Thursday, October 23, 2014

សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

បពិត្រព្រះករុណាជា អម្ចាស់ជីវិតតម្កល់លើត្បូង ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងថ្ងៃនក្ខត្តឫក្សដ៏សែនមហាប្រសើរថ្លៃថ្លា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ គម្រប់ខួប១០ឆ្នាំរបស់ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ ( ២៩.តុលា.២០០៤-២៩.តុលា.២០១៤ ) ទូលព្រះបង្គំ សូមបួងសួងនឹកដល់គុណព្រះរតនត្រៃ គុណកែវទាំងបី អស់វត្ថុសក្ដិសិទ្ធិក្នុងលោក បារមីព្រះអង្គចេក ព្រះអង្គចម បារមីថែរក្សាទឹកអង្គរដ៏រុងរឿងនៃកម្ពុជរដ្ឋនៃយើង ជាពិសេស ព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរៈក្សត្រ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបរមរតនៈកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមព្រះអង្គឃាងចុះមកជួយអភិបាលឃុំគ្រង ប្រោសប្រទានព្រះពរជ័យ សិរីមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមព្រះអង្គ មានព្រះជន្មាយឺនយូរ ព្រះកាយពល និងកម្លាំងមាំមួន ព្រះសុខភាពល្អបរិបូរណ៌ ពោរពេញទៅដោយឫទ្ធីតេជៈបារមី សិរីសួស្ដី និងសុភមង្គលគ្រប់ពេលវេលា ដើម្បីរាជានិយម និងជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ និងដើម្បីរួមចំណែកកសាងជាតិ បម្រើជាតិឱ្យរីកចម្រើនជាដរាបតរៀងទៅ។
ជាទីអវសាន សូមព្រះករុណាជា អម្ចាស់ជីវិតតម្កល់លើត្បូង ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងជួបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតតម្កល់លើត្បូង ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ព្រះមេត្តាប្រោស ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតអំពីទូលព្រះបង្គំ។

សេចក្ដីគួរពុំគួរ សូមព្រះករុណាជា អម្ចាស់ជីវិតតម្កល់លើត្បូង ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះមេត្តាប្រោស និងព្រះរាជទានទោស៕

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៤
ដោយក្តីគោរពសក្ការៈអំពីទូលព្រះបង្គំ

Tuesday, October 21, 2014

អនិច្ចា!សម្តេចសង្ឃ ហួត តាត

អនិច្ចា!សម្តេចសង្ឃ ហួត តាត
¬¬¬¬¬¬¬
បទកាកគតិ
. សម្តេចហួតតាត          ​​         ព្រះកាយស្អាតបាត               ចរិយាសមរម្យ
    ​ វិជ្ជាខ្ពង់ខ្ពស់                         ​​​​​កេរឈ្មោះភិរម្យ                   ទំាងស្តេច លោកធំ  
                                              គោរពចេស្តា។
. ពេលអន្តរកប្ប                     ប៉ុលពតសម្លាប់                    មិនដឹងទីណា
     សិស្សគណសោកស្តាយ        អង្គុយសោកា                      ​រកទីមរណា  
                                              មិនឃើញសោះឡើយ។
.  ហេតុមានកម្មផល               អតីតមកផ្តល់                      ទាន់ជាតិនេះហើយ
       មិនអាចគេចផុត                អោយរួចសៈស្បើយ             កម្មតាមកៀកកើយ  
                                              ដល់កាយសម្តេច  ។
. អនិច្ចា!ម្លេះ                           វិជ្ជាចំណេះ                         ខ្ពង់ខ្ពស់សម្រេច
     ស្នាព្រះហស្ថច្រើន                ជួយសង្គមស្រេច                 ទុកក្បួនចែងចាត់
                                                អប់រំកូនខ្មែរ ។

តែផលចុងក្រោយ                សម្តេចទ្រង់សោយ              ទុក្ខកម្មឥតល្ហែ
     នេះឬលទ្ធផល                      អ្នកប្រាជ្ញសង្ឃខ្មែរ               ជួយជាតិរាស្រ្តខ្មែរ
                                                ផលបានជាទុក្ខ ។
អ្នកប្រាជ្ញទីទៃ                       សុគតមានន័យ                    គេរៀបចំទុក
      រៀបចំបុណ្យថ្វាយ                ឧទ្ទិសទំនុក                         ថ្វាយព្រះភ្លើងភ្លុក
                                                ឆ្លងបុណ្យរាប់យប់។
. តួយ៉ាងសម្តេច                      ល្វីឯមសង្ឃស្តេច                 ជួនណាតបណ្ឌិត
      និលទៀង អ៊ុម ស៊ូ                 សុគតន័យពិត                     កត្តិយសប្រណីត
                                                គេរៀបបុណ្យថ្វាយ ។
. កម្មអ្វី សម្តេច                         ហួត តាតបណ្ឌិត                 កម្មកើនកិតកាយ
     សុគតគ្មានន័យ                     គ្មានព្រះភ្លើងថ្វាយ               សមសក្តិសុះសាយ
                                                សមវិជ្ជាខ្ពស់ ។
សូមបុណ្យអក្ខរា                   កើតពីប៉ាកា                         ចាពីនាមឈ្មោះ
      សោកស្តាយសម្តេច             ហួត តាតរងគ្រោះ               ជូនបុណ្យចំពោះ
                                                សូមអោយផុតកម្ម ។
¬¬¬¬¬¬¬¬
បញ្ជាក់ៈ            ល្បៈទី១ ទី២ ទី៣   គឺនិពន្ធដោយព្រឹទ្ធាចារ្យអតីតសាស្រ្តាចារ្យ លី សុវីរ ដកស្រង់ចេញពីក្នុងសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ។  ចាប់ពីត្រឹមល្បៈទី៤  មកគឺនិពន្ធបន្ថែមដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង សុខវ៉ាន់ដា  ។       រាជធានីភ្នំពេញ , ថ្ងៃទី  ២២  ខែ  មេសា ឆ្នំា ២០១២  

                                                  និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

តើជាតិខ្មែរយើងរស់បានដល់ពេលណា?

តើជាតិខ្មែរយើងរស់បានដល់ពេលណា?
---------------------------------------------
 ១.  ស្មារតីជាតិនិយមខ្មែរខ្លាចស្លាប់          
ខ្លាចគេសម្លាប់តាមផ្តន្ទាខ្លួន
      ខ្លាចរស់មិនសុខ គេតាមរុកគួន        
  ឧត្តមគតិរួញគំនិតបាក់ស្បាត ។
 ២. បញ្ហាជាតិខ្មែរ ក្បែរជ្រោះមរណៈ      
  លុយឡានបុណ្យសក្តិព្រមទំាងអំណាច
      បក្សពួកអាងខ្នងប្រែតព្រាយបិសាច  
  កំពុងបន្លាច ប្រជាជាតិខ្មែរ  ។
 ៣. ឈ្លើងសង្គមរាលដាលពេញបន្ទុក   ​
   ជំនឿមិនទុកចិត្ត រវាងខ្មែរ
    ​  ភាពអយុត្តិធម៌កើតឡើងហូរហែ        
 បរទេសបង្វែរ មើលងាយជាតិយើង ។
 ៤.  ខ្មែរអើយចូលចំាបណ្តាំដូនតា        
    រឿងជាតិ សាសនា និងរាជបល្ល័ង្ក
      គឺបញ្ហារួមគ្នាសំខាន់ខ្លំាង                  
ត្រូវរួមកម្លំាង សាមគ្គីការពារ  ។
 ៥.  អ្វីៗជាខ្មែរត្រូវថែរក្សា                
     មរតកប្រាង្គប្រាដ៏មហិមា
      វប្បធម៌ ជាតិយើងដ៏ល្អសោភា        
   ត្រូវតែរួមគ្នា ការពារប្រយោជន៍ ។
---------------------------------------
     ភ្នំពេញ, ២១ តុលា ២០១៤      
និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

Saturday, October 18, 2014

ខ្ញុំបាទសង្ឃឹមថា បងប្អូនរួមឈាមខ្មែរ មេត្តា​គិត​និងពិចារណា សូមមេត្តាកុំជឿ តាមការញុះញ៉ុង ព្រមទាំងការបំបែកបំបាក់។ ជាតិយើងរស់ព្រោះ យើង​ចេះ​ការពារ ជាតិ​យើងវេទនា ព្រោះអ្នកមានលក់ឧត្តមគតិឲ្យជនផ្តាច់ការ និងបរទេសឈ្លាន ទឹកដី ។ ដោយសារអ្នកសិល្បះ​ខ្មែរ​ជំនាន់ដើម មានឆន្ទះ បំរើ ជាតិ អញ្ចឹងហើយទើបដឹងថា ហេតុអីក្នុងរបបប៉ុលពត ពួកនេះ សម្លាប់អ្នកសិល្បៈខ្មែរចោលស្ទើរតែ​អស់គ្មានសល់ម្នាក់ដូចជា៖ អធិរាជសម្លេងមាស និង រាជិនីសម្លេងមាស ដ៏ឆ្នើម ជាដើម។ល។

 ខ្ញុំបាទសង្ឃឹមថា បងប្អូនរួមឈាមខ្មែរ មេត្តា​គិត​និងពិចារណា
  សូមមេត្តាកុំជឿ តាមការញុះញ៉ុង ព្រមទាំងការបំបែកបំបាក់។
  ជាតិយើងរស់ព្រោះ      យើង​ចេះ​ការពារ    ជាតិ​យើងវេទនា
  ព្រោះអ្នកមានលក់ឧត្តមគតិឲ្យជនផ្តាច់ការ និងបរទេសឈ្លាន
  ទឹកដី ។ ដោយសារអ្នកសិល្បះ​ខ្មែរ​ជំនាន់ដើម មានឆន្ទះ បំរើ
  ជាតិ អញ្ចឹងហើយទើបដឹងថា ហេតុអីក្នុងរបបប៉ុលពត ពួកនេះ
  សម្លាប់អ្នកសិល្បៈខ្មែរចោលស្ទើរតែ​អស់គ្មានសល់ម្នាក់ដូចជា៖
  អធិរាជសម្លេងមាស  និង រាជិនីសម្លេងមាស ដ៏ឆ្នើម ជាដើម។ល។

