Tuesday, October 7, 2014

ទស្សនៈព្រឹត្តិការណ៍ខ្មែរៈ​ហេតុអ្វី​ឈាម​ខ្មែរ​ហូរ​ក្នុង​កាលៈទេសៈ​ដែល​មិនគួរ​ហូរ?

ដោយ ប៉ែន បូណា
ថា​សម័យ​សង្គ្រាម​ទៅ​ចុះ ការ​បង្ហូរ​ឈាម​ជា​រឿង​ដែល​មិន​អាច​ចៀស​វាង​បាន ប៉ុន្តែ ទោះ​ជា​ឈាន​ដល់​សម័យ​សន្តិភាព​និង​អភិវឌ្ឍន៍​ទៅ​ហើយ​ក៏​ដោយ ក៏​ឈាម​ខ្មែរ​នៅ​តែ​បន្ត​ហូរ​ឥត​ឈប់ឈរ គឺ​ហូរ​តាម​រយៈ​អំពើ​ឃាត​កម្ម កាប់​សម្លាប់​គ្នា ជា​ពិសេស​គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បន្ត​សម្លាប់​មនុស្ស​មិន​តិច​ជាង​៥​នាក់​ក្នុង​មួយ​ថ្ងៃ។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​គំហុក​ពេល​បុណ្យធំៗ​ដូច​ជា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ជា​ដើម។ ដូច្នេះ ដល់​ពេល​ហើយ​ដែល​ត្រូវ​បញ្ឈប់​កុំ​ឲ្យ​ឈាម​ខ្មែរ​ហូរ​ក្នុង​កាលៈទេសៈ​ដែល​មិន​ត្រូវ​ហូរ​។
ទោះ​បី​ជា​ប្រទេស​ជាតិ​បាន​ទទួល​សន្តិភាព​ពេញ​លេញ​និង​គ្មាន​សង្គ្រាម​ទៀត​ក៏ដោយ ក៏​ឈាម​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​តែ​បន្ត​ហូរ​ជា​រៀង​រាល់​ថ្ងៃ​គឺ​ជា​ឈាម​ដែល​ហូរ​ក្នុង​កាលៈ​ទេសៈ​ដែល​មិនគួរ​នឹង​ហូរ។ របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បង្ហាញថា មនុស្ស​មិន​តិច​ជាង​៥​នាក់​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ។ នេះ​នៅ​មិន​ទាន់​រាប់​អ្នក​រង​របួស​ឈាម​ស្រោច​ខ្លួន​ជាង ៥០០០ នាក់​ផ្សេង​ទៀត​ក្នុង​មួយ​ឆ្នាំៗ​នោះ​ផង​ទេ។

គ្រាន់​តែ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​គឺ​កើន​លើសពី​ឆ្នាំមុន​ទៅ​ទៀត។ ប្រសិន​បើ​គេ​ក្រឡេក​មើល​ទំព័រ​កាសែត​និង​គេហ​ទំព័រ​ឬ​ទូរទស្សន៍​ជា​រៀង​រាល់​ព្រឹក គេ​ក៏​បាន​ឃើញ​សោក​នាដ​កម្ម​គ្រប់​ប្រភេទ​ជា​ច្រើន​ទៀត  ដូចជា​ឃាតកម្ម ជម្លោះ​បង្ក​របួសស្នាម និង​អំពើ​ហិង្សា​ជា​ច្រើន​ទម្រង់​ទៀត។ នេះ​ជា​សោក​នាដកម្ម​យ៉ាង​ធំធេង​ដែល​បង្ក​ឲ្យ​ឈាម​ខ្មែរ​ហូរ​ស្រោច​ផែនដី​ជា​រៀង​រាល់​ថ្ងៃ។

ជាការ​ពិតណាស់ ការបាត់បង់​សីលធម៌​សង្គម​នៅតែ​ជាហេតុ​ផល​ចម្បង​ជាងគេ​ដដែល។ មើលចុះ! អាកប្បកិរិយា​របស់​អ្នកបើកបរ​តាម​ដងផ្លូវ​សាធារណៈ ម្នាក់ៗហាក់ដូចជា​ចាត់ទុកថា​មានតែ​ខ្លួនឯង​ម្នាក់​គត់​ដែលជា​ម្ចាស់​កម្មសិទ្ធិ​ផ្តាច់មុខ​លើផ្លូវ​ដែល​ខ្លួន​ធ្វើដំណើរ។ ពួកគេ​បើកបរ​មិន​ខ្ចី​រវល់​ពី​អ្នកដទៃ មិន​ខ្ចីរ​វ​ស់​ពី​ច្បាប់​ចរាចរណ៍ និង​មិន​ខ្ចី​ទាំង​គិតគូរ​ពី​ជីវិត​ខ្លួនឯង​ផង។ ខ្សែក្រវាត់ កញ្ចក់​មើល​ក្រោយ​ឬ​មួកសុវត្ថិភាព​ត្រូវបាន​ពាក់​ឬ​បំពាក់​ដើម្បី​កុំ​ឲ្យ​ប៉ូលិស​ផាក​តែប៉ុណ្ណោះ តែ​មិនមែន​ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួនឯង​ទេ។

ងាក​ទៅ​មើល​បញ្ហា​ផ្សេងទៀត មនុស្ស​មួយចំនួន​ហ៊ាន​លើកដៃ​កាប់ ចាក់ ឬ​បាញ់ប្រហារ​ទៅលើ​គូបដិបក្ខ​គ្រាន់តែ​រឿង​ជម្លោះ​បន្តិចបន្តួច។ អ្នកខ្លះ​ទៀត​ហ៊ាន​ប្រព្រឹត្ត​ហិង្សា​ឬ​ឃាតកម្ម​ទៅលើ​សាច់ឈាម​ឯង( ប្រពន្ធ កូន ប្តី) ព្រោះតែ​ជម្លោះ​មិន​ចុះសម្រុង​គ្នា​ក្នុង​គ្រួសារ​ឬ​រឿង​ប្រច័ណ្ឌ​ជាដើម។ គ្រឿង​ស្រវឹង​ដែល​កំពុង​ពេញនិយម​កាន់តែខ្លាំង​ឡើង​នោះ​ក៏​ជា​ចំណែក​ដ៏​សំខាន់​មួយទៀត​ក្នុងការ​បង្កើត​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​និង​ជម្លោះ​ហិង្សាផ្សេងៗរាប់ទាំង​ហិង្សា​ក្នុង​គ្រួសារ​ផង។

ឬ​សគល់​សំខាន់​ជាងគេ​មួយ​ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ទាំងអស់នេះ គឺ​មរតក​ដែល​បន្សល់ទុក​ដោយ​រប​ប​ខ្មែរក្រហម។ ក្រោយ​ចេញពី​របប​ឃោរឃៅ​នោះ មនុស្ស​ខ្មែរ​ជាច្រើន​មាន​វិបត្តិ​ផ្លូវចិត្ត​ជាប់​នឹង​ខ្លួន។ នេះ​ជា​បញ្ហា​ដែល​ពិបាក​នឹង​មើលឃើញ ប៉ុន្តែ សម្រាប់​អ្នកជំនាញ​ចិត្តសាស្ត្រ​វិញ គេ​បាន​មើលឃើញ​បញ្ហា​ធំធេង​ណាស់។ ពួក​ខ្មែរក្រហម​បាន​បំផ្លាញ​មិន​ត្រឹមតែ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ របប​នេះ​ក៏បាន​បំផ្លាញ​ស្មារតី​ខ្មែរ​យ៉ាង​ខ្ទេចខ្ទាំ​ថែមទៀត។

របប​ដឹកនាំ​សង្គម​ក្រោយ​ខ្មែរក្រហម​បាន​ជួយ​រំដោះ​ជីវិត​ខ្មែរ​ពី​សេចក្តីស្លាប់​និង​បាន​រំដោះទុក្ខ​បាន​មួយផ្នែក ប៉ុន្តែ បញ្ហា​សង្គម​ជាច្រើន​នៅ​បន្ត​កើតឡើង​និង​បានរួម​ចំណែក​ក្នុងការ​បង្កើត​សម្ពាធ​ផ្លូវចិត្ត​ថ្មី​ដល់​ខ្មែរ​មួយចំនួន​ក្នុង​សម័យកាល​អភិវឌ្ឍ​នេះដែរ។ អយុត្តិធម៌​សង្គម និ​ទណ្ឌ​ភាព គម្លាត​អ្នកមាន​និង​អ្នកក្រ អំពើពុករលួយ ។ល។ និង។ល។ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាត់បង់​សីលធម៌​ហើយ​ស្រវា​រកតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ច្បាប់​ឬ​ពី​ទុក្ខសោក​អ្នក​ទៃ​ឡើយ។

បច្ចុប្បន្ន​ក្នុង​កាលៈទេសៈ​ដែល​ខ្មែរ​ត្រូវ​រួមគ្នា​ដើម្បី​កម្ចាត់​មេរោគ​សង្គម​ទាំងនោះ បែរជា​ពលរដ្ឋ​ខ្មែរ​ក៏ដូចជា​អ្នកនយោបាយ​ដែរ​មិន​ចុះសម្រុង​គ្នា​យ៉ាងខ្លាំង​ទៅវិញ។ ជា​ញឹកញយ ភាពវឹកវរ​ខាង​នយោបាយ​បាន​ក្លាយជា​ចំណោទ​សំខាន់​មួយទៀត​ដែល​បន្ថែម​បញ្ហា​ទៅលើ​បញ្ហា។ អ្នកគាំទ្រ​នយោបាយ​ដែលមាន​និន្នាការ​ខុសគ្នា​ក៏​បង្ហាញ​ការបែកបាក់​គួរ​ឲ្យ​ព្រួយបារម្ភ។ ក្រៅពី​អំពើហិង្សា​ទៅលើ​រាងកាយ​ដោយផ្ទាល់ អំពើហិង្សា​ពាក្យសម្តី​ក៏​ជា​បញ្ហា​ធ្ងន់ធ្ងរ​គួរ​ឲ្យ​កត់សម្គាល់​ដែរ។ បើ​ស្ថានភាព​នេះ​នៅតែ​បន្ត ឈាម​ខ្មែរ​ច្បាស់​ជា​នឹង​បន្ត​ហូរ​គ្មាន​ទីបំផុត​ឡើយ។

ដូច្នេះ ដល់ពេល​ហើយ​ដែល​ត្រូវ​បញ្ឈប់​កុំ​ឲ្យ​ខ្មែរ​ហូរឈាម​តទៅទៀត។ អ្នក​ដែល​ត្រូវ​ផ្តើម​មុនគេ​គឺ​អ្នកនយោបាយ​ពីព្រោះ​រាល់​សោកនាដកម្ម​ដែល​កើតឡើង​ទាំង​អម្បាលម៉ាន​ដែល​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ទុក​គឺ​សុទ្ធសឹង​ជា​កំហុស​របស់​អ្នកនយោបាយ​ធំជាងគេ។ បន្ទាប់មក​គឺ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ដែលជា​អ្នក​រួមចំណែក។ ពេលដែល​ខ្មែរ​មាន​ឯកភាព​ជាតិ ខ្មែរ​ស្គាល់​តម្លៃ​សីលធម៌​សង្គម​ឡើងវិញ ហើយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពិតប្រាកដ ពេលនោះ​ឈាម​ខ្មែរ​ប្រាកដជា​នឹង​ឈប់​ហូរ​ជាមិនខាន។ ប៉ុន្តែ គេ​មិនដឹងថា តើ​ពេលណា​ទើប​សង្គម​ខ្មែរ​ស្គាល់​ភាព​សុខដុម​រម្យ​នា​ពិតប្រាកដ​នោះទេ៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks