Wednesday, October 1, 2014

បណ្តាំ​តា​មាស​

បណ្តាំ​តា​មាស​  អំពីយួនឈ្លានពានកាប់សម្លាប់ខ្មែរនៅសតវត្សរ៍ទី១៩ នៅខេត្តកំពង់ឆ្នំាង
===================================================

    ​ជាការ​ពិត មាន​ការបះបោ​ប្រឆាំង នឹង​ការតាំង​អាណាព្យាបាល​បារាំង​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ ១៨៦៣ ទោះបីជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះ បានធ្វើ​ឲ្យ​ម​ហិ​ច្ឆិ​តារ​វាតទី​និយម​របស់​ប្រទេសជិតខាង​ត្រូវបាន​ខកខាន​មួយគ្រា​យ៉ាងខ្លី​ក្តី ។​

​    ​ក្នុង​គោលដៅ​បន្ថយ​នូវ​ភាពមិន​សហការ​ណ៍ ការមិនគាំទ្រ​បារាំង​ពី​សំណាក់​ប្រជានុរាស្ត្រ​ខ្មែរ ដែល​អាច​នឹង​កើតមានឡើង ហើយ​ដែលជា​ប្រភព​នៃ​ភាពចលាចល វឹកវរ​ទាំងឡាយ​ផង អាជ្ញាធរ​បារាំង​បាន​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់ រួមមាន​ទាំង​ការឃោសនា​ក្នុង​អន្តរកាល រវាង​ឆ្នាំ ១៨៦៣ និង​ដើម​ស​.​តទី ២០ ។​
​    ​ដូច្នេះ អត្ថបទ​បណ្តាំ​តា​មាស ដែល​យើង​សូម​ភ្ជាប់​មកនេះ ក៏ដូចជា​ឯកសារ​ផ្សេងៗ​មួយ​ចំ​នួ​ទៀត នា​ជំនាន់​នោះដែរ មិនមែនជា​ករណី​លើកលែង ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ខ្មែរ កុំ​ឲ្យ​ស្អប់ ហើយ​ប្រឆាំងនឹង​អំណាច​បារាំង ។ ទោះជា​យ៉ាងណាក៏ដោយ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ បារាំង​មិនអាច​ធ្វើ្វ​អ្វី​ខុស​ពីនេះ​បានដែរ ។​
​    ​សូមជម្រាបថា នេះ​ជា​លើក​ទី ១ ហើយ ដែល​យើង​បានឃើញ​អាជ្ញាធរ​បារាំង ផ្សព្វផ្សាយ​អត្ថបទ​ឃោសនា ជា​ភាសា​ខ្មែរ ដោយ​មានការ​ពិពណ៌នា អំពី​សម្មិទ្ធិផល​សង្គម ដែល​ខ្លួន​បានសម្រេច ជា​ស្ថាពរ​ក្នុងប្រទេស​កម្ពុជា ។​
​    ​ធ្វើ​ដូច្នោះ ពួកគេ​សង្ឃឹមថា អាចនឹងទទួល​នូវ​ផលប្រយោន៍​យ៉ាង​ប្រាកដ ។ បើ​យោងតាម​អត្ថបទ​ឃោសនា​ខាងលើនេះ ដែល​បាន​ផ្សព្វផ្សាយ​ទូទាំងប្រទេស ក្នុងខណៈដែល​ប្រជាជន​ខ្មែរ​ត្រូវបាន​ត្រួតត្រា​ដោយ​អាណានិគម​បារាំង ។​

អត្ថបទ​បណ្តាំ​តា​មាស : (Cf.​ឯកសារ​ដកស្រង់​ចេញពី​អត្ថបទ​ជា​ភាសា​ខ្មែរ តំកល់​នូវ​បណ្ណាល័យ​ជាតិ នៅ​ទីក្រុង អា​ឡាំង​សុង​, ប្រទេស​បារាំង​)

​    ​"​ចូរ​អស់លោកអ្នក​ទាំងឡាយ នាម៉ឺន រាស្ត្រ​ក្តី មើល​ហើយ​ពិចារណា គិត​ឲ្យ​សព្វ​ទៅ ឃើញ​ទេ ស្រុក​យើង​សព្វថ្ងៃនេះ​ខុសគ្នា​និង​កាល​៥០​ឆ្នាំមុន​នោះ ឃើញ​ខុសគ្នា​ដូចម្តេចខ្លះ ហើយ​គិត​កាលដែល​ស្រុក​កើត​ចម្បាំងរាំងជល់ ហើយ​ស្រុក​ឥឡូវ​ដែល​បាន​សុខ​សប្បាយ​ក្សេមក្សាន្ត​គ្រប់​ទីកន្លែង ហើយ​ប្រាក់​ក៏​សម្បូរ​ក្នុងស្រុក​ខ្មែរ​យើង គ្រប់​ផ្ទះសម្បែង​ក៏​មិនដែល​ដាច់​ខ្វះ​ចាយ​សោះ គង់តែ​មាន​ប្រា​ក់ចាយ​ខ្លះ​រាល់​ផ្ទះ​គ្រប់គ្នា ហេតុដែល​បាន​សម្បូរ​ទាំងនេះ​ពីព្រោះ​អី ? នោះ​ឃើញថា សេចក្តី​អត់ឃ្លាន​មិនសូវមាន​តាំងតែ​ពី​កាល​បារាំងសែស​ចូលមក​នៅក្នុង​ស្រុក​យើង ហើយ​ស្រុក​យើង​ក៏​មិនយូរ​ឡើយ​សម្បូរ​ធនធាន អើ​ដូចជា​ខ្លួន​តា​នេះ​អាយុ​៨០​ឆ្នាំ​ហើយ ហើយ​ចាំ​ដំណើររឿង​ព្រេង នាំមក​និទាន​ឲ្យ​កូន​ចៅទួត​លួត​លា នៅឯ​ក្រោយ​ឲ្យ​ដឹង​រឿង​បារាំងសែស​នេះ កាលពីមុន​ម្តេច ត​មកទៀត​ដូចម្តេច មួយទៀត​យើង​សព្វថ្ងៃនេះ  ចូល​ចាំ​កុំ​ភ្លេច​សេចក្តី​ដែល​មនុស្ស​ពី​ដើម​រង​ការលំបាក​ទុក្ខ​វេន​នា​នោះ​ដូចម្តេចខ្លះ ហើយ​កុំ​ភ្លេចគុណ​បារាំងសែស​តែ​នាំ​មាត់ អាក្រក់ គិតការ​ទុច្ចរិត​ស្ងាត់កំបាំង​ហើយ នោះ​វា​នាំ​ឲ្យ​ស្រុក​នគរ​យើង​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ដូច​កាល​គ្រា​ដែល​ចេះតែ​កើត​ចម្បាំង កម្សត់​អត់ឃ្លាន​២០​ឆ្នាំ​ម្តង ១០​ឆ្នាំ​ម្តង ជួនកាល​ឃើញ​ទ័ព​សៀម​មក​ម្តង ទ័ព​មកពី​ស្រុក​នេះ​ម្តង ទ័ព​មកពី​ស្រុក​នោះ​ម្តង ហើយ​មាន​ទាំង​ពួកចោរ​កំណាច​កាច​ផ្គុំ​គ្នា លើក​ជា​ពួក​ជា​កង​លួច​ប្លន់​កាប់​ចាក់​សម្លាប់​គ្នា ហើយ​ដុត​ផ្ទះសម្បែង​វត្តវ៉ា​វិនាស​អស់ ។​
​    ​អើ​កាលនោះ​ប្រហែល​៥០​ឆ្នាំ​នោះ​ស្រុក​យើង​នោះ​គ្មានអ្វី​សោះ សៀម​ហើយ និង​យួន​វា​មក​ត្បៀត​សង្កត់សង្កិន​យើង​ហៀ​បៗ​តែ​នឹង​សូន្យ​ឈ្មោះ​ផង ដល់​មក​ឥឡូវនេះ​មាន​គេ​ស្គាល់​យើង​ទាំង​២​ភព ហើយ​សារពើ​ផល​ជំនួញ​យើង គឺ​ស្រូវ កប្បាស ម្រេច ហើយ​និង​ត្រី​ពី​ក្នុង​ទន្លេ ព្រែក បឹង ស្ទឹង​យើង​ដែរ​កាលពីដើម​មិនសូវ​បាន​នាំ​ចេញទៅ​ប្រទេសក្រៅ ហើយ​ច្រើនតែ​ឈ្មួញ​ចិន​ចូល​ទិញ​នោះ ឥឡូវនេះ​មាន​កប៉ាល់ភ្លើង​នាំទៅដល់​ស្រុក​ម្នាល ស្រុក​ចិន ស្រុក​យី​ពុន ស្រុក​យ៉ា​វ៉ា ហើយ​និង​ប្រទេស​អឺរ៉ុប​” 
។​
​    ​កាលដើមឡើយ​គេ​មិនទាន់​​ស្គាល់​ស្រុក​យើង ឥឡូវ​គេ​មកពី​គ្រប់​ទិស​តំបន់ មក​មើល​ក្រុងភ្នំពេញ នគរធំ នគរវត្ត ហើយ​បើ​ចង់​ទិញ​អ្វីៗ មាន​គ្រប់​ប្រទេស​ក្រោម​មេឃ​នេះ​ក៏មាន​ឲ្យ​ទិញ​ទាំងអស់​ក្នុងស្រុក​ខ្មែរ កប៉ាល់​សរុប​របស់​ចិន ក្លិង្គ ឬ​របស់​បារាំងសែស​ខ្លះ​មាន​សព្វថ្ងៃនេះ​ជាង​៦០ បើក​ជួញ​ជួល​ជិះ​សំ​ដោយ​ទូក​ទៅមក​ហូរហែ​តាម​ទន្លេ បើ​ពី​ភ្នំពេញ ទៅ​ព្រៃនគរ​ចម្ងាយ​តែ​២៤​ម៉ោង ឯ​ស្រុក​ព្រៃនគរ​នោះ​កាលដែល​នៅក្នុង​ដៃ​យួន វា​ធ្វើជា​ម្ចាស់​ស្រុក​នោះ​យើង​មិន​ហ៊ាន​ទៅ​សោះ ។​
​    ​បើ​ទៅ​ពី​ភ្នំពេញ​ទៅដល់​បាត់ដំបង​ទៅ​ក្រចេះ​ចម្ងាយ​ផ្លូវ​តែ​១២​ម៉ោង​ដល់​ដែរ កាលពីដើម​ចម្ងាយ​ផ្លូវ​តែ​៨​ថ្ងៃ បើ​ទៅតាម​ផ្លូវ​ទន្លេធំ​ទុះ​ស្រុក​លាវ​ស្រុក​ខាង​ចម្ងាយ​ផ្លូវ​សព្វថ្ងៃ​តែ​២៤​ម៉​ង ហើយ​បើ​ឡើង​ស្រុក​លួង​ប្រ​បាង ចម្ងាយ​ផ្លូវ​មិន​ដល់​២០​ថ្ងៃ​ទេ បើតាម​ផ្លូវ​សមុទ្រ ពី​ព្រៃនគរ​ទៅ​ស្រុក​បាងកក​តែ​៤​ថ្ងៃ​បើ​ទៅ​សាំង​ហ្គា​ពួរ​តែ​២​ថ្ងៃ ឯ​ស្រុក​លង្កា ដែល​យើង ស្គាល់ឈ្មោះ​ដោយសារតែ​គម្ពីរ​ព្រះ​បាលី​នោះ​យើង​មិនដែល​ទៅ​សោះ កាលពីដើម​ត្បិត​ស្រុក​ឆ្ងាយ​ណាស់ សព្វថ្ងៃនេះ​នៅតែ​៨​ថ្ងៃ​ដល់ ឯ​ស្រុក​បារាំងសែស​ចម្ងាយ​តែ​២២​ថ្ងៃ ស្រុក​ខ្មែរ​យើង​សព្វថ្ងៃនេះ​មិនមែនជា​ស្រុក​ដែល​ឥត​នរណា​ស្គាល់ អ្នក នគរ​ទាំង​ពិភព​គេ​ក៏​មិន​សល់​នឹង​ស្គាល់​យើង ហើយ​នគរ​ណា​ដែល​យើង​មិន​ស្គាល់​មិនដែល​ឮ​និយាយ​សោះ ឥឡូវនេះ​យើង​ស្គាល់​ទាំងអស់​ហ្លួង​យើង​ក៏បាន​សម្រេច​ទៅ​ស្រុក​បារាំ​សែ​ស ហើយ​បាន​ចូល​ទត​ស្រុក​សាំ​ហ្គា​ពួរ លង្កា និង​ព្រែកជីក​ធំ ដែល​ដៃ​បារាំងសែស​ជីក​ទម្លុះ​ពី​សមុទ្រ​ទិស​ឯកើត​កាត់​សមុទ្រ​ទិស​លិច ព្រែកជីក​នោះ​ជា​ផ្លូវ​សមុទ្រ​ធំ​ក្នុង​១​ឆ្នាំមាន​កប៉ាល់ភ្លើង​ជាច្រើន​ពាន់​បើក​ចេញមក​មិនដែល​ដាច់ អស់ទាំង​លោក​សេនាបតី ព្រះអង្គម្ចាស់ក្សត្រិយ៍ និង​ចៅជិត​ចៅចម អស់អ្នក​ក្នុង​វាំង​ក៏បាន​ទៅ​ឃើញ​ស្គាល់​ស្រុក​បារាំង​ឃើញ​ក្រុងប៉ារីស​ជាទី​ដី​ជំនុំ​ស្រុក​បារាំងសែស ឯ​ក្រុងប៉ារីស​នោះ​ជា​ក្រុង​ធំ និង​គិត​គណនា​ត្រា​រាប់​ពុំបាន បើ​រាប់​រាស្ត្រ​ចំណុះ​ស្រុក​ក្នុង​ទឹកដី​ជំនុំ​ក្រុងប៉ារីស​ប្រហែល​ចំនួន​មនុស្ស ២​នគរ​ស្រុក​ខ្មែរ​យើង ទើប​ប្រហែល​និង​មនុស្ស​ក្នុង​ទឹកដី​ជំនុំ​ប៉ារីស​មួយ ហើយ​មួយទៀត​កូន​ខ្មែរ​យើង​ក៏បាន​ទៅ​រៀនអក្សរ ចំណេះវិជ្ជា នៅ​ស្រុក​បារាំងសែស​ហើយ ហើយ​ត្រឡប់មកវិញ​ឡើងជា​មនុស្ស​ចេះដឹង នាំ​ដំណឹង​ស្រុក​នោះ​ជា​ស្រុក​កាល មុន ៥០​ឆ្នាំ ខ្លួន​ខ្ញុំ​ជា​ឪពុកម្តាយ ជីតា​ជីដូន​ជីទួត​ជីលួត​លា យើង​មិនដែល​ឮឈ្មោះ​សោះ អើ​នេះ​គឺ​បារាំងសែស​គេ​បើក​លោក​បំភ្លឺ​ឲ្យ​យើង បើ​គ្មាន​បារាំងសែស ម្ល៉េះ​សម​យើង​មិនដឹង​ការ​អ្វី​ជាច្រើន​ទេ គ្រាន់តែ​ឃើញថា មនុស្ស​ឃើញតែ​ស្រុក ហើយ​ឃើញតែ​ចំពោះ​វិជ្ជា​យ៉ាងខ្ពស់​ប៉ុណ្ណឹង ឯ​ឥឡូវនេះ​យើង​ដឹង​ស្គាល់​ថា​បារាំងសែស​នេះ​ជា​អ្នកមាន​ឫទ្ធី​អានុភាព​មាន ប្រាជ្ញា​ឆ្លាត​ច្រើន ហើយ​ការប្រើ​របស់​អ្វីៗ​តែ​និង​គ្រឿង​ម៉ាស៊ីន​គ្រឿងចក្រ​ឃើញ​រឹតតែ​ពូកែ​ឡើង​ទៀត ជិតៗ​តែ​នឹងមាន​ឫទ្ធី​ចេស្តា​ដូច​ទេវតា ។​
​    ​គេ​យក​ទឹកជា​ច្រើន​ដាក់​ក្នុង​ឆ្នាំង​ធំ​ដុត​ភ្លើង​ដាំ​ឲ្យ​ពុះៗ​ជាខ្លាំង កម្លាំង​ទឹក​ពុះ​នោះ​ពុះ​ពី​ក្នុង​ឆ្នាំង​ធាក់​វិល​កង់​ដែល​នៅលើ​ផ្លូវដែក ឬ​ធាក់​ភ្លៅ​វិល​ស្លាបចក្រ​ក្នុង​ទឹក នៅ​ខាង​កន្សៃ​កប៉ាល់ អំណាច​កំលាំង​ទឹក​ពុះ​នោះគេ​ក៏​ប្រើ​ឲ្យ​វិល​កង់រ​ទោះ បើក​លឿន ឯង​មិនចាំបាច់​ពឹង​កម្លាំង​សេះ ឬ​សត្វពាហនៈ ឯទៀត​ឲ្យ​អូស​ទង​ទាញ​ឡើយ ឯក​ប៉ាល់​បើក​លឿន​ក្នុង​ទន្លេ សមុទ្រ​ដោយសារ​អំណាច​ទឹក​ពុះ​នោះ​ដូចគ្នា មិនចាំបាច់​ក្តោង​ចែវ​ក្រជីង​ឡើយ ។​
​    ​ពួក​កូន​ខ្មែរ​យើង​ដែល​បាន​ទៅ​ស្រុក​បារាំងសែស ហើយ​ត្រឡប់មកវិញ​និយាយថា បារាំងសែស​ចេះ​យក​ធ្យូងថ្ម​មក​ដុត ហើយ​បង្ហូត​ភ្លើង​តាម​បំពង់​ទៅគ្រប់​ផ្ទះសម្បែង ឯ​ភ្លើង​ដែល​ចេញពី​បំពង់​បង្ហូត​នោះ​ភ្លឺ​ដូច​ភ្លើងចង្កៀង​ប្រេងកាត​ក្នុងស្រុក​ខ្មែរ​យើង​នេះ កាលពីដើម​អុជ​ចន្លុះ​ប្រឆេះទៀន​ក្រមួន ឥឡូវនេះ​រាល់​ផ្ទះ​អុជចង្កៀង​ប្រេងកាត ឯ​ប្រេងកាត​នោះ​ជា ប្រេង​អណ្តូង កើត​ពី​ក្នុង​ដី នៅ​ប្រទេស​ឆ្ងាយ​ណាស់ ដែល​កប៉ាល់​បារាំង​នាំ​ពេញ​សព្វថ្ងៃនេះ មិនមែនជា​ភ្លើង​ដែល​ដុត​ធ្យូងថ្ម​បង្ហូត​តាម​បំពង់​ទេ ភ្លើង​នេះ​ជា​ភ្លើង អគ្គិសនី​មាន​ពន្លឺ​ឈរ​ដូច​ផ្លេកបន្ទោរ​កណ្តាល​អាកាស ដែល​បារាំង​ចេះ​ផ្សំ​ធាតុ​យក​ចំហាយ​ឲ្យ​រត់តាម​ខ្សែលួស ។​
​    ​អើ​កាល​៥០​ឆ្នាំ​មុននេះ​យើង​មិនទាន់​ដឹង​ជា​បារាំង​គេ​មាន​ខ្សែលួស​វ៉ៃ​ទៅមក​រកគ្នា ហើយ​ស្តាប់​គ្នា​បាន​ពី​ចម្ងាយ ឥឡូវ​យើង​ឃើញថា គេ​និយាយ​គ្នា​ពី​ស្រុក​វៀង​ច័ន្ទ​មក​ភ្នំពេញ ពី​ភ្នំពេញ​ទៅ​លួង​ប្រ​បាង ពី​ព្រៃនគរ​ទៅ​ហាន់​ណូយ ទៅ​ស្រុក​ហ្វេ​ទៅ​បាងកក​ទៅ​ស្រុក​ចិន ហើយ​ទៅដល់​ស្រុក​បារាំងសែស​ផង តែ​ក្នុង​ពីរ​បី​មី​នុត​ស្តាប់​ដំណឹង​ដឹង​ការ​ទៅវិញ ទៅមក ដំណឹង​ដែល​រត់តាម​ខ្សែលួស​នោះ​រហ័ស​ស្មើនឹង​ជីវ័ន​ដែរ​គិត​អើបើ​គិត​សព្វគ្រប់​ទៅ ឃើញថា​បារាំង​គេ​មានគុណ​និង​យើង មិនតែប៉ុណ្ណោះ​នៅមាន​គុណ​ច្រើន​ជំពូក​ទៀត​បារាំងសែស​នេះ​គេ​មាន​ប្រាជ្ញា​ឆ្លាត​គ្មាន​ទុ​ញ​ទាល់​សល់ និង​អ្វី​សោះ គេ​នាំយក​នូវ​របស់​ដ៏​ប្រសើរ​មក​បង្ហាញ​បំភ្លឺ​យើង ។​
​    ​មួយទៀត​គេ​នាំយក​ម៉ាស៊ីន​ហិប​ច្រៀង​ថត សម្លេង​ភាសា​ដូច​មនុស្ស​ច្រៀង​និយាយ​គ្នា​មែនទែន​តាមតែ​ទំនើងចិត្ត​នរណា​ចង់​ស្តាប់​ចុះ ហើយ​មាន​កុន​ស្រមោល​ឆ្លុះ​រូប​វិស័យ​ដូច​ឃើញ​ស្រុក​បារាំងសែស​ផ្លូវធ្លា​មនុស្សម្នា​ដើរ​ទៅមក​ដូច រូប​រស់​ដែល​គេ​ឃើញ​ក្នុងស្រុក​បារាំងសែស​ក្រុងប៉ារីស​ដូចម្តេច​នោះ យើង​នៅតែ​ស្រុក​ខ្មែរ ឃើញ​វិស័យ​ដូច​យើង​បានឃើញ​ស្រុក​បារាំងសែស​ខ្លួន​យើង ។​
​    ​គេ​ធ្វើ​គ្រឿង​ថតរូប បើ​ជួល​តែ​បី​រៀល​បាន​រូប​របស់ខ្លួន​យកមក​រក្សាទុក​ហើយ​ជា​ប្រយោជន៍​បាន​រក្សា​រូប​ឪពុក ម្តាយ​ទុកត​ទៅមុខ​ឲ្យ​កូន​ដឹង​ស្គាល់​ជា​រូប​ជីដូន​ជីតា ដែល​ស្លាប់​ជា​អង្វែង​រាប់រយឆ្នាំ​មកហើយ​នោះ ។​
​    ​គេ​និយាយថា បារាំងសែស​សព្វថ្ងៃ​ចេះ​ហោះ​លើ​អាកាស​ដោយ​អំណាច​យន្ត​គោមហោះ ហោះ​លឿន​ដូច​សត្វ​ហើរ ពាក្យ​នេះ​ពិតមែន បើ​មិន​ជឿ​សួរ​មើលចុះ អែះ​ថាបើ​បារាំង​ទាល់​ចំណេះ​ហើយ​គេ​ទៅ​មិន​យក​យន្តហោះ​នោះមក​ឲ្យ​យើង​ឃើញ​ទៀត ។​
​    ​ព្រះបាទ​សម្តេច ព្រះ​នរោត្តម​ជា​អម្ចាស់​ផែនដី​នគរ​យើង​ព្រះអង្គ​បាន​ផ្ញើរ​រាជការ​ដែនដី​ទាំង​ប៉ុន្មាន ឲ្យ​បារាំងសែស​គ្រប់គ្រង​តាង​ព្រះ​នេត្រ ព្រះ​ឱ​ស្ន​ជាមួយ​សេនាបតី​ចៅហ្វាយស្រុក​បាឡាត់ សុភា​យោ​ក្ប័​ត​ហើយ និង​ពួក​អ្នករាជការ​ខ្មែរ​ជាច្រើន​ពាន់​ដែល​ធ្វើការ​ក្នុង​បង្គា​ប់រេ​ស៊ី​ដង់​បារាំងសែស ឯ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​បានមកពី​ពន្ធ​គ្រប់ជំពូក និង​ប្រាក់​ដែល​លោះ​ថ្ងៃ​ធ្វើការ​រាជការ​នោះ​យកមក​ចាយ​ប្រើការ​ងារ​ជា​ប្រយោជន៍​បម្រើ​ព្រះរាជា​ធានី​ទាំងអស់​មាន ប្រាក់​នោះ​ដែល​យកមក​ចាយ​រៀបចំ​តែង​ក្នុង​ក្រុងភ្នំពេញ​ដែរ សព្វថ្ងៃនេះ​បាន​កើន​ឡើងជា​ក្រុង​ល្អ​ថ្កុំ​ថ្កើ​ន​ដែល​ពួក​ខ្មែរ​ប៉ុន្មាន​នៅ​ខេត្ត​ក្រៅ គេ​តែង​ចូលមក​មើល​និយាយ​សរសើរ​គ្រប់គ្នា ហើយ​អ្នក​ប្រទេសក្រៅ​ក៏មាន​មក​ចូល​លេង​នៅ​ក្រុងភ្នំពេញ ជាច្រើន​ក្រៅពី​រៀបចំ​តែង​ក្រុងភ្នំពេញ នោះ​រាជការ​នៅ​រៀបចំ​តែង​ដី​ទី​ជំនុំ​រួម​ខេត្ត​ដប់​អន្លើ​ទៀត ។ ហើយ​ធ្វើ​ថ្នល់​ធ្វើ​ស្ពាន ផ្លូវ​ឲ្យ​រទេះ​ទៅមក​ដោយ​ស្រួល​ហើយ​នៅ​គិត​នឹងធ្វើ​ផ្លូវថ្នល់​ឲ្យ​គ្រប់​ទី​តំបន់​ក្នុងស្រុក​ខ្មែរ​ឲ្យ​បាន​ដឹកនាំ​ជំនួញ​កាត់​ទៅ​លក់​ក្នុង​ភូមិធំៗ​ដោយ​ងាយ ហើយ​បាន​ឆាប់​ក៏​ឆាប់​ឯ​សោហ៊ុយ​ដឹកទំនិញ​ទៅ​ឯ​ផ្សារ​ធំ​ក៏​ថោក ។​
​    ​មួយទៀត​គេ​និយាយថា គិត​ធ្វើ​រទេះភ្លើង ក្នុង​រទេះ​មួយ​ទាញ​យោង​បាន​រទេះ​១០​កាត់​ផ្ទុកទំនិញ ហើយ​និង​អ្នក ដំណើរ​ពី​បាត់ដំបង​មក​ស្រុក​ភ្នំពេញ​ទៅ​ព្រៃនគរ​គេ​និយាយថា​នឹងធ្វើ​ផ្លូវ​រទេះភ្លើង​មួយទៀត​កាត់​ទៅ​លាវ​ទៅ​យួន ហើយ​និង​ស្រុក​សៀម ប៉ុន្តែ​ផ្លូវ​រទេះភ្លើង​នោះ និង​ធ្វើ​ឲ្យ​ទាន់​ឆាប់​ភ្លាមនោះ​មិន​បានទេ ប៉ុន្តែ​គេ​ថា នឹងធ្វើ​ឲ្យ​ហើយ​ក្នុង​រវាង​មុន​២៥​ឆ្នាំនេះ នោះ​ស្រុក​ខ្មែរ​និង​មាន​ផ្លូវ​រថភ្លើង​ទៅមក​ជាប់​គ្នា និង​នគរ​ដែល​នៅ​ជុំវិញ​យើង​ឯ​ផ្លូវ​ទៅ​ស្រុក​អឺរ៉ុប​ស្រុក​ចិន ស្រុក​យី​ពុន​នោះ មាន​ផ្លូវ​កប៉ាល់ជំនួញ​ស្រាប់ ហើយ​កាលណា​មាន​ផ្លូវ​គ្រប់​បរិបូរណ៍​នោះ​ស្រុក​ខ្មែរ​យើង​ក៏​នឹង​ត្រឡប់​ឡើងជា​ទីប្រជុំ​ផ្លូវជំនួញ​ធំៗ ហើយ​នគរ​ក៏​នឹង​បាន​ជាធំ​ថ្កុំ​ឡើង​សមគួរ​តាម​លំដាប់​ស្រុក​បុរាណ​ខ្មែរ​ដើម​វិញ ពូជ​អម្បូរ​កូនចៅ​ខ្មែរ​ដែល​ដំ​ណត​វង្ស​ត្រកូល​មិន​បង់​កំណើត​ជាតិ ដោយសារ​ក្រឡាប់​ឡើង​បានជា​ពូជ​អ្នក​នគរធំ​និង​គេ​វិញ ។ 
​    ​រី​ទ័ព​ទី​ចម្បាំងរាំងជល់ យើង​អស់​មាន​អំពល់​សេចក្តី​ភ័យ​បារម្ភ​ត្បិត​បារាំងសែស​គេ​គិត​បង្រៀន​ប្រដៅ​ចំណេះវិជ្ជា ការ​ឲ្យ​យើង​រួចខ្លួន​ជា​ខ្មែរ​អ្នកជា ហើយ​ខ្លាំងក្លា​ពូកែ គេ​សង់សាលា​បង្រៀនអក្សរ​បា​រាំង​គ្រប់​ទីកន្លែង ហើយ​គេ​ទំនុកបម្រុង​វត្តវ៉ា ដែល​បង្រៀន​អក្សរសាស្ត្រ​បាលី​ខ្មែរ ហើយ​គេ​ចែក​រង្វាន់​ឲ្យ​កូនសិស្ស​ណា​ដែល​ខំរៀន ហើយ​គេ​សុំ​តែ​គ្រប់គ្រង​យើង​ជាមួយ​នាម៉ឺន​ខ្មែរ​ណា​ដែលមាន​ចិត្ត​ស្លូតត្រង់ ហើយ​រើសយក​ខ្លួន​ឲ្យ​ធ្វើជា​នាម៉ឺន​បាន​ចម្រើន​ក្នុង​នគរ ហើយ​ឲ្យ​យើង​រាស្ត្រ​ខ្មែរ​ទាំង​ប៉ុន្មាន​បាន​ចម្រើន​សេចក្តីសុខ​គ្រប់គ្នា ឯ​ខ្លួន​តា​នេះ​ចាស់​ហើយ គិត​រំពឹង​ច្រើនៗ​ទៅ​ឃើញ​ទៅដល់​របស់​ដែល​ខ្លួន​បានឃើញ​កាល​នៅ​ក្មេង គិត​ទៅដល់​របស់​ដែល​បានឃើញ​កាល​ខ្លួន​ធំ​ហើយ ហើយ​គិត​មកដល់​របស់​ដែល​ខ្លួន​ឃើញ​សព្វថ្ងៃនេះ គិត​ឃើញ​ម្តង​ទៅៗ​មុខគួរ​ឲ្យ​កោតខ្លាច​បារាំងសែស​នេះ​ណាស់ មក​កោត​និង​មានចិត្ត​សង្វាត​ឧស្សាហ៍​ប្រាជ្ញា​ឆ្លាត ឯ​ខ្មែរ​យើង​ឃើញ​ខ្ជិលច្រអូស​ក្នុង​ចិត្ត​បន្តិច ឯ​បារាំងសែស​ចូល​កូនចៅ​មើល​គេ​ចុះ​ឃើញ​ទេ តាំងពី​ប្រមាណ​១៥​ឆ្នាំ​រៀងមក​ដែល​គេ​ស្តី​រាជការ​គ្រប់គ្រង​ស្រុក​យើង​ដែល​មកដល់​សព្វថ្ងៃនេះ​គេ​ធ្វើបាន​សេចក្តី​រូតរះ​ហើយ​គំនិត​គេ​ល្អ គេ​គិតតែ​ឲ្យ​យើង​ចម្រើន បាន​សេចក្តីសុខ​ឲ្យ​យើង​ចម្រើន​បានទ្រព្យ​សម្បត្តិ​ហើយនឹង​រៀបចំ​ទឹកដី​ស្រុក​យើង​ឲ្យ​របប​រៀបរយ​តាម​ដោយ​វគ្គ​ដោយ​ស្នើ ហើយ​គេ​បំបាត់​មិន​ឲ្យ​មាន​ខ្ញុំកញ្ជះ​អ្នកងារ អង្គរក្ស​គេ​ចែក​ដី​ឲ្យ​យើង​រាល់គ្នា​ធ្វើស្រែ​ចម្ការ រកស៊ី​សព្វថ្ងៃនេះ​ដី​របស់​នរណា​អ្នក​និង​ធ្វើជា​ម្ចាស់​ដី​ហើយ​ផល​ស្រែចម្ការ​ច្បារ​ដំណាំ យើង​ក៏​លក់បាន​ថ្លៃ​ជាង​ពី​ដើម ។ 
​    ​មួយទៀត​មុខ​ឲ្យ​សរសើរ​បារាំង​នេះ ចិត្ត​គេ​អី​ក៏​ជា​នឹង​អ្នក​កម្សត់​ទុរគត​អ្នកមាន​ជំងឺ​រោគាព្យាធិ​ម្ល៉េះៗ គេ​ចាត់​គ្រូពេទ្យ​ដាក់​ឲ្យ​នៅ​គ្រប់​រេ​ស៊ី​ដង់​រួម​ខេត្ត ឲ្យ​ចាំ​បីបាច់រក្សា​មើលថែទាំ​អ្នកជំងឺ​ទាំងនោះ​ក៏​ឃើញថា​ចិត្ត​គេ​ល្អ​មែនហើយ​ឯ​យើង​ខ្មែរ ដែល​និង​ដឹងគុណ​គេ​នោះ គឺ​យកចិត្ត​ឈឺឆ្អាល​ជួយ​គេ​តាម​គំនិត​ដែល​គេ​គិត​ធ្វើការ​អ្វីៗ ឯ​សេចក្តី​ដែល​ឈឺឆ្អាល​ជួយ​ការពារ​គេ​នោះ ទុក​ប្រៀបដូចជា​យើង​ស្រឡាញ់​ស្រុក​យើង​ធ្វើ​រាជការ​តបស្នង​សងគុណ​នគរ​យើង ។ 
​    ​កាលដែល​បារាំងសែស​ទើប​មកដល់​នោះ នគរ​យើង​កាន់តែ​តូច​ណាស់ ទៅហើយ​នៅតែ​ពី​ត្រឹម​ខេត្តពោធិសាត់ ទៅ​ទល់នឹង​ព្រែកជីក​ខេត្ត​ពាម ដែល​ភាសា​យួន​វា​ឲ្យ​ឈ្មោះថា​ព្រែក​វិញ​គេ នៅសល់​ពី​ត្រឹម​ខេត្ត​សំបូរ​ណ៌​ទល់នឹង​ខេត្ត​រំដួល ហើយ​និង​ស្រុក​ព្នង​ស្នៀង​ទៅ​ទល់នឹង​មាត់សមុទ្រ​ខាងកើត ហើយ​ខាត​ទាំង​ខេត្តកោះកុង ដែល​បាន​ទៅ​សៀម​នោះ​មិនដឹង​ជា​ដំណើរ​ដូច​ម្តេចក៏​បានជា​កាន់តែ​តូច​ទៅ​ដូច្នេះ ឯ​សព្វថ្ងៃនេះ​ស្រុក​យើង ខ្មែរ​ត្រឡប់​បាន​ឡើង​ជាធំ​វិញ កាលដែល​បារាំងសែស​ទើប​មកដល់​នោះ មិនបាន​ប៉ុន​ហ្នឹង​ទេ សព្វថ្ងៃនេះ​បាន​ធំ​ពាក់កណ្តាល​ថែមទៀត ។ 
​    ​កាល​ក្នុង​រាជ្យ​ព្រះបាទ​សម្តេចព្រះ​ហរិ​រ័ក​រាម្មា​ព្រះ​អង្គឌួង ឬ​កាល​ក្នុង​រាជ្យ​ព្រះបាទ​សម្តេចព្រះ​នរោត្តម​ហ្លួង​សុវណ្ណកោដ្ឋ នោះ​ស្រុក​យើង​ខ្មែរ​ក៏​មិនទាន់បាន​ធំ​ប៉ុន​ហ្នឹង ឯ​សៀម​ពី​ព្រោះតែ​បារាំងសែស​គេ​សង្កិន បានជា​វា​ប្រគល់​ខេត្តបាត់ដំបង​មង្គលបុរី​ស៊ីសុផុន សៀមរាប​ដែល​នៅ​ម្ខាង​ទន្លេសាប​ទាំង​ប៉ុន្មាន​ឲ្យ​យើង​វិញ រីឯ​ខេត្តកោះកុង​ដែល​នៅ​ត្រើយ​មាត់សមុទ្រ​ខាងលិច​ក៏​សៀម​វា​ប្រគល់​មក​ឲ្យ​យើង​វិញ​ដែរ ឯ​ខេត្ត​ទន្លេ​ពៅ ម្លូព្រៃ​ដែល​នៅ​ជា​ខាងជើង​នគរ​ខ្មែរ​យើង​ក៏​ស្ងៀម​វា​ប្រគល់​មក​ឲ្យ​យើង​វិញ មួយទៀត​ស្រុក​បារាំងសែស​គេ​យក​ស្រុក​លាវ​បានមកពី​ដៃ​សៀម ហើយ​ប្រគល់​ខេត្តស្ទឹងត្រែង​មក​ឲ្យ​ខ្មែរ​វិញ បើ​គ្មាន​ស្រុក​បារាំងសែស​ម្ល៉េះ​សម​យើង​និង​យក​ខេត្ត​ទាំង​នោះមក​បញ្ចូល​ក្នុងស្រុក​ខ្មែរ​វិញ​មិន​បានឡើយ  កាល​នៅក្នុង​៥០​ឆ្នាំមុន យើង​មាន​បាបកម្ម​វា​ផ្តន្ទា​យើង​ឲ្យ​សូន្យ​ឈ្មោះ​ទៅជា​ដី​សៀម រីឯ​សព្វ​ថៃ្ង នេះ​ខេត្ត​យើង​ក៏បាន​ធំ ហើយ​រីក​តែ​ធំ​ឡើង ឯ​នគរ​យើង​ក៏​ឡើងជា​មហា​នគរធំ ដូច្នេះ​យើង​មានតែ​ខំ​ឧស្សាហ៍ ធ្វើការ​បន្តិច​នឹង​អាច​បាន​ស្មើ និង​អ្នកស្រុក​នគរធំ​និង​គេ ។ អើ​យើង​បាន​មានបុណ្យ​សំណាង​ទាំង​ម្ល៉េះ​នេះ ដោយសារ​បារាំងសែស​បើ​គ្មាន​គេ​ប្រហែលជា​យើង​មិន​កើតជា​អ្វី​សោះ សព្វថ្ងៃនេះ​បារាំងសែស គេ​មានគុណ​នឹង​យើង​បានជា​យើង​មានសំណាង​ប៉ុន​ហ្នឹង ហេតុដូច្នេះ​ទើបបាន​ជាតា​ក៏​គិតតែ​តងជា​និទាន​តាម រឿង​ដំណើរ​ដែរ​មាន រៀងមក​ទូន្មាន​បណ្តូលចិត្ត​អស់អ្នក​ទាំងពួង ដែលជា​សាសន៍​ខ្មែរ​ដូចគ្នា​ឲ្យ​ស្រឡាញ់​រាប់អាន​ទុកចិត្ត​បារាំងសែស​ដោយស្មោះ​ត្រង់ កុំ​ញញើត​គិត​រា​មុខក្រោយ​ឡើយ ត្បិត​បារាំងសែស​នេះ​ជា​មិត្ត​មេត្រី​ជា​ពុំនឹង ហើយ​ជា​គ្រូ​យើង​ផង ។​
​    ​សេចក្តី​ដែល​បាន​តែង​ជា​បរិយាយ​រាយ​តាម​ដំណើរ​មកនេះ ក្រែង​ខាត​ខុស លើសលប់ ឬ​ពុំ​គោរព​សម​ពីរោះ​ដោយ​បទ​វាចារ​អាទិ៍​សេចក្តី សូម​អស់លោកអ្នក​ទាំងឡាយ​អភ័យទោស ដោយសារ​ប្រាថ្នា​ស្មារតី​តិច​ ចំណេះ​ក៏​អន់ថយ ហើយ​ខ្លួន​ក៏​ចាស់ជរា​មានតែ​ចិត្ត​បរិសុទ្ធ​ស្លូតត្រង់​ស្រឡាញ់​ទឹកដី​របស់ខ្លួន​ទើប​តែង ៕  (​ម​.​ត្រា​ណេ​) - 

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks