Friday, August 29, 2014

អនិច្ចា!សម្តេចសង្ឃ ហួត តាត

អនិច្ចា!សម្តេចសង្ឃ ហួត តាត

បទកាកគតិ
១. សម្តេចហួតតាត ព្រះកាយស្អាតបាត ចរិយាសមរម្យ
វិជ្ជាខ្ពង់ខ្ពស់ កេរឈ្មោះភិរម្យ ទំាងស្តេច លោកធំ
គោរពចេស្តា។
២. ពេលអន្តរកប្ប ប៉ុលពតសម្លាប់ មិនដឹងទីណា
សិស្សគណសោកស្តាយ អង្គុយសោកា រកទីមរណា
មិនឃើញសោះឡើយ។
៣. ហេតុមានកម្មផល អតីតមកផ្តល់ ទាន់ជាតិនេះហើយ
មិនអាចគេចផុត អោយរួចសៈស្បើយ កម្មតាមកៀកកើយ
ដល់កាយសម្តេច ។
៤. អនិច្ចា!ម្លេះ វិជ្ជាចំណេះ ខ្ពង់ខ្ពស់សម្រេច
ស្នាព្រះហស្ថច្រើន ជួយសង្គមស្រេច ទុកក្បួនចែងចាត់
អប់រំកូនខ្មែរ ។

៥. តែផលចុងក្រោយ សម្តេចទ្រង់សោយ ទុក្ខកម្មឥតល្ហែ
នេះឬលទ្ធផល អ្នកប្រាជ្ញសង្ឃខ្មែរ ជួយជាតិរាស្រ្តខ្មែរ
ផលបានជាទុក្ខ ។
៦. អ្នកប្រាជ្ញទីទៃ សុគតមានន័យ គេរៀបចំទុក
រៀបចំបុណ្យថ្វាយ ឧទ្ទិសទំនុក ថ្វាយព្រះភ្លើងភ្លុក
ឆ្លងបុណ្យរាប់យប់។
៧. តួយ៉ាងសម្តេច ល្វីឯមសង្ឃស្តេច ជួនណាតបណ្ឌិត
និលទៀង អ៊ុម ស៊ូ សុគតន័យពិត កត្តិយសប្រណីត
គេរៀបបុណ្យថ្វាយ ។
៨. កម្មអ្វី សម្តេច ហួត តាតបណ្ឌិត កម្មកើនកិតកាយ
សុគតគ្មានន័យ គ្មានព្រះភ្លើងថ្វាយ សមសក្តិសុះសាយ
សមវិជ្ជាខ្ពស់ ។
៩. សូមបុណ្យអក្ខរា កើតពីប៉ាកា ចាពីនាមឈ្មោះ
សោកស្តាយសម្តេច ហួត តាតរងគ្រោះ ជូនបុណ្យចំពោះ
សូមអោយផុតកម្ម ។

បញ្ជាក់ៈ ល្បៈទី១ ទី២ ទី៣ គឺនិពន្ធដោយព្រឹទ្ធាចារ្យអតីតសាស្រ្តាចារ្យ លី សុវីរ ដកស្រង់ចេញពីក្នុងសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ។ ចាប់ពីត្រឹមល្បៈទី៤ មកគឺនិពន្ធបន្ថែមដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង សុខវ៉ាន់ដា ។ រាជធានីភ្នំពេញ , ថ្ងៃទី ២២ ខែ មេសា ឆ្នំា ២០១២
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks