-------------------------------------------------------------
ជាការពិតណាស់ដែល អក្សរខ្មែរសព្វថ្ងៃដែលមានប្រភពចេញពីអក្សរឥណ្ឌាព្រហ្មី (បល្លវៈ) បានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនដំណាក់កាល ចាប់តាំងពីស.វទី១ និងទី ២ ម ក ដោយបានឆ្លងកាត់កំណែទម្រង់ច្រើនដំណាក់កាល មុននឹងឈានដល់សម័យទំនើបយើងនេះ។ម្យ៉ាងវិញទៀត យោងតាមស្ថានភាពជាក់ស្តែង ការប្រើតួអក្សរឥណ្ឌានេះ បានផ្តល់លទ្ធភាពសម្រាប់ជនជាតិខ្មែរគ្រប់បែបយ៉ាងទាំងអស់ ដូចជាការកត់ត្រានូវព្រឹត្តិការណ៍នានា ដែលបានកើតឡើងក្នុងសង្គមជាតិ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមផងដែរ។
មិនមែនដូចអ្នកខ្លះជឿដោយច្រឡំនោះទេថា ភាសាខ្មែរស្ថិតក្នុងអម្បូរភាសាឥណ្ឌូ-អ៊ឺរ៉ុប។ ស្ថិតក្នុងអម្បូរភាសាមន-ខ្មែរ ភាសានេះគ្រាន់តែបានខ្ចីស័ព្ទ ឬពាក្យសំស្ក្រឹត-បាលីពីឥណ្ឌាជាច្រើន សម្រាប់អភិវឌ្ឍន៍ភាសាដើមឲ្យធំធាត់ រីកចំរើនតែប៉ុណ្ណោះ ព្រោះថា ព្រមជាមួយគ្នានេះ ការដែលជនជាតិខ្មែរក្នុងអតីតកាលបានប្រារព្ធសាសនាធំៗទាំងពីររបស់ឥណ្ឌា គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាទាំងពីរនិកាយ (ហិនយាន ឬថេរវាទ និងមហាន) តម្រូវឲ្យប្រើភាសាសំស្ក្រឹត និងបាលី ជាភាសាយាន។ បើពុំនោះសោត ពួកគេពិតជាពុំអាចកត់ត្រា ផ្សព្វផ្សាយ ឬក៏រក្សាក្បួនខ្នាត គម្ពីរ (កំពី) ដីការកោះ ពីសម័យមួយទៅសម័យទៀតបានជាដាច់ខាត។ ហើយតាមលទ្ធផលនៃការស្រាវជ្រាវ បានឲ្យដឹងថា ភាសាជាផ្លូវការ ដែលគេកត់ត្រា ហើយប្រើប្រាស់នៅដើមសម័យប្រវត្តិសាស្ត្រ គឺភាសាសំស្ក្រឹតច្រើនជាងភាសាបាលី។
រូបភាព ១-២ : សិលាចារឹក K 600 ឬ Ka 290 វត្តគំនូរ អង្គរបុរី, អភិរក្សដ្ឋានអង្គរ (ម.ត ១៩៩៣)
មានន័យថា ភាសាខ្មែរ ជាភាសាដោយឡែកពីភាសាឥណ្ឌា ដែលស្ថិតក្នុងអម្បូរឥណ្ឌា-អ៊ឺរ៉ុប។ គួរ
កត់សម្គាល់ថា អ្វីដែលទើបពោលមានលក្ខណៈស្របទៅនឹងទិន្នន័យខាងសិលាចារឹក ដែលបានបង្ហាញបញ្ជាក់ថា ជាទូទៅក្នុងសង្គមខ្មែឬនាសម័យហ្វូ-ណន សាសនាព្រាហ្មណ៍និយម ភាសាសំស្ក្រឹត។ រីឯសម្រាប់សាសនាព្រះពុទ្ធវិញ គេក៏និយមភាសាសំស្ក្រឹតផងដែរ តែទន្ទឹមនឹងនេះ ក៏មានការនិយមភាសាបាលីផង ដែលវត្តមានត្រូវបានគូសបញ្ជាក់ចាប់តាំងពីស.វទី ៦មក។ ហើយបន្ទាប់មក ចាប់តាំងពីស.វទី ១៤មក ទើបការប្រើភាសាសំស្ក្រឹតត្រូវបានបញ្ឈប់ជាស្ថាពរ ហើយជំនួសដោយភាសាបាលី រហូតដល់ស្ថានភាពបច្ចុប្បន្ន។
ជាទូទៅប្រជាជនធម្មតាប្រើភាសាខ្មែរ ប៉ុន្តែទន្ទឹមនឹងនេះ នៅក្នុងជួររាជរដ្ឋាភិបាល ឬក៏នៅក្នុងព្រះបរមរាជវាំង រាល់ឯកសារជាផ្លូវការត្រូវគេកត់ត្រាជាភាសាសំស្ក្រឹត ដែលជាភាសារពិសិដ្ឋ ព្រោះភាសានេះ តាមទេវកថាវិទ្យាឥណ្ឌា គឺត្រូវបានបង្កើតឡើងដោយព្រះព្រហ្ម។ ប្រហែលជាដោយសារហេតុនេះហើយ ទើបបានជាគេបានប្រើពាក្យព្រះអក្ខរា ព្រះបាលី ដើម្បីសំដៅនូវតួអក្សរទាំងឡាយ ដែលចារក្នុងគម្ពីរខ្មែរ ក្នុងអតីតកាល។
សូមរំឭកថា ប្រភពសំណេរដៃចិននាដើមស.វទី ៣ បានឲ្យដឹងថា ក្នុងព្រះបរមរាជវាំងនាសម័យនោះ មានការនិយមសៀវភៅដែលគេតម្កល់នៅកន្លែងទុកបណ្ណាសារ។
ដូច្នេះឃើញថា ភាសាជាផ្លូវការ គឺភាសាសំស្ក្រឹត ដូចករណីផ្ទាំងសិលាចារឹកជាច្រើន ដែលគេបានជួបប្រទះជាសក្ខីកម្មស្រាប់ តែប្រជាជនធម្មតានិយមភាសាខ្មែរដូនតា ដែលស្ថិតក្នុងអម្បូរមន-ខ្មែរយ៉ាងប្រាកដ។ ការដែលគេពុំបាន សរសេរ ឬចារអត្ថបទជាភាសាខ្មែរនៅលើសិលាចារឹកមុនស.វទី ៦ មិនមែនមែនន័យថា ខ្មែរគ្រប់មជ្ឍដ្ឋាន ទូទាំងប្រទេសសុទ្ធសឹងតែចេះភាសាសំស្ក្រឹតទាំងអស់នោះទេ។ គេមិនត្រូវច្រឡំភាសា និងតួអក្សរនោះឡើយ។
បញ្ហាដែលចោទឡើងនៅទីនេះ គឺថាតើតួអក្សរដែលបានសរសេរជាភាសាខ្មែរដំបូងបង្អស់នោះ គឺស្ថិតក្នុងអម្លុងសតវត្សរ៍ណាពិតប្រាកដ?
រូបភាព ១-២ : សិលាចារឹក Ka 28 មកពីចំបក់ វល្លិ៍ស និង ka 26 មកពីស្រុកបាសែត ខេត្តកំពង់ស្ពឺ, សារមន្ទីរជាតិភ្នំពេញ (ម.ត ២០០៥)
តាមយោបល់យើង ប្រសិនបើគេយកផ្ទាំងសិលាចារឹកមួយចំនួនមកពិនិត្យសិក្សា ដោយមានការវិភាគលក្ខណៈនៃតួអក្សរឲ្យបានត្រឹមត្រូវ យើងអាចនឹងដឹងថា មិនមែនមានតែសិលាចារឹក K.600 ទេ ដែលត្រូវចារឡើងនៅឆ្នាំ ៦១១នៃគ.ស នៅទីក្រុងអង្គរបុរី ឬវធ្យាបុរៈ នៅខេត្តតាកែវ។ ម្យ៉ាងវិញទៀត គេក៏បានរកឃើញនូវផ្ទាំងសិលាចារឹកមួយចំនួនទៀត សរសេរជាភាសាខ្មែរ តែពុំមានការតាំងកាលបរិច្ឆេទឡើយ។
សូមជម្រាបថា ទោះបីជាផ្ទាំងសិលាចារឹកទាំងនោះ ពុំមានការចុះកាលបរិច្ឆេទក្តី ក៏ប៉ុន្តែពិតជាស្ថិតក្នុងសម័យកាលមួយមុនការចារនៃសិលាចារឹក K.600 ខាងលើនេះ ពោលគឺ ក្នុងអម្លុងចុងស.វទី ៦ និងដើមស.វទី៧យ៉ាងប្រាកដ។ ជាឧទាហរណ៍ជាក់ស្តែង យើងអាចយកសិលាចារឹក Ka 26 និង Ka 28 ឬក៏សិលាចារឹកនៅភ្នំសុពណ៍កាឡី ដែលចារក្នុងរជ្ជកាលរបស់ព្រះបាទមហេន្ទ្រវរ្ម័ន ជាឧទាហរណ៍ស្រាប់។
មានន័យថា គឺអក្សរនៃផ្ទាំងសិលាចារឹកទាំងនោះហើយ ដែលមានលក្ខណៈបុរាណជាង ដែលបានផ្តល់កំណើតទៅឲ្យសិលាចារឹក K.600 នៅអង្គរបុរី។ ព្រោះថា តួអក្សរមានលក្ខណៈចាស់ជាងដោយពិត។ ហើយនេះជាអ្វីមួយដែលលោកសាស្ត្រាចារ្យ ឡុង សៀម កាលពីលោកនៅមានជីវិតនៅឡើយ បានស្របមតិនិងយើងកាលពីលោកនៅមានជីវិតនៅឡើយ។
ជារួម អក្សរនៃចារឹកទាំងនោះ គឺជាប្រភពអារ្យធម៌មួយ និងតំណាងឲ្យប្រទេសជាតិមួយដ៏រុងរឿងថ្កើងថ្កាន ដែលយើងត្រូវតែចាប់អារម្មណ៍ យកចិត្តទុកដាក់ ទោះបីជាមានប្រភពពីឥណ្ឌាក៏ដោយ។
សូមរំលឹកផងដែរថា ក្រោយពីឥណ្ឌូរូបនីយកម្ម ពោលគឺក្រោយពីអនុវត្តនូវហេដ្ឋារចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច វប្បធម៌តាមបែបឥណ្ឌា វប្បធម៌ខ្មែរបានរីកចំរើនយ៉ាងឆាប់រហ័សនៅហ្វូ-ណន ឬនគរភ្នំ ពីស.វទី ១ ដល់ឆ្នាំ ៦៤៩ នៃគ.ស ដោយមានការប្រើតួអក្សរតាមលំនាំឥណ្ឌាសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។
សរុបសេចក្តីមក យើងអាចទទួលស្គាល់ថា ពីចុងស.វទី ៦ និងដើមស.វទី៧ មាការកត់ត្រាជាភាសាខ្មែរ ជាលើកដំបូងបង្អស់ គួរឲ្យកត់សម្គាល់ ក្រោយពីឆ្លងកាត់កំណែទម្រង់មួយចំនួន។ គឺប្រការនេះហើយ ដែលធ្វើឲ្យវប្បធម៌ខ្មែរកាន់តែរីកចម្រើនសុះសាយយ៉ាងឆាប់រហ័ស។ ការរកឃើញនូវផ្ទាំងសិលាចារឹកសរសេរទាំងជាភាសាសំស្ក្រឹត និងទាំងជាភាសាខ្មែរផ្ទួនគ្នា ដែលមានលក្ខណៈកាន់តែវែង ហើយកាន់តែសមសួនទៅៗក្នុងតំបន់ គឺជាជំហានប្រវត្តិសាស្ត្រយ៉ាងសំខាន់ ដែលបុព្វការីជនខ្មែរបានឈានទៅដល់ ក្នុងការអភិវឌ្ឍន៍វប្បធម៌ ដែលគួរឲ្យចាប់អារម្មណ៍បំផុត។
ជាអវសាន ផ្អែកលើអំណះអំណាងខាងលើនេះ យើងអាចសន្និដ្ឋានបានថា អក្សរដែលកត់ ឬសរសេរជាភាសាខ្មែរបុរាណដំបូងបង្អស់ ពិតជាត្រូវបានអនុវត្តន៍ឡើងចាប់ពីចុងស.វទី ៦ យ៉ាងប្រាកដ៕ (ម.ត្រាណេ) - See more at: http://www.cen.com.kh/culture/detail_culturehistory/Y2E5ZTdiZTNiMmY#sthash.WDwOmFpD.dpuf
No comments:
Post a Comment