Wednesday, October 1, 2014

អំពី​កំណើត​នៃ​រដ្ឋ​មន​ឈ្មោះ​ស្រី​ទ្វារ​វ​តី​និ​ឥសាន​បុ​រៈ​ -

អំពី​កំណើត​នៃ​រដ្ឋ​មន​ឈ្មោះ​ស្រី​ទ្វារ​វ​តី​និ​ឥសាន​បុ​រៈ​
==============================

    ​ចំពោះ​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​មន ដែល​រួម​ពូជសាសន៍​ជាមួយ​ខ្មែរ​, ព្រោះ​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ​ដូចគ្នា គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ ឈ្មោះ​ស្រី​ទ្វារ​វ​តី ជា​ឈ្មោះ​របស់​នគរ ឬក៏​ជា​ឈ្មោះ​របស់​ស្ដេច​មន​នៅឡើយ​ទេ​។ អ្វីដែល​គេ​បានដឹងថា គឺ​ទីក្រុង​ទ្វារ​វ​តី (​ទ្វារ​នៅ​ទិសនិរតី​) របស់​មន​ត្រូវបាន​បង្កើតឡើង​នៅ​ចុង​សតវត្សរ៍​ទី​៦ ដើម​សតវត្សរ៍​ទី​៧ បន្ទាប់ពី​រដ្ឋ​នគរ​ភ្នំ ឬ​ហ្វូណន​ចុះ​ទន់ខ្សោយ​ដោយ​វិបត្តិ​សង្គម​នយោបាយ និង​សេដ្ឋកិច្ច​។ 
​    ​ដូច​នៅ​ជ្រោយ​មល​យូ (​ម៉ាឡាយូ​) នៅ​ម្ដុំ​វាលទំនាប​នៃ​ទន្លេ​ចៅ​ប្រា​យ៉ា កុលសម្ព័ន្ធ​មន​-​ខ្មែរ គឺ​ពួក​មន​ឆ្លៀតឱកាស​ដែល អំណាចកណ្ដាល​របស់​ន​គរ​ភ្នំ​ចុះ​ទន់ខ្សោយ ដោយសារតែ​មានការ​រើបំរះ​របស់​អាណាចក្រ​ចេនឡា ដែល​ពីមុន​ជា​សាមន្ដរដ្ឋ ក៏បាន​ផ្ដាច់ខ្លួន ហើយ​បាន​បង្កើត​រដ្ឋ​ទ្វារ​វ​តី​ឡើង​។​
​    ​គប្បី​សង្កេត​ថា ក្នុងពេល​ទទួល​នូវ​បរាជ័យ​ក្នុង​ចម្បាំង​រវាង​បង​ប្អួ​ន ព្រះ​ចៅ​អធិរាជ​នៃ​អាណាចក្រ​ភ្នំ ឬ​ហ្វូណន​ក៏បាន​បោះបង់ចោល​អង្គរបុរី ហើយ​តាំង​រាជធានី​ថ្មី​មួយ​ឈ្មោះ​នរ​វរ​នគរ​នៅ​ទិស​ខាងត្បូង នៅត្រង់​ម្ដុំ​វាលភក់​នៅ​កម្ពុជា​ក្រោម​បច្ចុប្បន្ន​។ ករណី​បំលាស់​ទីតាំង​រាជធានី ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​ខ្លឹមសារ​នៃ​សិលាចារឹក​។​
​    ​គូរ​រំលឹក​ផង​ដែលថា ចំពោះ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ខាងលើនេះ កាលបរិច្ឆេទ​ប្រវត្តិ​ចិន​បាន​កត់ត្រា​ថា នៅ​ពាក់កណ្តាល ទី​២ នៃ​សតវត្ស​ទី​៦ មហាក្សត្រ​ខ្មែរ​បុ​រេ​អង្គរ គឺ​ព្រះបាទ ភ​វ​វរ្ម័នទី​១ ដោយមាន​ការចូល​រូ​មយ៉ាង​សកម្ម​របស់​ព្រះអង្គម្ចាស់​ចិត្រ​សេន ដែល​ត្រូវជា​ប្អួ​ន​ជីដូនមួយ​របស់​ទ្រង់ បាន​ផ្ដើម​ការវាយលុក​អាណាចក្រ​ភ្នំ​។​
​ស្លាកស្នាម​ទីក្រុង នគរ​ន​បឋម មុន​ទ្វារ​វ​តី (​ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)

​    ​ព្រះរាជ​ធានី​ដំបូងបង្អស់​របស់​ចេនឡា ដែល​ដើមឡើយ​មាន​ទីតាំង​មាននៅ​ម្ដុំ​វត្ត​ភូ អតីត​ស្រេ​ស្ធ​បុ​រៈ តែ​អំណាច​
បាន​លាតសន្ធឹង​លើ​អាណាចក្រ​ខេត្ត​ធំៗ​មួយចំនួន ដូចជា​ខេត្ត ស្ទឹងត្រែង ក្រចេះ កំពង់ចាម ជាពិសេស​គឺ ខេត្តកំពង់ធំ​បច្ចុប្បន្ន ក៏បាន​ផ្លាស់​ទីតាំង​ទៅកាន់​ម្តុំ​សម្បូរ​ណ៍​ព្រៃ​គុក​ក្បែរ​ដង​ទន្លេ​សែន​បច្ចុប្បន្ន​។ ដោយហេតុថា មុន​ការ​លេចធ្លោ​ឡើង​នៃ​ឥសាន​បុ​រៈ​នៅត្រង់​ម្តុំ​សម្បូរ​ព្រៃ​គុក​សព្វថ្ងៃនេះ គេ​បានឃើញ​មាន​វត្តមាន​នៃ​ទីក្រុង​ភ​វ​បុ​រៈ ស្ថិតនៅ​ម្ដុំ អំពិលរ​លំនៅ​ខាង​ទិសពាយ័ព្យ​នៃ​ខេត្ត​ខាងលើនេះ ដែលជា​ទីក្រុង​របស់​ព្រះបាទ​ភ​វ​វរ្ម័នទី​១​រួចទៅហើយ​ដែរ​។​
​    ​បើ​សំអាង​លើ​ប្រភព​សិលាចារឹក យើង​អាច​ដឹង​ទៀតថា ព្រះបាទ​ភ​វ​វរ្ម័នទី​១​សោយរាជ្យ​យ៉ាងតិច​រហូតដល់​ឆ្នាំ​៥០៨ និង​ព្រះ អង្គ​មា្ច​ស់​ចិត្រ​សេន​ដែល​ក្រោយមក​បាន​ឡើង​សោយរាជ​ប្រមាណ​ជា​នៅ​ឆ្នាំ​៦០០ បានក្លាយ​ទៅជា​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន​នោះ បាន​សំរុក​ចូលដល់​ខេត្តក្រចេះ កំពង់ចាម​នៅលើ​ច្រាំង​ខាងកើត​នៃ​ដង​ទន្លេមេគង្គ ដល់​ចន្លោះ​ដង​ទន្លេ​ស្រែ​មូល ស្រែ​ជី និង​ជួរ​ភ្នំ​ដងរែក ពោលគឺ​តំបន់​នានា​ខ្ពង់រាប នគររាជ ដូចជា​ស្រះកែវ​, សុ​រិ​ន្ទ្រ​, បុរីរម្យ​, អូរ​ប៊ុន និង​នគរ​ភ្នំ​ជាដើម និង​មកដល់​ខាងលិច​ទន្លេសាប រួមមាន មង្គលបុរី​បច្ចុប្បន្ន​ផងដែរ​។​
​    ​ទន្ទឹមនឹង​ការកសាង​ទ្វារ​វ​តី​របស់​ជនជាតិ​មន​នៅ​ម្តុំ​នគរ​បឋម ដែលជា​អតីត​ដែនដី​របស់​នគរ​ភ្នំ ហើយ​ព្រឹត្តិការណ៍​អាច ប្រៀបផ្ទឹម​ទៅនឹង​ការកសាង​រាជធានី​ថ្មី​មួយ​ដោយ​ជនជាតិ​ថៃ​នៅ​ខេត្ត​សុខោទ័យ​, ស្រី​ជ​ន្ជ​ល័យ​របស់​ខ្មែរ​អញ្ចឹង​ដែរ ព្រះបាទ​ឥសាន​វរ្ម័នទី​១ ព្រះរាជបុត្រ​របស់​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន បាន​ស្ថាបនា​ឥសាន​បុ​រៈ​ឬ សម្បូរ​ព្រៃ​គុក​នៅ​ដើម​សត​វ​ត្យ​រ៍​ទី​៧​ដែរ​។​
​    ​គួរ​លឹក​ផងដែរ​ថា ព្រះបាទ​ឥសាន​វរ្ម័ន​ដែល​បាន​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​៦១៦ ហើយ​សោយ​ទីវ​ង្គ​ត់​នៅ​ឆ្នាំ​៦៣៥ ទ្រង់​បាន​បន្ត​សង្គ្រាម​ដើម្បី​បង្រួបបង្រួម​ជាតិខ្មែរ ដែល​បាន​ផ្ដើមឡើង​ចាប់ពី​ឆ្នាំ​៥៥០​មកម្ល៉េះ​។ ក៏ប៉ុន្តែ​ការបង្រួបបង្រួម​តំបន់​ខ្ពង់រាប (​ចេនឡា​) និង​វាលទំនាប (​នគរ​ភ្នំ​) មិនបាន​សម្រេច​ជា​ស្ថាពរ​ទេ​។ ការបង្រួបបង្រួម​ពេញលេញ​យ៉ាង​ប្រាកដ គឺជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ ជ័យ​វរ្ម័នទី​២​ទៅវិញ​ទ​។​
​    ​រឿង​ដែល​គួរ​កត់ត្រា គឺ​ជ័យ​ជំ​នៈ​របស់​នគរ​ចេនឡា​លើ​ទឹកដី​របស់​នគរ​ភ្នំ ត្រូវបាន​គូស​បញ្ជក់​ដោយ​សិលាចារឹក​មួយចំនួន ដែល​គេ​បាន​ជួបប្រទះ​នៅ​ខេត្ត​ស្ទឺ​ង​ត្រែង​, ក្រចេះ​, កំពង់ចាម​, តាកែវ​, អូរ​ប៊ុន​, ចន្ទ​បុរី​, ស្រះកែវ​, បុរីរម្យ និង​សុ​រិ​ន្ទ្រ​ផងដែរ​។​
​    ​គូរ​កត់សំគាល់​ផងដែរ​ថា នា​សម័យ​ចេនឡា​ដែលមាន​ឈ្មោះ​រាជធានី​ឥសាន​បុ​រៈ​ដ៏​ល្បីល្បាញ​នោះ ដូច​ព្រះ​រាជបិតា និង​ព្រះ​បិតុលា​របស់​ទ្រង់ ព្រះ​ឥសាន​វរ្ម័ន​បាន​រិត​ចំណង​ទូត​ជាមួយ​មហា​ចិន​ផងដែរ​។ ស្តេច​អង្គ​នេះ​ក៏បាន​ស្ថាបនា​ប្រាសាទបាយ៉ង នៅ​ខេត្តតាកែវ​ដែល ធ្លាប់ជា​កន្លែង​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​នា​សម័យ​នគរ​ភ្នំ​ផងដែរ​។​
​    ​ភស្តុតាង​ទាំងឡាយ​បង​ង្ហា​ញ​ឲ្យ​ឃើញថា ឈ្មោះ​ទ្វារ​វ​តី និង​ឥសាន​បុ​រៈ មិនទាន់​ត្រូវបាន​បង្កើតឡើង​នៅឡើយ​ទេ មុន​អនុភាព​នៃ​ចក្រភព​ហ្វូណន ឬ​នគរ​ភ្នំ​ដែលមាន​ទឹកដី​ដ៏​មហាសាល​។ ការ​លេចធ្លោ​នៃ​បុរី​ទាំង​ពីនេះ​ឡើង គឺ​ត្រូវបាន​អនុវត្តន៍​ក្នុងដំណាក់កាល​មួយ​ដែល​ប្រកបដោយ​ភាព​វឹង​វរ​។ វិបត្តិ​រាជវង្សានុវង្ស សេដ្ឋកិច្ច និង​នយោបាយ​របស់​អតីត​ព្រះរាជាណាចក្រ​បុរាណ នគរ​ភ្នំ ហើយ​ការ​បំបែក​រដ្ឋ​បែបនេះ​ត្រូវបាន​ជួបប្រទះ​ម្តងទៀត​នៅលើ​ទឹកដី​កម្ពុជា នៅ​ចុង​សតវត្ស​ទី​១៣ ដើម​សតវត្ស​ទី​១៤ បានធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ភូមិសាស្ត្រ​របស់​ឥ​ណ្តូ​ចិន​កណ្ដាល​មានការ​ផ្លាស់ប្ដូរ​ទម្រង់​។ នៅទីនេះ​យើង​ចង់​និយាយ​ដល់​ការបង្កើត​រដ្ឋ​ថៃ​នៅ​សុខោទ័យ ស្រី​សជ​ន្ជ​ន​ល័យ និង​រដ្ឋ​លាវ នៅ​វៀង​ចន្ទ និង​លួង​ប្រ​បាង​។ 
​    ​ដោយហេតុនេះ ស្ថានីយ​បុរាណវិទ្យា​រួមមាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅ​រាជាណាចក្រ​ថៃ (​និង​កម្ពុជា​បច្ចុប្បន្ន​) គេ​រមែងតែ​ឃើញ​មាន​ស្រទាប់ដី​ដែលមាន​ស្លាកស្នាម​វប្បធម៌​ពីរ គឺ​សម័យមុន​មន ដែលជា​សម័យ​នគរ​ភ្នំ ឬ​ហ្វូ​-​ណន​និង​សម័យ​មន​ក្រោយ​ពីស​.​វ​ទី​៦​បន្តិច ដូច​ករណី​ទីក្រុង​ទ្វារ​វ​តី នៅ​ខេត្ត​នគរ​បឋម​ជា​ភស្តុតាង​ស្រាប់​។ ចំពោះ​យើង សម័យ​វប្ប​ធ៌​ម​មុន​មន (pre-mon) មានន័យថា នគរ​ភ្នំ​ដោយ​ជាក់ច្បាស់​។ នេះ​ជា​ចំណុច​មួយ​ដែល​យើង ចង់​បំភ្លឺ​នៅទីនេះ​ដើម្បី​ជៀសវាង​នូវ​ការបកស្រាយ​ខុស ប្រកបដោយ​ភាពច្របូកច្របល់​។​
​    ​ជារួម យើង​អាច​និយាយបានថា ដូច​ទីក្រុង​ឥសាន​បុ​រៈ ដែល​ត្រូវបាន​ប្រសូត្រ​ឡើង​នៅលើ​ទឹកដី​ចាស់​របស់​ហ្វូ​-​ណន (​នគរ​ភ្នំ​) គឺ​ភ​វ​បុ​រៈ ទិ​ក្រុង​របស់​ព្រះបាទ​ភ​វ​វរ្ម័ន ទីក្រុង​ទ្វារ​វ​តី ក៏​ដូច្នេះ​ដែរ រាជធានី​មន​នេះ ត្រូវបាន​កកើតឡើង​នៅលើ​អតីត​ទឹកដី​របស់​ហ្វូ​-​ណន ក្រោយពី​អោនភាព​នៃ​អំណាចកណ្តាល នៅ​ម្តុំ​នគរ​បឋម​បច្ចុប្បន្ន ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​ខេត្ត​សុផាន់​បុរី (​សុវណ្ណ​បុរី​) ដែល​នៅ​ទីនោះ​មាន​ទីក្រុង​អូរ​ទង ឬ​អ៊ូ​ថង ដេ​ល​ជាទី​ក្រុង​មួយ​ដ៏​ធំ​ក្នុងចំណោម​ទីក្រុង​ដទៃៗ​នៃ​ចក្រភព​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​៕ (​ម​.​ត្រា​ណេ​) - See more at: http://www.cen.com.kh/culture/detail_culturehistory/ZWU0YTc4YWQ4NDY#sthash.Zh4M5nLq.dpuf

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks