Wednesday, October 1, 2014

ទស្សនៈ​ស្តីអំពី​អារ្យធម៌​ខ្មែរ របស់​អ្នកគ្រូ​ពៅ សាវ​រស​ -

ទស្សនៈ​ស្តីអំពី​អារ្យធម៌​ខ្មែរ របស់​អ្នកគ្រូ​ពៅ សាវ​រស​ - 
---------------------------------------------------
    ​អ្នកគ្រូ​សាស្ត្រាចារ្យ ពៅ សាវ​រស ដែលជា​អ្នកគ្រូ​បង្រៀន​ខាង​សិលាចារឹក​ខ្មែរ​ដ៏​ល្បីល្បាញ​មួយរូប ហើយ​ធ្លាប់ជា​អ្នកស្រាវជ្រាវ​នៅ CNRS ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ លោកស្រី​ក៏​ធ្លាប់ជា​អ្នកគ្រូ​របស់​រូបខ្ញុំ​ផ្ទាល់ និង​លោក អាំង ជូ​លាង ដែរ​ដែលជា​អ្នកស្រាវជ្រាវ​ខាង​វប្បធម៌​ខ្មែរ​ដ៏​ល្បី​ជាងគេ​នៅ​សព្វថ្ងៃនេះ​។​
​    ​កាលពី​ខែកុម្ភៈ ឆ្នាំ ១៩៩៤ ត្រូវ​នឹង​ពុទ្ធសករាជ ២៥៣៨ អ្នកគ្រូ​បានធ្វើ​បាឋកថា នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​ខ្លឹមសារ​នឹងត្រូវ​យកមក​បង្ហាញជូន​ទាំងស្រុង​បន្តិចទៀត​។ ការដែល​យើង​ដកស្រង់​នូវ​ខ្លឹមសារ​សំខាន់ៗ​នៃ​បាឋកថា​ខាងលើនេះ​មក​ជូន​មតិ​មហាជន​ឲ្យ​បាន​ជ្រាប បណ្តាលមកពី​សារសំខាន់​របស់​អត្ថបទ​នេះ​ដែល​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​នេះ​ជា​អ្វីមួយ​ដែល​កូន​ខ្មែរ​ភាគច្រើន​មិនបាន​ដឹងឮ​។ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ ឯកសារ​ដ៏​មាន​អត្ថប្រយោជន៍​នេះ នៅមាន​ក​ង្វៈ​ខាត​មួយចំនួន ដែល​យើងខ្ញុំ​បង្ខំ​ចិត្តនឹង​បំពេញ​ក្នុងនាម​យើង​ជា​អតីត​កូនសិស្ស​របស់​អ្នកគ្រូ​។​

​    ​ធ្វើ​ដូច្នោះ មិនមែន​មានន័យថា យើង​រិះ​គន់គ្រូ​ដែល​បាន​បង្ហាត់បង្រៀន​យើង​ខាង​សិលាចារឹក​ខ្មែរ​នោះទេ ឬក៏​ជាការ​ល្មើ​សគុណ​ឡើយ​។ ក៏ប៉ុន្តែ​ជា​ភារកិច្ច​របស់​យើង​ដែល​ត្រូវតែ​ធ្វើ​ដើម្បី​កែលំអ​នូវ​ទស្សនៈ​របស់​អ្នកគ្រូ​ឲ្យ​មាន​លក្ខណៈ​ពេញលេញ​ជាង​តែប៉ុណ្ណោះ​។ ព្រោះថា ក្នុង​បាឋកថា លោកស្រី​មិនបាន​និយាយ​ដល់​សម័យ​នគរ​ភ្នំ ដែល​ស្ថិតក្នុង​អន្តរកាល​រវាង​ស​.​វ​ទី​១ ដល់​ស​.​វ​ទី​៦ ឬ​ដើម​ស​.​វ​ទី​៧ (​មុន​ឆ្នាំ ៦៤៩​នៃ​គ​.​ស​) និង​ចេនឡា​ក្រោយ​ឆ្នាំនេះ កុំថាឡើយ​សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​បាន​ឲ្យ​កំណើត​ដល់​វប្បធម៌​ខ្មែរ​មុន​អង្គរ និង​អង្គរ​របស់​ជាតិ​សាសន៍​ខ្មែរ​។​
​    ​ម្យ៉ាងវិញទៀត នៅក្នុង​បាឋកថា អ្នកគ្រូ​មិនបាន​បញ្ចូល​នូវ​ទិន្នន័យ​ថ្មីៗ​ពាក់ព័ន្ធ​ទៅនឹង​វត្តមាន​របស់​ភាសាបាលី នា​សម័យមុន​អង្គរ ក្នុង​ខឿនវប្បធម៌​ខ្មែរ​។ ទង្វើ​នេះ​ធ្វើ​ឲ្យ​មាន​ភាពមិន​ឯកភាពគ្នា​រវាង​អ្នកគ្រូ​នឹង​អ្នក​ប្រវត្តិវិទូ​ជំនាន់​ក្រោយៗ​។ តាមពិតទៅ កង្វះខាត​របស់​អ្នកគ្រូ គឺ​បណ្តាលមកពី​អ្នកគ្រូ មិន​បានឃើញ​ភស្តុតាង​យ៉ាងច្រើន​ពាក់ព័ន្ធ​ទៅនឹង​អត្ថបទ​សិលាចារឹក​ខ្មែរ​សរសេរ​ជា​ភាសាបាលី ដែល​គេ​បាន​ជួបប្រទះ​នៅ​អង្គរបុរី (​ខេត្តតាកែវ​) នៅ​កម្ពុជា​ក្រោម (​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន​) និង​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ធ្លាប់ជា​ភាគ​មួយ​នៃ​ទឹកដី​របស់​នគរ​ខ្មែរ​នា​សម័យបុរាណ​។​
​    ​ចំណែក​ប្រពៃណី​របស់​បងប្អូន​ខ្មែរលើ ដែល​របៀប​គ្រប់គ្រង​នៅ​ថែ​រក្សាបាន​នូវ​លក្ខណៈ​ជា​កុលសម្ព័ន្ធ​នៅឡើយ ហើយ​ដែលជា​សមាសធាតុ​វប្បធម៌​មួយ​យ៉ាងសំខាន់​របស់​ខ្មែរ​បច្ចុប្បន្ន ដែល​ប្រារព្ធ​ព្រះពុទ្ធសាសនា អ្នកគ្រូ​ពៅ សាវ​រស ក៏​មិនបាន​និយាយ​ដល់​ដែរ​។ ទោះបី​អ្នកគ្រូ​ទទួលស្គាល់ថា ភាសា​ខ្មែរ​ស្ថិតក្នុង​អម្បូរ​ភាសាមន​ខ្មែរ​ក៏ដោយ​។ កុំភ្លេចថា បើ​យើង​វិភាគ​ស៊ីជម្រៅ​ដោយ​វិធីសាស្ត្រ​ប្រៀបធៀប យើង​ពិតជា​នឹង​ឃើញថា ថ្វីត្បិតតែ​បានទទួល​ឥទ្ធិពល​ពី​ក្រៅ ដូចជា​ឥណ្ឌា និង​ចិន​ជាដើម​ក៏ដោយ ក៏​វប្បធម៌​ខ្មែរ​ពោ​ពេញ​ទៅដោយ​លក្ខណៈ​អាយ ដែល​ត្រូវបាន​ប្រសូត្រ​ចេញពី​ខឿនវប្បធម៌​រួមមួយ​រវាង​ជនជាតិខ្មែរ និង​សហគមន៍​រស់នៅ​តាម​ព្រៃភ្នំ​ក្នុង​ឧ​ប​ទ្វី​ឥណ្ឌូ​-​ចិន (​ខ្មែរលើ​) ដែល​អ្នកប្រាជ្ញ​បាន​តាំង​ឈ្មោះថា មន​-​ខ្មែរ​។​
​ក​- ខ្លឹមសារ​សំខាន់​នៃ​បាឋកថា​
​    ​’​កាលណា​យើង​និយាយ​ពី​អារ្យធម៌​ខ្មែរ យើង​តែងមាន​ការពាក់ព័ន្ធ​ដល់​អារ្យធម៌​ប្រទេស​២​ទៀត គឺ​ក្លឹ​ង្គ និង​សៀម ពិតមែនតែ​ប្រទេស​យើង​មាន​អារ្យធម៌​លូតលាស់ ចាស់​រហូតដល់ ១៤០០ ឬ​១៥០០​ឆ្នាំ​ក៏ដោយ​។ មុន​និយាយ​ដល់​អារ្យធម៌ យើង​ត្រូវ​ដឹង​ម្យ៉ាង​ទៀតថា អ្វី​ទៅ​ហៅថា ប្រវត្តិសាស្ត្រ​? ប្រវត្តិសាស្ត្រ គឺជា​ការ​ចងក្រង​ឯកសារ​សរសេរ ជាពិសេស​កើតឡើង​ចាប់ពី​ពេល​មាន​អក្សរ ចំពោះ​ប្រទេស​ខ្មែរ គឺ​នៅ​សតវត្សរ៍​ទី​។ បើ​គ្មាន​អក្សរ ឬ​មុនពេល​មាន​អក្សរ​គេ​មិនអាច​ហៅថា ប្រវត្តិសាស្ត្រ​បានទេ​។ 
​ដូច្នេះហើយ​បានជា​សង្គម ព្នង សំ​រ៉ែ ទំពួន​ជាដើម មិនមាន​ប្រវត្តិសាស្ត្រ​ទេ​។ នៅពេល​មាន​អក្សរ​ជា​លើកដំបូង គេ​មិនបាន​នឹកនា ពី​ការ​ចងក្រង​ព្រឹត្តិការណ៍​នានា អោយ​កូនចៅ​ជាន់ក្រោយ​ដឹង​យល់​ពី​ការគ្រប់គ្រង​ខាង​នយោបាយ​សង្គម​អ្វី​ទេ គេ​មិនបាន​ចារឹក​ថ្ងៃ ខែ ឆ្នាំ​ទេ​។ សិលាចារឹក​ដែលមាន​ចុះ​ថ្ងៃ ខែ ឆ្នាំ ជា​លើកដំបូង គឺ​នៅ​អង្គរបុរី នៅ​គ​.​ស ៦១១ គឺ ១៤០០​ឆ្នាំ​កន្លងមកហើយ​។ ដោយ​ផ្អែកលើ​ព្រឹត្តិការណ៍​ធំៗ​ខាង​សាសនា នយោបាយ សេដ្ឋកិច្ច សង្គម និង​វិជ្ជា​ទូទៅ គេ​បាន​ចែក​ប្រវត្តិសាស្ត្រ​ជា ៣​សម័យ :
    -​ សម័យបុរាណ ពីស​.​វ​ទី​៦ ដល់ទី​១៤
    -​ ​សម័យ​កណ្តាល ពីស​.​វ​ទី​១៤ ដល់​ពាក់កណ្តាល​ស​.​វ​ទី ១៨
    -​ ​សម័យថ្មី ពី​ពាក់កណ្តាល​ស​.​វ​ទី​១៨ រហូតដល់​បច្ចុប្បន្ន​

    ​ខាង​ភាសា ឬ​ខាង​ផ្នែក​អ្វី​ទាំងអស់ គេ​ចែក​ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​៣​សម័យ​ដូចខាងលើ​នេះដែរ (​ឆ្លើយតប​ចំពោះ​ពាក្យ​ដែល​គេ​ថា​អ្វីៗ​បានមកពី​សៀម​? យើង​ជា​ប្រទេស​ចាស់ មាន​ប្រវត្តិសាស្ត្រ​តាំង​ពីស​.​វ​ទី​។ ឯ​សៀម​ទើប​មាន​ប្រវត្តិសាស្ត្រ​នៅ​ស​.​វ​ទី​១៤​នោះទេ គឺ​ក្មេង​ជាង​យើង​ឆ្ងាយ​ណាស់​។ សៀម​ខ្ចី​អ្វីៗ​ពី​យើង​ទៅ​ច្រើនណាស់ តាំងពី​អក្សរ​ឡើងទៅ​។ សៀម​ខ្ចី​យក​ពី​យើង​ទៅ ជួនកាល​ជ្រុះ​បាត់ ជួនកាល​ត្រឡប់មកវិញ ដែល​នាំ​ឲ្យ​អ្នកខ្លះ​យល់ច្រឡំ ហើយ​ស្មានថា យើង​យក​ពី​សៀម​មក​។ តាមពិត គឺ​ផ្ទុយស្រឡះ​។ យើង​កុំ​ស្មាន​ដោយ​គ្រាន់តែ​ឮ​គេ​និយាយថា ភ្លេង​សៀម ភ្លេង​មហោរី​នោះ​)
​កាលណា​គេ​និយាយ​ពី បូរាណ កណ្តាល ថ្មី យើង​ត្រូវ​ចាំ​ពី​អាយុ​ស្រុក​យើង​ផង ព្រោះ​ប្រទេស​យើង​មាន​អាយុ​ច្រើនណាស់​។ យើងទាំងអស់គ្នា​កុំ​ធ្វើ​ឲ្យ​ខ្មែរ​ក្លាយទៅជា​ចាស់ជរា គឺ​ត្រូវ​ឲ្យ​ទៅជា​អ្នកមាន​អាយុ​ច្រើន ហើយ​មាន​សុខភាព​មាំមួន​។ ខ្ញុំ​ចង់​និយាយ​ពី​អារ្យធម៌​ក្លឹ​ង្គ ដែល​ចូលមក​ស្រុក​ខ្មែរ​តាំងពី​ដំបូង ដើម្បី​ឲ្យ​ងាយ​យល់​ពីសា​សនា ល្ខោន របាំ ភ្លេង និង​ភាសា​៘​
​បើតាម​ឯកសារ​ប្រទេស​ដទៃ មាន​ឯកសារ​ចិន​ជាដើម ក្លឹ​ង្គ ចូលមក​ស្រុក​ខ្មែរ​តាំងពី​សតវត្សរ៍​សូន្យ​នៃ​គ​.​ស​។ ក្លឹ​ង្គ​ចូលមក​រស់នៅ​ជាមួយ​ខ្មែរ​បាន ២០០០​ឆ្នាំ​មកហើយ​។ ខ្មែរ​ជា​ជនជាតិ​មួយ​ក្នុង​អំបូរ មន​-​ខ្មែរ នៅ​អាស៊ីអាគ្នេយ៍​នេះ​។ ក្លឹ​ង្គ​ចូលមក​ដោយ​សុខសាន្ត​ដោយ​ឥត​ចម្បាំង មក​រស់នៅ​រកស៊ី​ជាមួយគ្នា ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​។​
    ​នៅពេលដែល​មិនទាន់​ស្គាល់​ក្លឹ​ង្គ ខ្មែរ​យើង​គ្មាន​សាសនា​ទេ​។ ខ្មែរ​មាន​ជំនឿ​តែ​លើ​អ្វីដែល​គេ​គោរពបូជា​និង​ខ្លាច ដែល​គេ​ហៅថា animism ដែល​នឹង​រាប់​ថា​ជា​សាសនា​មិនកើត ពីព្រោះ​គ្មានអ្វី​ជាធំ​។ ខ្មែរ​គោរព​អ្នកតា ដែលជា​ម្ចាស់​ទឹកដី ជឿ​ខ្មោច ជឿ​មេបា ដែល​នៅលើ​ដី​ជាមួយគ្នា​។ ខ្មែរ​មិនដែល​និយាយ​ពី​ឋាន​លើ ឋាន​ក្រោម ឋានសួគ៌ ឋាននរក​អ្វី​ទេ​។ ខ្មែរ​មិនដែល​បាន​ពិចារណា​ម្តងណា ថា​ខ្លួន​ស្លាប់ទៅ​និង​ទៅជា​អ្វី​? ខ្មែរ​តែង​យល់ថា នៅលើ​ដី មនុស្ស​កុំ​ធ្វើ​អ្វី​អោយ​ទាស់​និង​អ្នកតា ខ្មោច និង​មេបា គឺ​ត្រូវតែ​គោរព​ជានិច្ច​។ តែ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ អ្នកតា​កាច់ មេបា​ធ្វើទុក្ខ​។​
​មនុស្ស​កើតមក​តែង​វិវឌ្ឍន៍​ជា​លំដាប់ៗ ជា​ថ្នាក់​។ ពី​ថ្នាក់​មួយ​ទៅ​ថ្នាក់​មួយ ក្នុង​ប្រពៃណី​ខ្មែរ​តែងមាន​ពិធី :
    - ​ពេល​កើត តែងមាន​ពិធី​ម្តង គឺ​បង្កក់​
    -​ បាន​បន្តិច ក្រោយមក មាន​ពិធី​កោរសក់​ព្រៃ ទុក​ជុក​
    -​ ​ពេល​ពេញជំទង់ គេ​ធ្វើ​ពិធី​កោរសក់​
    -​ ​ពេល​ពេញវ័យ កំលោះ ក្រមុំ គេ​មាន​ពិធី​ទៀត បើ​ស្រី មាន​ចូល​ម្លប់ បើ​ប្រុស មាន​ពិធី​បំបួស​នាគ​
    -​ ​ពិធីមង្គលការ មាន​ក្បាច់ក្បូរ​ធំ​ណាស់​
    -​ ​ពេល​ស្លាប់ គេ​តែង​រៀប​ពិធី​លើ​សព ពីព្រោះ​គេ​យល់ថា បើ​អ្នកណា​ស្លាប់ តែម្នាក់ឯង ចង្រៃ​ណាស់​។ រាល់ពេល​មាន​ពិធី គេ​តែងមាន​ភ្លេង​ខានមិនបាន​។​
​តាម​សិលាចារឹក ខ្មែរ​ចេះ​ធ្វើ​គ្រឿង​ភ្លេង​តាំង​ពីស​.​វ​ទី​៦ គឺ​ចេះ​ធ្វើ​ពិណ ចាប៉ី និង​ស្គរ​គ្រប់បែប​។ ឥឡូវនេះ យើង​និយាយ​ពី​ក្លឹ​ង្គ​ចូលមក​រស់នៅ​ជាមួយ​ខ្មែរ ចងសម្ព័ន្ធភាព​ជាមួយ​ខ្មែរ មានកូន មាន​ចៅ​។ ក្លឹ​ង្គ​ដែល​ចូលមក​ស្រុក​ខ្មែរ ភាគច្រើន​ជា​ឈ្មួញ ហើយ​បាន​នាំ​ពួក​ព្រាហ្មណ៍ គឺ​អ្នកបួស​អ្នករៀបចំ​ពិធី​នៅ​ខាង​សាសនា​មកជា​មួយ​ផង​។  គេ​នាំ​អារ្យធម៌​ច្រើនបែប​ច្រើនយ៉ាង​មក​ស្រុក​ខ្មែរ​។ ក្លឹ​ង្គ​បាន​នាំ​អក្សរ ដែល​នាំ​ឲ្យ​ខ្មែរ​ចាប់ផ្តើម​មាន​ប្រវត្តិសាស្ត្រ​។ អក្សរ​ក្លឹ​ង្គ​មាន​ពីរបែប គឺ​អក្សរ​ក្លឹ​ង្គ​ខាងជើង និង​អក្សរ​ក្លឹ​ង្គ​ខាងត្បូង​។ ខ្មែរ​និយម​ប្រើ​អក្សរ​ក្លឹ​ង្គ​ខាងត្បូង ដែល​ប្រែប្រួល​បន្តិច​ម្តងៗ កើតជា​អក្សរ​ខ្មែរ បែប​សម័យថ្មី​នេះ​។​
​    ក្លឹ​ង្គ​បាន​នាំ​ភាសាសំស្ក្រឹត​ចូលមក​ស្រុក​ខ្មែរ​ទៀត​។ ខ្ញុំ​មិន​និយាយថា​ក្លឹ​ង្គ និយាយ​ភាសាសំស្ក្រឹត​ជាមួយ​ខ្មែរ​ទេ​។ ភាសាសំស្ក្រឹត​ជា​ភាសា​សំរាប់​ទាក់ទង​ខាង​សាសនា​។ ក្លឹ​ង្គ​នាំ​អក្សរសាស្ត្រ​ចូលមក​ទៀត​។ មានរឿង​ក្លឹ​ង្គ​ជាច្រើន ដែល​និយាយ​ទាក់ទង​ពីសា​សនា ពី​ចេស្តារ​នៃ​ព្រះ និង​ស្តេច​ធំៗ ជាពិសេស​មានរឿង​ធំ​ពីរ : មហាភារតៈ និង​រ៉ា​ម៉ា​យ​ណៈ​។ យើង​ភ្លេច​រឿង​មហាភារតៈ​ហើយ នៅសល់តែ​រ៉ា​ម៉ា​យ​ណៈ ដែលជា​រឿង​រាមកេរ្តិ៍​យើង​សព្វថ្ងៃ​។ ក្លឹ​ង្គ​បាន​នាំ​គម្ពីរ​មួយចំនួន​ទាក់ទង​និង​វិជ្ជា​ទូទៅ ជា​ភាសាសំស្ក្រឹត ដែល​គេ​ហៅថា សាស្ត្រ Shastra មក​បង្រៀន​ខ្មែរ​មាន ៖
​    ក្បួន​និយាយ​ពី​សង្គម​ទូទៅ និយាយ​ពី​ស្តេច ពី​អ្នកគ្រប់គ្រង​។ ក្បួន​ធម្មសាស្ត្រ សំរាប់​កាត់សេចក្តី​នៅពេលដែល​អ្នកស្រុក​ទាស់​ទែង​គ្នា ឈ្លោះ​គ្នា​។ ក្បួន​និយាយ​ពីសា​សនា របៀប​បូជា​ព្រះ គោរព​សាសនា​។ ក្បួន​រាំ ក្បួន​សំណង់ សង់​ប្រាសាទ សង់ផ្ទះ ហៅថា​សិល្បសាស្ត្រ​។ ក្បួន​រាប់​ថ្ងៃ ខែ ឆ្នាំ​សករាជ​។ ក្លឹ​ង្គ​នាំ​ព្រហ្មញ្ញសាសនា វិល​មក​ស្រុក​ខ្មែរ តែ​ព្រះពុទ្ធសាសនា មហាយាន និង​ហីនយាន​ក៏​ចូលមក​ដែរ​។ (​ឯ​ព្រះពុទ្ធសាសនា​ថេរវាទ សព្វថ្ងៃនេះ ចូលមកក្នុង​ស​.​វ​ទី​១៤)​។​
​ក្នុង​ព្រហ្មញ្ញសាសនា គេ​និយម​ព្រះ​ពីរ​អង្គ គឺ​ព្រះ​ឥសូរ និង​ព្រះ​នរាយណ៍​។ ព្រះព្រហ្ម ជា​អ្នកបង្កើត​ទឹកដី​មានមុខ​បួន ជា​ព្រះធំ​ដាច់​គេ​ដាច់​ឯង​។ ព្រះ​ឥសូរ​ជា​គ្រូ​ខាង​យោគី គ្រូ​ល្ខោន គ្រូរបាំ គ្រូ​ខាង​អាគម​គាថា​។ ព្រះ​នរាយណ៍​មិនមែនជា​គ្រូ​ទេ ជា​អ្នកបង្កើត​មនុស្ស​ជួយ​មនុស្ស​និង​ប្រោស​មនុស្ស​។ ព្រះ​នរាយណ៍​តែង​ចុះ​មកជួយ​មនុស្ស នៅពេលណា​ដែល​ពិភពលោក​ត្រូវ​រងគ្រោះ រលាយ​អន្តរាយ​។ ព្រះ​នរាយណ៍ ចុះមក​ច្រើនលើក​ជា​ព្រះ​ក្រិ​ស្ន ព្រះរាម​ជួនកាល​ចុះ​មកជា​សត្វ​អណ្តើក ជា​មនុស្ស​ក្បាល​សេះ​៘​
    ​នៅពេល​សំពះគ្រូ យើង​តែង​បួងសួង​ព្រះ​នរាយណ៍ អ្នកតា ទេវតា​។ ដោយ​ស្រុក​យើង ឥឡូវ​កាន់​ព្រះពុទ្ធសាសនា ថេរវាទ យើង​តែង​ចាប់ផ្តើម ន​មោ ត្ស ភ​ត​វ​តោ​៘ ខ្ញុំ​សូម​និយាយ​ពី​ព្រះពុទ្ធសាសនា​មហាយាន ដែល​ចូលមក​ស្រុក​ខ្មែរ ជាមួយ​ភាសាសំស្ក្រឹត​។ សាសនា​មហាយាន​ខុសពី​ថេរវាទ ត្រង់​មាន​ព្រះ​ច្រើនណាស់​។ គេ​យល់ឃើញថា​មនុស្ស​អាច​នឹកឃើញ​ក្នុង​ខួរក្បាល​ថា មាន​ព្រះ​ច្រើនណាស់ ពីព្រោះ​គេ​មិនសូវ​និយាយ​ពី​ចរិយា​ធម៌​ទេ គេ​យកតែ​ទស្សនៈ​ដែល​ធំ​បំផុត គឺ​ព្រះ​ប្រោស​មនុស្ស​។ គេ​មិន​និយាយ​ពី​ការ​កាន់សីល​ទេ​។ គេ​និយម​ជឿ និង​គោរព​ព្រះ​ពោធិសត្វ​លោកេស្វរៈ ជាពិសេស នៅ​ស​.​វ​ទី​១០ ដែល​គេ​ឃើញ​ព្រះ​ពោធិសត្វ​ជាច្រើន មាន​រូប​ព្រះ​រាប់មិនអស់​នៅតាម​ដងខ្លួន​។​
​អំពី​ឯកសារ :
    ​ឯកសារ​មាន​២​យ៉ាង គឺ​ឯកសារ​ជា​អក្សរ ដែល​គេ​គូរ ឬ​ចារ​នៅលើ​ថ្ម​លើ​បន្ទះ លោហធាតុ (​មាស​-​ប្រាក់​) នៅលើ​ផ្នត់ ដែល​យើង​ហៅថា ក្រាំង ឬ​សាស្ត្រា​ស្លឹករឹត​។ ឯកសារ​ម្យ៉ាងទៀត ជា​រូបភាព​ដែល​គេ​ឆ្លាក់​នៅលើ​ថ្ម ឬ​លើ​ឈើ​។ ឯកសារ​ដែល​ចារ​លើ​លោហធាតុ​លើ​ផ្នត់ ឬ​លើ​សាស្ត្រា​ស្លឹករឹត ត្រូវ​បាត់បង់ ឬ​ពុករលួយ​អស់ហើយ​។ យើង​នៅសល់តែ​ឯកសារ ដែល​ចារ​លើ​ថ្ម​ដែល​ហៅថា សិលាចារឹក ឬ​អក្សរ​ថ្ម​។ តែ​សិលាចារឹក មិនសូវ​បាន​នឹកឃើញ​ពី​ប្រវត្តិសាស្ត្រ គេ​ចារ​តែ​រឿងរ៉ាវ​ផ្នែក​ខាង​សាសនា​។​
​គេ​សាង​ព្រះ​បដិមា លឹ​ង្គ​ព្រះ​ឥសូរ រួចហើយ​គេ​សង់​លំនៅ និង​គ្រឿង​ការពារ ឬ​រក​អ្នកបំរើ​ព្រះ​មាន​ចុងភៅ អ្នកយាម​ទ្វារ អ្នកធ្វើ​ស្រែ អ្នក​ច្រៀង​រាំ​។ គន្ធ​ព ជា​ប្រុស​អ្នកភ្លេង និង​ច្រៀង ឯ​ស្រី​ទេពអប្សរ​ជា​ស្រី​របាំ​។ នៅ​សម័យបុរាណ គេ​មា​ល្ខោន ហៅថា​ភា​នី ដែលមាន​អ្នករាំ និង​អ្នក​ពោល​។ នៅ​ចុង​ស​.​វ​ទី​១២ ក្នុង​រជ្ជកាល ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នៅក្នុង​ព្រះរាជវាំង ល្ខោន​ចាប់ផ្តើម​សំដែង​រឿង​ជាតក​។​
​នៅ​សម័យ​កណ្តាល មានការ​ប្រែប្រួល​ខាង​សាសនា​។ គេ​ឈប់​គោរព​ព្រះ​ឥសូរ ព្រះ​នរាយណ៍ គេ​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ ដោយ​យក​ធម៌ និង​សីល​ជាគោលការណ៍ ដោយមាន​វត្ត​ជា​មូលដ្ឋាន​មាន​សាស្ត្រា​ស្លឹករឹត​ចារ​ជា​រឿង​វែង រឿង​ខ្លី​។ នៅ​សម័យ​កណ្តាល គេ​នៅតែ​និយម​រឿង​រាមកេរ្តិ៍​តម​កទៀត​។ យើង​សង្កេតឃើញ​មាន :
    -​ ​រាមកេរ្តិ៍​លេខ​១ (​ស​.​វ​ទី​១៦-១៧) ដែលជា​រាមកេរ្តិ៍​ខ្មែរ​សុទ្ធសាធ​
    -​ ​រាមកេរ្តិ៍​លេខ​២ (​នៅ​ស​.​វ​ទី ១៨) ក្លាយ​មកពី​សៀម​គេ​សំដែង​រឿង​រាមកេរ្តិ៍ ជា​ល្ខោន​យីកេ អាយ៉ង សេ​ពា និង​ចំរៀង​ចាប៉ី​។​
    ​នៅ​សម័យ​កណ្តាល​ដដែល មានការ​ប្រែប្រួល​ដោយមាន​ឈ្មួញ​មកពី​ប្រទេស​ពាក និង​អារ៉ាប់​ចូលមក​ស្រុក​ខ្មែរ​នាំ​ឧបករណ៍ ភ្លេង​ថ្មី មាន​សំភោ ស្រឡៃ និង​គ្រែ​។​
​ខ្ញុំ​សូម​បញ្ចប់ ពី​រឿង​មួយ​ដែល​ជំនាន់​ក្រោយ គួរតែ​ស្រាវជ្រាវ​ពី​ពាក្យ ទ្រ និង​កូត ដែលជា​ពាក្យ​ខ្មែរ​សុទ្ធសាធ​។ នេះ​ជា​សំណួរ​មួយ​ដែល​យើង​គួរ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​”​។​
​អ្វីដែល​ទើប​ពោល​ខាងលើ វា​គ្រប់គ្រាន់​ណាស់​ទៅហើយ យើង​មិនបាច់​និយាយ​បន្ថែមទៀត​ទេ​។ តែ​អ្វីដែល​យើង​ចង់​បញ្ជាក់​នៅទីនេះ​គឺថា ទោះជា​យ៉ាងណាក៏ដោយ ក៏​អត្ថបទ​របស់​អ្នកគ្រូ​ខាងលើនេះ នៅតែ​រក្សា​នូវ​អត្ថប្រយោជន៍​សំរាប់​ខេ​មរ​វិជ្ជា ដែល​អ្នកគ្រូ​បាន​ផ្តល់នូវ​វិភាគទាន​ដ៏​មហា​ធំធេង​អស្ចារ្យ​ផ្នែក​សិលាចារឹក​សាស្ត្រ ដែល​នៅ​បច្ចុប្បន្នភាព​កម្រ​នឹងមាន​អ្នកប្រាជ្ញ​ណាមួយ​អាច​និង​ប្រៀបផ្ទឹម​បានឡើយ​៕ (​ម​.​ត្រា​ណេ​) - See more at: http://www.cen.com.kh/culture/detail_culturehistory/ZmQyYmFlMzdkM2Q#sthash.p0BXmo9w.dpuf

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks