យប់មិញ......
ដោយ : សូ៑ ខេមរិន្ទ
យប់មិញខ្ញុំបាន ដេកយល់សប្ត
ពីដើមដល់ចប់ ឃើញស្រីម្នាក់
មុខសមសាច់ស ល្អគ្មានទាក់
ធ្វើឱ្យខ្ញុំភ្ញាក់ កណ្ដាលយប់ ។
នាងជិះLexus បីរយសាម
ខ្ញុំតាមមើលស្រី ល្បីសព្វគ្រប់
ស្អាតលើសកេន្នរ ល្អដូចជប់
ស្ទើរទប់មិនបាន ប្រាណស្នេហា ។
ក្នុងយល់សប្តនោះ ខ្ញុំឃើញនាង
អង្គុយនៅឆៀង គូសង្សារ
ទ្រូងនាងពើងណែន សែនសង្ហា
សក់វែងគ្របស្មា ធ្លាក់រំសាយ ។
ឡាននោះឈប់មុខ វត្តបទុម
កន្លែងជួបជុំ លំហែកាយ
ចុះចេញពីឡាន ប្រាណឆើតឆាយ
ក្បែរកាយប្រុសម្នាក់ ទាក់សំដី ។
បិទទ្វារឡានរួច កួចតម្រង់
ដើរត្រង់សំដៅ ទៅកៅអី
អង្គុយកៀកកើយ គ្មានខ្មាសអ្វី
ខោខ្លីវរលក្ខណ៍ ធ្លាក់សំយេះ ។
ខ្ញុំឮគេហៅ សុទ្ធអូនបង
សាសងសួរថែម ផ្អែមអ្វីម្ល៉េះ !
លូកដៃក្រសោប ឱបចង្កេះ
ពិសេសភ្នែកណាស់ ប៉ះរឿងហ្នឹង ។
ស្រាប់តែខ្ញុំឃើញ លោកមួយអង្គ
ផ្ចិតផ្ចង់អារម្មណ៍ ខំសម្លឹង
មើលគូស្នេហ៍នោះ ភ្លេចមិនដឹង
ឈរធ្មឹងស្ងាត់ស្ងៀម កៀនខ្លោងទ្វារ ។
តែនាងមិនបាន ឃើញលោកឡើយ
គិតតែកៀកកើយ ឱបថើបគ្នា
ចំណែកឯខ្ញុំ គ្មានការងារ
ឈរមើលរេរា រហូតភ្ញាក់ ។
ភ្នំពេញថ្ងៃទី ២៧ វិច្ឆិកា ២០០៨
កែសម្រួល ១៦ មករា ២០១៤
រក្សាសិទ្ធិ
No comments:
Post a Comment