គឺ"ចៅត្រូវធ្វើការទាមទារតាមផ្លូវច្បាប់ដើម្បីយកកោះត្រល់ខ្មែរមកជូនមាតុភូមិវិញ" នោះជាអ្វីដែលព្រលឹងអ្នកការពារយើងចង់បាន ចូរចៅកុំភ្លេចឲ្យសោះនូវភារកិច្ចនេះ ។ 
ខ្ញុំមិនទាន់ទាំងបានឆ្លើយនឹងលោកតាផង ស្រាប់តែរូបកាយរបស់លោកតារលុបបាត់ពីមុខខ្ញុំមួយរំពេច ផ្សែងអព្ទដ៏ក្រាស់មកពីណាក៏មិនដឹងធ្វើឲ្យខ្ញុំមើលអ្វីមិនឃើញវង្វេងទិសមិនដឹងទីណាឲ្យប្រាកដសារជាថ្មី ។ មួយសន្ទុះក្រោយមកខ្ញុំបានលឹសំឡេងល្វើយៗរបស់មិត្តភក្តិខ្ញុំស្រែកហៅ "សម្លាញ់ភ្ញាក់ឡើង! នេះភ្លឺហើយណា តោះឆាប់ក្រោកឡើងងូតទឹកដុះធ្មេញចេញទៅនឹងអាលបានទៅភ្នំពេញវិញ យើងមកលេងសមុទ្ទបីថ្ងៃហើយបើមិនទៅរៀនវិញទេប្រាកដជាត្រូវប្រលងសងជាមិនខាន...។" 
ខ្ញុំភ្ញាក់ព្រើតសារជាថ្មីជាមួយនឹងសំឡេងរបស់មិត្តខ្ញុំ ខ្ញុំបើកភ្នែកឡើងឃើញពួកគេរៀបចំខ្លួនរួចរាល់ទៅហើយ ។ ខ្ញុំក្រោកអង្គុយហើយយកដៃអេះក្បាលញីសក់តែម្នាក់ឯងដោយការងេឿងឆ្ងល់ តើរេឿងរ៉ាវមុននេះជាការយល់សប្តិមែនទេ? បើជាការយល់សប្តិហេតុអីខ្ញុំមានអារម្មណ៍ថាដូចការពិតទៅវិញ ? ខ្ញុំឈរមុខកញ្ចក់ក្នុងបន្ទប់ទឹកសម្លឹងមើលមុខខ្លួនឯងហើយគិតថា ពេលខ្លះយល់សប្តិក៏អាចក្លាយជាការពិតបានដែរ ហើយខ្ញុំនេះក៏ប្រហែលជាទាយាទដែលមានតួនាទីយកកោះត្រល់មកវិញដែរក៏ថាបាន ។ 
បន្ទាប់ពីនោះមកពួកយើងក៏ធ្វើដំណើរមកភ្នំពេញវិញ ។ តាមផ្លូវខ្ញុំមិនសូវនិយាយអ្វីច្រើនដូចពេលដែលមកទេ ព្រោះខ្ញុំគិតជាប់ជានិច្ចនូវរេឿងដែលខ្ញុំបានជួបក្នុងពេលយល់សប្តិកាលពីយប់មិញនេះ ៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks