តម្លៃចំណេះដឹង
============
ក្នុងសង្គមដែលប្រយុទ្ធដើម្បីការរស់រានមានជីវិត
មនុស្សភាគច្រើនមិនបានគិតពីសារៈសំខាន់នៃចំណេះដឹង
ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេនោះឡើយ ហើយពីមួយពេលទៅមួយពេល ពួកគេតែងនិយាយថា
ការបំពេញក្រពះ គឺសំខាន់ជាងចំណេះដឹង។ ជាក់ស្ដែងបច្ចុប្បន្ននេះ
មនុស្សពុំបានមើលឃើញពីគុណតម្លៃ នៃចំណេះដឹងប៉ុន្មានឡើយ ព្រោះគេ
ដូចជាឲ្យតម្លៃតែលើសម្ភារៈ លុយកាក់ បក្សពួក និងអំណាច សំខាន់ជាងចំណេះដឹង និងអ្វីៗទាំងអស់។
លើសពីនេះ មនុស្សភាគច្រើនតែងទាត់ចោលអ្នកមានចណេះដឹង ព្រោះថា
ក្នុងកន្លែងធ្វើការមួយ ភាគច្រើនគេតែងជ្រើសរើសបក្សពួក ខ្សែស្រឡាយ
គ្នីគ្នាគេឲ្យធ្វើការជាង បើទោះជាអ្នកនោះពុំមានសមត្ថភាព
ឬចំណេះដឹងពេញលេញក៏ដោយ។ មួយវិញទៀត យើងអាចសង្កេតបានថា នៅក្នុងសម័យខ្មែរក្រហម
អ្នកមានចំណេះដឹងគឺគ្មានតម្លៃទេ ហើយពួកខ្មែរក្រហមបាននិយាយដោយចំអកថា
គេចូលចិត្តសញ្ញាឃើញជាងសញ្ញាបត្រ (សញ្ញាបាត់)។ ពួកគេចង់ឲ្យន័យថា
ការអនុវត្តជាក់ស្ដែង ដូចជាការធ្វើស្រែចម្ការ លើកទំនប់ ជីកប្រឡាយ
គឺសំខាន់ជាងចំណេះដឹង។ ដោយការយល់ឃើញបែបនេះ ពួកគេបានសម្លាប់បញ្ញវន្ត អ្នកចេះដឹង
និងប្រជាជនដែលមានការអប់រំអស់ជាច្រើន។ ប៉ុន្ដែប្រភេទនៃតថភាព (សេចក្ដីពិត)
ដែលគេលើកតម្កើងនេះ មិនបានបញ្ជាក់ឲ្យឃើញថា មានមូលដ្ឋានសមហេតុផលនោះឡើយ
ហើយលទ្ធផលនរកអវចី ដែលបានទទួលពីការអនុវត្តគំនិតជាក់ស្ដែង
តាមសញ្ញាឃើញនេះ បានធ្វើឲ្យប្រជារាស្ត្រខ្មែរជាងពីរលាននាក់
បានបាត់បង់ជីវិត និងប្រទេសជាតិធ្លាក់ទៅក្នុងភាពវិនាសកម្ម។
ក្នុងករណីនេះ ប្រសិនបើគេប្រើប្រាស់ចំណេះដឹង
និងចរិតជាបញ្ញវន្ត ឬឲ្យតម្លៃទៅលើជនដែលមានចំណេះដឹង នោះគេប្រហែលជាអាចធ្វើការវិនិច្ឆ័យ
និងសម្រេចចិត្តបានល្អប្រសើរ ជាងអ្វីដែលគេបានធ្វើកន្លងមក ហើយប្រទេសជាតិ
ប្រាកដជាមានភាពចម្រើនជឿនលឿន ដូចប្រទេសដែលគេនិយមលើកតម្កើង
អ្នកដែលមានចំណេះដឹងជាក់មិនខាន៕
==============================================
ឃឹម ច័ន្ទសុអហំ
No comments:
Post a Comment