Friday, February 21, 2014

មើលចន្ទនឹកស្រុក

មើលចន្ទនឹកស្រុក

១*ជំនោរកក្ដិករឭកស្រុកស្រែ
នឹកពុកនឹកម៉ែឯកម្ពុជាក្រោម
រាត្រីខែភ្លឺខ្ញុំឮសត្វយំ
ធ្វើអោយអារម្មណ៍ក្រៀមក្រំរិតទ្វេ។

២*អង្គុយភ្លូកភ្លឹកនឹកគ្រាកន្លង
ជួបជុំប្អូនបងក្រោមម្លប់ពុកម៉ែ
នឹកគ្រូនឹកមិត្តនឹកញាត្តិហូរហែ
នឹកមាតុភូមិកេរ្ដ៍ដីខ្មែរថ្លៃថ្លា។

៣*នឹកវត្តអារាមធ្លាប់រៀនយប់ថ្ងៃ
រៀនខ្មែរបាលីអក្សរសាសនា
នឹកបុណ្យកឋិនបុណ្យសែនដូនតា
សប្បាយអស្ចារ្យថ្ងៃបុណ្យចូលឆ្នាំ។

៤*សំពះព្រះខែបុណ្យអកអំបុក
មានប្រណាំងទូកងជាប្រចាំ
មានលយប្រទីបនិងបង្ហោះគោម
មានល្ខោនមានរាំល្បាំប្រពៃណី។

៥*នឹកបុណ្យភ្នំពាន់បញ្ចុះសីមា
បុណ្យឆ្លងសាលាបុណ្យផ្កាសាមគ្គី
បុណ្យកំសាន្ដស្រុកបុណ្យនឹកស្នាដៃ
ធ្លាប់រួមសប្បាយប្រែក្លាយជាព្រាត់។

៦*នឹកគ្រារាំវង់នៅក្នុងរោងការ
នឹកធ្លាប់ទស្សនារឿងល្ខោនកំសត់
នឹកគ្រាកន្លងធ្លាប់ជាក្មេងវត្ត
រស់ដោយបាយបាទ្ររៀនអក្សរខ្មែរ។

៧*នឹកល្ខោនបាសាក់រស្មីប្រទីប
ឆ្លងព្រែកទឹកប្រៀបកាត់វាលស្រូវស្រែ
ឮស្គរឆ្លើយឆ្លងចង់ភ្លេចសុំម៉ែ
ខ្ញុំនឹកម្លេះទេនឹកគ្រាអតីត។

៨*ឱកម្ពុជាក្រោមមាតុភូមិខ្ញុំអើយ
ខ្ញុំព្រាត់យូរហើយព្រាត់ព្រោះជីវិត
តើថ្ងៃណាទៅទើបបានជួបជិត
រួមរក្សស្នេហ៍ស្និតដូចគ្រាកន្លង៕

រាត្រីនឹកស្រុក នាកំពូលភ្នំពេជ្រគិរី ឆ្នាំ ២០០៣ 
 និពន្ធដោយ ថាច់ តៀង

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks