========================================
អារ្យធម៌ខ្មែរ នាសម័យអង្គរបានឈានដល់កម្រិតកំពូល ហើយបានទទួលស្គាល់នូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ស្ញប់ស្ញែង ហើយបន្ទាប់មកក៏ដាំដូងចុះមកវិញ ដោយវាតទីនិយមរបស់ប្រទេសជិតខាង។ ដើម្បីឈានទៅរកវឌ្ឍនភាពនេះ យើងគប្បីយល់ឲ្យបានច្បាស់ជាមុនសិននូវសញ្ញាណនៃទីក្រុងខ្មែរ ដែលជាបេះដូងនៃសង្គមខ្មែរនាជំនាន់នោះ។
ជាបឋម យើងគួរសង្កេតថា ការរីកដុះដាលនៃទីក្រុងខ្មែរ ព្រមជាមួយនិងការរៀបចំគ្រប់គ្រង ត្រូវពឹងផ្អែកលើលក្ខណៈធំៗ៣។ លក្ខណៈ ៣យ៉ាងរបស់ទីក្រុងងខ្មែរ គឺទី១ អំណាចស្តេច ឬស្ថាប័នស្តេច ឬក៏អ្នកណាមួយតាំងតាមព្រះរាជតម្រិះព្រះមហាក្សត្រ។ តួយ៉ាង ក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័ន កាលនោះ ទ្រង់នៅមានវ័យកុមារភាពនៅឡើយ រាជរដ្ឋាភិបាលរបស់ព្រះអង្គត្រូវបានដឹកនាំដោយព្រាហ្មណ៍ សិវាចារិយា និង ដោយមន្ត្រីជាន់ខ្ពស់មួយរូប ដែលមានគោរមងារថា “មហាទីប្រឹក្សានៃព្រះរាជវង្សានុវង្ស”។
កត្តាទី២. ព្រះរាជធានីខ្មែរ គឺទីកន្លែងដែលមានការប្រមូលផ្តុំនូវភូមិស្រុក ដោយក្រុមមនុស្ស និងសម្មទ្ធិផលសង្គម ហាក់បីដូចជាសារព៌ាង្គកាយ ដែលមានជីវិតរស់រវើក ហើយមានការរៀបចំយ៉ាងសាំញ៉ាំ។ ឧទាហរណ៍ជាក់ស្តែង សិលាចារឹកប្រាសាទតាព្រហ្ម ដែលសាងសង់ឡើង ដើម្បីឧទ្ទិសចំពោះព្រះវរាជមាតា របស់ព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាក់ឲ្យដឹងថា ប្រាសានេះត្រូវបានឧបត្ថម្ភដោយភូមិចំនួន ៣១៤០ភូមិ ដោយមានប្រជានុរាស្ត្រទៅដល់ ៧៩៣៦៥រួមមានព្រាហ្មណ៍បុរោហិតធំៗចំនួន ១៨, ព្រះអាចារ្យចំនួន ២៧៤០, អ្នកជំនួយការ ២២០២ និងអ្នករបាំចំនួន ៦១៦នាក់។
រូបភាព ១-២ : ទីក្រុងអង្គរ រួមមាន ប្រាសាទនានា និង បារាយណ៍ (Google)
រីឯខ្លឹមសារនៃសិលាចារឹកប្រាសាទព្រះខ័នវិញ ដែលឧទ្ទិសចំពោះព្រះវរាជបិតា យើងក៏ដឹងទៀតថា មានភូមិ
ចំនួន ៥៣២៤ ដែលទំនុកបម្រុងសំណង់ស្ថាបត្យកម្មដ៏ស្កឹមស្កៃនេះ ដោយមានមុស្សប្រុសស្រីចំនួន ៩៧៨៤០នាក់ មើលការខុសត្រូវ។ ក្រៅពីនេះ បើយោងលើបទបញ្ញាត្តិ ដែលចារនៅលើសិលាចារឹក មន្ទីរពេទ្យ ឬអរោគ្យសាលា យើងក៏បានដឹងបន្ថែមទៀតថា សម្រាប់មូលនិធិនៃទីក្រុងអង្គរធំ មានទ្វារចេញទាំងបួន មានមនុស្សសរុបទាំងអស់ ៨០០នាក់ មើលការខុសត្រូវគ្រប់កែង ហើយពួកគេត្រូវចែកចេញជា៣ថ្នាក់។ ពោលគឺ ថ្នាក់ទី១ មានមនុស្សចំនួន ២០០នាក់ នៅថ្នាក់ទី២ មានចំនួន ១០១នាក់ និងថ្នាក់ទី៣ មាន៥៣នាក់។
យ៉ាងណាមិញ ទីក្រុង ឬបុរៈ ក៏តម្រូវឲ្យមានតតាកៈ ឬបារាយណ៍ ដែលជាទំនប់ទឹក ផ្លូវគមនាគមន៍ សាលាឆទាន ឬអរោគ្យសាលា (មន្ទីរពេទ្យសម្រាប់ព្យាបាលជម្ងឺ) អ្វីមួយដែលជាសេចក្តីត្រូវការរបស់ប្រជានុរាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ មានការគ្រប់គ្រង អភិបាលកិច្ចល្អ។ ព្រះរាជកាតព្វកិច្ចសំខាន់ជាងគេបំផុតរបស់ព្រះមហាក្សត្រខ្មែរទាំងឡាយ នាសម័យអង្គរ ក៏ដូចជាសម័យវប្បធម៌មុនៗ គឺការជីកបារាយណ៍ ឬតតាកៈ នៅក្នុងទីក្រុងនានា ដែលទ្រង់គ្រប់គ្រង។ ជាឧទាហរណ៍ជាក់ស្តែង ឥន្ទ្រតតាកៈ នៅទីក្រុងរលួស, យសោធរតតាកៈ នៅយសោធរបុរៈ បារាយណ៍ខាងលិច និងបារាយណ៍ខាងកើត ឬជយតតាកៈ ត្រូវបានស្ថាបនាឡើងនៅតំបន់សៀមរាប អង្គរ ដើម្បីផ្តល់នូវទឹកសម្រាប់វិស័យកសិកម្ម។
រូបភាព ១-២ : ព្រាហ្មណ៍កំពុងអានព្រះគម្ពីរ និង ប្រារព្ធពិធីបូជាព្រះភ្លើង ប្រាសាទបាយ័ន (ម.ត ២០០៤)
សូមរំឭកថា ក្នុងសិលាចារឹក បុរេអង្គរ និងអង្គរ គេប្រើពាក្យ តតាកៈ ច្រើនជាងពាក្យ បារាយណ៍។ រីឯពាក្យខ្មែរសាមញ្ញវិញ ពាក្យទំនប់ទឹក ពិតមែនតែក្នុងសម័យអង្គរ យើងឃើញតតាកៈ ឬបារាយណ៍ទាំងនោះ ត្រូវបានកសាងឡើងសម្រាប់ផ្តល់នូវទឹកធ្វើស្រែចំការ ប៉ុន្តែ មានសញ្ញាជាវិជ្ជមានជាច្រើន ដែលអនុញ្ញាតិឲ្យយើងសន្និដ្ឋានថា ទំនប់ទឹកទាំងនោះក៏ទាក់ទិនទៅនិងវិស័យជំនឿ សាសនាផងដែរ។
ក្នុងចំណោមបារាយណ៍ជាច្រើន គេរមែងតែសង្កេតឃើញវត្តមានរបស់ប្រាសាទមួយនៅចំកណ្តាល ដូចករណីប្រាសាទមេបុណ្យខាងកើត និងខាងលិច ជាឧទាហរណ៍ស្រាប់។ ព្រមជាមួយការផ្តល់នូវទឹកសម្រាប់ស្រោចស្រពស្រែចំការ បារាយណ៍ទាំងនោះក៏បំពេញសកម្មភាពយ៉ាងខ្លាំងក្លាក្នុងទិសដៅការពារ សម្រេចនូវគោលបំណងរបស់សាសនិកជនផងដែរ។
មេបុណ្យ តំណាងឲ្យទឹកនៃទន្លេពិសិដ្ឋ គង្គានៅប្រទេសឥណ្ឌា បុណ្យ គឺបុណ្យបារមី កុសល ដូចនេះ បារាយណ៍ ឬមេបុណ្យ គឺជារូបភាពនៃសមុទ្រតំណាងឲ្យដំណើរការនៃការវិលវល់ក្នុងលោកីយ គឺការកើតស្លាប់-ស្លាប់កើត មិនឈប់ឈរនៃជីវិត។ ការប្រើពាក្យនេះ គឺដើម្បីជាអ្វីមួយដែលសមស្រប និងអត្ថន័យដើមនៃពាក្យបារាយណ៍ (សំស្ក្រឹត) ដែលមានន័យថា ចម្លងទៅត្រើយម្ខាងទៀត គឺព្រះនិពាន្វ។ ដូចករណីខាងលើ យើងសង្កេតឃើញថា ប្រាសាទនាគព័ន្ធ ដែលស្ថិតនៅកណ្តាលស្រះអនវតប្ត បំពេញនូវនិមិត្តរូបស៊ីជម្រៅខាងលើនេះ។
ម្យ៉ាងវិញទៀត តាមតួលេខ ដែលបានផ្តល់ដោយនាយកដ្ឋានវិចិត្រសិល្បៈថៃ និងលាវ/ឡាវ រហូតមកដល់បច្ចុប្បន្ន នៅក្នុងសម័យអង្គរ មានបារាយណ៍ធំៗជាច្រើនចំនួនមិនតិចជាង ៣០ ដែលគេបានឃើញតាមរយៈរូបភាពថតពីលើអាកាស។ ទន្ទឹមនឹងនេះ ក៏មានវត្តមានរបស់បារាយណ៍មួយចំនួននៅកម្ពុជាក្រោម ដែលខ្លះនៅតែកំពុងប្រើប្រាស់ដោយសេរី នាសម័យទំនើបយើងនេះ។
បារាយណ៍បុរាណទាំងនោះស្ថិតក្នុងពេលបច្ចុប្បន្ននេះ ទោះបីជាអាណាខេត្តទាំងនោះ ដែលស្ថិតក្នងប្រទេសថៃ ឬលាវក៏ដោយ ក៏អ្នកបុរាណវិទូ នៅតែទទួលស្គាល់ថា សម្មទ្ធិផលទាំងនោះ គឺជាស្នាដៃរបស់បុព្វបុរសខ្មែរយ៉ាងប្រាកដ។
ដូចនេះ ជារួម យើងអាចនិយាយបានថា ការបង្កើតទីក្រុងតូច ធំទាំងឡាយ ក្នុងអតីតចក្រភពកម្ពុជទេស ត្រូវបានផ្តើមចេញពីការស្ថាបនាបារាយណ៍ ដែលជាលក្ខណ្ឌមួយចម្បងខកខានពុំបាន របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងសម័យបុរាណ។ ភាពចាំបាច់នៃសិទ្ធិអំណាចនៃប្រមុខដឹកនាំខ្មែរនាជំនាន់នោះ គឺជាកម្មវត្ថុទី១ ដែលត្រូវអនុវត្តន៍ គឺវឌ្ឍនភាព និងសុភមង្គលរបស់សហគមន៍មនុស្ស ហើយវាក៏ជាករណីកិច្ចនយោបាយជាតិផងដែរ។
តាមរយៈការវិភាគខាងលើនេះ បានចង្អុលបង្ហាញថា ការរៀបចំទីក្រុងខ្មែរបុរាណ សុទ្ធសឹងតែស្ថិតនៅក្រោមឥទ្ធិពលនៃវិស័យជំនឿសាសនា ទោះជានៅទីណាក៏ដោយ ក្នុងចក្រភពកម្ពុជទេស។ នេះមិនមែនមានន័យថា នគររូបនីយកម្ម ត្រូវផ្តាច់ចេញពីវិស័យសាសនាទេ។ ផ្ទុយទៅវិញ នយោបាយទឹក ឬធារាសាស្ត្រ គឺជាប្រភពដ៏សំខាន់ចាំបាច់ជាទីបំផុត សម្រាប់ជាប្រយោជន៍ ដល់សង្គមជាតិទាំងឡាយទៅវិញទេ។
សរុបសេចក្តីមក ខាងលើនេះ គឺជាហេតុផលបីយ៉ាងរក្សាទុក ដែលមានប្រយោជន៍ជាសាធារណៈ ក្នុងការបង្កបង្កើតទីក្រុង ឬបុរីខ្មែរឡើង។ រីឯនៅចុងចក្រភពក៏ដូច្នោះដែរ ដូចជា នៅខេត្តសុខោទ័យ, កញ្ចនៈបុរី ឬក៏នៅក្នុងតំបន់សណ្តនៃដងទន្លេមេគង្គជាដើម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អំណាចកណ្តាលខ្មែរ ស្ថានភាពក៏មានលក្ខណៈមិនខុសគ្នាប៉ុន្មានទៅនិងព្រះរាជធានីអង្គរដែរ។
មានន័យថា បន្តិចម្តងៗ ការរៀបចំដែនដីខ្មែរ តាមរយៈទីក្រុង ត្រូវបានពង្រីកទូទាំងអតីតព្រះរាជាណាចក្រខ្មែរ ព្រោះស្ថិតក្នុងបរិបទភូមិសាស្ត្រនយោបាយ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលខ្មែរនាសម័យនោះ៕ (ម.ត្រាណេ) - See more at: http://www.cen.com.kh/culture/detail_culturehistory/YzU2MTUwNjMyMDh#sthash.WGO2THrb.dpuf
No comments:
Post a Comment