បុប្ជាកម្ពុជា
*********
១. បុប្ជាកម្ពុជាសែនល្អស្រស់
ផ្កាមានសម្រស់រីកស្រស់អស្ចារ្យ
ជាតិសាសន៏ក្នុងលោកគេប៉ងប្រាថ្នា
ចង់បេះបុប្ជាផ្កាកម្ពុជា។
២. ព្រោះតែសម្រស់ផ្កាពីធម្មជាតិ
ទើបសាសន៏ខ្លះឆ្លៀតរំលោភពានពារ
ប្រើគ្រប់ល្បិចស្នៀតព្រាយប្រែតយក្សមា
ក្តិចកម្ពុជា មិនអោយលូតទៀត។
៣. ផ្កាកម្ពុជាជ្រោយសុវណ្ណភូមិ
ចោលក្លិនឈ្ងុយឈ្ងប់ ពេញទ្វីបលោកទៀត
លំអងបុប្ជា ពោលពេញរសជាតិ
សុះសាយព្រោងព្រាតល្បីពេញលោកា។
៤. បុប្ជាកម្ពុជា អស់សង្ឃឹមហើយ
ម្ចាស់ខ្លួនតោះតើយមិនថែបុប្ជា
ទុកអោយបុប្ជារស់នៅឯកា
សាសន៏គេប្រហារក្តិចត្រួយរាល់ថ្ងៃ។
៥. ម្ចាស់ប្រមឹកខួប វឹកល្បែងស្រី
ញាតិជិតខាងស្តីជម្លោះរុំារ៉ៃ
ផ្កាកម្ពុជាស្រពោន រាល់ថ្ងៃ
ព្រោះតែម្ចាស់ថ្លៃគ្មានក្តីមេត្តា។
៦. អនិច្ចា!អើយផ្កាកម្ពុជា
បុប្ជាគ្រំាគ្រារីងសោកសង្រៃ
ខំប្រឹងរីកស្រស់ ដូចពេជ្រចរណៃ
តែបែម្ចាស់ថ្លៃ អោយគេក្តិចត្រួយ។
៧. ថែមទំាងម្ចាស់ថ្លៃ សម្បទានបុប្ជា
កម្ពុជាផ្កា អោយសាសន៏គេជួយ
ក្រោមលេសថែទំាបំប៉នជំនួយ
បុប្ជាសែនព្រួយ ម្ចាស់មិនប្រណី។
៨. ធាតុពិតម្ចាស់សម្បទានកុងត្រាផ្កា
ទាក់ប្រយោជន៏រ៉ាងប់ល្បែងស្រាស្រី
ម្ចាស់អសមត្ថភាព ចិត្តខ្មៅតិត្ថិយ
លក់បុប្ជាស្រី ផ្កាកេរដូនតា។
ព្រះរាជធានីភ្នំពេញ,ថ្ងៃអាទិត្រទី០៣ខែវិច្ឆិកាឆ្នំា២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា
No comments:
Post a Comment