ការបាត់បង់«កោះត្រល់» ជាកំហុសរដ្ឋាភិបាល ហ៊ុន សែន?
ការបាត់បង់«កោះត្រល់» ជាកំហុសរដ្ឋាភិបាល ហ៊ុន សែន?
ដោយ អ៊ុម វ៉ារី (ទាក់ទង៖ vary@monoroom.info) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៤ | Updated on Tue 10 Jun, 2014 at 13:59 | 585 views
ស្ថានការនយោបាយកំពុងបាញ់ឆ្ពោះទៅការវែកញែក ស្វែងរកភាពខុសនិងត្រូវ នៃការធ្វើឲ្យបាត់បង់«កោះត្រល់» ដែលនៅជិតនឹងកម្ពុជាជាង តែបែរជាស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ បើធាតុពិតនៃកោះត្រល់នេះ ជារបស់កម្ពុជា តើអ្នកណាប្រគល់ទឹកដីមួយនេះ ទៅឲ្យវៀតណាមគ្រប់គ្រង? តើកោះត្រល់មួយនេះ អាចទាញដាក់ឲ្យស្ថិតក្រោមគ្រប់គ្រង ដោយកម្ពុជាវិញបានឬដែរទេ?។
ការបាត់បង់«កោះត្រល់» ជាកំហុសរដ្ឋាភិបាល ហ៊ុន សែន?ស្ថានការនយោបាយកំពុងបាញ់ឆ្ពោះទៅការវែកញែក ស្វែងរកភាពខុសនិងត្រូវ នៃការធ្វើឲ្យបាត់បង់«កោះត្រល់» ដែលនៅជិតនឹងកម្ពុជាជាង តែបែរជាស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ បើធាតុពិតនៃកោះត្រល់នេះ ជារបស់កម្ពុជា តើអ្នកណាប្រគល់ទឹកដីមួយនេះ ទៅឲ្យវៀតណាមគ្រប់គ្រង? តើកោះត្រល់មួយនេះ អាចទាញដាក់ឲ្យស្ថិតក្រោមគ្រប់គ្រង ដោយកម្ពុជាវិញបានឬដែរទេ?។
ឆ្នេរនៅលើកោះត្រល់។ (រូបថត ឯកសារ)
កោះត្រល់កម្ពុជា - លោក ហ៊ុន សែន មិនបានតុលាការកម្ពុជាចោទប្រកាន់ពី«ទោសក្បត់ជាតិ» ឬដាក់ឲ្យជាប់ទោសមួយជីវិត ព្រោះតែលោកបាន«ចុះ»ហត្ថលេខាប្រគល់កោះត្រល់ ឲ្យទៅប្រទេសវៀតណាមគ្រប់គងនោះទេ។ នេះជាការបញ្ជាក់របស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ នៅមុខសាលាឧទ្ធរណ៍ក្នុងពេលថ្មីៗ នេះកន្លងមក។
ប៉ុន្តែជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ ប្រធានក្រុមយុវជនខ្មែររូបនេះ បានត្រឡប់ទៅធ្វើការក្រើនរំលឹក និងជំរុញដល់សាលាឧទ្ធរណ៍ ឲ្យប្រញាប់លើករឿងលោកប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកចាត់ការឲ្យបានឆាប់។ លោក នាង សុឃុន បានដាក់ពាក្យបណ្ដឹងប្ដឹងឧទ្ធរណ៍មួយ ទៅកាន់សាលាក្តីនេះ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ប្ដឹងលោក ហ៊ុន សែន ពីបទ«ក្បត់ជាតិ» ក្នុងករណីកោះត្រល់។ ការតស៊ូបន្តពាក្យបណ្តឹងឧទ្ធរណ៍ របស់យុវជនរូបនេះ បានធ្វើឡើង បន្ទាប់ពីបណ្ដឹងដើមរបស់លោកក្នុងករណីដដែល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ តំកល់ទុកឥតចាត់ការ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤កន្លងមក។
យុវជនរូបនេះ ធ្លាប់បានបញ្ជាក់ចំណុចមួយនៃលិខិតលោក ព្រេវីយេ ដែលលោកនាយករដ្ឋមន្រ្តីមិនបានអានត្រង់ឃ្លានេះ។ លោក នាង សុឃុន បានបកស្រាយថា៖ «នេះគ្រាន់តែជាការបែងចែក ក្នុងការគ្រប់គ្រងរដ្ឋបាលនិងប៉ូលីស តែប៉ុណ្ណោះ ឯចំណែកបញ្ហាបូរណៈភាព ដែនដីនៃកោះទាំងនោះវិញ ត្រូវរក្សាទុកនៅដដែល។»
ការលើកឡើងរបស់ យុវជន នាង សុឃុន ខាងលើនេះ ទំនងជាចង់ឆ្លើយតប នឹងការបំភ្លឺរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងរដ្ឋសភាជាតិ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២កន្លងមក ដែលអះអាងថារការបាត់បង់កោះត្រល់នេះ តាំងពីឆ្នាំ១៩៣៩ មក ព្រោះកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។ លោក ហ៊ុន សែន បានដាក់កំហុស ទៅលោក ប្រេវីយេ ជនជាតិបារាំង ជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន ថាបានកាត់កោះនោះឲ្យទៅវៀតណាម។
ប៉ុន្តែករណីកោះត្រល់នេះ ធ្លាប់ត្រូវបានប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បកស្រាយថា បានបាត់បង់ ក្នុងជំនាន់គ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយយោងតាមសៀវភៅភូមិវិទ្យាថ្នាក់ទី៧ បោះពុម្ភក្នុងឆ្នាំ១៩៨៣ តាមរយៈសន្ធិសញ្ញាទាំងឡាយ ដែលបានចុះហត្ថលេខាជាមួយវៀតណាម។
បន្ថែមពីលើនេះ ទំព័រនៃសៀវទៅភូមិវិទ្យាថ្នាក់ទី៧ ដែលទាក់ទងនឹងកោះត្រល់នេះដដែល ត្រូវបានអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យកមកដាក់ផ្សាយ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញនេះ ដោយមានសរសេរភ្ជាប់មកជាមួយថា៖ «កោះត្រល់បានបាត់ទៅហើយ ដោយសារការដឹកនាំរបស់លោក ហ៊ុន សែន ហើយគ្មានថ្នាក់ដឹកនាំជាតិណាម្នាក់ បានប្រគល់កោះត្រល់ទៅឲ្យយួន ដូចការអះអាងរបស់លោក ហ៊ុន សែន ឡើយ»។ លោក កឹម សុខា បានសរសេរនៅលើទំព័រនោះទៀតថា៖ «បញ្ហាកោះត្រល់ បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាចនឹងប្ដឹងទាមទារយកមកវិញបាន»។
ជាការឆ្លើយតបនឹងការចោទប្រកាន់នានាខាងលើ ឯកសារជូនដំណឹងមួយ ត្រូវបានគេហទំព័ររបស់រដ្ឋសភាជាតិ ដាក់ផ្សាយ បញ្ជាក់ពីការបដិសេធចោល ទាក់នឹងបញ្ហាបាត់បង់កោះត្រល់ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន និងអនុម័ត្រឯកភាពយល់ព្រម ដោយរដ្ឋសភានេះខ្លួនឯងកន្លងមក។ សេចក្ដីជូនដំណឹង ដែលមានចុះហត្ថលេខា នៅថ្ងៃទី០៩ ខែមិថុនា ដោយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ឈាង វុន ទៅកាន់អ្នកសារព័ត៌មានជាតិ អន្តរជាតិ ដោយស្នើឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយមួយចំនួន ដែលបានគិតថា នឹងអាចដណ្តើមយក«កោះត្រល់»មកវិញបាននោះ ឲ្យធ្វើការពិចារណាពីរបបគ្រប់គ្រងរបស់ប៉ុល ពត ដែលបានកាន់អំណាចក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨នោះ។
សេចក្ដីជូនដំណឹងសរសេរថា៖ «ការដោះស្រាយតាមកម្លាំងនៅពេលនោះ បានបញ្ជាក់ច្បាស់នៅក្នុងអត្ថបទនៃព្រឹត្តិបត្រ ស្វែងរកការពិត ផ្នែកប្រវត្តិសាស្ត្រ និងការស្រាវជ្រាវលេខ១៥៥ ខែវិច្ឆិកា ឆ្នាំ២០១២។ (...) បាត់បង់ទឹកដីនៃ មាតុភូមិ គឺយើងទាំងអស់គ្នាមានការឈឺចាប់ណាស់ តែជំរុញឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាខ្លោចផ្សារថែមទៀត គឺចាំបាច់ត្រូវជៀសវាង»។
ទាក់ទងនឹងការលើកឡើងពីបញ្ហាទឹកដី របស់មេដឹកនាំគណបក្សសង្គ្រោះជាតិកន្លងមក ត្រូវបានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក កែម រ៉េមី កាលពីថ្ងៃទី៦ ខែមិថុនានេះ ចាត់ទុកថា ជានយោបាយដើរឃោសនាមួលបង្កាច់ គ្មានការពិត ចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹថរឿងបោះបង្គោលព្រំដែន រឿងទឹកដីខ្មែរកម្ពុជាក្រោម និងរឿងកោះត្រល់ជាដើម។ លោក កែម រ៉េមី ដែលធ្លាប់រត់ចេញពីគណបក្ស សម រង្ស៊ី ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះ បានថ្លែងបញ្ជាក់ថា៖ «ព្រះករុណា ព្រះបិតា អតីតព្រះមហាក្សត្រ លោកបានយកផែនទីរបស់យើងមួយលើមួយរយពាន់ យកទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីឲ្យគេទទួលស្គាល់ ឲ្យគេថែរក្សាទឹកដីរបស់យើងប៉ុណ្ណឹង កុំឲ្យបាត់បង់តទៅទៀត។ (...) អញ្ចឹងការទាមទារយកដីកម្ពុជាក្រោម កោះត្រល់អីហ្នឹង គឺចប់សព្វគ្រប់។»
អ្នកសិក្សាអំពីបញ្ហាព្រំដែនសមុទ្រ និងបណ្ឌិតច្បាប់ថា ផ្អែកតាមប្រវត្តិសាស្ត្រ និងច្បាប់សមុទ្រឆ្នាំ១៩៨២ កោះត្រល់ត្រូវស្ថិតក្នុង«អធិបតីភាពរបស់កម្ពុជា»។ មានចំងាយត្រឹមតែ ១៦គីឡូម៉ែត្រពីប្រទេសកម្ពុជា តែឆ្ងាយដល់ទៅជាង៤០គីឡូម៉ែត្រ ពីប្រទេសវៀតណាម កោះត្រល់នេះមានទីតាំងនៅក្នុងដែនទឹកសមុទ្រកម្ពុជា និងមានទំហំប្រហាក់ប្រហែល នឹងប្រទេសសិង្ហបុរីទាំងមូល។ បច្ចុប្បន្ន កោះត្រល់ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម និងបានផ្លាស់ប្តូឈ្មោះជាភាសាវៀតណាមថា «កោះភូកុក»។
អ្នកស្រាវជ្រាវបញ្ហាព្រំដែនសមុទ្រមួយរូប លោក ហុង សុខហូ ធ្លាប់បានអះអាងថា លោកប្រេវីយេ បានបញ្ជាក់ក្នុងផ្នែកខាងក្រោមនៃលិខិតរបស់លោកថា «កោះត្រល់ជាកោះរបស់ខ្មែរ នៅតែជាកោះរបស់ខ្មែរដដែល»។ លោក ប្រេវីយេ បានគូសខ្សែបន្ទាត់បែងចែកដែនទឹករវាងកម្ពុជា និងកូសាំងស៊ីនក្នុងឆ្នាំ១៩៣៩ ដោយដាក់កោះទាំងឡាយ ដែលនៅខាងត្បូងបន្ទាត់ប្រេវីយេ១៤០អង្សារ នៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់កូសាំងស៊ីន។ តាមរយៈនេះ លោក ប្រេវីយេ ក៏បានប្រើពាក្យថា«អនិស្សរៈភាព» ដែលខុសពីពាក្យ«ឯករាជ្យភាព»។ «បើកោះត្រល់បានទៅវៀតណាម តាំងពីឆ្នាំ១៩៣៩នោះ ម្ល៉េះ វៀតណាម មិនចាំបាច់មកចុះហត្ថលេខាជាមួយលោកហ៊ុន សែន ឆ្នាំ១៩៨២ ទៀតនោះទេ។»
ទំព័រហ្វេសប៊ូកផ្លូវការរបស់លោក សម រង្ស៊ី ចុះថ្ងៃទី៩ ខែមិថុនានេះវិញ បានសរសេរចាត់ទុករដ្ឋាភិបាល ដែលគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨២ ថាជារដ្ឋាភិបាលមួយ«ខុសច្បាប់»។ មេដឹកនាំគណបក្សប្រឆាំង បានសរសេរបន្តថា ក្នុងឆ្នាំ១៩៨២ កម្ពុជាពេលនោះ បានចុះសន្ធិសញ្ញាជាមួយប្រទេសវៀតណាម ធ្វើឲ្យបាត់បង់នូវដែនសមុទ្រមួយផ្នែកធំនៃប្រទេសកម្ពុជា។ «បើប្រទេសកម្ពុជាសព្វថ្ងៃ យល់ព្រមឲ្យអនុវត្តសន្ធិសញ្ញានេះ (១៩៨២) មានន័យថា ប្រទេសយើង នឹងបាត់បង់ដែនសមុទ្រទំហំបីម៉ឺន គីឡូម៉ែត្រក្រឡា ដែលនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃប្រទេសថៃ ហើយនឹងបាត់បង់បីម៉ឺន គីឡូម៉ែត្រក្រឡាទៀត ដែលនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃប្រទេសវៀតណាម។»
ចំណែកឯបទអន្ដរាគមន៍ របស់រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីលោក សុខ អាន ដែលចេញផ្សាយដោយ អង្គភាពប្រតិកម្មរហ័ស ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ស្ដីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាមបានសរសេរយ៉ាងដូចនេះថា «ដូច្នេះផែនទីឆ្នាំ១៩៣៩ នោះ គ្រាន់តែគូសបញ្ជាក់ពីការគ្រប់គ្រងផ្នែករដ្ឋបាល និងផ្នែកប៉ូលីសលើកោះក្នុងឈូងសមុទ្រសៀម ប្រគល់ទៅឱ្យ ហាទៀង គឺប្រគល់ទៅឱ្យកូសាំងស៊ីន។ ឆ្នាំ ១៩៤៩ សភាសហព័ន្ធរបស់បារាំងដែលគ្រប់គ្រងដែនដីឯនាយសមុទ្រនោះ គឺគេប្រជុំសម្រេចថា តើប្រគល់កូសាំងស៊ីន ឱ្យវៀតណាម ឬត្រូវឱ្យកម្ពុជា ។ នៅពេលនោះតំណាងកម្ពុជា គឺព្រះអង្គម្ចាស់ យុគន្ធរ ពីងពាង ជាអ្នកដែលធ្លាប់មានការតស៊ូប្រឆាំងបារាំងដែរ គាត់មិនហ៊ានបោះឆ្នោត ថាកូសាំងស៊ីនជាដីរបស់ខ្មែរទេ គាត់បែរជាបោះឆ្នោតអនុប្បវាទដូច្នោះហើយ ធ្វើឱ្យសភាសហព័ន្ធគេអនុម័តច្បាប់នោះបាន ហើយបន្ទាប់មក រដ្ឋសភាបារាំង បានអនុម័តច្បាប់បញ្ចូលកូសាំងស៊ីនទៅ ឱ្យវៀតណាមពីព្រោះ ពេលនោះគេចង់ជួយព្រះចៅ បៅដាយ ឱ្យឈ្នះលោក ហូ ជីមិញ។ នេះជាចំណុចសំខាន់ណាស់ ដែលទាក់ទងនឹងកោះត្រល់។
No comments:
Post a Comment