កំណាព្យ នឹកស្តាយកវីនិពន្ធ និងសិល្បករខ្មែរល្បីៗ
បទពាក្យ៧ ( សូត្របែបទំនួញ )
នេះនឹងរំលឹកនឹកសិល្បៈ មុនឆ្នាំបែកបាក់ប្រាសព្រាត់គ្នា
កវីនិពន្ធកម្ពុជា មុនប៉ុលពតវាកៀរប្រល័យ ។
រាមកេរ្តិ៍និទានមានតាគ្រុឌ ស៊ិនស៊ីសាមុតច្រៀសម័យ
មានអ្នកច្រៀងឈូងហៅស្របកៃ ស្មៀនឈិនអាយ៉ៃសារ៉ាំប៉ាក់។
អ្នកស្មូត្រល្បីតាបាឡាត់អ៊ុន លោកសាំងសារុនល្ខោនបាសាក់
ចេកម៉ាចតួនាងសៀងថ្នមថ្នាក់ ជាងសយធ្វើប្រាក់ល្បីគ្រទី ។
គំនូរល្អឯកល្បីញ៉ឹកឌឹម យីកេចូកគ្រឹមល្បីតាឃី
វិទ្យុជាតិល្បីម៉ាឡៅពី ល្បីគ្រប់ពិធីពោលពីរោះ ។
វិយូឡុងមាសហាស់សាឡន មហាសាម៉នអានល្បីឈ្មោះ
ផ្សាយវិទ្យុជាតិញាតិខ្លាចហួស យប់ឡើងស្តាប់ព្រោះពាក្យក្បោះក្ប
ក្រមង៉ុយហៅអ៊ូយូរល្បីជាង សាដៀវដេញច្រៀងចោទដោះស្រាយ
កំណាព្យអប់រំញាតិជិតឆ្ងាយ ដៃគូពីរកាយជំទប់សាន់ ។
ក្រោយមកមាសគកល្ខោននិយាយ ពាក្យកាព្យពាក្យរាយមិនប្រកាន់
សំណង់ល្បីវណ្ណម៉ូលីវណ្ណ មនុស្សណែនណាន់កីឡាដ្ឋាន ។
ភាពយន្តណុបណែមគង់សំអឿន តួប៉ិចសាលឿនកាចក្លាហាន
តាពៅយូឡេងតួបុរាណ ជាយុទ្ធថនបានក្បាច់គុនល្បី ។
ចាប៉ីដងវែងវោហារសែម ច្រៀងធ្វីសជុំកែមចង្វាក់ថ្មី
ភាពយន្ត វេជ្ជរ៉ា ដានីក្តី តួស្រីភាពយន្តល្បីច្រើនគ្នា។
បទភ្លេងទំនុកពៅស៊ីផូ មែរប៊ុន វ៉ោយហូខំពុះពារ
សម្តេចជួនណាតប្រាជ្ញមហិមា អក្សរកម្ពុជាបានកត់ត្រា ។
រីលោកនួនកនមានស្នាដៃ យើងច្រៀងសព្វថ្ងៃមានខ្លឹមសារ
ជាម្ចាស់ទំនុក «ខ្មែរសាវតារ» លោកថាបទដើមស្រីខ្មែរត្បាញ៕៚
ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០០៨
និពន្ធដោយ វ៉ែន សុន
No comments:
Post a Comment