កំណាព្យខ្មែរ៖ ប្រភព និយមន័យ និង សារប្រយោជន៍

កំណាព្យខ្មែរ៖ ប្រភព និយមន័យ និង សារប្រយោជន៍
| Updated on Wed 06 Nov, 2013 at 12:53 | 22525 views
កំណាព្យខ្មែរមានលក្ខណៈពិសេស ប្លែកពីកំណាព្យបរទេសភាគច្រើនត្រង់ថា កំណាព្យខ្មែរតែងគោរពបានទៅតាមរង្វាស់ព្យាង្គ ចួនរណ្តំ និង ការកំណត់ឃ្លាបានយ៉ាងត្រឹមត្រូវ និង មានរបៀបអាន ស្មូត្រ ឬច្រៀងបានច្រើនបែប ។
កំណាព្យខ្មែរ៖ ប្រភព និយមន័យ និង សារប្រយោជន៍
បើទោះណាជាកំណាព្យខ្មែរ មានអាយុកាលច្រើនជាងម្ភៃសតវត្សរ៍ មកហើយយ៉ាងណាក៏ដោយ ក៏ការឲ្យនិយមន័យ ការយល់ដឹងពីរបៀបតែង ឬការដឹងពីចំនួនបទ និង សារប្រយោជន៍នៃកំណាព្យ ក្នុងចំណោមពលរដ្ឋខ្មែរបច្ចុប្បន្ន ហាក់នៅមិនទាន់បានទូលំទូលាយនៅឡើយ ។ អាស្រ័យហេតុនេះហើយ បានជាទស្សនាវដ្តីមនោមរម្យព័ងអ៊ីនហ្វូ ថ្ងៃនេះ ចាប់ផ្តើមរៀបរៀងពី ប្រភព និយមន័យ និង សារប្រយោជន៍នៃកំណាព្យខ្មែរ ដើម្បីចែកជូនដល់ប្រិយមិត្ត គ្រាន់ធ្វើការពិចារណា ដូចខាងក្រោម៖
រូបអប្សារា រាំនិងលេងភ្លេង។
ក. និយមន័យ
១. លោក Carl Sandburg បានពន្យល់ ក្នុងសៀវភៅ កវីទស្សនៈ ចងក្រងដោយ ជ័យ សេន បោះពុម្ពឆ្នាំ ២០០៥ ថា៖ កំណាព្យ គឺជាការពន្យល់ពីជីវិតដែលរសាត់បាត់ទៅក្នុងជើងមេឃយ៉ាងរហ័សក្រៃលែង ហើយមិនអាចឲ្យយើង យកការពន្យល់ទាំងនេះមកអនុវត្តបាន ។
២.តាមសៀវភៅសិល្បៈ តែងកំណាព្យ រៀបរៀងដោយ លោក ពេជ្រ ទុំក្រវ៉ិល បោះពុម្ពឆ្នាំ ២០១១ លោកបានពន្យល់ថា៖ កំណាព្យ គឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួន ពីរោះរណ្តំ ណែងណង មានឃ្លា មានល្បះ និង មានកម្រិតចំនួន ព្យាង្គជាកំណត់...ចេញពីទឹកចិត្តរំភើប និង ធ្វើឲ្យអ្នកផងរំភើបជាមួយ។
៣. តាមសៀវភៅ ក្បួនកំណាព្យ រៀបរៀងដោយ លោកគ្រូមហា លីសេនផ្សាយចេញពីមន្ទីរវប្បធម៌ ឃោសនាការខេត្តឃ្លាំង បោះពុម្ពឆ្នាំ ១៩៩៦៖ បទកំណាព្យ គឺជាកម្រងពាក្យដែលមានការចាប់ចុងចួនពីរោះរណ្តំណែងណង មានឃ្លា មានល្បះ មានកម្រិតកំណត់ព្យាង្គតាមមេបទអាចបម្រើមនោសញ្ចេតនាមនុស្សឲ្យរំភើប សប្បាយរីករាយ និង សង្វេក អនិច្ចា និង ជាច្បាប់ទូន្មានប្រៀនប្រដៅផ្សេងៗ ។ល។
ទម្រង់សិល្បៈចម្រៀងទាំងអស់ត្រូវតែមានសិល្បៈកំណាព្យជាមេប្រធានគ្រប់តែបទ លះបង់កំណាព្យពុំបានសោះឡើយ ។
ខ. បំណកស្រាយពាក្យគន្លឹះមួយចំនួន៖
តើ កំណាព្យឃ្លោង (កាព្យឃ្លោង ឬកំណាព្យកាព្យឃ្លោង) ជាអ្វី? កំណាព្យកាព្យឃ្លោង គឺជាពា្យសម្រាប់ប្រើសម្គាល់ ឬ ចង្អុលបង្ហាញពីលក្ខណៈដ៏ល្អរបស់កំណាព្យខ្មែរ ដែលចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់កវី គឺថាកំណាព្យនោះទាំងរូបភាព ទាំងខ្លឹមសារមានសម្ផស្ស និង សោភ័ណ រណ្តំបត់បែន ឃ្លោងបញ្ឆិតបញ្ឆៀងមិនត្រង់ស្តូក ប៉ុន្តែមានន័យគ្រប់គ្រាន់ (ន័យត្រង់ ន័យបញ្ឆិតបញ្ឆៀង) ។
តើ កំណាព្យ និង កម្រងកែវ ខុសគ្នាយ៉ាងណា? កម្រងកែវ ជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួនទាក់ទង ពីរោះរណ្តំ ណែងណងដែរ ប៉ុន្តែមិនមានកម្រិតឃ្លា ឬល្បះ ឬក៏ចំនួនព្យាង្គជាកំណត់ទេ ។ គេប្រើកម្រងកែវសម្រាប់ពោលរឿងល្ខោនខ្មែរ ជាពិសេសល្ខោនស្បែក ។ រីឯធាតុសំខាន់ៗ របស់កំណាព្យរួមមាន៖
ព្យាង្គ៖ សម្លេងមួយម៉ាត់ៗនៅក្នុងកំណាព្យហៅថាព្យាង្គ ។
ឃ្លា៖ ព្យាង្គច្រើនរួមគ្នា បានជាឃ្លា ។
ល្បះ៖ ឃ្លាច្រើនរួមគ្នាមក ដោយមានខណ្ឌ ហៅថា ល្បះ ឬល្បះខណ្ឌ ។
ព្យាង្គ គឺសម្លេងចេញមកហើយ ទោះបានន័យក្តីមិនបានន័យក្តី ។
ពាក្យ គឺសម្លេងចេញមកម្តងក្តី ឬច្រើនដងក្តី មានន័យគ្រប់គ្រាន់ ។
ពាក្យ អាចមាន ១ព្យាង្គ ទៅ ៥ព្យាង្គ ឬច្រើនជាងនេះ ។
នៅក្នុងកំណាព្យគេចែកពាក្យជាពីរគឺ៖ ពាក្យពេចន៍ និង ពាក្យសម្ផស្ស ។
ពាក្យពេចន៍៖ គឺជាពាក្យសម្រាប់រំលេចន័យខ្លឹមសាររបស់អត្ថបទកំណាព្យឲ្យលេចធ្លោឡើង ឲ្យអត្ថបទនោះមានសោភ័ណខ្ពស់ ពោលគឺបង្កើតរូបបារម្មណ៍ និង បំផុសឲ្យដឹងច្បាស់ពីគំនិតរបស់អត្ថបទ ចង់និយាយយ៉ាងណាៗនោះ ។
ពាក្យសម្ផស្ស៖ គឺពាក្យគន្លឹះចួន ឬ ហៅថា ចំណាប់ចុងចួនដែលធ្វើឲ្យរូបភាព ឬ ទម្រង់នៃអត្ថបទកំណាព្យមាន សម្រស់ល្អឡើង ប្រកបដោយលក្ខណៈ ចួនរណ្តំ ។ ពាក្យសម្ផស្សចែកចេញជាពីរ គឺ ពាក្យសម្ផស្សក្នុង និង ពាក្យសម្ផស្សក្រៅ ។ ពាក្យសម្ផស្ស ក្នុង គឺសម្គាល់លើចំណាប់ចួន ផ្ទួនរណ្តំដែលស្ថិតក្នុងឃ្លាជាមួយគ្នា ។ ពាក្យសម្ផស្សក្រៅ គឺសម្គាល់ចំណាប់ចួន ផ្ទួនរណ្តំដែល ឆ្លងគ្នាពីឃ្លាមួយទៅឃ្លាមួយទៀត ឬ ពីល្បះមួយទៅល្បះមួយទៀត ។
សូរស័ព្ទ ឬ សូរសៀង ឬ សំនៀង នៅក្នុងកំណាព្យមានសារៈសំខាន់ណាស់ ព្រោះកំណាព្យដែលល្អ គឺកំណាព្យដែលមាន ចំណាប់អារម្មណ៍ចួន និង ផ្ទួនមានសូរសម្លេងដូចគ្នា ។ ពោលបើសំនៀងនោះចេញមកពីព្យញ្ជនៈឃោសៈ ខ្យល់គ្រលរ សម្លេង (អ៊) ត្រូវតែឲ្យចួនឃោសៈដែរ ។ បើសំនៀងចេញមកពីព្យញ្ជនៈអឃោសៈ សម្លេងតូចស្រួយ ខ្យល់ (អ) ត្រូវតែឲ្យ ចួន នឹងអឃោសៈដែរ ។ គេមិនត្រូវយកឃោសៈទៅចួននឹងអឃោសៈទេ ប៉ុន្តែតាមការសង្កេត បើព្យាង្គ ឬពាក្យទាំងឡាយ ណាដែលប្រើស្រៈ (ួ) ស្រៈ (ឿ) និង ស្រៈ (ៀ) នោះព្យញ្ជនៈឃោសៈនិងអឃោសៈអាចចួនគ្នាបាន ព្រោះមានសូរ សម្លេងដូចគ្នា ។ ឬអាចឆ្លងគ្នាបែបនេះក៏បានគឺ ឃោសៈស្រៈ (អ៊ា) ចួននឹងអឃោសនៈស្រៈ (ៀ) អាចនៅមានក្រៅពីនេះ ខ្លះទៀត តែសំខាន់ត្រូវតែមានសូរសម្លេងដូចគ្នា ។
រង្វាស់កាព្យ ឬ មាត្រាកាព្យ គឺចំនួនព្យាង្គ ជាកំណត់ក្នុងឃ្លានីមួយៗនិងចំនួនឃ្លាជាកំណត់ក្នុងល្បះនីមួយៗ ។ វាអាស្រ័យ ចំណាប់ចួនខុសគ្នា....កំណត់ព្យាង្គ និង ឃ្លាក្នុងល្បះខុសៗគ្នានេះហើយ ដែលនាំឲ្យរូបភាព (ទម្រង់) កំណាព្យទាំងឡាយ ខុសគ្នា និងមានឈ្មោះក៏ប្លែកៗគ្នាដែរ ។
ចង្វាក់៖ ក្នុងកំណាព្យ ចង្វាក់សម្គាល់ការលើក ឬ ដាក់សម្លេងដែលមានលក្ខណៈខុសៗគ្នាទៅតាមបទកំណាព្យនីមួយៗ ។ វាជួយសម្រួលដល់ការនិពន្ធ ការពោល ឬ ការស្មូត្រកំណាព្យ និង ជួយជម្រុញឲ្យកំណាព្យមានលក្ខណៈពីរោះរណ្តំជាតន្ត្រី ។ បទពាក្យ ៤ (មានន័យថា បទព្យាង្គបួន ឬ បទមេបួន) ។
គ. ក្រិតក្រមចំណាប់ចួននៃកំណាព្យខ្មែរ៖
កំណាព្យត្រូវរក្សាចំណាប់ចួនតាំងពីល្បះទីមួយរហូតដល់ល្បះបញ្ចប់ គេមិនត្រូវធ្វើឲ្យភ្លាត់ ឬក៏ដាច់ចួននៅដំណាក់ ណា មួយឡើយ ។
ឃ. សញ្ញាសម្គាល់ដល់ការពិនិត្យចំណាប់ចុងចួន៖
នៅក្នុងកំណាព្យ ត្មែងអាចប្រើសញ្ញាសម្គាល់ដល់ការពិនិត្យចំណាប់ចុងចួនបានច្រើនយ៉ាង ប៉ុន្តែសញ្ញាដែលគេនិយមប្រើ ជាងគេគឺ លេខ ឬសញ្ញាពងត្រី ។
ខ្សែកោង ឬខ្នាត់មួយកំណាត់(អង្កត់១) សម្គាល់រណ្តំ៖ ព្យញ្ជនៈដូចគ្នា (កល កិច្ច....)
ធ្មេញរនាស់កែងពីរ ឬខ្នាត់ពីរកំណាត់ (អង្កត់២)សម្ពាល់ចួន៖ ប្រកបដូច (មិត្ត ពិត...)
ធ្មេញរនាស់ទ្រេតពីរ ឬខ្នាត់បីកំណាត់ (អង្កត់៣)សម្គាល់ព្យញ្ជនៈ បូកនឹងស្រៈប្រកបដូចគ្នា៖ ព្យាង្គដដែល(ម៉ែត្រ ...ម៉ែត្រ..)
ង. ផលប្រយោជន៍កំណាព្យ៖
តើបុព្វបុរសខ្មែរបានបង្កើតកំណាព្យឡើងក្នុងគោលបំណងអ្វីខ្លះ?
កំណាព្យ មិនត្រឹមតែបម្រើឲ្យមនោសញ្ចេតនាមួយប៉ុណ្ណោះទេ ផ្ទុយមកវិញ កំណាព្យថែមទាំងអាចបម្រើបាន ស្ទើរតែគ្រប់ មនោសញ្ចេតនារបស់មនុស្ស ដូចជារំភើបសប្បាយ កំសត់ ពិពណ៌នានិរាសព្រាត់ប្រាស់ កំហឹង ទូន្មានប្រៀនប្រដៅ សង្វេគ អនិច្ចា ...។ល។ ជាវិធីសាស្ត្រអប់រំបែបបុរាណរបស់ដូនតាខ្មែរដែលយករូបភាព ពីរោះត្រចៀក ជាមធ្យោបាយ ដើម្បីងាយ ស្រួលបញ្ចូលខ្លឹមសារនៃការអប់រំទូន្មានទាំងឡាយ ដែលលោកចង់បានឲ្យដក់ជាប់ ចាំជានិច្ចក្នុងសតិអារម្មណ៍ កុលបុត្រ កុលធីតារបស់ខ្លួន ។
ច. បម្រើបម្រាស់កំណាព្យខ្មែរ៖
កំណាព្យបានជះឥទ្ធិពលនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត ជាមួយនឹងទម្រង់សិល្បៈដទៃទៀតរបស់ខ្មែរ ជាពិសេស ទំនុកច្រៀងនៃវង់ភ្លេងប្រពៃណី ។ ទម្រង់សិល្បៈដែលមានប្រើប្រាស់កំណាព្យជាទំនុកច្រៀងមានដូចជា៖ ភ្លេងអារក្ស ភ្លេងប្រពៃណី(ភ្លេងការ) របាំប្រពៃណី របាំបុរាណ ល្ខោនខោល ល្ខោនស្រមោល (ស្បែកធំ-ស្បែកតូច) ល្ខោនខោល (ល្ខោនពាក់មុខ) យីកេ អាប៉េ ល្ខោនមហោរី ល្ខោនបាសាក់ អាយ៉ៃ ចាប៉ី ឆៃយ៉ាំ ....។ល។ វាមានឥទ្ធិពលធំធេងណាស់ ក្នុងសង្គមខ្មែរ។ កំណាព្យខ្មែរអាចរស់និងបំពេញតួនាទីដោយឯកឯងខាងការស្មូត្រ ។ កំណាព្យមួយបទៗ មានរបៀបស្មូត្រ អាន និង ច្រៀងច្រើនបែប ។
តាមរយៈកំណាព្យ គេក៏អាចដឹងពីភាពវ័យចំណាស់នៃទម្រង់សិល្បៈខ្មែរដទៃទៀតដែរ ។
ឆ. ប្រវត្តិកំណាព្យខ្មែរ
កំណាព្យខ្មែរកើតមានស្រករគ្នានឹងបទភ្លេង និង ទំនុកច្រៀងវង់ភ្លេងអារក្សដែរ ។ កំណាព្យ ត្រូវបានអ្នកស្រាវជ្រាវខ្មែរ សន្និដ្ឋានថា មានដើមកំណើតតាំងពី ៣០៩ មុនគ.ស ហើយដែលក្នុងនោះ បទមេបួនមានដើមកំណើតមុនគេបង្អស់។
តាមយោបល់កវីនិពន្ធល្បីល្បាញមួយចំនួនលោកបានសន្និដ្ឋានថា កំណាព្យខ្មែរមានលក្ខណៈពិសេស ប្លែកពីកំណាព្យ បរទេសភាគច្រើនត្រង់ថា កំណាព្យខ្មែរតែងគោរពបានទៅតាមរង្វាស់ព្យាង្គ ចួនរណ្តំ និង ការកំណត់ឃ្លាបានយ៉ាងត្រឹមត្រូវ និង មានរបៀបអាន ស្មូត្រ ឬច្រៀងបានច្រើនបែប ។ មិនតែប៉ុណ្ណោះបទពីរោះ ដែលខ្មែរបានបង្កើតក៏មានច្រើនទៅទៀត ។ បទកំណាព្យដែលខ្មែរធ្លាប់មាន គឺស្ទើរតែជាងរយបទឯណោះ ។ ប៉ុន្តែដោយសារសង្គ្រាម និង ការឈ្លានពានពីប្រទេស ជិតខាងមួយចំនួន ក្បួនច្បាប់ភាគខ្លះក៏ត្រូវបានបាត់បង់ និង ស្វែងរកវិញមិនទាន់ឃើញ ។
បើទោះជាយ៉ាងនេះក្តី ក៏ខ្មែរនៅសេសសល់ និង បានរកឃើញរបៀបសរសេរកំណាព្យចំនួន ៦៨បទ ដែរ ដែលយើងខ្ញុំនឹង រៀបរាប់ជូន ដូចខាងក្រោម៖
១. បទមណ្ទោកគតិ
២. បទមណ្ទោកគតិពិសេស
៣. បទកាកគតិ
៤. បទកាកគតិផ្ទួនរណ្តំ
៥. បទកាកគតិផ្ទួនពាក្យ
៦. បទព្រហ្មគិតិ
៧. បទព្រហ្មគិតិពិសេស
៨. បទភុជង្គលីលា
៩. បទភុជង្គលីលាពិសេស
១០. បទពំនោល
១១. បទពំនោលពិសេស
១២. បទពាក្យ៤
១៣. បទពាក្យ៦ធម្មតា
១៤. បទពាក្យ៦ ពិសេសទី១
១៥. បទពាក្យ៦ ពិសេសទី២
១៦. បទពាក្យ៦ (បទកង្កែបលោតលើគោក)
១៧. បទពាក្យ៧ធម្មតា
១៨. បទពាក្យ៧(បទវិវិធមាលី)
១៩. បទពាក្យ៧(បទអក្សរលូន)
២០. បទពាក្យ៧(សត្វកាងស្លាប)
២១. បទពាក្យ៧(បទនមោ)
២២. បទពាក្យ៧(បទ ក ខ)
២៣. បទពាក្យ៧(បទគោព័ទ្ធស្នឹង)
២៤. បទពាក្យ៧(នាគកៀវក្រវាត់)
២៥. បទពាក្យ៧(បទអើយរ៉ា)
២៦. បទពាក្យ៧(បទចក្រវាឡ)
២៧. បទពាក្យ៧(បទកង្កែបលោតកណ្តាលស្រះ)
២៨. បទពាក្យ៧ (បទមករខ្ជាក់កែវ)
២៩. បទពាក្យ៧(បទយត្តិភង្គ)
៣០. បទពាក្យ៧(បទពស់លេបកន្ទុយ)
៣១. បទពាក្យ៧ (បទថយក្រោយចូលព្រែក)
៣២. បទពាក្យ ៧ (សុក្រទិនវិសាល)
៣៣. បទពាក្យ៧ (បទសោរទិនវិសាល)
៣៤. បទពាក្យ៧ (បទនាគបរិព័ទ្ធ) ៣៥. បទពាក្យ៨ ធម្មតា
៣៦. បទពាក្យ៨ ពិសេស
៣៧. បទពាក្យ៨ (បដ្យាវត្តបុរាណ)
៣៨. បទពាក្យ៨ (បដ្យាវត្តបែបបាលី)
៣៩. បទពាក្យ៨ (បទត្រីពិធព័ន្ធ)
៤០. បទពាក្យ៨
៤១. (ត្រីពិធព័ន្ធបែបថ្មី)
៤២. បទពាក្យ៨(បទអក្សរសង្វាស)
៤៣. បទពាក្យ៨ (បទរម៉ាំងដើរព្រៃ)
៤៤. បទពាក្យ៨(បទឆ័ត្របីជាន់)
៤៥. បទពាក្យ៨(នាគរាជប្លែងឫទ្ធិ)
៤៦. បទពាក្យ៨(បទនាគបរិព័ទ្ធ)
៤៧. បទពាក្យ៩ ធម្មតា
៤៨. បទពាក្យ ៩ (សិង្ហលេងកន្ទុយ)
៤៩. បទពាក្យ៩ (បទកង្កែបលោតស្ទាក់ពេជ្រ)
៥០. បទពាក្យ៩ (បទរលកខ្ទប់ច្រាំង)
៥១. បទពាក្យ៩ (បទរលកខ្ទប់ច្រាំងចួនរណ្តំ)
៥២. បទពាក្យ៩ (បទសឡាបលូន)
៥៣. បទពាក្យ៩ (ព្រះច័ន្ទបាំងឆ័ត្រ)
៥៤. បទពាក្យ៩ (បទសារថី ទាញរថ)
៥៥. បទពាក្យ៩ (បទកង្កែបលោតផ្ទាត់ខ្ចៅ)
៥៦. បទពាក្យ៩(បទផ្កាឈូករីក)
៥៧. បទពាក្យ៩(បទរលកយោលយាវ)
៥៨. បទពាក្យ៩(បទនាគបរិព័ទ្ធ)
៥៩. បទពាក្យ១០ ធម្មតា
៦០. បទពាក្យ១០(បទវង្សវិចិត្រ)
៦១. បទពាក្យ១០(បទ សប៉ាត់សប៉ឹង)
៦២. បទពាក្យ១០(បទត្រឡាចឡើងទ្រើង)
៦៣. បទពាក្យ១១ ធម្មតា
៦៤. បទពាក្យ១១(បទសហរ៉ា)
៦៥. បទពាក្យ១១(បទសហរ៉ាបែបថ្មី)
៦៦. បទពាក្យ១២ ធម្មតា
៦៧. បទឆ អ័ស្ត (៦ - ៨)
៦៨. បទអ័ស្ត_ស័ប្ត (៨-៧)។
ជ. ដើម្បីរៀនតែងកំណាព្យខ្មែរឲ្យបានល្អ
ដើម្បីតែងកំណាព្យខ្មែរឲ្យបានល្អ ត្មែងគួរមានចំណេះដឹងជាមូលដ្ឋានដូចខាងក្រោម៖
ចំណេះដឹងខាងអក្សរសាស្ត្រខ្មែរ៖ ស្គាល់ពី អក្ខរក្រមខ្មែរ (ស្គាល់ពីព្យញ្ជនៈ ស្រៈនិស្ស័យ ស្រៈពេញតួ វណ្ណយុត្តិ មូលភេទ អ អ៊ វិធីបង្កើតពាក្យ វិធីបញ្ចេញសូរសម្លេង ក្បួនវេយ្យាករណ៍...) ។
ការយល់ពីក្បួនច្បាប់នៃការតាក់តែងកំណាព្យតាមបទនីមួយៗបានច្បាស់លាស់(បទកំណាព្យទាំង ៦៤) ឬបទណា មួយដែលខ្លួនចង់តែង ។
របៀបនៃការប្រើប្រាស់កំណាព្យក្នុងអក្សរសិល្ប៍ខ្មែរ ។
ការយល់ពីពាក្យគន្លឹះមួយចំនួនដែលទាក់ទងនឹងកំណាព្យដូចជា៖ កំណាព្យ កាព្យឃ្លោង ចំណាប់ចួន ព្យាង្គ ពាក្យ ឃ្លា ប្រយោគ ឬល្បៈ ចម្រៀង សុភាសិត ពាក្យបណ្តៅ ប្រស្នា រឿង បទ កម្រងកែវ សូរស័ព្ទ ឬសូរសៀង រង្វាស់កាព្យ ...។
មានចំណេះដឹងច្រើនលើកិច្ចការសង្គមវិជ្ជា ចិត្តវិទ្យា ទស្សនវិជ្ជា អក្សរសិល្ប៍ និង សិល្បៈមួយចំនួនទៀត ។
ការមានពិសោធន៍ច្រើនខាង (ការអានសៀវភៅ ការស្រាវជ្រាវ ការចងក្រង ឬសរសេរអត្ថបទពាក្យរាយ ការពិនិត្យ សង្កេតរឿងធម្មជាតិ និងសង្គម គំនិតបង្កើតថ្មី ខាងការរៀន និង បង្រៀន....)។
ការមានសណ្តានចិត្តទូលាយ ចូលចិត្តនិយាយប្រាប់រឿងអ្វីមួយដល់អ្នកដទៃតាមរយៈពាក្យកាព្យ ។
ជាមនុស្សដែលចូលចិត្តខាងការអប់រំ ការចែករំលែក និង មនុស្សធម៌ ....។
ការចូលចិត្តសេពគប់នឹងកវីនិពន្ធផ្សេងៗទៀត ។
ញ. គោលបំណងនៃការចងក្រង៖
រក្សានិងពង្រីកនូវវប្បធម៌ អក្សរសិល្ប៍ខ្មែរ ទុកជាមត៌កតទៅ ។
ទុកជាមេរៀន សម្រាប់ឲ្យកូនចៅជំនាន់ខ្មែរជំនាន់ក្រោយបានរៀនសូត្រ ចេះតែងនិពន្ធជាអត្ថបទកំណាព្យ បម្រើដល់ ជីវភាពសង្គមប្រទេសជាតិ ។
បង្កភាពងាយស្រួលដល់អ្នកស្រាវជ្រាវទាំងឡាយ ។
រំលេចនូវសោភ័ណភាព និង តម្លៃកំណាព្យខ្មែរឲ្យបានកាន់តែខ្ពស់ថែមទៀត។ នាំឆ្ពោះទៅរកការឯកភាពរួមគ្នា ខាង អក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ ។
បណ្តុះស្មារតីស្រលាញ់កំណាព្យ អក្សរសាស្ត្រ អក្សរសិល្ប៍ និង វប្បធម៌ខ្មែរថែមទៀតក្នុងជួរមហាជនខ្មែរ ។
ចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរឲ្យប្រជាជនក្នុងសកលលោកបានស្គាល់ ។
---------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ០២ កញ្ញា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
ឯកសារយោង៖
សៀវភៅសិល្បៈ តែងកំណាព្យ រៀបរៀងដោយ លោក ពេជ្រ ទុំក្រវ៉ិល បោះពុម្ពឆ្នាំ ២០១១
សៀវភៅ កវីទស្សនៈ ចងក្រងដោយ ជ័យ សេន បោះពុម្ពឆ្នាំ ២០០៥
ក្បួនកំណាព្យ រៀបរៀងដោយ លោកគ្រូមហា លីសេនផ្សាយចេញពីមន្ទីរវប្បធម៌ ឃោសនាការខេត្តឃ្លាំង បោះពុម្ពឆ្នាំ ១៩៩៦
សៀវភៅ ជ័យលាភីរង្វាន់អក្សរសិល្ប៍នូហាច
សៀវភៅ អរិយធម៌ខ្មែរថ្នាក់បញ្ចប់ របស់អ្នកស្រី ត្រឹង ងា
សៀវភៅអក្សរសិល្ប៍ខ្មែរ ដោយ វ៉ាន់ឌី កាអុន
សៀវភៅ សិក្សាស្វែងយល់ពីអក្សរសាស្ត្រខ្មែរ ដោយ ហ៊ុន គឹមសៀ
សៀវភៅ អក្សរសាស្ត្រខ្មែរ ដោយ លី ធាមតេង
សៀវភៅ តែងកំណាព្យខ្មែរ ដោយ តឿម សុភ័ស្ត
សៀវភៅ ស្មារតីខ្មែរ ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ និង លោក នភ ហង្ស ផលា
សៀវភៅ វិញ្ញាសាវិញ្ញាណ ១០ ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍
សៀវភៅកំណាព្យ រុក្ខជាតិឱសថ ដោយ ឌឹម ដន
សៀវភៅ ចំរៀង ចង្រិតដែក ដោយ ពេជ្រ ទុំក្រវ៉ិល
សៀវភៅ កំណាព្យ ពីនេះ ពីនោះ ដោយ ជ័យ ចាប

ការ​បាត់​បង់​«កោះ​ត្រល់» ជា​កំហុស​រដ្ឋាភិបាល ហ៊ុន សែន?

ការបាត់បង់«កោះត្រល់» ជាកំហុសរដ្ឋាភិបាល ហ៊ុន សែន?

ដោយ អ៊ុម វ៉ារី (ទាក់ទង៖ vary@monoroom.info) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៤ | Updated on Tue 10 Jun, 2014 at 13:59 | 585 views

ស្ថានការនយោបាយកំពុងបាញ់ឆ្ពោះទៅការវែកញែក ស្វែងរកភាពខុសនិងត្រូវ នៃការធ្វើឲ្យបាត់បង់«កោះត្រល់» ដែលនៅជិតនឹងកម្ពុជាជាង តែបែរជាស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ បើធាតុពិតនៃកោះត្រល់នេះ ជារបស់កម្ពុជា តើអ្នកណាប្រគល់ទឹកដីមួយនេះ ទៅឲ្យវៀតណាមគ្រប់គ្រង? តើកោះត្រល់មួយនេះ អាចទាញដាក់ឲ្យស្ថិតក្រោមគ្រប់គ្រង ដោយកម្ពុជាវិញបានឬដែរទេ?។

ការបាត់បង់«កោះត្រល់» ជាកំហុសរដ្ឋាភិបាល ហ៊ុន សែន?ស្ថានការនយោបាយកំពុងបាញ់ឆ្ពោះទៅការវែកញែក ស្វែងរកភាពខុសនិងត្រូវ នៃការធ្វើឲ្យបាត់បង់«កោះត្រល់» ដែលនៅជិតនឹងកម្ពុជាជាង តែបែរជាស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ បើធាតុពិតនៃកោះត្រល់នេះ ជារបស់កម្ពុជា តើអ្នកណាប្រគល់ទឹកដីមួយនេះ ទៅឲ្យវៀតណាមគ្រប់គ្រង? តើកោះត្រល់មួយនេះ អាចទាញដាក់ឲ្យស្ថិតក្រោមគ្រប់គ្រង ដោយកម្ពុជាវិញបានឬដែរទេ?។

ឆ្នេរនៅលើកោះត្រល់។ (រូបថត ឯកសារ)

កោះត្រល់កម្ពុជា - លោក ហ៊ុន សែន មិនបានតុលាការកម្ពុជាចោទប្រកាន់ពី«ទោសក្បត់ជាតិ» ឬដាក់ឲ្យជាប់ទោសមួយជីវិត ព្រោះតែលោកបាន«ចុះ»ហត្ថលេខាប្រគល់កោះត្រល់ ឲ្យទៅប្រទេសវៀតណាមគ្រប់គងនោះទេ។ នេះជាការបញ្ជាក់របស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ នៅមុខសាលាឧទ្ធរណ៍ក្នុងពេលថ្មីៗ នេះកន្លងមក។

ប៉ុន្តែជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ ប្រធានក្រុមយុវជនខ្មែររូបនេះ បានត្រឡប់ទៅធ្វើការក្រើនរំលឹក និងជំរុញដល់សាលាឧទ្ធរណ៍ ឲ្យប្រញាប់លើករឿងលោកប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកចាត់ការឲ្យបានឆាប់។ លោក នាង សុឃុន បានដាក់ពាក្យបណ្ដឹងប្ដឹងឧទ្ធរណ៍មួយ ទៅកាន់សាលាក្តីនេះ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ប្ដឹងលោក ហ៊ុន សែន ពីបទ«ក្បត់ជាតិ» ក្នុងករណីកោះត្រល់។ ការតស៊ូបន្តពាក្យបណ្តឹងឧទ្ធរណ៍ របស់យុវជនរូបនេះ បានធ្វើឡើង បន្ទាប់ពីបណ្ដឹងដើមរបស់លោកក្នុងករណីដដែល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ តំកល់ទុកឥតចាត់ការ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤កន្លងមក។

យុវជនរូបនេះ ធ្លាប់បានបញ្ជាក់ចំណុចមួយនៃលិខិតលោក ព្រេវីយេ ដែលលោកនាយករដ្ឋមន្រ្តីមិនបានអានត្រង់ឃ្លានេះ។ លោក នាង សុឃុន បានបកស្រាយថា៖ «នេះគ្រាន់តែជាការបែងចែក ក្នុងការគ្រប់គ្រងរដ្ឋបាលនិងប៉ូលីស តែប៉ុណ្ណោះ ឯចំណែកបញ្ហាបូរណៈភាព ដែនដីនៃកោះទាំងនោះវិញ ត្រូវរក្សាទុកនៅដដែល។»

ការលើកឡើងរបស់ យុវជន នាង សុឃុន ខាងលើនេះ ទំនងជាចង់ឆ្លើយតប នឹងការបំភ្លឺរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងរដ្ឋសភាជាតិ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២កន្លងមក ដែលអះអាងថារការបាត់បង់កោះត្រល់នេះ តាំងពីឆ្នាំ១៩៣៩ មក ព្រោះកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។ លោក ហ៊ុន សែន បានដាក់កំហុស ទៅលោក ប្រេវីយេ ជនជាតិបារាំង ជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន ថាបានកាត់កោះនោះឲ្យទៅវៀតណាម។

ប៉ុន្តែករណីកោះត្រល់នេះ ធ្លាប់ត្រូវបានប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បកស្រាយថា បានបាត់បង់ ក្នុងជំនាន់គ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយយោងតាមសៀវភៅភូមិវិទ្យាថ្នាក់ទី៧ បោះពុម្ភក្នុងឆ្នាំ១៩៨៣ តាមរយៈសន្ធិសញ្ញាទាំងឡាយ ដែលបានចុះហត្ថលេខាជាមួយវៀតណាម។

បន្ថែមពីលើនេះ ទំព័រនៃសៀវទៅភូមិវិទ្យាថ្នាក់ទី៧ ដែលទាក់ទងនឹងកោះត្រល់នេះដដែល ត្រូវបានអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យកមកដាក់ផ្សាយ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញនេះ ដោយមានសរសេរភ្ជាប់មកជាមួយថា៖ «កោះត្រល់បានបាត់ទៅហើយ ដោយសារការដឹកនាំរបស់លោក ហ៊ុន សែន ហើយគ្មានថ្នាក់ដឹកនាំជាតិណាម្នាក់ បានប្រគល់កោះត្រល់ទៅឲ្យយួន ដូចការអះអាងរបស់លោក ហ៊ុន សែន ឡើយ»។ លោក កឹម សុខា បានសរសេរនៅលើទំព័រនោះទៀតថា៖ «បញ្ហាកោះត្រល់ បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាចនឹងប្ដឹងទាមទារយកមកវិញបាន»។

ជាការឆ្លើយតបនឹងការចោទប្រកាន់នានាខាងលើ ឯកសារជូនដំណឹងមួយ ត្រូវបានគេហទំព័ររបស់រដ្ឋសភាជាតិ ដាក់ផ្សាយ បញ្ជាក់ពីការបដិសេធចោល ទាក់នឹងបញ្ហាបាត់បង់កោះត្រល់ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន និងអនុម័ត្រឯកភាពយល់ព្រម ដោយរដ្ឋសភានេះខ្លួនឯងកន្លងមក។ សេចក្ដីជូនដំណឹង ដែលមានចុះហត្ថលេខា នៅថ្ងៃទី០៩ ខែមិថុនា ដោយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ឈាង វុន ទៅកាន់អ្នកសារព័ត៌មានជាតិ អន្តរជាតិ ដោយស្នើឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយមួយចំនួន ដែលបានគិតថា នឹងអាចដណ្តើមយក«កោះត្រល់»មកវិញបាននោះ ឲ្យធ្វើការពិចារណាពីរបបគ្រប់គ្រងរបស់ប៉ុល ពត ដែលបានកាន់អំណាចក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨នោះ។

សេចក្ដីជូនដំណឹងសរសេរថា៖ «ការដោះស្រាយតាមកម្លាំងនៅពេលនោះ បានបញ្ជាក់ច្បាស់នៅក្នុងអត្ថបទនៃព្រឹត្តិបត្រ ស្វែងរកការពិត ផ្នែកប្រវត្តិសាស្ត្រ និងការស្រាវជ្រាវលេខ១៥៥ ខែវិច្ឆិកា ឆ្នាំ២០១២។ (...) បាត់បង់ទឹកដីនៃ មាតុភូមិ គឺយើងទាំងអស់គ្នាមានការឈឺចាប់ណាស់ តែជំរុញឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាខ្លោចផ្សារថែមទៀត គឺចាំបាច់ត្រូវជៀសវាង»។

ទាក់ទងនឹងការលើកឡើងពីបញ្ហាទឹកដី របស់មេដឹកនាំគណបក្សសង្គ្រោះជាតិកន្លងមក ត្រូវបានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក កែម រ៉េមី កាលពីថ្ងៃទី៦ ខែមិថុនានេះ ចាត់ទុកថា ជានយោបាយដើរឃោសនាមួលបង្កាច់ គ្មានការពិត ចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹថរឿងបោះបង្គោលព្រំដែន រឿងទឹកដីខ្មែរកម្ពុជាក្រោម និងរឿងកោះត្រល់ជាដើម។ លោក កែម រ៉េមី ដែលធ្លាប់រត់ចេញពីគណបក្ស សម រង្ស៊ី ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះ បានថ្លែងបញ្ជាក់ថា៖ «ព្រះករុណា ព្រះបិតា អតីតព្រះមហាក្សត្រ លោកបានយកផែនទីរបស់យើងមួយលើមួយរយពាន់ យកទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីឲ្យគេទទួលស្គាល់ ឲ្យគេថែរក្សាទឹកដីរបស់យើងប៉ុណ្ណឹង កុំឲ្យបាត់បង់តទៅទៀត។ (...) អញ្ចឹងការទាមទារយកដីកម្ពុជាក្រោម កោះត្រល់អីហ្នឹង គឺចប់សព្វគ្រប់។»

អ្នកសិក្សាអំពីបញ្ហាព្រំដែនសមុទ្រ និងបណ្ឌិតច្បាប់ថា ផ្អែកតាមប្រវត្តិសាស្ត្រ និងច្បាប់សមុទ្រឆ្នាំ១៩៨២ កោះត្រល់ត្រូវស្ថិតក្នុង«អធិបតីភាពរបស់កម្ពុជា»។ មានចំងាយត្រឹមតែ ១៦គីឡូម៉ែត្រពីប្រទេសកម្ពុជា តែឆ្ងាយដល់ទៅជាង៤០គីឡូម៉ែត្រ ពីប្រទេសវៀតណាម កោះត្រល់នេះមានទីតាំងនៅក្នុងដែនទឹកសមុទ្រកម្ពុជា និងមានទំហំប្រហាក់ប្រហែល នឹងប្រទេសសិង្ហបុរីទាំងមូល។ បច្ចុប្បន្ន កោះត្រល់ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម និងបានផ្លាស់ប្តូឈ្មោះជាភាសាវៀតណាមថា «កោះភូកុក»។

អ្នកស្រាវជ្រាវបញ្ហាព្រំដែនសមុទ្រមួយរូប លោក ហុង សុខហូ ធ្លាប់បានអះអាងថា លោកប្រេវីយេ បានបញ្ជាក់ក្នុងផ្នែកខាងក្រោមនៃលិខិតរបស់លោកថា «កោះត្រល់ជាកោះរបស់ខ្មែរ នៅតែជាកោះរបស់ខ្មែរដដែល»។ លោក ប្រេវីយេ បានគូសខ្សែបន្ទាត់បែងចែកដែនទឹករវាងកម្ពុជា និងកូសាំងស៊ីនក្នុងឆ្នាំ១៩៣៩ ដោយដាក់កោះទាំងឡាយ ដែលនៅខាងត្បូងបន្ទាត់ប្រេវីយេ១៤០អង្សារ នៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់កូសាំងស៊ីន។ តាមរយៈនេះ លោក ប្រេវីយេ ក៏បានប្រើពាក្យថា«អនិស្សរៈភាព» ដែលខុសពីពាក្យ«ឯករាជ្យភាព»។ «បើកោះត្រល់បានទៅវៀតណាម តាំងពីឆ្នាំ១៩៣៩នោះ ម្ល៉េះ វៀតណាម មិនចាំបាច់មកចុះហត្ថលេខាជាមួយលោកហ៊ុន សែន ឆ្នាំ១៩៨២ ទៀតនោះទេ។»

ទំព័រហ្វេសប៊ូកផ្លូវការរបស់លោក សម រង្ស៊ី ចុះថ្ងៃទី៩ ខែមិថុនានេះវិញ បានសរសេរចាត់ទុករដ្ឋាភិបាល ដែលគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨២ ថាជារដ្ឋាភិបាលមួយ«ខុសច្បាប់»។ មេដឹកនាំគណបក្សប្រឆាំង បានសរសេរបន្តថា ក្នុងឆ្នាំ១៩៨២ កម្ពុជាពេលនោះ បានចុះសន្ធិសញ្ញាជាមួយប្រទេសវៀតណាម ធ្វើឲ្យបាត់បង់នូវដែនសមុទ្រមួយផ្នែកធំនៃប្រទេសកម្ពុជា។ «បើប្រទេសកម្ពុជាសព្វថ្ងៃ យល់ព្រមឲ្យអនុវត្តសន្ធិសញ្ញានេះ (១៩៨២) មានន័យថា ប្រទេសយើង នឹងបាត់បង់ដែនសមុទ្រទំហំបីម៉ឺន គីឡូម៉ែត្រក្រឡា ដែលនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃប្រទេសថៃ ហើយនឹងបាត់បង់បីម៉ឺន គីឡូម៉ែត្រក្រឡាទៀត ដែលនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃប្រទេសវៀតណាម។»

ចំណែកឯបទអន្ដរាគមន៍ របស់រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីលោក សុខ អាន ដែលចេញផ្សាយដោយ អង្គភាពប្រតិកម្មរហ័ស ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ស្ដីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាមបានសរសេរយ៉ាងដូចនេះថា «ដូច្នេះផែនទីឆ្នាំ១៩៣៩ នោះ គ្រាន់តែគូសបញ្ជាក់ពីការគ្រប់គ្រងផ្នែករដ្ឋបាល និងផ្នែកប៉ូលីសលើកោះក្នុងឈូងសមុទ្រសៀម ប្រគល់ទៅឱ្យ ហាទៀង គឺប្រគល់ទៅឱ្យកូសាំងស៊ីន។ ឆ្នាំ ១៩៤៩ សភាសហព័ន្ធរបស់បារាំងដែលគ្រប់គ្រងដែនដីឯនាយសមុទ្រនោះ គឺគេប្រជុំសម្រេចថា តើប្រគល់កូសាំងស៊ីន ឱ្យវៀតណាម ឬត្រូវឱ្យកម្ពុជា ។ នៅពេលនោះតំណាងកម្ពុជា គឺព្រះអង្គម្ចាស់ យុគន្ធរ ពីងពាង ជាអ្នកដែលធ្លាប់មានការតស៊ូប្រឆាំងបារាំងដែរ គាត់មិនហ៊ានបោះឆ្នោត ថាកូសាំងស៊ីនជាដីរបស់ខ្មែរទេ គាត់បែរជាបោះឆ្នោតអនុប្បវាទដូច្នោះហើយ ធ្វើឱ្យសភាសហព័ន្ធគេអនុម័តច្បាប់នោះបាន ហើយបន្ទាប់មក រដ្ឋសភាបារាំង បានអនុម័តច្បាប់បញ្ចូលកូសាំងស៊ីនទៅ ឱ្យវៀតណាមពីព្រោះ ពេលនោះគេចង់ជួយព្រះចៅ បៅដាយ ឱ្យឈ្នះលោក ហូ ជីមិញ។ នេះជាចំណុចសំខាន់ណាស់ ដែលទាក់ទងនឹងកោះត្រល់។


បទវិភាគ៖ ប្រជាជនខ្មែរ ត្រូវយល់ពាក្យ «ជាតិ» ឲ្យបានច្បាស់ មុននឹងនិយាយថា «ស្នេហាជាតិ»

រដ្ឋបាល«ជំនាន់កសាងជាតិ»,អនុបណ្ឌិតច្បាប់ ផ្នែកនីតិឯកជន និងបម្រើការងារ ផ្នែកសារព័ត៌មានរយៈពេល ១០ឆ្នាំ)
ភ្នំពេញ៖ ពាក្យ «ជាតិ» មួយម៉ាត់នេះ តាំងពីអតីតកាល និងបច្ចុប្បន្នកាលបាន និងកំពុងធ្វើឲ្យជាតិនានា នៅលើ ភពផែនដីនេះ ហ៊ានបូជាជីវិតនៅសមរភូមិអស់រាប់រយលាន រាប់ពាន់លាននាក់ ដោយឮពាក្យ «ស្នេហាជាតិ» និង «ស្រឡាញ់ជាតិ» ទាំងចិត្តសប្បាយរីករាយ មានទាំងចម្រៀងជាប់នឹងមាត់ដោយសារតែពាក្យ «ជាតិ» មួយព្យាង្គ នេះ ហើយទៅអនាគត ក៏នៅតែស្លាប់តទៅទៀត។ ការស្លាប់បាត់បង់ជីវិតនេះ មានមនុស្សមួយចំនួនបានស្លាប់ ដោយដឹងច្បាស់លាស់អំពីអត្ថន័យនៃពាក្យ «ជាតិ» ហើយក៏មានមនុស្សជាច្រើនលាននាក់ដែរ ហ៊ានបូជាជីវិត របស់ខ្លួនដើម្បីជាតិ ដោយមិនទាំងយល់ពាក្យ «ជាតិ» នេះផង។ តើពាក្យ «ជាតិ» នេះ មានអត្ថន័យយ៉ាងណា?
តាមវចនានុក្រមខ្មែរ របស់សម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ជាតិ»(នាម) (សំស្ក្រឹត), (បាលី) (ជា-តិឬជាត) កំណើត; មនុស្សដែលមានសញ្ជាតិផ្សេងគ្នាៈ ជាតិខ្មែរ, ជាតិចិន។ល។
ពាក្យ «ជាតិ» គឺជាពាក្យសង្ខេបខ្លីចេញពីពាក្យ «ប្រជាជាតិ»។  ក្រៅពីការពន្យល់ន័យនៃពាក្យ «ជាតិ» តាម អត្ថន័យអក្សរសាស្ត្រខាងលើនេះ ក៏មានអ្នកខ្លះ បានខិតខំពន្យល់ទៅតាមបែបវេជ្ជសាស្ត្រ (ផ្តោតលើឈាម) ទស្សនវិជ្ជា ប្រវត្តិសាស្ត្រ ដោយទាញភ្ជាប់ទៅនឹងនយោបាយ សាសនា និងភាសាជាដើម។
១-ការសម្គាល់ «ជាតិ» ផ្តោតលើឈាម
ការប្រឹងពន្យល់ដោយទាញពាក្យ «ជាតិ» ភ្ជាប់ទៅនឹង ឈាម នេះ តាមពិតត្រូវនឹងពាក្យ «ពូជជាតិ» គឺ សំដៅទៅ លើក្រុមមនុស្សដែលកើតចេញមកពី ពូជតែមួយ។ ពោលគឺគេផ្តោតយកឈាមជ័រ និងវង្សត្រកូល ជាសំអាងតែ ម្តង។ ពាក់ព័ន្ធឈាមជ័រនេះ ជនជាតិអាល្លឺម៉ង់ខ្លះ មានអំណួតជាងគេ ដោយហ៊ាន អះអាងថា នៅលើលោកនេះ គេបានពិនិត្យឈាមរបស់ពូជជាតិផ្សេងៗ ជាលទ្ធផល មានតែជនជាតិអាល្លឺម៉ង់ទេ ដែលមានបញ្ញាវៃឆ្លាតខ្ពស់ ជាងគេ។ ដូច្នេះហើយ បានជារដ្ឋបុរសជាតិអាល្លឺម៉ង់មាន ហ៊ីត្លែរ ជាមេ បង្កើតនូវទ្រឹស្តី «ពូជជាតិនិយម» ដោយ មានមហិច្ឆតាត្រួតត្រាពិភពលោក អញ្ចឹងហើយបាននាំឲ្យមានសង្គ្រាមលោកលើកទី២ និងសម្លាប់រង្គាល ប្រជា ជាតិនានានោះ។
អ្វីទៅជាឈាម? ឈាមជាសាធាតុរាវមានពណ៌ក្រហមដែលហូរក្នុងសរសៃឈាម នៅក្នុងខ្លួនមនុស្ស និង សត្វ មួយចំនួន តាមរយៈបេះដូង សរសៃឈាមអាកទ័រ និងសរសៃឈាមវ៉ែន។ ឈាមផ្សំឡើងដោយគោលិកាឈាម និងសារធាតុរាវប្លាស្មា។
គោលិកាឈាមមាន ៤៥%មានគោលិកាឈាមក្រហម, គោលិកាឈាមស និងប្លាកែត។ប្លាស្មាមាន៥៥% គឺផ្សំ ដោយទឹកសារធាតុខណិជ និងសារធាតុគីមីប្រូតេអ៊ីន (អាល់ប៊ុយម៉ីន  ក្លូប៊ុយលីន  ហ្វីប្រីណូហ្សែន និងកត្តា កំណកឈាម)។ក្រុមឈាម មានប្រមាណ ៥០០ក្រុម ឬប្រភេទ ប៉ុន្តែមាន២ក្រុម ដែលសំខាន់នៅក្នុង ការចាក់ បញ្ចូលឈាម៖ក្រុមក្នុងប្រព័ន្ធ ABO មានក្រុម A, B, AB, O និងក្រុមក្នុងប្រព័ន្ធ Rh មានក្រុម វិជ្ជមាន និងអវិជ្ជ មាន។
តាមវិទ្យាសាស្ត្រជឿនលឿនបច្ចុប្បន្នដែលគេពិនិត្យឈាម តាមបច្ចេកទេសDNA នោះ ពិបាករកឃើញថា មាន ពូជជាតិសុទ្ធណាស់ ពីព្រោះមកដល់ពេលនេះ វាបានឆ្លងកាត់ពេលវេលាដ៏យូរអង្វែង នៃកំណើត មនុស្សរស់នៅ លើភពផែនដី ហើយជាតិនីមួយៗបានធ្វើដំណើរផ្លាស់ទីតាំងរស់នៅ និងបានទាក់ទងគ្នា, រីកចម្រើនផ្នែក មធ្យោបាយធ្វើដំណើរកាន់តែធ្វើឲ្យជាតិនីមួយៗងាយស្រួលទាក់ទងគ្នាទៅទៀត, វិវឌ្ឍផ្នែកសិទ្ធិមនុស្ស គឺមិន ប្រកាន់ពូជជាតិ ជាការដករបាំងចេញយ៉ាងច្រើន រួចឲ្យមនុស្សជាតិផ្សេងគ្នា អាចរៀបការជាមួយគ្នាបាន, ធ្វើ ជំនួញឆ្លងដែន ឆ្លងទ្វីបកាន់តែងាយស្រួល ការទាក់ទងគ្នាក៏មិនពិបាកដូចមុនដែរ, រដ្ឋជាច្រើនបានអនុញ្ញាត ឲ្យចូលសញ្ជាតិ នាំឲ្យមានជាតិនានារស់នៅលើទឹកដីរបស់ខ្លួន, មានរដ្ឋខ្លះទៀតអនុញ្ញាតឲ្យជនបរទេស មាន សិទ្ធិទិញផ្ទះនៅលើទឹកដីរបស់ខ្លួនដើម្បីស្នាក់នៅ ដែលបង្កលក្ខណៈងាយស្រួល ក្នុងការទាក់ទងជាមួយជាតិ ដើមនៅទីនោះ, ប្រទេសខ្លះ អនុញ្ញាតឲ្យជនបរទេសស្មុំកូនបាន និងមានប្រទេសខ្លាំងមួយចំនួន បានប្រើ នយោបាយបង្ខំបង្កាត់ពូជជាតិទៅលើប្រទេសទន់ខ្សោយជាងខ្លួន (មនុស្សប្រុស ស្រីរបស់ប្រទេសខ្លាំង រៀបការ ជាមួយមនុស្សប្រុស ស្រី របស់ប្រទេសទន់ខ្សោយ ដូចនេះកូនកើតមកមានឈាមកាត់គ្នា) ជាដើម។ ហេតុនេះ យើងអាចវិភាគថា ការទទួលស្គាល់ «ជាតិ» មួយដោយអំអាងលើ «ឈាម» មិនមានភាពមាំទាំឡើយ ពីព្រោះវា បានកាត់គ្នាស្ទើរអស់ទៅហើយ។
២-ការសម្គាល់ «ជាតិ» ផ្តោតលើ សាសនា
សាសនា ជាពាក្យប្រើក្លាយមកពីពាក្យសាសន, សាសន៍ ដែលពាក្យនេះ មានន័យថា សាសន៍ព្រះពុទ្ធ ឬ សាសនាព្រះពុទ្ធ, សាសន៍ព្រាហ្មណ៍ ឬសាសនាព្រាហ្មណ៍, ចូលសាសន៍ (ចូលសាសនាអ្វីមួយ)។ ប្រជាជាតិ ឬជាតិជាច្រើននៅលើពិភពលោក បានកាន់សាសនាដូចគ្នា ឧទាហរណ៍ ជាតិខ្មែរ ថៃ ឡាវ ភូមា សិរីលង្កា នេប៉ាល់ កាន់សាសនាព្រះពុទ្ធ ប៉ុន្តែពួកគេមានជាតិខុសៗគ្នា។ ចំណែកមនុស្សខ្លះ មានជាតិតែមួយ តែបែរជា កាន់សាសនាខុសគ្នាទៅវិញ ដូចជា មនុស្សខ្មែរខ្លះ បានកាន់សាសនាគ្រឹស្គ ដែលមាន សាសនាដើមរបស់ខ្លួនគឺ សាសនាព្រះពុទ្ធនោះ។ ឧទាហរណ៍មួយទៀត ជាតិហ្វីលីពីន កាន់សាសនាគ្រឹស្គ ដូចជាតិអង់គ្លេស អាម៉េរិក អូស្ត្រាលី...ដែរ។ អាស្រ័យហេតុនេះ ការសម្គាល់ «ជាតិ» មួយដោយអំអាងទៅលើសាសនា ឬសាសន៍ ក៏មិនសូវមានមូលដ្ឋានត្រឹមត្រូវនោះដែរ។
៣-ការសម្គាល់ «ជាតិ» ផ្តោតលើ ភាសា
ក្រៅពីការសម្គាល់ ជាតិមួយ ដោយផ្តោតទៅលើ ឈាមនិង សាសនាក៏នៅមានអ្នកខ្លះ បានបញ្ចេញ    ទស្សនៈថា គេអាចសម្គាល់ជាតិមួយ ផ្តោតទៅលើ ភាសា។ តើការសំអាងលើ ភាសានេះ សមហេតុសម ផលដែរឬទេ? ជាការពិត មានជាតិខ្លះ មានភាសាមួយពិតប្រាកដរបស់ខ្លួនដែលមិនមានជាតិណាផ្សេងយកភាសានោះ ទៅប្រើ ជាផ្លូវការឡើយ មានដូចជា ភាសាខ្មែរ, ភាសាវៀតណាម, ភាសាឡាវ, ភាសាថៃ, ភាសាភូមា...។ ប៉ុន្តែក៏មានជាតិជាច្រើន បានប្រើភាសាតែមួយជាមួយគ្នា ឧទាហរណ៍ ជាតិអាម៉េរិក, ជាតិអង់គ្លេស, ជាតិអូស្ត្រាលី ជាដើម បានប្រើភាសាអង់គ្លេសតែមួយ។ លើសពីនេះទៅទៀត បច្ចុប្បន្ន មានមនុស្សនៃជាតិនានា បានខិតខំ រៀនសូត្រភាសាអង់គ្លេស បារាំង ចិន ជប៉ុន រួចនិយាយភាសានេះ ដើម្បីទំនាក់ទំនងគ្នាក្នុងផ្នែកការទូត ជំនួញ ឬក៏ជីវភាពប្រចាំថ្ងៃ។ ដូចនេះ ការសម្គាល់ ជាតិមួយ ដោយ សំអាងទៅលើ ភាសា ក៏មិនមានលក្ខណៈ សមហេតុ សមផលប៉ុន្មានដែរ។
៤-ការសម្គាល់ «ជាតិ» ផ្តោតលើឆន្ទៈ
អ្វីទៅជា ឆន្ទៈ តាមវចនានុក្រមខ្មែរ របស់សម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ឆន្ទៈ»(នាម) (សំស្ក្រឹត) អានថា(ឆ័ន-ទៈ), (បាលី) អានថា(ឆន្ទ)មានន័យថា សេចក្តីប្រាថ្នា, បំណង, គំនិត, ការយល់ព្រម...។
លោក ស្តាលីន ដែលបានទទួលភារកិច្ចសិក្សាអំពីបញ្ហាជាតិ ក្នុងក្របខណ្ឌអតីតបក្សសូវៀត បានពន្យល់ពាក្យ «ជាតិ» នេះ មានខ្លឹមសារស្រដៀងគ្នាខ្លះដូចការបកស្រាយរបស់លោក រ៉ឺណង់ដែរគួរយកមកពិចារណា។ ខ្លឹមសារនៃពាក្យ «ជាតិ»ពន្យល់ដោយ ស្តាលីននេះមានន័យថា  «គឺចំណោមមនុស្សមួយដ៏រឹងប៉ឹង ដែល កើតឡើងដោយបានឆ្លងកាត់ប្រវត្តិជាមួយគ្នាជាយូរមកហើយ, ដែលមានភាសាតែមួយ, ដែលមានផែនដី ជាមួយគ្នា, ដែលមានរបៀបរស់នៅខាងផ្លូវសេដ្ឋកិច្ចស្របគ្នា, ហើយដែលមានចិត្ត និងផ្នត់គំនិតតែមួយ ហើយនាំឲ្យ មនុស្សចំណោមនោះ មានវិចារណញ្ញាណ និងឆន្ទៈចង់រស់នៅជាមួយគ្នាតទៅទៀត។
ចំពោះលោក រ៉ឺណង់ វិញ ជាជនជាតិបារាំងបានបកស្រាយពាក្យ «ជាតិ» នេះថា គឺជាឆន្ទៈរួមរបស់សមាជិក សង្គមនីមួយៗក្នុងការទទួលស្គាល់ជាតិរបស់ខ្លួន ដោយស្ថិតនៅលើតម្លៃវប្បធម៌ សង្គមធម៌ ប្រវត្តិសាស្ត្រ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវផ្នត់គំនិត និងសកម្មភាពលើការយល់ព្រមរស់នៅជាមួយគ្នា ធ្វើកិច្ចការ ផ្សេងៗជាមួយគ្នា មានអនុស្សាវរីយ៍ដូចគ្នា បានទទួលជោគជ័យរួមដូចគ្នានៃអតីតកាល។
តាមអត្ថន័យនៃពាក្យ «ជាតិ» ដែលកំណត់ដោយលោក ស្តាលីន និងលោក រ៉ឺណង់ ខាងលើ យើងអាចកំណត់ ចរិតនៃជាតិ ដូចគ្នាមានចំនួន៤ចំណុច៖១-ជាតិ ជាក្រុមមនុស្ស ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា ដ៏យូរលង់ព្រមទាំងទទួលបានសេចក្តីសុខដូចគ្នា និងជូរចត់គ្នា,២-ជាតិ ជាក្រុមមនុស្សដែលទទួលស្គាល់រួមគ្នា ទៅលើតម្លៃវប្បធម៌ណាមួយ,៣-ជាតិ ជាក្រុមមនុស្សដែលបញ្ចេញសកម្មភាពប្រចាំថ្ងៃផ្សេងៗគ្នា តែជាប្រយោជន៍ រួមដើម្បីឲ្យសង្គមរបស់ខ្លួនរីកចម្រើន, ៤-ជាតិ គឺផ្តោតទៅលើ ឆន្ទៈ ដូចគ្នា ឬប្រហាក់ប្រហែលគ្នា ក្នុងការទទួល ស្គាល់ជាតិរបស់ខ្លួន ហើយការពារឆន្ទៈនេះ។
ដូច្នេះ អ្វីជាការកត់សម្គាល់របស់ខ្ញុំ ខ្ញុំយល់ឃើញថា មានតែពាក្យ «ឆន្ទៈ» ប៉ុណ្ណោះដែលសំខាន់ជាងគេ មាំទាំ ជាងគេ សមហេតុសមផលជាងគេ ចំពោះចំណុចផ្សេងៗទៀត ពុំសូវមានភាពរឹងមាំប៉ុន្មានឡើយ ដូចដែលខ្ញុំបាន លើកយកមកជម្រាបជូនរួចមកហើយ ប៉ុន្តែក៏មិនបោះបង់ចោលដែរ។
ដើម្បីយល់ពាក្យ «ឆន្ទៈ» នេះឲ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅបន្ថែមទៀតនោះ ខ្ញុំសូមលើកយកការ ពន្យល់ តាមបែបទស្សនវិជ្ជាវិញម្តង។ ឆន្ទៈជាអំពើភ្លាមៗស្ថិតនៅលើការប្រតិបត្តិមាននៅក្នុងបច្ចុប្បន្ន ប្រកបដោយ វិចារណញាណ និងសកម្ម។ ជាធម្មតា ឆន្ទៈ ត្រូវមាន ៤ ដំណាក់កាលគឺ៖
ដំណាក់កាលទី១-បញ្ញត្តិកម្មៈ យើងពិនិត្យក្នុងចិត្តនូវអ្វីដែលយើងបំរុងធ្វើ។
ដំណាក់កាលទី២-ការជជែកផ្គូរផ្គងៈ យើងពិនិត្យនូវហេតុផល មូលហេតុ អត្ថប្រយោជន៍ អត្ថទោស ឬ ផលអាក្រក់នៃអំពើដែលយើងបានព្រាងហើយ។
ដំណាក់កាលទី៣-សេចក្តីសម្រេចចិត្តៈ គឺយើងសំរេចចិត្តថា ធ្វើ ឬមិនធ្វើ ក្រោយពីបានគិតថ្លឹងថ្លែងរួច។
ដំណាក់កាលទី៤-ការប្រតិបត្តិៈ ប្រសិនបើការសម្រេចនោះ មានភាពជាវិជ្ជមាន គេចាប់ផ្តើមប្រតិបត្តិការ។ បើគ្មានដំណាក់កាលទី៤នេះទេ ឆន្ទៈ ក៏ពុំមានរូបរាងកើតឡើងបានដែរ។ ឆន្ទៈ មានពីរ គឺបើឆន្ទៈល្អ គេហៅថា សុឆន្ទៈ, បើឆន្ទៈអាក្រក់ គេហៅថា ទុឆន្ទៈ។
ជាការពិត ទោះបី ភាសា សាសនា ឈាម ទឹកដី ក៏ដូចកត្តាផ្សេងៗទៀត ពុំសូវមានហេតុផលមាំទាំក្នុងការ យក មកធ្វើការបកស្រាយលើបញ្ហាពាក្យ «ជាតិ» ក៏ដោយ ប៉ុន្តែមិនមែនមានន័យថា  ប្រជាជាតិ (ជាតិ) នីមួយៗ ទាត់ចោលដោយមិនគិតគូរយកចិត្តទុកដាក់នោះទេ គឺត្រូវតែការពារ រក្សា ដុសខាត់ឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញសេចក្តីត្រូវការជាក់ស្តែង ក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួនឲ្យទាន់នឹងការរីកចំរើនក្នុងតំបន់ និងពិភពលោក។
បន្ទាប់ពីយល់នូវខ្លឹមសារនៃពាក្យ«ជាតិ»រួចមក តើប្រិយមិត្តអ្នកអាននូវបទវិភាគនេះ មានឆ្ងល់ទេថា តើ ជាតិ ឬប្រជាជាតិនីមួយៗ មានសម្បត្តិរបស់ខ្លួនដែរឬទេ? យើងដឹងរួចមកហើយថា ជាតិទាំងអស់ នៅលើសកល លោកនេះ មានអត្ថិភាពដល់បច្ចុប្បន្ន ពិតជាបានឆ្លងកាត់នូវប្រវត្តិសាស្ត្ររបស់គេយ៉ាងយូរ គ្រាន់តែតិច ឬច្រើន ជាងគ្នាប៉ុណ្ណោះ ដូច្នេះពួកគេបានធ្វើពលកម្មដ៏ច្រើន។
ពលកម្មដ៏ច្រើននេះហើយដែលបានបង្កើតនូវសម្បត្តិរបស់ជាតិគេ។សម្បត្តិនោះ គេហៅថា «សម្បត្តិវប្បធម៌» ដែលសំគាល់នូវភោគទ្រព្យទាំងឡាយ សំរាប់បណ្ដុះចំណេះដឹង បណ្ដុះគំនិតពិចារណា បណ្ដុះទឹកចិត្ត ស្រឡាញ់ រាប់អានចង់បាន និងចង់រក្សាទុកឲ្យបាន។ សម្បត្តិវប្បធម៌ ចែកចេញជាពីរគឺ សម្បត្តិវប្បធម៌លទ្ធកម្ម និង សម្បត្តិវប្បធម៌ធម្មជាតិ។
១-សម្បត្តិវប្បធម៌លទ្ធកម្ម. សំគាល់នូវភោគទ្រព្យទាំងឡាយ ដែលជនជាតិ ឬជាតិ ឬប្រជាជាតិណាមួយ បានបង្កើតឡើង កសាងឡើង បណ្ដុះបណ្តាលឡើងជាសមិទ្ធិសំរាប់ជាមរតកដល់កូនចៅសម័យក្រោយ ។ សម្បត្តិវប្បធម៌លទ្ធកម្មរបស់ខ្មែរមាន៖
-វិស័យអក្សរសាស្ត្រ. ខ្មែរមានសំណេរលើស្បែកសត្វ, លើបន្ទះក្តារ, លើផ្ទាំងថ្ម ហៅថា សិលាចារឹក, សំណេរ លើស្លឹករឹត ហៅថា សាស្ត្រាស្លឹករឹត។
-វិស័យវិទ្យាសាស្រ្ត.  ខ្មែរចេះគន់គូរដំណើរគោចរព្រះអាទិត្យ ព្រះចន្ទតាមរនោច តាមខ្នើតដើម្បីកំណត់សូរ្យគ្រាស និងចន្ទគ្រាស គ្រាន់តែ ពិធីពន្យល់លេខប្លែកពីអឺរ៉ុបបន្តិច។
-វិស័យតិចនិច. ខ្មែរចេះធ្វើកញ្ច្រែង ត្រក់ បង្គី ឈ្នាង តោក តុ ទូ ទ្រូ ធ្នូ ស្នា ចង្អេរ ត្បាល់កិនស្រូវ ក្អម ឆ្នាំង រទេះ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។លើសពីនេះ ខ្មែរចេះស្លដែកតាំងពីសម័យមុនអង្គរ ចេះលាយលោហធាតុ។
-វិស័យជំនឿ.  គឺខ្មែរជឿហោរា, ជឿធម្មជាតិ, ជឿគុណម្តាយឪពុក, ជឿខ្មោចព្រាយ, ជឿអ្នកតា, ជឿលើ អាទិទេព ដែរ, ជឿថា មនុស្សស្លាប់ទៅកើតវិញ, ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍, ចូលម្លប់ចំពោះកូនស្រី ឯកូនប្រុស ត្រូវ ទៅបួសមុនប្រកបកិច្ចការផ្សេងៗ, បុណ្យចូលឆ្នាំខ្មែរ, ត្រុដសុំភ្លៀងជំនឿហោរា, បុណ្យភ្ជុំបិណ្ឌ, កឋិន, បុណ្យផ្កា, បបួសនាគ, សំពះព្រះខែ។
-វិស័យសិល្បៈ.ខ្មែរ មានភ្លេង (ភ្លេងប្រជាប្រិយ, ភ្លេងការ, ភ្លេងមហោរី, ភ្លេងខ្មែរ)។ខ្មែរមានរបាំ (របាំព្រះរាជ ទ្រព្យ, របាំភួងបុប្ផា, របាំក្ងោក, របាំទន្សោង, របាំមេអំបៅ, របាំអាយ៉ៃ, របាំរាំវង់, របាំរាំក្បាច់, របាំត្រុដ, របាំកាប់ ក្របីផឹកស្រា, របាំយ៉ីកេនិងរបាំទើបរកឃើញថ្មីៗមួយចំនួនទៀត)។ ចំរៀងខ្មែរមាន (ចំរៀងចាប៉ី, ចំរៀងប្រកកៃ, ចំរៀងបំពេរ, ចំរៀងលួងលោម, ចំរៀងស្នេហា,...)។ខ្មែរមានល្ខោន (ល្ខោនខោល, ល្ខោនត្រាប់, ល្ខោននិយាយ, ល្ខោនបាសាក់, ល្ខោនស្បៃធំ ស្បៃតូច...)។ គ្រឿងភ្លេងខ្មែរមានច្រើន (រនាតឯក, រនាតដែក, រនាតធុង, ទ្រខ្មែរ, ទ្រសោ, ទ្រអ៊ូ, ទ្រឆេ, តាខេ, ខ្លុយ, ឃឹម, ស្គរ, សំភោរ, ប៉ីកែវ, ប៉ីបបុស, ប៉ីអ, ប៉ីពក, ស្រឡៃ, គងតូច, គងធំ, ចាប៉ី, ឆៃយ៉ាំ, ក្រាប, ឆឹង, សាដៀវ)។ ក្រៅពីនេះ ខ្មែរមានក្បាច់ចម្លាក់ជាច្រើន និងរហ័សកម្ម។
-វិស័យកីឡា.ខ្មែរមានកីឡាប្រណាំងទូក, ប្រណាំងសេះ, ប្រណាំងរទេះគោ,ប្រដាល់សេរី (ក្បាច់គុនខ្មែរ), ប្រជល់មាន់, ប្រជល់ដំរី, ប្រជល់ជ្រូក, ប្រជល់គោ, ប្រជល់ត្រី។
-ល្បែងប្រជាប្រិយ.ខ្មែរមាន បោះអង្គុញ, ចោលឈូង, លាក់កន្សែង, បិតពួន, ស្តេចចង់, អ៊ូ, ចោលដំបង, វាយឆ្នាំង, ឡើងសសរខ្លាញ់, ទាញព័្រត្រ, ហ៊ឹង...)។
-វិស័យសំណង់. ខ្មែរបានកសាងប្រាង្គប្រាសាទជាច្រើន ក្នុងនោះក៏មានរូបចម្លាក់ផងដែរ,បារាយណ៍ស្តុកទឹកសំរាប់វិស័យកសិកម្ម, មានសំណង់ជាច្រើនប្រភេទទៀត ដែលខ្មែរបានសាងសង់ឡើង ដើម្បីបំរើ វិស័យផ្សេងៗទៀត ដូចជា កីឡា, យោធា, សិល្បៈ, កសិកម្ម, អប់រំ, សាសនា, អាកាសធាតុ, បរិស្ថាន, សេដ្ខកិច្ច, ពាណិជ្ជកម្ម...។
២-សម្បត្តិវប្បធម៌ធម្មជាតិ. សំគាល់នូវភោគទ្រព្យទាំងឡាយរបស់ជនជាតិ ឬជាតិ ឬប្រជាជាតិណាមួយ ដែលកើតមកពីធម្មជាតិ ផ្ទុយពីអ្វីដែលមនុស្សបង្កើតឡើង។ សម្បត្តិវប្បធម៌ធម្មជាតិរបស់ជាតិខ្មែរ រាប់តាំងពីដី ទឹក អាកាសរបស់ជាតិខ្មែរ,  ព្រំដែនដី ទឹក អាកាសរបស់ជាតិខ្មែរ, សមុទ្រខ្មែរ, ទន្លេ ស្ទឹង បឹងបួ ស្រះ ត្រពាំងរបស់ជាតិខ្មែរ, ភ្នំទាំងឡាយរបស់ជាតិខ្មែរ, កោះទាំងឡាយរបស់ជាតិខ្មែរ, ឆ្នេរខ្សាច់របស់ជាតិខ្មែរ, រុក្ខជាតិរបស់ជាតិខ្មែរ, សត្វស្រុក សត្វព្រៃរបស់ជាតិខ្មែរ, រ៉ែ ឧស្ម័ននៅលើដី ក្នុងដី ក្នុងសមុទ្រ ក្រោមបាតសមុទ្ររបស់ខ្មែរជាដើម។
សម្បត្តិវប្បធម៌ធម្មជាតិរបស់ជាតិខ្មែរមួយទៀតដែលសំខាន់ជាងគេ គឺមនុស្សខ្មែរ ពីព្រោះមនុស្សខ្មែរ ជាអ្នកការពារសម្បត្តិវប្បធម៌ទាំងអស់របស់ខ្មែរ, មនុស្សខ្មែរ តំណាងឲ្យវប្បធម៌ និងអរិយធម៌របស់ខ្មែរ ដោយហេតុថា នៅក្នុងខ្លួនមនុស្សខ្មែរ មានព្រលឹងខ្មែរ នៅក្នុងព្រលឹងខ្មែរ មានខ្លឹមខ្មែរ។ ដូច្នេះ ត្រូវរក្សាមនុស្សខ្មែរឲ្យបានគង់វង្ស ត្រូវជៀសវាងសង្គ្រាមសម្លាប់ខ្មែរគ្នាឯង ឬចាញ់ល្បិចកលបរទេសសម្លាប់ខ្មែរគ្នាឯង (បរទេសខ្ចីដៃខ្មែរ ឲ្យសម្លាប់ខ្មែរគ្នាឯង)។
ការបាត់បង់ជីវិតនៃជាតិខ្មែរ គឺជាការវិនាសហន្តរាយនៃសម្បត្តិវប្បធម៌ធម្មជាតិរបស់ប្រជាជាតិខ្មែរ ក៏ដូច វិនាសព្រលឹងខ្មែរ។ ដូចនេះ ប្រជាជនខ្មែរ ត្រូវយល់ពាក្យ «ជាតិ» និង «សម្បត្តិវប្បធម៌របស់ជាតិ» ឲ្យបានច្បាស់ មុននឹងនិយាយថា «ស្នេហាជាតិ ឬស្រឡាញ់ជាតិ» ដើម្បីកុំឲ្យទង្វើរបស់ខ្លួនបំផ្លាញជាតិទាំងមិនដឹងខ្លួន។
ខ្ញុំសូមរំលឹកឡើងវិញថា «ជាតិ» គឺមានធាតុ ឆន្ទៈ ជាគោលដ៏សំខាន់ក្នុងការកំណត់អត្តសញ្ញាណនៃជាតិ ឬប្រជាជាតិណាមួយ។ ដូច្នេះតើត្រូវធ្វើដូចម្តេច ដើម្បីឲ្យជាតិខ្មែរ មានឆន្ទៈល្អ ឬ សុឆន្ទៈ?
តាមឯកសាររបស់សាស្ត្រាចារ្យមហាវិទ្យាល័យអក្សរសាស្ត្រ សរ សារុន ស្តីពី អត្ថាធិប្បាយទស្សនវិជ្ជា ដែលមានប្រធានបទ វប្បធម៌ទូទៅ, ចិត្តវិជ្ជា, សង្គមវិជ្ជា និងទស្សនវិជ្ជា បានពន្យល់ថា ដើម្បីឲ្យជាតិខ្មែរ មានឆន្ទៈល្អ ឬ សុឆន្ទៈនោះ គេត្រូវធ្វើយ៉ាងណាឲ្យមាន៖ ប្រជាជន ត្រូវរស់នៅក្នុងកម្រិតជីវភាពបង្គួរ ដែលអាចចិញ្ចឹមជីវិតបាន, ត្រូវមានច្បាប់ ទម្លាប់ដែលប្រជាពលរដ្ឋទូទៅគួរឲ្យទុកចិត្តបាន (មិនមែនច្បាប់ ទម្លាប់បង្កើតឡើងគ្រាន់តែបម្រើផលប្រយោជន៍បក្សពួកខ្លួន និងគ្រួសារខ្លួននោះទេ), អ្នកដឹកនាំរដ្ឋ គឺជាមនុស្សពិតជាមានគំនិតស្នេហាជាតិឥតក្លែងក្លាយ, អាជ្ញាធរទាំងអស់ ពិតជាធ្វើការបម្រើរដ្ឋ និងប្រជាជន, ចំណុចសំខាន់ជាងគេ គឺយុត្តិធម៌ ព្រោះបើមានអំពើអយុត្តិធម៌នៅទីណា ទីនោះគ្មានទេសុឆន្ទៈ, ចំណុចខ្សោយមួយដែលអាចធ្វើឲ្យជាតិខ្មែរមានសុឆន្ទៈ គឺចេះបញ្ជោរ និងចេះសរសើរ ពីព្រោះ អំបូរខ្មែរ-មន ចូលចិត្តពាក្យបញ្ជោរ និងពាក្យសរសើរ៕

Wednesday, October 15, 2014

ខ្មែរឯកភាពជាតិ ការពារមាតុភូមិ (រក្សាសិទ្ធ)

ខ្មែរឯកភាពជាតិ ការពារមាតុភូមិ  (រក្សាសិទ្ធ)
............................................................
 I.  ខ្មែរអើយក្រោកឡើងទូទំាងរដ្ឋា                
  រួបរួមខេមរា ទំាងប្រុសទំាងស្រី
     ជុំវិញក្សត្រា អង្គព្រះនរបតី                      
 បញ្ញវន្តកវី រួមគ្នាសាងជាតិ  ។
 II. ខ្មែរអើយក្រោកឡើងការពារទឹកដី            
  សៀមយួនស្រកី កំពុងបៀនបៀត
      ព្រំដែនខិតចូល ច្រើនគីឡូទៀត              
 កណ្តាលទ្រូងជាតិ យួនពេញដីហើយ ។
 III. ខ្មែរអើយក្រោកឡើង លះប្រយោជន៍ខ្លួន
    បញ្ឈប់គុំគួន មើលរោគអោយស្បើយ
       ត្រូវតែក្រោកឡើង កុំនៅកន្តើយ              
 ឯកភាពជាតិហើយខ្មែរពិតនឹងខ្លំាង  ។
 IV.  ខ្មែរអើយក្រោកឡើង គិតរឿងសង្គម        
 បញ្ហាខ្មែរធំ គឺសត្រូវខ្មំាង
       សត្រូវខាងក្រៅ ខ្មែរក្រោកតតំាង            
 សាមគ្គីកម្លំាង ដេញសត្រូវក្នុង  ។
 V.   ខ្មែរអើយក្រោកឡើង គ្រប់និន្នាការ          
  លើ ក្រោម កណ្តាល ខ្មែរឥស្លាមជួយ
       រួបរួមសាមគ្គី ជ្រោងទង់លើកស្ទួយ          
  យើងខ្មែរតែមួយ ត្រូវឯកភាពជាតិ ។
..................................................................
 ស្វាយជួរ ព្រែកចិនៈ ១៤  តុលា ២០១៤
និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី

នយោបាយបាយដឹកនំាឯករាជ្យ នគររុងរឿង

នយោបាយបាយដឹកនំាឯករាជ្យ នគររុងរឿង
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
  I.  ធ្វើនយោបាយ និង ចំណេះដឹង          
យុទ្ធសាស្រ្តរ៉ឹងប៉ឹងមំាមួនថែមទៀត
       សេដ្ឋកិច្ចរឹងមំាហើយមានឯករាជ្យ      
  រៀបផ្នត់មាយាទមានក្រមសីលធម៌ ។
  II.  សំដីសំដៅសច្ចៈទន់ភ្លន់                
   មានអំណាចគុណធម៌ដ៏បវរ
        នៅជាប់និងខ្លួនដុសខាត់បន្ត        
    សៀវភៅអានល្អ ស្រាវជ្រាវជានិច្ច ។
  III. គ្រឹះនយោបាយ គឺសាមគ្គីជាតិ        
   ឯកភាពគ្នាទៀតស្មោះស្ម័គ្រទុកចិត្ត
        ធម្មាធិបតេយ្យនិងភាពសុចរិច      
     កសាងសមទ្ធិផលជូនមាតុភូមិ  ។
  IV.  នយោបាយចងមិត្ត សន្តិភាព          
  ពត៌មានពិតជ្រាបជម្រាបពលរដ្ឋ
        ធនធានមនុស្សថ្លៃលើសកំណត់        
 ចេះប្រើម៉ត់ចត់ កើនប្រយោជន៍ជាតិ ។
   V.  ធនធានមនុស្ស  សេដ្ឋកិច្ច យោធា    
  ថាមពលមាគ៌ា អំណាចខ្លំាងក្លា
        នេះជាកម្លំាងនគរដ៏អស្ចារ្យ        
      ទៅថ្ងៃអនាគត ខ្មែរខ្លំាងព្រោះនយោបាយត្រូវ)។
--------------------------------------------------
       ស្វាយជួរ ព្រែកចិនៈ ១៥ តុលា ១០១៤
និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី  


Monday, October 13, 2014

អាសូរវាសនាខ្មែរចំណាកស្រុក

 អាសូរវាសនាខ្មែរចំណាកស្រុក
.......................................................
 * ទឹកភ្នែកខ្ញុំស្រក់រៀងរាល់ថ្ងៃខែ                  ឃើញកម្មករខ្មែររត់ចំណាកស្រុក
    ទៅស៊ីឈ្នួលស្រុកគេអោយតត្រុក            រត់ចេញពីស្រុកព្រោះតែក្រីក្រ  ។
 * ឱ!ណ៎ាវាសនាខ្មែរអើយដល់ម្លឹង               មានស្រែគេប្តឹងដេញចេញចរ
    រំលោភពានពារខ្មៅក្លាយជាស                  វាសនាកម្មករខ្មែរត្រ ដ រស់  ។
 * សម័យអង្គរ ខ្មែរខ្ពស់ផុតគេ                       ចាកស្រុកគ្មានទេ មិននំាអាប់យស់
    វាសនាកូនខ្មែរមានបានខ្ពង់ខ្ពស់               មិនឡើយរងគ្រោះក្រដូចឥលូវ ។
 * សម័យរាជ្យសង្គមរាស្រ្តនិយម                  ខ្មែរមានទ្រនំ រស់ស្មើមុខមាត់
    សាសនា សិល្បៈ ជាតិរីកធំធាត់                ខ្មែរអភិវឌ្ឍន៍កម្មករល្អក្រៃ ។
 * ក្រោយចិតប្រំាបួនយួនត្រួតត្រាស្រុក        ខ្មែររត់ចោលស្រុក ស្ទើររៀងរាល់ថ្ងៃ
    រកស៊ីស្រុកគេ ស្វែងរកកម្រៃ                      ស្រុកយើងក្រក្រី ខ្មែរចំណាកស្រុក ។
..........................................................................................................................................
    ស្វាយជួរ ព្រែកចិន, ១៤ តុលា ២០១៤      ដោយៈ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី  

Sunday, October 12, 2014

សម្លេងភ្លេងការក្នុងក្តីសុបិន ​

សម្លេងភ្លេងការក្នុងក្តីសុបិន ​
.....................................................
  I.  ឱ!សម្លេងភ្លេងការអើយខ្ញុំស្រម៉ៃ            
 ថាបានស្រីថ្លៃមកសំពះផ្ទឹម
      នៅមុខមេបា ទំាងភ័ក្រញញឹម             
   ប្រែអស់សង្ឃឹម ឃ្លាតក្តីស្រម៉ៃ ។
  II. កាលពីនៅរៀន ស្រីស្បថសច្ចា         
     ថាស្មោះរៀមរ៉ា ណ៎ាប្រុសថ្លើមថ្លៃ
       នៅក្នុងថ្នាក់រៀនបណ្តុះនិស្ស័យ        
     ឥលូវចរណៃនាងប្រែចិន្តា ។
  III. ស្នេហ៍ស្រីថាស្មោះទុកនៅឯណា        
    ស្រីក្បត់ស្នេហា ស្រវ៉ាដុល្លា
        រត់តាមប្រុសថ្មី ដោះដៃរៀមរ៉ា            
  ឃើញគេសង្ហារ មានឡានទំនើប ។
  IV. បងជាប្រុសអ្នកក្រត្រ​ ដ រស់               
  គ្មានទ្រនំខ្ពស់ ផ្គាប់ចិត្តស្រីឡើយ
       មានត្រឹមតែចិត្តស្មោះនិងត្រើនត្រើយ    ​​​ 
  បានស្រីតោះតើយ ព្រងើយនិងបង ។ 
      ស្វាយជួរ ព្រែកចិន, ១២ តុលា ២០១៤
.......................................................................
   ដោយៈ ផេង វិសុដ្ឋារ៉ាមុនី 


សម្លេងភ្លេងការក្នុងក្តីសុបិន ​

សម្លេងភ្លេងការក្នុងក្តីសុបិន ​
.....................................................
  I.  ឱ!សម្លេងភ្លេងការអើយខ្ញុំស្រម៉ៃ          
 ថាបានស្រីថ្លៃមកសំពះផ្ទឹម
      នៅមុខមេបា ទំាងភ័ក្រញញឹម            
   ប្រែអស់សង្ឃឹម ឃ្លាតក្តីស្រម៉ៃ ។
  II. កាលពីនៅរៀន ស្រីស្បថសច្ចា        
     ថាស្មោះរៀមរ៉ា ណ៎ាប្រុសថ្លើមថ្លៃ
       នៅក្នុងថ្នាក់រៀនបណ្តុះនិស្ស័យ      
     ឥលូវចរណៃនាងប្រែចិន្តា ។
  III. ស្នេហ៍ស្រីថាស្មោះទុកនៅឯណា      
    ស្រីក្បត់ស្នេហា ស្រវ៉ាដុល្លា
        រត់តាមប្រុសថ្មី ដោះដៃរៀមរ៉ា          
  ឃើញគេសង្ហារ មានឡានទំនើប ។
  IV. បងជាប្រុសអ្នកក្រត្រ​ ដ រស់              
  គ្មានទ្រនំខ្ពស់ ផ្គាប់ចិត្តស្រីឡើយ
       មានត្រឹមតែចិត្តស្មោះនិងត្រើនត្រើយ    ​​​
  បានស្រីតោះតើយ ព្រងើយនិងបង ។
      ស្វាយជួរ ព្រែកចិន, ១២ តុលា ២០១៤
.......................................................................
   ដោយៈ ផេង វិសុដ្ឋារ៉ាមុនី

Saturday, October 11, 2014

ជាតិ សាសនា ប្រជាជាតិខ្មែរ រាជបល្ល័ង្ក

ជាតិ សាសនា ប្រជាជាតិខ្មែរ រាជបល្ល័ង្ក
...............................................................
I. ជាតិ ខ្មែរយើងធ្លាប់ល្បីក្នុងលោកា 
ព្រោះដោយខេមរារួបរួមសាមគ្គី
ជាតិ យើងវិះបាត់ ថមថយឬទ្ធី 
ព្រោះបែកសាមគ្គី ខ្វះឯកភាពជាតិ ។
II. សាសនា ខ្មែរយើងគឺពុទ្ធសាសនា
ទំនៀមដូនតា ពូជខេមរៈញាតិ
គោរពបូជាចិត្តជ្រះថ្លាទៀត
អក្សរសាស្រ្តជាតិរស់ ព្រោះសាសនា ។
III. សាសនា ជាគ្រឹះអក្សរសាស្រ្តខ្មែរ
គ្រឹះវប្បធម៌ដែល គ្រឹះអហិង្សា
សាសនាធ្លាក់ខ្សោយ បាត់ភាពម្ចាស់ការ
មិនយូឡើយណា រលត់វប្បធម៌ ។
IV. ប្រជាជាតិខ្មែរ ត្រូវសាមគ្គីគ្នា
ខ្មែរគ្រប់និន្នាការ ស្ទួយសីលធម៌
ការពារតម្លៃសាសនា ជាតិរស់បន្ត
រស់ដោយមានធម៌ ព្រោះខ្មែរសាមគ្គា ។
V. រាជបល្ល័ង្កជាតិ គ្រឹះឯកភាពខ្មែរ
យើងត្រូវរួមថែរក្សា គ្រប់គ្នា
ព្រំអធិបតេយ្យជាតិ កម្ពុជា
គឺព្រះរាជា ជាម្ចាស់ផែនដី ។
VI. ជាតិ សាសនា និង ប្រជាជាតិខ្មែរ
រាជបល្ល័ង្កដែល ក្សត្រាក្សត្រី
ខ្មែរគ្រប់ជំនាន់ក្មេងចាស់ប្រុសស្រី
ការពារទឹកដី គ្រឹះខ្មែរទំាងបួន ។
ស្វាយជួរ ព្រែកចិន, ១១ តុលា ២០១៤
ដោយៈ ផេង វិសុដ្ឋារ៉ាមុនី

Friday, October 10, 2014

ជីវប្រវត្តិសង្ខេប និងវណ្ណកម្មរបស់លោក វ៉ាន់ឌី កាអុន

លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។
តាមរយៈ កិច្ចការជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរៈភាសាជាមួយគ្នាជាច្រើនឆ្នាំ និងតាមការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ឃើញថាលោកជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូបដែលគេពុំត្រូវមើលរំលងឡើយ។
លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លងកាត់ក្តីដែរ តែពុំទាន់បានយល់ជ្រួតជ្រាបឲ្យបានដល់ទីជម្រៅ។ ប្រសិនបើលោក-លោកស្រី បានអានវណ្ណកម្មថ្មីៗរបស់លោក តួយ៉ាង «សុបិននិងការពិត» (២ភាគ) និង«ប្រវត្តិសាស្ត្រកម្ពុជា» (៣ភាគ) លោក-លោកស្រីច្បាស់ជាជ្រាបជាក់ជាពុំខាន។
ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿងនិទានខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោកបានលើកយកអក្សរសិល្ប៍បារាំងធំៗមកវិភាគនិងផ្សាយជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជាប្រយោជន៍ដល់ជនានុជនខ្មែរ។ សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោក ដែលអាចជាប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្តនឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។
ខ្ញុំសូមគោរពនិងកោតសរសើរដល់វីរភាពរបស់លោកចំពោះត្រួសត្រាយវិថីនៃអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរយើងបន្ថែមទៀត។ ដោយយល់យ៉ាងច្បាស់ពីសេចក្តីព្យាយាមរបស់លោកនិងសេចក្តីខិតខំលះ បង់ទាំងនេះ ខ្ញុំមានកិត្តិយសដែលលោកបានអនុញ្ញាតនិងផ្តល់រូបថតឲ្យខ្ញុំបានចុះផ្សាយជីវប្រវត្តិសង្ខេបរបស់លោក ក្នុងគេហទំព័ររបស់ខ្ញុំនេះ។
ជាសំណាងល្អ ខ្ញុំបានសូមសេចក្តីយល់ព្រមពីលោកសាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី ដើម្បីដកស្រង់និងចុះផ្សាយនូវ«ជីវប្រវត្តិសង្ខេបរបស់លោក វ៉ាន់ឌី កាអុន» ពីសៀវភៅរបស់លោក ដែលមានចំណងជើងថា «មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី២០» និង«អក្សរសិល្ប៍ខ្មែរសតវត្សទី២០ កវីនិពន្ធនិងកម្រងអត្ថបទ»។
ខ្ញុំសូមថ្លែងអំណរគុណលោកទាំងពីរដែលអនុញ្ញាត។ យុវអ្នកនិពន្ធ ហេង ឧត្តម បានជួយសម្រួលកិច្ចការខ្ញុំ ដោយបានវាយអត្ថបទ និងជួយផ្ទៀងផ្ទាត់ ព្រមទាំងរៀបចំថតរូបគម្របសៀវភៅស្នាដៃរបស់លោក វ៉ានឌី កាអុន។
តទៅនេះ សូមលោក-លោកស្រី រីករាយអានដំណើរជីវិតរបស់លោកវ៉ានឌី កាអុន។
Vandy Kaonn
Photo ៖ Vandy Kaonn
លោកវ៉ានឌី កាអុន
កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បានបំពេញវិជ្ជានៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្តកំពត។
នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មានឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)។
នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និងជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។
លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។
លោកបានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងប្រដាប់អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បានវាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
p. 13 biog. NAK 006
នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គមនិងនយោបាយ ហើយលោកជានាយកដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩។
អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងមកសាកសួរនិងគារវកិច្ចចំពោះលោកជានិច្ច ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាចនិងបក្ស។
ដោយមានទំនាស់ទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តិន៍នៃវិទ្យុបារាំងអន្តរជាតិក្នុងកម្មវិធីភាសាខ្មែរ (Radio France Internationale : RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ។ល។
ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិតបានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទមួយក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅសកលវិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne) ។
p. 13 biog. NAK 005
នេះស្នាដៃសំខាន់ខ្លះរបស់លោកវ៉ាន់ឌី កាអុន៖
- សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១, ភ្នំពេញ ១៩៧១
- ក្បួនចិត្តសាស្ត្រ, សិក្សាកថា, ភ្នំពេញ ១៩៧១
- វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ, សិក្សាកថា, ភ្នំពេញ,១៩៧៣
- វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី, ភ្នំពេញ ១៩??
- សង្គមសាស្ត្រ, ភ្នំពេញ ១៩៧៣
-Thmenh Chey en français, étude, Phnom Penh 1973
-សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង,
ភ្នំពេញ ១៩៧៤
-ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤
-Réflexion sur la littérature khmère en français, étude, Phnom Penh 1981
-រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-កោះបិសាច, រឿងនិទាន, ភ្នំពេញ, ១៩៨៧
-Cambodge : 1940-1990. La fin d’une époque, essai, Paris, 1991
-Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
-Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា ភាគ១
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ ២០១៣។
10525680_734099116636930_4501636019082529018_n54657_385527154858809_298658079_o10386320_734098803303628_8725594555148003163_n10320588_734098839970291_3522503143485810120_n10475223_734098699970305_1675474059269857247_n10257381_734098769970298_3947477903794780437_n10409316_734098963303612_1170359389791501434_n10456243_734099016636940_8017369973373969038_n10448774_734098869970288_5742840293089050950_n10449969_734098936636948_4630755110066640584_n10486205_734099086636933_3473716301567004838_n1919623_734099053303603_8365134744750411234_n10427684_734098909970284_3160435820398279765_n10389327_734099153303593_8061371484551849576_n
ប្រភព៖
source King Hoc Dy
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ ២០០២, ទំព័រទី៤៤៨-៤៥០។
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ កវីនិពន្ធនិងកម្រងអត្ថបទ, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ ២០០៧, ទំព័រទី៤១៤-៤២១។
source King Hoc Dy.p. 13 biog. NAK 003លោកវ៉ាន់ឌី កាអុន និងភរិយា (រូបថត៖ វ៉ានឌី កាអុន)
ក.ក.ន.សម្រង់ចំណងជើងស្នាដៃដែលទើបនឹងបោះពុម្ពផ្សាយថ្មីៗរបស់អ្នកនិពន្ធបន្ថែម និងថតចម្លងក្របសៀវភៅ ព្រមទាំងវាយអត្ថបទសម្រាប់ផ្សាយក្នុងទំព័រអ៊ិនធឺណិត ដោយ ហេង ឧត្តម។

Thursday, October 9, 2014

គោលការណ៍មេដឹកនំាជាតិកម្ពុជា

គោលការណ៍មេដឹកនំាជាតិកម្ពុជា
................................
* មេដឹកនំាខ្មែរ មានធម៌ទសពិធ 
សច្ចៈធម៌ពិតប្រកាន់ខ្ជាប់ខ្ជួន 
អំណាចគុណធម៌មានជាប់ក្នុងខ្លួន 
ព្រហ្មវិហារបួន ជាមាគ៌ាផ្លូវ ។
* មេដឹកនំាខ្មែរ មានសុខភាពល្អ
ទឹកចិត្តស្មោះស នយោបាយត្រូវ
ប្រវត្តិបរិសុទ្ធ មិនអាស្រូវ
ព្រះធម៌ជាផ្លូវ ដឹកនំាស្រុកទេស ។
* មេដឹកនំាខ្មែរ ត្រូវជាគំរូ
អង់អាចតស៊ូ ក្លាហានមិនធ្វេស
ត្រូវលើកតម្កើងតម្លៃអ្នកចេះ
ក្បួនច្បាប់ចំណេះ ត្រូវឧស្សាហ៍អាន ។
* នយោបាយដឹកនំាមានឯករាជ្យ
គំនិតមានម្សៀត ស្អាតស្អំលំអាន
យុទ្ធសាស្រ្តបង្រួបបង្រួមជាតិបាន
នោះស្រុកសាន្តត្រាន្ត ប្រទេសរុងរឿង ។
* មេដឹកនំាខ្មែរ ជាអ្នកដើរតួ
សម្របសម្រួល ផ្សះផ្សាជម្លោះ
ស្មារតីរឹងមំា មិននំាអាថ៌ឈ្លោះ
ឆន្ទះមុតមោះ ស្នេហាជាតិពិត ។
* សាសនា វប្បធម៌ សេដ្ឋកិច្ច អប់រំ
មេដឹកនំាជ្រោមជ្រែង លើកតម្កើង
ជាវិស័យគ្រឹះ គន្លឹះជាតិថ្កើង
នំាស្រុកឆ្ពោះឡើង សម្បូរសប្បាយ ។
--------------------------------------------------
ស្វាយជួរ, ១០ តុលា ២០១៤ និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី

កាលវិភាគសិក្សាឆមាសទី២ ឆ្នំាទី ៣ ឯកទេសៈ សង្គមវិទ្យា នៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ


ជាតិខ្មែរយើងពិតជានឹងរស់

សូមជូនបទកំណាព្យៈ     ជាតិខ្មែរយើងពិតជានឹងរស់
----------------------------------------------------------
*  ជាតិយើងនឹងរស់ព្រោះខ្មែរសាមគ្គី             
ខ្មែរគ្រប់ទិសទី ក្រោកភ្ញាក់រលឹក
    មិនដេកចំាបុណ្យព្រះបាទធម្មិក             
    ខ្មែរភ្ញាក់រលឹក សាមគ្គីជួយគ្នា ។
*  ជាតិយើងនឹងរស់ ផុតជ្រោះអវចី            
   សៀមយួនស្រកី លែងហ៊ានពានពារ
    នោះដោយកម្លំាងខ្មែរសាមគ្គីគ្នា             
    ក្រោមម្លប់រាជា តេជៈមានឬទ្ធិ ។
 * ជាតិយើងនឹងរស់ ឈ្មោះខ្មែរល្បាញល្បី
       រុងរឿងបុរី កម្ពុជៈពិត
    បញ្ញវន្ត កវី ប្រាជ្ញរាជបណ្ឌិត                  
   រួមគ្នាយោងយិតកិត្តិនាមជាតិខ្មែរ ។
 * ជាតិយើងនឹងរស់ ព្រោះមេដឹកនំា            
  នយោបាយមំាទំាឯករាជ្យដែរ
    សង្គម សេដ្ឋកិច្ច វប្បធម៌ លើខ្មែរ             
  យោធាពូកែ ខ្មែរនឹងរុងរឿង  ។
 * ជាតិខ្មែរនឹងរស់ ពូជសាសន៏ខ្មែរគង់           
ខ្មែររួមជ្រោងទង់ ព្រលឹងជាតិខ្មែរ
    ខ្មែរគ្រប់ជំនាន់ប្តេជ្ញាផងដែរ               
      ចិត្តមិនប្រួលប្រែ ស្នេហ៍ជាតិ សាសនា ។
 * ខ្មែរលើ ខ្មែរក្រោម រួមខ្មែរកណ្តាល       
     ពូជសាសន៍ខេមរា ពីបុរាណកាល
    រួមខ្មែរឥស្លាម សាមគ្គីខ្លំាងក្លា                  
 ជុំវិញក្សត្រា ដើម្បីជាតិយើង  ។
............................................................
   ស្វាយជួរ,  ០៩  តុលា  ២០១៤ 
និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី


Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks